សាលាឯកជនធ្វើនំអត់ម្សៅ ប្រមូលលុយសិស្សរួចគេចខ្លួន

បន្ទាប់ពីការចុះអង្កេតស្រាវជ្រាវករណីខាងលើនេះរួចមកមន្ដ្រីប៉ូលិសម្នាក់បាន បញ្ជាក់ថា “មជ្ឈមណ្ឌល គ្រប់គ្រងវិទ្យាសាស្ដ្រ” ជាសាលាឯកជនធ្វើនំអត់ម្ស៉ៅ។ ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១ ឧសភា មជ្ឈមណ្ឌលនេះបានមកលើកស្លាក រួចប្រកាសទទួលសិស្សឱ្យចូលរៀន ដោយបង្រៀនក្នុង១វគ្គថ្លៃ៧ដុល្លារ សំរាប់សិស្សម្នាក់ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ។ នៅពេលនោះមានសិស្ស មកចុះឈ្មោះចូលរៀន និងបង់ប្រាក់មុនប្រមាណ៣០០នាក់ លុះព្រឹកឡើងថ្ងៃទី១២ ខែឧសភា ស្រាប់តែ ទ្វារមជ្ឈមណ្ឌលត្រូវចាក់សោរហូតដល់ឥឡូវនេះ រីឯនាយកមជ្ឈមណ្ឌល និងបក្សពួកក៏បាត់ដំណឹងសូន្យ ឈឹង ។ ដោយទន្ទឹងរង់ចាំយូរពេកនៅព្រឹកថ្ងៃទី២២ ខែឧសភា ម្ចាស់ផ្ទះក៏ប្ដឹងប៉ូលិសឱ្យគាស់សោទ្វារ ចេញពិនិត្យផ្ទះរបស់គាត់តែម្ដង ។ មន្ដ្រីប៉ូលិសនិយាយថា បន្ទាប់ពីបើកទ្វារមជ្ឈមណ្ឌលខាងលើ ឃើញ មានកុំព្យូទ័រចាស់ៗចំនួន១០គ្រឿង ប៉ុន្ដែមាន៤គ្រឿងអាចប្រើការបាន និង៦គ្រឿងទៀតជារបស់ អេតចាយ។
ស្ដ្រីឈ្មោះចេង វន្នី ជាម្ចាស់ផ្ទះបានអះអាងថា នៅថ្ងៃទី១ ឧសភា មានមនុស្ស៣នាក់ ដែលអះអាងថា ខ្លួនជាអ្នកមកបើកមជ្ឈមណ្ឌលបង្រៀនកុំព្យូទ័របានជួបគាត់ សុំជួលផ្ទះ ហើយព្រមជាមួយគ្នានោះ ពួកគេ ក៏ដឹកកុំព្យូទ័រចំនួន១០គ្រឿងមកជាមួយដែរ ដោយជួលផ្ទះក្នុងមួយខែថ្លៃ២០០ដុល្លារ។ បន្ទាប់ពីបានព្រម ព្រៀងក្នុងតំលៃជួលផ្ទះ ហើយអ្នកជួលក៏បានសុំអង្វរពន្យារពេលមួយសបា្ដហ៍ រត់ការសុំច្បាប់អាជ្ញាធរសិន ទើបយកប្រាក់មកកក់ថ្លៃឈ្នួលផ្ទះ ពេលនោះគាត់ក៏យល់ព្រម។ ក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី១១ ឧសភា នោះ បុរសទាំង៣នាក់ដែលអះអាងថាជាម្ចាស់មជ្ឈមណ្ឌលក៏លើកស្លាកទទួលសិស្សឱ្យចូលរៀន លុះមកដល់ថ្ងៃទី១២ ពួកគេក៏គេចខ្លួនបាត់បន្សល់ទុកតែកុំព្យូទ័រ១០គ្រឿង ចាស់ៗប៉ុណ្ណោះ។
តាមការស្រាវជ្រាវជ្រាវរបស់ប៉ូលិស និយាយថា ការឆបោកខាងលើនេះ ប្រមូលប្រាក់ពីសិស្សបានប្រមាណ ២.០០០ដុល្លារ ហើយមជ្ឈមណ្ឌលគ្រប់គ្រងវិទ្យាសាស្ដ្រនេះ ធ្លាប់ប្រើល្បិចបោកប្រាស់ពីសិស្សនៅខេត្ដ ស្វាយរៀងថ្មីៗនេះដែរ។ ពេលនេះសមត្ថកិច្ចប៉ូលិសខេត្ដកោះកុងកំពុងទំនាក់ទំនង ទៅប៉ូលិសខេត្ដ ស្វាយរៀង ដើម្បីស្រាវជ្រាវរកសាវតារពិតរបស់ជនខិលខូចទាំង៣ ចាប់ខ្លួនមកផ្ដន្ទាទោស ព្រោះល្បិច ឆបោករវាងខេត្ដកោះកុង និងខេត្ដស្វាយរៀង ជនល្មើសទាំង៣ បានប្រើរូបភាពលាក់សាវតារមិនឱ្យគេស្គាល់ ដូចគ្នាគឺកិច្ចសន្យាជួលផ្ទះក៏មិនទាន់ធ្វើ ហើយជួលមនុស្សម្នាក់ឱ្យចាំទទួលប្រាក់ពីសិស្ស ហេតុនេះទើប ធ្វើឱ្យសមត្ថកិច្ចមិនបានស្គាល់ឈ្មោះ និងស្គាល់អាសយដ្ឋានពិតប្រាកដរបស់ជនទាំង៣នាក់ ។ ជនខិលខូច មានល្បិចកលច្រើនណាស់ ។
Labels: សន្តិសុខ

for this post
Leave a Reply