គណៈកម្មការពិនិត្យគុណភាពផ្លូវនិងស្ពានតភ្ជាប់ពីជើងឯកទៅខេត្ដកណ្ដាល
កំណាត់ផ្លូវកំពុងធ្វើការសាងសង់ត្រូវបានមន្ដ្រីចំរុះស្ថាប័នចុះធ្វើការត្រួតពិនិត្យគុណភាព
រាជធានីភ្នំពេញ ៖ គណៈកម្មការចំរុះរួមមានតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ដ្រីជំនាញសាលាក្រុងភ្នំពេញ និងខេត្ដកណ្ដាល ដឹកនាំដោយលោក ជ្រាង សុផាន់ អភិបាលរងក្រុងភ្នំពេញ អមដំណើរដោយ លោកគង់ អៀង តំណាងកងវិស្វកម្មក្រសួង ការពារជាតិ បានចុះទៅពិនិត្យគុណភាពនៃការស្ថាបនាស្ពាន និងផ្លូវតភ្ជាប់ពីមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ជើងឯក រាជធានីភ្នំពេញ ទៅខេត្ដកណ្ដាលកាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០០៧ ។
មន្ដ្រីសាលាក្រុងភ្នំពេញឱ្យដឹងថា សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានផ្ដល់អំណោយជាស្ពាន និងផ្លូវ មួយខ្សែសំរាប់តភ្ជាប់ពីផ្លូវចូលមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅខេត្ដកណ្ដាល ត្រង់ចំណុចរង្វង់ មូលផ្លូវបំបែកផ្លូវជាតិលេខ២ និងលេខ៣ ដើម្បីសំរួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ការសាងសង់បានចាប់ផ្ដើម នៅថ្ងៃទី២៦ កុម្ភៈ ២០០៧ ដែលពិធីបើកការដ្ឋានស្ថិតក្រោមអធិបតីភាព នាយករដ្ឋមន្ដ្រីហ៊ុន សែន ។ ការងារស្ថាបនាផ្លូវត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ ចំណែក ឯការសាងសង់ស្ពានឆ្លងស្ទឹងព្រែកត្នោតត្រូវបានអនុញ្ញាតឱ្យកងវិស្វកម្មក្រសួងការពារជាតិ ។
មន្ដ្រីដដែលបន្ថែមថា ផ្លូវដែលត្រូវស្ថាបនានោះមានប្រវែង៥.០០០ម៉ែត្រ និង ទទឹង១២ម៉ែត្រចាប់ពីផ្លូវ បំបែកចូលមជ្ឈមណ្ឌលប្រល័យពូជសាសន៍រហូតដល់រង្វង់មូលបំបែកផ្លូវជាតិលេខ២ និងលេខ៣ក្នុង ខេត្ដកណ្ដាល។ ចំណែកស្ពានឆ្លងស្ទឹងព្រែកត្នោតដែលគេដាក់ឈ្មោះថា ស្ពានព្រែកជ្រៃ ជាប្រភេទស្ពាន បេតុងប្រវែង១០៥,១៥ម៉ែត្រ និងទទឹង១១ម៉ែត្រ ។
ក្នុងឱកាសនោះលោកជ្រាង សុផាន់ បានណែនាំដល់តំណាងក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ ត្រូវយកចិត្ដ ទុកដាក់កសាងឱ្យមានគុណភាព ។ លើសពីនេះទៀតពិនិត្យជាប្រចាំពេលចាក់ដីបំពេញលើកកំពស់ផ្លូវ គឺបើឃើញដីស្អុយត្រូវកាយចេញ ហើយកិនបង្ហាប់តាមលក្ខណៈបច្ចេកទេស ។
លោកបានវាយតំលៃថា ការសាងសង់ស្ពានព្រែកជ្រៃរបស់កងវិស្វកម្មបានប្រមាណ៧០%ហើយៗរំពឹងថា នៅក្នុងខែតុលាខាងមុខនេះអាចឱ្យប្រជាពលរដ្ឋធ្វើចរាចរបានហើយ ។ ដោយឡែកការស្ថាបនាផ្លូវបាន ប្រមាណ៦០%ហើយ តែមានការខ្វះខាត ដែលត្រូវណែនាំឱ្យកែលំអ ។
អត្ថបទ កោះសន្តិភាពLabels: ប្រវត្ដិសាស្ដ្រ, សេដ្ឋកិច្ច