កិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ច្បាប់ប្រឆាំងអំពើពុករលួយរាជរដ្ឋាភិបាលរៀបចំរួចរាល់ហើយ
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីបានឱ្យដឹងថា នៅថ្ងៃទី៦ មិថុនា ឆ្នាំ២០០៧ វេលាម៉ោង៩ព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ដ្រី មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ក្រោមអធិបតីភាពលោកឌិត មន្ទីរ ប្រធានតុលាការកំពូល និងលោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ដើម្បីពិនិត្យ និងផ្ដល់ការឯកភាពលើរបាយការណ៍ស្ដីពីលទ្ធផលសំខាន់ៗនៃការអនុវត្ដន៍ កម្មវិធីសកម្មភាពសម្រាប់អនុវត្ដយុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និងតុលាការក្នុងឆ្នាំ២០០៦ និងទិសដៅ អនុវត្ដការងារបន្ដ ។
របាយការណ៍នេះបានបង្ហាញពីលទ្ធផលចម្បង ដែលក្រសួង-ស្ថាប័នក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្ដិធម៌សម្រេចបានមានជាអាទិ៍ ៖ លទ្ធផលនៃការអនុវត្ដសូចនាករតាមដានរួម (Joint Monitoring Indicators) ឆ្នាំ២០០៦ ពាក់ព័ន្ធដល់ការតាក់តែង និងការអនុម័តច្បាប់ជាមូលដ្ឋាននៃយុត្ថាធិការតុលាការ មានដូចតទៅ ៖ ក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៦ ។ សេចក្ដីព្រាងក្រមរដ្ឋប្បវេណីត្រូវបានពិនិត្យជិតចប់ហើយ ដោយគណៈកម្មការនីតិកម្ម និងយុត្ដិធម៌ នៃ រដ្ឋសភា។ ក្រុមនីតិវិធីព្រហ្មទណ្ឌត្រូវបានពិនិត្យចប់ហើយដោយគណៈកម្មការនីតិកម្ម និងយុត្ដិធម៌ នៃ រដ្ឋសភា ហើយនៅពេលនេះកំពុងស្ថិតនៅក្នុងការប្រជុំពិភាក្សា នៃរដ្ឋសភា ។ សេចក្ដីព្រាងក្រមព្រហ្មទណ្ឌ កំពុងតែសម្រួលដោយក្រសួងយុត្ដិធម៌ ជាមួយភាគីបារាំងដើម្បីឱ្យរលូនជាមួយនឹងច្បាប់ពាក់ព័ន្ធដទៃ ទៀត។ សេចក្ដីព្រាងច្បាប់អង្គការស្ដីពីការចាត់តាំងអង្គការតុលាការ និងអយ្យការក្រសួងយុត្ដិធម៌ បានបញ្ជូនទៅសុំយោបល់ពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមរួចហើយ កាលពីថ្ងៃទី៧ មីនា ឆ្នាំ ២០០៧ ។ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញាកំពុងពិនិត្យឡើងវិញ ដោយក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រីជាមួយក្រសួងយុត្ដិធម៌។ វិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការ ប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក្រសួងយុត្ដិធម៌កំពុងពិនិត្យឡើងវិញ។ សេចក្ដីព្រាងច្បាប់ ប្រឆាំងនឹងអំពើពុករលួយត្រូវបានរៀបចំរួចហើយ តែនៅរង់ចាំការអនុម័តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌជាមុនសិន ។
លទ្ធផលនៃការអនុវត្ដន៍គំរោងតាមរយៈដៃគូអភិវឌ្ឍន៍រួមមាន ៖ ការរៀបចំ និង បញ្ចប់ការស្ទង់មតិលើ ជំនួយផ្នែកច្បាប់ និងការរៀបចំក្រមសីលធម៌ ចៅក្រម និងព្រះរាជអាជ្ញា ដែលឧបត្ថម្ភដោយភ្នាក់ងារ សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍ជាតិ (USAid) តាមរយៈដៃគូផ្ទាល់របស់ខ្លួន គឺវិទ្យាស្ថានគ្រប់គ្រង បូព៌ា-បស្ចិម(EWMI) ។ ក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានឧត្ដមក្រុមប្រឹក្សានៃអង្គចៅ ក្រមអនុម័ត ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ ២០០៧ ហើយគោលការណ៍ក្រមសីលធម៌ ចៅក្រម និងព្រះរាជអាជ្ញានេះក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីបង្រៀននៅសាលាចៅក្រម និងសាលាមេធាវីផង ដែរ។ ការសិក្សារៀបចំទិន្នន័យអំពីកម្មវិធីយល់ដឹងពីសិទ្ធិមូលដ្ឋាននៅកំរិតសហគមន៍ និងទិន្នន័យវិវាទ ដីធ្លី ការចងក្រងសេចក្ដីសំរេចស្ថាពររបស់តុលាការ ការពង្រីកការបោះពុម្ពរាជកិច្ច និងការពង្រឹងយុត្ដិធម៌ មូលដ្ឋាន ដែលឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តាមរយៈគំរោងសិទ្ធិ ទទួលបានយុត្ដិធម៌នៅកម្ពុជា ។ ការពង្រីកការអនុវត្ដន៍តុលាការគំរូនៅតាមតុលាការខេត្ដក្រុងមួយ ចំនួនទៀត ក្រៅពីតុលាការខេត្ដកណ្ដាល ដែលបានធ្វើរួចហើយ រួមមានតុលាការក្រុងភ្នំពេញ តុលាការ ខេត្ដកំពង់ចាម និងខេត្ដបន្ទាយមានជ័យ ដើម្បីជាការអនុវត្ដន៍សាកល្បងនូវអ្វីដែលយើងយល់ថាល្អលើបទ ពិសោធន៍បច្ចុប្បន្នសំរាប់ឯករាជ្យ និងមានទំនុកចិត្ដ ។ គំរោងនេះស្ថិតក្នុងគំរោង CCJAP III ឧបត្ថម្ភដោយ AusAid និង DANIDA/DIHR ។ ដោយឡែកអង្គការនីតិប្បញ្ញតិបានអនុម័តផ្ដល់ថវិកាជូនក្រសួងយុត្ដិធម៌ ដើម្បីសាងសង់តុលាការខេត្ដចំនួន៣គឺ ខេត្ដក្រចេះ ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ធំ និងសាលសវនាការ មួយនៅខេត្ដបាត់ដំបង ។ ចំពោះការបង្កើតតុលាការពាណិជ្ជកម្មអង្គភាពសម្របសម្រួល អចិន្ដ្រៃយ៍ និង អង្គភាពគ្រប់គ្រងគម្រោងនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ បានធ្វើការសម្របសម្រួល ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្ដិធម៌ ដើម្បីអនុវត្ដស្មារតីនៃកិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្ដិធម៌កាលពីថ្ងៃទី១៦ ទី៣០ ខែសីហា និងទី១៤ ខែកញ្ញា ឆ្នាំ២០០៦ ដែល បានសម្រេចឱ្យសិក្សារៀបចំបង្កើតតុលាការពាណិជ្ជកម្មស្មើនឹងតុលាការថ្នាក់ដំបូង (ខេត្ដ-ក្រុង) និងឱ្យ មានសភាដោះស្រាយវិវាទពាណិជ្ជកម្មនៅសាលាឧទ្ធរណ៍ និងនៅតុលាការកំពូល ។ ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការសិក្សាលំអិតអំពីការបង្កើតតុលាការពាណិជ្ជកម្ម និងកំពុងរៀបចំសេចក្ដីច្បាប់ស្ដីពីតុលាការ ពាណិជ្ជកម្ម ក្រោមការឧបត្ថម្ភរបស់ UNDP និង ADB ។ ដោយឡែកច្បាប់ស្ដីពីមជ្ឈត្ដការផ្នែក ពាណិជ្ជកម្ម ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើរួចនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៦ ហើយបច្ចុប្បន្ន កំពុងតែរៀបចំការអនុវត្ដន៍ ។
ការទំនាក់ទំនង
អង្គភាពសម្របសម្រួលអចិន្ដ្រៃយ៍ និងអង្គភាពគ្រប់គ្រងគម្រោងបានធ្វើទំនាក់ទំនង ព្រមទាំងស្វះស្វែង ធ្វើការពន្យល់ផ្សព្វផ្សាយ ដើម្បីបញ្ចូលគម្រោងកំណែទម្រង់ច្បាប់ និង តុលាការទៅក្នុងក្របខណ្ឌសំរាប់ ការផ្ដល់ជំនួយរបស់ប្រទេស និងសហគមន៍អ្នកផ្ដល់ជំនួយសម្រាប់បន្ដពីឆ្នាំ២០០៦នេះទៅ ដូចជាជំនួយ អភិវឌ្ឍន៍របស់អូស្ដ្រាលី (AusAid) តាមរយៈគម្រោង CCJAP III សហគមន៍ អឺរ៉ុប (EU) និងភ្នាក់ងារ ផ្ដល់ជំនួយអភិវឌ្ឍន៍អន្ដរជាតិដាណឺម៉ាក (DANIDA/DIHR) ជាដើម ។ របាយការណ៍បានលើកទិសដៅ សម្រាប់អនុវត្ដជាបន្ដក្នុងនោះការងារសំខាន់ៗមានជាអាទិ៍ៈ ជំរុញនីតិវិធីតាក់តែងច្បាប់ឱ្យបានចេញឆាប់។ ទំនាក់ទំនងរកដៃគូអនុវត្ដគម្រោងបង្កើតការិយាល័យដើម្បីការពារសិទ្ធិពលរដ្ឋ (Ombudsman) ។ ជំរុញ ការអនុម័តច្បាប់ដែលបានបញ្ជូនទៅរដ្ឋសភា ។ រៀបចំផែនការអនុវត្ដគម្រោងជំនួយផ្នែកច្បាប់ ។ ជំរុញ ការបង្កើតតុលាការ/សភា ពិសេសទៅតាមតម្រូវការដូចជាតុលាការ ពាណិជ្ជកម្ម រដ្ឋបាល អនីតិជន ។ល។ ពង្រីកការអនុវត្ដន៍គម្រោងតុលាការគំរូនៅតាមខេត្ដ-ក្រុងផ្សេងពីតុលាការខេត្ដកណ្ដាល ។ រៀបចំការតាក់ តែងក្រមសីលធម៌សម្រាប់មន្ដ្រីតុលាការផ្សេងៗទៀត ។ បង្កើត និង ពង្រឹងយន្ដការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ។ ពង្រឹងសមត្ថភាពមន្ដ្រីរាជការតាមក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្ដិធម៌ ។ បញ្ចប់ការរៀបចំសៀវភៅមគ្គុទ្ទេសក៍សម្រាប់វិស័យច្បាប់ និងយុត្ដិធម៌។ ធ្វើបច្ចុប្បន្នភាព បញ្ជីគម្រោងកំណែទម្រង់ ច្បាប់ និងតុលាការ ។ រៀបចំប្រព័ន្ធសូចនាករតាមដានសំរាប់វិស័យច្បាប់ និងយុត្ដិធម៌ទាំងមូល ដើម្បីវាស់វែងភាពជឿនលឿន នៃការអនុវត្ដន៍កម្មវិធីសកម្មភាព ។ ពង្រឹង សមត្ថភាពដឹកនាំគ្រប់គ្រង និងអនុវត្ដកម្មវិធី សកម្មភាពកំណែទម្រង់ច្បាប់ និងតុលាការ ដោយបន្ដកិច្ច សហប្រតិបត្ដិការជាមួយ DIHR ។ ជំរុញការអនុវត្ដន៍គម្រោង CCJAP III ដោយសហការជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសជាមួយ AusAid និង DANIDA ។ បន្ដធ្វើការផ្សព្វផ្សាយទំនាក់ទំនង និងសម្រប សម្រួលស្វែងរកជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអនុវត្ដន៍សកម្មភាព សម្រាប់កំណែទម្រង់ ច្បាប់ និងតុលាការ ដែលនៅសេសសល់ឱ្យបានលឿន និងឱ្យបានច្រើនថែមទៀត ។ របាយការណ៍នេះរៀបចំ ដោយអង្គកភាពគ្រប់គ្រងគម្រោងនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ហើយបានដាក់ជូន អង្គភាពសម្របសម្រួលអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ពិនិត្យនៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០០៧ ។
បន្ទាប់ពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌បានពិនិត្យ និងផ្ដល់ការឯកភាពរួច របាយការណ៍នេះនឹងរៀបចំដាក់ជូន ឧត្ដមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ និងរាជរដ្ឋាភិបាល ដើម្បីបានជ្រាប អំពីការងារដែលវិស័យកំណែទម្រង់ច្បាប់ និងតុលាការបានអនុវត្ដ និងសម្រេចបាននៅក្នុងដំណាក់កាល ទី២នៃការកែទម្រង់ក្រោយពីដំណាក់កាលទី១ នៃការរៀបចំចក្ខុវិស័យ យុទ្ធសាស្ដ្រ និង កម្មវិធីសកម្មភាព សម្រាប់អនុវត្ដយុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និងតុលាការត្រូវបានបញ្ចប់ នៅពេលដែលគណៈរដ្ឋ មន្ដ្រីបានអនុម័តកម្មវិធីសកម្មភាពសម្រាប់អនុវត្ដយុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និងតុលាការ កាលពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០០៥ ។
របាយការណ៍នេះ ក៏នឹងត្រូវចែកជូនសហគមន៍អ្នកផ្ដល់ជំនួយ និងអ្នកពាក់ព័ន្ធឯទៀត រួមទាំងសង្គមស៊ីវិល ផងដែរ ដើម្បីឱ្យបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យកំណែទម្រង់ច្បាប់ និង តុលាការ ។
for this post
Leave a Reply