ចោរស្ដេចត្រាញ់ក្នុងព្រៃ៩ឆ្នាំដេកពេទ្យជាប់ច្រវាក់
ខេត្ដបាត់ដំបង ៖ ទណ្ឌិតម្នាក់ដែលគេស្គាល់ថា ជាចោរស្ដេចត្រាញ់ប្លន់ប្រដាប់អាវុធ សំលាប់មិនរើសមុខ យ៉ាងកក្រើកនៅភាគខាងលិចស្រុកបវេល កាលពីប៉ុន្មានឆ្នាំមុន ហើយជននេះកាលណោះរស់នៅតែក្នុងព្រៃ ជាមួយកាំភ្លើងAK47 ចំនួន២ដើមអស់រយៈពេល៩ឆ្នាំ ដោយដើរលួច ឬប្លន់បាយទឹកអ្នកស្រុក តាម ខ្ទមស្រែចំការដើម្បីចំអែតក្រពះមួយពេលៗដូចសត្វព្រៃ។ ប៉ុន្ដែបច្ចុប្បន្នបើតាមសេចក្ដីរាយការណ៍ ពីមន្ដ្រី អភិរក្សពន្ធនាគារខេត្ដបាត់ដំបងបានឱ្យដឹងថា ទណ្ឌិតម្នាក់នេះកំពុងធ្លាក់ខ្លួនឈឺរីងរៃ ព្រោះកើតអេដស៍ ហើយត្រូវបានគេបញ្ជូនទៅព្យាបាលបណ្ដោះអាសន្ន នៅមន្ទីរពេទ្យបង្អែកខេត្ដដោយសារមានសភាពរាក រូសខ្លាំងពេក ដែលគ្រូពេទ្យប្រចាំពន្ធនាគារមិនអាចព្យាបាលបាន ។
លោកកង សារ៉េន ប្រធានពន្ធនាគារខេត្ដបាត់ដំបងបានឱ្យកោះសន្ដិភាពដឹងថា ទណ្ឌិតដែលមានផ្ទុក មេរោគអេដស៍ម្នាក់នេះឈ្មោះ ហឺស វ៉ាន់ដា អាយុ៣៦ឆ្នាំ ជននេះត្រូវបានតុលាការខេត្ដបាត់ដំបង បើកសវនាការជំនុំជំរះកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៦ ដោយផ្ដន្ទាទោសឱ្យជាប់គុកចំនួន៥ឆ្នាំពីបទ សំលាប់មនុស្ស និងប្លន់ប្រដាប់អាវុធ ។ បើគិតតាំងពីថ្ងៃចាប់ខ្លួនបានជននេះជាប់គុកជាងកន្លះឆ្នាំហើយ។ លោកកង សារ៉េន បានឱ្យដឹងទៀតថា ទណ្ឌិតឈ្មោះហឺស វ៉ាន់ដា នេះ បច្ចុប្បន្នមានជំងឺប្រចាំកាយ យ៉ាងធ្ងន់ធ្ងរបំផុត គឺគេមានផ្ទុកមេរោគអេដស៍ ។ ដោយសារជននេះស្ថិតក្នុងសភាពស្គមរីងរៃ និងមាន អការៈរាករូសមិនឈប់ឈរទើបលោកចាត់កំលាំងឱ្យបញ្ជូនជននេះទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដបាត់ដំបង គឺបញ្ជូនទៅតាំងពីថ្ងៃទី១៨ ខែឧសភា ។ លោកប្រធានពន្ធនាគាររូបនេះបញ្ជាក់ថា បច្ចុប្បន្ន អ្នកទោសទាំងអស់កើតអេដស៍ចំនួន១៦នាក់ ហើយកាលពីខែឧសភាកន្លងទៅនេះ លោកបញ្ជូនអ្នកទោស ដែលមានជំងឺធ្ងន់ៗទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដអស់ជាង១០នាក់ តែឥឡូវបានបញ្ជូនមកពន្ធនាគារ វិញខ្លះហើយ ដោយនៅតែ៧នាក់ប៉ុណ្ណោះ រាប់ទាំងឈ្មោះហឺស វ៉ាន់ដា នេះផង ។ លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅក្នុងពន្ធនាគារមានគ្រូពេទ្យប្រចាំការរបស់ពន្ធនាគារ និងគ្រូពេទ្យរបស់អង្គការលីកាដូផង សំរាប់ ព្យាបាលជំងឺអ្នកទោស ។
ដោយឡែកទណ្ឌិតឈ្មោះហឺស វ៉ាន់ដា ដែលជាចោរស្ដេចត្រាញ់កំពុងដេកស្ដូកស្ដឹង លើគ្រែពេទ្យឯណោះ វិញ បានប្រឹងងើបអង្គុយទាំងត្រដាបត្រដួស ដោយមានជាប់ច្រវាក់ជើងនៅនឹងគ្រែផង ហើយបានលូកដៃ យកម៉ាស់មកពាក់មុខ រួចនិយាយខ្សាវៗប្រាប់អ្នកយកព័ត៌មានយើងថា ខ្លួនគេមានផ្ទុកមេរោគអេដស៍យូរ ឆ្នាំហើយ តាំងពីខ្លួនធ្វើចោររស់នៅក្នុងព្រៃមកម្ល៉េះ ឥឡូវជំងឺនេះចាប់ផ្ដើមធ្វើទុក្ខកាន់តែខ្លាំងហើយ។ ទណ្ឌិតនេះនិយាយទាំងទឹកមុខស្លេកស្លាំងថា ខ្លួនគេត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ឥឡូវខ្លួនជាប់បានជាងកន្លះឆ្នាំហើយ ហើយពេលគេបញ្ជូនមកដេកពេទ្យនេះគ្រូពេទ្យនិយាយថា ខ្លួនមាន ជំងឺអេដស៍ផង និងជំងឺរបេងផង ។ ជននេះបានត្អូញត្អែរថា ចាប់តាំងពីខ្លួនត្រូវបាននគរបាលចាប់ខ្លួន រហូតមកដល់ពេលនេះ គ្មានសាច់ញាតិណាម្នាក់មកអើតសួរសុខទុក្ខខ្លួនគេទេ ហើយសុខភាពរបស់គេមើល ទៅមិនអាចរស់ឱ្យរួចទោសចំនួន៥ឆ្នាំនោះឡើយ ។
គួររំលឹកថា ទណ្ឌិតឈ្មោះហឺស វ៉ាន់ដា នេះមុនពេលត្រូវនគរបាលចាប់ខ្លួន ជននេះធ្វើជាចោររស់នៅ តែក្នុងព្រៃអស់រយៈពេល៩ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៧រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ទើបត្រូវ សមត្ថកិច្ចនគរបាលស្រុកបវេលចាប់ខ្លួនបាន។ ជននេះមានកាំភ្លើង AK47 ចំនួន២ដើមបានធ្វើសកម្មភាព ប្លន់សំលាប់មិនរើសមុខដ៏កក្រើកនៅភាគខាងលិចស្រុកបវេល ខេត្ដបាត់ដំបង ។ ការរស់នៅក្នុងព្រៃ រយៈពេល៩ឆ្នាំ ជននេះ ដើរលួច ឬប្លន់បាយទឹកអ្នកស្រែចំការយកទៅហូប ហើយដេកនៅតាមដំបូក ឬតាម វាលស្រែពេលប្លន់បានលុយទើបគេលបលួចចូលក្នុងភូមិ ឬដើរតាមផ្សារ ឬទៅលេងស្រីម្ដងម្កាល ។ ជននេះត្រូវក្រុមគ្រួសារសាច់ញាតិកាត់កាលចោល ដោយសារតែមានចរិតជាចោរ ។ ជននេះធ្លាប់ប្រាប់ សមត្ថកិច្ចកាលចាប់ខ្លួនដំបូងថា “មូលហេតុដែលនាំឱ្យខ្លួនគេសំរេចចិត្ដរត់ចូលព្រៃធ្វើជាចោរនេះ ដោយ សារខ្លួនគេធ្លាប់លួចស្រលាញ់កូនស្រីរបស់មន្ដ្រីនគរបាលស្រុកបវេលម្នាក់ ហើយត្រូវមន្ដ្រីនគរបាលនោះ ប្រមាថរកបាញ់គេសំលាប់ចោល ទើបខ្លួនគេខឹងក៏សំរេចចិត្ដរត់ចូលព្រៃធ្វើចោរតែម្ដង” ជននេះមានស្រុក កំណើតនៅភូមិក្ដុលក្រោម ឃុំក្ដុលតាហែន ស្រុកបវេល ខេត្ដបាត់ដំបង ។
Labels: សន្តិសុខ
for this post
Leave a Reply