អង្គការជប៉ុនស្ម័គ្រចិត្ដជួយបំផុសចលនាដាំដើមឈើជីវចំរុះ
ខេត្ដស្វាយរៀង ៖ សិក្ខាសាលាស្ដីពីការថែរក្សាបរិស្ថានធម្មជាតិនិងជីវចំរុះដែល ឧបត្ថម្ភដោយអង្គការ វីស្សូ-កូលី-កៃ (សន្ដិស្ម័គ្រចិត្ដ) ប្រទេសជប៉ុន ត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្ដតាសួស ស្ថិតក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង កាលពីថ្ងៃទី៥ ឧសភា ២០០៧ រយៈពេល ពេញមួយថ្ងៃ ក្រោមអធិបតីភាព លោកយស គឹមស៊ាន អភិបាលរងស្រុកស្វាយជ្រំ ។ ចូលរួមក្នុង សិក្ខាសាលានេះ គេសង្កេតឃើញវត្ដមានលោកទេព ធន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ដ ព្រះ សាសនមុនី ជេត ឌិត ព្រះមេគណខេត្ដ ព្រះវិសុទ្ធិញាណមុំ សយ ព្រះអនុគណស្រុកស្វាយជ្រំ លោក យ៉ាហ្គីសាវ៉ា កាហ្សឹម៉ាសា នាយកអង្គការសន្ដិស្ម័គ្រចិត្ដ ព្រះសង្ឃចំនួន៦៥អង្គ មកពីវត្ដនានាជុំវិញខេត្ដ អាចារ្យតាមវត្ដនានា ព្រមទាំងមេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំសរុប ចំនួន៨៥នាក់ទៀត ។
សិក្ខាសាលានេះ រៀបចំធ្វើឡើងក្នុងគោលបំណងចង់ឱ្យសិក្ខាកាមទាំងអស់ បានយល់ដឹងអំពីគុណសម្បត្ដិ នៃដើមឈើ ចេះអំពីរបៀបបណ្ដុះកូនឈើ របៀបដាំនិងរបៀបថែរក្សាកូនឈើឱ្យរីកលូតលាស់ ស្រស់ បំព្រង ដែលធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជាខេត្ដស្វាយរៀងពោរពេញទៅដោយពណ៌បៃតង ។
លោកយ៉ាហ្គីសាវ៉ា កាហ្សឹម៉ាសា នាយកអង្គការសន្ដិស្ម័គ្រចិត្ដបានមានប្រសាសន៍ថា ខេត្ដស្វាយរៀង គឺជាខេត្ដដែលក្រីក្រជាងគេ និងខ្សត់ដើមឈើជាងគេ តែការដាំដើមឈើគឺមិនទាន់យឺតពេលទេ ដូចនេះ យើងទាំងអស់គ្នាត្រូវតែចូលរួមដាំឱ្យបានច្រើននិងគ្រប់ទីកន្លែង ។ មនុស្សគ្រប់រូបមានភារកិច្ចថែរក្សា បរិស្ថានឱ្យបានស្អាតល្អ ដែលទាមទារឱ្យយើងព្យាយាមនិងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីសេចក្ដីសុខចំរើនរបស់កូនចៅយើងជំនាន់ក្រោយ ។ លោកបានបញ្ជាក់ទៀតថា ថ្ងៃនេះម៉ោងនេះ នៅ ប្រទេសអាល្លឺម៉ង់កំពុងធ្វើការជួបប្រជុំគ្នារវាងបណ្ដាប្រទេសឧស្សាហកម្មធំៗចំនួន៨ ដើម្បីពិភាក្សាអំពី បរិស្ថាន នៅលើពិភពលោកនិងរកវិធីកែប្រែធ្វើយ៉ាងណាឱ្យជីវិតនៅលើផែនដី មាននិរន្ដរភាពចៀសផុត ពីជំងឺតម្កាត់នានា ដែលបណ្ដាលមកពីភាពអាប់អួ និងសារធាតុពុលដែលមាននៅក្នុងបរិស្ថាន ។
គួរបញ្ជាក់ថា នៅតាមផ្លូវទីសាធារណៈ ពិសេសនៅក្នុងបរិវេណវត្ដតាសួស ត្រូវបានគេចងបដាដែលមាន សរសេរខ្លឹមសារថា “មានព្រៃឈើទើបមានទឹក មានទឹកទើបមានជីវិត” ដែលនេះជាការបង្ហាញឱ្យឃើញថា ព្រៃឈើមានសារសំខាន់ណាស់ចំពោះជីវិតទាំងអស់នៅលើផែនដី ដូចនេះមនុស្សគ្រប់រូបត្រូវតែចូលរួមដាំ និងការពារព្រៃឈើឱ្យបានគ្រប់ៗគ្នា ។
Labels: បរិស្ថាន, ព្រឹត្ដិការណ៍
for this post
Leave a Reply