<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d7954757943031283723\x26blogName\x3dCambodia+News\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLUE\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://khmerdaily.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://khmerdaily.blogspot.com/\x26vt\x3d-4826443582781749916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រាជរដ្ឋាភិបាល​រៀបចំ​រួចរាល់​ហើយ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៧ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី មាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ក្រោម​អធិបតីភាព​លោក​ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​លោក​សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ដើម្បី​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​លើ​របាយការណ៍​ស្ដី​ពី​លទ្ធផល​សំខាន់ៗ​នៃ​ការ​អនុវត្ដន៍ កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ក្នុង​ឆ្នាំ​២០០៦ និង​ទិស​ដៅ អនុវត្ដ​ការងារ​បន្ដ ។

​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​លទ្ធផល​ចម្បង ដែល​ក្រសួង​-​ស្ថាប័ន​ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្ដិធម៌​សម្រេច​បាន​មាន​ជា​អាទិ៍ ៖ លទ្ធផល​នៃ​ការ​អនុវត្ដ​សូចនាករ​តាមដាន​រួម (Joint Monitoring Indicators) ឆ្នាំ​២០០៦ ពាក់ព័ន្ធ​ដល់​ការ​តាក់តែង និង​ការ​អនុម័ត​ច្បាប់​ជា​មូលដ្ឋាន​នៃ​យុ​ត្ថា​ធិ​ការ​តុលាការ មាន​ដូច​តទៅ ៖ ក្រម​នីតិវិធី​រដ្ឋប្បវេណី ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០០៦ ។ សេចក្ដី​ព្រាង​ក្រមរដ្ឋប្បវេណី​ត្រូវ​បាន​ពិនិត្យ​ជិត​ចប់​ហើយ ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា​។ ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ​ត្រូវ​បាន​ពិនិត្យ​ចប់​ហើយដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា ហើយ​នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រជុំ​ពិភាក្សា នៃ​រដ្ឋសភា ។ សេចក្ដី​ព្រាង​ក្រមព្រហ្មទណ្ឌ កំពុង​តែ​សម្រួល​ដោយ​ក្រសួងយុត្ដិធម៌ ជាមួយ​ភាគី​បារាំង​ដើម្បី​ឱ្យ​រលូន​ជាមួយនឹង​ច្បាប់​ពាក់ព័ន្ធ​ដទៃ ទៀត​។ សេចក្ដីព្រាងច្បាប់​អង្គការ​ស្ដី​ពី​ការ​ចាត់តាំង​អង្គការ​តុលាការ និង​អយ្យការ​ក្រសួងយុត្ដិធម៌ បាន​បញ្ជូន​ទៅ​សុំ​យោបល់​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រួច​ហើយ កាលពី​ថ្ងៃ​ទី​៧ មីនា ឆ្នាំ ២០០៧ ។ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​កំពុង​ពិនិត្យ​ឡើង​វិញ ដោយ​ក្រុមប្រឹក្សា អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ជាមួយ​ក្រសួងយុត្ដិធម៌​។ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ ប្រព្រឹត្ដ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្រសួងយុត្ដិធម៌​កំពុង​ពិនិត្យ​ឡើង​វិញ​។ សេចក្ដីព្រាងច្បាប់ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​បាន​រៀបចំ​រួច​ហើយ តែ​នៅ​រង់ចាំ​ការ​អនុម័ត​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​ជា​មុន​សិន ។​

លទ្ធផល​នៃ​ការ​អនុវត្ដន៍​គំរោង​តាម​រយៈ​ដៃគូ​អភិវឌ្ឍន៍​រួម​មាន ៖ ការ​រៀបចំ និង បញ្ចប់​ការ​ស្ទង់​មតិ​លើ ជំនួយ​ផ្នែក​ច្បាប់ និង​ការ​រៀបចំ​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​ជាតិ (​USAid) តាម​រយៈ​ដៃគូ​ផ្ទាល់​របស់​ខ្លួន គឺ​វិទ្យាស្ថាន​គ្រប់គ្រង បូព៌ា​-​បស្ចិម​(​EWMI) ។ ក្រមសីលធម៌​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​បាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ ក្រម​អនុម័ត ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ ២០០៧ ហើយ​គោលការណ៍​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​បង្រៀន​នៅ​សាលា​ចៅក្រម និង​សាលា​មេធាវី​ផង ដែរ​។ ការ​សិក្សា​រៀបចំ​ទិន្នន័យ​អំពី​កម្មវិធី​យល់​ដឹង​ពី​សិទ្ធិ​មូលដ្ឋាន​នៅ​កំរិត​សហគមន៍ និង​ទិន្នន័យ​វិវាទ ដីធ្លី ការ​ចងក្រង​សេចក្ដីសំរេច​ស្ថាពរ​របស់​តុលាការ ការ​ពង្រីក​ការ​បោះពុម្ព​រាជកិច្ច និង​ការ​ពង្រឹង​យុត្ដិធម៌ មូលដ្ឋាន ដែល​ឧបត្ថម្ភ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (​UNDP) តាម​រយៈ​គំរោង​សិទ្ធិ ទទួល​បាន​យុត្ដិធម៌​នៅ​កម្ពុជា ។ ការ​ពង្រីក​ការ​អនុវត្ដន៍​តុលាការ​គំរូ​នៅ​តាម​តុលាការខេត្ដ​ក្រុង​មួយ ចំនួន​ទៀត ក្រៅពី​តុលាការ​ខេត្ដកណ្ដាល ដែល​បាន​ធ្វើ​រួច​ហើយ រួម​មាន​តុលាការក្រុង​ភ្នំពេញ តុលាការ ខេត្ដកំពង់ចាម និង​ខេត្ដបន្ទាយមានជ័យ ដើម្បី​ជា​ការ​អនុវត្ដន៍​សាកល្បង​នូវ​អ្វី​ដែល​យើង​យល់​ថា​ល្អ​លើ​បទ ពិសោធន៍​បច្ចុប្បន្ន​សំរាប់​ឯករាជ្យ និង​មាន​ទំនុកចិត្ដ ។ គំរោង​នេះ​ស្ថិត​ក្នុង​គំរោង CCJAP III ឧបត្ថម្ភ​ដោយ AusAid និង DANIDA/DIHR ។ ដោយឡែក​អង្គការនីតិប្បញ្ញតិ​បាន​អនុម័ត​ផ្ដល់​ថវិកា​ជូន​ក្រសួងយុត្ដិធម៌ ដើម្បី​សាងសង់​តុលាការខេត្ដ​ចំនួន​៣​គឺ ខេត្ដក្រចេះ ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ធំ និង​សាល​សវនាការ មួយ​នៅ​ខេត្ដបាត់ដំបង ។ ចំពោះ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​អង្គភាព​សម្របសម្រួល អចិន្ដ្រៃយ៍ និង អង្គភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ បាន​ធ្វើការ​សម្របសម្រួល ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងយុត្ដិធម៌ ដើម្បី​អនុវត្ដ​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់ ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​កាលពី​ថ្ងៃ​ទី​១៦ ទី​៣០ ខែសីហា និង​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០៦ ដែល បាន​សម្រេច​ឱ្យ​សិក្សា​រៀបចំ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ស្មើនឹង​តុលាការ​ថ្នាក់ដំបូង (​ខេត្ដ​-​ក្រុង​) និង​ឱ្យ មាន​សភា​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នៅ​សាលាឧទ្ធរណ៍ និង​នៅ​តុលាការ​កំពូល ។ ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការ​សិក្សា​លំអិត​អំពី​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​កំពុង​រៀបចំសេចក្ដី​ច្បាប់​ស្ដី​ពី​តុលាការ ពាណិជ្ជកម្ម ក្រោម​ការ​ឧបត្ថម្ភ​របស់ UNDP និង ADB ។ ដោយឡែក​ច្បាប់​ស្ដី​ពី​ម​ជ្ឈ​ត្ដ​ការ​ផ្នែក ពាណិជ្ជកម្ម ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​រួច​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ន កំពុង​តែ​រៀបចំ​ការ​អនុវត្ដន៍ ។​

ការ​ទំនាក់ទំនង​
​អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍ និង​អង្គភាព​គ្រប់គ្រង​គម្រោង​បាន​ធ្វើ​ទំនាក់ទំនង ព្រមទាំង​ស្វះស្វែង ធ្វើការ​ពន្យល់​ផ្សព្វផ្សាយ ដើម្បី​បញ្ចូល​គម្រោង​កំណែទម្រង់​ច្បាប់ និង តុលាការ​ទៅ​ក្នុង​ក្រប​ខណ្ឌ​សំរាប់ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស និង​សហគមន៍​អ្នក​ផ្ដល់​ជំនួយ​សម្រាប់​បន្ដ​ពី​ឆ្នាំ​២០០៦​នេះ​ទៅ ដូច​ជា​ជំនួយ អភិវឌ្ឍន៍​របស់​អូស្ដ្រាលី (AusAid) តាម​រយៈ​គម្រោង CCJAP III សហគមន៍ អឺរ៉ុប (EU) និង​ភ្នាក់ងារ ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​អន្ដរជាតិ​ដា​ណឺ​ម៉ាក (DANIDA/DIHR) ជាដើម ។ របាយការណ៍​បាន​លើក​ទិស​ដៅ សម្រាប់​អនុវត្ដ​ជា​បន្ដ​ក្នុង​នោះ​ការងារ​សំខាន់ៗ​មាន​ជា​អាទិ៍ៈ ជំរុញ​នីតិវិធី​តាក់តែង​ច្បាប់​ឱ្យ​បាន​ចេញ​ឆាប់​។ ទំនាក់ទំនង​រក​ដៃគូ​អនុវត្ដ​គម្រោង​បង្កើត​ការិយាល័យ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ (Ombudsman) ។ ជំរុញ ការ​អនុម័ត​ច្បាប់​ដែល​បាន​បញ្ជូន​ទៅ​រដ្ឋសភា ។ រៀបចំ​ផែនការ​អនុវត្ដ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់ ។ ជំរុញ ការ​បង្កើត​តុលាការ​/​សភា ពិសេស​ទៅ​តាម​តម្រូវការ​ដូច​ជា​តុលាការ ពាណិជ្ជកម្ម រដ្ឋបាល អនីតិជន ។​ល​។ ពង្រីក​ការ​អនុវត្ដន៍​គម្រោង​តុលាការ​គំរូ​នៅ​តាម​ខេត្ដ​-​ក្រុង​ផ្សេង​ពី​តុលាការ​ខេត្ដកណ្ដាល ។ រៀបចំ​ការ​តាក់ តែង​ក្រមសីលធម៌​សម្រាប់​មន្ដ្រី​តុលាការ​ផ្សេងៗ​ទៀត ។ បង្កើត និង ពង្រឹង​យន្ដការ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ ។ ពង្រឹងសមត្ថភាព​មន្ដ្រីរាជការ​តាម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ និង យុត្ដិធម៌ ។ បញ្ចប់​ការ​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​។ ធ្វើ​បច្ចុប្បន្នភាព បញ្ជី​គម្រោង​កំណែទម្រង់ ច្បាប់ និង​តុលាការ ។ រៀបចំ​ប្រព័ន្ធ​សូចនាករ​តាមដាន​សំរាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​ទាំងមូល ដើម្បី​វាស់វែង​ភាព​ជឿនលឿន នៃ​ការ​អនុវត្ដន៍​កម្មវិធី​សកម្មភាព ។ ពង្រឹង សមត្ថភាព​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ដ​កម្មវិធី សកម្មភាព​កំណែទម្រង់​ច្បាប់ និង​តុលាការ ដោយ​បន្ដ​កិច្ច សហប្រតិបត្ដិការ​ជាមួយ DIHR ។ ជំរុញ​ការ​អនុវត្ដន៍​គម្រោង CCJAP III ដោយ​សហការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​ជាមួយ AusAid និង DANIDA ។ បន្ដ​ធ្វើការ​ផ្សព្វផ្សាយ​ទំនាក់ទំនង និង​សម្រប សម្រួល​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការ​អនុវត្ដន៍​សកម្មភាព សម្រាប់​កំណែទម្រង់ ច្បាប់ និង​តុលាការ ដែល​នៅ​សេសសល់​ឱ្យ​បាន​លឿន និង​ឱ្យ​បាន​ច្រើន​ថែម​ទៀត ។ របាយការណ៍​នេះ​រៀបចំ ដោយ​អង្គ​ក​ភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ហើយ​បាន​ដាក់​ជូន អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៤ ខែ មេ​សា ឆ្នាំ​២០០៧ ។

​បន្ទាប់​ពី​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​បាន​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​រួច របាយការណ៍​នេះ​នឹង​រៀបចំ​ដាក់​ជូន ឧត្ដម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ និង​រាជរដ្ឋាភិបាល ដើម្បី​បាន​ជ្រាប អំពី​ការងារ​ដែល​វិស័យ​កំណែទម្រង់​ច្បាប់ និង​តុលាការ​បាន​អនុវត្ដ និង​សម្រេច​បាន​នៅ​ក្នុង​ដំណាក់កាល ទី​២​នៃ​ការ​កែទម្រង់​ក្រោយ​ពី​ដំណាក់កាល​ទី​១ នៃ​ការ​រៀបចំ​ចក្ខុវិស័យ យុទ្ធសាស្ដ្រ និង កម្មវិធី​សកម្មភាព សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ត្រូវ​បាន​បញ្ចប់ នៅ​ពេល​ដែល​គណៈ​រដ្ឋ មន្ដ្រី​បាន​អនុម័ត​កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ កាលពី​ថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ​២០០៥ ។​

របាយការណ៍​នេះ ក៏​នឹង​ត្រូវ​ចែក​ជូន​សហគមន៍​អ្នក​ផ្ដល់​ជំនួយ និង​អ្នក​ពាក់ព័ន្ធ​ឯទៀត រួម​ទាំង​សង្គម​ស៊ី​វិល ផង​ដែរ ដើម្បី​ឱ្យ​បានដឹង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង តុលាការ ។​

Labels: ,

 
 

អនាគត​របស់​រាជវង្ស​ដែល​កំពុង​ធ្វើ​នយោបាយ​​ទ្រង់​ធ​ម្មិ​កោ​រំពឹង​ថា​នឹង​មានការ​ចាកចេញ​បន្ដបន្ទាប់

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ អតីត​អគ្គ​ប្រតិភូ​របស់​គណបក្ស​រណសិរ្ស​សង្គម​ជាតិ និយម ដែល​ទើបតែ​ប្រកាស​រំលាយ​រចនាសម្ព័ន្ធ​គណបក្ស​របស់​ព្រះ​អង្គ​មក​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​បន្ទូល កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ថា “​ការ​ដឹកនាំ​រាជា​និយម​មាន​តែ សម្ដេចក្រុមព្រះ​ទេ​ដែល​ជា​ស្ដេច​ធំ​ជាងគេ ហើយ​រាជវង្ស​ដទៃ​ទៀត​អាច​ដឹកនាំ​ជំនួស​ព្រះ​អង្គ​បាន ប្រ​សិន បើ​ព្រះ​អង្គ​លាឈប់ តែ​នៅ​ពេល​សម្ដេចក្រុមព្រះ​នៅ​ក្នុង​ឆាកនយោបាយ​នោះ គ្មាន​រាជវង្ស​ណា​ធំ​ជាង ព្រះ​អង្គ​ក្រុមព្រះ​បាន​ទេ​”​។ ព្រះ​អង្គ​ម្ចាស់​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ទោះបី​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស នរោត្ដម រណឫទ្ធិ បាន​ទទួល​ពីរ​-​បី​កៅអី​ដែរ​ក៏​ដោយ វា​ជា​ការ​អាម៉ាស់មុខ សម្បើម​ណាស់ ហើយ​បើ​រាជា​និយម​មិន​រួបរួម​គ្នា​ទេ កម្លាំង​រាជា​និយម​អស់​អនាគត​ហើយ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​នោះ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធ​ម្មិ​កោ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជាមួយ ក្រុម​អ្នកកាសែត​នៅ​ក្រោម​ដើម​អំពិល​ក្បែរ​មន្ទីរ​រដ្ឋសភា ដែល​ជា​ការ​ភ្ញាក់ផ្អើល​មួយ ព្រោះ​កម្រ​មាន ។ ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​ទៀត​ថា គណបក្ស​នរោត្ដម រណប​ទ្ធិ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គួរតែ​រួម​គ្នា​ហើយ មិន​អាច​និយាយ​ថា គណបក្ស​នរោត្ដម រណឫទ្ធិ រំលាយខ្លួន​នោះ​ទេវា​មិន​សម​ទេ ព្រោះ​គ្មាន​ឥស្សរជន​ណា ចង់ឱ្យ​រំលាយ​បក្ស ដូច​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម​នោះ​ទេ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា មាន​ប្រទេស ជា​ច្រើន​សែ​រាជវង្ស​មិន​ធ្វើ​នយោបាយ​ដូច​ជា​ថៃ អង់គ្លេស ជប៉ុន​... អត់​មាន​គណបក្ស​រាជា​និយម​ទេ ។​

ព្រះ​អង្គ​ម្ចាស់​បាន​គូសបញ្ជាក់​បន្ដ​ថា យោង​តាម​ប្រទេស​មួយ​ចំនួន​ខាងលើ​នោះ គេ​មិន​មានការ​ជំរុញ​ណា មួយ​ឱ្យ​ក្រុម​ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ និង​តម្រូវ​ឱ្យ​មាន​គណបក្ស​រាជា​និយម​នោះ​ទេ ។ ព្រះ​អង្គ​ម្ចាស់​បន្ដ ថា “​ការ​មិន​តម្រូវ​ឱ្យ​រាជវង្ស​ធ្វើ​នយោបាយ ដោយសារ​តែ​គំនិត​របស់​រាជា​និយម​នោះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង សង្គម​នៃ​ប្រទេស​គេ​ទៅ​ហើយ ។ ដូច្នេះ​តាម​យោបល់​ខ្ញុំ​ថា ស្ដេច​ខ្មែរ មិន​គួរ​ធ្វើ​នយោបាយ​ទេ ហើយ​ខ្ញុំ បាន​សរសេរ​អត្ថបទ​មួយ​ក្នុង​ឆ្នាំ​២០០៤ មាន​ចំណងជើង​ថា ស្ដេច​ខ្មែរ​មិន​គួរ​ធ្វើ​នយោបាយ​ទេ​” ។​

ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ទៀត​ថា ព្រះ​អង្គ​នៅ​ស្រុក​ខ្មែរ​យូរ​មក​ហើយ តែ​ហេតុ​អ្វី​បានជា​សំរេចចិត្ដ​ចូល ប្រឡូក​ក្នុង​ឆាកនយោបាយ​ទៀត ហើយ​ព្រះ​អង្គ​មិន​ចង់​ធ្វើ​នយោបាយ​ទេ ។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា “​ស្រុក​ខ្មែរ​មិន​ចាំបាច់​ធ្វើ​ច្បាប់​ទេ ដល់​ដំណាក់កាល​មួយ ស្ដេច​ត្រូវ​តែ​ចេញពី​ឆាកនយោបាយ ក៏​ប៉ុន្ដែ យើង​ត្រូវ​តែ​រៀបចំ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​...​បើ​យើង​ធ្វើ​បាន​វា​មាន​តំលៃ​ចំពោះ​ជាតិ​ផង និង​ប្រជារាស្ដ្រ ផង​។ ជា​គំនិត​របស់ខ្ញុំ ស្ដេច​ពុំគួរ​ធ្វើ​នយោបាយ​នោះ​ទេ​” ។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា ៉​វា​ផ្ទុយ​នឹង​ស្ដេច​ដឹកនាំ គណបក្ស នៅ​ពេល​ស្ដេច​ដឹកនាំ​គណបក្ស​ហើយ​វា​ត្រូវ​តែ​ប្រឆាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត ” ។​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ចរន្ដ​មួយ​បាន​លើក​ឡើង​ថា សែ​រាជវង្ស​គួរ​នៅ​ក្រៅ​ឆាក នយោបាយ​។ ក្រោយមក​សែ​ព្រះរាជ​វង្ស​មួយ​ចំនួន​បាន​ប្រតិកម្ម​ថា រដ្ឋធម្មនុញ្ញ​មិន​បាន​ហាមឃាត់​មិន​ឱ្យ ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ ព្រោះ​ស្ដេច​ក៏​ដូច​រាស្ដ្រ​ដែរ មាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ដូច​គ្នា​។ ប៉ុន្ដែ​ពេល​នេះ មាន​ព័ត៌មាន​លេចឮ​ថា សម្ដេច​នរោត្ដម សិរី​វុ​ឌ្ឍ គ្រោង​លាឈប់​ពី​ឆាកនយោបាយ ខណៈ​ដែល​ម្ចាស់​ក្ស​ត្រី នរោត្ដម វ​ជរា កំពុង​តែ​ពិចារណា ។​

ទោះបីជា​យ៉ាងណា​ក្ដី​សម្ដេចក្រុមព្រះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បង្ហាញ​ពី​ជំហរ​របស់​ព្រះ​អង្គ ឆ្លើយ តប​ទៅ​នឹង​បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ នៅឡើយ​ទេ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​២៧ ឧសភា សម្ដេចក្រុមព្រះ បាន​មាន​បន្ទូល​នៅ​ក្នុង​ខ្សែអាត់​សម្លេង​ចាក់​ផ្សាយ​តាម​វី​ដេ​អូ ក្នុង​ពេល​សមាជ​របស់​គណបក្ស​រណសិរ្ស សង្គម​ជាតិនិយម​ថា “​បើ​ចង់ឱ្យ​ស្ដេច​ឈប់​ធ្វើ​នយោបាយ​នោះ លុះត្រាតែ​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល​ធានា​នូវ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ ” ។​

គេ​មានការ​កត់សំគាល់​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស សម រ​ង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា “ រាជវង្ស​គួរ​ឈប់​ធ្វើ​នយោបាយ ហើយ​ការ​ធ្វើ​នយោបាយ គឺ​ម៉ាំង​ទៅ​ម៉ាំង​មក គេ​រិះគន់​យើង យើង​រិះគន់​គេ ចង់​មិន​ចង់វា​ពិតជា​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះរាជ​ប​ល័​ង្ក​មិន​ខាន ដែល​មាន ព្រះមហាក្សត្រ​កំពុង​សោយរាជ​សម្បត្ដិ​បច្ចុប្បន្ន ” ។ លោក​អះអាង​ថា មាន​ប្រទេស​ជា​ច្រើន​សែ​រាជវង្ស មិន​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​គេ​គោរព​ស្ថាប័ន​រា​ជប​ល័​ង្ក​របស់​គេ ។​

លោក​មុត ច​ន្ថា អ្នកនាំពាក្យ​គណបក្ស នរោត្ដម រណឫទ្ធិ មាន​ប្រសាសន៍​ថា បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ ជា​ព្រះរាជ​សិទ្ធិ​របស់​លោក​ទេ ព្រោះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ បញ្ចេញមតិ ហើយ​ក៏​មិន​មាន ការ​ប៉ះពាល់​អ្វី​ទៅ​ដល់​សិទ្ធិ​របស់​សម្ដេចក្រុមព្រះ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ដែរ ។ លោក​បន្ដ​ថា “​គ្មាន ពលរដ្ឋ​ណា​មាន​សិទ្ធិ​ទៅ​រំលោភ​លើ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ទេ ប៉ុន្ដែ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ទូល ថ្វាយ​ព្រះមហាក្សត្រ​បាន​” ។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ បាន​បន្ដ​ថា ដើមហេតុ​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ធ្វើ​សមាជ​និង​ប្ដឹង​សម្ដេច ក្រុមព្រះ​ឱ្យ​ជាប់គុក ដូច្នេះ​ត្រូវ​តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គិតពិចារណា​ក្នុង​ការ​បង្រួបបង្រួម​។ ព្រះ​អង្គ​ម្ចាស់ បន្ដ​ថា “​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​ទទួលស្គាល់​ថា ជា​អ្នក​បំបែកបំបាក់​ជួរ​រាជា​និយម ដូច្នេះ​ត្រូវ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រៀបចំ​កម្មវិធី​អ្វីមួយ ដើម្បី​បង្រួបបង្រួម​សា​ជា​ថ្មី ។ ប៉ុន្ដែ​លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថ្លែង​ថា “​ព្រះ​អង្គ​ម្ចាស់​សម្លឹង​តែ​ផល តែ​មិន​គិត​អំពី​ហេតុ​នោះ​ទេ​” ។ លោក​បន្ដ ទៀត​ថា ចំពោះ​បញ្ហា​ដែល​លើក​ឡើង​របស់​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ដូចនេះ​មិន​គួរ​លើក​ឡើង​ទេ ប្រសិនបើ ព្រះ​អង្គ​ម្ចាស់​ចង់​បង្រួបបង្រួម​មែន​នោះ ព្រោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​ដែល​មាន​ចេតនា​បំបែកបំបាក់ រាជា​និយម​នោះ​ឡើយ គឺ​មាន​តែ​ការពារ​រាជវង្ស​។ ចំពោះ​សំណួរ​ដែល​សួរ​ទាក់ទង​នឹង​បន្ទូល​របស់​ព្រះ​អង្គ ម្ចាស់​ស្ដី​ពី​ការ​ឈប់​ធ្វើ​នយោបាយ​នោះ ? លោក​ថ្លែង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គាំទ្រ​ព្រះរាជ​តម្រិះ របស់​អតីត​ព្រះមហាក្សត្រ ហើយ​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទេ ។​

លោក​ខៀវ កា​ញា​រី​ទ្ធ អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា “​កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្លាប់​បាន​លើក​ពី​បញ្ហា រាជវង្ស នៅ​ក្រៅ​ឆាកនយោបាយ​នោះ​ឡើយ ប៉ុន្ដែ​លោក​សម រ​ង្ស៊ី ធ្លាប់​លើក​បញ្ហា​នេះ ហើយ​វា​អាស្រ័យ ទៅ​លើ​ការ​សំរេចចិត្ដ​របស់​រាជវង្ស​ខ្លួនឯង​នោះ​ទេ​”​។ លោក​បន្ដ​ថា យើង​មិន​យល់​ចំពោះ​ការ​លើក​ឡើង របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ​នោះ​ទេ ព្រោះ​យើង​មិន​យល់​អំពី​ការ​លើក​ឡើង​ថា “​មិនយូរ​មិនឆាប់​រាជវង្ស នឹង​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ​”​។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​បាន​មាន​បន្ទូល​បន្ថែម​ថា នៅ​ពេល​ប្រទេស​ជាតិ​យើង​បាន ពង្រឹង​នូវ​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មានការ​ឯកភាព​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ នោះ​វា​ជា​ស្វ័យប្រវត្ដិ​ស្ដេច​ពិតជា​ឈប់ ធ្វើ​នយោបាយ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា “​ខ្ញុំ​យល់​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់ ឬ​ស្ដេច​ដទៃ​ទៀត​ក៏​មានគំនិត មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ដែរ ។ ខ្ញុំ​យល់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​ចង់ឱ្យ​ប្រទេស​យើង ដូច​ជា ប្រទេស​ស៊ុ​យ​អែ​ត ថៃ ចក្រភព​អង់គ្លេស​ជាដើម​... ប៉ុន្ដែ​នៅ​ប្រទេស​យើង​មិន​ទាន់​មានការ​គោរព​សិទ្ធិ ឬ​ប្រជាធិបតេយ្យ​រឹង​មាំ ។​

Labels:

 
 

ក្រុម​គ្រួសារ​ដែល​តុលាការ​កាត់​ឱ្យ​ចាញ់ក្ដី​​គ្រួសារ​អ្នក​ចាញ់ក្ដី​រើ​តោក​រើ​ហ៊ឹង​មក​នៅ​សាលាឃុំ

ខេត្ដកំពត ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ ដែល​មានកូន​ប្រុស​ស្រី​តូច​ធំ​ចំនួន​៧​នាក់​នៅ ភូមិ​ត្រ​ញំ​ង​ព្រីង ឃុំ​ត្រ​ញំ​ង​ព្រីង ស្រុក​កំពត បាន​នាំ​គ្នា​យំសោក​បោក​ខ្លួន​ដូច​អក​ព្រាត់​គូ ខណៈ​ពេល​ដែល​ព្រះរាជអាជ្ញា​រង​អម តុលាការ​ខេត្ដកំពត​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ទៅ​អនុវត្ដ​សាលក្រម​បណ្ដេញ​ឱ្យ​ចេញពី​ដី​ទំនាស់ ដែល​បាន​ប្ដឹងប្ដល់ គ្នា​ជាមួយ​ឈ្មោះ​ចាន់ ត្រេ​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ តាំងពី​ឆ្នាំ​១៩៨៨ ហើយ​តុលាការ​បាន​កាត់ក្ដី​ឱ្យ គ្រួសារ​ទាំង​៣​នេះ​ចាញ់ក្ដី​នៅ​ឆ្នាំ​២០០១ ប៉ុន្ដែ​មិន​ទាន់​បាន​អនុវត្ដ​សាលក្រម​នៅឡើយ​ទេ ដោយ​ទុក​បើក ផ្លូវ​ឱ្យ​ភាគី​ចាញ់ក្ដី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​បន្ដ​ទៀត តែ​គ្រួសារ​អ្នក​ចាញ់ក្ដី​ពុំ​បាន​ប្ដឹង​បន្ដ​ទៀត​ទេ ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា តុលាការ​ខេត្ដកំពត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង តុ​ប ឈុ​ន​ហេង បាន​នាំ​កម្លាំង​ចំរុះ​មាន​ប៉េ​អឹ​ម និង​ប៉ូលិស​ចុះ​មក​អនុវត្ដ​សាល​ស្រម​តែ​ម្ដង​ទៅ ។

​ក្រុម​គ្រួសារ​ដែល​ចាញ់ក្ដី​គេ​នោះ​រួម​មាន ១-​ឈ្មោះ​មាស ប៉ែ​ត អាយុ​៥៧​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​មានកូន ប្រុស​ម្នាក់ ២-​ឈ្មោះ​សេង បន់ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​៣-​ឈ្មោះ​សេង ឡៃ អាយុ​៣០​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​មានកូន​២​នាក់ ។ គ្រួសារ​ទាំង​៣​នេះ ត្រូវ​បាន​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ ព្រះរាជអាជ្ញា​រង​ចុះ​ទៅ​រុះរើ​ផ្ទះសម្បែង បណ្ដេញ​ឱ្យ​ចេញពី​ដី​ទំនាស់​ដោយ​បាន​ទាំង​ចាប់​វ៉ៃ​ខ្នោះដៃ​មិន​ឱ្យ ប្រឆាំង​តបត​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ឯ​ទ្រព្យសម្បត្ដិ​ដែល​គ្រួសារ​ទាំងនេះ មាន​បន្ដិចបន្ដួច​រួម​ទាំង​កំណាត់ ឈើ​បាក់បែក​ដែល​សល់​ពី​ការ​រុះរើ​ផ្ទះ​នោះ សមត្ថកិច្ច​បាន​ដឹក​យក​មក​គរ​ទុក​នៅ​ក្នុង​បរិវេណ សាលាឃុំ ត្រ​ញំ​ង​ព្រីង ក្រោម​ការ​ទួញ​សោក របស់​ក្រុម​គ្រួសារ​រង​គ្រោះ ។​

តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រ​ញំ​ង​ព្រីង​បានឱ្យ​ដឹង​ថា មុន​ពេល​អនុវត្ដ​សាល​ក្រុម​របស់​តុលាការ​ខេត្ដកំពត​នេះ លោក​តុ​ប ឈុ​ន​ហេង ជា​ព្រះរាជអាជ្ញា​រង​បាន​សួរ​ទៅ​ភាគី​ចុងចោទ ដែល​ជា​អ្នក​ចាញ់ក្ដី​ថា តើ​អ្នក ទាំងអស់​គ្នា ព្រម​ប្រគល់​ដី​ទៅ​ឱ្យឈ្មោះ​ចាន់ ត្រេ​ន ដើមបណ្ដឹង​ដែរ​ឬទេ​? ពេល​នោះ​ភាគី​អ្នក​ចាញ់ក្ដី ទាំង ៣​គ្រួ​សារបាន​ឆ្លើយ​យ៉ាង​ស្រុះគ្នា​ថា ពួក​ខ្ញុំ​រស់នៅ​លើ​ដី​២៥​ម៉ែត្រ × ២២​ម៉ែត្រ​នេះ តាំងពី​ឆ្នាំ​១៩៧៩​មក ម្ល៉េះ ដូច្នេះ​តើ​ឱ្យ​ពួក​ខ្ញុំ​ប្រគល់​ដី​របស់​ខ្លួន​ទៅ​ឱ្យ​គេ​ដូច​ម្ដេច​កើត​ទៅ​? ។ ក្រោយ​ពី​ឮ​ក្រុម​គ្រួសារ​ទាំង​៣ ឆ្លើយ​ប្រាប់​ដូច្នេះ លោក​ព្រះរាជអាជ្ញា​រង​បាន​ងាក​ទៅ​សួរ​ខាង​ដើមបណ្ដឹង​វិញ​ថា បើ​ខាង​ភាគី​ចាញ់ក្ដី​មិន ព្រម​ប្រគល់​ដី​មក​ឱ្យ​លោកយាយ​បែប​នេះ តើ​លោកយាយ​ព្រម​ដែរ​ឬទេ​? ភ្លាមៗ​នោះ​យាយ​ចាន់ ត្រេ​ន បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា ខ្ញុំ​ត្រូវ​តែ​យក​ដី​របស់ខ្ញុំ​មក​វិញ ពីព្រោះ​តុលាការ​បាន​កាត់ក្ដី​ឱ្យ​ខ្ញុំ​ឈ្នះ​ហើយ ។ ដោយ​មិន​អាច​ធ្វើការ​សំរុះសំរួល​គ្នា​បានជា​លើក​ចុង​ក្រោយ លោក​ព្រះរាជអាជ្ញា​រង​ក៏ បាន​សំរេច​ឱ្យ​កម្លាំង ចំរុះ​ធ្វើការ​រុះរើ​លំនៅ​ឋាន​របស់​ភាគី​អ្នក​ចាញ់ក្ដី​នៅ​ក្នុង​ខណៈ​ពេល​នោះ​តែ​ម្ដង ក្រោម​ការ​តវ៉ា​រារាំង​ពី​កូនៗ ទាំង​៧​នាក់​របស់​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ប៉ុន្ដែ​ដើម្បី​សំរេច​កិច្ចការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន អ្នក​ទាំងនោះ ដោយ​មានការ​ដាក់​ខ្នោះដៃ​ទៀត​ផង ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ហួសចិត្ដ ខ្លាំង​នោះ គឺ​ភាគី​អ្នក​ឈ្នះក្ដី​បាន​បង្គាប់​ឱ្យ​កូនចៅ​របស់​គេ​ធ្វើ​របង​ព័ទ្ធ​ដី​២៥​ម៉ែត្រ × ២២​ម៉ែត្រ​នោះ​ភ្លាមៗ​។ ចំណែក​ខាង​មន្ដ្រី​តុលាការ​ក៏​បាន​ជំរិត​ទារ​លុយ​ពី​ភាគី​អ្នក​ចាញ់ក្ដី​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ ដោយ​បញ្ជាក់ ប្រាប់​ថា ជា​ប្រាក់​សំណង​ជម្ងឺ​ចិត្ដ​អ្នក​ឈ្នះក្ដី ប៉ុន្ដែ​ភាគី​ស្ដ្រី​មេម៉ាយ​ដែល​ចាញ់ក្ដី​គេ​នោះ​បាន​និយាយ​អង្វរ តុលាការ​ទាំង​យំសោក​បោក​ខ្លួន​ថា តើ​ពួក​គាត់​មាន​លុយ​ឯណា​មក​បង់​ជម្ងឺ​ចិត្ដ​ឱ្យ​គេ​នោះ បើ​គាត់​រកតែ អង្ករ​មួយ​កំប៉ុង​ដាំ​បបរ​ឱ្យ​កូន​ហូប​មិន​បាន​ផង​នោះ ។​

ស្ដ្រី​ចំណាស់​ឈ្មោះ​មាស ប៉ែ​ត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ទាំង​ទឹកភ្នែក​ហូរ​ជោក ថ្ពាល់​ថា ដី​ទំនាស់​នេះ​គាត់​បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ហើយ​អ្នក​រង​គ្រោះ​២​គ្រួសារ​ទៀត​នោះ គឺជា​កូន​របស់​គាត់​ដែល​មក​រស់នៅ​ក្នុង​នេះ​ជាមួយ​គ្នា ចំណែកឯ​អ្នក​ដើមបណ្ដឹង​នោះ​មិន​មានផ្ទះ​សម្បែង​នៅ លើ​ដី​នោះ​ទេ​។ គាត់​បាន​និយាយ​ត្អូញត្អែរ​ទៀត​ថា កូនស្រី​របស់​គាត់​ទាំង​២​នាក់ ដែល​ជា​ស្ដ្រី​មេម៉ាយ ហើយ​មាន​កូនចៅ​ជាប់​ខ្លួន​ច្រើន​នោះ ពួក​គេ​ប្រកបរ​បរវាយ​ថ្ម​រក​កំរៃ​បាន​បន្ដិចបន្ដួច​ចិញ្ចឹម​កូន​ស្ទើរតែ​ពុំ​រស់ ឯ​រូប​គាត់​ទៅ​រាវ​ក្រែង​ក្នុង​សមុទ្រ​ដែល​ជួនកាល​រក​មិន​បាន​ទៀត​ផង ហើយ​ពេល​នេះ​ត្រូវ​តុលាការ​រុះរើ​ផ្ទះ បណ្ដេញ​ឱ្យ​ចេញពី​ដី​របស់​ខ្លួន​ទៀត តើ​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​ទីណា​វិញ​?

ទាក់ទិន​នឹង​ការ​ចុះ​អនុវត្ដ​សាលក្រម​នេះ លោក​តុ​ប ឈុ​ន​ហេង ព្រះរាជអាជ្ញា​រង​បានឱ្យ​ដឹង​ថា តុលាការខេត្ដ កំពត​បាន​កាត់ក្ដី​រឿង​ដីធ្លី​នេះ​ឱ្យឈ្មោះ​ចាន់ ត្រេ​ន ជា​អ្នក​ឈ្នះ​តាំងពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០០១ តែ​អ្នក​ចាញ់ក្ដី​មិន​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទេ រហូត​មក​ដល់​ថ្ងៃនេះ ដូច្នេះ​ហើយ​ទើប​តុលាការខេត្ដ​សំរេច​អនុវត្ដ សាលក្រម​ជា​ស្ថាពរ​។ ប៉ុន្ដែ​រឿង​ដី​ទំនាស់​នេះ​គូភាគី​ទាំង​២ សុទ្ធតែ​បាន​អះអាង​ថា​ជា​ដី​របស់​ខ្លួន​បាន​កាន់ កាប់​តាំងពី​ឆ្នាំ​១៩៧៩ ដូច​គ្នា ឯ​រូប​លោក​ផ្ទាល់ (​តុ​ប ឈុ​ន​ហេង​) ក៏​ទើបតែ​ផ្លាស់​មក​កាន់​តុលាការ ខេត្ដកំពត​នេះ បាន​ជាង​១​ឆ្នាំ​តែ​ប៉ុណ្ណោះ ។​

ចំណែក​លោក​អធិការរង​នគរបាល​ស្រុក​កំពត​វិញ​និយាយ​ថា ភាគី​ទាំង​២​និយាយ​ដូច​ជា​មិន​ប្រាកដប្រជា​សោះ ប៉ុន្ដែ​បើ​តាម​ការ​ពិនិត្យ​មើល​ភូមិសាស្ដ្រ​ដី​ទំនាស់​នោះ គឺ​ភាគី​អ្នក​ឈ្នះក្ដី​នៅ​ដាច់​ដោយឡែក​ពី​ភូមិឋាន អ្នក​ចាញ់ក្ដី​ទេ ហើយ​ភាគី​អ្នក​ចាញ់ក្ដី​ក៏​គ្មាន​ព្រំ​ដី​នៅ​ជាប់​គ្នា​ដែរ តែ​នេះ​ជា​រឿង​របស់​តុលាការ រូប​លោក​មិន ហ៊ាន​ជ្រៀតជ្រែក​នោះ​ទេ ។​

Labels:

 
 

ភី សុ​ភ័ស្ស បាត់​មុខ​យូរ​ជួប​អ្នក​ឡើង​កូដ លួ​ន សុខ​ខេ​ង

រាជធានី​ភ្នំពេញ ៖ ជ័យ កំសត់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡា​កង​យោធពល​ខេ​ម​ភូមិន្ទ ត្រូវ​បាន​ផ្គូផ្គង ឱ្យ​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ជាមួយ​សំណាង ដេ​នី អ្នក​ប្រដាល់​ក្លឹ​ប​ខេ​ម​បុ​ក្ស នៅ​សង្វៀន ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍ CTN នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ មិថុនា ខាង​មុខ​នេះ ។​

កំសត់ និង​ដេ​នី ធ្លាប់​មានឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម កាលពី​លើក​មុន ប៉ុន្ដែ​ពុំ​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​នៅឡើយ ដោយសារ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ពូ​ល ផ្សេង​គ្នា​។ ម្យ៉ាងទៀត​អ្នក​ទាំង​២ ត្រូវ​ធ្លាក់​នៅ​ក្នុង​វគ្គ​ប្រកួត​ជំ​រុះ​វិល​ជុំ​ដូច​គ្នា គឺ​មិន​បាន​ឡើង​មក​ប្រកួត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ ។ ដោយឡែក​ការ​ធ្លាក់​របស់​ដេ​នី នា​ពេល​នោះ ដោយសារ​គេ​មាន បញ្ហា​របួស​ដៃស្ដាំ មិន​អាច​ប្រកួត​កើត ហើយ​ត្រូវការ​ព្យាបាល​រយៈពេល​យូរ ប៉ុន្ដែ​បច្ចុប្បន្ន​របួស​នោះ បានជា​សះស្បើយ​ហើយ ទើប​ហ៊ាន​ឡើង​មក​ប្រកួត​សា​ជា​ថ្មី​ម្ដងទៀត ។ ទោះបី​យ៉ាងណា រវាង​កំសត់ និង ដេ​នី នៅ​តែ​មិន​អាច​សន្និដ្ឋាន​ពី​លទ្ធផល​ទុកជា​មុន​បាន​ឡើយ ព្រោះ​ពួក​គេ​ទាំង​២​នាក់​ខាន​ឡើង​សង្វៀន យូរ​គួរសម​ដែរ មិនដឹង​ថា អ្វីៗ​អាច​ប្រែប្រួល​កំរិត​ណា​នោះ​ទេ ។​

លួ​ន សុខ​ខេ​ង ក្លឹ​ប​សិង្ហ​កីឡា ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ជាមួយ​ភី សុ​ភ័ស្ស អ្នក​ប្រដាល់​នៃ​ក្លឹ​ប​ពន្លឺ​ថ្មី​ខេត្ដបាត់ដំបង ។ មួយ​រយៈ​ចុង​ក្រោយ​នេះ សុខ ខេ​ង មាន​យីអ៊ុន​ឡើង​ខ្លាំង​ណាស់ ព្រោះ​គេ​ទទួល​បាន​ជោគជ័យ​ជា​បន្ដបន្ទាប់ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ ថ្មីៗ​នេះ សុខ​ខេ​ង បាន​យកឈ្នះ​ពិន្ទុ សា​រឹម វុ​ទ្ធី អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ដោយនៅ​ក្នុង​ទឹក​ទី​២ សុខ ខេ​ង បាន​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​វុ​ទ្ធី រហូត​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ ២​លើក​ទៀត​ផង​។ ចំណែក​សុ​ភ័ស្ស​វិញ អាច​ចាត់​ទុក​ថា ជា​រៀមច្បង ព្រោះ​គេ​មាន​ប្រវត្ដិ​ប្រកួត​យូរ មក​ហើយ ក្បាច់គុន​របស់​អ្នក​ប្រដាល់​រូប​នេះ ក៏​មិនធម្មតា​ដែរ ទាំង​ស្នៀត​ទាត់ ជង្គង់ ឬ​កែង​ធ្វើ​ឱ្យ​អ្នក ស្នេហា​វិស័យ​កីឡាប្រដាល់​ទទួលស្គាល់​រូបគេ​គ្រប់ៗ​គ្នា ។ ប៉ុន្ដែ​សុ​ភ័ស្ស ត្រូវ​បាត់​មុខ​មួយ​រយៈ​យ៉ាង​យូរ មិនដឹង​ថា តើ​គេ​អាច​រក្សា​វិជ្ជា​គុន​បាន​ល្អ​ដូច​ពី​ពេល​មុន ឬ​យ៉ាងណា​នោះ​ទេ​? គូ​នេះ​ក៏​មិន​អាច​ទស្សន៍​ទាយ លទ្ធផល​ទុកជា​មុន​បាន​ដែរ គ្រាន់តែ​ដឹង​ថា ពិតជា​ធ្វើ​ឱ្យ​មានការ​ជក់ចិត្ដ​មិន​ខាន ។​

អេ សុវត្ថិ​ឌី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ជាមួយ ឯម វុ​ត្ថា ក្លឹ​ប​គ្រុឌ​មាន​ជ័យ ។ សុវត្ថិ​ឌី និង​វុ​ត្ថា ជា​អ្នក​ប្រដាល់​ស៊េរី​ថ្មី​ដូច​គ្នា ប៉ុន្ដែ​ក្បាច់គុន របស់​ពួក​គេ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ឡើយ ។ សុវត្ថិ​ឌី ប្រកួត​ចុង​ក្រោយ​បាន​យកឈ្នះ​ពិន្ទុ ចេ​ង រិ​ទ្ធី មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា រីឯ​វុ​ត្ថា​វិញ ក៏​មិនធម្មតា​ដែរ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​បាន​ឡើង​សង្វៀន ញឹកញាប់​ដូច​សុវត្ថិ​ឌី​ទេ ហេតុនេះ​ហើយ​ទើប​មជ្ឈដ្ឋាន​អ្នកលេង​ភ្នាល់​លុយ​ក្រៅ​សង្វៀន មាន​ជំនឿ​ចិត្ដ លើ​សុវត្ថិ​ឌី ច្រើន​ជាង ។​

ជាម អា​ដាំ ក្លឹ​ប​ឃ្លាំងមឿង ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​ជាមួយ​យិ​ន យឿ​ន ក្លឹ​ប​តា​ព្រហ្ម មាន​ជ័យ​។ តាម​ការ​ស្រាវជ្រាវ​ពី​ប្រវត្ដិ​ប្រកួត អា​ដាំ​ជា​សិស្ស​ប្អូន ព្រោះ​យិ​ន យឿ​ន ជា​អ្នក​ប្រដាល់ ជើង​ចាស់ ធ្លាប់​មានឈ្មោះ​ជា​យូរ​មក​ហើយ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​មានការ​វិវឌ្ឍន៍​វិជ្ជា​គុន​ប៉ុន្មាន ទេ ដូច្នេះ​ការ​មក​ប៉ះ​ជាមួយ​អា​ដាំ​ជា​សិស្ស​ប្អូន​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា អាច​យកឈ្នះ​នោះ​ដែរ ។​

ផល សីហា ក្លឹ​ប​យុវជន​អង្គរ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ​ម៉​ន សំណាង ក្លឹ​ប​ព្រែក ឯង​កីឡា ។ ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​សាកល ជា ហេង ក្លឹ​ប​ពន្លឺ​ខេមរា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ ទម្ងន់​៥១​គីឡូក្រាម​ជាមួយ​ខុន រ​ដ្ឋា ក្លឹ​ប​កងរថក្រោះ​។ រីឯ ម៉ាក់ សា​មឿ​ន មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ ពេជ្រ សីហា ក្លឹ​ប​តា​ខ្មៅ​មាន​រឹទ្ធិ ខេត្ដកណ្ដាល ។​

Labels:

 
 

បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា​​ពន្យារពេល​ធ្វើ​សមាជ​ខណៈ​មិន​ទាន់​មានច្បាប់​ផ្លូវការ

រាជធានី​ភ្នំពេញ ៖ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា អ្នកនាំពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សមាជ​គណបក្ស សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​ថា គំរោងការ​រៀបចំ​សមាជ របស់​គណបក្ស​នេះ ត្រូវ​ពន្យារពេល​វិញ ដែល​ពី​មុន​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៧​។ ការ ពន្យារពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទាន់​អនុញ្ញាត​ច្បាប់​ជា​ផ្លូវការ ដល់​គណបក្ស ចំពោះ​ស្នាម​មេដៃ​គាំទ្រ​ច្បាស់លាស់ ដែល​គណបក្ស​បាន​ដាក់​ជូន​ទៅ​ក្រសួង​កន្លង​មក ។

​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ នូវ​លក្ខន្ដិកៈ ព្រមទាំង​ឈ្មោះ​អ្នក​បង្កើត​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ ប្រមាណ​ជា​៦.០០០​នាក់ ដែល​លើស​ពី​តម្រូវការ​របស់​ក្រសួងមហាផ្ទៃ​ទៅ​ទៀត ។ លោក​បន្ដ​ទៀត​ថា នៅ​ក្នុង​ចំនួន​មេដៃ ទាំងនោះ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​តែ​ជាង​២.០០០​ប៉ុណ្ណោះ ហើយ​ក្រៅពី​នេះ​ទៀត​ថា មាន​ភាព មិន​ទាន់​ច្បាស់លាស់​នោះ​ទេ ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​កោះសន្ដិភាព​បាន​ទទួល ឱ្យ​ដឹង​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​សាលាក្រុង​ភ្នំពេញ ដើម្បី​សុំ​កិច្ចសហការ ក្នុង​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ផ្ញើ​ទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ខ្ចី​អគារ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ប្រារឰ​ពិធី​សមាជ​របស់​គណបក្ស ។ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព ដល់​គណបក្ស​សិទ្ធិ​មនុស្ស​នៅឡើយ ដោយ​ឯកសារ​នៃ​ការ ចុះបញ្ជី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២២ ឧសភា​នោះ ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​កែសំរួល និង​បំពេញបន្ថែម​ឯកសារ​មួយ​ចំនួន​ទៀត​។ លោក​បន្ដ​ថា សាលាក្រុង ភ្នំពេញ​អះអាង​ថា ការ​សុំ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​សមាជ​នោះ រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ សិន ។​

អ្នកនាំពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹង​ទៀត​ថា អាស្រ័យ​ដោយ​មិន​ទាន់​បាន​ទទួល​លិខិត​ផ្ដល់​សុពល ភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ពី​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​អប់រំ​ក៏​មិន​ទាន់​ឱ្យ​ខ្ចី​អគារ​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ធ្វើ​ជា​កន្លែង​ប្រារឰ​ពិធី​សមាជ ទើប​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ដំណើរការ​រៀបចំ សមាជ​ដំបូង​របស់​គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ប្រព្រឹត្ដ​ទៅ​បាន​តាម​ការ​គ្រោងទុក​ទាន់​ពេលវេលា​ទេ ហើយ គណបក្ស​បាន​សំរេច​លើក​ពេលវេលា​ប្រារឰ​ពិធី​សមាជ ទៅ​ពេល​ក្រោយ​វិញ ។​

លោក​សក់ សេដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់ កោះសន្ដិភាព តាម​ទូរស័ព្ទ​ថា ក្រសួងមហាផ្ទៃ​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យទៅ​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក​កឹ​ម សុខា នោះ​ទេ ។ ក្រសួង​បាន​ទទួល​ការ​ស្នើ​សុំ​នេះ​ហើយ ប៉ុន្ដែ​ដោយ​តម្រូវការ​បន្ថែម​ទៅ លើ​ឯកសារ​មួយ​ចំនួន​រួម​មានការ​ផ្ដិត​មេដៃ​ពី​អ្នកគាំទ្រ​មិន​មាន​ភាព​ច្បាស់លាស់ ក្រសួង​តម្រូវ​ឱ្យ​គណបក្ស នេះ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ព្រោះ​មាន​ស្នាម​មេដៃ​ខ្លះ​រលុប​មិន​ច្បាស់ ។​

លោក​បន្ដ​ទៀត​ថា យោង​តាម​ច្បាប់ គឺ​ក្រសួង​តម្រូវ​ឱ្យ​ការ​ដាក់​ពាក្យ​នោះ​មានឈ្មោះ​ប្រធាន​បក្ស លក្ខន្ដិកៈ របស់​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន​បួន​ពាន់​នាក់ ដាក់​ទៅ​ក្រសួងមហាផ្ទៃ​។ លោក​អះអាង​ថា ក្រសួង​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ តែ​ត្រូវ​បំពេញ​ឯកសារ​តាម​ផ្លូវច្បាប់ កំណត់ ។ ប៉ុន្ដែ​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ថា ការ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព​ដល់​គណបក្ស​សិទ្ធិ​មនុស្ស និង​ការ​ពន្យារពេល​សមាជ​វិញ​នោះ វា​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ចំពោះ​អ្នកគាំទ្រ​មក​ពី​ក្រៅប្រទេស ដែល គ្រោង​ចូលរួម ព្រមទាំង​ក្រុមប្រឹក្សា​ជាតិ​មក​ពី​តាម​ខេត្ដ​-​ក្រុង​ចំនួន​៨​ផង​ដែរ នៅ​ទូ​ទាំង​ប្រទេស ។​

លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ស​ប្ដា​ហ៍​មុន​ថា ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​របស់​លោក​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ចំពោះ​ស្នាម​មេដៃ​អ្នកគាំទ្រ និង​ទីលំនៅ បច្ចុប្បន្ន​ផង ។ លោក​បន្ដ​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​ឯកសារ​មួយ​ចំនួន​តាម តម្រូវការ​របស់​ក្រសួង​ក្នុង​ការ​បង្កើត​គណបក្ស​រួច​ហើយ​នា​ពេល​កន្លង​មក ។​

លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក នៅ​មិន​ទាន់​បាន​រៀបចំ​រចនាសម្ព័ន្ធ​នៅឡើយ​ទេ ដោយ​រង់ចាំ​សំរេច​តាម​រយៈ​សមាជ​ជ្រើសរើស ព្រោះ គណបក្ស​នេះ​កើតឡើង​ពី​ប្រជាពលរដ្ឋ​។ លោក​បន្ដ​ទៀត​ថា “​បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​របស់​ក្រុមប្រឹក្សា​ជាតិ មក​ពី​ខេត្ដ​-​ក្រុង និង​ស្រុក ព្រមទាំង​អ្នក​ខ្លះមក​ពី​បរទេស​ផង​នោះ ទើប​មានការ​សំរេច​ពី​ការ​បង្កើត​រចនា សម្ព័ន្ធ​របស់​គណបក្ស​នៅ​ពេល​នោះ​” ។​

Labels: ,

 
 

យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​រង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត

រាជធានី​ភ្នំពេញ ៖ យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​ម្នាក់ បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ជន​ដៃដល់​២​នាក់ ដែល​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ចាក់​ស្រោច​ទឹក​អាស៊ីត​ពីលើ​បណ្ដាល​ឱ្យ​រោល​រលាក​ពេញ​ខ្លួនប្រាណ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ចំណុច​កែង​មហាវិថី ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ មុខ​មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ​។ ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល សិស្ស​រូប​នោះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វិទ្យាល័យ​ឆ្ពោះទៅ​ផ្ទះ​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧ មក​រា ដែល​មាន​ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។​

នេះ​ជា​ការ​វាយប្រហារ​ថ្មី​មួយទៀត​ពី​សំណាក់​ជនល្មើស ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​ធ្វើ​ជា​អាវុធ បន្ទាប់​ពី ការ​វាយប្រហារ​បែប​នេះ​បាន​ស្ងប់ស្ងាត់​យូរ​មក​ហើយ ។ ទោះបីជា​បែប​ណា ការ​វាយប្រហារ​បែប​នេះ​គេ ច្រើន​កត់​សំគាល់ថា កើតឡើង​តែ​ទៅ​លើ​ស្ដ្រី ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ប្រពន្ធចុង ឬ​ជា​ស្ដ្រី​កំណាន់ ហើយ នារី​ដែល​រង​គ្រោះ​មិន​ធ្លាប់​មាន​ជា​សិស្សសាលា​នោះ​ទេ ដូច្នេះ​ការ​វាយប្រហារ​លើ​សិស្ស​នារី​វិទ្យាល័យ​នេះ គឺជា​លើក​ទី​មួយ​ហើយ ។​

តាម​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា គេ​បានឃើញ​នារី​រង​គ្រោះ និង​មិត្ដភក្ដិ ៣​នាក់​ទៀត​ចេញ​មក​ពី​វិទ្យាល័យ​វត្ដ​កោះ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៩​ឆ្ពោះទៅ ទិស​ខាងលិច ដោយ​មាន​ទឹកមុខ​ញញឹមញញែម និង​និយាយ​គ្នា​បណ្ដើរ​ដើរ​បណ្ដើរ ។ លុះ​មក​ដល់​មុខ មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ដែល​មា​នទី​តាំងនៅ​កែង​មហាវិថី​ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ ស្រាប់តែ​មាន​យុវជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន C125 ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី បាន​បើក​មក​ពីក្រោយ ដោយ​អែប​ម៉ូតូ​ក្បែរ​នារី​រូប​នោះ រួច​លើក​ធុង​ពណ៌​ផ្កាឈូក​មួយ ចាក់ទឹក​ស្រោច​ពីលើ​ក្បាល​នាង​ទទឹកជោក បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​បើក​ម៉ូតូ​បត់​ទៅ​ទិស​ខាងជើង តាម​មហាវិថី​ព្រះ​មុនី​វង្ស​គេចខ្លួន​បាត់​ស្រមោល ទៅ​។ ខណៈ​ពេល​ដែល​យុវជន​ស្ទាវ​បើក​ម៉ូតូ​ចេញ​ទៅ​បាត់ ក៏​ឮ​សំលេង​ស្រែក​ទ្រហោយំ​ឱ្យ​ប្រជាពលរដ្ឋ ដូច​ជា​មិត្ដភក្ដិ​រួម​ដំណើរ​ជួយ ព្រោះ​នាង​ទទួល​រង​នូវ​ភាព​ក្ដៅក្រហាយ​ស្បែក​ក្បាល និង​ខ្លួន​យ៉ាង​ខ្លាំង ទើប ម្នាក់ៗ​ភ្ញាក់ផ្អើល​ថា​ជា​ទឹក​អាស៊ីត ។​
​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​លើកយក​ទៅ​ដាក់​នៅ​មុខ​សណ្ឋាគារ​ញូ​វ​យ៉​ក ហើយ​អ្នកខ្លះ​យក​ទឹក​មក​ស្រោច ពីលើ​ក្បាល និង​ខ្លះ​ទៀត​យក​ទឹកកក​ស្អំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដ៏​ក្ដៅ​រោលរាល​នោះ រួច​បន្ទាប់ មក​ក៏​ត្រូវ​បាន​គេ​ដឹក​ភ្លាមៗ​ទៅ​កាន់​គ្លី​នី​ក​ឯកជន​មួយ ព្រោះ​មុខរបួស​មាន​ស្ថានភាព​ខ្មៅ​កន្ទួល​បណ្ដើរៗ ទៅ​ហើយ​។ នៅ​កន្លែង​កើតហេតុ មាន​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា ច្រងេងច្រងាង ព្យាយាម​រារាំង​អ្នកកាសែត​មិន​ឱ្យ​ថត​នារី​រង​គ្រោះ​ដែល​ត្រូវ​គេ​ជះ​ទឹក​អាស៊ីត​នេះ​ទេ ដែល​មិនដឹង​ថា​មក​ពី មូលហេតុ​អ្វី ហើយ​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​ស្ទាវ​ដែល​ទំនងជា​មិត្ដភក្ដិ​បាន​នាំ​គ្នា​មក​រារាំង និង​ហាមឃាត់ អ្នកកាសែត​ដែរ​។ នារី​រង​គ្រោះ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ គី​រី ចរិយា អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​វត្ដ​កោះ រៀន​ថ្នាក់​ទី​១១ ស្នាក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ​។​

មន្ដ្រី​ប៉ូលិស​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ដោយ​មិន​ផ្លូវការ​ថា អំពើ​ហិង្សា​ជះ​ទឹក​អាស៊ី​តទៅ​លើ សិស្ស​នារី​នោះ ទំនងជា​កើត​ចេញពី​ស្នេហា​ត្រីកោណ ក៏​ប៉ុន្ដែ​ក្រុម​គ្រួ​សារបាន​អះអាង​ថា នារី​រង​គ្រោះ មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ទេ ហើយ​រឿង​ស្នេហា​គូ​កំណាន់​ក៏​គ្មាន​ដែរ ។ ចំណែក​ប្រភព ព័ត៌មាន​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​នារី​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្លាកស្នាម​ជះ​ទឹក​អាស៊ីត​មាន​សភាព ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃមុខ និង​ដៃ​ទាំង​សងខាង ហើយ​ទំនងជា​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​។ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ត្រូវ​បានឱ្យ​ដឹង​ភ្លាមៗ​នោះ​ទេ ជុំវិញ​ការ​វាយប្រហារ​ដោយ ទឹក​អាស៊ីត​នេះ​។​

​ការ​តាមដាន​អាច​និយាយ​បាន ទី​១-​បើសិនជា​នាង​គ្មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ម្នាក់ ឬ​ទាក់ទង​នឹង​ស្នេហា ត្រីកោណ ឬ​មាន​បញ្ហា​ផ្សេង​ដែល​ស្មាន​មិន​ដល់ ការ​វាយប្រហារ​ទាំង​កំរោល​របស់​ជន​ស្ទាវ​ទាំង​២​នាក់​នោះ អាច​ជា​ការ​ភាន់ច្រឡំ​មនុស្ស ចំណែក​ទី​២-​ក៏​អាច​និយាយ​បាន​ថា បើ​គ្មាន​ភ្លើង​ពិតជា​គ្មាន​ផ្សែង​ទេ ។ ទោះបី ជា​យ៉ាងណា ការ​ប្រើប្រាស់​ទឹក​អាស៊ីត​វាយប្រហារ​ទៅ​លើ​គូប​ដិ​បក្ស​បែប​នេះ ត្រូវ​តែ​ថ្កោលទោស ព្រោះ​ជា ការ​បង្ក​នូវ​ក្ដី​ឈឺចាប់​អស់​មួយ​ជីវិត ប្រសិនបើ​មិន​ស្លាប់ អ្នក​រង​គ្រោះ​នឹង​ក្លាយទៅជា​ខ្មោច​មិន​ខ្មោច មនុស្ស​មិន​មនុស្ស រស់​មិន​រស់ ស្លាប់​មិន​ស្លាប់ គឺជា​ការ​ចងកម្ម​វេរា​គួរ​ឱ្យ​រន្ធត់​ដែល​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មិន​ត្រូវធ្វើ​ឡើយ ។​

Labels: , ,

 
 

ចោរ​ស្ដេចត្រាញ់​ក្នុង​ព្រៃ​៩​ឆ្នាំ​ដេកពេទ្យ​ជាប់ច្រវាក់

ខេត្ដបាត់ដំបង ៖ ទណ្ឌិត​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ចោរ​ស្ដេចត្រាញ់​ប្លន់​ប្រដាប់​អាវុធ សំលាប់​មិន​រើសមុខ យ៉ាង​កក្រើក​នៅ​ភាគ​ខាងលិច​ស្រុក​ប​វេ​ល កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ជន​នេះ​កាល​ណោះ​រស់នៅ​តែ​ក្នុង​ព្រៃ ជាមួយ​កាំភ្លើង​AK47 ចំនួន​២​ដើម​អស់​រយៈពេល​៩​ឆ្នាំ ដោយ​ដើរ​លួច ឬ​ប្លន់​បាយ​ទឹក​អ្នកស្រុក តាម ខ្ទម​ស្រែ​ចំការ​ដើម្បី​ចំអែត​ក្រពះ​មួយ​ពេលៗ​ដូច​សត្វព្រៃ​។ ប៉ុន្ដែ​បច្ចុប្បន្ន​បើ​តាម​សេចក្ដីរាយការណ៍ ពី​មន្ដ្រី អភិរក្ស​ពន្ធនាគារ​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា ទណ្ឌិត​ម្នាក់​នេះ​កំពុង​ធ្លាក់ខ្លួន​ឈឺរីងរៃ ព្រោះ​កើត​អេ​ដស៍ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​បណ្ដោះអាសន្ន នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ដោយសារ​មាន​សភាព​រាក រូស​ខ្លាំង​ពេក ដែល​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ​មិន​អាច​ព្យាបាល​បាន ។​

លោក​កង សា​រ៉េ​ន ប្រធាន​ពន្ធនាគារ​ខេត្ដបាត់ដំបង​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ទណ្ឌិត​ដែល​មាន​ផ្ទុក មេរោគ​អេ​ដស៍​ម្នាក់​នេះ​ឈ្មោះ ហឺ​ស វ៉ា​ន់​ដា អាយុ​៣៦​ឆ្នាំ ជន​នេះ​ត្រូវ​បាន​តុលាការខេត្ដ​បាត់ដំបង បើក​សវនាការ​ជំនុំ​ជំ​រះ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០០៦ ដោយ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​ចំនួន​៥​ឆ្នាំ​ពី​បទ សំលាប់​មនុស្ស និង​ប្លន់​ប្រដាប់​អាវុធ ។ បើ​គិត​តាំងពី​ថ្ងៃ​ចាប់ខ្លួន​បាន​ជន​នេះ​ជាប់គុក​ជាង​កន្លះ​ឆ្នាំ​ហើយ​។ លោក​កង សា​រ៉េ​ន បានឱ្យ​ដឹង​ទៀត​ថា ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ បច្ចុប្បន្ន​មាន​ជំងឺ​ប្រចាំ​កាយ យ៉ាងធ្ងន់ធ្ងរ​បំផុត គឺ​គេ​មាន​ផ្ទុកមេរោគ​អេ​ដស៍ ។ ដោយសារ​ជន​នេះ​ស្ថិត​ក្នុង​សភាព​ស្គមរីងរៃ និង​មាន អ​កា​រៈ​រាករូស​មិន​ឈប់​ឈរ​ទើប​លោក​ចាត់​កំលាំង​ឱ្យ​បញ្ជូន​ជន​នេះ​ទៅ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ដបាត់ដំបង គឺ​បញ្ជូន​ទៅ​តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា ។ លោក​ប្រធាន​ពន្ធនាគារ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកទោស​ទាំងអស់​កើត​អេ​ដស៍​ចំនួន​១៦​នាក់ ហើយ​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ លោក​បញ្ជូន​អ្នកទោស ដែល​មាន​ជំងឺ​ធ្ងន់ៗ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​អស់​ជាង​១០​នាក់ តែ​ឥឡូវ​បាន​បញ្ជូន​មក​ពន្ធនាគារ វិញ​ខ្លះ​ហើយ ដោយនៅ​តែ​៧​នាក់​ប៉ុណ្ណោះ រាប់​ទាំង​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ​ផង ។ លោក​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពន្ធនាគារ​មាន​គ្រូពេទ្យ​ប្រចាំការ​របស់​ពន្ធនាគារ និង​គ្រូពេទ្យ​របស់​អង្គការ​លី​កាដូ​ផង សំរាប់ ព្យាបាល​ជំងឺ​អ្នកទោស ។

​ដោយឡែក​ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា ដែល​ជា​ចោរ​ស្ដេចត្រាញ់​កំពុង​ដេក​ស្ដូកស្ដឹង លើ​គ្រែពេទ្យ​ឯណោះ វិញ បាន​ប្រឹង​ងើប​អង្គុយ​ទាំង​ត្រដាបត្រដួស ដោយ​មាន​ជាប់ច្រវាក់​ជើង​នៅ​នឹង​គ្រែ​ផង ហើយ​បាន​លូកដៃ យក​ម៉ាស់​មក​ពាក់​មុខ រួច​និយាយ​ខ្សាវៗ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ខ្លួន​គេ​មាន​ផ្ទុកមេរោគ​អេ​ដស៍​យូរ ឆ្នាំ​ហើយ តាំងពី​ខ្លួន​ធ្វើ​ចោរ​រស់នៅ​ក្នុង​ព្រៃ​មក​ម្ល៉េះ ឥឡូវ​ជំងឺ​នេះ​ចាប់ផ្ដើម​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ហើយ​។ ទណ្ឌិត​នេះ​និយាយ​ទាំង​ទឹកមុខ​ស្លេកស្លាំង​ថា ខ្លួន​គេ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ឥឡូវ​ខ្លួន​ជាប់​បាន​ជាង​កន្លះ​ឆ្នាំ​ហើយ ហើយ​ពេល​គេ​បញ្ជូន​មក​ដេកពេទ្យ​នេះ​គ្រូពេទ្យ​និយាយ​ថា ខ្លួន​មាន ជំងឺអេដស៍​ផង និង​ជំងឺរបេង​ផង ។ ជន​នេះ​បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​ខ្លួន​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន រហូត​មក​ដល់​ពេល​នេះ គ្មាន​សាច់ញាតិ​ណា​ម្នាក់​មក​អើត​សួរសុខទុក្ខ​ខ្លួន​គេ​ទេ ហើយ​សុខភាព​របស់​គេ​មើល ទៅ​មិន​អាច​រស់​ឱ្យ​រួច​ទោស​ចំនួន​៥​ឆ្នាំ​នោះ​ឡើយ ។​

គួរ​រំលឹក​ថា ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ​មុន​ពេល​ត្រូវ​នគរបាល​ចាប់ខ្លួន ជន​នេះ​ធ្វើ​ជា​ចោរ​រស់នៅ តែ​ក្នុង​ព្រៃ​អស់​រយៈពេល​៩​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩៧​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០០៦ ទើបត្រូវ សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​ចាប់ខ្លួន​បាន​។ ជន​នេះ​មាន​កាំភ្លើង AK47 ចំនួន​២​ដើម​បាន​ធ្វើ​សកម្មភាព ប្លន់​សំលាប់​មិន​រើសមុខ​ដ៏​កក្រើក​នៅ​ភាគ​ខាងលិច​ស្រុក​ប​វេ​ល ខេត្ដបាត់ដំបង ។ ការ​រស់នៅ​ក្នុង​ព្រៃ រយៈពេល​៩​ឆ្នាំ ជន​នេះ ដើរ​លួច ឬ​ប្លន់​បាយ​ទឹក​អ្នកស្រែ​ចំការ​យក​ទៅ​ហូប ហើយ​ដេក​នៅ​តាម​ដំបូក ឬ​តាម វាលស្រែ​ពេល​ប្លន់​បាន​លុយ​ទើប​គេ​លប​លួច​ចូល​ក្នុងភូមិ ឬ​ដើរ​តាម​ផ្សារ ឬ​ទៅ​លេងស្រី​ម្ដងម្កាល ។ ជន​នេះ​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​កាត់កាល​ចោល ដោយសារ​តែ​មាន​ចរិត​ជា​ចោរ ។ ជន​នេះ​ធ្លាប់​ប្រាប់ សមត្ថកិច្ច​កាល​ចាប់ខ្លួន​ដំបូង​ថា “​មូលហេតុ​ដែល​នាំ​ឱ្យ​ខ្លួន​គេ​សំរេចចិត្ដ​រត់​ចូល​ព្រៃ​ធ្វើ​ជា​ចោរ​នេះ ដោយ សារ​ខ្លួន​គេ​ធ្លាប់​លួច​ស្រលាញ់​កូនស្រី​របស់​មន្ដ្រី​នគរបាល​ស្រុក​ប​វេ​ល​ម្នាក់ ហើយ​ត្រូវ​មន្ដ្រី​នគរបាល​នោះ ប្រមាថ​រក​បាញ់​គេ​សំលាប់​ចោល ទើប​ខ្លួន​គេ​ខឹង​ក៏​សំរេចចិត្ដ​រត់​ចូល​ព្រៃ​ធ្វើ​ចោរ​តែ​ម្ដង​” ជន​នេះ​មានស្រុក កំណើត​នៅ​ភូមិ​ក្ដុល​ក្រោម ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្ដបាត់ដំបង ។​

Labels:

 
 

វាយ​សម្លាប់​គ្រូទាយ​ប្លន់​យក​ចិញ្ចៀនមាស ខ្សែ​.​ក​..​ប៉ះ​ចំ​មាស​កាឡៃ

ខេត្ដតាកែវ ៖ គ្រូទាយ​ម្នាក់​ត្រូវ​ជន​ដៃដល់​២​នាក់ ប្រើ​ល្បិច​ហៅ​ទៅ​គូរ​យ័ន្ដ​ហើយ​ឆក់​ឱកាស​វាយ​នឹង អង្រែ​បុក​គ្រឿង​សម្លាប់ រួច​យក​សព​ច្រកចូល​ក្នុង​ស្បោង​ជី​បន្ទាប់​ពី​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន មាន ខ្សែ​.​ក ចិញ្ចៀន និង​នាឡិកាដៃ តែ​បែក​ការណ៍​ក៏​ត្រូវ​បាន​ចាប់ខ្លួន ។ គ្រូទាយ​ដែល​ជន​ដៃដល់​សម្លាប់​នេះ គឺជា​គ្រូទាយ​តែងតែ​ជិះ​កង់​ដើរ​ទស្សន៍​ទាយ​តាម​ភូមិ​អ្នកស្រុក ។ ការ​រៀប​ផែនការ​វាយ​សម្លាប់​នេះ ត្រូវ បាន​មន្ដ្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពួក​គេ​បានឃើញ​គ្រូទាយ​នេះ​មាន​ពាក់ចិញ្ចៀន និង​ខ្សែ​.​ក ដែល ការ​ពិត​គឺជា​មាស​កាឡៃ​។​

ហេតុការណ៍​វាយ​សម្លាប់​ប្លន់​ចិញ្ចៀន និង​ខ្សែ​.​ក​គ្រូទាយ​នេះ បាន​កើតឡើង​នៅ​ភូមិ​ខ្នាច ឃុំ​បឹង​ត្រាញ់ ខាងជើង ស្រុក​សំរោង ខេត្ដតាកែវ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ មិថុនា កន្លង​ទៅ​នេះ ។​
​លោក​អនុសេនីយ៍ទោ ឆុក អេ​ង​លី អធិការ​ស្ដីទី​ស្រុក​សំរោង​បាន​ប្រាប់​កោះសន្ដិភាព ឱ្យ​ដឹង​ថា ជន​រង គ្រោះជា​គ្រូទាយ​ឈ្មោះ​ញ៉ែ​ម ញិ​ន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ចោម​ពុល ឃុំ​ពពេល ស្រុក​ត្រាំកក់ ។​

លោក​អធិការ​ស្ដីទី​បាន​បន្ដ​ទៀត​ថា ក្នុង​ខ្លួន​សាកសព​មាន​ខ្សែ​.​ក​បន្ដោង​ព្រះ​បដិមា​១​ខ្សែ ចិញ្ចៀន​១​វង់ នាឡិកា​១ និង​លុយ​ជាង​១​ម៉ឺន​រៀល ។ ពេល​ប្រមូល​សំភារៈ​ក្នុង​ខ្លួន​សាកសព​អស់ហើយ​នោះ ឃាតក វ័យ​ស្ទាវ​ទាំង​២​មិន​ទាន់​បាន​ចាត់ចែង​កប់​សព​ទេ តែ​បាន​នាំ​គ្នា​យក​កង់​ជន​រង​គ្រោះ​ទៅ​លក់ ។ ទោះបីជា​បែប ណា ការ​សម្លាប់​នេះ​ត្រូវ​បាន​ប្អូនស្រី​របស់​ជនល្មើស​ឈ្មោះ​ជុក គ​ន្ធា អាយុ​៩​ឆ្នាំ បានរ​ត់ទៅ​និយាយ​ប្រាប់ ក្មេងៗ​កូន​អ្នក​ជិតខាង​ថា បង​របស់​ខ្លួន​បាន​វាយ​សម្លាប់​គ្រូទាយ​ច្រក​ស្បោង​ជី ភ្លាម​នោះ​ក៏​មានការ​ឆោឡោ ឡើង ហើយ​ប៉ូលិស​ក៏​ទៅ​ដល់ និង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ជា​ឃាតក​បាន​ភ្លាមៗ​ផង​ដែរ ចំនួន​២​នាក់ គឺ​ម្នាក់​ឈ្មោះ​ជុក ភា​រិ​ន្ទ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជន​ដៃដល់ និង​ជា​អ្នក​រៀបចំ​ផែនការ និង ម្នាក់​ទៀត​ឈ្មោះ​ចាន់ វន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​មើលផ្លូវ ។ ជន​២​នាក់​នេះ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​ថា ពួក​ខ្លួន​ទាំង​២​នាក់​នេះ​បាន​ឃ្លាំមើល​គ្រូទាយ ជា​ជន​រង​គ្រោះ​នេះ​រយៈពេល​២​អាទិត្យ​មក​ហើយ ឃើញ​ពាក់​ខ្សែ​.​ក និង​ចិញ្ចៀន ក៏​បាន​រៀប​គំរោង​ផែនការ ដើម្បី​ប្លន់​យក​ខ្សែ​.​ក និង​ចិញ្ចៀន​នោះ ដោយ​ពួក​ខ្លួន​គិត​ថា បើ​ប្លន់​បាន​មាស​ពី​គ្រូទាយ​នោះ នឹង​នាំ​គ្នា យក​ទៅ​លក់​បាន​លុយ​ទៅ​ដើរ​លេង​នៅ​ភ្នំពេញ​ឱ្យ​បាន​សប្បាយ​ម្ដង លុះដល់​ថ្ងៃរសៀល​មុន​កើតហេតុ ពេល​តា​គ្រូទាយ​នោះ មក​លេង​ផ្ទះ​បងប្អូន​គាត់​ក្នុងភូមិ​ហើយ​ពេល​គាត់​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​ខ្លួន​ក៏ បាន​ហៅ​គាត់​ឱ្យ​ចូល​ក្នុងផ្ទះ​ដោយ​ប្រាប់​ថា ឱ្យ​ជួយ​គូរ​យ័ន្ដ​ឱ្យ ហើយ​តា​គ្រូទាយ​ក៏​ព្រម​។ នៅ​ពេល​តា​គ្រូ ទាយ​នោះ​កំពុង​អង្គុយ​គូរ​យ័ន្ដ​នៅ​លើ​គ្រែ ខ្លួន (​ជុក ភា​រិ​ន្ទ​) ក៏​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​លើ ក​ញ្ចឹ​ង​.​ក​ពីក្រោយ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​តា​គ្រូទាយ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាមៗ ។​

ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​បន្ដ​ទៀត​ថា នៅ​ពេល​ដឹង​ថា តា​គ្រូទាយ​ស្លាប់​ហើយ ក៏​នាំ​គ្នា​ដោះ​យក​ខ្សែ​.​ក ចិញ្ចៀន នាឡិកា និង​ឱ្យឈ្មោះ​ចាន់ វន់ កាត់​ស្បោង​ជី ហើយ​ចងឱ្យ​អង្កុញជើង រួច​លើក​ច្រក​ក្នុង ស្បោង​ជី​ពណ៌​.​ស ដើម្បី​យក​ទៅ​កប់​ក្នុង​រណ្ដៅ​ដែល​ពួក​គេ​បាន​ជីក​នៅ​ក្រោយ​ផ្ទះ​រួច​ជា​ស្រេច​ហើយ​នោះ តែ មិន​យក​កប់​ភ្លាម​ទេ ដោយ​ប្រញាប់​យក​កង់​ទៅ​លក់​បាន​៣៥.០០០​រៀល តែ​ការ​លក់​ខ្សែ .​ក ចិញ្ចៀន នាឡិកា គេ​អត់​ទិញ ព្រោះ​ជា​មាស​កាឡៃ ។​

ជនជាប់ចោទ​ទាំង​២​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ភ្លាមៗ​ដែរ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​

Labels: ,

 
 

អ្នកលេង​ជាយ​ដែន​វាយ​គ្នា​ជាមួយ​ក្រុម​គ្រូបង្រៀន​នៅផ្ទះ​បន​ស្រី

ខេត្ដបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​៣​នាក់ ដែល​គេ​ស្គាល់​ថា ជា​ក្រុម​អ្នកលេង​ជាយ​ដែន ត្រូវ បាន​នគរបាល​ស្រុក​សំពៅ​លូន តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​មកនេះ បន្ទាប់​ពី ក្រុម​គេ​បាន​ធ្វើ​សកម្មភាព​វាយដំ​ទៅ​លើ​គ្រូបង្រៀន​ចំនួន​៤​នាក់ ឱ្យ​រង​របួស​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១១​និង​៥៤​នាទី​យប់​ថ្ងៃ​ទី​២ មិថុនា នៅ​ចំណុច​ខាង​មុខ​ផ្ទះ​មន្ដ្រី​នគរបាល​ម្នាក់ ដែល​បើក​បន​ស្រី​បំរើ​ផ្លូវភេទ ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​ត្រ​ញំ​ង​ព្រលឹត ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន ខេត្ដបាត់ដំបង ខណៈ​ពេល​ដែល​ក្រុម ក្មេង​ពាល និង​ក្រុម​គ្រូបង្រៀន​ទៅ​លេងស្រី​ញី​នៅ​ទីនោះ​ទាំងអស់​គ្នា ហើយ​កើត​ទំនាស់​ពាក្យ​សំដី​គ្នា បន្ដិចបន្ដួច​ក៏​វាយតប់​គ្នា​តែ​ម្ដង​។

​លោក​ឈិ​ត សេង នាយ​ផ្នែក​នគរបាល​យុត្ដិធម៌​ស្រុក​សំពៅ​លូន​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​អន្ធពាល​ទាំង​៣ នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​នេះ​មាន​១-​ឈ្មោះ​វង្ស វិច អាយុ​២៣​ឆ្នាំ ជា​ជន​ដៃដល់ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ​ញ៉ែ​ម សុ​ដែន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៣-​ឈ្មោះ​វុ​ធ ថន អាយុ​២៦​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ​ទាំង​៣​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយឡែក​ក្រុម​គ្រូ បង្រៀន​ដែល​អះអាង​ថា រង​គ្រោះ​ដោយ​ក្រុម​ក្មេង​ពាល​វាយ​នោះ​មាន​គ្នា​៧​នាក់ តែ​ត្រូវ​ក្រុម​អន្ធពាល​វាយ តែ​៤​នាក់​ទេ ក្នុង​នោះ​មាន​១-​ឈ្មោះ​មាស បារាំង អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ សាត់ កំសត់ អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​មឿ​ន ចាន់​ធី អាយុ​២៥​ឆ្នាំ និង​៤-​ឈ្មោះ​សេង រតនៈ អាយុ​២៥​ឆ្នាំ ពួក​គេ​ជា​គ្រូបង្រៀន​នៅ វិទ្យាល័យ​សំពៅ​លូន ហើយ​ក្នុង​ចំណោម​៤​នេះ គឺ​រង​របួស​តែ​៣​នាក់​ទេ ។​

លោកនាយ​ផ្នែក​រូប​នេះ​បន្ដ​ទៀត​ថា នគរបាល​បាន​ចុះ​ទៅ​ធ្វើ​អន្ដរាគមន៍​ភ្លាមៗ​ដែរ ក្រោយ​ពេល​កើតហេតុ តែ​ក្រុម​ក្មេង​អន្ធពាល​ទាំងនោះ​បាន​រត់គេច​បាត់​អស់​ទៅ​ហើយ លុះ​នៅ​ថ្ងៃ​ទី​៤​មិថុនា ទើប​កំលាំង​របស់ លោក​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនពាល​ទាំងនោះ​បាន​។​

ក្រោយ​ពេល​ឃាត់ខ្លួន​យក​មក​សាកសួរ​ក្រុម​ក្មេង​អន្ធពាល​ទាំង​៣​នាក់​បាន​និយាយ​នៅ​មុខ​នគរបាល​ថា មុន ពេល​កើតហេតុ ពួក​ខ្លួន​បាន​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន ហើយ​ក៏​នាំ​គ្នា​ទៅ​វ៉ៃ​សិច​នៅផ្ទះ​បន​ស្រី​ដែល​មាន ម្ចាស់​ឈ្មោះ​វី​ន ជាម​ន្ដ្រី​នគរបាល ។ ពេល​ទៅ​ដល់​ផ្ទះបន​ឈ្មោះ​វិច (​ជន​អន្ធពាល​) បាន​ចូល​វាយ​សិច រួច​ចេញ​មក​វិញ ស្រាប់តែ​ត្រូវ​ក្រុម​គ្រូបង្រៀន​៣​នាក់​បាន​ដើរ​បុក​ឈ្មោះ​វិច នៅ​ក្នុង​ផ្ទះបន​នោះ ហើយ​ក៏ មានការ​ប្រកែក​គ្នា​មួយ​ម៉ាត់​ពីរ រួច​ឈ្មោះ​វិច​ក៏​ដើរ​ចេញ​មក​រក​បក្សពួក​គេ​២​នាក់​ទៀត​នៅ​ចាំ​ខាងក្រៅ​។ យុវជន​ពាល​ទាំង​៣​នាក់​បន្ដ​ទៀត​ថា ពេល​ដើរ​ចេញ​មក​ក្រៅ ស្រាប់តែ​ឃើញ​ក្រុម​គ្រូបង្រៀន​ចំនួន​៤​ទៀត (​គ្រូ​ទាំងអស់​៧​នាក់​) អង្គុយ​ខាង​មុខ​ផ្ទះបន ដោយ​កាន់ដំបង​គ្រប់​ដៃ​ត្រៀម​វាយ​ពួក​ខ្លួន ឃើញ​ដូច្នេះ ពួក​ខ្លួន​ក៏​ដើរ​រក​ដំបង​វាយ​ទៅ​លើ​គ្រូ​ទាំង​៤​នាក់​នោះ ហើយ​នាំ​គ្នា​រត់​មក​ផ្ទះ​រៀងៗ​ខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ទើប​នគរបាល​ចាប់​ពួក​ខ្លួន​តែ​ម្ដង ។​

លោក​សូ ភី អធិការ​នគរបាល​ស្រុក​សំពៅ លូន បាន​មាន​ប្រសាសន៍​ថា ក្រុម​ក្មេង​អន្ធពាល​៣​នាក់​ខាងលើ​នេះ តែងតែ​ធ្វើ​សកម្មភាព​វាយតប់​ស្ទើរ​គ្រប់​ទីកន្លែង គឺ​វាយ​មិន​រើសមុខ​ទេ ។ ដូច្នេះ​ដោយ​យោង​តាម​ពាក្យ បណ្ដឹង​របស់​ជន​រង​គ្រោះ និង​យោង​តាម​ចំលើយ​សារភាព​របស់​ពួក​គេ ព្រមទាំង​យោង​ទៅ​លើ​ក្រុម​នេះ ជា​មុខសញ្ញា​ចាស់​ផង ទើប​លោក​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​៣​នាក់​ទៅ​ស្នងការដ្ឋាន​ខេត្ដបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

Labels: ,

 
 

ប៉ូលិស​-​ប៉េ​អឹ​ម​ច្រឡំ​គ្នា ពេល​បង្ក្រាប​អ្នកលក់​ថ្នាំ​ញៀន

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៦ មិថុនា សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជ្រៅ​បាន​ឃាត់ខ្លួន​ជនជាតិ​យួន ពីរ​នាក់​ប្ដី​ប្រពន្ធ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ មាន​ជ័យ ។ ហេតុការណ៍​ឃាត់ខ្លួន​នោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​ប៉ោយ​ប៉ែ​ត ដោយសារ តែ​មានការ​ផ្ទុះអាវុធ​ពី​សំណាក់​ប៉េ​អឹ​ម​បណ្ដាល​ឱ្យ​បែក​កង់​រថយន្ដ​ប៉ូលិស ។​

ប៉ូលិស​ស្រុក​ឱ្យ​កោះសន្ដិភាព​ដឹង​ថា ពេល​ប៉ូលិស​ចុះ​បង្ក្រាប​ជនជាតិ​យួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ជួញដូរ ថ្នាំ​ញៀន​នោះ មានការ​ប្រទូស្ដ​រ៉ា​យ​មួយ​ប្រាវ​ដោយសារ​កំលាំង​ប៉េ​អឹ​ម​ស្រុក​អូរ​ជ្រៅ ផ្ទុះអាវុធ​១​គ្រាប់ ។ ខណៈ​រថយន្ដ​ម៉ាក​កាម​រី​ពណ៌​ខ្មៅ របស់​សមត្ថកិច្ច​ប៉ូលិស​ដែល​បង្ក្រាប​អ្នក​ជួញ​ថ្នាំ​ញៀន​២​នាក់​នោះ បើក លើ​ផ្លូវជាតិ​លេខ​៥ ដល់​មុខ​ស្រះ​សួគ៌ ស្រាប់តែ​ត្រូវ​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក លេខ ខ​.​ម បើក​ទៅ​ញំ​ង​ទទឹង​ផ្លូវ​។ ពេល​នោះ​ប៉េ​អឹ​ម​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​បាញ់​១​គ្រាប់​ចំ​ថាស​កង់ រថយន្ដ​ខាងឆ្វេង​របស់​ប៉ូលិស​។ បន្ទាប់​ពី​សមត្ថកិច្ច​ទាំង​២​ឈ្លោះប្រកែក​គ្នា​រួច​ហើយ រថយន្ដ​ប៉ូលិស បាន​បើក​ចេញ​ទៅ ។​

តាម​ប្រភព​ព័ត៌មាន​ប្រាប់​ថា មួយសន្ទុះ​ក្រោយមក​គេ​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ស្រុក នាំ​កំលាំង​ប្រមាណ ជិត​២០​នាក់ ទៅ​ព័ទ្ធ​ជុំវិញ​បន្ទាយ​របស់​ប៉េ​អឹ​ម ប៉ុន្ដែ​នៅ​ពេល​នោះ​គេ​ពុំ​ឃើញ​មានការ​ប្រទូស្ដ​រ៉ា​យ​គ្នា ឡើយ​។ បន្ដិច​ក្រោយមក​កំលាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ត្រឡប់​ទៅ​វិញ ។​

មន្ដ្រី​ប៉ូលិស​បញ្ជាក់​ឱ្យ​ដឹង​ថា មន្ដ្រី​ប៉េ​អឹ​ម​មាន​ចេតនា​ចង់​បំពាន​មក​លើ​ប៉ូលិស ព្រោះ​នៅ​មុន​ពេល​ផ្ទុះអាវុធ ខាង​ប៉ូលិស​បាន​ឈប់​រថយន្ដ​រួច​រវៃ​កញ្ចក់​ចុះ​ប្រាប់​ថា ជា​ប៉ូលិស​ទេ ប៉ុន្ដែ​ខាង​ប៉េ​អឹ​ម​នៅ​តែ​ដក​កាំភ្លើង បាញ់​កង់​រថយន្ដ​របស់​ប៉ូលិស ។​

លោក​ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​ឱ្យ​ដឹង​ថា នៅ​ពេល​នោះ​កំលាំង​របស់ លោក​បាន​ឃាត់​រថយន្ដ​ដែល​ថា ជា​របស់​ប៉ូលិស​តែ​ពួក​គេ​ស្លៀកពាក់​ស៊ី​វិល ដោយសារ​មិន​ព្រម​ឈប់ ហើយ ដោយ​មិនដឹង​ថា​ជា​រថយន្ដ​របស់​ប៉ូលិស ទើប​កំលាំង​របស់​លោក​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ទៅ ។ នៅ​ពេល ដឹង​ថា​ជា​រថយន្ដ​ប៉ូលិស គឺ​បាញ់​រួច​ទៅ​ហើយ ហើយ​ពុំ​មាន​បញ្ហា​អ្វី​ថែម​ទៀត​នោះ​ទេ​។​
​លោក​វរសេនីយ៍ត្រី​អ៊ឹ​ង សុង​យូ អធិការ​ស្រុក​អូរ​ជ្រៅ​បាន​ព្យាយាម​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ហេតុការណ៍ ផ្ទុះអាវុធ​ទេ តែ​បានដឹង​ថា ជនជាតិ​យួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ថ្នាំ ញៀន​នោះ​ប្ដី​ឈ្មោះ យឿ​ង យ៉ាំ​ង​ធី អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ្វៀ​ង ទ្រី​ពឿ​ង អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​ក្បាលស្ពាន​។ សមត្ថកិច្ច​ប៉ូលិស​រឹបអូស​ពី​ជនជាប់ចោទ​បាន​ថ្នាំ​ញៀន​ចំនួន​៩៩០​គ្រាប់ ហើយនឹង កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​តុលាការខេត្ដ ។​

ក្រោយ​ពេល​មាន​ព្រឹត្ដិការណ៍​ផ្ទុះអាវុធ ដាក់​គ្នា​រវាង​សមត្ថកិច្ច​និង​សមត្ថកិច្ច​នោះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​ប៉ោយ​ប៉ែ​ត​រិះគន់​ថា គ្រាន់តែ​បង្ក្រាប​គ្រឿងញៀន​កំប៉ិកកំប៉ុក​សោះ មាន​ផ្ទុះអាវុធ​ទៅ​ហើយ មិន​តែ ប៉ុណ្ណោះ​ម្ខាងៗ​មានកំ​លាំង​ច្រើន​ដូច​ជា​លើកគ្នា​ទៅ​ធ្វើសង្គ្រាម​គួរ​ឱ្យ​ខ្លាច​។ តាម​ប្រភព​ព័ត៌មាន​ថា ការ​ជួញ ដូរ​គ្រឿងញៀន​នៅ​តំបន់​ប៉ោយ​ប៉ែ​ត ទោះជា​សមត្ថកិច្ច​បង្ក្រាប​ជា​ញឹកញាប់​ក៏​ដោយ ក៏​នៅ​តែ​មាន​សកម្មភាព ក្ដៅ​គគុក​ដដែល ។ ចំពោះ​ឈ្មួញ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ ភាគច្រើន​ជា​ឈ្មួញ​រកស៊ី​តូចតាច​ប៉ុណ្ណោះ ឯ​ឈ្មួញ​ធំ​គឺ​សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់​យក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ ។​

Labels: , , ,

 
 

ឆេះ​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​អង្គស្នួល​ងាប់​មាន់​ជាង​៤​ពាន់​ក្បាល

ខេត្ដកណ្ដាល ៖ រោង​ចិញ្ចឹម​មាន់នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បណ្ដាល​ឱ្យ​ងាប់​មាន់​អស់​ជាង​៤.០០០​ក្បាល ព្រមទាំង​សម្ភារៈ​ប្រើប្រាស់ និង​ចំណី​សំរាប់​ទុក​ឱ្យ​មាន់​ស៊ី ជា​ច្រើន​បាវ​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា នៅ​កសិដ្ឋាន​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ ម្ចាស់​កសិដ្ឋាន ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ប៉ុន្ដែ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឈ្មោះ អ៊ុ​ច ប៉ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា រោង​ចិញ្ចឹម​មាន់​ខាងលើ​នោះ​ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ដែល​សាងសង់​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ ហើយ​ត្រឹមតែ មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ។ នៅ​ក្នុង​រោង​មាន់​នោះ ក៏​មាន​ធ្វើ​កន្លែង​សំរាប់ អ្នក​មើល​ការ​ខុស​ត្រូវ​ស្នាក់​នៅ​ផង​ដែរ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​ចំណាស់​អ្នក​មើល​ការ​ខុស​ត្រូវ បាន​ដឹកគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ដោយ​ទុក​ចៅប្រុស​របស់​គាត់​ម្នាក់​អាយុ​៦​ឆ្នាំ ឱ្យ​នៅ​ក្នុង​រោង​មាន់​នោះ តែ​ម្នាក់ឯង​។ កន្លែង​ដែល​គាត់​ចង​គោ នៅ​មិន​ឆ្ងាយ​ពី​រោង​មាន់​ប៉ុន្មាន​ទេ គឺ​នៅ​ក្នុង​បរិវេណ​កសិដ្ឋាន នោះ​ដែរ​។ ពេល​កំពុង​តែ​ចង​គោ ស្រាប់តែ​ឮ​ចៅប្រុស​ស្រែកហៅ និង​ប្រាប់​ថា ភ្លើង​ឆេះ​រោង​មាន់ ពេល​គាត់ ក្រឡេក​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។​

ប្រភព​ដដែល​បាន​បន្ដ​ថា ក្នុង​ខណៈនោះ​គាត់​បាន​យក​ចៅ​ចេញពី​ក្នុង​រោង ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ស្លាប់ ហើយ ពុំ​មានការ​ជួយ​អន្ដរាគមន៍​ពន្លត់​ភ្លាមៗ​នោះ​ទេ ព្រោះ​កសិដ្ឋាន​នៅ​ដាច់​ឆ្ងាយ​ពី​គេ ទំ​រាំ​តែ​មានការ​ភ្ញាក់ផ្អើល ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​។ ពេល​នោះ​មាន់នៅ​ក្នុង​ទ្រុង​មួយ​ចំនួន​ធំ​បាន​ងាប់​ក្នុង​ភ្លើង ឯ​មួយ​ចំនួន តូច​បាន​ហើរ និង​រត់​ចេញ​រួច ប៉ុន្ដែ​ចំពោះ​ឧបករណ៍​សំរាប់​ចិញ្ចឹម​មាន់ និង​ចំណី​សំរាប់​ឱ្យ​មាន់​ស៊ី​ត្រូវ​ក្លាយជា ចំណី​ភ្លើង​ទាំងអស់ ។ ក្រោយ​ពេល​កើតហេតុ​រោង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ទូរទស្សន៍ ស​-​ខ្មៅ​១​គ្រឿង អា​គុយ​ចំនួន​៣ ធុង​ហ្គា​ស់​២ ចំណី​ស្ដុក​ទុក​សំរាប់​ឱ្យ​មាន់​ស៊ី​ចំនួន​៦៥​បាវ ឧបករណ៍​សំរាប់ ចិញ្ចឹម​មាន់ ព្រមទាំង​មាន់​ចំនួន​ជាង​៤​ពាន់​ក្បាល​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ។​

មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន គ្រោះ​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ចៅប្រុស​របស់​បុរស អ្នក​មើល​ការ​ខុស​ត្រូវ លេង​ភ្លើង​ឬ​លេង​ចង្ក្រានហ្គាស់ ព្រោះ​ក្នុង​ខណៈ​ពេល​នោះ​ភ្លើង​បាន​ឆាបឆេះ​ចេញពី កន្លែង​ដែល​គាត់​ស្នាក់​នៅ​តែ​ម្ដង ។ មាន់​នោះ​គេ​ចិញ្ចឹម​រយៈពេល​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ នឹង​ដល់​ពេល​ត្រូវ លក់​ហើយ ប៉ុន្ដែ​ពេល​នេះ ទើបតែ​បាន​៣៥​ថ្ងៃ គឺ​នៅ​សល់​១០​ថ្ងៃ​ទៀត ទើប​ដល់​ពេល​ត្រូវ​ចាប់​លក់ ក៏​ត្រូវ​ក្លាយជា​ចំណី​អគ្គី​ភ័យ​អស់ សូ​ម្បី​តែ​សល់​សាច់​ក៏​គ្មាន​ដែរ ក្រៅពី​ក្លាយជា​ផេះ​នោះ ។​

Labels: ,

 
 

ក្រុមហ៊ុន KTC កូរ៉េ​ចុះហត្ថលេខា​ជួយ​ឧបត្ថម្ភ​បាល់ទាត់​ជំរើសជាតិ​​ជួយ​រយៈពេល​៣​ឆ្នាំ ក្នុង​១​ឆ្នាំ ១០៥,៦០០​ដុល្លារ និង​ជួល​គ្រូបង្វឹក​កូរ៉េ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ Korean Technology Company ហៅ​ជា​អក្សរ​កាត់​ថា KTC បាន​សន្យា​ជួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ដល់​ក្រុម បាល់ទាត់​ជំរើស​ជាតិខ្មែ​រយៈពេល​៣​ឆ្នាំ​ក្នុង​១​ឆ្នាំ​ចំនួន​១០៥.៦០០​ដុល្លារ​សហរដ្ឋអាមេរិក ។ កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ នៅ​ឯ​ទីបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​យប់​ថ្ងៃ​ពុធ ទី​៦ ខែមិថុនា ឆ្នាំ​២០០៧ ដែល​ខាង​ភាគី​កម្ពុជា​មាន លោក ឧត្ដមសេនីយ៍ឯក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ បាល់ទាត់​កម្ពុជា និង​ខាង​ភាគី​កូរ៉េ​មាន​លោក KIM MYUNG IL ជា​ប្រធាន​ក្រុមហ៊ុន KTC តែ​ម្ដង ។​

លោក KIM MYUNG IL មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ចំណាយ ថវិកា​ជួយ​ដល់​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ ហើយ​ជំនួយ​នេះ​មិន​ត្រឹមតែ​មាន​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ នេះ​ទេ គឺ​ក្រុមហ៊ុន​របស់​លោក​បាន​ចំណាយ​ទឹកប្រាក់​ក្នុង​១​ឆ្នាំ​ជាង​១០​ម៉ឺន​ដុល្លារ​ពីលើ​ថែម​ទៀត ដើម្បី ជួល​គ្រូ​កូរ៉េ​ឱ្យមក​ជួយ​បង្ហាត់​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក KIM MYUNG IL បាន​សន្យា​ថា លោក​នឹង​ត្រៀម​ជួយ​ដល់​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ​ណា ដែល​មាន​ទេព​កោសល្យ​ល្អ​ដើម្បី​បញ្ជូន​ទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កូរ៉េ ទៀត​ផង ។​

លោក​ឧត្ដមសេនីយ៍ឯក​សៅ សុខា បាន​សំដែង​នូវ​ក្ដី​រំភើប និង​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន KTC ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ក្រុមកីឡា​បាល់ទាត់​ជំរើសជាតិ​កម្ពុជា ហើយ​លោក​បាន​ជូនពរ​ដល់ ក្រុមហ៊ុន​របស់​លោក KIM MYUNG IL ផង​ដែរ​ដោយ សូម​ឱ្យ​ក្រុមហ៊ុន​មានដំណើរ​ការ​រីក​ចំរើន​ជា រៀង​រហូត​។ លោក​ឧត្ដមសេនីយ៍​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ភាគី​កូរ៉េ​ទៀត​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា​កន្លង​មក មានការ​ខ្វះខាត​ថវិកា​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​ហ្វឹកហាត់​មិន​បាន​ល្អ ។ ពេល នេះ​លោក​សង្ឃឹមថា ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​នឹង​មានការ​ឈាន​ឡើង​មួយ​កំរិត​ថែម​ទៀត ។ ចំពោះ ថវិកា​ដែល​ក្រុមហ៊ុន KTC ជួយ​ឧបត្ថម្ភ​មកនេះ ក្រៅពី​ការ​ចាយវាយ​ទៅ​លើ​ការងារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ ជាមួយ​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​នោះ ក៏​អាច​មាន​ផ្ដល់​ជា​ប្រាក់ខែ​បើក​ឱ្យ​កីឡាករ​បាល់ទាត់​ជំរើសជាតិ ខ្មែរ ក្នុង​ម្នាក់​ជាង​១០០​ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​សហព័ន្ធ បាល់ទាត់​កម្ពុជា​បាន​ធ្វើការ​សំណូមពរ​ឱ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ​ទាំងអស់​ធ្វើ​យ៉ាងណា ចាប់ ពី​ថ្ងៃនេះ​តទៅ​ត្រូវ​ខិតខំ​ធ្វើការ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ដែល នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

Labels:

 
 

បុរស​ជនជាតិ​កា​ណា​ដា​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ​ក្នុង​ក្លឹ​ប​កំសាន្ដ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ ក្នុង​បន្ទប់ លេខ​១០ ជាន់​ទី​២​នៃ​ក្លឹ​ប​កំសាន្ដ​ឌី​វី​-៨ (​DV-8) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៧​Eo ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារ កណ្ដាល​ទី​១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ មិថុនា​។ ការ​សន្និដ្ឋាន​ជំហាន ដំបូង​គេ​សង្ស័យ​ថា ជា​រឿង​អត្ដឃាត ព្រោះ​បន្ទប់​ជន​រង​គ្រោះ​បាន​ដាក់​គន្លឹះ​ពី​ខាងក្នុង ។ ជនបរទេស ដែល​ដេក​ស្លាប់​ក្នុង​ក្លឹ​ប​កំសាន្ដ​ខាងលើ​ឈ្មោះ TERRY ROBERT អាយុ​៥៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ BC 044072 ។

ស្ដ្រី​ម្នាក់​ឈ្មោះ ជា សុ​វ​ណ្ណា អាយុ​៥៣​ឆ្នាំ ជា​បុគ្គលិក​បំរើ​ការ​នៅ​ក្លឹ​ប​កំសាន្ដ DV-8 បាន​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​ឡើង​ទៅ​បន្ទប់​របស់​ជនជាតិ​កា​ណា​ដា​ឈ្មោះ TERRY ROBERT ដើម្បី​រៀបចំ​គ្រែ​ដេក​នៅ​ជាន់​ទី​២ ។ ពេល​ទៅ​ដល់​មុខ​បន្ទប់​ក៏​ឃើញ​ភ្លើង​ក្នុង​បន្ទប់​នៅ​ភ្លឺ ទើប​គាត់ សង្ស័យ​ថា ជន​រង​គ្រោះ​ប្រាកដជា​នៅ​ក្នុង​បន្ទប់ ព្រោះ​ជា​ទម្លាប់​របស់​បុរស​នោះ ពេល​ចេញ​ទៅ​ណា​គាត់​តែង បិទ​ភ្លើង​បន្ទប់​។ ពេល​នោះ​គាត់​ក៏​យក​កៅអី​ឡើងឈរ​មើល​តាម​ប្រហោង​ខ្យល់ មិនឃើញ​បុរស​នោះ​ដេក នៅ​លើ​គ្រែ​ទេ ដូច្នេះ​គាត់​កាន់តែ​សង្ស័យ​ថែម​ទៀត ក៏​អោន​មើល​តាម​ប្រហោង​ទ្វារ​បន្ទប់​ខាងក្រោម ស្រាប់តែ​ឃើញ​ជនបរទេស​រូប​នោះ ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ឱ្យ សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។

​ក្រោយ​ពេល​មាន​សេចក្ដីរាយការណ៍​ថា មាន​ជនបរទេស​ដេក​ស្លាប់​ក្នុង​បន្ទប់​នោះ គណៈកម្មការ​ចំរុះ​ត្រូវ បាន​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ប៉ុន្ដែ​អ្នកកាសែត​ត្រូវ បាន​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ រារាំង​មិន​ឱ្យ​ថត​យក​រូបភាព​ទេ គឺ​ហាក់បីដូចជា​មាន​អាថ៌​កំបាំង អ្វី​ម្យ៉ាង ។ ក្នុង​ហេតុការណ៍​នោះ​កំលាំង​ប៉ុស្ដិ៍​ចំនួន​៥​នាក់​បាន​ដាក់​ពង្រាយ​នៅ​មុខ​ទីតាំង​ក្លឹ​ប​កំសាន្ដ DV-8 ។

ស្ដ្រី​ខ្មែរ​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​ក្លឹ​ប​កំសាន្ដ DV-8 បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ឈ្មោះ TERRY ROBERT ដែល​ដេក​ស្លាប់​នេះ ត្រូវជា​មិត្ដភក្ដិ​ប្ដី​របស់​គាត់ ដោយ​បាន​មក​ស្នាក់​នៅ​បន្ទប់​លេខ​១០ ជាន់​ទី​២ លើ​ក្លឹ​ប​កំសាន្ដ​អស់​រយៈពេល​៣​សបា្ដហ៍​មក​ហើយ ដែល​បុរស​រង​គ្រោះ​ហាក់ដូចជា​មាន​ជម្ងឺ អ្វី​ម្យ៉ាង​។

​គ្រូពេទ្យ​ប្រចាំ​តុលាការ​ដែល​បាន​ចូលរួម​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ កា​ណា​ដា​រូប​នេះ​បាន​ស្លាប់​ទំនងជា​ដោយសារ​តែ​កើត​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ព្រោះ​នៅ​ពោះ​ផ្នែក​ខាងស្ដាំ មាន​ស្នាម​ជាំ ហើយ​ការ​ស្លាប់​នេះ​មិន​មាន​ទាក់ទិន​នឹង​រឿង​ឃាតកម្ម​ឬ​អត្ដឃាត​ឡើយ ។ សាកសព​ត្រូវ បាន​គេ​បញ្ជូន​ទៅ​សាល​តម្កល់សព​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រង់ចាំ​បងប្អូន​សាច់ញាតិ ។​

Labels: ,

 
 

សិក្ខាសាលា​បង្ហាញ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំង​​ហិង្សា​ក្នុង​គ្រួសារ

សិក្ខាសាលា​បង្ហាញ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំង​​ហិង្សា​ក្នុង​គ្រួសារ​

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជ​ប​ណ្ឌិ​ត​អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង ឱកាស​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​បង្ហាញ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ប្រឆាំង​អំពើ​ហិង្សា​លើ ស្ដ្រី​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០០៧ កន្លង​មកនេះ​ថា អំពើ​ហិង្សា​លើ​ស្ដ្រី​មាន​ផល​ប៉ះពាល់​មួយ​យ៉ាងធ្ងន់ធ្ងរ​មិន​ត្រឹមតែ​អ្នក​ធ្លាប់ ទទួល​រង​គ្រោះ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​មាន​ផល​ប៉ះពាល់​ទៅ​លើ​ស្ថានភាព​សង្គម និង សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។ លោក ជំទាវ​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​១៦​ភាគរយ​នៃ​អ្នក​ដែល​បាន​សម្ភាសន៍ បាន​បាត់បង់ ប្រាក់​ចំណូល​ប្រហែលជា​១​ខែ ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​តែ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ជាង​នេះ​ទៀត​នោះ ចំពោះ​ជន​ក្រីក្រ​ដែល​ពួក​គេ​បាន​និយាយ​ថា មានការ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំខែ ស្ទើរតែ​២​ដង​ក្នុង​ឆ្នាំ​កន្លង​ទៅ​។ នេះ​គឺជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ធ្វើ​អង្កេត​ជា​មូលដ្ឋាន ដែល​បាន​បោះពុម្ព ផ្សាយ​កាលពី​ឆ្នាំ​២០០៦ ដោយ​ក្រសួង​កិច្ចការ​នារី​។​

​ភាព​ជឿនលឿន​នៃ​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារ មិន​អាច​កើតឡើង​បាន​ទេ បើ​គ្មាន​ការ​យល់ ដឹង​អំពី​ឫសគល់​នៃ​បញ្ហា​ឱ្យ​បាន​ស៊ីជំរៅ ។ ប៉ុន្ដែ​វា​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​សំរាប់​ការ​យល់​ដឹង​ដែរ​ថា ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​និង​ទស្សនៈ​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ គឺ​មាន​តែ​ការ​ខិតខំ​រួម​គ្នា​ពី​គ្រប់ មជ្ឈដ្ឋាន និង​គ្រប់​លំដាប់ថ្នាក់ ប៉ុណ្ណោះ​ដែល​អាច​ជំរុញ​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​។ អាស្រ័យ​ហេតុនេះ​ការ​ចូលរួម​ពី សំណាក់​អ្នក​អនុវត្ដ​គ្រប់​ស្ថាប័ន គឺជា​តម្រូវការ​ដ៏​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ។ ការ​អប់រំ​ការ​ផ្សព្វផ្សាយ និង​ការ​បណ្ដុះបណ្ដាល​គឺជា​ការងារ​ដ៏​សំខាន់​របស់​យើង​ទាំងអស់​គ្នា ដែល​នាំ​ឱ្យ​មានការ​គាំទ្រ​ចំណង​គ្រួសារ និង​ការ​លើក​ស្ទួយ​ការ​គោរព​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដែល​អាច​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​បាន ។​

​លោក​ជំទាវ​អ៊ឹ​ង ក​ន្ថា​ផា​វី បាន​សង្កត់ធ្ងន់​ថា ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ និង​លើកកំពស់​សីលធម៌ សង្គម និង​តំលៃ​គ្រួសារ​។ ដើម្បី​សំរេច​បាន​នូវ​គោលដៅ​នេះ គឺ​ត្រូវធ្វើ សកម្មភាព​មួយ​ចំនួន​ដូច​ជា​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន ការ​បណ្ដុះបណ្ដាល​ដល់​ក្រុម​មន្ដ្រី នានា​អំពី​ក្រប​ខណ្ឌ​ច្បាប់ ការ​បញ្ចូល​ទស្សនៈ​ថ្មី​នេះ​ទៅ​ក្នុង​វិស័យ​អប់រំ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សេវា សុខាភិបាល និង​សេវា​សង្គមកិច្ច​។ ផែនការ​សកម្មភាព​ជាតិ ដែល​ក្រសួង​បាន​ធ្វើការ​បង្ហាញ​នា​ថ្ងៃនេះ​ត្រូវ បាន​ព្រាង​ឡើង​ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​ជាតិ អន្ដរជាតិ ដែល​អញ្ជើញ​មក​ពី​ផ្នែក​ពាក់ព័ន្ធ ផ្សេងៗ ។ លោក​ជំទាវ​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​មាន​ប្រសាសន៍ បញ្ជាក់​ទៀត​ថា ថ្ងៃនេះ​គឺជា​ឱកាស​មួយ ដើម្បី​ឱ្យ​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ទាំងអស់​ជួយ​ផ្ដល់​ព័ត៌មាន និង​យោបល់​ទៅ​លើ​ផែនការ​នេះ ។ ដូច្នេះ​នៅ​ពេល​ដែល​ផែនការ សកម្មភាព​ជាតិ​នេះ​ត្រូវ​បាន​សភា​អនុម័ត ហើយ​រាជរដ្ឋាភិបាល​និង​ក្រសួង កិច្ចការ​នារី នឹង​ធ្វើការ​ជាមួយ​ក្រុមការងារ​បញ្ជ្រាប​យេ​ន​ឌ័​រ​នៃ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​អនុវត្ដ​សកម្មភាព ជាក់លាក់​ក្នុង​វិស័យ​របស់​ក្រសួង​នីមួយៗ ។​

Labels: ,

 
 

អង្គការ​ជប៉ុន​ស្ម័គ្រចិត្ដ​ជួយ​បំផុស​ចលនា​ដាំ​ដើមឈើ​ជីវចំរុះ

ខេត្ដស្វាយរៀង ៖ សិក្ខាសាលា​ស្ដី​ពី​ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​និង​ជីវចំរុះ​ដែល ឧបត្ថម្ភ​ដោយ​អង្គការ វី​ស្សូ​-​កូ​លី​-​កៃ (​សន្ដិ​ស្ម័គ្រចិត្ដ​) ប្រទេស​ជប៉ុន ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ស្ថិត​ក្នុងភូមិ​ស្វាយ​ក្អែ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្ដស្វាយរៀង កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០០៧ រយៈពេល ពេញ​មួយ​ថ្ងៃ ក្រោម​អធិបតីភាព លោក​យស គឹ​ម​ស៊ា​ន អភិបាលរង​ស្រុក​ស្វាយ​ជ្រំ ។ ចូលរួម​ក្នុង សិក្ខាសាលា​នេះ គេ​សង្កេត​ឃើញ​វត្ដមាន​លោក​ទេព ធន់ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ ព្រះ សាសន​មុនី ជេ​ត ឌិ​ត ព្រះ​មេគណ​ខេត្ដ ព្រះ​វិសុទ្ធិ​ញាណ​មុំ សយ ព្រះ​អនុគណ​ស្រុក​ស្វាយ​ជ្រំ លោក យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រចិត្ដ ព្រះសង្ឃ​ចំនួន​៦៥​អង្គ មក​ពី​វត្ដ​នានា​ជុំវិញ​ខេត្ដ អាចារ្យ​តាម​វត្ដ​នានា ព្រមទាំង​មេ​ភូមិ មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​សរុប ចំនួន​៨៥​នាក់​ទៀត ។

​សិក្ខាសាលា​នេះ រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់ បាន​យល់​ដឹង​អំពី​គុណសម្បត្ដិ នៃ​ដើមឈើ ចេះ​អំពី​របៀប​បណ្ដុះ​កូន​ឈើ របៀប​ដាំ​និង​របៀប​ថែរក្សា​កូន​ឈើ​ឱ្យ​រីក​លូតលាស់ ស្រស់ បំព្រង ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្ដស្វាយរៀង​ពោរពេញ​ទៅ​ដោយ​ពណ៌​បៃតង ។​

លោក​យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដបាន​មាន​ប្រសាសន៍​ថា ខេត្ដស្វាយរៀង គឺជា​ខេត្ដ​ដែល​ក្រីក្រ​ជាងគេ និង​ខ្សត់​ដើមឈើ​ជាងគេ តែ​ការ​ដាំ​ដើមឈើ​គឺ​មិន​ទាន់​យឺត​ពេល​ទេ ដូចនេះ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​ដាំ​ឱ្យ​បាន​ច្រើន​និង​គ្រប់​ទីកន្លែង ។ មនុស្ស​គ្រប់​រូប​មាន​ភារកិច្ច​ថែរក្សា បរិស្ថាន​ឱ្យ​បាន​ស្អាត​ល្អ ដែល​ទាមទារ​ឱ្យ​យើង​ព្យាយាម​និង​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សេចក្ដីសុខ​ចំរើន​របស់​កូនចៅ​យើង​ជំនាន់​ក្រោយ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ថ្ងៃនេះ​ម៉ោង​នេះ នៅ ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុងធ្វើការ​ជួប​ប្រជុំ​គ្នា​រវាង​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចំនួន​៨ ដើម្បី​ពិភាក្សា​អំពី បរិស្ថាន នៅ​លើ​ពិភពលោក​និង​រក​វិធី​កែប្រែ​ធ្វើ​យ៉ាងណា​ឱ្យ​ជីវិត​នៅ​លើ​ផែនដី មាន​និរន្ដរភាព​ចៀស​ផុត ពី​ជំងឺ​តម្កាត់​នានា ដែល​បណ្ដាល​មក​ពី​ភាព​អាប់អួ និង​សារធាតុពុល​ដែល​មាននៅ​ក្នុង​បរិស្ថាន ។​

គួរ​បញ្ជាក់​ថា នៅ​តាម​ផ្លូវ​ទី​សាធារណៈ ពិសេស​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ត្រូវ​បាន​គេ​ចង​បដា​ដែល​មាន សរសេរ​ខ្លឹមសារ​ថា “​មាន​ព្រៃឈើ​ទើប​មានទឹក មានទឹក​ទើប​មានជីវិត​” ដែល​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​ជីវិត​ទាំងអស់​នៅ​លើ​ផែនដី ដូចនេះ​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចូលរួម​ដាំ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គ្រប់ៗ​គ្នា ។​

Labels: ,

 
 

វត្ដ​ជោ​ត​ញ្ញាណ​ក្រុងព្រះសីហនុ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី

ក្រុងព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០០៧ នៅ​វត្ដ​ជោ​ត​ញ្ញាណ ក្រុងព្រះសីហនុ មាន​ប្រារឰ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨ សំរាប់​សាលា​ពុទ្ធិកបឋមសិក្សា​២០០៧-២០០៨ និង​បើក​វគ្គ​សិក្សា​ផ្នែក​វិបស្សនាធុរៈ​សំរាប់​ដូនជី សីល វ​តី និង​ចាស់ព្រឹទ្ធាចារ្យ​។ ពិធី​នេះ​ត្រូវ បាន​និមន្ដ​ចូលរួម​ពី​សំណាក់​ព្រះ​តេជគុណ​ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច រាជាគណៈ​ថ្នាក់​កិត្ដិយស ទីប្រឹក្សា​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស ព្រះ​អនុគណ​ខណ្ឌ​មិត្ដភាព និង​ជា​ព្រះ​គ្រូ​ចៅ អធិការ​វត្ដ​ជោ​ត​ញ្ញាណ​, លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ រួម​នឹង​មន្ដ្រី សង្ឃ សមណ​សិស្ស ដូនជី តាជី ចាស់ព្រឹទ្ធាចារ្យ ទាំង​ផ្នែក​គន្ថធុរៈ និង​ផ្នែក​វិបស្សនាធុរៈ​។

​នៅ​ក្នុង​ថេរ​ដីកា​សំណេះសំណាល​របស់​ព្រះ​គ្រូ​គៀត ច័ន្ទ​ធុ​ច និង​មតិ​សំណេះសំណាល​របស់​លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ បាន​បង្ហាញ​ថា នៅ​ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨​នេះ វត្ដ​ជោ​ត​ញ្ញាណ​បើក​ថ្នាក់​ពុទ្ធិកបឋមសិក្សា​ចំនួន​២​ថ្នាក់ គឺ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​៣ មាន​សមណ​សិស្ស ចូល​សិក្សា​ចំនួន​៤៣​អង្គ​។ ចំណែក​ផ្នែក​វិបស្សនាធុរៈ​ក៏​មាន​បើក​បង្រៀន​ដែរ ដោយ​មាន​ទាំង​ព្រះសង្ឃ ដូនជី តាជី និង​ចាស់ព្រឹទ្ធាចារ្យ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ដ និង​ចូល​រៀន​ផ្នែក​សមាធិ​កម្មដ្ឋាន ក្រោម​ការ ផ្គត់ផ្គង់​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ដ រួម​នឹង​ពុទ្ធបរិស័ទ​មក​គ្រប់​មជ្ឈដ្ឋាន ។​

ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច ឆ្លៀត​ក្នុង​ឱកាស​នោះ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមណ​សិស្ស និង​ដូនជី តាជី ទាំងអស់ ត្រូវ​ខិតខំ​ត្រងត្រាប់ និង​ប្រតិបត្ដិ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ស្រប​តាម​ប្រកាស របស់​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ដ្រី​សង្ឃ ដែល​ឱ្យ​គ្រប់​វត្ដ​អារាម​ខិតខំ​អភិវឌ្ឍ​វត្ដ​អារាម​ផង និង បណ្ដុះ បណ្ដាល​ធនធានមនុស្ស បំរើ​សង្គម​ជាតិ​ផង ។ ជាមួយ​គ្នា​នេះ សមណ​សិស្ស​គ្រប់​អង្គ​ក៏​ត្រូវ​ខិតខំ​រៀន សូត្រ​តាម​គ្រូ​ធម្មាចារ្យ បង្ហាត់បង្រៀន​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ ។​

Labels: ,

 
 

ប្ដី​កាប់​.​ក​ប្រពន្ធ​នឹង​កាំបិតប៉័ងតោ​ត្រូវ​ចាប់ខ្លួន​ពេល​ប្រុង​ចង​.​ក

ខេត្ដស្វាយរៀង ៖ ពិតជា​គេចខ្លួន​មិន​រួច ឬ​មិន​អាច​គេច​អស់​មួយ​ជីវិត​បាន​ទេ ទីបំផុត​ឈ្មោះ​ពុត សំ​រក្សា ហៅ​សា​ខន ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត “​កាប់​.​ក​ប្រពន្ធ​សម្លាប់​” នៅ​ភូមិ​ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ដស្វាយរៀង​សហការ​ជាមួយ​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​ឃុំ​ព្រៃ​ពោន ស្រុក កំពង់ត្របែក ខេត្ដព្រៃវែង ធ្វើការ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ទី​៦ មិថុនា ២០០៧ នៅ​ចំណុច ក្រោម​ដើម​ស្វាយ​ក្នុង​វាលស្រែ ស្ថិត​ក្នុងភូមិ​ជី​អក ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្ដព្រៃវែង ខណៈ​ពេល ដែល​ជន​នេះ​កំពុង​ចងក្រមា​លើ​ដើម​ស្វាយ​បំរុង​ចង​.​ក​សម្លាប់​ខ្លួន ។​

​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ដស្វាយរៀង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់ ប្រពន្ធ​ដោយ​កាប់​.​ក​នឹង​កាំបិតប៉័ងតោ​រួច​មក ជនល្មើស​បាន​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត ហើយ​សំងំ​ពួន​នៅ ទីនោះ​រហូត ។ បើ​ពិនិត្យ​មើល​ស្ថានភាព​ជនល្មើស​វិញ ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ហាក់ដូចជា មនុស្ស​ឆ្កួត​ទៅ​ហើយ គឺ​បាត់​អស់​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​រវើរវាយ​គិត​ច្រើន​ផ្ដេសផ្ដាស ចេះ​តែ​ចង់រ​ត់ទៅ ចង​.​ក​សម្លាប់​ខ្លួន ។​

​សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា នេះ​សំណាង​ហើយ​ដែល​សមត្ថកិច្ច​ទៅ​ដល់​ទាន់​ពេលវេលា ខណៈ​ដែល​ជន​នេះ កំពុង​តែ​ប៉ុនប៉ង​ចង​.​ក​សម្លាប់​ខ្លួន បើ​លោតែ​យឺត​ពេល​ប្រហែល​៣០​នាទី​ទៀត ច្បាស់​ជា​ចាប់​បាន​សាកសព ជនល្មើស​ជាក់​ជា​មិន​ខាន ព្រោះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ (​កន្លែង​ចាប់ខ្លួន​ខាងលើ​) ជនល្មើស​បាន​ចងក្រមា ជាប់​នឹង​ដើម​ស្វាយ​រួចរាល់​ទៅ​ហើយ តែ​ពុំ​ទាន់​ដាក់​ក្បាល​ចូល​ក្នុង​ក្រមា​មច្ចុរាជ​នៅឡើយ​។ ប៉ូលិស​ថា បើ​យឺត​ពេល​បន្ដិច​ជន​នេះ​នឹង​ស្លាប់ ។​

Labels: ,

 
 

ឃ្វាលគោ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​ប្អូន របួស​បង

ខេត្ដពោធិ៍សាត់ ៖ កូនចៅ​អ្នក​ភូមិ​ពីរ​នាក់​បងប្អូន​ដែល​ទៅ​ឃ្វាលគោ​ហើយ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។ បាតុភូត​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​កន្លះ ថ្ងៃ​ទី​៥​មិថុនា ២០០៧ នៅ​ចំណុច​ចំការ​ខ្នុរ ស្ថិត​ក្នុងភូមិ​កំ​រែង ឃុំ​ស្វាយ​.​ស ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ ក្នុង​ខណៈ​ពេល​មេឃងងឹត​ធ្លាក់​ភ្លៀង​តិចៗ​។

​លោក​ហុង ថា​ន់ មេឃុំ​ស្វាយ​.​ស បាន​ប្រាប់ កោះសន្ដិភាព​ថា កុមារ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​ឈ្មោះ​លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រីឯ​កុមារី​រង​របួស​ជា​បង​បង្កើត​ឈ្មោះ លាង សុខ​គា អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ​។ លោក​មេឃុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ស្នាម​ជាំ​ក្រលៀន​ឡើង​ខ្មៅ រហែក​ខោអាវ​ដូច​គេ​វះងៀត ។ ក្មេង​ប្រុស​ឈ្មោះ​លាង រ​ដ្ឋា ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ក្មេង​ស្រី​ឈ្មោះ​លាង សុខ​គា ជា​បង​សន្លប់​និង​មាន​សភាព​ស្លេកស្លាំង​ដូច​ពុល​អ្វីមួយ ។ លោក មេឃុំ​ស្វាយ​.​ស​ឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ មិថុនា ២០០៧ នោះ​មេឃ​បញ្ចេញ​កំ​ដៅ​ពេញ​មួយ​ថ្ងៃ លុះដល់​ម៉ោង​ជិត​៣​ស្រាប់តែ​មេឃ​ស្រទុំ​ធ្លាក់​ខ្យល់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​បន្ដិចបន្ដួច ប៉ុន្ដែ​ពោរពេញ ទៅ​ដោយ​ផ្លេក​ន្ទោ​រ​ច្រវាត់​ពេញ​មេឃ​គួរ​ឱ្យ​ភ័យ​ខ្លាច​។ ចំណែក​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ដែល​ទៅ ឃ្វាលគោ​នៅ​ចំណុច​ចំការ​ខ្នុរ​ចំងាយ​ពី​ផ្ទះ​ប្រហែល​មួយ​គីឡូម៉ែត្រ​នោះ បាន​ជ្រក​ក្រោម​ដើមឈើ​ទាំង​ពីរ​នាក់ ខណៈនោះ​ក៏​ត្រូវ​រន្ទះបាញ់​ឆក់ យក​ជីវិត​ប្អូនប្រុស​តែ​ម្ដង​ទៅ​ដោយ​បន្សល់​ទុក​បងស្រី​សន្លប់​ក្បែរ​នោះ​ទាល់ តែ​អ្នកស្រុក​ដើរទៅ​ជួប​ទើប​នាំ​គ្នា​ដឹក​យក​មក​ផ្ទះ​។​

គួរ​រំលឹក​ថា ឆ្នាំ​នេះ​នៅ​ខេត្ដពោធិ៍សាត់ មាន​កើតឡើង​នូវ​ករណី​រន្ទះបាញ់​៦-៧​លើក​មក​ហើយ ហើយ កាលពី​ខែ​មុន​នេះ​នៅ​ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ រន្ទះបាញ់​ងាប់​គោ​អស់ ១១​ក្បាល​ទៀត​ផង​។​

Labels:

 
 

កតញ្ញូ​និង​ស្នេហា

​ដើម្បី​ទៅ​ភូមិ​ខាងត្បូង គេ​ត្រូវ​ឆ្លងកាត់​ផ្លូវ​ទួល​ជើងភ្នំ​ដែល​មាន​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ ។ ថ្ងៃមួយ​នាង ក្រមុំ​មានការ​ត្រូវ​ទៅ​ភូមិ​នោះ តែ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ម្នាក់ឯង ព្រោះ​ផ្លូវ​ស្ងាត់​ពេក ណាមួយ​ទួល​ខ្ពស់​ពិបាក ជិះ​កង់​ផង ក៏​ពឹង​សង្សារ​របស់​ខ្លួន​ឱ្យ​ធាក់​កង់​ជូន​ទៅ ។ ពេល​ឡើង​បាន​ពាក់កណ្ដាល​ទួល យុវជន​ជា​សង្សារ បែកញើស​ប៉ុនៗ​គ្រាប់ពោត ដកដង្ហើម​សឹង​មិន​ដល់​គ្នា​។ ឃើញ​ដូច្នេះ​នាង​ក្រមុំ​ឃាត់ ៖
-​បង​ទៅ​មុខ​ទៀត​មិន​រួច​ទេ​, ឈប់​ត្រឹមហ្នឹង​ចុះ ។ យើង​នាំ​គ្នា​ដើរ​វិញ ។​
​យុវជន​ជា​សង្សារ​តប ៖
-​អូន​កុំ​ព្រួយ​! ដើម្បី​អូន​ទោះ​ត្រូវ​ជិះ​កង់​កាត់​កំពូលភ្នំ​ក៏​បង​ជិះ​បាន​ដែរ កុំ​ថា​ឡើយ​ផ្លូវ​ទួល​ជើងភ្នំ​ប៉ុណ្ណឹង​។ អូន​អោប​ចង្កេះ​បង​ឱ្យ​តែ​ជាប់​ទៅ​បាន​ហើយ ។​
​ពិត​ដូច​ការ​អះអាង​មែន យុវជន​លង់​ស្នេហ៍​ប្រឹង​ធាក់​កង់​ឌុ​ប​សង្សារ​ទាល់តែ​ឆ្លង​ផុត​ទួល ដោយ​អត់​បាច់ ចុះ​ដើរ​។ មក​ដល់​ផ្ទះ​វិញ នាង​ក្រមុំ​យក​រឿង​នេះ​អួត​ប្រាប់​ម្ដាយ​អ្នក​កំលោះ ដែល​នាង​គិត​ថា​អនាគត នឹង​ក្លាយជា​ម្ដាយក្មេក​ខ្លួន​។ ឮ​ដូច្នេះ​លោកយាយ​ម្ដាយ​អ្នក​កំលោះ​ចង់​សាក​ចិត្ដ​កូនប្រុស តើ​មានចិត្ដ​កតញ្ញូ ប៉ុន្មាន​ដែរ បើជា​មួយ​ស្នេហា​ហ៊ាន​តស៊ូ​ម្លឹ​ងៗ​? ស្អែក​ឡើង​គាត់​ក៏​ហៅ​កូនប្រុស​ជិះ​កង់​ឌុ​ប​គាត់​ទៅ​ភូមិ ខាងត្បូង​ម្ដង ។ ប៉ុន្ដែ​លើក​នេះ ពេល​ឡើង​បាន​ពាក់កណ្ដាល​ទួល​ខ្ពស់ ស្រាប់តែ​អ្នក​កំលោះ​ប្រាប់​ម្ដាយ ៖
-​ម៉ែ​ចុះ​ដើរ​សិន​ទៅ​, ខ្ញុំ​ឌុ​ប​ទៀត​មិន​រួច​ទេ ។​
​លោកយាយ​ជា​ម្ដាយ​បើកភ្នែក​ធំៗ ៖
-​ចម្លែក​មែន​, ជាមួយ​សង្សារ​ឌុ​ប​រួច​រហូត​ដល់​គោលដៅ តែ​ជាមួយ​ម្ដាយ​បាន​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ទៅ​មុខ លែង​រួច ។ មើល៍​, ម៉ែ​សួរ​បន្ដិច រវាង​កតញ្ញូ​និង​ស្នេហា​មួយ​ណា​ធ្ងន់​ជាង​?
​យុវជន​យើង​ឆ្លើយ​របៀប​អេះ​អុញ ៖
-​បាទ​, គឺ​កតញ្ញូ​ធ្ងន់​ជាង !
-​អ៊ីចឹង​ហេតុ​ម៉េច​ឌុ​ប​សង្សារ​រួច តែ​ឌុ​ប​ម៉ែ​មិន​រួច​?
-​បាទ​, ព្រោះតែ​កតញ្ញូ​ធ្ងន់​ជាង​ស្នេហា​នោះ​អី​?​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.