<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​រង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត

រាជធានី​ភ្នំពេញ ៖ យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​ម្នាក់ បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ជន​ដៃដល់​២​នាក់ ដែល​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ចាក់​ស្រោច​ទឹក​អាស៊ីត​ពីលើ​បណ្ដាល​ឱ្យ​រោល​រលាក​ពេញ​ខ្លួនប្រាណ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ចំណុច​កែង​មហាវិថី ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ មុខ​មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ​។ ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល សិស្ស​រូប​នោះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វិទ្យាល័យ​ឆ្ពោះទៅ​ផ្ទះ​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧ មក​រា ដែល​មាន​ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។​

នេះ​ជា​ការ​វាយប្រហារ​ថ្មី​មួយទៀត​ពី​សំណាក់​ជនល្មើស ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​ធ្វើ​ជា​អាវុធ បន្ទាប់​ពី ការ​វាយប្រហារ​បែប​នេះ​បាន​ស្ងប់ស្ងាត់​យូរ​មក​ហើយ ។ ទោះបីជា​បែប​ណា ការ​វាយប្រហារ​បែប​នេះ​គេ ច្រើន​កត់​សំគាល់ថា កើតឡើង​តែ​ទៅ​លើ​ស្ដ្រី ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ប្រពន្ធចុង ឬ​ជា​ស្ដ្រី​កំណាន់ ហើយ នារី​ដែល​រង​គ្រោះ​មិន​ធ្លាប់​មាន​ជា​សិស្សសាលា​នោះ​ទេ ដូច្នេះ​ការ​វាយប្រហារ​លើ​សិស្ស​នារី​វិទ្យាល័យ​នេះ គឺជា​លើក​ទី​មួយ​ហើយ ។​

តាម​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា គេ​បានឃើញ​នារី​រង​គ្រោះ និង​មិត្ដភក្ដិ ៣​នាក់​ទៀត​ចេញ​មក​ពី​វិទ្យាល័យ​វត្ដ​កោះ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៩​ឆ្ពោះទៅ ទិស​ខាងលិច ដោយ​មាន​ទឹកមុខ​ញញឹមញញែម និង​និយាយ​គ្នា​បណ្ដើរ​ដើរ​បណ្ដើរ ។ លុះ​មក​ដល់​មុខ មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ដែល​មា​នទី​តាំងនៅ​កែង​មហាវិថី​ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ ស្រាប់តែ​មាន​យុវជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន C125 ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី បាន​បើក​មក​ពីក្រោយ ដោយ​អែប​ម៉ូតូ​ក្បែរ​នារី​រូប​នោះ រួច​លើក​ធុង​ពណ៌​ផ្កាឈូក​មួយ ចាក់ទឹក​ស្រោច​ពីលើ​ក្បាល​នាង​ទទឹកជោក បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​បើក​ម៉ូតូ​បត់​ទៅ​ទិស​ខាងជើង តាម​មហាវិថី​ព្រះ​មុនី​វង្ស​គេចខ្លួន​បាត់​ស្រមោល ទៅ​។ ខណៈ​ពេល​ដែល​យុវជន​ស្ទាវ​បើក​ម៉ូតូ​ចេញ​ទៅ​បាត់ ក៏​ឮ​សំលេង​ស្រែក​ទ្រហោយំ​ឱ្យ​ប្រជាពលរដ្ឋ ដូច​ជា​មិត្ដភក្ដិ​រួម​ដំណើរ​ជួយ ព្រោះ​នាង​ទទួល​រង​នូវ​ភាព​ក្ដៅក្រហាយ​ស្បែក​ក្បាល និង​ខ្លួន​យ៉ាង​ខ្លាំង ទើប ម្នាក់ៗ​ភ្ញាក់ផ្អើល​ថា​ជា​ទឹក​អាស៊ីត ។​
​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​លើកយក​ទៅ​ដាក់​នៅ​មុខ​សណ្ឋាគារ​ញូ​វ​យ៉​ក ហើយ​អ្នកខ្លះ​យក​ទឹក​មក​ស្រោច ពីលើ​ក្បាល និង​ខ្លះ​ទៀត​យក​ទឹកកក​ស្អំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដ៏​ក្ដៅ​រោលរាល​នោះ រួច​បន្ទាប់ មក​ក៏​ត្រូវ​បាន​គេ​ដឹក​ភ្លាមៗ​ទៅ​កាន់​គ្លី​នី​ក​ឯកជន​មួយ ព្រោះ​មុខរបួស​មាន​ស្ថានភាព​ខ្មៅ​កន្ទួល​បណ្ដើរៗ ទៅ​ហើយ​។ នៅ​កន្លែង​កើតហេតុ មាន​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា ច្រងេងច្រងាង ព្យាយាម​រារាំង​អ្នកកាសែត​មិន​ឱ្យ​ថត​នារី​រង​គ្រោះ​ដែល​ត្រូវ​គេ​ជះ​ទឹក​អាស៊ីត​នេះ​ទេ ដែល​មិនដឹង​ថា​មក​ពី មូលហេតុ​អ្វី ហើយ​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​ស្ទាវ​ដែល​ទំនងជា​មិត្ដភក្ដិ​បាន​នាំ​គ្នា​មក​រារាំង និង​ហាមឃាត់ អ្នកកាសែត​ដែរ​។ នារី​រង​គ្រោះ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ គី​រី ចរិយា អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​វត្ដ​កោះ រៀន​ថ្នាក់​ទី​១១ ស្នាក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ​។​

មន្ដ្រី​ប៉ូលិស​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ដោយ​មិន​ផ្លូវការ​ថា អំពើ​ហិង្សា​ជះ​ទឹក​អាស៊ី​តទៅ​លើ សិស្ស​នារី​នោះ ទំនងជា​កើត​ចេញពី​ស្នេហា​ត្រីកោណ ក៏​ប៉ុន្ដែ​ក្រុម​គ្រួ​សារបាន​អះអាង​ថា នារី​រង​គ្រោះ មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ទេ ហើយ​រឿង​ស្នេហា​គូ​កំណាន់​ក៏​គ្មាន​ដែរ ។ ចំណែក​ប្រភព ព័ត៌មាន​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​នារី​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្លាកស្នាម​ជះ​ទឹក​អាស៊ីត​មាន​សភាព ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃមុខ និង​ដៃ​ទាំង​សងខាង ហើយ​ទំនងជា​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​។ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ត្រូវ​បានឱ្យ​ដឹង​ភ្លាមៗ​នោះ​ទេ ជុំវិញ​ការ​វាយប្រហារ​ដោយ ទឹក​អាស៊ីត​នេះ​។​

​ការ​តាមដាន​អាច​និយាយ​បាន ទី​១-​បើសិនជា​នាង​គ្មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ម្នាក់ ឬ​ទាក់ទង​នឹង​ស្នេហា ត្រីកោណ ឬ​មាន​បញ្ហា​ផ្សេង​ដែល​ស្មាន​មិន​ដល់ ការ​វាយប្រហារ​ទាំង​កំរោល​របស់​ជន​ស្ទាវ​ទាំង​២​នាក់​នោះ អាច​ជា​ការ​ភាន់ច្រឡំ​មនុស្ស ចំណែក​ទី​២-​ក៏​អាច​និយាយ​បាន​ថា បើ​គ្មាន​ភ្លើង​ពិតជា​គ្មាន​ផ្សែង​ទេ ។ ទោះបី ជា​យ៉ាងណា ការ​ប្រើប្រាស់​ទឹក​អាស៊ីត​វាយប្រហារ​ទៅ​លើ​គូប​ដិ​បក្ស​បែប​នេះ ត្រូវ​តែ​ថ្កោលទោស ព្រោះ​ជា ការ​បង្ក​នូវ​ក្ដី​ឈឺចាប់​អស់​មួយ​ជីវិត ប្រសិនបើ​មិន​ស្លាប់ អ្នក​រង​គ្រោះ​នឹង​ក្លាយទៅជា​ខ្មោច​មិន​ខ្មោច មនុស្ស​មិន​មនុស្ស រស់​មិន​រស់ ស្លាប់​មិន​ស្លាប់ គឺជា​ការ​ចងកម្ម​វេរា​គួរ​ឱ្យ​រន្ធត់​ដែល​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មិន​ត្រូវធ្វើ​ឡើយ ។​

Labels: , ,

 
 

ឆេះ​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​អង្គស្នួល​ងាប់​មាន់​ជាង​៤​ពាន់​ក្បាល

ខេត្ដកណ្ដាល ៖ រោង​ចិញ្ចឹម​មាន់នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បណ្ដាល​ឱ្យ​ងាប់​មាន់​អស់​ជាង​៤.០០០​ក្បាល ព្រមទាំង​សម្ភារៈ​ប្រើប្រាស់ និង​ចំណី​សំរាប់​ទុក​ឱ្យ​មាន់​ស៊ី ជា​ច្រើន​បាវ​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា នៅ​កសិដ្ឋាន​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ ម្ចាស់​កសិដ្ឋាន ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ប៉ុន្ដែ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឈ្មោះ អ៊ុ​ច ប៉ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា រោង​ចិញ្ចឹម​មាន់​ខាងលើ​នោះ​ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ដែល​សាងសង់​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ ហើយ​ត្រឹមតែ មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ។ នៅ​ក្នុង​រោង​មាន់​នោះ ក៏​មាន​ធ្វើ​កន្លែង​សំរាប់ អ្នក​មើល​ការ​ខុស​ត្រូវ​ស្នាក់​នៅ​ផង​ដែរ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​ចំណាស់​អ្នក​មើល​ការ​ខុស​ត្រូវ បាន​ដឹកគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ដោយ​ទុក​ចៅប្រុស​របស់​គាត់​ម្នាក់​អាយុ​៦​ឆ្នាំ ឱ្យ​នៅ​ក្នុង​រោង​មាន់​នោះ តែ​ម្នាក់ឯង​។ កន្លែង​ដែល​គាត់​ចង​គោ នៅ​មិន​ឆ្ងាយ​ពី​រោង​មាន់​ប៉ុន្មាន​ទេ គឺ​នៅ​ក្នុង​បរិវេណ​កសិដ្ឋាន នោះ​ដែរ​។ ពេល​កំពុង​តែ​ចង​គោ ស្រាប់តែ​ឮ​ចៅប្រុស​ស្រែកហៅ និង​ប្រាប់​ថា ភ្លើង​ឆេះ​រោង​មាន់ ពេល​គាត់ ក្រឡេក​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។​

ប្រភព​ដដែល​បាន​បន្ដ​ថា ក្នុង​ខណៈនោះ​គាត់​បាន​យក​ចៅ​ចេញពី​ក្នុង​រោង ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ស្លាប់ ហើយ ពុំ​មានការ​ជួយ​អន្ដរាគមន៍​ពន្លត់​ភ្លាមៗ​នោះ​ទេ ព្រោះ​កសិដ្ឋាន​នៅ​ដាច់​ឆ្ងាយ​ពី​គេ ទំ​រាំ​តែ​មានការ​ភ្ញាក់ផ្អើល ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​។ ពេល​នោះ​មាន់នៅ​ក្នុង​ទ្រុង​មួយ​ចំនួន​ធំ​បាន​ងាប់​ក្នុង​ភ្លើង ឯ​មួយ​ចំនួន តូច​បាន​ហើរ និង​រត់​ចេញ​រួច ប៉ុន្ដែ​ចំពោះ​ឧបករណ៍​សំរាប់​ចិញ្ចឹម​មាន់ និង​ចំណី​សំរាប់​ឱ្យ​មាន់​ស៊ី​ត្រូវ​ក្លាយជា ចំណី​ភ្លើង​ទាំងអស់ ។ ក្រោយ​ពេល​កើតហេតុ​រោង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ទូរទស្សន៍ ស​-​ខ្មៅ​១​គ្រឿង អា​គុយ​ចំនួន​៣ ធុង​ហ្គា​ស់​២ ចំណី​ស្ដុក​ទុក​សំរាប់​ឱ្យ​មាន់​ស៊ី​ចំនួន​៦៥​បាវ ឧបករណ៍​សំរាប់ ចិញ្ចឹម​មាន់ ព្រមទាំង​មាន់​ចំនួន​ជាង​៤​ពាន់​ក្បាល​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ។​

មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន គ្រោះ​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ចៅប្រុស​របស់​បុរស អ្នក​មើល​ការ​ខុស​ត្រូវ លេង​ភ្លើង​ឬ​លេង​ចង្ក្រានហ្គាស់ ព្រោះ​ក្នុង​ខណៈ​ពេល​នោះ​ភ្លើង​បាន​ឆាបឆេះ​ចេញពី កន្លែង​ដែល​គាត់​ស្នាក់​នៅ​តែ​ម្ដង ។ មាន់​នោះ​គេ​ចិញ្ចឹម​រយៈពេល​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ នឹង​ដល់​ពេល​ត្រូវ លក់​ហើយ ប៉ុន្ដែ​ពេល​នេះ ទើបតែ​បាន​៣៥​ថ្ងៃ គឺ​នៅ​សល់​១០​ថ្ងៃ​ទៀត ទើប​ដល់​ពេល​ត្រូវ​ចាប់​លក់ ក៏​ត្រូវ​ក្លាយជា​ចំណី​អគ្គី​ភ័យ​អស់ សូ​ម្បី​តែ​សល់​សាច់​ក៏​គ្មាន​ដែរ ក្រៅពី​ក្លាយជា​ផេះ​នោះ ។​

Labels: ,

 
 

អង្គការ​ជប៉ុន​ស្ម័គ្រចិត្ដ​ជួយ​បំផុស​ចលនា​ដាំ​ដើមឈើ​ជីវចំរុះ

ខេត្ដស្វាយរៀង ៖ សិក្ខាសាលា​ស្ដី​ពី​ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​និង​ជីវចំរុះ​ដែល ឧបត្ថម្ភ​ដោយ​អង្គការ វី​ស្សូ​-​កូ​លី​-​កៃ (​សន្ដិ​ស្ម័គ្រចិត្ដ​) ប្រទេស​ជប៉ុន ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ស្ថិត​ក្នុងភូមិ​ស្វាយ​ក្អែ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្ដស្វាយរៀង កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០០៧ រយៈពេល ពេញ​មួយ​ថ្ងៃ ក្រោម​អធិបតីភាព លោក​យស គឹ​ម​ស៊ា​ន អភិបាលរង​ស្រុក​ស្វាយ​ជ្រំ ។ ចូលរួម​ក្នុង សិក្ខាសាលា​នេះ គេ​សង្កេត​ឃើញ​វត្ដមាន​លោក​ទេព ធន់ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ ព្រះ សាសន​មុនី ជេ​ត ឌិ​ត ព្រះ​មេគណ​ខេត្ដ ព្រះ​វិសុទ្ធិ​ញាណ​មុំ សយ ព្រះ​អនុគណ​ស្រុក​ស្វាយ​ជ្រំ លោក យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រចិត្ដ ព្រះសង្ឃ​ចំនួន​៦៥​អង្គ មក​ពី​វត្ដ​នានា​ជុំវិញ​ខេត្ដ អាចារ្យ​តាម​វត្ដ​នានា ព្រមទាំង​មេ​ភូមិ មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​សរុប ចំនួន​៨៥​នាក់​ទៀត ។

​សិក្ខាសាលា​នេះ រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់ បាន​យល់​ដឹង​អំពី​គុណសម្បត្ដិ នៃ​ដើមឈើ ចេះ​អំពី​របៀប​បណ្ដុះ​កូន​ឈើ របៀប​ដាំ​និង​របៀប​ថែរក្សា​កូន​ឈើ​ឱ្យ​រីក​លូតលាស់ ស្រស់ បំព្រង ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្ដស្វាយរៀង​ពោរពេញ​ទៅ​ដោយ​ពណ៌​បៃតង ។​

លោក​យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដបាន​មាន​ប្រសាសន៍​ថា ខេត្ដស្វាយរៀង គឺជា​ខេត្ដ​ដែល​ក្រីក្រ​ជាងគេ និង​ខ្សត់​ដើមឈើ​ជាងគេ តែ​ការ​ដាំ​ដើមឈើ​គឺ​មិន​ទាន់​យឺត​ពេល​ទេ ដូចនេះ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​ដាំ​ឱ្យ​បាន​ច្រើន​និង​គ្រប់​ទីកន្លែង ។ មនុស្ស​គ្រប់​រូប​មាន​ភារកិច្ច​ថែរក្សា បរិស្ថាន​ឱ្យ​បាន​ស្អាត​ល្អ ដែល​ទាមទារ​ឱ្យ​យើង​ព្យាយាម​និង​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សេចក្ដីសុខ​ចំរើន​របស់​កូនចៅ​យើង​ជំនាន់​ក្រោយ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ថ្ងៃនេះ​ម៉ោង​នេះ នៅ ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុងធ្វើការ​ជួប​ប្រជុំ​គ្នា​រវាង​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចំនួន​៨ ដើម្បី​ពិភាក្សា​អំពី បរិស្ថាន នៅ​លើ​ពិភពលោក​និង​រក​វិធី​កែប្រែ​ធ្វើ​យ៉ាងណា​ឱ្យ​ជីវិត​នៅ​លើ​ផែនដី មាន​និរន្ដរភាព​ចៀស​ផុត ពី​ជំងឺ​តម្កាត់​នានា ដែល​បណ្ដាល​មក​ពី​ភាព​អាប់អួ និង​សារធាតុពុល​ដែល​មាននៅ​ក្នុង​បរិស្ថាន ។​

គួរ​បញ្ជាក់​ថា នៅ​តាម​ផ្លូវ​ទី​សាធារណៈ ពិសេស​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ត្រូវ​បាន​គេ​ចង​បដា​ដែល​មាន សរសេរ​ខ្លឹមសារ​ថា “​មាន​ព្រៃឈើ​ទើប​មានទឹក មានទឹក​ទើប​មានជីវិត​” ដែល​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​ជីវិត​ទាំងអស់​នៅ​លើ​ផែនដី ដូចនេះ​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចូលរួម​ដាំ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គ្រប់ៗ​គ្នា ។​

Labels: ,

 
 

ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ខេត្ដសៀមរាប​ប្រារឰ​ទិវា​បរិស្ថាន​ឆ្នាំ​២០០៧

ខេត្ដសៀមរាប ៖ តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចេញ​នូវ​អនុក្រឹត្យ លេខ​១៥​អន​ក្រ​. បក ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ តំរូវ​យក​ថ្ងៃ​ទី​៥ មិថុនា ជា​ថ្ងៃ​ប្រារឰ​ទិវា​បរិស្ថាន ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មានការ​ចូលរួម​ពី​សំណាក់ សមាគម អង្គការក្រៅរដ្ឋាភិបាល ដែល​ស្ថិត​នៅ​ក្រោម​ពាក្យស្លោក “​បរិស្ថាន​ល្អ សង្គម​ល្អ វប្បធម៌​រុងរឿង និង​ទីក្រុង​ស្អាត បរិស្ថាន​ល្អជា​ប្រភព​នៃ​សុខភាព​របស់​ប្រជាជន​” និង​ក្រោម​ប្រធានបទ “​ការ​រលាយ​ទឹកកក នៅ​តំបន់​ប៉ូ​ល​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​”​។ មិ​ទ្ទិញ​ស្ដី​ពី​ការ​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន ពិភពលោក ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០០៧ ត្រូវ​បាន​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដសៀមរាប ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​អង្គរ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ក្រោម​អធិបតីភាព លោក​បណ្ឌិត​ម៉ុ​ក ម៉ា​រ៉េ​ត ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង​លោក ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាគម​-​អង្គការ​ក្រៅ រដ្ឋាភិបាល មន្ដ្រី​តំណាង​ឱ្យ​ក្រសួង​-​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ដ​រួម​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង ច្រើន​កុះករ ។

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​លោក​ទេព ប៊ុ​ន​ឆាយ អភិបាលស្រុក​សៀមរាប និង​ការ​លើក​ឡើងជា​ចំណាប់ អារម្មណ៍​របស់​លោក​សេង សា​វី អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ន​ទ្រី (​កម្ពុជា​) ចំកាត់ ព្រមទាំង​ចំណាប់អារម្មណ៍ របស់​លោក ឈឹ​ត សំអាត នាយក​ប្រតិបត្ដិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ដែល​ថ្លែង បញ្ជាក់​ថា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​តាម​រយៈ​គំរោង​បរិស្ថាន បាន​ធ្វើការ​យ៉ាង​ជិត ស្និទ្ធ​ទៅ​លើ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ NGO Forum បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​ក្នុង​ការ​ជួយ​អប់រំ​ផ្សព្វផ្សាយ​តស៊ូ​មតិ​ពិភាក្សា និង គាំទ្រ​ដល់​សហគមន៍​ទាំងឡាយ​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់ ពី​បញ្ហា​បរិស្ថាន​បណ្ដាល​មក​ពី​គំរោង អភិវឌ្ឍន៍​ធំៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ មិនតែប៉ុណ្ណោះ​យើង​ក៏​បាន​ធ្វើការ​យ៉ាង​សកម្ម​ផង​ដែរ ទៅ​លើ ការ​ពង្រឹងសមត្ថភាព​សហគមន៍ និង​ការងារ​បណ្ដាញ​តស៊ូ​មតិ​ជាមួយនឹង​បញ្ហា​បរិស្ថាន​ជា​ច្រើន​ដែល​បណ្ដាល មក​ពី​គំរោង ព្រៃ រ៉ែ និង​ដី​សម្បទាន​ធំៗ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បញ្ជាក់​ថា បញ្ហា កើនឡើង​កំ​ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​មិន​មែនមាន​បញ្ហា​ចំពោះតែ ប្រទេស​កម្ពុ​ជាមួយ​នោះ ទេ​តែ​នេះ​ជា​បញ្ហា​រួម​ដែល​ត្រូវ​ធ្វើការ​គិតគូរ​ពិចារណា​ទាំងអស់​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ ពីព្រោះ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បំពុលបរិយាកាស និង​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​របស់​ផែនដី​យើង ។​

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ លោក​ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប​បាន​បញ្ជាក់​ថា ខេត្ដសៀមរាប ជា​ខេត្ដ​ដែល​សំបូរ​ដោយ​ប្រាសាទបុរាណ​ច្រើន​ជាងគេ ហើយ​ក៏​ជា​ខេត្ដ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ លើ​វិស័យ​ទេសចរណ៍វប្បធម៌​ដែរ ដូច្នេះ​ខេត្ដសៀមរាប​ជា ខេត្ដ​និមិត្ដរូប​នៃ​ខឿនវប្បធម៌​ដ៏​រុងរឿង ដែល បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​ឱ្យ​ជា​កេរដំណែល​ប្រវត្ដិសាស្ដ្រ និង​ជា​និមិត្ដរូប​មួយ នៃ​ខឿន​បរិស្ថាន សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​នោះ​។ លោក​អភិបាលខេត្ដ​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្នុង​នាម​ប្រមុខ​ដឹកនាំ នៃ អាជ្ញាធរ​ខេត្ដ​បាន​ចាត់​ទុក​កិច្ច​គាំពារ​បរិស្ថាន​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​រួមចំណែក​គាំពារ ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ដ ដែល​អាជ្ញាធរ​បាន​គិតគូរ​ដល់​កិច្ច​ការពារ បរិស្ថាន​ធម្មជាតិ ជា​ពិសេស​ធនធាន​ព្រៃឈើ និង​រក្សា​ដើមឈើ​ធំៗ ដែល​ដុះ​លូតលាស់​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នានា ព្រម ទាំង​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ជា​របាំង​ការពារ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​លោក​ស៊ូ ភិ​រិ​ន្ទ បាន​ធ្វើការ អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​ឡើង​ថែម​ទៀត ដើម្បី​ស្រាវជ្រាវ​រកមុខ​អ្នក ដែល​បំផ្លាញ​ធនធានធម្មជាតិ ជា​ពិសេស​ការ​កាប់​រាន​ដី ព្រៃឈើ ព្រៃ​លិច​ទឹក​ដើម្បី​ទប់ស្កាត់ និង​អប់រំ ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ ឬ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ។ លោក​បាន​សង្កត់ ធ្ងន់​ថា យើង​ត្រូវ​ខិតខំ​អនុវត្ដ​ច្បាប់​ដែល​មាន​ជា​ធរមាន​បន្ថែម​ទៀត ជា​ពិសេស​បទបញ្ជា​លេខ​០១​បប របស់ នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០០៦ ដែល​បាន​ព្រមាន​ថា អ្នក​ប្រព្រឹត្ដ ល្មើស​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ហើយ​ប្រគល់​ដី​ទាំងនោះ​មក​ឱ្យ​រដ្ឋ​វិញ ចៀសវាង​ការ​ប្រឈម​មុខ ជាមួយ​ច្បាប់ ។​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​ម៉ុ​ក ម៉ា​រ៉េ​ត បាន​ថ្លែង​ថា ទិវា​បរិស្ថាន ៥ មិថុនា គឺជា ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​នៃ​ចលនា​អន្ដរជាតិ​ដែល​បាន​ចាប់ផ្ដើម​ឡើង​នៅ ឆ្នាំ​១៩៩២ ក្រោម​កិច្ចប្រជុំ​កំពូល នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មាន​គោលបំណង​ជំរុញ​ប្រទេស​ទាំងអស់​ក្នុង​សាកលលោក​ឱ្យ​កាន់តែ យកចិត្ដ ទុកដាក់​ចំពោះ​បញ្ហា​បរិស្ថាន​របស់​ខ្លួន​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍​ជាតិ និង ការ​រីក​ចំរើន​ក្នុង​ពិភពលោក ទាំងមូល ។ លោក​ទេស​រដ្ឋមន្ដ្រី​បាន​ថ្លែង​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ លេខ​១៥​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ មិថុនា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ប្រារឰ​ព្រម​គ្នា​នូវ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​មនុស្ស គ្រប់ៗ​រូប​ឱ្យ​គិតគូរ​ពី​ហានិភ័យ​បរិស្ថាន​នានា ដែល​តែង​កើត​មាន​មក​លើ​ភព​ផែនដី និង​ជួយ​ដាស់តឿន​ដល់ សហគមន៍​យើង​ទាំងមូល​ឱ្យ​យកចិត្ដទុកដាក់​ពី​បញ្ហា​បរិស្ថាន ដើម្បី​ផលប្រយោជន៍​មនុស្ស​គ្រប់​រូប និង សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូល ។ លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ទិវា​បរិស្ថាន​ឆ្នាំ​នេះ​គឺ​យើង​ចាប់អារម្មណ៍ ជា​ចំបង​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ បាន​ដាក់​ចេញ នូវ​ប្រធានបទ​មួយ​ថា “​ការ​រលាយ​ទឹកកក​នៅ​តំបន់​ប៉ូ​ល​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​” ដែល​ប្រធានបទ​នេះ គឺ​សារ​មួយ​ដ៏​មាន​សារសំខាន់​សំរាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​សាកលលោក ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​យើង​ផង​ដែរ ឱ្យ​យកចិត្ដទុកដាក់​ទៅ​លើ​ភយន្ដរាយ​នានា​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ របស់​ភព​ផែនដី ដោយសារ​សកម្មភាព​របស់​មនុស្ស ។​

Labels: ,

 
 

សម្ព័ន្ធ​ទីក្រុង​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​រួម​គ្នា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​និង​រើសអើង

រាជធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​សាន់​វ៉េ នាទី​ក្រុងភ្នំពេញ ព្រឹក​ថ្ងៃ​ទី​៥ មិថុនា មាន​រៀបចំ​បើក​កិច្ចប្រជុំ ជា​លើក​ទី​១​សំរាប់​ទីក្រុង​ភ្នំពេញ​របស់​គណៈកម្មាធិការ​ទ្រទ្រង់​គម្រោង កម្មវិធី​បណ្ដោះអាសន្ន នៃ​សម្ព័ន្ធ ទីក្រុង​ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​រួម​គ្នា​ដើម្បី​ប្ដេជ្ញា​ចិត្ដ ប្រឆាំង​នឹង​ការ​ប្រកាន់​ជាតិ​សាសន៍ និង​ការ​រើស អើ​ង ។ កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៥​ដល់ទី​៦​មិថុនា ស្ថិត​ក្រោម អធិបតីភាព លោក​កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ មានការ​ចូលរួម​ពី​តំណាង​ទីក្រុង​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​រៀបចំ​កម្មវិធី​ដោយ​សាលាក្រុង​ភ្នំពេញ និង​អង្គការ UNESCO ។

​លោក​កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ទីក្រុង​សព្វថ្ងៃ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អតីតកាល យ៉ាងច្រើន ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​មាន​មនុស្ស​ប្រមាណ​៥០% មក​រស់នៅ​ក្នុង​ទីក្រុង ដែល​ត្រូវ​ទទួល​ស្វាគមន៍​មនុស្ស​មក​ពី​គ្រប់​ទិស​ទី គ្រប់​ជាតិ​សាសន៍ សាសនា​ផ្សេងៗ​ពី​គ្នា ។ យើង​រស់នៅ ជាមួយ​និង​ធ្វើការ​រួម​គ្នា ហើយ​ទីក្រុង​ក៏​អាច​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ សេចក្ដី​ភ័យ​ខ្លាច ការ​ស្អប់ ខ្ពើម ព្រមទាំង​ការ​រើសអើង ឬ​អាច​ជា​កន្លែង​ដែល​រួម​បញ្ចូល​អ្វីៗ​គ្រប់យ៉ាង​ប្រកបដោយ​ភាព​សុខដុមរមនា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយនឹង​អាច​ជួយ​សំរួល​ដល់​ការ​អនុវត្ដន៍​ផែនការ​ជាតិ និង អន្ដរជាតិ ដែល​បង្កើត​ឡើង​ដោយ​អង្គភាព​ស្ថាប័ន​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​តាម​រយៈ​សកម្មភាព​អនុវត្ដ​ជាក់ ស្ដែង​។

​លោក​កែប ជុតិមា បាន​បន្ថែម​ថា ទីក្រុង​គឺជា​កន្លែង​មាន​លក្ខណៈ​អំណោយផល​សំរាប់​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​រើសអើង និង​ការ​មិន​រាប់រក​តាម​គ្រប់​រូបភាព​ទាំងអស់​ដែល​យើង​ទាំងអស់​គ្នា​បានដឹង​យ៉ាង​ច្បាស់​ថា ទីក្រុង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ ហើយ​តើ​គួរ​ធ្វើ​អ្វីខ្លះ ។ ដោយឡែក​ទីក្រុង​ភ្នំពេញ​គឺជា​ទីក្រុង​មួយ មាន​ប្រជាជន​រស់នៅ​ចំនួន​១​លាន ៤​សែន​នាក់ និង​មាន​អត្រាកំណើន​ប្រជាជន​ចំនួន​៣,២៥%​ក្នុង​មួយ​ឆ្នាំ​។ សកម្មភាព​សេដ្ឋកិច្ច​កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស បាន​នឹង​កំពុង​ទាក់ទាញ​មនុស្ស​ម្នា​ពី​ជនបទ​ក្នុង​ចំនួន កាន់តែ​ច្រើន​ឡើងៗ​ដែល​និន្នាការ​នេះ​ទាមទារ ឱ្យ​មានការ​បង្កើត​បន្ថែម​ទៀត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ទីក្រុង​ភ្នំពេញ​បាន​ប្ដេជ្ញា​ចិត្ដ​ឈរ​លើ​គោល​ជំហរ អភិវឌ្ឍន៍​ដោយ​គិតគូរ​ចំពោះ​បរិស្ថាន​តាម​រយៈ​ការ បង្កើត​នូវ​សួនច្បារ និង​តំបន់​ពណ៌​បៃតង​នានា​សំរាប់​ប្រជាជន​មក​ទស្សនា​កំសាន្ដ​នៅ​ពេលទំនេរ​ពី​ការងារ​។​

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា សម្ព័ន្ធ​ទីក្រុង​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​គឺជា​ខ្សែបណ្ដាញ​នៃ​សាមគ្គីភាព មួយ​សំរាប់​ប្រឆាំង​នឹង​ការ​រើសអើង​ជា​លក្ខណៈ​រចនាសម្ព័ន្ធ ព្រមទាំង​ការ​រើសអើង​នានា​នៅ​ក្នុង​ជីវិត ឯកជន​។ សម្ព័ន្ធ​នេះ​មាន​គោលដៅ​ជំរុញ​ឱ្យ​មានការ​កសាង​ភាព​ជា​ដៃគូ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស អើ​ង និង​ការ​មិន​រាប់រក​គ្នា​នៅ​ក្នុង​ទីក្រុង​នៅ​ជុំវិញ​ពិភពលោក ហើយ​សម្ព័ន្ធ​ទីក្រុង​ក៏​ផ្ដល់​ជា​វេទិកា​មួយ សំរាប់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ផង​ដែរ ។ ក្នុង​នោះ​រដ្ឋបាល​មូលដ្ឋាន ដែល​មាន​ឆន្ទៈ​មោះមុត​អាច​ធ្វើការ​ផ្លាស់ ប្ដូរ​នូវ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​សំដៅ​ជំរុញ​ឱ្យ​មានការ​ចូលរួម​ចំណែក​ក្នុង​សង្គម​កាន់តែ​ច្រើន​ឡើង ពី​សំណាក់ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​សហគមន៍​នានា ។​

Labels: ,

 
 

ដងទឹក​អណ្ដូង​ពេល​ភ្លៀង​រន្ទះបាញ់​ខ្លោច​១​ចំហៀង​ខ្លួន​​ឆេះ​ទូរស័ព្ទ​ដៃ​ក្នុង​ហោប៉ៅ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​បាន​ព្យាយាម​ដងទឹក​ភ្លៀង​ចេញពី​ពាង​នៅផ្ទះ របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ដកណ្ដាល​។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ទូរស័ព្ទ​មួយ​គ្រឿង​ក៏​ត្រូវ​បែក​ខ្ទេច​ផង​ដែរ​។ តាម​ហេតុការណ៍​នេះ​បាន​បង្ហាញ​ថា ករណី​រន្ទះបាញ់​នេះ​អាច​មក ពី​យក​ទូរស័ព្ទ​ដាក់​ជាប់​តាម​ខ្លួន​ពេល​ដែល​មាន​ផ្គរ​រន្ទះ​ផង​នោះ ។

​ជន​រង​គ្រោះ​ដោយ​រន្ទះបាញ់​ត្រូវ​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា ឈ្មោះ​សុខ គង់ អាយុ​២៥​ឆ្នាំ មាន​លំនៅ​ឋាន​ក្នុង ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​រង​របួស​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន​ខាងស្ដាំ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ក្រុងភ្នំពេញ​។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា មាន​ភ្លៀង​ធ្លាក់ ព្រមទាំង​មាន​ខ្យល់​យ៉ាង​ខ្លាំង​។ ខណៈនោះ​ឈ្មោះ​សុខ គង់ បាន​ចុះ​ទៅ​ដងទឹក​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឱ្យ​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន ហើយ​ទូរស័ព្ទ​ម៉ាក​ណូ​គា មួយ​គ្រឿង​ដែល​ដាក់​ក្នុង​ហោប៉ៅ​ខោ​បាន​បែក​ខ្ទេច​ផង​ដែរ ។​

បន្ទាប់​ពីរ​ងរ​បួស​ដោយ​រន្ទះបាញ់ ក្រុម​គ្រួ​សារបាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ក្រុងភ្នំពេញ​ភ្លាមៗ ដើម្បី​សង្គ្រោះ​។ ជា​ការ​កត់សំគាល់​ឃើញ​ថា នៅ​ដើមរដូវ​វស្សា​មាន​ខ្យល់​និង​ភ្លៀង​លាយឡំ​ទៅ​ដោយ ផ្គរ​រន្ទះ ដែល​តែងតែ​បង្ក​ឱ្យ​មនុស្ស និង​សត្វ បាន​ស្លាប់ និង​ងាប់ ដោយសារ​រន្ទះបាញ់​ជា​បន្ដបន្ទាប់ ។​

Labels: ,

 
 

ព្រែក​ចាក​ក្លាយជា​ច្រក​អន្ដរជាតិ បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ទី​២ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​ជា​ផ្លូវការ​ថ្ងៃនេះ​

ខេត្ដកំពត ៖ ចក​ព្រំដែន​ព្រែក​ចាក​ជាប់​នឹង​ខេត្ដ​គៀង​យ៉ាង ប្រទេស​វៀតណាម ត្រូវ​បាន​ប្រារឰ​ពិធី​ដ៏​ឱឡារិក មួយ​នៅ​ថ្ងៃនេះ (២៤ ឧសភា​) ដែល​ភាគី​ប្រទេស​ទាំង​២ បាន​ឯកភាព​បើក​ច្រក​ទ្វារ​ព្រំដែន​នេះ ជា​ច្រក​ទ្វារ អន្ដរជាតិ ហើយ​ជាមួយ​នេះ​ក៏​មាន​ពិធី​គួរ​ឱ្យ​កត់សំគាល់​មួយទៀត​នោះ គឺ​ការ​ចុះ​បឋមសិលា​បង្គោល ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង​២​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​លោក អុំ ស៊ី​ណាត អភិបាលរង​ស្រុក កំពង់ត្រាច បានឱ្យ​ដឹង​ថា​ក្នុង​ពិធី​នេះ​មន្ដ្រី​ផ្លូវការ​កម្ពុជា និង​វៀតណាម​នឹង​ចូលរួម​ផង​ដែរ​។​

​បង្គោល​ព្រំដែន​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ឱ្យ​ដឹង​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដាំ​នៅ​ចំណុច ក្បែរ​លូ​ចាស់ ដែល​ភាគី​កម្ពុជា​បាន​ប្រកាន់​យក​តាំងពី​ការ​ចរចា​គ្នា​កន្លង​មក​ថ្មីៗ​នេះ ហើយ​ចំណុច​លូ​ចាស់​នោះ គឺជា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​តាំងពី​ដើម​មក​។ បច្ចុប្បន្ន​លូ​នោះ​ត្រូវ​បាន​គេ​ចាក់​ដី​លុប​ធ្វើ​ជា​ផ្លូវ​ទៅ​ហើយ តែ នៅ​មាន​ដាន​និង​ស្នាម​ចាស់​បន្សល់​ទុក​។ ចំណុច​លូ​ចាស់​បាន​ឃ្លាត​ចំងាយ​ប្រមាណ​ជាង​៧០​ម៉ែត្រ ពី​ស្ពាន ដែក​ព្រែក​ចាក ដែល​ការ​ធ្វើ​ស្ពានដែក​នេះ​ក៏​ធ្លាប់​មានការ​ទាមទារ​តវ៉ា​ពី​ខាង​វៀតណាម ដើម្បី​ចេញ​សោហ៊ុយ ធ្វើ​ពាក់កណ្ដាល​ម្នាក់ ខណៈ​ពេល​ដែល​កង​វិស្វកម្ម​ត្រៀម​ធ្វើការ​ជួសជុល​ស្ពាន​នោះ ។ ឥរិយាបថ​ពេល​នោះ ត្រូវ​បាន​មតិ​ខ្លះ​ថា ភាគី​វៀតណាម​ចង់​កេង​យកចំណេញ​ខាង​បន្ទាត់​ព្រំដែន ដោយ​បង្ខិត​ខ្សែបន្ទាត់​ថ្មី​ត្រឹម ស្ពានដែក​ម្ខាង​ម្នាក់ តែ​ខាង​កម្ពុជា​មាន​ទ​ទ្ប្ហី​ករ​ណ៍​ជា​ច្រើន​ដែល​ថា ស្ពាន​ព្រែក​ចាក​ជា​ស្ពាន​ក្នុង​ដី​ខ្មែរ ហើយ តឹកតាង​នោះ​គឺ​ការ​កសាង​ស្ពាន​នេះ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ចារឹក​អក្សរ​និង​ឆ្នាំ​ដែល​បាន ធ្វើ​ផង​ដែរ បាន​បង្ហាញ​ពី​បូរណភាព​លើ​ស្ពាន​នេះ​ថា ជា​របស់​កម្ពុជា ។ គេ​នៅ​ចាំ​បាន​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០០១ មានការ​ជួយ​ធ្វើ​ផ្លូវ​ពី​ភាគី​វៀតណាម ដើម្បី​ពង្រីក​ផ្លូវ​ឆ្លងកាត់​ព្រំដែន​នេះ​ឱ្យ​ទូលាយ ក៏​មានការ ឈូស​ផ្ដួល​គ្រឹះ​ខ្លោងទ្វារ​ព្រំដែន​ដែល​នៅ​សល់​គល់​តែ​ម្ខាង​របស់​ខ្មែរ ។ ពេល​នោះ​អាជ្ញាធរ​បាន​ធ្វើការ ដោះស្រាយ​ភ្លាមៗ​ផង​ដែរ ដោយ​បាន​តម្រូវ​ឱ្យ​ដាំ​នៅ​កន្លែង​ដដែល ដើម្បី​សំគាល់​ស្លាកស្នាម​ចាស់​ងាយ ស្រួល​ដល់​ការ​ចរចា​ពី​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ ការ​ព្រមព្រៀង​បញ្ចុះ​បឋមសិលា​បង្គោល​ព្រំដែន នៅ​ច្រក​ទ្វារ​ព្រែក​ចាក​ដោយ​កំណត់​យក​ចំណុច​ក្បែរ​លូ​ចាស់ គឺជា​ភាព​ត្រឹមត្រូវ ក្នុង​ការ​រក្សា​បូរណភាព ទឹកដី​កម្ពុជា​។ តាម​មន្ដ្រី​ដែល​រៀបចំ​បានឱ្យ​ដឹង​ថា បង្គោល​ព្រំដែន​ក្រា​នី​ត​ដូច​នៅ​ច្រក​ទា្វ​របា​វិត ក្នុង​ខេត្ដ ស្វាយ​រៀង ត្រូវ​បាន​ដាំ​ដូច​គ្នា​នៅ​ច្រក​ទ្វារ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្ដកំពត​នេះ ។​

​មុន​នេះ​មាន​ព័ត៌មាន​ទាក់ទិន​នឹង​ការ​បោះបង្គោល​ព្រំដែន​ថា ការ​ដាំ​បង្គោល​ព្រំដែន​នៅ​ច្រក​អូ​រយ៉ា​ដាវ ក្នុង ខេត្ដ​រតនគីរី មានការ​ចំរូងចំរាស​នៅឡើយ ទោះបីជា​បែប​ណា​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បង្ហាញ នូវ​សុ​ទិ​ដ្ឋ​និយម​ថា អ្វីៗ​នឹង​ដោះស្រាយ​ដោយ​សន្ដិវិធី​។ ជា​ការ​ពិត​ណាស់ បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម តែងតែ​បង្ក​ឱ្យ​មាន​ជម្លោះ​យូរ​មក​ហើយ តាំងពី​បារាំង​ដក​អាណានិគម​របស់​ខ្លួន ចេញពី​ឥណ្ឌូចិន ហើយ​បើ ពេល​នេះ​កម្ពុជា និង​វៀតណាម​នៅ​តែ​ប្រកាន់​យក​ភាព​តឹងរ៉ឹង​រវាង​គ្នា​នឹង​គ្នា​ទាក់ទិន​នឹង​បន្ទាត់​ព្រំដែន​នេះ បញ្ហា​ជម្លោះ​នឹង​នៅ​តែ​កើត​មាន​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បន្ដ​ទៀត ។ ហេតុនេះ​ហើយ​បើ​មានការ​ដោះ ស្រាយ​គ្នា​ក្នុង​ចេតនា​បញ្ចប់​អរិភាព​ពី​បញ្ហា​ព្រំដែន ប្រទេស​ទាំង​២​ក៏​នឹង​អាច​កាត់​បន្ថយ​បាន​ជម្លោះ នា អនាគត​ផង​ដែរ ហើយ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ គឺជា​ព្រំដែន​សន្ដិភាព និង​សហប្រតិបត្ដិការ​។

Labels: ,

 
 

ស្រវឹងស្រា​ចូល​បន​ស្រី​ក្រោយ​រួមមេត្រី​បាន​៥​នាទី​ ត្រដរខ្យល់​លាចាក​លោក​

ខេត្ដសៀមរាប ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​នៅ​លើ​បង់​ក្នុង​ផ្ទះបន​ស្រីរកស៊ីផ្លូវភេទ​មួយ​កន្លែង បន្ទាប់ ពី​បុរស​រូប​នោះ​ចូល​ទៅ​រួមរ័ក​ហើយ​បាន​ប្រហែល​៥​នាទី​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ វេលា​ម៉ោង​ប្រមាណ​ជា​១២​យប់ ថ្ងៃ​ទី​២២ ឧសភា នៅ​ម្ដុំ​ផ្សា​រញ៉ែ ក្នុងភូមិ​តា​ផុល ឃុំ​ស្វាយ​ដង្គុំ ស្រុក​សៀមរាប ខេត្ដសៀមរាប ។​

​តាម​របាយការណ៍​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​ឃុំ​ស្វាយ​ដង្គុំ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន ឈ្មោះ​ឆ​ង ឆិល អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្ដសៀមរាប ចំណែក​ម្ចាស់​បន​ស្រី​ឈ្មោះ​សុខ ម៉ា​លី ជា​ជនជាតិ​វៀតណាម ។ របាយការណ៍​ប៉ូលិស បាន​បន្ដ​ទៀត​ថា តាម​សាក្សី​ដែល​ជា​មិត្ដភក្ដិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ផឹកស៊ី​ស្រវឹង​តិចៗ ក៏​នឹកឃើញ​ចង់ទៅ​រួមរ័ក ក៏​នាំ​គ្នា​ចូល​បន​ស្រី​ខាងលើ ដើម្បី បំពេញ​កាមតណ្ហា ហើយ​មិត្ដភក្ដិ​ដែល​រង​គ្រោះ ក៏​បាន​ចូល​រួមរ័ក​រួច​ក៏​ដើរមក​អង្គុយ​លើ​បង់​ខាង​មុខ​បន្ទប់ ក្នុង​ផ្ទះបន​ស្រី​នោះ ។ មិត្ដ​រូប​នោះ​បន្ដ​ថា បន្ទាប់​ពី​រួមរ័ក​បាន​ប្រហែល​៥​នាទី ក៏​ប្រកាច់​ធ្វើ​ភ្នែក​ស​ព្រាត ទោះបី​ពួក​គេ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ឱ្យ​តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ជន​រង​គ្រោះ​ក៏​ផុតដង្ហើម​តែ​ម្ដង ។​

​ជុំវិញ​ការ​ស្លាប់​យ៉ាង​ទាន់ហន់​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឆ​ង ឆិល​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​យល់​ផ្សេងៗ​គ្នា អ្នកខ្លះ​យល់​ថា បុរស​រូប​នេះ​(​ជន​រង​គ្រោះ​) ស្រវឹងស្រា​ខ្លាំង​ពេក ហើយ​កំលាំង​ខ្សោយ​ពេល​រួមដំណេក​ក៏ ស្ទះដង្ហើម​ប្រកាច់​ស្លាប់ អ្នកខ្លះ​ទៀត​យល់​ថា ប្រហែល​បុរស​នេះ​ស្រវឹង ហើយ​ធ្វើអំពើ​មិន​គប្បី​នៅ​ពេល រួមរ័ក ធ្វើ​ឱ្យ​ដៃគូ​ស្ដ្រី​រកស៊ី​ផ្លូវភេទ​អត់​មិន​បាន​ក៏​ប្រើ​ផ្លូវ​ងងឹត​តែ​ម្ដង​ទៅ​។ នេះ​គ្រាន់តែ​ជា​ការ​យល់​ឃើញ របស់​មតិ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ សំរាប់​ប៉ូលិស​ជំនាញ​ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សាកសព​រួច​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​រូប​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ស្រវឹងស្រា​ខ្លាំង​ពេក ហើយ​ទៅ​រួមរ័ក លុះ​កំលាំង ខ្សោយ​នៅ​តែ​ខំប្រឹង​ឡើងជណ្ដើរ​ទៅ​ឋានសួគ៌​ក៏​ស្ទះដង្ហើម​ស្លាប់​ទៅ​។ ប៉ូលិស​ក៏​បាន​ស៊ើបរក​សាច់ញាតិ ហើយ​បាន​ប្រគល់​សាកសព​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ឆ្លង​តាម​ព័ត៌មាន​នេះ​ក៏​ជា​ការ​ផ្ដល់​នូវ​គំរូ​សំរាប់​បុរស​ដែល​ចូល​ចិត្ដ​ម្ហូប​ក្រៅ​ផ្ទះ ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ សូម កុំ​ផឹកស្រា​ស្រវឹង​ជោកជាំ​ហើយ​ទៅ​ឆ្លៀត​ត្រេកត្រអាល​ផ្លូវភេទ​ឱ្យ​សោះ ។ ការ​ស្លាប់​ក្នុង​បន​ស្រី​បែប​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​អាម៉ាស់មុខ​ផង​ដែរ ព្រោះ​ជា​កន្លែង​មិន​គប្បី ។​

Labels:

 
 

​សិស្ស​ផ្ទុះ​កូដកម្ម​នៅ​វិទ្យាល័យ​សម្ដេច​ហ៊ុន សែន ភ្នំពេញ​ថ្មី​


ខ្លោងទ្វារ​វិទ្យាល័យ​ដែល​គ្រូ​និង​សិស្ស​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​នាយក​និង​នាយករង

រាជធានី​ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​រាប់រយ​នាក់​នៃ​វិទ្យាល័យ​សម្ដេច​ហ៊ុន សែន ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌឫស្សីកែវ បាន​នាំ​គ្នា​ឈរ​កាន់​បដា​ព្រោងព្រាត​ធ្វើ​កូដកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​ផ្លាស់​ប្ដូរ​នាយក ១​រូប និង​នាយករង​ចំនួន​២​រូប ដោយ​ពួក​គេ​ចោទប្រកាន់​ថា លោកនាយក និង​នាយករង​ទាំងនោះ ឃុបឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ចាយវាយ​ប្រាក់ ភៅ​ភ មិន​ត្រឹមត្រូវ គ្មាន​សាមគ្គីភាព គ្មាន​សីលធម៌ និង​គ្មាន​សមត្ថភាព​ដឹកនាំ ។​

​លោកនាយក និង​នាយករង​ដែល​ទទួល​ការ​ចោទប្រកាន់​នោះ គឺ​លោក​អ៊ុ​ក បុស្ស​ស​ត្ថា ជានា​យក​, លោក សា​រ៉ុ​ម សុទ្ធិ និង​លោក​ឌុ​ច ផល្លា​វណ្ណ ជា​នាយករង​។ នេះ​គឺជា​ការ​បះបោរ​នៅ​ក្នុង​គ្រឹះស្ថានសិក្សា សាធារណៈ​ទី​២ ហើយ​នៅ​ក្នុង​ខែ​នេះ​ដែល​លើក​ទី​១ ការ​បះបោរ​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ដំ​ដែក ក្នុង​ខេត្ដសៀមរាប រហូត​ដល់​នាយក និង​នាយករង​ត្រូវ​បាន​ដក​ចេញពី​សាលា ក្នុង​បទចោទប្រកាន់​លើ បញ្ហា​ជា​ច្រើន ។ លើក​នេះ​គេ​មិន​ទាន់​បានដឹង​ថា តើ​នឹង​មានការ​ដោះស្រាយ​បែប​ណា​នៅឡើយ​ទេ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ ឧសភា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ​៥០០​នាក់​បាន​នាំ​គ្នា​បះបោរ ហើយ​សរសេរ​បដា​ព្រោងព្រាត ដោយ​ឈរ​នៅ​មុខ​ខ្លោងទ្វារ​សាលារៀន ដើម្បី​ទាមទារ ប្ដូរ​នាយក និង​នាយករង ។ នៅ​ក្នុង​បដា​ដែល​កាន់​ដោយ​សិស្សានុសិស្ស​នោះ គេ​បាន​គូរ ជា​រូប​ត្លុក និង​សរសេរ​ចោទប្រកាន់​ទៅ​លើ​លោកនាយក​សាលា​ថា បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ ផ្ដាច់​ការ និង អ​សីលធម៌ ហើយ​សុំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ចេញ​។​
​
តាម​សំដី​របស់​សិស្ស​ដែល​ចូលរួម​ធ្វើ​កូដកម្ម​បានឱ្យ​ដឹង​ថា លោកនាយក​សាលា​ឈ្មោះ អ៊ុ​ក បុស្ស​ស​ត្ថា ជា​មនុស្ស​គ្មាន​សីលធម៌ ប្រើ​ពាក្យ​សំដី​ពុំ​សមរម្យ​មក​លើ​សិស្សានុសិស្ស​។ បើ​តាម​លិខិត​របស់​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចែកចាយ​ជា​សាធារណៈ​នោះ​បាន​ទាមទារ​ឱ្យ​ដក​លោកនាយក និង​នាយករង​ចេញ ពីព្រោះ កន្លង​មក​លោកនាយក​វិទ្យាល័យ​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ កិបកេង​ថវិកា ភៅ​ភ និង​ជំរិត​ទារ​យក​ប្រាក់ ពី​កូនសិស្ស​ដែល​សុំ​ផ្លោះ​ថ្នាក់ ក្នុង​ម្នាក់ៗ​ពី​៥០​ទៅ​១០០​ដុល្លារ​។ ចំណុច​ចោទប្រកាន់​មួយទៀត គឺ​នាយក មិន​បង្រៀន តែ​មាន​ប្រាក់​ម៉ោង​បន្ថែម ឬ​គ្រូ​ខ្លះ ដែល​មិន​មក​បង្រៀន​នៅ​មាន​ប្រាក់បៀវត្ស​។​
​
នៅ​ក្នុង​លិខិត​ដដែល​នោះ​ក៏​បាន​ចោទប្រកាន់​ទៀត​ថា លោកនាយក​គ្មាន​សាមគ្គីភាព​ផ្ទៃក្នុង រវាង​គណៈនាយក និង​បុគ្គលិក ព្រមទាំង​បាន​ចោទប្រកាន់​ទៅ​លើ​លោកនាយក​ទៀត​ថា គ្មាន​បច្ចេកទេស​ដឹកនាំ អសមត្ថភាព និង​មិន​ទទួលខុសត្រូវ​។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​២៣ ឧសភា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស បាន​ត្រៀម​ធ្វើ​កូដកម្ម​ទៀត តែ​ទោះបីជា​យ៉ាងណា​ពេល​លោកគ្រូ អ្នកគ្រូ​បាន​ចូល​បង្រៀន វិញ គឺ​នៅ​សល់​តែ​១​ថ្នាក់​ប៉ុណ្ណោះ​។ នៅ​រសៀល​ថ្ងៃ​នោះ​ដែរ កោះសន្ដិភាព​បាន​ជួប​ជាមួយ​លោកនាយក វិទ្យាល័យ​សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ តែ​ត្រូវ​បាន​លោក នាយក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ទុក​ឱ្យ​ក្រសួង​ជា​អ្នក​ដោះស្រាយ ។ លោកនាយក​បាន​បញ្ជាក់ បន្ថែម​ថា ការ​ធ្វើ​កូដកម្ម​នេះ​ផ្ដើម​ចេញពី​ទំនាស់​ផ្ទៃក្នុង ហើយ​ក្នុង​ចំណោម លោកគ្រូ អ្នកគ្រូ​៩២​នាក់​មាន តែ​ចំនួន​១៧​នាក់​ប៉ុណ្ណោះ​ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​នេះ ។​
​
ចំណែក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​វិញ បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ភ្លាមៗ ដែល​ចុះ ហត្ថលេខា​ដោយ​លោក​រ៉ុ​ង ឈុ​ន ដោយ​បាន​សរសេរ​ថា សមាគម​យល់​ឃើញ​ថា បញ្ហា​ទាំងនេះ​លោក ប្រធាន​មន្ទីរ​អប់រំ​មិន​បាន​ផ្ដល់​នូវ​ដំណោះស្រាយ​ជូន​លោកគ្រូ អ្នកគ្រូ ឱ្យ​បាន​ទាន់​ពេល​នាំ​ឱ្យ​លោកគ្រូ អ្នកគ្រូ រួម​ជាមួយ​សិស្សានុសិស្ស​នាំ​គ្នា​ទាមទារ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដក​លោកនាយក និង​នាយករង ចេញពី​សាលា ហើយ​ឱ្យ​មានការ​លុប​បំបាត់​នូវ​អំពើ​ពុក​រលួយ​កិបកេង​លើ​ថវិកា PAP ។

សេចក្ដីថ្លែងការណ៍ ដដែល​បន្ដ​ថា ការ​យឺតយ៉ាវ​មិន​បាន​ផ្ដល់​ដំណោះស្រាយ​ឱ្យទាន់​ពេលវេលា​ទៅ​តាម​តំរូវការ​របស់​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទើប​បណ្ដាល​ឱ្យ​មាន​កូដកម្ម​កើតឡើង​បែប​នេះ នាំ​ឱ្យ​ប៉ះពាល់​ពេលវេលា បង្រៀន​របស់​គ្រូ និង​ការ​សិក្សា​របស់​សិស្ស ពីព្រោះ​ថ្ងៃ​ប្រលង​របស់​សិស្សានុសិស្ស​ខិត​ជិត​មក​ដល់​ហើយ​។​
​
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ស្នើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​តែ​ផ្ដល់​ដំណោះស្រាយ មួយ​យុត្ដិធម៌​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទៅ​តាម​ការ​ទាមទារ​របស់​ពួក​គេ មិន​ត្រូវ​ទុក​ឱ្យ បញ្ហា​វិវាទ​នេះ​អូស​បន្លាយ​ពេលវេលា​តទៅ​ទៀត​ឡើយ ។​

Labels: ,

 
 

​ក្មេង​ស្រី​ម្នាក់​បាត់​ខ្លួន​នៅ​ផ្សារ​កំពង់ត្រាច​សង្ស័យ​ចាប់ពង្រត់​


ក្មេង​ស្រី​ដែល​បាត់​ខ្លួន

ខេត្ដកំពត ៖ ក្មេង​ស្រី​ជំទង់​ជា​សិស្សសាលា​ម្នាក់​បាន​បាត់​ខ្លួន​កាលពី វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ឧសភា ខណៈ​ពេល​ដែល​នាង​ចូល​ផ្សារ​កំពង់ត្រាច ។ ការ​បាត់​ខ្លួន​នេះ​ពុំ​ទាន់​មាន​ដំណឹង​អ្វី​ឡើយ រហូត​មក​ដល់​ពេល​នេះ ដែល​ក្រុម​គ្រួសារ​ក៏​ដូច​ជា​មហាជន​នៅ​ទីនោះ​សង្ស័យ​ថា ជា​ការ​ចាប់ពង្រត់ ព្រោះ ការ​បាត់​ខ្លួន​ពុំ​ដឹង​មូលហេតុ ។​

​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ​ស្វាយ ស៊ី​ថា​ត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ស្រុក​កំពង់ត្រាច រៀន​នៅ​ថ្នាក់​ទី​៩ នៃ​អនុ​វិទ្យាល័យ​ហ៊ុន សែន​រោង​វែង​។ តាម​សី​ដី​របស់​ក្មេង​ស្រី​ឈ្មោះ​យាន ច​ន្នី អាយុ ១៦​ឆ្នាំ រៀន​នៅ​ថ្នាក់​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​បាត់​ខ្លួន​នោះ គឺជា​ម៉ោង​ទំនេរ រូប​នាង និង​ស្វាយ ស៊ី​ថា​ត បាន​នាំ​គ្នា​ជិះ​កង់​មួយ​គ្រឿង​ឌុ​ប​គ្នា​ទៅ​ផ្សារ​កំពង់ត្រាច​ដើម្បី​រក​ទិញ​ស្បែកជើង ។ លុះ​ទិញ​ស្បែក ជើង​បាន​ហើយ​ក៏​នាំ​គ្នា​ចេញ​មក​វិញ ហើយ​ស្វាយ ស៊ី​ថា​ត បាន​ពាក់​ស្បែកជើង​ថ្មី រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ វិញ​ដោយ​ឱ្យ​ខ្លួន​ឈរ​កាន់​កង់​នៅ​ចាំ​ខាងក្រៅ ។ ពេល​ចាំ​យូរ​ទៅ​មិនឃើញ​ចេញ មក​វិញ នាង​ក៏​ចូល​តាម​រក តែ​រក​មិនឃើញ ទើប​ប្រញាប់​ជិះ​កង់​ទៅ​ប្រាប់​ដល់​ក្រុម​គ្រួសារ របស់​ស្វាយ ស៊ី​ថា​ត ទាំង​ការ​ភិតភ័យ ។​

​បើ​តាម​ឪពុក​របស់​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​គឺ​ពិតជា​ត្រូវ​គេ​ចាប់ពង្រត់ ព្រោះ​ក្រោយ​ពេល​បាត់​ខ្លួន​ភ្លាម គាត់​ក៏​បាន​ដើរ​រក​គ្រប់​ទីកន្លែង ប៉ុន្ដែ​ពុំ​ឃើញ ហើយ​បានឮ​គេ​ប្រាប់​ថា មាន​គេ​ឃើញ​ក្មេង​ស្រី​ជំទង់​ម្នាក់ និង​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទៅ​ឈប់​ជិត​ភ្នំ​សំឡី ហើយ​ក្មេង​ស្រី​នោះ បាន​យំ​យ៉ាង​ខ្លាំង​ទៀត​ផង បន្ទាប់​មក​ក៏​ឃើញ​ជិះ​ត្រឡប់​មក​វិញ ។ បុរស​ជា​ឪពុក​ក្មេង​ស្រី​នេះ​បានឱ្យ​ដឹង ទៀត​ថា ថ្ងៃ​បាត់​ខ្លួន​កូនស្រី​របស់​គាត់​នោះ បុរស​ម្នាក់​ដែល​ជា​ជាងកាត់សក់​ឈ្មោះ​ហ៊ួ​ត កំ​ហុង មានស្រុក កំណើត​នៅ​ឯ​ខេត្ដកំពង់ចាម ក៏​បាន​ទៅ​ផ្សារ​កំពង់ត្រាច​ដែរ ។ គាត់​បញ្ជាក់​ថា កន្លង​មក​បុរស​នេះ​ធ្លាប់ មាន​ទំនាក់ទំនង​ចេញចូល​ផ្ទះ​គាត់ ។​

​មានការ​កត់​សំគាល់ថា នៅ​ផ្សារ​កំពង់ត្រាច ក្នុងស្រុក​កំពង់ត្រាច ខេត្ដកំពត​នៅ​ចុងខែ​ឧសភា​នេះ មាន ក្មេង​ស្រី​២​នាក់​ហើយ​ដែល​បាត់​ខ្លួន តែ​ក្មេង​ស្រី​ម្នាក់​ដែល​បាត់​ខ្លួន​មុន​បាន​រក​ឃើញ​វិញ​ហើយ ដោយ​ត្រូវ​គេ ដាក់​ថ្នាំ​នាំ​ទៅ​ទីក្រុង​ភ្នំពេញ​តែ​ក្មេង​ស្រី​ម្នាក់​ក្រោយ​នេះ មិន​ទាន់​មាន​ដំណឹង​នៅឡើយ​ទេ ។​

Labels: ,

 
 

សហជីព​សំដែង​ការ​ខកចិត្ដ​ចំពោះ​ការ​បណ្ដេញ​កម្មករ​សំណង់​៣៦​នាក់

​រាជធានី​ី​ភ្នំពេញ​ ៖​ សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​កម្មករ​សំណង់​ និង​ព្រៃឈើ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ របស់​ខ្លួន​មួយ​ដោយ​សំដែង​នូវ​ក្ដី​ខកចិត្ដ​ជា​ខ្លាំង​ ដោយ​កាលពី​ថ្ងៃ​ ទី​១៨​ ខែឧសភា​ ឆ្នាំ​២០០៧​ អ្នកគ្រប់គ្រង​ ក្រុមហ៊ុន China Central Asia Group (CCAG) ដែល​កំពុង​ចុះ​កិច្ចសន្យា​សាងសង់​អគារ​សណ្ឋាគារ​ ណា​ហ្គា​បាន​បញ្ឈប់​កម្មករ​សំណង់​ចំនួន​៣៦​នាក់​ដែល​ជា​សមាជិក​ និង​ សកម្មជន​របស់​សហជីព​ជាតិ​កម្ពុជា​ កម្មករ​សំណង់​ និង​ព្រៃឈើ​ប្រចាំ​ការដ្ឋាន​ណា​ហ្គា​ ។​ និយោជក​បាន​យក​លេស​ថា​ មិន​មានការ​ងារ​ធ្វើ​ទៀត​ទេ​ ហើយ​បាន​បោក​បញ្ឆោត​ឱ្យ​កម្មករ​បើក​លុយ​ និង​ប្រមូល​យក​កាត​របស់​ពួក​គាត់​ទាំងអស់​ ។​

​សេចក្ដីថ្លែងការណ៍​បន្ដ​ថា​ ហេតុផល​ដែល​និយោជក​អះអាង​ថា​ មិន​មានការ​ងារ​វា​គ្រាន់តែ​ជា​លេស​តែ​ ប៉ុណ្ណោះ​ព្រោះថា​ តាម​ការ​អង្កេត​ឃើញ​ថា​ ការងារ​នៅ​មាន​ច្រើន​ ហើយ​មាន​កម្មករ​-​កម្មការិនី​ជា​ច្រើន​ទៀត​ កំពុង​តែ​បំពេញការងារ​នៅ​ក្នុង​ផ្នែក​នេះ​ មិន​ត្រូវ​បាន​បញ្ឈប់​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​និយោជក​បាន​បញ្ឈប់​ តែ​កម្មករ​ណា​ដែល​សកម្ម​នៅ​ក្នុង​ចលនា​សហជីព​ និង​នៅ​ក្នុង​ព្រឹត្ដិការណ៍​ កូដកម្ម​កាលពី​ថ្ងៃ​ទី​១៧​ និង​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ឆ្នាំ​២០០៧​ ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​កូដកម្ម​នោះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​និយោជក​ ទទួលយក​មេដឹកនាំ​ និង​សកម្មជន​សហជីព​ចំនួន​១២​នាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ ការងារ​នា​ថ្ងៃ​ទី​១៩​ មេ​សា​ ២០០៧​ ។​

​សេចក្ដី​ថ្លែង​ការ​ដដែល​បាន​ចាត់​ទុក​ថា​ ការ​បញ្ឈប់​កម្មករ​ទាំង​៣៦​នាក់​នោះ​បាន​បង្ហាញ​ នូវ​ការ​រំលោភ​ដ៏​ ធ្ងន់ធ្ងរ​របស់​និយោជក​ចំពោះ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​កម្មករ​ កាលពី​ថ្ងៃ​ទី​១៨​ ឧសភា​ ២០០៧​ បន្ទាប់​ពី​កម្មករ​ចំនួន​ជាង​២០០​នាក់​ បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​និយោជក​ទទួលយក​មេ​ ដឹកនាំ​ និង​សកម្មជន​សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០០៧​ ឱ្យ​ចូល​ ធ្វើការ​វិញ​ និង​ការ​ទាមទារ​កែ​លំអ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​ផ្សេង​ទៀត​។​ ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ ពី​សំណាក់​និយោជក​ខាងលើ​នេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ នូវ​ការ​មើល​ស្រាល​ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន​ ក៏​ ដូច​ជា​ការ​មើលងាយ​របស់​និយោជក​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ព្រោះថា​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវ​ បាន​ធ្វើ​ឡើង​ ក្រោម​ការ​ផ្សះផ្សា​របស់​ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ។​ និយោជក​ កំពុង​ព្យាយាម​បំបែក​សំលេង​កម្មករ​មិន​ឱ្យ​មានការ​សាមគ្គី​គ្នា​ គំរាមកំហែង​ចាប់​ដាក់គុក​ និង​បំបិទ​សិទ្ធិ​ សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​ចរចា​ជាមួយ​និយោជក​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​មុខងារ​ និង​កាត់​បន្ថយ​ប្រាក់​ ឈ្នួល​របស់​កម្មករ​ កម្មការិនី​ និង​បង្ខំ​ឱ្យ​កម្មករ​ កម្មការិនី​ ធ្វើការ​លី​សែង​ដែក​ និង​ថ្ម​ ហួស​កំរិត​ និង​ខុស​ជំនាញ​ ។​

​សហជីព​នេះ​បាន​ស្នើ​ឱ្យ​ក្រសួង​ការងារ​ធ្វើការ​ដាក់​កំហិត​លើ​និយោជក​នៃ​ក្រុមហ៊ុន China Central Asia Group ឱ្យ​គោរព​ច្បាប់​ស្ដី​ពី​ការងារ​ និង​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ និង​បំបាត់​ចោល​នូវ​ រាល់​ការ​ធ្វើទុក្ខបុកម្នេញ​គំរាមកំហែង​កម្មករ​ និង​លុប​បំបាត់​ចោលការ​រើសអើង​ចំពោះ​សេរីភាព​ សហជីព​ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ស្ដី​ពី​ការងារ​ និង​រដ្ឋធម្មនុញ្ញ​ ។​

Labels: ,

 
 

តំណាង​ផ្ទះសំណាក់​ សណ្ឋាគារ​


ពិធី​ដែល​បាន​រៀបចំ​ឡើង​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ

​រាជធានី​ភ្នំពេញ​ ៖​ នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ និង​សីលធម៌​សង្គម​ បាន​រៀបចំ​វគ្គ​បំប៉ន​សីលធម៌​សង្គម​ស្ដី​ពី​ច្បាប់​ចរាចរណ៍​ ច្បាប់​ប្រឆាំង​គ្រឿងញៀន​ និង​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដោយ​មានការ​ចូលរួម​ពី​តំណាង​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​ក្រុមហ៊ុន​ ជា​ច្រើន​រយ​នាក់​។​ វគ្គ​បំប៉ន​នេះ​ស្ថិត​ក្រោម​ការ​បកស្រាយ​ពី​អ្នកជំនាញ​៣​រូប​ គឺ​ លោក​ចេ​វ​ ហាក់​ អនុប្រធាន​ ការិយាល័យ​នគរបាល​ចរាចរ​ លោក​កែវ​ ធា​ អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ លោក​អ៊ី​វ​ ភា​រិ​ទ្ធ​ អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ។​

​លោក​ប៉ូ​ សំណាង​ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​ប្រទេស​ជាតិ​ បាន​រួច​ចាក​ផុត​ពី​ការ​កាប់សម្លាប់​នៃ​របប​ប៉ុ​ល​ពត​ បញ្ហា​ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម​មុខ​ នា​ពេល​ បច្ចុប្បន្ន​នេះ​ គឺ​គ្រោះថ្នាក់​ចរាចរ​ បញ្ហា​គ្រឿងញៀន​ និង​ការ​ជួញដូរ​មនុស្ស​ជាដើម​។​ ដូច្នេះ​ហើយ​ ទើប​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម​ បាន​បើក​វគ្គ​បំប៉ន​សីលធម៌​សង្គម​នៅ​ពេល​នេះ​ឡើង​ ក្នុង​ គោលបំណង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ទប់ស្កាត់​កំណើន​គ្រោះថ្នាក់​ចរាចរ​ ទប់ស្កាត់​ការ​ ប្រើប្រាស់​ និង​ការ​ជួញដូរ​ថ្នាំ​ញៀន​ និង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ផង​ដែរ​ តាម​រយៈ​ការ​អញ្ជើញ​អ្នក​ តំណាង​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​ក្រុមហ៊ុន​នានា​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមក​ចូលរួម​ ក្នុង​វេទិកា​ដ៏​កម្រ​នេះ​ ដើម្បី​ផ្ដល់​ឱកាស​បាន​ជួបជុំ​គ្នា​ស្វែង​យល់​អំពី​ច្បាប់​លើ​វិស័យ​ទាំង​បី​នេះ​ និង​ដើម្បី​ បង្កើន​កិច្ច​ទំនាក់ទំនង​សហប្រតិបត្ដិការ​ចូលរួម​ទប់ស្កាត់​រួម​គ្នា​ ពីព្រោះ​ផ្ទះសំណាក់​ សណ្ឋាគារ​ទាំងនោះ​ គឺជា​ទីតាំង​មួយ​ងាយស្រួល​ដល់​ក្រុម​ជនខិលខូច​ លួចលាក់​ធ្វើ​សកម្មភាព​នៅ​ទីនោះ​។

Labels: ,

 
 

នាវាចំបាំង​កងទ័ពជើងទឹក​ប្រទេស​អូស្ដ្រាលី​ឈ្មោះ​អា​ដឺ​ទ្បែ​ត​


នាវាចំបាំង​កងទ័ព​អូស្ដ្រាលី​មក​ដល់​កំពង់​ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ​ ៖​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ នាវាចំបាំង​កងទ័ពជើងទឹក​ប្រទេស​ អូស្ដ្រាលី​ មួយ​គ្រឿង​លេខ​០១​ ឈ្មោះ​អា​ដឺ​ឡែ​ត​ បាន​ចូល​ចត​ដល់​កំពង់​ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៥​ថ្ងៃ​ពី​ថ្ងៃ​ទី​២៣​ដល់​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៧​។​ កង​នាវា​ ចរណ៍​កងទ័ពជើងទឹក​ប្រទេស​អូស្ដ្រាលី​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ នៅ​ឯកំ​ពុង​ផែ​ក្រុងព្រះសីហនុ​ ពី​ សំណាក់​លោក​ឧត្ដមនាវីត្រី​ ឃុន​ បូ​រិ​ន្ទ​ មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​ ព្រមទាំង​នាយទាហាន​ នាយទាហានរង​កងទ័ពជើងទឹក​ជា​ច្រើន​រូប​ទៀត​ ។​
​គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក​ប្រទេស​អូស្ដ្រាលី​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​នាវា​វរ​នា​វី​ទោ​ ្រ​។​ព​ ្ស​ឡៅ្វ​ណែ​ បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោក​សាយ​ ហាក់​ អភិបាល​ក្រុងព្រះសីហនុ​ ដែល​កិច្ច​ ពិភាក្សា​នេះ​បាន​ផ្ដោត​ជា​សំខាន់​លើ​ចំណង​សាមគ្គីភាព​ មិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ និង​ប្រទេស​អូស្ដ្រាលី​។​ លោក​មេបញ្ជាការ​នាវា​អា​ដឺ​ឡែ​ត​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ នាវា​ កងទ័ពជើងទឹក​អូស្ដ្រាលី​ដែល​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​នេះ​ ជា​ប្រភេទ​នាវាចំបាំង​មាន​បណ្ដោយ​ ១៣៨,១​ម៉ែត្រ​ ទទឹង​១៣,៧​ម៉ែត្រ​ អាច​ផ្ទុក​ទម្ងន់​បាន​៤.១០០​តោន​ មាន​នាយទាហាន​ នាយទាហានរង​ និង​កងទ័ពជើងទឹក​អូស្ដ្រាលី​ចំនួន​១៨៩​នាក់​ ដែល​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​ កម្ពុជា​រយៈពេល​៥​ថ្ងៃ​ ពី​ថ្ងៃ​ទី​២៣​ រហូត​ដល់​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៧​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.