ដងទឹកអណ្ដូងពេលភ្លៀងរន្ទះបាញ់ខ្លោច១ចំហៀងខ្លួនឆេះទូរស័ព្ទដៃក្នុងហោប៉ៅ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ឆេះខ្លោចមួយចំហៀងខ្លួនរងរបួសធ្ងន់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែឧសភា ពេលមានភ្លៀងធ្លាក់ ហើយបានព្យាយាមដងទឹកភ្លៀងចេញពីពាងនៅផ្ទះ របស់ខ្លួនស្ថិតនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល។ នៅក្នុងពេលជាមួយគ្នានោះ ទូរស័ព្ទមួយគ្រឿងក៏ត្រូវបែកខ្ទេចផងដែរ។ តាមហេតុការណ៍នេះបានបង្ហាញថា ករណីរន្ទះបាញ់នេះអាចមក ពីយកទូរស័ព្ទដាក់ជាប់តាមខ្លួនពេលដែលមានផ្គររន្ទះផងនោះ ។
ជនរងគ្រោះដោយរន្ទះបាញ់ត្រូវក្រុមគ្រួសារឱ្យដឹងថា ឈ្មោះសុខ គង់ អាយុ២៥ឆ្នាំ មានលំនៅឋានក្នុង ភូមិកើតហេតុខាងលើត្រូវរងរបួសឆេះខ្លោចមួយចំហៀងខ្លួនខាងស្ដាំ ហើយត្រូវបានក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ក្រុងភ្នំពេញ។ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងទៀតថា នៅវេលា ល្ងាចថ្ងៃទី២៧ ឧសភា មានភ្លៀងធ្លាក់ ព្រមទាំងមានខ្យល់យ៉ាងខ្លាំង។ ខណៈនោះឈ្មោះសុខ គង់ បានចុះទៅដងទឹកស្រាប់តែត្រូវរន្ទះបាញ់បណ្ដាលឱ្យឆេះខ្លោចមួយចំហៀងខ្លួន ហើយទូរស័ព្ទម៉ាកណូគា មួយគ្រឿងដែលដាក់ក្នុងហោប៉ៅខោបានបែកខ្ទេចផងដែរ ។
បន្ទាប់ពីរងរបួសដោយរន្ទះបាញ់ ក្រុមគ្រួសារបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈ ក្រុងភ្នំពេញភ្លាមៗ ដើម្បីសង្គ្រោះ។ ជាការកត់សំគាល់ឃើញថា នៅដើមរដូវវស្សាមានខ្យល់និងភ្លៀងលាយឡំទៅដោយ ផ្គររន្ទះ ដែលតែងតែបង្កឱ្យមនុស្ស និងសត្វ បានស្លាប់ និងងាប់ ដោយសាររន្ទះបាញ់ជាបន្ដបន្ទាប់ ។
Labels: ព្រឹត្ដិការណ៍, សន្តិសុខ
for this post
Leave a Reply