២៥គ្រួសាររស់នៅលើកោះកណ្ដាលសមុទ្រខេត្ដកោះកុងគេរំលោភយកដី៩០ហិកតា
ខេត្ដកោះកុង ៖ កាលពីរសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០០៧ មានប្រជាពលរដ្ឋប្រុសស្រី ប្រមាណជាង១០នាក់ បានធ្វើដំណើរមកពីភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្ដកោះកុង មកកាន់ទីរួមខេត្ដ រួចបានមកឈប់នៅមុខការិយាល័យតំណាងរាស្ដ្រដោយមានកាន់រូបថតទីតាំងភូមិករ របស់ពួកគាត់ កំពុងរស់នៅសព្វថ្ងៃ និងក្រដាសមួយសន្លឹកដែលមានស្នាមមេដៃភ្ជាប់មកជាមួយផង មានខ្លឹមសារថា “យើងខ្ញុំទាំងអស់គ្នាទាំង២៥គ្រួសាររស់នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្ដកោះកុង ។ សូមគោរពចូលមកសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ។ កម្មវត្ថុសុំជួយអន្ដរាគមន៍ករណី មានបុគ្គលឈ្មោះកុក ហាវ បានប្រើកំលាំងកម្មករ ចំនួន៤នាក់មកលួចវាស់យកដីចំការរបស់យើងខ្ញុំទាំងអស់គ្នា”។ ចំណែកខ្លឹមសារបន្ទាប់គឺស្នាមមេដៃរបស់ ពួកគាត់ចំនួន២៥នាក់ និងចំនួនដីតាមគ្រួសារនីមួយៗដែលបុគ្គលឈ្មោះកុកហាវបានទៅរំលោភយកនោះ ហើយនៅក្នុងខ្លឹមសារបញ្ចប់របស់លិខិតនេះ គឺសូមឱ្យសម្ដេចនាយករដ្ឋមន្ដ្រីមេត្ដាជួយអន្ដរាគមន៍ និង ដោះស្រាយករណីរំលោភ និងឱ្យពួកគាត់បានបន្ដកាន់កាប់ដីជារៀងរហូតតទៅ ។
តាមការរៀបរាប់របស់ប្រជាពលរដ្ឋទាំងនោះ ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ពួកគាត់បានទៅរស់ នៅលើដីកោះកណ្ដាលសមុទ្រឈ្មោះថា “ណយឡាំធាន” ស្ថិតក្នុងភូមិពាមកាយចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ ដោយប្រកបមុខរបរនេសាទសមុទ្រ និងដាំចំការជាប្រជាពលរដ្ឋចាស់ ស្រុកតពីដូនតាមក គ្មានអ្នកចំណូលថ្មីពីខេត្ដដទៃទៅរស់នៅជាមួយឡើយ ។ ក្នុងអំឡុងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ពួកគាត់បានតស៊ូរស់នៅយ៉ាងលំបាកតោកយ៉ាកបំផុតដោយសារគ្មានផ្លូវគមនាគមន៍ ធ្វើដំណើរតែតាមទូកនេសាទតូចៗកាត់សមុទ្រ ជួបព្យុះ ជួបរលកជាដរាប តែក៏មានកងទ័ពវៀតណាមនៅ ជាមួយ ហើយជារឿយៗក៏ត្រូវប្រឈមមុខជាមួយកងទ័ពខ្មែរក្រហម ដែលតែងតែមកឆក់ប្លន់យកស្បៀង អាហារពីពួកគាត់ផងដែរ តែដោយមិនដឹងថា ត្រូវធ្វើដូចម្ដេចឱ្យល្អប្រសើរជាងនេះក៏ចេះតែទ្រាំរស់នៅ ក្នុងស្រុកកំណើតរហូតដល់សព្វថ្ងៃទៅ ។
ប្រភពដដែលបានរៀបរាប់ទៀតថា ស្រាប់តែនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៧ មានបុគ្គលអ្នកមានម្នាក់ បានប្រើកម្មករចំនួន៤នាក់ឱ្យទៅដើរកាប់ព្រៃសំគាល់ព្រំដីរយៈពេល៤ថ្ងៃ ព្រមទាំងទាញម៉ែត្រវាស់ស្ទើរតែ ជុំវិញភូមិដែលសុទ្ធសឹងជាចំការរបស់ពួកគាត់ មានដូចជាស្វាយ ដូង និងស្វាយចន្ទីជាដើម ដែលសុទ្ធតែ បានផ្លែផ្កាអស់ទៅហើយ ។ ក្នុងពេលដើរឆ្ការព្រៃវាស់ព្រំដីនោះ កម្មករស៊ីឈ្នួលបានបោះពាក្យសំដីថា ដីទាំងអស់នេះជាដីរបស់លោកធំ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនរើលំនៅឋានចេញឱ្យហើយទៅ។ ដោយស្ដាប់ឮពាក្យដូច្នេះទើបពួកគាត់មានការព្រួយបារម្ភខ្លាចអត់ដីនៅ។ ពួកគាត់និយាយទៀតថា ចាប់ តាំងពីឆ្នាំ១៩៧៩រហូតមកមិនដែលឮថា ឈ្មោះលោកនោះមានដីធ្លីនៅទីនោះ (ភូមិពាមកាយ) ទេ សូម្បីតែ ប្រធានភូមិចាស់ឈ្មោះឆាំង ដូ និងប្រធានភូមិថ្មីឈ្មោះសើត អ៊ូ ក៏និយាយថា អត់ដែរ ទើបតែនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៧ ស្រាប់តែមានកម្មករ៤នាក់របស់គាត់ប្រាប់ថា ពលរដ្ឋនៅទីនេះរស់នៅលើដីជាប្លង់ របស់បុគ្គលរូបនោះទៅវិញ ។
លោកឆេង ឆិ អភិបាលស្រុកគិរីសាគរបានបញ្ជាក់ប្រាប់កោះសន្ដិភាពតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែឧសភា ថា ជាផ្លូវការអ្នកអះអាងអាចមានប្លង់កាន់កាប់ដីទាំងនោះ នៅអំឡុងឆ្នាំ១៩៩៦ កាលក្នុង អាណត្ដិអភិបាលស្រុកមុន ប៉ុន្ដែបើមានករណីចោទថា ប្រជាពលរដ្ឋបានទៅរស់នៅលើដីដែលមានប្លង់ គេ ប្រាកដមែន លោកនឹងព្យាយាមធ្វើការសំរុះសំរួលមិនឱ្យមានការបាត់បង់ដីរបស់ពលរដ្ឋទេ។ លោកជឿថា ប្លង់វាបានកើតក្រោយប្រជាពលរដ្ឋដែលរស់នៅទីនោះ ប៉ុន្ដែពេលនេះឯកសារពាក់ព័ន្ធនឹងករណីខាងលើ កំពុងតែស្រាវជ្រាវរកមិនទាន់គ្រប់គ្រាន់នៅឡើយ ។ តាមសំណូមពររបស់ប្រជាពលរដ្ឋ បានសុំឱ្យ នាយករដ្ឋមន្ដ្រីជួយអន្ដរាគមន៍ឱ្យបានឆាប់ ព្រោះអ្នកមានប្រាក់បំរុងដេញពួកគាត់ចេញ ក្នុងពេលឆាប់ៗ នេះហើយ ។ ប្រជាពលរដ្ឋមានជំនឿថា មានតែនាយករដ្ឋមន្ដ្រីប៉ុណ្ណោះទើបអាចសង្គ្រោះពួកគាត់បាន ។
Labels: សន្តិសុខ
for this post
Leave a Reply