ជួលជុលកែលំអសួនច្បារមុខរដ្ឋសភាថ្មីឱ្យរួចរាល់មុនថ្ងៃសម្ពោធ
រាជធានីភ្នំពេញ ៖ ដោយមានការណែនាំផ្ទាល់ពីលោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ មន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានរៀបចំដំណើរការជួសជុលកែលំអសួនច្បារមុខរដ្ឋសភាថ្មី និង មុខសាលមហោស្រពទន្លេបាសាក់ជាថ្មី ដោយជំរុញឱ្យរួចរាល់ទាន់ថ្ងៃសម្ពោធរដ្ឋសភានាថ្ងៃទី៧ កក្កដា ឆ្នាំ២០០៧ខាងមុខនេះ ។
នៅព្រឹកថ្ងៃទី២៨ ឧសភា ២០០៧ លោក ញ៉ែម សារ៉ន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញបានដឹកនាំក្រុមការងារជំនាញរួមជាមួយគ្រឿងចក្រចុះទៅធ្វើការឈូសឆាយដី និងស្មៅចាស់ចេញ ដោយចាក់ដីថ្មីចូលរួចដាំស្មៅនិងដើមឈើជាថ្មី ដើម្បីលើកកំពស់សោភ័ណភាពទីក្រុង ។ ការងារនេះមន្ទីរ សាធារណការបានអនុញ្ញាតឱ្យអង្គភាពចំនួន៤សហការជួសជុល ជំរុញឱ្យបានលឿន រួមមានអង្គភាពលូទឹក ស្ពានថ្នល់ សួនច្បារនិងរុក្ខជាតិ និងអង្គភាព អគ្គិសនី។
លោកញ៉ែម សារ៉ន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងថា តាមរយៈការណែនាំ ផ្ទាល់ពីលោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ មន្ទីរបានធ្វើការឈូសឆាយជួសជុលកែលំអសួនច្បារ មុខរដ្ឋសភាថ្មី និងមុខសាលមហោស្រពទន្លេបាសាក់ ដែលមានសួនច្បារចាស់ស្រាប់មានបណ្ដោយប្រវែង ២៩ម៉ែត្រ និងទទឹងប្រវែង១០ម៉ែត្រ។ ការជួលជុលសួនច្បារតាមបណ្ដោយផ្លូវមុខរដ្ឋសភានេះត្រូវធ្វើការ ពង្រីកផ្លូវលំឱ្យធំទូលាយជាងមុន ឯសួនច្បារត្រូវជួសជុលឱ្យតូចជាងមុនពីទទឹង១០ម៉ែត្រ ឱ្យមកត្រឹម ៣,៤០ម៉ែត្រវិញ និងទំលុះសួនទុកផ្លូវចេញចូលចំនួនពីរកន្លែងទៀតសំរាប់ចូលរដ្ឋសភា និងក្រសួង ការបរទេស ។
លោកញ៉ែម សារ៉ន បានបន្ថែមថា តាមការណែនាំពីអភិបាលក្រុងនោះឱ្យចាក់ដីទន្លេ លើកកំពស់ផ្ទៃសួន រួចដាំស្មៅ ដើមឈើ ដាក់បង្គោលភ្លើង រៀបចំប្រព័ន្ធលូបង្ហូរទឹកស្អុយ បណ្ដាញទឹកស្អាត និងប្រព័ន្ធ ភ្លើងឱ្យរួចរាល់ក្នុងពេលជួសជុលសួន ។ លោកបានបញ្ជាក់ថា តាមគម្រោងជួសជុលកែលំអនេះត្រូវ ចំណាយថវិកាអស់ចំនួន២៩៧លានរៀល ហើយមន្ទីរនឹងជំរុញឱ្យរួចរាល់មុនថ្ងៃសម្ពោធរដ្ឋសភាថ្មី នៅថ្ងៃ ទី៧ កក្កដា ២០០៧ ខាងមុខនេះ ។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply