<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ធនាគារពិភពលោក​ប្រកាស​ផ្ដល់​១៨,៥​លាន​ដុល្លារ​សំរាប់​ត​ចរន្ដ​ភ្លើង​ពី​ប្រទេស​ឡាវ​-​វៀតណាម

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក ការិយាល័យ​ប្រចាំ កម្ពុជា​បានឱ្យ​ដឹង​ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​បណ្ដា​ខេត្ដ​ក្រីក្រ​នៃ​ប្រទេស​កម្ពុជា ហើយ​ដែល​បច្ចុប្បន្ន នេះ​កំពុង​ប្រើប្រាស់​ថាមពល​អគ្គិសនី​មាន​តំលៃ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នោះ នឹង​ឃើញ​តំលៃ​ភ្លើង ប្រើប្រាស់​របស់​ពួក​គាត់​ចុះថោក​ច្រើន​សន្ធឹកសន្ធាប់ ដោយសារ​ជំនួយ​ឥត​សំណង​ដែល​បាន​អនុម័ត ដោយ ធនាគារពិភពលោក នា​ថ្ងៃ​ទី​៦ មិថុនា​កន្លង​មក​ថ្មីៗ​នេះ​។ ក្រោម​កម្មវិធី​ី​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី ក្នុង មហា​អនុ​តំបន់​ទន្លេមេគង្គ​របស់​ធនាគារពិភពលោក ជំនួយ​ឥត​សំណង​ចំនួន​១៨,៥​លាន​ដុល្លារ​អា​មេ​រិ​ក នឹង ផ្ដល់​ជូន​ប្រទេស​កម្ពុជា​សំរាប់​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​ចរន្ដអគ្គិសនី ពី​ព្រំប្រទល់​ប្រទេស​ឡាវ និង​ពី​ព្រំ ប្រទល់​ប្រទេស​វៀតណាម​។ ជាមួយនឹង​ខ្សែ​បញ្ជូន​ចរន្ដអគ្គិសនី ដែល​កំពុង​សាងសង់​ពី​ប្រទេស​វៀតណាម ក្រោម​គំរោង​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ ដែល​គាំទ្រ​ដោយ​ធនាគារពិភពលោក ជំនួយ​ថ្មី​នេះ​នឹង​អាច ធ្វើការ​ពង្រីក​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ពី​ប្រទេស​វៀតណាម ហើយ​អាច​ជួយ​កម្ពុជា​នាំ​យក ថាមពល​អគ្គិសនី​ក្នុង​តំលៃ​ថោក​សំរាប់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​របស់​ខ្លួន ។

​ទឹកប្រាក់​ជំនួយ​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត នឹង​ផ្ដល់​ជូន​ប្រទេស​ឡាវ​ដើម្បី​សាងសង់​ខ្សែបណ្ដាញ បញ្ជូន​ចរន្ដអគ្គិសនី​ដើម្បី​ត​ភ្ជាប់​មក​ប្រទេស​កម្ពុជា និង​សាងសង់​ប្រព័ន្ធ​បញ្ជូន​ចរន្ដអគ្គិសនី​សំរាប់​ត​ភ្ជាប់ ប្រទេស​ឡាវ កម្ពុជា និង​ថៃ ។ គំរោង​នេះ​នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​ការ​ផ្គត់ផ្គង់​ភ្លើងអគ្គិសនី​ដល់ ខេត្ដ​សារា​វ៉ា​នភា​គ​ខាងត្បូង​របស់​ប្រទេស​ឡាវ ។​

លោក​អៀន ផត​ធ័​រ នាយក​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​និង​ប្រទេស​ឡាវ​មាន​ប្រសាសន៍​ថា យុទ្ធសាស្ដ្រ របស់​ធនាគារពិភពលោក​សំរាប់​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​កម្មវិធី​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី​ជា​ផ្នែក មួយ​ដែរ​នោះ គឺជា​ការ​ស្វែងរក​ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ និង​ការ​ធ្វើ​សមាហរណកម្ម នៅ​ក្នុង​តំបន់ ដូចនេះ​មហា​អនុ​តំបន់​ទន្លេមេគង្គ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ របស់ អាស៊ី​អាគ្នេយ៍ និង​ធ្វើ​ឱ្យ​មាន​កំណើន​បាន​ឆាប់រហ័ស​។ ធាតុ​ផ្សេងៗ​ទៀត​នៃ​យុទ្ធសាស្ដ្រ ដោយ​រួម​ទាំង​ការ គ្រប់គ្រង​ធនធានទឹក ការ​សំរួល​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន និង​អន្ដោប្រវេសន៍​កំលាំង​ពលកម្ម ។ លោក ផត​ធ័​រ មាន​ប្រសាសន៍​ថា “​សំរាប់​ប្រជាជន​ដែល​រស់នៅ​តំបន់​ទន្លេមេគង្គ​ទទួល​បាន​ផលប្រយោជន៍ ពួក​គាត់ នឹង​ត្រូវការ​ស្ថាប័ន​ដ៏​រឹង​មាំ គោលនយោបាយ​ល្អ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ដ​បាន​”​។ លោក ផត​ធ័​រ បន្ដ​ថា “​យុទ្ធសាស្ដ្រ របស់​ធនាគារពិភពលោក​បាន​ដាក់​ចេញ​នូវ ក្រប​ខណ្ឌ​សំរាប់​ជំនួយ​បច្ចេកទេស ការ​វិភាគ ការ​កសាង​សមត្ថភាព និង​ការ​វិនិយោគ ដូចនេះ​ប្រទេស​នានា​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ អាច​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ទាក់ទាញ អ្នក​វិនិយោគ និង​ធ្វើ​ឱ្យ​ប្រសើរ​លើ​សេវាកម្ម​សំរាប់​ប្រជាជន​របស់ ពួក​គេ​”​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ដ​ថា ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា​រក​ចំណូល​បាន​៣៨០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ និង​មាន​ប្រជាជន​ច្រើន​ជាង​១​ភាគ​៣​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ហើយ​មាន​ប្រជាជន​ភាគ តិច​ណាស់ ដែល​ទទួល​បាន​សេវាកម្ម​អគ្គិសនី (​តិច​ជាង​១៨​ភាគរយ​)​។

ប្រជាជន​នៅ​ខេត្ដកំពង់ចាម និង​ខេត្ដស្ទឹងត្រែង​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​មាន​កំរិត ហើយ​មាន​តំលៃ ខ្ពស់​រហូត​ដល់​០,៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ បន្ទាប់​ពី​ខ្សែបណ្ដាញ​បញ្ជូន​ចរន្ដ​នេះ ត្រូវ បាន​សង់​រួច​តំលៃ​ថាមពល​អគ្គិសនី​នៅ​ខេត្ដ​ទាំង​ពីរ​នេះ​សង្ឃឹមថា នឹង​អាច​ចុះ​ដល់​ត្រឹម​ចន្លោះ ០,១-០,១៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។​

លោក​យឹ​ម ណុ​ល​សុ​ន អគ្គនាយករង​អគ្គិសនី​កម្ពុជា​មាន​ប្រសាសន៍​ថា “​ជាមួយនឹង​គំរោង​ពាណិជ្ជកម្ម ថាមពល​មហា​អនុ​តំបន់​ទន្លេមេគង្គ ប្រទេស​កម្ពុជា​នឹង​មើលឃើញ នូវ​ឥទ្ធិពល​វិជ្ជមាន​របស់​គំរោង​ជា​ច្រើន ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ដស្ទឹងត្រែង និង​ខេត្ដកំពង់ចាម​” ។ លោក​បន្ដ​ថា “​គំរោង​នេះ​នឹង​អាច​ចូលរួម​ដើម្បី កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​លទ្ធភាព​ប្រើប្រាស់​ថាមពល​អគ្គិសនី នៅ​ទី​ជនបទ​នៅ​ក្នុង​ខេត្ដ​ទាំង​ពីរ នេះ​”​។ លោក​មូ​ហិន​ដា ហ្គោ​ឡា​ទី ប្រធាន​គំរោង​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី​ក្នុង​មហា​អនុ​តំបន់​ទន្លេ មេគង្គ​របស់​ធនាគារពិភពលោក មាន​ប្រសាសន៍​ថា “​ពាណិជ្ជកម្ម​ថាមពល​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ អាច​ជួយ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច និង​បរិស្ថាន និង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ថាមពល​នៅ​ក្នុង តំបន់​នេះ​” ។ លោក​បន្ដ​ថា “​ការ​ជួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍ ទាំងនោះ នឹង​បង្កើត​លទ្ធភាព​ទទួល​សេវា​អគ្គិសនី​នៃ​ប្រជាជន​ក្រីក្រ​បាន​ច្រើន​ជាង​មុន និង​ជួយ​គាំទ្រ​ដល់ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ។​

ប្រទេស​ឡាវ ក៏​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់​ដែរ ។ ប្រជាជន​ឡាវ​មាន​ចំណូល​ប្រមាណ​៤៦០​ដុល្លារ អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ប៉ុន្ដែ​ប្រទេស​នេះ​សំបូរ​ទៅ​ដោយ​ធនធានទឹក​និង​រ៉ែ ។ តាម​រយៈ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ ថាមពល​វា​រី​អគ្គិសនី​សំរាប់​លក់​ឱ្យ​ប្រទេស​ជិតខាង​របស់​ខ្លួន បាន​ធ្វើ​ឱ្យ​ប្រជាជន​ឡាវ​ប្រមាណ​ជិត ៥០ ភាគរយ មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នា​ពេល​នេះ ហើយ​ប្រទេស​នេះ​កំពុង​តែ​ទទួល​បាន​រូបិយប័ណ្ណ​បរទេស ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី ។ លោក​វី​រា​ភុ​ញ វី​រ៉ា​វង នាយក​នៃ​នាយកដ្ឋាន​លើ​កំពស់ និង អភិវឌ្ឍន៍​ថាមពល​មាន​ប្រសាសន៍​ថា “​យើង​មានភ័ព្វ​សំណាង​ដោយសារ​ប្រទេស​យើង​សំបូរ​ធនធានធម្មជាតិ ហើយ​យើង​កំពុង​តែ​អភិវឌ្ឍន៍​ធនធាន​ទាំងនេះ​ប្រកបដោយ​និរន្ដរភាព​” ។ លោក​បន្ដ​ថា “​គំរោង​នេះ នឹង ជួយ​យើង​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​គួរ​ឱ្យ​ទុកចិត្ដ​បាន​សំរាប់​ប្រជាជន​ឡាវ ហើយ​ក៏​អាច​ជួយ​ឱ្យ​យើង​មាន លទ្ធភាព​សំរាប់​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​”​។​

ក្នុងអំឡុងពេល​រៀបចំ​គំរោង​ទាំងនេះ ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​បាន​ធ្វើការ​វិភាគ​ផល​ប៉ះពាល់ បរិស្ថាន និង​សង្គម​យ៉ាង​ក្បោះក្បាយ​មួយ លើ​សំណើ​សាងសង់​ប្រព័ន្ធ ខ្សែ​បញ្ជូន​អគ្គិសនី​នេះ ក្នុង​នោះ​ក៏ មានការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​ជាមួយ​ប្រជាជន​នៅ​ក្នុង​តំបន់​ប្រតិបត្ដិ​គំរោង និង អង្គការ​សង្គម ស៊ី​វិល​ផង​ដែរ ។ ផល​ប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន​ដែល​បាន​រក​ឃើញ​មាន​កំរិត​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។ គំរោង​ថាមពល​ពាណិជ្ជកម្ម​អគ្គិសនី​មហា​អនុ​តំបន់​ទន្លេមេគង្គ​សង្ឃឹមថា នឹង​អាច​បញ្ចប់​រួចរាល់​នា​ខែសីហា ឆ្នាំ​២០១១ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ឆ្នាំ​២០១៣ ។​

Labels:

 
 

អាយអឹមអេហ្វ សន្យាបន្ដជួយកម្ពុជាទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ

ខេត្ដកណ្ដាល ៖ លោក JEREMY CARTER នាយក​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) ប្រចាំ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ជំរាប​នាយក​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ៤ មិថុនា នៅ​ភូមិ​គ្រឹះ​នាទី​ក្រុង​តា​ខ្មៅ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​អនុវត្ដ​តាម គោលការណ៍ IMF ។ នៅ​ពេល​នេះ លោក​មើលឃើញ​កម្ពុជា​មានការ​វិវត្ដន៍​យ៉ាង​លឿន​ដែល​នេះ គឺជា ប្រការ​ល្អ​បំផុត​របស់​កម្ពុជា ដូច្នេះ IMF ផ្ទាល់​មានការ​សប្បាយ​រីករាយ និង​ជួយ​អបអរសាទរ​យ៉ាង​ខ្លាំង ។

​នៅ​ក្នុង​ជំនួប​សវនាការ​នេះ លោកនាយក​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​បញ្ជាក់ ជូន​នាយក​រដ្ឋមន្ដ្រី​ថា IMF នៅ​តែ​បន្ដ​ជួយ​ដល់​កម្ពុជា សំរាប់​រៀបចំ​ថវិកា​ឆ្នាំ​ក្រោយ និង​បន្ដ​ជួយ​ដល់ កម្ពុជា​ក្នុង​ការ​ផ្ដល់​អនុសាសន៍ ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស​លើ​វិស័យ​ថវិកា និង​ហិរញ្ញវត្ថុ​បន្ដ ទៀត​។ លោក JEREMY CARTER បាន​ជំរាប​បន្ដ​ថា លោក​នឹង​ធ្វើការ​បន្ដ​ជាមួយ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​ឆ្ពោះទៅ​រក ការ​អភិវឌ្ឍន៍ ។​

មាន​ប្រសាសន៍​ឆ្លើយ​តប​ក្នុង​ឱកាស​នោះ នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​អង្គការ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក JEREMY CAR-TER បាន​ធ្វើការ​កត់សំគាល់​និង​វាយតំលៃ​នោះ គឺជា​ការ​លើកទឹកចិត្ដ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មានការ ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ។ លោក​បាន​ថ្លែងអំណរគុណ​ដល់ IMF ដែល​បាន​បញ្ជាក់ ម្ដងទៀត​ថា នឹង​បន្ដ​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ពន្ធដារ ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​។​

លោក JEREMY CARTER បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៥ មិថុនា ថា មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) បាន​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវការ​ចាំបាច់ ប៉ុន្ដែ​នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គំរោង​ខ្ចីប្រាក់​ពី IMF នៅឡើយ​ទេ ។ ការ​ថ្លែង​បែប​នេះ របស់​លោក JEREMY CARTER បាន​ធ្វើ​ឡើង ខណៈ​ពេល លោក​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២២ ឧសភា ដល់​ថ្ងៃ​ទី​៥ មិថុនា ។​

យោង​តាម​របាយការណ៍​របស់ IMF ដែល​កោះសន្ដិភាព​បាន​ទទួល​ឱ្យ​ដឹង​ថា IMF បាន​គាំទ្រ​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដំឡើង​ប្រាក់បៀវត្ស​ក្នុង​វិស័យ​សាធារណៈ នៅ​ពេល​ដែល​កំណើន​នៃ ចំណូល​អនុញ្ញាត និង​ស្វាគមន៍​ដល់​ការ​សន្យា​នានា ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​មូលធនផលិត​រួម​ទាំង​ការ បង្កើន​ល្បឿន​នៃ​ការ​អនុវត្ដន៍ គំរោង​នានា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​ធ្វើ​ហិរញ្ញប្បទាន​ជា​ទឹកប្រាក់ ចំនួន​៨២​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​ផ្ដួចផ្ដើម​លុប​បំណុល​ជា​ពហុភាគី (​MDRI) របស់​មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ ។​

លោក JEREMY CARTER បន្ដ​ថា ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​របស់​មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) បាន​ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ បាន​ជួប​ពិភាក្សា ជាមួយ​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន លោក​ទេស​រដ្ឋមន្ដ្រី និង មន្ដ្រី​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​គោល នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បន្ដ​ថា គណៈប្រតិភូ ក៏​បាន​ជួប​ជាមួយ​អ្នកតំណាង​នានា​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា សហគមន៍ ពាណិជ្ជកម្ម វិទ្យាស្ថាន ស្រាវជ្រាវ សហជីព រួម​ទាំង​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ​។​

មន្ដ្រី JEREMY CARTER បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ការ​ប៉ាន់ស្មាន​កំរិត​កំណើន​ថា​មាន​ប្រមាណ​១០​% សំរាប់​ឆ្នាំ​២០០៦ កន្លង​មក កំណើន​នៃ​ផលទុនជាតិ (​គិត​ជា​តំលៃ​ថេរ​) ប្រមាណ​ជា​៩​% ត្រូវ​បាន​សង្ឃឹម ទុក​នៅ​ឆ្នាំ​២០០៧​នេះ ដែល​នាំមុខ​ដោយ​ការ​រីក​ដុះដាល​នៃ​ផលិតកម្ម​កសិកម្ម និង​សកម្មភាព​ដ៏​ខ្លាំងក្លា ក្នុង​វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​សំណង់ ។ លោក​បន្ដ​ថា សេវាកម្ម​ជា​ពិសេស ផ្នែក​ហរិ​ញ្ញ​វត្ថុ និង​ទូរគមនាគមន៍​កំពុង​តែ​បង្កើន​ការ​រួមចំណែក ។ និន្នាការ​ជា​ទូទៅ​នេះ​សង្ឃឹមថា នឹង​នៅ តែ​បន្ដ​ក្នុង​ដំណាក់កាល​ខ្លី​ដោយ​ការ វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​មាន​កំរិត​ខ្ពស់​នាំ​ឱ្យ​មាន​កំណើន​ប្រមាណ ៧​% ទៅ​៨​% នៅ​ឆ្នាំ​២០០៨ ។ ហានិភ័យ​ចំពោះ​ការ​ប្រមើល​មើល​នេះ​រួម​មាន​សំពាធ​នៃ​កា​ប្រកួតប្រជែង ក្នុង​វិស័យ​កាត់ដេរ ដែល​បណ្ដាល​មក​ពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក របស់​ប្រទេស វៀតណាម ការ​លើកលែង​នៃ​ការ​ការពារ​នានា​ប្រឆាំង​នឹង​វិស័យ​កាត់ដេរ​របស់​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០០៨ និង​លទ្ធភាព​ដែល​អាកាសធាតុ​អាច​មិន​អំណោយផល​ដល់​វិស័យ​កសិកម្ម ។​

លោក JEREMY CARTER បន្ដ​ទៀត​ថា អតិផរណា​បាន​កើនឡើង​បន្ដិច​ដល់​ប្រមាណ​៤​% នៅ​ពេល​ថ្មីៗ​នេះ ដោយ​ឆ្លុះ​បញ្ចាំង​នូវ​ការ​កើនឡើង​នៃ​តំលៃ និង​ឥទ្ធិពល​នៃ​តំលៃ​ប្រេង​អន្ដរជាតិ​ដែល​ខ្ពស់​ជាង​មុន​។ ដោយ សន្មត​ថា តំលៃ​ប្រេង​អន្ដរជាតិ​មាន​ស្ថិរភាព​ជា​ទូទៅ អតិផរណា​នឹង​នៅ​ក្នុង​កំរិត​លេខ​មួយ​ខ្ទង់​ទាប និង ត្រូវ​ឱ្យ​មានការ​ឃ្លាំមើល​ដ៏​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​នានា នៃ​ការ​កើនឡើង​របស់​សំពាធ​នៃ​សេចក្ដី​ត្រូវការ ជា​មូលដ្ឋាន​មក​លើ​អតិផរណា ។​

IMF បានឱ្យ​ដឹង​ទៀត​ថា ឱនភាព​គណនី​ចរន្ដ​ក្រៅប្រទេស (​ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥត​សំណង​) រួម​តូច មក​នៅ​ត្រឹម​ប្រមាណ​៧​% នៃ​ផលទុន​ក្នុង​ឆ្នាំ​២០០៦ ។ ការ​កែ​លំអ​បន្ដិចបន្ដួច​ក្នុង​ឆ្នាំ​២០០៧ ត្រូវ បាន​សង្ឃឹមទុក អាស្រ័យ​ដោយ​ភាព​ខ្លាំងក្លា​នៃ​ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​ទេសចរណ៍ ។ ប្រាក់​រៀល មាន​ស្ថិរភាព​ជា​ទូទៅ ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយ​ទុនបំរុង​អន្ដរជាតិ​ដុល​កើន​ដល់​ទៅ ១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ចុង​ខែមេសា ឆ្នាំ​២០០៧ ។ ការ​អនុវត្ដន៍​ចំណូល​ក្នុង​ឆ្នាំ ២០០៦​មាន​ភាព ខ្លាំងក្លា ឆ្លុះ​បញ្ចាំង​សកម្មភាព​សេដ្ឋកិច្ច​ដ៏​រស់​រវើក និង​ការ​កែ​លំអ​លើ​រដ្ឋបាល​នៃ​ការ​ប្រមូល​ចំណូល ដែល គាំទ្រ​ដោយ​កម្មវិធី​កំណែទំរង់​ហិរញ្ញវត្ថុ​សាធារណៈ (​PFM) ។ ការ​ប្រមូល​ចំណូល​នៅ​តែ​ខ្លាំងក្លា នៅ​ឆ្នាំ ២០០៧ ហើយ​គោលដៅ​ចំណូល​របស់​ថវិកា​សង្ឃឹមថា នឹង​បាន​សំរេច​លើស​យ៉ាងច្រើន ។ ចំណាយ របស់​រដ្ឋាភិបាល​នៅ​យឺត​ដោយសារ​បណ្ដាល​មក​ពី​ការ​លំបាក​ជាដំបូង​ចំពោះ​ការ​អនុវត្ដន៍​នីតិវិធី​ចំណាយ​ថ្មី​។​

លោក JEREMY CARTER បានឱ្យ​ដឹង​ទៀត​ថា IMF ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ការ​លំបាក​នេះ ឱ្យ​បាន​ឆាប់រហ័ស ហើយ​យល់​ស្រប​ថា ត្រូវ​បង្កើន​ល្បឿន​ដល់​ចំណាយ​ដែល​យឺតយ៉ាវ ដើម្បី​សំរេច​ឱ្យ បាន​ពេញលេញ នូវ​គោលដៅ​ចំណាយ​ថវិកា ។ ផ្អែក​លើ​មូលដ្ឋាន​នេះ ឱនភាព​ថវិកា​ជា​ទូទៅ​របស់​រដ្ឋាភិបាល ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ប្រមាណ​៣​% នៃ​ផលទុនជាតិ ។​

Labels: ,

 
 

និយោជករោងចក្ររីវើររិចបង្ហាញថាបាតុកម្មជិតកន្លះខែ ក្រុមហ៊ុនខាតបង់៨០ម៉ឺនដុល្លារ

រាជធានី​ភ្នំពេញ ៖ ប្រធាន​រោងចក្រ កាត់ដេរ​រី​វើ​រ​រិច លោក​សុង ឆាន​ធាន់ បាន​មាន​ប្រសាសន៍​ថា តំណាង​សហព័ន្ធ​សហជីព ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCADU) បាន​ធ្វើការ​ទាមទារ​ឱ្យ​រោងចក្រ យល់ព្រម​ឱ្យ​កម្មករ​កិច្ចសន្យា​ចំនួន​៣០​នាក់ បាន​ចូល​ធ្វើការ​ពេញ​សិទ្ធិ ដោយ​ទាមទារ​ក្នុង​រូបភាព​ធ្វើ បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សា ខណៈ​ដែល​រោងចក្រ​បាន​ព្យាយាម​ធ្វើការ​សំរបសំរួល​ជាមួយ​កម្មករ ចំនួន ២០​នាក់ ដោយ​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដើម្បី​បញ្ចប់​ជម្លោះ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​កម្មករ និង​ភាគី​រោងចក្រ ។ លោក​ប្រធាន​រោងចក្រ​កាត់ដេរ រី​វើ​រ​រិច បាន​ថ្លែង​បែប​នេះ​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សណ្ឋាគារ អាំង​ទែ​រ កុង​ទី​ណ​ង់​តា​ល់ ក្នុង​ទីក្រុង​ភ្នំពេញ ។ ជា​ការ​កត់សំគាល់​នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ប្រធាន រោងចក្រ​ចេញ​មុខ​មក​ធ្វើ​សន្និសីទកាសែត​បំភ្លឺ​ពី​បញ្ហា​ដែល​កើត​មាន បន្ទាប់​ពី​មានការ​តវ៉ា​ទាមទារ របស់ កម្មករ និង​តំណាង​សហជីព ។

​លោក​សុង ឆាន​ធាន់ បាន​ថ្លែង​បន្ដ​ថា ក្រុមហ៊ុន​របស់​លោក​បាន​ជ្រើសរើស​កម្មករ​ផ្នែក​អ៊ុត ដែល​មាន កិច្ចសន្យា​កំណត់​រយៈពេល​២​ខែ​ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​ផ្នែក​នេះ​។ ក្នុង​ចំណោម​កម្មករ​ទាំងនោះ​ក៏ មាន​កម្មករ​៣០​នាក់​ដែរ ដែល​មួយ​ចំនួន​បាន​បញ្ចប់​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០០៦ និង​មួយ ចំនួន​ទៀត​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០០៦ ដោយ​រោងចក្រ​បាន​ធ្វើការ​ទូទាត់​តាម​ច្បាប់ ស្ដី​ពី​ការងារ ។​

ទោះបី​យ៉ាងណា​ក៏​ដោយ តំណាង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដឹកនាំ​ដោយ​លោក អាត់ ធន់ បាន​ធ្វើការ​តវ៉ា​ដោយ​មិន​យល់ព្រម​តាម​ការ​សំរបសំរួល​តាម​ច្បាប់​ការងារ​នោះ​ទេ ហើយ​ទាមទារ ឱ្យ​បញ្ចូល​កម្មករ​ទាំង​៣០​នាក់​ជា​កម្មករ​ពេញ​សិទ្ធិ តែ​ក្រុមហ៊ុន​មិន​យល់ព្រម ម្ល៉ោះហើយ​ពួក​គេ​ក៏ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​ការងារ​ខេត្ដកណ្ដាល និង​បន្ដ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទៀត ។ ក្រុម ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​បើក​សវនាការ ដោយ​សំរេច​បដិសេធ​ការ​ទាមទារ​របស់​កម្មករនិយោជិត ដែល​សុំ​ឱ្យ និយោជក​ទទួល​កម្មករ​ចូល​ធ្វើការ​វិញ និង​បង្គាប់​ឱ្យ​និយោជក​គិត​ប្រាក់​បញ្ចប់​កិច្ចសន្យា​ជូន​ទៅ​កម្មករ​តាម ច្បាប់​កំណត់ ។​

ចំណែក​លោក​ធុ​ល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដកណ្ដាល បាន​ថ្លែង​ថា លោក មិន​កាន់ជើង​ខាង​ណា​នោះ​ទេ ហើយ​បាន​ចុះ​ទៅ​ដល់​រោងចក្រ​រី​វើ​រ​រិច ដែល​មានការ​តវ៉ា​របស់​កម្មករ​នោះ គឺ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ច្បាប់​នោះ​ទេ បើ​ទោះបីជា​រោងចក្រ​បាន​ដោះស្រាយ​តាម​ច្បាប់​ដោយ សំរបសំរួល ឱ្យប្រាក់​កិច្ចសន្យា និង​ប្រាក់ខែ​ចុង​ក្រោយ​ដល់​ពួក​គេ​យ៉ាងណា​ក្ដី ។ លោក​បន្ដ​ថា មន្ទីរ​ការងារ​ខេត្ដកណ្ដាល បាន​ស្វែងរក​ដំណោះស្រាយ​មួយ​ជា​កណ្ដាល ដើម្បី​ផលប្រយោជន៍ កម្មករ និង​ទាំង​តំណាង​រោងចក្រ​ផង ដែរ​។​

លោក​សៅ សុ​ខន មន្ដ្រី​ប៉ូលិស​ខេត្ដកណ្ដាល​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​សមត្ថកិច្ច​លោក​យល់​ឃើញ​ថា ការ​ទាមទារ​របស់​ក្រុម​បាតុករ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ព្រោះ​ពួក​គេ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ដុត​បំផ្លាញ សំភារៈ​ផ្សេងៗ​របស់​រោងចក្រ និង​ធ្វើការ​រារាំង​នៅ​ខាង​មុខ​រោងចក្រ​ជា​ច្រើន​ថ្ងៃ បណ្ដាល​ឱ្យ​កម្មករ​ដទៃ ទៀត​លំបាក​ក្នុង​ការ​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ ដោយសារ​តែ​ក្រុម​កម្មករ​ប្រមាណ​ជាង​១០​នាក់ ប៉ុណ្ណោះ​។ លោក​បន្ដ​ថា ភាគី​រោងចក្រ​ក៏​ដូច​ជា​កម្មករ​ដែរ ត្រូវ​ឈរ​លើ​ផលប្រយោជន៍​រៀងៗ​ខ្លួន ហើយ សមត្ថកិច្ច​មាន​តួនាទី​ការពារ​សុវត្ថិភាព ទាំង​ភាគី​កម្មករ និង​ទាំង​ភាគី​រោងចក្រ ដោយ​មិន​កាន់ជើង ខាង​ណា​នោះ​ទេ ។​

លោក​សុង ឆាន​ធាន់ បានឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​បាន​ដោះស្រាយ​រួចរាល់​ដល់​កម្មករ ចំនួន​២០​នាក់​តាម ច្បាប់​កំណត់ ហើយ​រោងចក្រ​មិន​បាន​ធ្វើការ​គាបសង្កត់​ណាមួយ​ទៅ​លើ​កម្មករ​នោះ​ទេ ព្រោះ​កម្មករ កិច្ចសន្យា​យល់ព្រម​ធ្វើ​ការងារ​រយៈពេល​ខ្លី​ទៅ​តាម​តំរូវការ​ចាំបាច់​របស់​រោងចក្រ ឬ​ក្រុមហ៊ុន​ដែល​ត្រូវការ ជា​បន្ទាន់​។ លោក​បន្ដ​ថា មាន​កម្មករ​ប្រមាណ​២០​នាក់​មិន​យល់ព្រម ហើយ​បាន​ប្ដឹង​ទាស់​ជាមួយ​ការ​សំរេច របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ។ ដោយ​មានការ​គាំទ្រ​ពី​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ទី​១៨ មក​រា ដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០០៧ ទើប​បញ្ឈប់​។​

លោក​អាត់ ធន់ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧ ។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​១ ឧសភា លោក​បាន​ដឹកនាំ​បាតុកម្ម ពី​រោង ចក្រ​វី​វើ​រ​រិច ក្នុង​ខេត្ដកណ្ដាល​មក​កាន់​មុខ​រដ្ឋ​សភាជាតិ ដើម្បី​ដាក់​ញត្ដិ​ជូន​ដល់​អ្នកតំណាង​រាស្ដ្រ ។ បន្ទាប់ មក​ទៀត កូដកម្ម​បាន​ធ្វើ​ឡើងជា​បន្ដ​នៅ​ខាង​មុខ​រោងចក្រ​វី​វើ​រ​រិច ហើយ​ពេល​នោះ​តុលាការ​បាន​ចេញ​ដីកា អញ្ជើញ​តំណាង​សហព័ន្ធ សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មក​បំភ្លឺ​ចំពោះ​មុខ​តុលាការខេត្ដ​។​

លោក​សៅ សុ​ខន បាន​បន្ដ​ថា នៅ​ក្នុង​ការ​អញ្ជើញ​មក​តុលាការ​នោះ ឬ​ការ​ធ្វើ​កូដកម្ម​នេះ​គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន ដោយ​មន្ដ្រី​ប៉ូលិស​នោះ​ទេ ។ ប៉ុន្ដែ​ប្រធាន​រោងចក្រ​បាន​ថ្លែង​ថា លោក​បាន​ខាតបង់​នូវ ទឹកប្រាក់​ប្រមាណ​៨០​ម៉ឺន​ដុល្លារ​ចំពោះ​បញ្ហា​នេះ ហើយ​សូម​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​រក​យុត្ដិធម៌​ឱ្យ​រោងចក្រ របស់​លោក​ផង ព្រោះ​បើ​មិន​ដូច្នេះ​នេះ លោក​នឹង​អាច​ពិចារណា​ទៅ​រក​កន្លែង​ផ្សេង​ពី​ទី​នេះ​ក្នុង​ការ វិនិយោគទុន​វិញ ។​

Labels: ,

 
 

នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​អនុវត្ដ​ដីកាឆែកឆេរ

រាជធានី​ភ្នំពេញ ៖ នគរបាល​សេដ្ឋកិច្ច របស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ឡុ​ង ស្រេង ប្រធាន​ការិយាល័យ​រដ្ឋបាល​សរុប រួម​ជាមួយ​មន្ដ្រី​តុលាការក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​លក់​គ្រឿងសំណង់​មួយ ដោយ​ជាប់​សង្ស័យ​ពី​បទ​លក់​ផលិតផល ដែល​នាំ​ចូល​ផ្ដាច់ មុខ​ដោយ​ក្រុមហ៊ុន​ផ្សេង​។ ការ​ចុះ​ឆែកឆេរ​នោះ​គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ម៉េ​ង ឡេ​ង អាយុ ៥៨​ឆ្នាំ ជានា​យក​ក្រុមហ៊ុន Meng Leng IV Co, Ltd ផ្ដាច់មុខ​នាំ​ចូល​ប្រភេទ​ថ្មសំលៀង ថ្ម​ឆាប និង​ថ្ម​កាត់​ម៉ាក NEW KOSOKU (NKK) និង Device។

​តាម​មន្ដ្រី​គណៈកម្មការ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​គ្រឿងសំណង់​នោះ​ឱ្យ​ដឹង​ថា ដើមបណ្ដឹង បាន​ប្ដឹង​ឈ្មោះ​លី ឡា​ង ភេទ​ស្រី ម្ចាស់ផ្ទះ​លេខ​៨១​Eo ដាក់​យីហោ​យូ​ស្រ៊ុ​ន លក់​គ្រឿងសំណង់ ស្ថិត​នៅ​ផ្លូវ​លេខ​១០៩ សង្កាត់ អូរ​ឫស្សី​ទី​៣ ខណ្ឌ​៧​មក​រា ពី​បទ​លួច​នាំ​ចូល​ថ្ម​កាត់ ថ្ម​ឆាប និង​ថ្មសំលៀង ម៉ាក NEW KOSOKU និង Device ក្លែងក្លាយ​ដាក់​តាំង​លក់ និង​ធ្វើ​ចរាចរ​លើ​ទីផ្សារ​។ យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ម៉េ​ង ឡេ​ង នោះ តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ឆែកឆេរ​រុករក​វត្ថុ​តាង​នៅផ្ទះ​លក់​គ្រឿងសំណង់ យូ​ស្រ៊ុ​ន​។ នៅ​ព្រឹក​នោះ សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្ម​ឆាប ថ្មសំលៀង និង​ថ្ម​កាត់​ជាង​៦០​ដុំ ហើយ​ត្រូវ​បាន​ធ្វើការ​ដកហូត ។​

គណៈកម្មការ​ឆែកឆេរ​ឱ្យ​ដឹង​ថា រយៈពេល​ប្រហែល​ជាង​២​ឆ្នាំ​មក​ហើយ មាន​គេ​ផលិត​ថ្ម​ឆាប ថ្មសំលៀង និង​ថ្ម​កាត់​ក្លែងក្លាយ​ចរាចរ​លក់​លើ​ទីផ្សារ ហើយ​ត្រូវ​ក្រុមហ៊ុន​ម៉េ​ង ឡេ​ង ធ្វើការ​ស្រាវជ្រាវ​ដឹង​ក៏​ប្ដឹង សមត្ថកិច្ច​រហូត​ឈាន​ដល់​ការ​ឆែកឆេរ ផ្ទះ​លក់​គ្រឿងសំណង់​នោះ ។​

Labels: ,

 
 

កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​អាកាសចរណ៍​ជាមួយ​ប្រទេស​ចំនួន​២៨

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន បាន​មាន​ប្រសាសន៍​ថា នៅ​ដើមខែ​មិថុនា ខាង​មុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​មួយ​នៅ​ក្នុង​តុលាការ ពិសេស​កាត់ទោស​អតីត​មេដឹកនាំ ខ្មែរក្រហម ដើម្បី​ពិភាក្សា​និង​បោះ​ឆ្នោត​បង្កើត​បទបញ្ជាផ្ទៃក្នុង​របស់​តុលាការ​វិសាមញ្ញ​នេះ ហើយ​លោក សង្ឃឹមថា នៅ​ពេល​នោះ​នឹង​មានការ​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​បទបញ្ជាផ្ទៃក្នុង​ឱ្យ​ចេញ​ជា​ស្ថាពរ ។

​លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន បាន​មាន​ប្រសាសន៍​បែប​នេះ​ប្រាប់​លោក Katsu-hiro SHINOHARA ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី ២៨ ឧសភា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។ លោក​បាន​បន្ដ​ថា យោង​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ និង​កម្ពុជា​នោះ បាន​និយាយ​ថា ជនជាប់ចោទ​ទាំងអស់​មាន​សិទ្ធិ​ជ្រើសរើស​មេធាវី​បាន​តាមតែ​គេ​ពេញចិត្ដ ។ ដូច្នេះ​ហើយ ទើប​ពេល​នេះ​កម្ពុជា​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ឯកភាព​គ្នា​រវាង​មេធាវី​បរទេស និង​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អាច​ទទួលយក​បាន​នូវ​ការ​បង់​កំរៃ​មួយ​ដែល​សមរម្យ ។​

លោក​សុខ អាន បាន​ជំរាប​ជូន​លោក​ឯកអគ្គរាជទូត​ជប៉ុន​ថា យោង​តាម​តំរូវការ​របស់​អង្គការ​ពាណិជ្ជកម្ម ពិភពលោក បាន​តំរូវ​ឱ្យ​កម្ពុជា​បង្កើត​ឱ្យ​មាន​តុលាការ​ពាណិជ្ជកម្ម​មួយ​ដែល​បច្ចុប្បន្ន កម្ពុជា​កំពុង​រៀបចំ ដូច​ជា​ច្បាប់ពាណិជ្ជកម្ម​សភា​បាន​អនុម័ត​រួច​ហើយ រួម​មាន​ទាំង​ក្រមរដ្ឋប្បវេណី​ផង​ដែរ ។ ដូច្នេះ​នៅ​សល់ តែ​ការ​សំរបសំរួល​រវាង​ក្រុមប្រឹក្សា កំណែទំរង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ និង ក្រសួងយុត្ដិធម៌​ទៀត​ទេ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ច្បាប់​ស្ដី​ពី​ការ​បង្កើត​តុលាការ​ពាណិជ្ជ​កម្មនេះ​មាន​ភាព​រលូន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ច្បាប់ ពាណិជ្ជកម្ម ហើយ​និង​ច្បាប់រដ្ឋប្បវេណី ។
​លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន បាន​ស្នើ​សុំ​ឱ្យ​លោក​ឯកអគ្គរាជទូត​ជួយ​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​ឱ្យមក វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន ពីព្រោះ​បន្ដិចទៀត​កម្ពុជា​នឹង​មាន​ភាពរឹងមាំ​ក្នុង​ការ​រៀបចំ​ច្បាប់ ពាណិជ្ជកម្ម​ហើយ​។ ក្រៅពី​នេះ​លោក​សុខ អាន បាន​សុំ​ឱ្យ​ជប៉ុន​ជួយ​ជំរុញ​ឱ្យ​បាន​ឆាប់​ក្នុង​ការ​ចាប់ផ្ដើម សាងសង់​ស្ពាន​អ្នក​លឿង​តាមតែ​អាច​ធ្វើ​ទៅ​បាន​។ ចំណែកឯ​លោក​ឯកអគ្គរាជទូត​ជប៉ុន​វិញ បាន​តប​ថា រាជរដ្ឋាភិបាល​ជប៉ុន​ត្រូវការ​ពេលវេលា​ច្រើន​ណាស់​ក្នុង​ការ​សាងសង់​ស្ពាន​អ្នក​លឿង​នេះ ពីព្រោះ​ស្ពាន​នេះ វែង គឺ​មាន​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ​ឯណោះ និង​ចំណាយ​ទឹកប្រាក់​រហូត​ដល់​ជាង​៧០​លាន​ដុល្លារ ។​

លោក​សុខ អាន បាន​ជំរាប​ជូន​លោក​ឯកអគ្គរាជទូត​បន្ដ​ថា កន្លង​មក​ចំនួន​អ្នកទេសចរ​ជប៉ុន​នៅ​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​មួយ តែ​បច្ចុប្បន្ន​ចំណាត់ថ្នាក់​នេះ​បាន​ធ្លាក់​ចុះ​ទៅ​ហើយ ដូច្នេះ​លោក​បាន​ស្នើ សុំ​ឱ្យ​ជប៉ុន​ធ្វើការ​ពិចារណា​រៀបចំ​កិច្ចព្រមព្រៀង​មួយ​ថ្មី ដើម្បី​ទំនាក់ទំនង​ខាង​អាកាសចរណ៍​ជាមួយ កម្ពុជា​។ បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង​ពីរ​បាន​រៀបចំ​ដូច​គ្នា​រួចរាល់​អស់ ហើយ​ប៉ុន្ដែ​មិន​ទាន់​មាន ការ​ពិនិត្យ​រួម​គ្នា​នៅឡើយ ។​

លោក​សុខ អាន បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀងទ្វេភាគី​ស្ដី​អំពី​បញ្ហា​អាកាសចរណ៍​នេះ កម្ពុជា​បាន​ចុះ កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចំនួន​២៨​រួច​ហើយ ហើយ​កម្ពុជា​ក៏​ចង់បាន​កិច្ចព្រមព្រៀង​បែប​នេះ​ជាមួយ ប្រទេស​ជប៉ុន​ដែរ ព្រោះ​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​នៅ​អាស៊ី ។​

Labels:

 
 

ជំនន់​ទឹកភ្លៀង​បំផ្លាញ​ស្រូវ​កសិករ​អស់​១៣,៨០០​ហិ​កតា

ខេត្ដបន្ទាយមានជ័យ ៖ នៅ​ដើមរដូវ​វស្សា​នេះ​ជំនន់​ទឹកភ្លៀង​បាន​បំផ្លាញ​ស្រូវ​របស់​ប្រជា​កសិករ នៅ​ក្នុង ស្រុក​ចំនួន​២​របស់​ខេត្ដបន្ទាយមានជ័យ សរុប​អស់​ចំនួន​១៣.៨០០​ហិ​កតា ។ តួលេខ​នេះ​បាន​បង្ហាញ​ក្រោយ ពេល​ដែល​មន្ដ្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ដ​បាន​ចុះ​ធ្វើការ​ត្រួត ពិនិត្យ​លើ​ផ្ទៃដី​ដែល​បាន​សាបព្រោះ​រួច ។

​លោក​ហេង ប៊ុ​ន​ហោ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ខេត្ដបន្ទាយមានជ័យ​ជា​ខេត្ដ មួយ​ដែល​ជាប់​ចំណាត់ថ្នាក់ ដោយ​ប្រជា​កសិករ​ធ្វើ​ស្រូវ​បាន​ផល​ខ្ពស់​កន្លង​មក​នោះ នៅ​ឆ្នាំ​២០០៧​នេះ គឺ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ពី​ដើមដៃ បណ្ដាល​ឱ្យ​លិចលង់​ទាំងស្រុង លើ​ស្រុក​ចំនួន​២​យ៉ាងធ្ងន់ធ្ងរ គឺ​ស្រុក មង្គលបុរី និង​ស្រុក​សិរី​សោភ័ណ​។ លោក​ហេង ប៊ុ​ន​ហោ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដែល​ប្រជា កសិករ​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ មន្ទីរ​ជំនាញ​បាន​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទាល់​ឃើញ​ថា ស្រូវ​ដែល​ប្រជា កសិករ​ធ្វើ​បាន​ប្រមាណ​៥០.០០០​ហិ​កតា​នោះ ត្រូវ​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ជន់​លិច អស់​ចំនួន ២៧.៨០០​ហិ​កតា ក្នុង​នោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​១៣.៨០០ ហិ​កតា ។ នេះ​ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ ។​

លោក​ប៉ែន វុ​ធ ប្រធាន​នាយកដ្ឋាន​ក្សេត្រសាស្ដ្រ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​ផ្ទាល់​លើ​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ជីវភាព រស់នៅ​របស់​ប្រជា​កសិករ ។ លោក​បាន​បន្ដ​ថា ឆ្លង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គឺ​កសិករ​ជួប​ផល​លំបាក ដែល​បញ្ហា​នេះ​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ក្រសួងកសិកម្ម ។​

លោក​អន ស៊ុំ អភិបាល​ខេត្ដបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ពេល​នេះ​ប្រជាពលរដ្ឋ​ត្រូវការ​ជំនួយ ឧបត្ថម្ភ​ធ្វើ​យ៉ាងណា​សូម​ឱ្យ​ក្រសួង និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ រក​មធ្យោបាយ និង​វិធានការ​ដើម្បី ស្ដារ​ឡើង​វិញ​នូវ​ផ្ទៃដី​ដាំ​ដុះ ពិសេស​គឺ​ខ្វះខាត​ពូជ​តែ​ម្ដង ។​

Labels:

 
 

ស្លាក​សញ្ញា​ចរាចរណ៍​បាក់​និង​បាត់បង់​ជា​ច្រើន​ក្រុង​ពង្រឹង​ការ​គ្រប់គ្រង

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​ដាក់​តាម​ដងផ្លូវ ឬ​ទី​សាធារណៈ​ផ្សេងៗ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​បាក់បែក និង​បាត់បង់​ជា​បន្ដបន្ទាប់ ដោយសារ​ជន​មួយ​ចំនួន​តូច​បាន​លួច​បំផ្លិច បំផ្លាញ​នោះ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ ដើម្បី​រឹត​បន្ដឹង​ការ គ្រប់គ្រង​ឱ្យ​បាន​គង់វង្ស ព្រមទាំង​ជំរុញ​ការ​ដាក់​ទោសទណ្ឌ​ដល់​ជន​ណា ដែល​បំផ្លិចបំផ្លាញ​សម្បត្ដិ សាធារណៈ​។ កិច្ចប្រជុំ​នោះ​ស្ថិត​នៅ​ក្រោម​អធិបតីភាព​លោក ជ្រាង សុ​ផា​ន់ អភិបាលរង​ក្រុងភ្នំពេញ និង មានការ​អញ្ជើញ​ចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​សាលាក្រុង តំណាង​អាជ្ញាធរ និង តំណាង​ការិយាល័យ សាធារណការ​ខណ្ឌ​ទាំង​៤​ក្នុង​ក្រុងភ្នំពេញ​។

​នៅ​ក្នុង​អង្គប្រជុំ​នោះ​អាជ្ញាធរ​មូលដ្ឋាន​បាន​លើក​ឡើង និង​ទំលាក់​កំហុស​ទៅ​លើ​ប៉ូលិស​ចរាចរ​ថា មិនសូវ ជួយ​ចូលរួម​ថែរក្សា​ការពារ​ស្លាក​សញ្ញា​ចរាចរណ៍​នោះ​ឡើយ ដោយ​ពួក​គាត់​រង់​ចាំតែ​ជួយ​សំរួលការ​កកស្ទះ ចរាចរណ៍​ឬ​ចាំ​ស្ទាក់​ចាប់​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​មាន ក្រុម​ប៉ូលិស​ចរាចរ​ខ្លះ​បាន​ចង​អង្រឹង​ជាមួយ​បង្គោល​ស្លាក​សញ្ញា​នេះ​ដេក​នៅ​ពេល​យប់ ដែល​ធ្វើ​ឱ្យ​បង្គោល ឆាប់​រង្គើរ ឬ​បាក់បែក និង​មាន​ពេល​ខ្លះ​បានឃើញ​មនុស្ស​លួច​កាច់ ឬ​ដក​ស្លាក​សញ្ញា​ហើយ​ក៏​មិន​អើពើ​ដេញ ចាប់​ដែរ​។ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ការ​បាត់​ស្លាក​សញ្ញា​ចរាចរណ៍ ដែល​មាន​ជន​ខ្លះ​រពឹសដៃ ទៅ​កាច់ ឬ​ដក​បំផ្លាញ​លេង ឯ​ខ្លះ​ទៀត​គាត់​មានផ្ទះ​ឬ​ហាង​ប្រកប​មុខរបរ​អាជីវកម្ម​ផ្សេងៗ ក៏​បាន​លួច ដក​ឬ​កាប់​ចោល ព្រោះ​ទើសមុខ​ផ្ទះ​គាត់ ហើយ​អ្នកខ្លះ​ទៀត​បាន​លួច​ដក​ស្លាក​សញ្ញា នៅ​ពេល​យប់​ដើម្បី ចូល​ចត​រថយន្ដ​នៅ​មុខ​ផ្ទះ​ឬ​កន្លែង​អាជីវកម្ម​តែ​ពេល​ថ្ងៃ​គាត់​បាន​ដាំ​វិញ ។​

នៅ​ក្នុង​កិច្ចប្រជុំ​នោះ គេ​មិន​បានឃើញ​តំណាង​ប៉ូលិស​ចរាចរ​ចូលរួម​ទេ ក្នុង​ខណៈ​ពេល​សាលាក្រុង​បាន​ធ្វើ លិខិត​កោះ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​នោះ ។​

លោក​ជ្រាង សុ​ផា​ន់ បាន​ធ្វើការ​ណែនាំ​ដល់​មន្ដ្រី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រូវ​មើលបំណាំ ឬ​ឆ្លើយ​ដាក់​គ្នា​នោះ​ទេ ពីព្រោះ​យើង​ជា​អាជ្ញាធរ​នៅ​ជាប់​ជា​ប្រចាំ គឺ​ត្រូវធ្វើ​យ៉ាងណា​សហការ​រឹត​បន្ដឹង​ការ គ្រប់គ្រង​ឱ្យ​បាន​ល្អ​។ ទោះជា​យ៉ាងណា អង្គប្រជុំ​មាន​គម្រោង​ជំរុញ​ការ​ដាក់​ទោសទណ្ឌ​ឱ្យ​រាងចាល ដល់​ជន ណា​ដែល​ធ្វើការ​បំផ្លិចបំផ្លាញ និង​ចូលរួម​ឃុបឃិត ឬ​ទទួល​ទិញ​លក់​ស្លាក​សញ្ញា​ដែល​ជា​សម្បត្ដិ​សាធារណៈ ហើយ​សាលាក្រុង​នឹង​ធ្វើ​សេចក្ដីជូនដំណឹង​មួយ​សំរាប់​ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ។​

Labels: ,

 
 

ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​នៅ​ឃុំ​ប៉ោយ​ប៉ែ​ត

ខេត្ដបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ភ្លៀង​ជា​ច្រើន​មេ​រួច​មក គេ​ឃើញ​មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ប៉ោយ​ប៉ែ​ត បាន​បើក​យុទ្ធនាការ​សំអាត​អនាម័យ​បរិស្ថាន​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ។ លោក​ង៉ោ ម៉េ​ង ជ្រួ​ន ប្រធាន​អភិវឌ្ឍន៍​ឃុំ​បាន​ប្រាប់​កោះសន្ដិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា​ថា មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ ប៉ោយ​ប៉ែ​ត នឹង​ចាប់ផ្ដើម​អភិវឌ្ឍន៍​មូលដ្ឋាន​ជា​បន្ដបន្ទាប់​ចាប់ពី​ពេល​នេះ​តទៅ ក្នុង​នោះ ទី​១-​ត្រូវ​សំអាត អនាម័យ​បរិស្ថាន​តាម​ផ្លូវ​សាធារណៈ ជា​ពិសេស​គឺ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ដែល​ជា​ផ្លូវ​សំរាប់​ពលរដ្ឋ​និង ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ឆ្លងកាត់ ទី​២-​ត្រូវ​កាយ​យក​សំរាម​ដែល​ហូរ​ចូល​ក្នុង​លូ​ធ្វើ​ឱ្យ​កកស្ទះ​ទឹក មិន​អាច​ហូរ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ និង​ទី​៣-​ត្រូវ​ជួសជុល​ផ្លូវលំ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ដែល​មាន ពលរដ្ឋ​រស់នៅ​និង​ធ្វើ​ដំណើរ ។

​ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយ​ប៉ែ​ត​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​ឃើញ​មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ប៉ោយ​ប៉ែ​ត ធ្វើការ​អភិវឌ្ឍន៍​មូលដ្ឋាន​បែប​នេះ ពួក​គាត់​បាន​លើក​ឡើង​ថា បើ​មន្ដ្រីឃុំ​អភិវឌ្ឍ​ផ្លូវលំ​មុនគេ គួរតែ អភិវឌ្ឍ​ផ្លូវលំ​ដែល​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន ដូច​ជា​ផ្លូវ​វត្ដ​ថ្មី​ទៅ​ភូមិ​ប្រជា​ធម្ម ហើយ​និង​ផ្លូវ​អង់​តែ​ន ទូរស័ព្ទ​ទៅ​ដល់​សាលា​បឋម​សិក្សា​ឃុំ​និមិត្ដ ។ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​នៅ​ពេល​ធ្លាក់​ភ្លៀង​ម្ដងៗ​កកស្ទះ លិច លើ​ដងផ្លូវ​រួម​ទាំង​លិច​បរិវេណ​សាលា​ទៀត​ផង បង្ក​បញ្ហា​ដល់​សិស្សសាលា​ពុំ​បាន​រៀនសូត្រ ហើយ​និង​មាន ការ​ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នោះ​ថែម​ទៀត ដោយសារ​ផ្លូវ​នោះ​មាន​ជង្ហុក​ជ្រៅ​អាច​បង្ក​គ្រោះ ថ្នាក់​ជាយថាហេតុ ។

លោក​ង៉ោ ម៉េ​ង​ជ្រួ​ន ប្រធាន​អភិវឌ្ឍន៍​ឃុំ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​បញ្ហា​ទាំងអស់ ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះ លោក​មិន​ទាន់​ហ៊ាន​អះអាង​ទេ​ដោយសារ​ការ​ជួសជុល​និង​ការ អភិវឌ្ឍន៍​ទាំង​អស់នេះ គឺ​លោក​ពុំ​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅឡើយ​។ ចំណែក​ថវិកា​ដែល​បាន​យក​មក អភិវឌ្ឍ​នៅ​ពេល​នេះ​គឺជា​ថវិកា​បាន​ពី​សប្បុរសជន នៅ​ក្នុង​មូលដ្ឋាន​និង​ថវិកា​ផ្ទាល់​របស់​ក្រុមប្រឹក្សា​ឃុំ តែ​ប៉ុណ្ណោះ ទោះបីជា​បែប​ណា​លោក​នឹង​ព្យាយាម​។​

Labels:

 
 

ជួល​ជុល​កែ​លំអ​សួនច្បារ​មុខ​រដ្ឋសភា​ថ្មី​ឱ្យ​រួចរាល់​មុន​ថ្ងៃ​សម្ពោធ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​ផ្ទាល់​ពី​លោក​កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ មន្ទីរ សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ដំណើរការ​ជួសជុល​កែ​លំអ​សួនច្បារ​មុខ​រដ្ឋសភា​ថ្មី និង មុខ​សាល​មហោស្រព​ទន្លេបាសាក់​ជា​ថ្មី ដោយ​ជំរុញ​ឱ្យ​រួចរាល់​ទាន់​ថ្ងៃ​សម្ពោធ​រដ្ឋសភា​នា​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៧​ខាង​មុខ​នេះ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០០៧ លោក ញ៉ែ​ម សា​រ៉​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ភ្នំពេញ​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​រួម​ជាមួយ​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​ឈូស​ឆាយដី និង​ស្មៅ​ចាស់​ចេញ ដោយ​ចាក់​ដី​ថ្មី​ចូល​រួច​ដាំ​ស្មៅ​និង​ដើមឈើ​ជា​ថ្មី ដើម្បី​លើកកំពស់​សោភ័ណ​ភាព​ទីក្រុង ។ ការងារ​នេះ​មន្ទីរ សាធារណការ​បាន​អនុញ្ញាត​ឱ្យ​អង្គភាព​ចំនួន​៤​សហការ​ជួសជុល ជំរុញ​ឱ្យ​បាន​លឿន រួម​មាន​អង្គភាព​លូ​ទឹក ស្ពាន​ថ្នល់ សួនច្បារ​និង​រុក្ខជាតិ និង​អង្គភាព អគ្គិសនី​។​

លោក​ញ៉ែ​ម សា​រ៉​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ណែនាំ ផ្ទាល់​ពី​លោក​កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ មន្ទីរ​បាន​ធ្វើការ​ឈូស​ឆាយ​ជួសជុល​កែ​លំអ​សួនច្បារ មុខ​រដ្ឋសភា​ថ្មី និង​មុខ​សាល​មហោស្រព​ទន្លេបាសាក់ ដែល​មាន​សួនច្បារ​ចាស់​ស្រាប់​មាន​បណ្ដោយ​ប្រវែង ២៩​ម៉ែត្រ និង​ទទឹង​ប្រវែង​១០​ម៉ែត្រ​។ ការ​ជួល​ជុល​សួនច្បារ​តាម​បណ្ដោយ​ផ្លូវ​មុខ​រដ្ឋសភា​នេះ​ត្រូវ​ធ្វើការ ពង្រីក​ផ្លូវលំ​ឱ្យ​ធំ​ទូលាយ​ជាង​មុន ឯ​សួនច្បារ​ត្រូវ​ជួសជុល​ឱ្យ​តូច​ជាង​មុន​ពី​ទទឹង​១០​ម៉ែត្រ ឱ្យមក​ត្រឹម ៣,៤០​ម៉ែត្រ​វិញ និង​ទំ​លុះ​សួន​ទុក​ផ្លូវ​ចេញចូល​ចំនួន​ពីរ​កន្លែង​ទៀត​សំរាប់​ចូល​រដ្ឋសភា និង​ក្រសួង ការ​បរទេស ។

លោក​ញ៉ែ​ម សា​រ៉​ន បាន​បន្ថែម​ថា តាម​ការ​ណែនាំ​ពី​អភិបាលក្រុង​នោះ​ឱ្យ​ចាក់​ដី​ទន្លេ លើកកំពស់​ផ្ទៃ​សួន រួច​ដាំ​ស្មៅ ដើមឈើ ដាក់​បង្គោល​ភ្លើង រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្អុយ បណ្ដាញទឹក​ស្អាត និង​ប្រព័ន្ធ ភ្លើង​ឱ្យ​រួចរាល់​ក្នុង​ពេល​ជួសជុល​សួន ។ លោក​បាន​បញ្ជាក់​ថា តាម​គម្រោង​ជួសជុល​កែ​លំអ​នេះ​ត្រូវ ចំណាយ​ថវិកា​អស់​ចំនួន​២៩៧​លាន​រៀល ហើយ​មន្ទីរ​នឹង​ជំរុញ​ឱ្យ​រួចរាល់​មុន​ថ្ងៃ​សម្ពោធ​រដ្ឋសភា​ថ្មី នៅ​ថ្ងៃ ទី​៧ កក្កដា ២០០៧ ខាង​មុខ​នេះ ។​

Labels:

 
 

លោក​យ៉ា​សហ៍​ហ្គា​យ​តំណាង​ពិសេស​អគ្គលេខាធិការ​អង្គការ​ សហប្រជាជាតិ​វិល​ត្រឡប់​មក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​លើក​ទី​បី​របស់​លោក​យ៉ា​សហ៍​ហ្គា​យ តំណាង​ពិសេស របស់​លោក​អគ្គ​លេខា ធិ​ការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​នឹង​មក​ធ្វើ ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩​នេះ​ដល់​៣១ ខែឧសភា ឆ្នាំ​២០០៧ ។

​តាម​សេចក្ដី​ប្រកាស​បានឱ្យ​ដឹង​បន្ថែម​ថា លោក​យ៉ា​សហ៍​ហ្គា​យ តំណាង​ពិសេស​របស់​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​បី​របស់​លោក មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ធ្វើការ​ស្វែង​យល់​អំពី​ការ​វិវត្ដន៍​ថ្មីៗ​បំផុត នៅ​ក្នុង ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​ដាក់​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោក ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០០៧ នេះ ។​

លោក​តំណាង​ពិសេស​សង្ឃឹមថា នឹង​មានឱកាស​ធ្វើការ​ពិភាក្សា​អំពី​របាយការណ៍​របស់​លោក​ជាមួយ​តំណាង ជាន់ខ្ពស់​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ កម្មវិធី​នេះ​នឹង​រួម​បញ្ចូល​ផង​ដែរ នូវ​ការ​ជួប​ប្រជុំ​ជាមួយ តំណាង​សង្គម​ស៊ី​វិល គណបក្ស​នយោបាយ ទីភ្នាក់ងារ​សហប្រជាជាតិ និង​សហគមន៍​អ្នកការទូត​នានា​។ សេចក្ដីថ្លែងការណ៍​សារព័ត៌មាន​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​សង្កេត​សំខាន់ៗ​របស់​លោក​តំណាង​ពិសេស អំពី បេសកកម្ម​របស់​លោក នឹង​ត្រូវ​ចេញផ្សាយ​ថ្ងៃ​៣១ ឧសភា​។​

Labels: , ,

 
 

ពិព័រណ៍​រូបថត​នៃ​កម្មករនិយោជិត​កាត់ដេរ​និង​ភាគ​ថ្មី​នៃ​ខ្សែ​វី​ដេ​អូ​អប់រំ​សំរាប់​ឧស្សាហកម្ម​កាត់ដេរ​ចាប់ផ្ដើម​ដាក់​បង្ហាញ​និង​បញ្ចាំង​ជូន​ទស្សនា

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ILO បានឱ្យ​ដឹង​ថា ពិព័រណ៍​រូបថត​នៃ​កម្មករ និយោជិត​កាត់ដេរ និង​ភាគ​ថ្មី​នៃ​ខ្សែ​វី​ដេ​អូ អប់រំ​សំរាប់​ឧស្សាហកម្ម​កាត់ដេរ ចាប់ផ្ដើម​ដាក់​បង្ហាញ និង​បញ្ចាំង​ជូន​ទស្សនា ដោយ​គំរោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​ពលកម្ម​អន្ដរជាតិ និង​មជ្ឈមណ្ឌល​ធនធាន​សោត ទស្សន៍ បុ​បា្ព​ណា នៅ​ឯ​ពិធី​មួយ​ក្រោម​អធិបតីភាព​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម នៅ​ថ្ងៃ សុក្រ ទី​២៥ ខែឧសភា ។

​ពិព័រណ៍​កំរង​រូបភាព​ក្រោម​ចំណងជើង “​អ្នក​នៅ​ពីក្រោយ​ផលិតផល​សំលៀក​បំពាក់ កម្មករនិយោជិត កាត់ដេរ​នៃ​ប្រទេស​កម្ពុជា​” មាន​គោលបំណង​អប់រំ​ទស្សនិកជន​អំពី​លក្ខណៈ​នៃ​ការងារ​កាត់ដេរ ព្រមទាំង ជីវិត និង​បទ​ពិសោធន៍​ការងារ​ផ្ទាល់ខ្លួន​របស់​កម្មករនិយោជិត​កាត់ដេរ ។ រូបថត​ដែល​ថត​ដោយ អ្នក​ថតរូប ជនជាតិ​អូស្ដ្រាលី លី​វី​ង​ស្ដុ​ន អា​មី​ថេ​ច លាតត្រដាង​ពី​ជីវិត​របស់​កម្មករនិយោជិត​កាត់ដេរ​នៅ​កន្លែងធ្វើការ និង​នៅផ្ទះ​របស់​ពួក​គេ ។ រូបភាព​ទាំងនេះ​បង្ហាញ​ពី​ជីវិត​ការងារ​ដ៏​មមាញឹក​របស់​ពួក​គេ ការងារ លក្ខខណ្ឌ ការងារ និង​មិត្ដភក្ដិ​រួមសុខទុក្ខ​របស់​ពួក​គេ ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ ពេលវេលា​រីករាយ ការ​តស៊ូ ក្នុង​ជីវិត និង​ថ្ងៃ​ឈប់​សំរាក​ដ៏​មាន​តំលៃ​របស់​ពួក​គេ ។​

ខ្សែ​វី​ដេ​អូ​ចំនួន​៤​ភាគ​ថ្មីៗ​របស់​គំរោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​នៅ​ខ្លោង ទ្វារ​រោងចក្រ​កាត់ដេរ​” ដែល​សំដែង​ដោយ​តារាភាពយន្ដ និង តារាចំរៀង​ខ្មែរ​ដែល​មាន​ប្រជាប្រិយភាព​ជា ច្រើន​រូប បន្ដ​ធ្វើការ​អប់រំ និង​បង្កើន​ការ​យល់​ដឹង​ដល់​កម្មករ​កាត់ដេរ និង​អ្នកគ្រប់គ្រង​រោងចក្រ​អំពី​បញ្ហា ប្រឈម​មុខ​មួយ​ចំនួន​ដែល​តែង​កើត​មាន​ឡើង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​កម្ពុជា ។ ខ្សែ​វី​ដេ​អូ​ចាប់ពី​ភាគ​ទី​៣ ដល់ទី​៦ ផ្សព្វផ្សាយ​សារ​ស្ដី​អំពី​ការ​លួច សុវត្ថិភាព និង សុខភាព​ការងារ ម្ដាយ​ដែល​ជា​អ្នកធ្វើការ និង ការ​ថែទាំ​ទារក និង​កម្មករនិយោជិត​ដែល​មិន​ទាន់​គ្រប់​អាយុ​ចូល​ធ្វើការ ។​

ពិព័រណ៍​នេះ ក៏​ជា​ឱកាស​មួយ​ផង​ដែរ សំរាប់​ឱ្យ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុ​បា្ព​ណា ណែនាំ​ពី បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​លើកកំពស់​កេរ​មរតក និង​វប្បធម៌​សង្គម របស់​ប្រទេស​កម្ពុជា ។ ក្រុមការងារ របស់​មជ្ឈមណ្ឌល​ស្វាគមន៍​អ្នកចូលរួម​ទាំងអស់ ដើម្បី​ស្វែង​យល់​ពី​លទ្ធផល​ការងារ​នៃ​ការ​ប្រមូល​ចងក្រង និង​ការ​ការពារ​ធនធាន​សោត​ទស្សន៍ ព្រមទាំង​ការ​បង្កើត​ការ​ចង​ចាំ​សំរាប់​ពេល​អនាគត ។​

ពិធី​ដាក់​បង្ហាញ​រូបថត និង​បញ្ចាំង​ខ្សែ​វី​ដេ​អូ​នេះ​ប្រារឰ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែឧសភា វេលា​ម៉ោង ៦​ល្ងាច នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុ​បា្ព​ណា ផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​២០០ ក្រុងភ្នំពេញ (​ខាងក្រោម មជ្ឈមណ្ឌល​វប្បធម៌​បារាំង​)​។ ពិព័រណ៍​រូបថត និង​ការ​ដាក់​បញ្ចាំង​ខ្សែ​វី​ដេ​អូ​ភាគ​នេះ នឹង​បន្ដ​បង្ហាញ​ជូន សាធារណជន​រហូត​ដល់​ថ្ងៃ ទី​១៥ ខែមិថុនា នៅ​ឯ​មជ្ឈមណ្ឌល​នេះ ។​

Labels:

 
 

ចិន​ប្រជាមានិត​បង្កើន​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា

clip_image001
​មន្ដ្រី​ក្រសួងទេសចរណ៍​កម្ពុជា​-​ចិន​ក្នុង​ពិព័រណ៍​រូបថត​ខេត្ដ Guangxi

រាជធានី​ភ្នំពេញ ៖ លោក​ប្រាក់ សុខុម ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ចំនួន​២.៦០០​តំបន់ និង​ចែក​ចេញ​ជា​តំបន់​ធំៗ ចំនួន​៤ ។ ក្រៅពី​នេះ​នៅ​ខេត្ដសៀមរាប មាន​ប្រាសាទ​ជាង​ពីរ​រយ​ទៀត ដែល​អាច​ផ្ដល់​ភាព​សំបូរ​បែប ខាង​វិស័យ​ទេសចរណ៍​សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ ។ លោក​បាន​ថ្លែង​បែប​នេះ កាលពី​ថ្ងៃ​ទី​២៧ ឧសភា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា នា​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ខេត្ដ​Guangxi នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​កិច្ចសហការ​រវាង​ខេត្ដ Guangxi ប្រទេស​ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា ។

​លោក​ប្រធាន​គណៈប្រតិភូ​ខេត្ដ Guangxi ប្រទេស​ចិន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ថា ព្រះរាជាណាចក្រ កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​សុទ្ធតែ​ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​។ ដូច្នេះ​ហើយ​ទើប​ខេត្ដ Guangxi នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ​វិស័យ​ទេសចរណ៍ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ដល់​ព័ត៌មាន​លើ​វិស័យ​នេះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កិច្ច​សហ​ប្រ​តិ ប​ត្ដិ​ការ​ជិត​ស្និទ្ធ​ជាមួយ​គ្នា ។ គ្រប់​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន គឺ​សុទ្ធតែ​ជាទី​ក្រុង​ទេសចរណ៍​ទាំងអស់ ដែល​មាន​ទេសភាព​ល្បីល្បាញ​ក្នុង​ពិភពលោក ហើយ​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​ចិន គឺ បាន​ផ្ដល់​ភាព​មនោ​រម្យ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​សប្បាយចិត្ដ និង​ចង​ចាំ​ក្នុង​ចិត្ដជា​អនុស្សាវរីយ៍​ពេញ​មួយ​ជីវិត របស់​ពួក​គេ ។​

លោក​ប្រាក់ សុខុម ឱ្យ​ដឹង​ទៀត​ថា ខេត្ដ Guangxi របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ដោយ​ខេត្ដ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​១០​លាន​នាក់ ក្នុង​មួយ​ឆ្នាំ និង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង​មួយ​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ចូល​ទៅ​ទស្សនា​កំសាន្ដ​។ ចំណែកឯ​កម្ពុជា​ក៏​មាន​សក្ដានុពល​ទេសចរណ៍​ល្អ​ដូច​ជា​ខេត្ដ Guangxi អ​ញ្ចឹ​ង​ដែរ ក្រៅពី​ខេត្ដសៀមរាប កម្ពុជា​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ទៀត សំរាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ។​

អត្ថបទ កោះសន្តិភាព

Labels:

 
 

គណៈកម្មការ​ពិនិត្យ​គុណភាព​ផ្លូវ​និង​ស្ពាន​ត​ភ្ជាប់​ពី​ជើងឯក​ទៅ​ខេត្ដកណ្ដាល

clip_image001
​កំណាត់​ផ្លូវ​កំពុងធ្វើការ​សាងសង់​ត្រូវ​បាន​មន្ដ្រី​ចំរុះ​ស្ថាប័ន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចំរុះ​រួម​មាន​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​មន្ដ្រី​ជំនាញ​សាលាក្រុង​ភ្នំពេញ និង​ខេត្ដកណ្ដាល ដឹកនាំ​ដោយ​លោក ជ្រាង សុ​ផា​ន់ អភិបាលរង​ក្រុងភ្នំពេញ អមដំណើរ​ដោយ លោក​គង់ អៀង តំណាង​កង​វិស្វកម្ម​ក្រសួង ការពារ​ជាតិ បាន​ចុះ​ទៅ​ពិនិត្យ​គុណភាព​នៃ​ការ​ស្ថាបនា​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​មជ្ឈមណ្ឌល​ប្រល័យ ពូជសាសន៍​ជើងឯក រាជធានី​ភ្នំពេញ ទៅ​ខេត្ដកណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០០៧ ។

​មន្ដ្រី​សាលាក្រុង​ភ្នំពេញ​ឱ្យ​ដឹង​ថា សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ផ្ដល់​អំណោយ​ជា​ស្ពាន និង​ផ្លូវ មួយ​ខ្សែ​សំរាប់​ត​ភ្ជាប់​ពី​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ទៅ​ខេត្ដកណ្ដាល ត្រង់​ចំណុច​រង្វង់ មូល​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដើម្បី​សំរួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ការ​សាងសង់​បាន​ចាប់ផ្ដើម នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០០៧ ដែល​ពិធី​បើក​ការដ្ឋាន​ស្ថិត​ក្រោម​អធិបតីភាព នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ។ ការងារ​ស្ថាបនា​ផ្លូវត្រូវ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ចំណែក ឯការ​សាងសង់​ស្ពាន​ឆ្លងស្ទឹង​ព្រែក​ត្នោត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កង​វិស្វកម្ម​ក្រសួងការពារជាតិ ។​

មន្ដ្រី​ដដែល​បន្ថែម​ថា ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នោះ​មាន​ប្រវែង​៥.០០០​ម៉ែត្រ និង ទទឹង​១២​ម៉ែត្រ​ចាប់ពី​ផ្លូវ បំបែក​ចូល​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​រហូត​ដល់​រង្វង់​មូល​បំបែក​ផ្លូវជាតិ​លេខ​២ និង​លេខ​៣​ក្នុង ខេត្ដកណ្ដាល​។ ចំណែក​ស្ពាន​ឆ្លងស្ទឹង​ព្រែក​ត្នោត​ដែល​គេ​ដាក់​ឈ្មោះ​ថា ស្ពាន​ព្រែក​ជ្រៃ ជា​ប្រភេទ​ស្ពាន បេតុង​ប្រវែង​១០៥,១៥​ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ ។​
​ក្នុង​ឱកាស​នោះ​លោក​ជ្រាង សុ​ផា​ន់ បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ម៉ៅ​ការ​ស្ថាបនា​ផ្លូវ ត្រូវ​យកចិត្ដ ទុកដាក់​កសាង​ឱ្យ​មានគុណ​ភាព ។ លើស​ពី​នេះ​ទៀត​ពិនិត្យ​ជា​ប្រចាំ​ពេល​ចាក់​ដី​បំពេញ​លើកកំពស់​ផ្លូវ គឺ​បើ​ឃើញ​ដី​ស្អុយ​ត្រូវ​កាយ​ចេញ ហើយ​កិន​បង្ហាប់​តាម​លក្ខណៈ​បច្ចេកទេស ។​

លោក​បាន​វាយតំលៃ​ថា ការ​សាងសង់​ស្ពាន​ព្រែក​ជ្រៃ​របស់​កង​វិស្វកម្ម​បាន​ប្រមាណ​៧០%​ហើយៗ​រំពឹង​ថា នៅ​ក្នុង​ខែតុលា​ខាង​មុខ​នេះ​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​បាន​ហើយ ។ ដោយឡែក​ការ​ស្ថាបនា​ផ្លូវ​បាន ប្រមាណ​៦០%​ហើយ តែ​មានការ​ខ្វះខាត ដែល​ត្រូវ​ណែនាំ​ឱ្យ​កែ​លំអ ។​

អត្ថបទ កោះសន្តិភាព

Labels: ,

 
 

ភ្លៀង​ធ្លាក់​ខ្លាំង​ដើមរដូវ​នាំ​ជាតិពុល​ចូល​ទន្លេ​ ​ឡូត៍​នេសាទ​៣​រង​គ្រោះ​ព្រោះ​ត្រី​ងាប់​អស់​៥៨​តោន

ខេត្ដកំពង់ឆ្នាំង ៖ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ទឹកភ្លៀង​បាន​សម្រុក​ធ្លាក់​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន តាម​ដង​ទន្លេ​ក្នុង ខេត្ដកំពង់ឆ្នាំង ហើយ​ទឹកភ្លៀង​បាន​ហូរ​ចូល​ត្រ​ញំ​ង បឹងបួ និង​ហូរ​ចូល​ក្នុង​ទន្លេ​ដោយ​នាំ​យក​ទៅ​ជាមួយ នូវ​សារធាតុពុល​បង្ក​ឱ្យ​ត្រី​ក្នុង​ឡូត៍​នេសាទ​មួយ​ចំនួន ងាប់​អស់​រាប់​តោន ដែល​បញ្ហា​នេះ​ជា​ក្ដី​ព្រួយបារម្ភ បំផុត​របស់​ម្ចាស់​ឡូត៍​នេសាទ ។

​លោក​អ៊ឹ​ង គឹ​ម​លាង ប្រធាន​ការិយាល័យ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឡូត៍​នេសាទ​ដែល ទទួល​រង​ការ​ខូចខាត​ដោយ​ត្រី​ងាប់​នោះ​មាន​ឡូត៍​លេខ​១ (​ស្លត​) ឡូត៍​លេខ​៣ (​ពែ​ក​គូ​) និង​ឡូត៍​លេខ​៤ (​សាច់​ស្ពៃ​) ។ ឡូត៍​ទាំង​បី​នេះ​មាន​ត្រី​ងាប់​សរុប​ប្រមាណ​៥៨​តោន ប៉ុន្ដែ​ឡូត៍​លេខ​៣ (​ព្រែក​គូ​) រង​គ្រោះ ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ត្រី​ងាប់​ដល់​ទៅ​៣៥​តោន​ឯណោះ ។ លោក អ៊ឹ​ង គឹ​ម​លាង បាន​ប្រាប់​ពី​លក្ខណៈ បច្ចេកទេស​ថា កត្ដា​ទឹក​បឹង​ដែល​បង្ក​ជាតិពុល​ហូរ​ធ្លាក់​ចូល​ទន្លេ បណ្ដាល​ឱ្យ​ត្រី​ងាប់​បែប​នេះ គឺ​មក​ពី ទឹក​កខ្វក់​ដោយសារ​កាក​សំណល់​ស្មៅ ចំការ​ដែល​ប្រជា​កសិករ​បាន​ជម្រះ ឬ​កន្លែង​ខ្លះ​បាញ់ថ្នាំ​សម្លាប់​ស្មៅ ងាប់​រលួយ ហើយ​ទឹក​ពុល​នៃ​ស្មៅ​រលួយ​ទាំងនោះ ហូរ​ធ្លាក់​ចូល​ទន្លេ​បង្ក​ឱ្យ​កើតជា​អា​ម៉ូ​នី​ញ៉ាក់ និង ឧស្ម័ន​កាបូ​និក ធ្វើ​ឱ្យ​ទឹក​មាន​ជាតិពុល ។ ឯ​ករណី​មួយទៀត គឺ​តាម​ចំការ​របស់​បងប្អូន​កសិករ​យើង​នៅ តាម​មាត់ទន្លេ​បាន​ប្រើប្រាស​ថ្នាំពុល​សម្លាប់សត្វ ដែល​ក៏​ជា​កត្ដា​បំពុល​ទឹក​ផង​ដែរ ។ ជា​ទូទៅ​ទឹក​មាន​ជាតិ ពុល​ដែល​ហូរ​ចុះ​ទន្លេ​មាន ពណ៌​ត្នោត ។​

ឡូត៍​នេសាទ​ទាំង​៣​ដែល​មាន​ត្រី​ងាប់​ប្រមាណ​៥៨​តោន ភាគច្រើន​គឺ​ត្រី​ក្លាំ​ង​កាយ ត្រី​កែស និង​ត្រី​ក្រមម ចំណែក​ត្រី​រ៉ស់ ត្រី​ឆ្ដោ មិនសូវ​ឃើញ​ងាប់​ប៉ុន្មាន​ទេ ។ ទោះបីជា​បែប​ណា ព័ត៌មាន​ពី​ត្រី​ងាប់​នេះ គឺ​ទទួល​បាន​តែ​ពី​ប្រធាន​ការិយាល័យ​ជលផល​ប៉ុណ្ណោះ ចំណែកឯ​ម្ចាស់​ឡូត៍​នេសាទ​ទាំង​៣​មិន​បាន​ផ្ដល់ ព័ត៌មាន​នោះ​ទេ ប៉ុន្ដែ​មាន​មតិ​ខាងក្រៅ​ដែល​មិន​ផ្លូវការ​ប្រាប់​ថា ពិតជា​មាន​ត្រី​ងាប់​មែនហើយ តែ​មិន​ដល់ ប៉ុណ្ណឹង​ពេក​ទេ​អាច​ជា​ការ​បំប៉ោង​ក៏​ថា​បាន​ដែរ ។​

អត្ថបទ កោះសន្តិភាព

Labels: ,

 
 

ស្ដ្រី​លក់​ស្រា​បៀរ​ចូលរួម​សិក្ខាសាលា​រិះរក​វិធីសាស្ដ្រ​ជួយ​ខ្លួនឯង

clip_image001
​ទិដ្ឋភាព​ក្នុង​សិក្ខាសាលា​នៅ​សណ្ឋាគារ​ផា​រ៉ា​ន់​ដា (រូបថត កោះសន្តិភាព)

រាជធានី​ភ្នំពេញ ៖ អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​ហៅ​កាត់​ថា CWCC បាន​រៀបចំ​សិក្ខា សាលា​ស្ដី​ពី​សេចក្ដី​ត្រូវការ​របស់​ស្ដ្រី​លក់​ស្រា​បៀរ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នៅ​សណ្ឋាគារ​ឡា​ផា​រ៉ា​ន់​ដា ដោយ​មាន​អ្នកតំណាង​ក្រុមហ៊ុនផលិតស្រាបៀរ អ្នក​ចែកចាយ​ស្រា​បៀរ និង​អង្គការក្រៅរដ្ឋាភិបាល ជា​ច្រើន​រូប​ចូលរួម ។

​លោក​ហឿ​ង សុ​ផុ​ន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ​តំណាង​ឱ្យ​លោក​វង សូត រដ្ឋមន្ដ្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះ​បាន​ថ្លែង​សុន្ទរកថា មាន​ខ្លឹម សារ​ថា សិក្ខាសាលា​នេះ​រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​សេចក្ដី​ត្រូវការ​ពិតប្រាកដ របស់​ស្ដ្រី​លក់​ស្រា​បៀរ ជា​ពិសេស​គឺ​ដើម្បី​ជួយ​ពួក​នាង​ឱ្យ​មាន​លទ្ធភាព​ជួយ​ខ្លួនឯង​បាន ទាំង​សុខភាព ជីវភាព ភាព​រើសអើង ភាព​មើលងាយ និង​ការ​ដោះខ្លួន​ដោយ​សមរម្យ​ចំពោះ​ការ​ប៉ុនប៉ង​មើលងាយ មើល ថោក ពី​សំណាក់​អតិថិជន​មួយ​ចំនួន​របស់​ខ្លួន​។​

លោក​បញ្ជាក់​ថា ចង់​អនុវត្ដ​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាប់រហ័ស​ក្រុមហ៊ុនផលិតស្រាបៀរ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ ស្រា​បៀរ​គ្រប់​ប្រភេទ ម្ចាស់​ភោជនីយដ្ឋាន រង្គសាល ក្លឹ​ប​កំសាន្ដ​រាត្រី ហាង​ខារ៉ាអូខេ និង​សាធារណជន​ទាំងអស់​ដែល​ទៅ​ចូលរួម កំសាន្ដ​សប្បាយ គប្បី​រក្សា​ឱ្យ​បាន​នូវ​អាកប្ប កិរិយា សេចក្ដី​ថ្លៃថ្នូរ និង​ធានា​បាន​នូវ​ប្រពៃណី​ទំនៀមទំលាប់​ដែល​ដូនតា​ខ្មែរ​រក្សា​ទុក ។​

លោកស្រី​អ៊ុ​ង ច័ន្ទ​ថុ​ល នាយិកា​ប្រតិបត្ដិ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​បាន​ថ្លែង​ថា សិក្ខា សាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ក្នុង​ការ ធ្វើ​ឱ្យ​ស្ថានភាព​ស្ដ្រី​លក់​ស្រា​បៀរ​មាន​ភាព​ប្រសើរ​ជាង​មុន ។ នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា​សង្ឃឹមថា នឹង​មានការ​យល់​ដឹង និង​ប្រមូល​ព័ត៌មាន ដែល​ទាក់ទង​ទៅ​នឹង​ផែនការ​សុវត្ថិភាព សំរាប់​ស្ដ្រី​លក់​ស្រា​បៀរ និង​អាច​កែ​លំអ ចំពោះ​ទស្សនៈ​រើសអើង​ដែល​គេ​តែង​យល់​ថា ស្ដ្រី​លក់​ស្រា​បៀរ​ទាំងអស់​សុទ្ធតែ​ជា​ស្ដ្រី ដែល​បំរើសេវា​ផ្លូវភេទ និង​ចង់​សប្បាយ ។

លោកស្រី​បញ្ជាក់​ថា អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​បាន​បង្កើត​ឡើង​កាលពី ឆ្នាំ​១៩៩៧ ដោយសារ មើលឃើញ​នូវ​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ និង​មាន​កង្វះខាត​សេវាកម្ម​ជួយ​ដល់​ស្ដ្រី និង កុមារ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាំង​អស់នោះ ។ ទស្សនៈ​អង្គការ​កម្ពុជា​ដើម្បី​ជួយ ស្ដ្រី​មាន​វិបត្ដិ គឺ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​ដើម្បី​ឱ្យ​ទទួល​បាន​នូវ​សមភាព និង សន្ដិភាព ។ បេសកកម្ម របស់​អង្គការ គឺ​ជួយ​ស្ដ្រី និង​កុមារ​ឱ្យ​ចាក​ផុត​ពី​អំពើ​ហិង្សា​ក្នុង គ្រួសារ​ការ​ជួញដូរ និង​ការ​រំលោភ​សេព សន្ថវៈ ជា​ពិសេស​គឺ​ដើម្បី​ឱ្យ​ចេះ​ជួយ​ខ្លួនឯង​តែ​ម្ដង ។​

សិក្ខាសាលា​បាន​ណែនាំ​ស្ដ្រី​លក់​ស្រា​បៀរ ឱ្យ​ចេះ​និយាយ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទទួលយក​បាន ក្នុង​ការ​ប្រកែក មិន​ព្រម​អង្គុយ​ជិត​ភ្ញៀវ និង​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ប្ដឹង​ចំពោះ​បុរស​ទាំងឡាយ ដែល​បំពារបំពាន រំលោភ​បំពាន​លើ​នារី​ភេទ​ទៅ​សមត្ថកិច្ច ហើយ​បើសិន​មិន​ចេះ​រក​កន្លែង​ប្ដឹង​ទេ​នោះ គឺ​ត្រូវរ​ត់រក​អង្គការ កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​ដើម្បី​ឱ្យ​ជួយ ។​

អត្ថបទ កោះសន្តិភាព

Labels: , ,

 
 

ប្រជាជន​ដែល​ប៉ះពាល់​ពី​គំរោង​អភិវឌ្ឍន៍​នានា​មិន​លំបាក​ជាង​មុន​ទេ​


អធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​ការ​ដោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ទាំងឡាយ​


​រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មការ​អន្ដរក្រសួង​បាន​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ រៀបចំ​សិក្ខា​ សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ដើម្បី​ជជែក​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​ “​ការ​ដោះស្រាយ​ ផល​ប៉ះពាល់​សេដ្ឋកិច្ច​ សង្គមកិច្ច​ ដោយសារ​គំរោង​អភិវឌ្ឍន៍​ ។​ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្រោម​ អធិបតីភាព​លោក​គាត​ ឈ​ន់​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ថ្ងៃ​ទី​២១​ ឧសភា​កន្លង​ទៅ​នេះ​ ។​

​លោក​ទេស​រដ្ឋមន្ដ្រី​គាត​ ឈ​ន់​ បាន​មាន​ប្រសាសន៍​ថា​ អនុក្រឹត្យ​ដែល​បាន​ដាក់​ជូន​អង្គ​សិក្ខាសាលា​ធ្វើការ​ ពិភាក្សា​ នា​ពេល​នេះ​ មាន​គោលដៅ​បង្កើត​នូវ​ក្រប​ខណ្ឌ​គត្ដិ​យុ​ត្ដ​មួយ​ដែល​អាច​ធានា​បាន​ថា​ ប្រជា​ ពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយ​គំរោង​អភិវឌ្ឍន៍​នានា​ របស់​រដ្ឋ​មានឱកាស​ទទួល​បាន​នូវ​ផលប្រយោជន៍​ ពី​គំរោង​ ឬ​យ៉ាង​ហោច​ណាស់​ ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ទាំងនោះ​ នឹង​មិន​មាន​ស្ថានភាព​ ធ្លាក់​ដុនដាប​ជាង​មុន​នោះ​ឡើយ​”​ ។​

​លោក​ញាណ​ ឡេ​ង​ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ តាម​សេចក្ដីណែនាំ​ដែល​ ចេញ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បាន​តម្រូវ​ឱ្យ​គ្រប់​គំរោង​អភិវឌ្ឍន៍​ទាំងអស់​ចាំបាច់​ត្រូវ​បញ្ចូល​ នូវ​ថវិកា​សំរាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ និង​ជំនួយ​ផ្សេងៗ​សំរាប់​ជន​ដែល​រង​នូវ​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ ទោះបីជា​ប្រភព​ថវិកា​សំរាប់​គំរោង​ទាំងនោះ​បាន​មកពីណា​ក៏​ដោយ​ ។​ ដូច្នេះ​ហើយ​ទើប​តំរូវ​ឱ្យ​មាន​ ជា​ចាំបាច់​នូវ​គោលនយោបាយ​ និង​ក្រប​ខណ្ឌ​ច្បាប់​ច្បាស់លាស់​សំរាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ សេដ្ឋកិច្ច​ សង្គម​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លទ្ធកម្ម​ដី​ និង​ទ្រព្យសម្បត្ដិ​នានា​សំរាប់​គំរោង​អភិវឌ្ឍន៍​ទាំងឡាយ​ របស់​រដ្ឋ​ ។​

​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន​១០​ជំពូក​ និង​៤៤​មាត្រា​ ដែល​មាត្រា​ទី​១​ បាន​ចែង​អំពី​គោលបំណង​ ដោយ​កំណត់​ថា​ គោលការណ៍​នីតិវិធី​ការ​រៀបចំ​ស្ថាប័ន​ និង​វិធានការ​សំរាប់​ទប់ស្កាត់​ ឬ​ដោះស្រាយ​ ផល​ប៉ះពាល់​សេដ្ឋកិច្ច​ សង្គម​ ដោយសារ​គំរោង​អភិវឌ្ឍន៍​របស់​រដ្ឋ​ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើ​លទ្ធកម្ម​ដី​ និង​ ទ្រព្យសម្បត្ដិ​ផ្សេង​ទៀត​ មាន​ដូច​ជា​សិទ្ធិ​និង​ផលប្រយោជន៍​នានា​ លើ​ដី​ ឬ​ទ្រព្យសម្បត្ដិ​ជា​បណ្ដោះអាសន្ន​ រយៈពេល​ខ្លី​ រយៈពេល​វែង​ ឬ​ជា​អចិន្ដ្រៃយ៍​សំរាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ ឬ​ផលប្រយោជន៍​ជាតិ​ ទោះ​ក្នុង​ករណី​ធម្មតា​ ឬ​ករណី​បន្ទាន់​ ពិសេស​ ឬ​សំរាប់​ការ​រៀបចំ​តាំងទី​លំនៅ​ឡើង​វិញ​ក្ដី​ ឬ​ការ​ផ្លាស់​ប្ដូរ​ ទីតាំង​ស្រែ​ចំការ​ កសិដ្ឋាន​ អាជីវកម្ម​ ដែល​បណ្ដាល​មក​ពី​គំរោង​អភិវឌ្ឍន៍​របស់​រដ្ឋ​។​

​ការ​ធ្វើ​លទ្ធកម្ម​ដី​ ឬ​ទ្រព្យសម្បត្ដិ​មាន​ន័យ​ថា​ ការ​ដក​យក​ដី​ ឬ​ទ្រព្យសម្បត្ដិ​មួយ​ចំណែក​ ឬ​ទាំងមូល​ ពី​អ្នកកាន់កាប់​ប្រើប្រាស់​ដី​ ឬ​ទ្រព្យសម្បត្ដិ​ជាក់ស្ដែង​ តាម​ការ​ព្រមព្រៀង​ ឬ​តាម​ការ​ប្រើ​អំណាច​ដើម្បី​ឱ្យ​ រដ្ឋ​អាច​ប្រើប្រាស់​ដី​ ឬ​ទ្រព្យសម្បត្ដិ​នោះ​ ជា​បណ្ដោះអាសន្ន​ រយៈពេល​វែង​ រយៈពេល​ខ្លី​ ឬ​ជា​រៀង​រហូត​ ដើម្បី​គំរោង​អភិវឌ្ឍន៍​របស់​រដ្ឋ​ ដែល​មាន​លក្ខណៈ​បំរើ​ប្រយោជន៍​សាធារណជន​ទូទៅ​ ឬ​ផលប្រយោជន៍​ជាតិ​ ដែល​បណ្ដាល​ មក​ពី​គំរោង​អភិវឌ្ឍន៍​របស់​រដ្ឋ​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.