ជំនន់ទឹកភ្លៀងបំផ្លាញស្រូវកសិករអស់១៣,៨០០ហិកតា
ខេត្ដបន្ទាយមានជ័យ ៖ នៅដើមរដូវវស្សានេះជំនន់ទឹកភ្លៀងបានបំផ្លាញស្រូវរបស់ប្រជាកសិករ នៅក្នុង ស្រុកចំនួន២របស់ខេត្ដបន្ទាយមានជ័យ សរុបអស់ចំនួន១៣.៨០០ហិកតា ។ តួលេខនេះបានបង្ហាញក្រោយ ពេលដែលមន្ដ្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ដបានចុះធ្វើការត្រួត ពិនិត្យលើផ្ទៃដីដែលបានសាបព្រោះរួច ។
លោកហេង ប៊ុនហោ ប្រធានមន្ទីរកសិកម្ម ខេត្ដបន្ទាយមានជ័យបានឱ្យដឹងថា ខេត្ដបន្ទាយមានជ័យជាខេត្ដ មួយដែលជាប់ចំណាត់ថ្នាក់ ដោយប្រជាកសិករធ្វើស្រូវបានផលខ្ពស់កន្លងមកនោះ នៅឆ្នាំ២០០៧នេះ គឺ ដោយសារតែជំនន់ទឹកភ្លៀងពីដើមដៃ បណ្ដាលឱ្យលិចលង់ទាំងស្រុង លើស្រុកចំនួន២យ៉ាងធ្ងន់ធ្ងរ គឺស្រុក មង្គលបុរី និងស្រុកសិរីសោភ័ណ។ លោកហេង ប៊ុនហោ បានឱ្យដឹងទៀតថា ក្រោយពេលដែលប្រជា កសិករជួបនូវគ្រោះជំនន់ទឹកភ្លៀងនេះ មន្ទីរជំនាញបានចុះធ្វើការពិនិត្យផ្ទាល់ឃើញថា ស្រូវដែលប្រជា កសិករធ្វើបានប្រមាណ៥០.០០០ហិកតានោះ ត្រូវរងការខូចខាតដោយសារទឹកជំនន់ជន់លិច អស់ចំនួន ២៧.៨០០ហិកតា ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ១៣.៨០០ ហិកតា ។ នេះជាលទ្ធផលនៃការត្រួតពិនិត្យ ។
លោកប៉ែន វុធ ប្រធាននាយកដ្ឋានក្សេត្រសាស្ដ្រនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រោយពេលចុះពិនិត្យផ្ទាល់លើគ្រោះដោយជំនន់ទឹកភ្លៀងនេះ គឺបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាព រស់នៅរបស់ប្រជាកសិករ ។ លោកបានបន្ដថា ឆ្លងតាមការពិនិត្យជាក់ស្ដែង គឺកសិករជួបផលលំបាក ដែលបញ្ហានេះលោកនឹងធ្វើរបាយការណ៍ជូនក្រសួងកសិកម្ម ។
លោកអន ស៊ុំ អភិបាលខេត្ដបន្ទាយមានជ័យ មានប្រសាសន៍ថា ពេលនេះប្រជាពលរដ្ឋត្រូវការជំនួយ ឧបត្ថម្ភធ្វើយ៉ាងណាសូមឱ្យក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ រកមធ្យោបាយ និងវិធានការដើម្បី ស្ដារឡើងវិញនូវផ្ទៃដីដាំដុះ ពិសេសគឺខ្វះខាតពូជតែម្ដង ។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply