ចោរវ័យស្ទាវជិះម៉ូតូឆក់ខ្សែ.ករត់មិនរួចជួបសំណាងអាក្រក់២នាក់
ខេត្ដកំពង់ចាម ៖ ប្រជាពលរដ្ឋ និង កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំជីគរ បាននាំគ្នាដេញចាប់យុវជន២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ខ្សែ.ក១ខ្សែទម្ងន់៤ជីកន្លះ ពីអាជីវករលក់ដូរម្នាក់កាលពីរសៀលថ្ងៃទី ២៤ ឧសភាកន្លងទៅ តែត្រូវជួបសំណាងអាក្រក់រត់មិនរួច ។
លោកវ៉ាន់ គ្រីម អធិការប៉ូលិសស្រុកត្បូងឃ្មុំ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៤ ឧសភា មានស្ដ្រី ជាអាជីវករម្នាក់ឈ្មោះ ទ្រី សេងហុង អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងពេញ ឃុំជីគរ កំពុងអង្គុយលក់ដូរ ចាប់ហួយនៅនឹងផ្ទះ ស្រាប់តែមានជនម្នាក់ចូលមកទិញស្ករកៅស៊ូ១ដុំ ហើយឆ្លៀតឱកាសឆក់យកខ្សែ.ក មាសតែម្ដង។ ជននេះឈ្មោះផាន់ រិទ្ធ អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះបនស្រី ម្ដុំក្រោយសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ។ ពេលខ្សែ.កបានហើយក៏រត់ឡើងជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ១គ្រឿង ស៊េរី២០០៧ ដែល បក្សពួករបស់គេម្នាក់ឈ្មោះសុះ គ្រីយ៉ា អាយុ២០ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំស្រឡប់ បញ្ឆេះរង់ចាំ ជាស្រេចនៅខាងមុខផ្ទះ រួចជិះគេចចេញទៅ ទើបស្រែកឡើងធ្វើឱ្យអ្នកភូមិក្បែរនោះឮក៏ស្ទុះចេញមក ជួយថែមទាំងទូរស័ព្ទប្ដឹងដល់សមត្ថកិច្ច ។
លោកអធិការឱ្យដឹងទៀតថា ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំជីគរ រូបលោក បានចាត់ឱ្យលោក លាង អេង អធិការរងដឹកនាំកម្លាំងបន្ថែមចុះទៅជួយដេញស្ទាក់ចាប់ ។ ដោយមាន កម្លាំងសហការជាមួយប្រជាពលរដ្ឋគ្រប់ច្រកល្ហក ជនសង្ស័យទាំង២នាក់ ពេលទាល់ច្រកបានផ្ដួលម៉ូតូរត់ ទៅវាលស្រែខាងត្បូងរោងចក្រកាំជីន ស្ថិតនៅឃុំសួង ទើបត្រូវក្របួចបានទាំង២នាក់ ។
ឈ្មោះផាន់ រិទ្ធ បានសារភាពថា រូបគេបានស្គាល់ឈ្មោះគ្រីយ៉ា ជាខ្មែរអ៊ិស្លាម ក្នុងពេលទៅធ្វើចំការ នៅខេត្ដរតនគិរី កាលពី២ទៅ៣ខែមុននេះ នៅពេលមកដល់កំពង់ចាមវិញ ខ្លួនបានបបួលឈ្មោះគ្រីយ៉ា ធ្វើ សកម្មភាពឆក់នៅស្រុកត្បូងឃ្មុំ ។ នៅថ្ងៃមួយមិនចាំក្នុងខែឧសភា ២០០៧ រូបគេជិះម៉ូតូសេ១០០ កូរ៉េ ជាមួយគ្រីយ៉ាចេញពីក្រុងកំពង់ចាម លុះមកដល់ភូមិទន្លេបិទ ឆក់បានខ្សែ.ក១ខ្សែ ជិះគេចចេញមកលក់ នៅផ្សារសួងបានជាង៣០០ដុល្លារ នាំគ្នាចាយវាយអស់ ។ ឈ្មោះផាន់ រិទ្ធ បន្ដថា លុះមកដល់ ថ្ងៃទី២៤ ឧសភា រូបគេនិងបក្សពួកដដែលជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ធ្វើសកម្មភាពឆក់ខ្សែ.កបាន១ខ្សែ ឡើងជិះម៉ូតូ តែមិនអាចគេចរួចដោយមានមនុស្សដេញតាមពីក្រោយ ក៏ផ្ដួលម៉ូតូរត់គេច រួចគ្រវែងខ្សែ.ក ចោល តែត្រូវសមត្ថកិច្ចក្របួចបានទាំង២ ។
អាជីវករលក់ដូរនៅផ្សារសួង បានសំណូមពរដល់សមត្ថកិច្ចដោយសុំឱ្យបញ្ជូនក្រុមចោរឆក់ខ្សែ.ក ទាំង ២នាក់ ទៅតុលាការធ្វើយ៉ាងណាដាក់ទោសឱ្យសមនឹងកំហុសរបស់ពួកគេ ដែលបានប្រព្រឹត្ដដើម្បីឱ្យរាង ចាល ។ លោក វ៉ាន់ គ្រីម បន្ថែមថា បទល្មើសចោរឆក់ខ្សែ.កនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ មកសមត្ថកិច្ចទាន់ពេលទើបឈានដល់ការបង្ក្រាបចាប់បានទាំង២នាក់ រួមនឹងវត្ថុតាងម៉ូតូសេ១២៥ មួយ គ្រឿងបញ្ជូនទៅតុលាការខេត្ដដើម្បីចាត់វិធានការតាមច្បាប់ ។
Labels: សន្តិសុខ
for this post
Leave a Reply