រាជធានីភ្នំពេញ ៖ ចៅក្រម ព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមទាំងភាគីកម្ពុជា និងបរទេសបានជួប ពិភាក្សាគ្នាកាលពីថ្ងៃទី៣១ ឧសភា តាមការគ្រោងទុក ដើម្បីជជែកពិភាក្សាជុំវិញការអនុម័តវិធានផ្ទៃក្នុង នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ទាប់ពីវិធាននេះត្រូវបានលើកយកមកពិភាក្សាជាច្រើនលើក រួចមកហើយ តែមិនទាន់មានការអនុម័តជាផ្លូវការដើម្បីឈានទៅដល់ការចោទប្រកាន់ ឬកាត់ទោសទៅ លើអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលបណ្ដាលឱ្យមនុស្សជាង២លាននាក់បានស្លាប់នោះ ។
លោករាជ សម្បត្ដិ មន្ដ្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានមានប្រសាសន៍ថា នៅ ថ្ងៃទី៣១ ឧសភា ក្រុមចៅក្រម សហព្រះរាជអាជ្ញាកម្ពុជា និងបរទេសបានជួបជុំគ្នានៅក្នុងកិច្ចពិភាក្សាមួយ មុននឹងការ សំរេចអនុម័តទៅលើវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម នៅពេលដ៏ខ្លីខាងមុខនេះ។ លោកបន្ដថា នៅ ក្នុងកិច្ចពិភាក្សានេះគេមិនអនុញ្ញាតឱ្យអ្នកកាសែតចូល ឬមានការថតរូបអ្វីនោះទេ ហើយការពិភាក្សានេះ ចែកជាពីរក្រុមផ្សេងគ្នា ។ លោកអះអាងថា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០០៧ ក្រុមចៅក្រមនឹងធ្វើសន្និសីទ កាសែតរួមគ្នាមួយ។ ការពិភាក្សារួមដោយលើកយកវិធានផ្ទៃក្នុងមួយជំពូកម្ដងៗមកពិភាក្សា និងអនុម័ត ហើយការអនុម័តនឹងបញ្ចប់នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ ។
លោករាជ សម្បត្ដិ បានបន្ដទៀតថា “យើងមានគំនិតសុទិដ្ឋិនិយមដែលនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ សាលាក្ដីខ្មែរក្រហមនឹងមានវិធានផ្ទៃក្នុងដ៏ល្អមួយសំរាប់អនុវត្ដក្នុងដំណើរការរបស់ខ្លួន” ។ ទាំងអ្នកច្បាប់ ជាតិ និងអន្ដរជាតិមានការប្ដេជ្ញាចិត្ដខ្ពស់ឆ្លើយតបទៅនឹងការរង់ចាំជាយូរមកហើយនោះ ។ បន្ទាប់ពីការ អនុម័តវិធានផ្ទៃក្នុងនេះរួច អ្នកស៊ើបអង្កេតមកពីការិយាល័យសហព្រះរាជអាជ្ញារួមគ្នាធ្វើការស៊ើប អង្កេត។ មុនពេលស៊ើបអង្កេតអ្នកស៊ើបអង្កេតក៏ត្រូវធ្វើការស្បថចូលកាន់តំណែងផងដែរ ។
លោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា តុលាការខ្មែរក្រហម ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ត្រូវគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងរវាង កម្ពុជា និងអង្គការសហប្រជាជាតិហើយត្រូវច្បាប់ដែលយើងបានធ្វើរួចមក ។ ម្យ៉ាងទៀតតុលាការ ក៏ត្រូវ តែគោរពច្បាប់ និងវិធានផ្ទៃក្នុងទាំងឡាយរបស់កម្ពុជា ដូច្នេះវាគ្មានបញ្ហាអ្វីលំបាកនោះទេ គឺចៅក្រម គេពិភាក្សាគ្នារកអ្វីដែលគេហៅថាការសំរបសំរួលមួយ ដោយធ្វើទៅមិនឱ្យទាស់នឹងច្បាប់ជាតិនិងមិនឱ្យ ទាស់ស្មារតីនៃកិច្ចព្រមព្រៀងនេះជាបទពិសោធន៍ដែលគេបានធ្វើរួចទៅហើយ ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា “នេះជាបទពិសោធន៍ដែលធ្វើបានជោគជ័យរួចហើយ ចំពោះបញ្ហាកន្លងមក គឺអ្វីៗដែលបានជោគជ័យនោះ ដោយឈរលើស្មារតីនេះឯង ។ នេះជាការសំរបសំរួលមិនឱ្យខុសទៅ នឹងគោលការណ៍ធំៗ គឺយើងត្រូវគោរពដោយចេញពីប្រភពទាំងពីរ” ។ លោកបន្ដទៀតថា “...បញ្ហាខ្លះ មានការលើកឡើងថា ដល់ពេលសភាខិតខំធ្វើច្បាប់ឱ្យលឿនថាធ្វើលឿនពេក តែធ្វើមិនទាន់ថាយឺតពេក ដែលអ្នកថានោះហួសពេកហើយ” ។
លោករាជ សម្បត្ដិ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ការិយាល័យសហព្រះរាជអាជ្ញាបានទទួល នូវពាក្យបណ្ដឹងពីជនរងគ្រោះមួយចំនួនទាំងក្នុងស្រុកនិងក្រៅស្រុក ហើយសហព្រះរាជអាជ្ញាបានទទួលរួច ហើយដែរ តែកំពុងពិនិត្យទៅលើពាក្យបណ្ដឹងទាំងនោះ បើទោះជាពាក្យបណ្ដឹងនោះបែបណាក៏ដោយ ។ លោកបន្ដថា នៅក្រោយពេលអនុម័តវិធានផ្ទៃក្នុងនោះហើយ ដំណើរការស៊ើបអង្កេតឬចោទប្រកាន់ និង ការបើកសវនាការនឹងអាចកើតឡើងនៅពេលដ៏ខ្លីខាងមុខនេះ ។
លោកម៉ោញ សាផាន តំណាងរាស្ដ្រ មណ្ឌលកំពង់ចាមបានថ្លែងថា ច្បាប់កាត់ទោសខ្មែរក្រហម គេបានបញ្ជាក់ថា ច្បាប់ត្រូវប្រើតាមវិធានផ្ទៃក្នុង ក្នុងករណីច្បាប់ផ្ទៃក្នុងខ្វះចន្លោះ ត្រូវអនុញ្ញាតឱ្យយក តាមបទដ្ឋានអន្ដរជាតិ ហើយវាគ្មានរឿងអ្វីប្រទាំងប្រទើសទេ ។ លោកបន្ដថា “ការយកច្បាប់ណា បទដ្ឋានបរទេសនៃតុលាការណាមកប្រើស្ថិតនៅលើការសំរេចរបស់អង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា តែឥឡូវនេះមិនទាន់សំរេចយកតាមបទដ្ឋាននៃប្រទេសណាមួយនៅឡើយទេ” ។
យោងតាមសេចក្ដីប្រកាសរបស់ការិយាល័យអ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម ដែលកោះសន្ដិភាព បានទទួលឱ្យដឹងថា កិច្ចប្រជុំពេញអង្គរបស់ក្រុមមន្ដ្រីតុលាការ នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងប្រព្រឹត្ដធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣១ ឧសភារហូតដល់ថ្ងៃទី១៣ មិថុនា ២០០៧ ។ គោលបំណងនៃកិច្ចប្រជុំពេញអង្គនេះ គឺដើម្បីអនុម័តវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម ។ សេចក្ដី ព្រាងវិធានផ្ទៃក្នុងត្រូវបានរៀបចំឡើងក្នុងរយៈពេលប៉ុន្មានខែមុន ដោយគណៈកម្មការត្រួតពិនិត្យវិធាន ផ្ទៃក្នុងឡើងវិញ ។ កិច្ចប្រជុំនេះ ចាប់ផ្ដើមរយៈពេល២ថ្ងៃដំបូងសំរាប់ប្រជុំពិភាក្សា ចំណែកឯការ បើកកិច្ចប្រជុំជាផ្លូវការនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០០៧ ។
សេចក្ដីប្រកាសបន្ដថា កិច្ចប្រជុំនោះធ្វើឡើងក្នុងលក្ខណៈមិនចំហ ប៉ុន្ដែអ្នកសារព័ត៌មាននឹងត្រូវ បានអញ្ជើញឱ្យចូលរួមថតរូបភាពក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃទី៤ មិថុនា នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ ហើយ នៅថ្ងៃទី ១៣ ខែមិថុនា អ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យទៅកាន់សាលាក្ដីខ្មែរក្រហមនៅពេលដែល លទ្ធផលនៃកិច្ចប្រជុំពេញអង្គត្រូវប្រកាសដោយសមាជិកនៃអង្គប្រជុំក្នុងសន្និសីទសារព័ត៌មាន ។
Labels: ប្រវត្ដិសាស្ដ្រ, សន្តិសុខ