អនីតិជន៥៧៩នាក់ចាប់ពីអាយុ១៣ឆ្នាំដល់១៨ឆ្នាំកំពុងជាប់ពន្ធនាគារ
រាជធានីភ្នំពេញ ៖ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូបានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី៣១ ខែឧសភា ២០០៧ សំរាប់ទិវាសិទ្ធិកុមារអន្ដរជាតិ។ ខ្លឹមសារសេចក្ដីប្រកាស បានសរសេរថា នៅខែកញ្ញា ឆ្នាំ២០០៦ កុមារីចំនួន១០នាក់ អាយុពី១៤ទៅ១៧ឆ្នាំ ត្រូវបានបុរសម្នាក់ជា អ្នកភូមិនៅខេត្ដកំពង់ចាមបញ្ចុះបញ្ចូលឱ្យធ្វើដំណើរមកភ្នំពេញ ដោយសន្យាថា រកការងារឱ្យធ្វើជាអ្នក បំរើតាមផ្ទះ ។ បន្ទាប់ពីមកដល់ភ្នំពេញ កុមារីទាំងនោះត្រូវបានគេនាំទៅលក់នៅឯទីផ្សារមួយកន្លែងក្នុង តំលៃម្នាក់ៗ៥០.០០០រៀល។ ជាសំណាងល្អការលក់ឡាយឡុងថោកៗនេះត្រូវបានបុគ្គលិកម្នាក់ នៃអង្គការ លីកាដូដែលបានទទួលព័ត៌មានពីជនរងគ្រោះម្នាក់ ឃើញហេតុការណ៍នេះ ហើយគាត់បានសហការជាមួយ បុគ្គលិកលីកាដូ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដើម្បីធ្វើឱ្យប្រាកដថា កុមារីទាំងអស់ត្រូវបាន រកឃើញ និងបញ្ជូនត្រឡប់ទៅក្រុមគ្រួសារនៅតាមខេត្ដវិញដោយសុវត្ថិភាព ។
នេះជាករណីខ្លោចផ្សាមួយក្នុងករណីជាច្រើនទៀត នៃការរំលោភបំពានទៅលើកុមារ ដែលអង្គការលីកាដូ ធ្វើការស៊ើបអង្កេតជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា និងនៅក្នុងកាលៈទេសៈដែលករណីបែបនេះ និងជន ប្រព្រឹត្ដល្មើសកំពុងតែបន្ដកើនឡើង ។
ក្នុងឆ្នាំ២០០៦ ក្រុមស៊ើបអង្កេតផ្នែកសិទ្ធិកុមាររបស់អង្គការលីកាដូចុះស៊ើបអង្កេតបានចំនួន២៨០ករណី (ករណីរំលោភសេពសន្ថវៈ១៩៣ករណី, បង្ករបួសស្នាម២៦ករណី, ជួញដូរមនុស្ស២៨ករណី និងឃាតកម្ម ១១ករណី និងករណីផ្សេងៗ២២ករណី) ដោយមានជនរងគ្រោះ៣១៥នាក់ (ស្រី២៩៣នាក់ និងប្រុស ២២នាក់)។
ក្នុងឱកាសប្រារឰពិធីទិវាកុមារអន្ដរជាតិ នៅឆ្នាំនេះអង្គការលីកាដូនឹងផ្សព្វផ្សាយអំពីរឿងខ្លីៗដែលមាន ខ្លឹម សារថា “រួមគ្នាប្រយុទ្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានទៅលើកុមារ”។ សកម្មភាពត្រូវបានរៀបចំឡើងដើម្បីឆ្លុះបញ្ចាំង និងលើកកំពស់សិទ្ធិកុមារ ជាពិសេសស្ដីពីការជួញដូរ មនុស្ស សិទ្ធិរបស់កុមារក្នុងពន្ធនាគារ និងកុមារដែលពាក់ព័ន្ធនឹងទំរង់អាក្រក់បំផុត នៃពលកម្មកុមារ។
អង្គការលីកាដូបានរៀបចំសកម្មភាពមួយចំនួនឆ្លុះបញ្ចាំងពីបញ្ហានៃការជួញដូរកុមារ និងពលកម្មកុមារនៅ កន្លែងប្រារឰពិធីទាំង៨កន្លែង គឺសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្រុកចំការលើ, សាលាបឋមសិក្សាគគីរ ស្រុកកៀនស្វាយ, ទីលានបាល់ទាត់កោះកុង ខេត្ដកោះកុង, វត្ដព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប, រោងមហោស្រពក្រុងព្រះសីហនុ, ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្ដកំពត, សង្កាត់ដង្កោ ខណ្ឌដង្កោ និងវិទ្យាល័យជា ស៊ីម ស្រុកមុខកំពូល។ កម្មវិធីនឹងចាប់ផ្ដើមនៅវេលាម៉ោង២រសៀល ហើយចប់នៅម៉ោង៩យប់ ដែលរួមមានការឆ្លើយសំណួរ យករង្វាន់ ការប្រគំតន្ដ្រី ការសំដែងកំប្លែង ការបញ្ចាំងវីដេអូ ការលេងល្បែងប្រជាប្រិយ ចែកជូនឯកសារ និង ការបង្ហោះប៉េងប៉ោង ។
តាងនាមឱ្យកុមារក្នុងពន្ធនាគារ អង្គការ លីកាដូ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា និងជំនួយពីវិហារ ដាណឺម៉ាក បានរៀបចំធ្វើយុទ្ធនាការមួយ “កុមារក្នុងពន្ធនាគារគ្មានឱកាសលូតលាស់ ពួកគេត្រូវការ ការអភិវឌ្ឍន៍ និងសេចក្ដីសង្ឃឹម” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ក្នុងគោលបំណងរំលេចឱ្យឃើញ នូវស្ថានភាពមិនល្អប្រសើរទាំងឡាយនៅតាមពន្ធនាគារកម្ពុជា ជាពិសេសបញ្ហាសំខាន់ៗដែលប៉ះពាល់ ដល់ ទណ្ឌិតជាកុមារ។ ថ្មីៗនេះអនីតិជនចំនួន៥៧៩នាក់អាយុពី១៣ទៅ១៨ឆ្នាំកំពុងស្ថិតនៅក្នុងពន្ធនាគារដែល អង្គការលីកាដូតាមឃ្លាំមើល ។
ក្នុងយុទ្ធនាការនោះមានកម្មវិធីមួយចំនួន ដូចជាការរាំកំសាន្ដតាមបែបប្រពៃណី នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១ ខែមិថុនា ក្នុងពន្ធនាគារតាខ្មៅ និងមណ្ឌលអប់រំកែប្រែទី២។ ម្យ៉ាងទៀតគំរោងកម្មវិធីពន្ធនាគារនៃអង្គការ លីកាដូ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា និងជំនួយពីវិហារដាណឺម៉ាក នឹងចែកសំភារៈប្រើប្រាស់ ចាំបាច់មួយចំនួន និងម្ហូបអាហារជូនអនីតិជន កុមារតូចៗនៅក្នុងពន្ធនាគារជាមួយម្ដាយ និងស្ដ្រីមាន ផ្ទៃពោះដែលកំពុងជាប់នៅពន្ធានាគារចំនួន១៥កន្លែង មានមណ្ឌលអប់រំកែប្រែទី២ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង ក្រុងព្រះសីហនុ ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប ព្រៃវែង តាកែវ ក្រចេះ និង រតនគីរី ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply