បុរសម្នាក់និងស្ដ្រីម្នាក់ស្លាប់ដោយចរាចរណ៍ដោយឡែកពីគ្នា
រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងស្ដ្រីម្នាក់ បានត្រូវរថយន្ដពណ៌ត្រេអ៊ីកិនស្លាប់ក្នុងគ្រោះថ្នាក់ចរាចរដោយ ឡែកពីគ្នាកាលពីថ្ងៃទី២៩ ឧសភា នៅក្នុងខណ្ឌឫស្សីកែវ ហើយមនុស្សចំនួន២នាក់ដែលជាអ្នក បើកបររថយន្ដត្រូវបានឃាត់ខ្លួន ។
តាមព័ត៌មានច្បាស់ការណ៍ឱ្យដឹងថា នៅវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី២៩ ឧសភា មានគ្រោះថ្នាក់ ចរាចរមួយកើតឡើងនៅមុខភោជនីយដ្ឋានតាតាតាមផ្លូវជាតិលេខ6A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ ។ ក្នុងហេតុការណ៍នេះបណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា C125 ស៊េរី២០០៧ ពណ៌ខ្មៅ ដែលបើកវ៉ារថយន្ដមួយគ្រឿងបានជ្រុលទៅបុករថយន្ដធំមួយគ្រឿងម៉ាក FUSO ក្នុងទិសដៅបញ្ច្រាស គ្នាហើយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។ បុរសដែលស្លាប់នេះត្រូវប៉ូលិសឱ្យដឹងថា ឈ្មោះសាន់ សាន អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្ដីចាស់ ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
តាមមន្ដ្រីប៉ូលិសឱ្យដឹងថា ម៉ូតូរបស់ជនរងគ្រោះពាក់ស្លាកលេខភ្នំពេញ 1C-2477 ធ្វើដំណើរតាមផ្លូវ ជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូងសំដៅចូលក្រុងភ្នំពេញ លុះពេលមកដល់មុខភោជនីយដ្ឋានតាតា ម៉ូតូបានបើកវ៉ារថយន្ដមួយគ្រឿង ហើយក៏បានជ្រុលទៅបុករថយន្ដម៉ាក FUSO ពណ៌ត្រេអ៊ី គ្មានស្លាក លេខ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យរថយន្ដនោះកិនស្លាប់នៅនឹងកន្លែង ។ តាមព័ត៌មានឱ្យដឹងទៀតថា ក្រោយពេលដឹងថា បុកមនុស្សស្លាប់ហើយ រថយន្ដក៏បានបើករត់ តែត្រូវបានអ្នករត់ម៉ូតូឌុប និងសមត្ថកិច្ច ខណ្ឌឫស្សីកែវដេញតាមចាប់បាននៅចំណុចស្ពានទី៨ឃុំបាក់ខែង និងធ្វើការឃាត់ខ្លួនអ្នកបើកបរ ឈ្មោះ ហួ ម៉ាឡា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយមាស ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ហើយប្រគល់ទៅឱ្យប៉ូលិសចរាចរក្រុងភ្នំពេញ ។
ដោយឡែកមានគ្រោះថ្នាក់ចរាចរមួយទៀតកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ឧសភា ដោយ ស្ដ្រីម្នាក់ត្រូវបានរថយន្ដដឹកដីពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម កិនស្លាប់នៅនឹងកន្លែង នៅមុខផ្ទះលេខ៤៦ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈពេលស្ដ្រីរូបនេះ កំពុងអង្គុយ ហូបពងទា និងសាច់គោអាំង ហើយរថយន្ដដឹកដីបើកបោះពួយបុកចូលផ្ទះ និងកិនស្ដ្រីនោះស្លាប់ នៅនឹងកន្លែងតែម្ដង ។
ស្ដ្រីរងគ្រោះឈ្មោះរ៉ុង ចិន្ដា អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅ ភូមិព្រែកក្រូច ឃុំពើស១ ស្រុកក្រូចឆ្មារ ខេត្ដកំពង់ចាម ។ ចំណែករថយន្ដបង្កម៉ាកនីស្សាន់ បើកបរដោយឈ្មោះអៀង ខេមរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ឯម្ចាស់រថយន្ដឈ្មោះឆន ម៉ាច ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តាមមន្ដ្រីប៉ូលិសឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្ដបង្ក បានធ្វើដំណើរតាមផ្លូវលេខ៣៥៥ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ផ្លូវបំបែក រថយន្ដបានបត់ ទៅខាងស្ដាំដៃតាមផ្លូវលេខ៥៩៨ តែបែរជាជ្រុលចង្កូតទៅខាងឆ្វេងដៃបុកចូលផ្ទះលេខ៤៦ បណ្ដាលឱ្យស្ដ្រី ម្នាក់ដែលអង្គុយហូបពងទា និងសាច់គោអាំងមុខផ្ទះនោះត្រូវរថយន្ដកិនស្លាប់នៅនឹងកន្លែង ។ នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្ដាលឱ្យម៉ូតូធុនC100 កូរ៉េពណ៌ក្រហមមួយគ្រឿងដែលចត នៅមុខ ផ្ទះខូចខាតធ្ងន់ ហើយគ្រែ និងសំយាបផ្ទះក៏ត្រូវខូចខាតផងដែរ ។
ទាក់ទិននឹងគ្រោះថ្នាក់នេះ មន្ដ្រីប៉ូលិសឱ្យដឹងថា ដោយសារតែរថយន្ដហ្វ្រាំងមិនស៊ីក៏ជ្រុលចង្កូតឡើង ចិញ្ចើមផ្លូវបុកចូលផ្ទះ និង កិនមនុស្សស្លាប់តែម្ដង ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply