ដេកលេងក្រោមផ្ទះចោរ៣នាក់ភ្ជង់ប្លន់យកទ្រព្យអស់រលីង
ខេត្ដកំពង់ចាម ៖ អំពើប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅភូមិដក.ព ឃុំទ្រាក ស្រុកមេមត់ កាលពី វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០០៧ ដោយបានចាប់ម្ចាស់ផ្ទះចងស្លាបសេកប្លន់ យក លុយអស់់ចំនួន២.៨០០,០០០ រៀល និងទ្រព្យសម្បត្ដិមួយចំនួនទៀត រួចនាំគ្នាគេចខ្លួនបាត់ស្រមោល ។
ប៉ូលិសស្រុកមេមត់បានប្រាប់ថា ក្រោយពីទទួលទានអាហារពេលល្ងាចរួចបុរសឈ្មោះទូច ឈឹម អាយុ ៤៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ព្រមទាំងសមាជិកនៃក្រុមគ្រួសារបាននាំគ្នាដេកលេងនៅខាងក្រោមផ្ទះ ស្រាប់តែនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ក៏មានចោរប្លន់១ក្រុមមានគ្នា៣នាក់ប្រដាប់ដោយអាវុធ AK កាត់ស្វាយ១ដើមមកចូលប្លន់ក្រុមគ្រួសារជនរងគ្រោះ ។ ប៉ូលិសបានបន្ដថា ក្នុងចំណោមចោរទាំង៣នាក់ ត្រូវបានគេស្គាល់អត្ដសញ្ញាណម្នាក់រស់នៅភូមិដក.ពនេះដែរ និង២នាក់ទៀតមិនស្គាល់ឈ្មោះបានចូលមក ភ្ជង់គំរាម ព្រមទាំងចាប់បុរសជាម្ចាស់ផ្ទះ និងកូនប្រុសម្នាក់ឈ្មោះមាន អាយុ២១ឆ្នាំ ចងស្លាបសេកឱ្យ ដេកផ្កាប់មុខ។ បន្ទាប់មកពួកចោរបណ្ដើរស្ដ្រីឈ្មោះអោក សាមឿន ជាប្រពន្ធរបស់បុរសម្ចាស់ផ្ទះ ឱ្យឡើង ទៅលើផ្ទះ ដោយរើកកាយយករបស់របរបានមួយចំនួនធំ ក្នុងនោះលុយចំនួន២លាន៨សែនរៀល ខ្សែ.ក មាស១ខ្សែទំងន់៣ជី និងក្រវិល១គូ ទំងន់៥ហ៊ុន ក្រោយពីប្រមូលបានរបស់របរទាំងនោះភ្លាម ក្រុមចោរ ក៏នាំគ្នាចុះមកដីដើរទាំងប្រញាប់រួចគេចខ្លួនទៅទិសខាងកើតបាត់ស្រមោល។
ប៉ូលិសស្រុកមេមត់បានបញ្ជាក់ថា ដោយមានប្រជាពលរដ្ឋរស់នៅភូមិដក.ពរាយការណ៍ មកសមត្ថកិច្ចនោះ កំលាំងរដ្ឋបាលប៉ុសិ៍្ដឃុំទ្រាក បានចុះទៅដល់ផ្ទះកើតហេតុទាំងយប់ ដើម្បីធ្វើអន្ដរាគមន៍ និងចាត់ឱ្យកំលាំង ប៉ូលិសចេញទៅតាមដេញក្រុមចោរ តែដោយយប់ងងឹតពេកមិនដឹងថា ក្រុមចោរទាំង៣នាក់នោះនាំគ្នា គេចខ្លួនទៅទីណានោះទេ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវចាប់ខ្លួនក្រុម ចោរទាំងនោះឱ្យទាល់តែបាន ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ឧសភា មានការផឹកស៊ីនៅភូមិដក.ព ដោយមុខសញ្ញាដែលស្គាល់ មានកាំភ្លើង AK កាត់ស្វាយចងក្រមាមានការប៉ះទង្គិចពាក្យសំដីជាមួយបុរសឈ្មោះទូច មិ អាយុ៣៦ឆ្នាំ ហើយបំរុងយកកាំភ្លើងបាញ់ថែមទៀត តែត្រូវបានអ្នកផឹកជាមួយឃាត់ទាន់ ។ លុះមកដល់ថ្ងៃទី២៩ ឧសភា ក៏មានអំពើប្លន់កើតឡើងបង្កដោយជនដដែលនោះ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply