សក្ដិ៥ប៉ូលិសក្លែងក្លាយបោកប្រាស់ប៉ូលិសមែនទែន
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសខណ្ឌទួលគោកសហការជាមួយប៉ូលិសប៉ុស្ដិ៍ផ្សារដេប៉ូទី២ ឃាត់ ខ្លួនកាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី២៩ ខែឧសភា នៅមុខផ្ទះសំណាក់ឡុង ហ៊ួរ ដោយសារតែជាប់ ចោទពីបទក្លែងជាប៉ូលិសស័ក្ដិ៥ មានតួនាទីជាអនុប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ ដើរ បោកប្រាស់មន្ដ្រីប៉ូលិសយកប្រាក់ជាថ្នូរនឹងការរត់ការជួយឱ្យឡើងស័ក្ដិ និងតួនាទី ។ នៅពេលឃាត់ខ្លួននោះ ប៉ូលិសដកហូតឯកសណ្ឋានមួយសំរាប់រួមទាំងស័ក្ដិ ឯកសារមួយចំនួន និងនាមប័ណ្ណដែលជននោះ ប្រើសំរាប់ បោកប្រាស់។ នាមប័ណ្ណនោះប្រើឈ្មោះម៉ែន ច័ន្ទតារា ជាវរសេនីយ៍ឯក ឋានៈអនុប្រធាននាយកដ្ឋាន បុគ្គលិកក្រសួងមហាផ្ទៃ ។
ប៉ូលិសឱ្យដឹងថា ជនជាប់ចោទឈ្មោះអ៊ឹង ច័ន្ទតារា ហៅឃិន ច័ន្ទតារា ហៅម៉ែន ច័ន្ទតារា អាយុ៣៧ឆ្នាំ មានលំនៅក្នុងខេត្ដកំពង់ឆ្នាំង តែបានស្នាក់នៅផ្ទះសំណាក់ឡុង ហ៊ួរ ដើម្បីធ្វើសកម្មភាពដើរបោសប្រាស់ មន្ដ្រីប៉ូលិស។ ដោយស្រាវជ្រាវដឹងថា ជននោះជាប៉ូលិសក្លែងក្លាយ ប៉ូលិសខណ្ឌទួលគោក បានសហការ ជាមួយប៉ូលិសប៉ុស្ដិ៍ចាត់កំលាំងទៅមុខផ្ទះសំណាក់ឡុង ហ៊ួរ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី២ ចាំឃាត់ខ្លួន គេនៅពេលត្រឡប់មកពីផឹកស៊ីវិញ ។
ប្រភពដដែលឱ្យដឹងថា ជននោះស្លៀកពាក់ឯកសណ្ឋានប៉ូលិស និងពាក់ស័ក្ដិ៥ ប្រើតួនាទីជាអនុប្រធាន នាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ ដើរបោកប្រាស់មន្ដ្រីប៉ូលិសមួយចំនួនយកប្រាក់ក្នុងម្នាក់២០០ដុល្លារ ឬ ៣០០ដុល្លារ ដោយអះអាងថា ដើម្បីរត់ការឡើងស័ក្ដិ និងតួនាទី តែតាមពិតគេជាប៉ូលិសក្លែងក្លាយ ។ គេធ្លាប់បួសនៅវត្ដមួយក្នុងខេត្ដកំពង់ឆ្នាំង ហើយពេលសឹកមកវិញប្រើល្បិច ធ្វើជាប៉ូលិសដើរបោកប្រាស់ គេ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជននោះ មានមន្ដ្រីប៉ូលិសម្នាក់ទៅដាក់ពាក្យប្ដឹងចោទប្រកាន់ថា គេ បានបោកប្រាស់ខ្លួនអស់២២០ដុល្លារ ដោយសន្យាជួយរត់ការឱ្យបានឡើងស័ក្ដិពីព្រិន្ទបាលឯក ទៅអនុ សេនីយ៍ទោ។ ក្រៅពីនេះនៅមានមន្ដ្រីប៉ូលិសជាច្រើននាក់ទៀតបានចាញ់បោកជននោះដែរ ឯអ្នកខ្លះទៀត ចាញ់បោកដោយសារចង់បានធ្វើជាប៉ូលិស ។ ប៉ូលិសកំពុងសាកសួរជនជាប់ចោទទាក់ទិននឹងការដើរបោក ប្រាស់នេះ ។
Labels: សន្តិសុខ
for this post
Leave a Reply