ខេត្ដស្វាយរៀង ៖ មិនដឹងថាជាអ្នកចិត្ដធម៌ចំពោះអ្នកក្រីក្រ ឬក៏ជាមនុស្សចិត្ដបាប សំរាប់អ្នកដែលចាញ់ កលល្បិចឆបោកនោះទេ តែបើនិយាយពីផ្លូវច្បាប់ គឺជាកំហុសរបស់អ្នកឆបោក ។ អាចចាត់ទុកថា ជារឿងបោកប្រាស់ចម្លែកមួយដែលមិនធ្លាប់មានពីមុនមក ។ គ្រប់គ្នាធ្លាប់តែឮថា ឆបោកម៉ូតូ ឬ លុយកាក់ តែករណីដែលបានកើតមាននេះជាការបោកប្រាស់ដ៏ចម្លែកបំផុត ដែលអ្នកបោកប្រាស់បានតាំងខ្លួនជាអ្នកផ្ដើម បុណ្យដ៏ធំមួយ ដោយមានការចែកអំណោយដល់ជនក្រីក្រ រហូតដល់៣០០គ្រួសារផងដែរ ទីបំផុតបច្ច័យ បុណ្យ និងប្រាក់ដែលប្រមូលមករៀបចំពិធីត្រូវបានគេវេចខ្ចប់យកទៅអស់ ។ នេះគឺជាការឆក់ឱកាស បោកប្រាស់តាមរយៈការធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទ ដែលបន្លំធ្វើជាអ្នកចិត្ដបុណ្យចង់បានអ្វីក៏បានដែរ តែទីបំផុតទើបដឹងថា អ្នកចិត្ដបុណ្យមានចិត្ដជាចោរសោះ ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកចាញ់បោកមួយ ចំនួនត្រូវបានគេបញ្ឆោតនាំទៅលេងទឹកសមុទ្រឯក្រុងព្រះសីហនុ ដូចគេនាំទៅប្លុងចោលដែរ ។
ខាងក្រោមនេះ គឺជារឿងរ៉ាវដែលកោះសន្ដិភាពទទួលបានជុំវិញរឿងរ៉ាវ អ្នកផ្ដើមបុណ្យបោកប្រាស់នេះ ។
អ្នកបោកប្រាស់មួយក្រុមបានបោកយកលុយធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រចំនួន៣០០គ្រួសារ ហើយនាំ ទាំងម្ចាស់លុយ និងអ្នកជិតខាងទៅលេងក្រុងព្រះសីហនុ រួចប្រមូលលុយ មាសប្រាក់ ទូរស័ព្ទគេចខ្លួនបាត់ ស្រមោល ។ រឿងរ៉ាវបោកប្រាស់នេះបានកើតឡើងនៅភូមិវាលយន្ដ ឃុំស្វាយរៀង ស្រុកស្វាយរៀង។ លោកយាយវ៉ា សារឿន អាយុ៥៥ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ឧសភា ២០០៧ មានស្ដ្រីម្នាក់ដែល ប្រាប់ថា ឈ្មោះងិន សុគន្ធា ហៅងិន សុភាព បានមកទាក់ទងរកជួលផ្ទះស្នាក់នៅរយៈពេល១ឆ្នាំ។ ពេលនោះកូនស្រីគាត់ដែលធ្លាប់ឮម្ចាស់ផ្ទះនិយាយថា បើរកម៉ូយជួលផ្ទះបាន គេឱ្យថ្លៃឈ្នួលមួយខែ ក៏បានទៅរកជួលផ្ទះឱ្យស្ដ្រីរូបនោះ គឺជួលផ្ទះក្នុងភូមិមេភ្លើងក្នុងតំលៃ៦០ដុល្លារក្នុង១ខែ ហើយស្ដ្រីរូបនោះ ក៏ព្រមជួល ។
លោកយាយបន្ដថា ពេលស្នាក់នៅបានមួយយប់មានគ្នា១២នាក់ មានចាស់ មានក្មេងតូច លុះព្រឹកឡើង ម្ចាស់ផ្ទះក៏សួររកអត្ដសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារដើម្បីធ្វើកិច្ចសន្យាជួល ស្រាប់តែស្ដ្រីរូបនោះ ថាគ្មាន ហើយប្រាប់ថា គ្រាន់តែជួលផ្ទះក៏រញ៉េរញ៉ៃ ពួកគេទាំងនោះក៏លែងជួលផ្ទះនោះទៅ ។ លុះដល់ ល្ងាចថ្ងៃទី៩ ឧសភា ស្ដ្រីរូបនោះក៏នាំម្ដាយ ប្ដី កូន និងកូនប្រសាមានគ្នា១២នាក់ ទៅដល់ផ្ទះគាត់ ក៏សុំជួលផ្ទះនៅបណ្ដោះអាសន្នទំរាំរកផ្ទះជួលបាន។ លោកយាយរៀបរាប់ទៀតថា ពេលមកស្នាក់នៅ ផ្ទះគាត់នេះ មិនទៅណាទៀតទេ គឺចេះតែបន្ដនៅក្នុងផ្ទះរបស់គាត់រួចសុំគាត់ធ្វើជាម្ដាយធម៌ ដោយ ហៅរូបគាត់ថាម៉ែៗពេញមាត់ ទាំងប្ដី និងប្រពន្ធ ហើយបាននិយាយថា ម៉ែក្រីក្រ និងចាស់ហើយ ឈប់លក់ដូរទៅចាំរូបគេជួយចិញ្ចឹម ។ ពេលនោះគាត់ក៏តបថា ម៉ែក្រ ហើយជំពាក់លុយអេស៊ីលីដា ទៀតផង បើឈប់លក់គឺស្លាប់។ ស្ដ្រីរូបនោះក៏សួរទៀតថា ម៉ែជំពាក់លុយគេប៉ុន្មានចាំខ្ញុំចេញសងជំនួស កុំព្រួយ បន្ទាប់មកក៏និយាយថា កុំគិតពីក្រមាន ឬជំពាក់គេ គិតគូរធ្វើបុណ្យទានវិញដើម្បីជួបជុំ និង រាប់អានម្ដាយ និងកូន គឺធ្វើបុណ្យបច្ច័យបួនរួចដាក់ទានដល់អ្នកក្រីក្រទើបប្រសើរ ។ លោកយាយឮថា ធ្វើបុណ្យគាត់ក៏អរ តែគាត់បានសួរថា បានលុយកាក់ពីណាមកធ្វើបុណ្យ? ស្ដ្រីនោះនិយាយថា ខ្ញុំលក់ដី បាន១០ម៉ឺនដុល្លារដែរ ដាក់ផ្ញើនៅធនាគារឯភ្នំពេញ ។ ស្ដ្រីនេះនិយាយគួរឱ្យទុកចិត្ដទៀតថា ខ្លួននឹងទៅ ទាក់ទងធនាគារអេស៊ីលីដាស្វាយរៀងផ្ទេរលុយ៤ម៉ឺនដុល្លារយកមកធ្វើបុណ្យ និងដាក់ទានឱ្យអ្នកក្រីក្រ នៅស្វាយរៀង លុះពេលនិយាយហើយក៏បបួលគាត់ជាម្ចាស់ផ្ទះទៅធនាគារអេស៊ីលីដា ។
លោកយាយវ៉ា សារឿន បន្ដទៀតថា ពេលទៅដល់ធនាគារអេស៊ីលីដាឃើញស្ដ្រីឈ្មោះងិន សុគន្ធា ហៅងិន សុភាព អាយុ៣៨ឆ្នាំរូបនោះ ជួបសួររឿងផ្ទេរលុយកាក់នោះ ក្រោយមកឃើញបង្ហាញក្រដាស និងកូន សៀវភៅ បន្ទាប់មកក៏បានដើរចេញមក រួចប្រាប់គាត់ថា មួយសបា្ដហ៍ទៀតទើបដកលុយបាន ហើយក៏យក កិច្ចសន្យាខ្ចីប្រាក់របស់លោកយាយទៅជួបភ្នាក់ងារអេស៊ីលីដារួចថា ចាំរូបគេដកលុយឬផ្ទេរលុយពីភ្នំពេញ មកនឹងចេញសងជំនួស រួចក៏នាំគ្នាត្រឡប់មកវិញ។ ក្រោយមកទៀតក៏ទៅទាក់ទងជាមួយស្ដ្រីឈ្មោះណុប ណាគ្រី អាយុ៤៨ឆ្នាំ នៅភូមិវាលយន្ដ និងស្ដ្រីម្នាក់ទៀតឈ្មោះថា នៅភូមិធ្មល់ ឱ្យជួយហៅភ្ញៀវ ធ្វើបុណ្យបច្ច័យបួនបីយប់បីថ្ងៃ ដោយឱ្យជួយហៅភ្ញៀវ៤០០នាក់ និងអ្នកក្រីក្រខ្លាំង៦៣គ្រួសារមកទទួល អំណោយផង។ ស្ដ្រីទាំងពីរនាក់ក៏នាំគ្នាគិតគូរពីរឿងបុណ្យទានរួចក៏ទៅជួលរោង តុ កៅអី និង កុម្ម៉ង់បបរ សំរាប់ទទួលភ្ញៀវ៤០០នាក់ ក្នុងរយៈពេល៣ថ្ងៃ ។ រោងបុណ្យ គឺរបស់អ្នកគ្រូ ពៅ នៅភូមិស្រះវង់ ត្រូវបានជួលក្នុងតំលៃ១.២០០ដុល្លារ និងកាមេរ៉ាថតវីដេអូ និងថតរូបតំលៃ៨០ដុល្លារ ជួលមីក្រូ ម៉ាស៊ីនភ្លើង និងធុងបាស់បីយប់តំលៃ៤៥ម៉ឺនរៀល ទិញអង្ករ៦៣បាវ មួយបាវតំលៃ៦៨.០០០រៀល សារុង៣០០ តំលៃ៨.០០០រៀលក្នុងសារុងមួយ ក្រមា៣០០ តំលៃ៣.០០០រៀលក្នុង ក្រមាមួយ ស្រាបៀរ៥០កេស ទឹកកក៣០ដើម ដែលសុទ្ធសឹងជំពាក់គេទាំងអស់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ពិធីបុណ្យបានធ្វើកាលពីថ្ងៃទី២៥-២៦ និង២៧ ឧសភា ឆ្នាំ២០០៧កន្លងមក។ ក្រោយពីរើរោងបុណ្យ និងចែកអំណោយរួចមួយថ្ងៃ ស្ដ្រីរូបនេះក៏បបួលម្ចាស់រោង អ្នកថតរូប ម្ចាស់ ធុងបាស់ ម្ចាស់អង្ករ ម្ចាស់លុយ ទៅលេងនៅក្រុងព្រះសីហនុ រួចត្រឡប់មកវិញទៅលេងខេត្ដកំពត រួចជិះទូកទៅលេងតាមកោះ បន្ទាប់មកទៅលេងនៅខេត្ដសៀមរាប។ ក្រុមអ្នកចាញ់បោកនិយាយថា ភាពគួរឱ្យទុកចិត្ដនោះ គឺស្ដ្រីនោះបានបង្ហាញលិខិតដែលបង្ហាញប្រាក់នៅធនាគារចំនួន១០ម៉ឺនដុល្លារ ក៏នាំគ្នា ជឿស្លុងមិនដឹងថាគេបោកនោះទេ។ ស្ដ្រីម្នាក់ឈ្មោះណាគ្រីបាននិយាយថា គាត់បានយកប្លង់ដី២កន្លែង ទៅ ដាក់នៅធនាគារអេស៊ីលីដាបានប្រាក់១.០០០ដុល្លារ ហើយពេលរៀបទៅក្រុងព្រះសីហនុបានយកម៉ូតូ HONDA C125 ស៊េរី២០០៦ ទៅបញ្ចាំទៀត បានលុយ៦០០ដុល្លារ សរុប១.៦០០ដុល្លារ ប្រគល់ឱ្យ ស្ដ្រីរូបនោះគ្រាន់ចាយវាយពេលដើរលេង។ រីឯស្ដ្រីម្នាក់ទៀតឈ្មោះនាងថា អ្នករាប់លុយនៅផ្សារ បានធ្វើ ខ្សែ.កឱ្យស្ដ្រីនោះ១ខ្សែទំងន់មួយតម្លឹងមាស ។
លុះដល់ថ្ងៃទី២៩ ឧសភា ក៏បានជួលរថយន្ដចំនួន៤គ្រឿង គឺ CR-V មួយគ្រឿង និង កាមរី៣គ្រឿង ចេញដំណើរទៅក្រុងព្រះសីហនុ ហើយបានចូលហូបបាយផ្ទះបងប្រុស របស់ឈ្មោះរស់ ជាប្ដីរបស់នាងថា នៅក្រុងភ្នំពេញ ដោយមានភ្ញៀវ២៩នាក់ ស្រី១១នាក់ ពេលបាយរួចស្ដ្រីឈ្មោះសុភាពនោះ ក៏ខ្ចីលុយ ម្ចាស់ផ្ទះបាន១.០០០ដុល្លារទៀត។ លុះថ្ងៃត្រង់ចូលហូបបាយក្នុងហាងខ្ចីលុយអ្នកបើកបររថយន្ដ CR-V ឱ្យ ចេញថ្លៃបាយ៣៥ដុល្លារទៀត រួចបន្ដទៅក្រុងព្រះសីហនុក៏បាននាំគ្នា ចុះលេងទឹកសមុទ្រនៅឆ្នេរ អូរឈើទាល និងបានកុំម៉ង់មឹក បង្កង បង្គារអាំងហូបលេង និងផឹកស្រាបៀរ ទឹកក្រូចនៅមាត់សមុទ្រយ៉ាង រីករាយរហូតដល់ម៉ោង៥ល្ងាច ស្រាប់តែក្រុមគ្រួសារស្ដ្រីបោកប្រាស់នោះ បានចាប់ផ្ដើមបណ្ដោះគ្នាដោយ ប្រាប់ថា ទៅមើលជួលអូតែល ខ្លះទៅរកទិញព្រះពុទ្ធបដិមាហែចូលវត្ដ នៅក្រុងព្រះសីហនុ ។ មានការ កត់សំគាល់ថា ស្ដ្រីម្នាក់បានបបួលស្ដ្រីក្រមុំ៣នាក់ឱ្យទៅជាមួយក្រុមគ្រួសារថា ទៅរកទិញសំលៀកបំពាក់ តែក្មេងៗស្រីទាំង៣នាក់មិនព្រមទៅ។ យុវជនម្នាក់ឈ្មោះងិន សុភ័ក្ដ្រ ជាកូនប្រុសរបស់ស្ដ្រី បោកប្រាសនោះ បានខ្ចីរថយន្ដ CR-V ថា ទៅតាមម្ដាយតែម្ចាស់រថយន្ដមិនឱ្យ ក៏ខ្ចីទូរស័ព្ទប្រើមួយភ្លែត និងខ្ចីលុយ១០ដុល្លារទៅតាមម្ដាយ និងដាក់កាតទូរស័ព្ទ អ្នកបើកបរក៏ឱ្យខ្ចី។ រហូតដល់ម៉ោង៦ល្ងាចគ្រប់ គ្នាមិនឃើញអ្នកទាំងនោះត្រឡប់មកវិញ ទើបឆោឡោនិងដឹងថា “បោក” ម្ចាស់ហាងនៅឆ្នេរអូរឈើទាល ទារលុយថ្លៃស្រាបៀរ គ្រឿងក្លែម សំណាងល្អមានមន្ដ្រីប៉ូលិសក្រុងព្រះសីហនុចេញជំនួស រួចក៏នាំគ្នា ប្ដឹងប៉ូលិស ខណ្ឌមិត្ដភាព ក្រុងព្រះសីហនុឱ្យជួយ ។
ក្រោមអន្ដរាគមន៍របស់ប៉ូលិសខណ្ឌមិត្ដភាព ស្ដ្រីអាយុ៤៨ឆ្នាំម្នាក់ត្រូវចាប់ខ្លួន។ ស្ដ្រីនេះធ្លាប់អះអាងថា ជាម្ដាយក្មេកស្ដ្រីជាប់ចោទដែលតាមការសាកសួរស្ដ្រីនេះនិយាយថា ខ្លួនត្រូវគេឱ្យដើរតួ ហើយគេនាំដើរ លេងក៏មកតាមគេទៅ។ មន្ដ្រីប៉ូលិសខណ្ឌមិត្ដភាពថា ស្ដ្រីរូបនេះនិងត្រូវបញ្ជូនទៅខេត្ដស្វាយរៀង ។ ការបាត់បង់ទ្រព្យសម្បត្ដិដែលស្ដ្រីរូបនោះឆបោក គឺទូរស័ព្ទដៃ៤គ្រឿង ម៉ូតូC125 ស៊េរី២០០៦មួយគ្រឿង ខ្សែ.ក ខ្សែដៃ និង ប្លង់ដីសរុប៣.០០០ដុល្លារ ។ ស្រីឈ្មោះនាង ថា ចាញ់បោកអស់៣.០០០ដុល្លារ និងជំពាក់ ថ្លៃបុណ្យ និងអង្ករ សារុង ក្រមា ស្រាបៀរ សារុប៧ពាន់ដុល្លារ រីឯម្ចាស់រថយន្ដ៤គ្រឿង អស់ថ្លៃចាក់ ប្រេងទៅមកក្នុងម្នាក់ៗ១០០ដុល្លារ ។ ឈ្មោះពុំ សារិន អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះសោម ស៊ីវន និង កូនស្រី៣នាក់ ក៏បានឱ្យដឹងថា ពួកគាត់អស់ប្រាក់៣០ដុល្លារដែរ ។ ស្ដ្រីឈ្មោះសំ សោភា ហៅវ៉ិន ពីរនាក់ ម្ដាយកូនអស់៣០ដុល្លារ នៅពេលត្រឡប់មកផ្ទះវិញ ។
ក្រុមឆបោកដែលមានគ្នា១២នាក់មានចាស់ មានក្មេង និងអ្នកផ្ដើមគំនិតគឺស្ដ្រីឈ្មោះ ងិន សុភាព និងប្ដីព្រម ទាំងកូនប្រុសឈ្មោះ ងិន សុភក្ដិ និងប្រពន្ធស្ដ្រីចំណាស់ និងម្ដាយក្មេក រីឯ៧នាក់ទៀតគឺសុទ្ធតែក្មេងៗ ដែលមានរហូតដល់អាយុ២ឆ្នាំមកជាមួយផង ដែលល្បិចឆបោកនេះមិនធ្លាប់មាន គឺបោកប្រាសធ្វើបុណ្យ បានបច្ច័យប្រមាណ៣លានរៀល គឺស្ដ្រីល្មើសយកទៅទាំងអស់ មិនបានដាក់វត្ដទេ ។
តាមព័ត៌មានថា ក្នុងពិធីបុណ្យនេះអ្នកក្រីក្រ៦៣គ្រួសារ គឺមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម សារុង១ ក្រមា១ ចំណែក២៣៧គ្រួសារទៀតបានសារុង១ ក្រមា១ ។ ពិធីបុណ្យនេះក៏មានការរាប់បាត្រ ព្រះសង្ឃរហូតដល់៣០អង្គដែរ ។ តាមរឿងរ៉ាវខាងលើនេះ គឺជាមេរៀនមួយដែលប្រជាពលរដ្ឋយើង ត្រូវប្រុងប្រយ័ត្នចំពោះកលល្បិចឆបោកគួរឱ្យស្អប់ខ្ពើមនេះ ។ ទោះជាបែបណា ក្រុមនេះគេចខ្លួនមិនរួច នោះទេ ។
Labels: ជំនឿ, សន្តិសុខ