២០០៦មិត្ដសំឡាញ់ដូរប្រពន្ធគ្នា...២០០៧ដូរយករបស់ខ្លួនវិញ
ខេត្ដកំពត ៖ អស់លោកអ្នកអានពិតជាបានជ្រាបហើយ នូវព័ត៌មានស្ដីពីបុរសជាក្លើម្រាក់២នាក់ ដែល បច្ចុប្បន្នហៅថា មិត្ដសម្លាញ់នឹងគ្នានោះ កាលពីឆ្នាំ២០០៦កន្លងមក អ្នកទាំង២បានដូរប្រពន្ធគ្នា ដោយ គ្មានការបង្ខិតបង្ខំឡើយ ហើយបើនិយាយឱ្យច្បាស់ទៅគឺជាការស្ម័គ្រចិត្ដព្រមព្រៀងគ្នាតែម្ដង ។ យោង តាមព័ត៌មានថ្មីបានឱ្យដឹងថា ចូលឆ្នាំ២០០៧នេះ មិត្ដសម្លាញ់ដដែលនេះក៏បានដូរគ្នាទៅវិញទៅមកវិញ ហើយគឺប្រពន្ធរបស់អ្នកណាត្រូវក្លាយជាប្រពន្ធរបស់អ្នកនោះវិញ ។ ព័ត៌មាននេះមិនមានវត្ថុបំណងបំពុល ឬ បំពានលើសេចក្ដីថ្លៃថ្នូរបុគ្គលទេ តែជាព័ត៌មានបញ្ចប់រឿង ព្រោះពេលដូរប្រពន្ធគ្នាកាលឆ្នាំ២០០៦ ក៏មាន ការផ្សាយមួយឈុតរួចហើយ ហេតុនេះការវិលត្រឡប់មករកបង្គងចាស់ក៏ត្រូវតែផ្សាយបញ្ចប់រឿងដែរ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ការដូរប្រពន្ធគ្នាបានមួយឆ្នាំនោះ ត្រូវបានផ្លាស់ប្ដូរចិត្ដថ្មីវិញហើយ គឺប្រពន្ធអ្នកណាជារបស់អ្នកនោះ ដោយមិនបានឱ្យសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានលំបាកពីរឿងរ៉ាវ របស់ ពួកគេឡើយ ។ រឿងក្លើម្រាក់ដូរប្រពន្ធគ្នានេះ ដំបូងគេបានដឹងថា បុរសឈ្មោះទូក ហឿន បានរៀបការ ជាមួយនាងម៉ាច និងរស់នៅក្នុងភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ដកំពត ចំណែក ឯគូមួយទៀតគឺនាងទុយ មឿន និងបុរសឈ្មោះអេម ធា នៅភូមិភ្នំកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ។ ក្រោយពីរៀបការហើយ បុរសឈ្មោះអេម ធា មានកូនប្រុស២នាក់ជាមួយនាង ទុយ មឿន ។
បុរសឈ្មោះទូក ហឿន និងឈ្មោះអេម ធា បានស្រឡាញ់រាប់អានគ្នាស្និទ្ធស្នាលរហូតដល់បានធ្វើក្លើ ម្រាក់ជាមួយគ្នា។ ការស្រឡាញ់រាប់អានគ្នាគឺដោយស្មោះស្ម័គ្រចិត្ដមួយថ្លើមមួយ សូម្បីតែធ្វើដំណើរ ទៅបុណ្យទាន ឬចូលរួមមង្គលការញាតិមិត្ដក្នុងភូមិក៏គេឃើញក្លើទាំង២ដូរប្រពន្ធគ្នាឌុបដែរ ។
មិនយូរប៉ុន្មាន ភ្លើងស្នេហ៍បានឆាបឆេះ ដោយបុរសឈ្មោះទូក ហឿន បានណាត់គ្នាជាមួយនាងទុយ មឿន ដែលជាប្រពន្ធឈ្មោះ អេម ធា រត់ទៅលាក់ខ្លួននៅប៉ោយប៉ែត ព្រំប្រទល់ប្រទេសថៃបាត់ស្រមោល មួយរយៈ ។ ដោយសារតែប្រពន្ធចិត្ដដាច់រត់ទៅតាមក្លើ ទូក ហឿន ក៏បានធ្វើឱ្យឈ្មោះអេម ធា កំព្រា ដួងចិត្ដអាណិតកូនប្រុសទាំង២នាក់ ។ ទោះបីជាបែបណា ឈ្មោះអេម ធា មិនបានប្ដឹងប្ដល់ទៅសមត្ថកិច្ចទេ ហើយមិនយូរប៉ុន្មានស្រាប់តែបុរសឈ្មោះអេម ធា ក៏បានរៀបការពេញច្បាប់ជាមួយនាងម៉ាច ដែលជា ប្រពន្ធឈ្មោះ ទូក ហឿន នៅភូមិព្រៃធំកាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០០៦ ។ ក្រោយពីអេម ធា រៀបការ ជាមួយនាងម៉ាច ហើយនាងទុយ មឿន និងបុរសឈ្មោះទូក ហឿន ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ហើយ ក៏គ្មានរឿងរ៉ាវអ្វីនឹងគ្នាដែរ។ ឥឡូវនេះស្រាប់តែនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០០៧ កន្លងមកនេះ អ្នកស្រុកអ្នកភូមិបាននាំគ្នានិយាយពេញមាត់ថា អ្នកដូរប្រពន្ធគ្នាបានមកយកប្រពន្ធដើមរៀងៗខ្លួនវិញ គឺ នាងទុយ មឿន មកយកបុរសឈ្មោះអេម ធា វិញ ទោះបីជាប្ដីបានរៀបការជាមួយនាងម៉ាច ពេញ ច្បាប់ក៏ដោយ ចំណែកឯបុរស ឈ្មោះទូក ហឿន ក៏យកនាងម៉ាចជាប្រពន្ធវិញ ។
លោកអ៊ូ គិន មេឃុំស្ដេចគង់ខាងជើងបាននិយាយប្រាប់កោះសន្ដិភាពថា អ្នកដូរប្រពន្ធគ្នាមួយរយៈខ្លីនោះ ឥឡូវនេះពួកគេបានយកប្រពន្ធដើមរៀងៗខ្លួនវិញ គឺប្រពន្ធអ្នកណាអ្នកនោះយកវិញ ។ លោកមេឃុំបន្ដថា ពួកគេស្រួលដែរ ដោយមានចិត្ដស្មោះទាំងសងខាងព្រមព្រៀងគ្នាដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ ។ ទោះបីជាយ៉ាងណា លោកមេឃុំនិយាយថាបើតាមពិតការដូរប្រពន្ធគ្នាបែបនេះ វាខុសនឹងប្រពៃណីដូនតា ខ្មែរខ្លាំងណាស់ ។ គេបានកត់សំគាល់ឃើញថា ការដូរប្រពន្ធគ្នានេះ មាន២គូហើយនៅស្រុកបន្ទាយមាស តែមួយគូមុនក៏ត្រឡប់ទៅយកប្រពន្ធរៀងៗខ្លួនដូចគូក្រោយនេះដែរ តែលំបាកបន្ដិចពីរឿងស្រូវដែលធ្វើ បានផលហើយត្រូវបែងចែកគ្នា ។
Labels: វប្បធម៌
for this post
Leave a Reply