នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃអនុវត្ដដីកាឆែកឆេរ
រាជធានីភ្នំពេញ ៖ នគរបាលសេដ្ឋកិច្ច របស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាលសរុប រួមជាមួយមន្ដ្រីតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ឧសភា បានធ្វើការឆែកឆេរផ្ទះលក់គ្រឿងសំណង់មួយ ដោយជាប់សង្ស័យពីបទលក់ផលិតផល ដែលនាំចូលផ្ដាច់ មុខដោយក្រុមហ៊ុនផ្សេង។ ការចុះឆែកឆេរនោះគឺយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះម៉េង ឡេង អាយុ ៥៨ឆ្នាំ ជានាយកក្រុមហ៊ុន Meng Leng IV Co, Ltd ផ្ដាច់មុខនាំចូលប្រភេទថ្មសំលៀង ថ្មឆាប និងថ្មកាត់ម៉ាក NEW KOSOKU (NKK) និង Device។
តាមមន្ដ្រីគណៈកម្មការចុះឆែកឆេរផ្ទះលក់គ្រឿងសំណង់នោះឱ្យដឹងថា ដើមបណ្ដឹង បានប្ដឹងឈ្មោះលី ឡាង ភេទស្រី ម្ចាស់ផ្ទះលេខ៨១Eo ដាក់យីហោយូស្រ៊ុន លក់គ្រឿងសំណង់ ស្ថិតនៅផ្លូវលេខ១០៩ សង្កាត់ អូរឫស្សីទី៣ ខណ្ឌ៧មករា ពីបទលួចនាំចូលថ្មកាត់ ថ្មឆាប និងថ្មសំលៀង ម៉ាក NEW KOSOKU និង Device ក្លែងក្លាយដាក់តាំងលក់ និងធ្វើចរាចរលើទីផ្សារ។ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនម៉េង ឡេង នោះ តុលាការក្រុងភ្នំពេញបានចេញដីកាឱ្យសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការ ជាមួយអាជ្ញាធរមូលដ្ឋានធ្វើការឆែកឆេររុករកវត្ថុតាងនៅផ្ទះលក់គ្រឿងសំណង់ យូស្រ៊ុន។ នៅព្រឹកនោះ សមត្ថកិច្ចឆែកឆេររកឃើញថ្មឆាប ថ្មសំលៀង និងថ្មកាត់ជាង៦០ដុំ ហើយត្រូវបានធ្វើការដកហូត ។
គណៈកម្មការឆែកឆេរឱ្យដឹងថា រយៈពេលប្រហែលជាង២ឆ្នាំមកហើយ មានគេផលិតថ្មឆាប ថ្មសំលៀង និងថ្មកាត់ក្លែងក្លាយចរាចរលក់លើទីផ្សារ ហើយត្រូវក្រុមហ៊ុនម៉េង ឡេង ធ្វើការស្រាវជ្រាវដឹងក៏ប្ដឹង សមត្ថកិច្ចរហូតឈានដល់ការឆែកឆេរ ផ្ទះលក់គ្រឿងសំណង់នោះ ។
Labels: សណ្ដាប់ធ្នាប់, សេដ្ឋកិច្ច
for this post
Leave a Reply