បាញ់ប្រហារមេចូលប៉ុស្ដិ៍ប៉េអឹមសារភាព
ខេត្ដកំពង់ស្ពឺ ៖ អំពើបាញ់ប្រហារមួយបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ឧសភា កន្លងទៅ នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បណ្ដាលឱ្យនាយកសាលា បណ្ដុះបណ្ដាលវិជ្ជាជីវៈនៃទីបញ្ជាការអភិវឌ្ឍន៍របស់អគ្គបញ្ជាការ ដែលមានទីតាំងនៅភូមិ-ឃុំខាងលើ ស្លាប់ក្នុងថ្លុកឈាមក្រោមផ្ទះជនដៃដល់ឈ្មោះហ៊ីង ស៊ីនឿន ភេទប្រុស អាយុ៥២ឆ្នាំ ជាអនុសេនីយ៍ឯក មានមុខងារជានាយផ្នែកគ្រប់គ្រងសិក្ខាកាម ក្នុងសាលាបណ្ដុះបណ្ដាលនោះ និងជាកូនចៅផ្ទាល់របស់ជន រងគ្រោះ ។
ទាក់ទិននឹងការបាញ់សម្លាប់នាយទាហាន ដែលជាមេរបស់ខ្លួនបែបនេះ លោកវរសេនីយ៍ឯកម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺបានប្រាប់កោះសន្ដិភាពថា មេទាហានរងគ្រោះដែលត្រូវកូនចៅ របស់ខ្លួនបាញ់សម្លាប់នោះឈោះកែវ សំអុល ឋានៈវរសេនីយ៍ត្រី អាយុ៤៩ឆ្នាំ មុខងារជានាយកសាលា បណ្ដុះបណ្ដាលវិជ្ជាជីវៈនៃទីបញ្ជាការអភិវឌ្ឍន៍អគ្គបញ្ជាការ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យ ដឹងថា តាំងពីម៉ោង៧ព្រឹកថ្ងៃទី៣០ ឧសភា ក្រុមមន្ដ្រីយោធានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាន គ្នា១០នាក់ បានទទួលផែនការយកគ្រឿងចក្រទៅឈូសឆាយដីនៅក្នុងតំបន់អភិវឌ្ឍន៍ រហូតដល់ម៉ោង ១១ព្រឹក ទើបនាំគ្នាទៅជួបជុំហូបបាយទឹកនៅនឹងផ្ទះឈ្មោះហ៊ីង ស៊ីនឿន និងមានការប្រជុំដាក់ផែនការភ្ជួរ រាស់ដីបន្ថែមទៀត ។ សាក្សីបន្ដថា ពេលនោះកូនចៅរួមទាំងមេបានហូបស្រាថ្នាំអស់ចំនួន២លីត្រ ហើយ ក៏ចាប់ផ្ដើមទារឱ្យឈ្មោះ ហ៊ីង ស៊ីនឿន ប្រគល់កាំភ្លើង KA47 បន្ទាប់ពីបានប្រគល់ទុកឱ្យការពារ តំបន់អភិវឌ្ឍន៍នេះ ។ ការជជែកគ្នារវាងមេឈ្មោះ កែវ សំអុល និងហ៊ីង ស៊ីនឿន ជាកូនចៅបានក្លាយ ជាការស្ដីបន្ទោសថា មិនស្ដាប់តាមបញ្ជាមេ ។ ការជជែកខ្លាំងៗបណ្ដាលឱ្យនាយទាហាន និងកូនទាហាន ចំនួន៧នាក់ទៀតវិលទៅទីកន្លែងរៀងៗខ្លួនដោយនៅតែឈ្មោះ កែវ សំអុល, ហ៊ីង ស៊ីនឿន និងឈ្មោះ ប៉ែន ម៉ន ជាសាក្សីនៅទីនោះ ។
សាក្សីបានឱ្យដឹងទៀតថា ដោយទ្រាំនឹងការទាមទារកាំភ្លើងពីមេពុំបាន ឈ្មោះហ៊ីង ស៊ីនឿន ជាកូនចៅ ក៏ឡើងទៅលើផ្ទះយកកាំភ្លើង AK47 មកប្រគល់ឱ្យមេឈ្មោះកែវ សំអុល ហើយឈ្មោះហ៊ីង ស៊ីនឿន បានលុតជង្គង់ចំពោះមុខមេរួចនិយាយថា បើមេទារយកវិញខ្ញុំប្រគល់ឱ្យ ពេលនោះហ៊ីង ស៊ីនឿន លើក កាណុងកាំភ្លើងតម្រង់មេបាញ់ប្រាវអស់៧គ្រាប់បណ្ដាលឱ្យនាយទាហានឈ្មោះកែវ សំអុល ធ្លាក់ពីលើគ្រែ មកដីស្លាប់ភ្លាមៗ ។ ក្រោយពីបាញ់មេស្លាប់ឈ្មោះហ៊ីង ស៊ីនឿន ជិះម៉ូតូចូលទៅទីបញ្ជាការសាលា អភិវឌ្ឍន៍ ដើម្បីសារភាពប្រាប់មេធំ តែមិនជួបក៏បង្ហួសទៅសារភាពដល់ទីស្នាក់ការកងរាជអាវុធហត្ថ លេខ៤០៣នៅត្រែងត្រយឹងដោយប្រគល់កាំភ្លើង និងឱ្យសមត្ថកិច្ចចាប់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថឈ្មោះហ៊ីង ស៊ីនឿន និយាយថា ខ្លួនពុំមានចេតនាបាញ់មេ សម្លាប់ទេ តែចៃដន្យក៏ប្រព្រឹត្ដដោយពុំដឹងខ្លួន។ ឈ្មោះហ៊ីង ស៊ីនឿន ត្រូវបានកងរាជអាវុធហត្ថខេត្ដ បំពេញសំណុំរឿងបញ្ជូនទៅតុលាការ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply