រឿងកែវភ្នែកសំណព្វចិត្ដ ថតបានជិតដល់ទីបញ្ចប់ហើយ ថន ថារិទ្ធ ហៅ សៅ ភី បង្កើតវណ្ណកម្មស្វែងរកមូលនិធិចិញ្ចឹមក្មេងកំព្រា
រាជធានីភ្នំពេញ ៖ ផលិតកម្មថោងតារាវណ្ណភាពយន្ដ គឺជាផលិតកម្មថ្មីមួយទើបបង្កើតឡើងដោយ សមាគមមូលនិធិជា យុទ្ធថន សោម វណ្ណសូដានី ភាពយន្ដ ជួយជនទុរគតដែលមានលោកថន ថារិទ្ធ ហៅសៅ ភី ជាប្រធាននិងជាចាងហ្វាងផលិតកម្ម។ ផលិតកម្មថ្មីនេះ បានដំណើរការថតវណ្ណកម្មដំបូង របស់ខ្លួនកាលពីដើមខែឧសភា ហើយរហូតមកដល់ពេលនេះសំរេចបាន៩៥ភាគរយហើយ នោះគឺរឿង “កែវភ្នែកសំណព្វចិត្ដ” ។ រឿងនេះនិពន្ធឆ្អឹងរឿងដោយលោកថន ថារិទ្ធ និងកែសំរួលអត្ថបទរឿង និងដឹកនាំរឿង ដោយលោកជា វណ្ណា ។
រឿងកែវភ្នែកសំណព្វចិត្ដ ឆ្លុះបញ្ចាំងពីជីវិតក្មេងកំព្រាឪពុកម្ដាយម្នាក់ ដែលរស់នៅយ៉ាងកំសត់តាំងពី កុមារភាព លុះពេលមានប្រពន្ធកូនហើយកាន់តែកំសត់ថែមទៀត។ លោកថន ថារិទ្ធ ហៅសៅ ភី ឱ្យដឹងថា ខ្សែភាពយន្ដបែបមនោសញ្ចេតនានេះ ឆ្លុះបញ្ចាំងពីបាប និងបុណ្យ តាមរយៈការអប់រំមនុស្សគ្រប់វ័យ កុំឱ្យមានគំនុំគំកួនសងសឹកគ្នាទៅវិញទៅមក ហើយចេះស្រលាញ់គ្នា និងធ្វើតែអំពើល្អ ។ លោកបន្ដថា រឿងនេះចូលរួមសំដែងដោយរូបលោកផ្ទាល់ ជាតួឯកប្រុស និងកញ្ញាសារាយ សក្ខណា តួឯកស្រី រួមទាំង ប្អូនចិញ្ចឹមរបស់លោក គឺលោកសៅ សែន សំណាង និងប្អូនៗជាច្រើននាក់ទៀតនៅក្នុងគ្រួសារត្រកូល សៅ។
រឿងកែវភ្នែកសំណព្វចិត្ដដែលអ្នកដឹកនាំរឿង និងក្រុមការងារបានដំណើរការថត ចាប់ពីដើមខែឧសភា មកពេលនេះជិតដល់ទីបញ្ចប់ហើយ គឺនៅតែ៥ថ្ងៃទៀតប៉ុណ្ណោះ។ រឿងនេះបានថតយករូបភាពនៅតាម តំបន់រមណីយដ្ឋានទេសចរណ៍ល្អៗជាច្រើនដូចជា នៅខេត្ដកំពង់ចាម ក្រុងភ្នំពេញ និងខេត្ដកំពតជាដើម ។
លោកថន ថារិទ្ធ ហៅសៅ ភី អតីតជាក្មេងកំព្រាដ៏កំសត់ចិញ្ចឹមក្មេងកំព្រាត្រកូលសៅ ដោយ របរដើររើសអេតចាយ តែឥឡូវមានជីវិតភ្លឺថ្លាហើយ ។ លោកឱ្យដឹងថា រឿង “កែវភ្នែកសំណព្វចិត្ដ” ដំណើរការថតបានយ៉ាងរលូនដោយសារមានការឧបត្ថម្ភថវិកាជាច្រើនពីសប្បុរសជនទាំងនៅក្រៅ និង ក្នុង ប្រទេសដូចជាលោកឧកញ៉ាស៊ឹម វណ្ណា និងលោកជំទាវ, លោកវ៉ា វណ្ណៈ, ធ្វើការនៅ វិទ្យុ និង ទូរទស្សន៍ប៉ុស្ដិ៍លេខ៣, លោកហុង ណៃសៀប នៅសហរដ្ឋអាមេរិក, លោក សុខ ភារុន, លោកអៀង ញ៉, លោកតេង រតនា រស់នៅប្រទេសអូស្ដ្រាលី, លោកឡាំ ភឿង នៅសហរដ្ឋអាមេរិក, លោកអ៊ុន សុវណ្ណ, លោកប៉ែន សារួម រស់នៅកាណាដា និង លោកគង់ ប៊ុនធឿន រស់នៅប្រទេសបារាំង ។
លោកថន ថារិទ្ធ ហៅសៅ ភី បានថ្លែងអំណរគុណផងដែរចំពោះសារព័ត៌មានកោះសន្ដិភាពដែល តែងតែជួយឧបត្ថម្ភគាំទ្រ និងចុះផ្សាយពីដំណើរជីវិតកំព្រាកំសត់វេទនារបស់លោកជាច្រើនលើក ។
លោកថន ថារិទ្ធ បញ្ជាក់ថា រឿងកែវភ្នែកសំណព្វចិត្ដពេលថតចប់ កាត់តរូបភាព និងបញ្ចូលសំលេង រួចនឹងដាក់បញ្ចាំងនៅរោងភាពយន្ដក្នុងទីក្រុង និងនៅតាមខេត្ដ-ក្រុងជូនប្រិយមិត្ដទស្សនិកជនទស្សនានា ខែកក្កដាខាងមុខនេះ ។ លោកសង្ឃឹមថា ខ្សែភាពយន្ដរបស់លោកនឹងមានការគាំទ្រ ពីសំណាក់ទស្សនិកជន ជាក់ជាមិនខានឡើយ ព្រោះថាថវិកាទាំងអស់ដែលបានពីការបញ្ចាំង នឹងយកមកចិញ្ចឹមបីបាច់កុមារកំព្រា ក្នុងគ្រួសារត្រកូលសៅ និងសមាគមមូលនិធិ ជា យុទ្ធថន សោម វណ្ណសូដានី ភាពយន្ដជួយជនទុរគត ។
Labels: សិល្បៈ
for this post
Leave a Reply