<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

នៅ ធិតា មាតាក្រមុំ គេនិយមឱ្យសំដែងតួម្ដាយ

រាជធានី​ភ្នំពេញ ៖ កញ្ញា​នៅ ធិ​តា ក្នុង​វ័យ​៣១​ឆ្នាំ ថ្វីបើ​មាន​អាជីព​ជា​ម្ចាស់​ហាង​អ៊ុតសក់​ក្ដី តែ​នាង បាន​បណ្ដែត​ជីវិត​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​តាំងពី​ឆ្នាំ​២០០៣ មក​។ នាង​ធ្លាប់​ចូលរួម​សំដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន និង​ក្នុង​ខ្សែភាពយន្ដ​មួយ​ចំនួន​។ សំរាប់​រូប​នាង​ស័ក្ដិសម​នឹង​ហៅ​ថា “​មាតា​ក្រមុំ​” ព្រោះ​នាង​នៅ​ក្មេង​ពុំ​ទាន់​មាន​ស្វាមី​-​មានកូន​ផង បែរជា គេ​ច្រើន​តម្រូវ​ឱ្យ​សំដែង​ជា​តួ​“​ម្ដាយ​”​ទៅ​វិញ ។

​កញ្ញា​នៅ ធិ​តា និយាយ​ថា ថ្មីៗ​នេះ​នាង​មានឱកាស​ចូលរួម​សំដែង​ក្នុង​ខ្សែភាពយន្ដ​រឿង “​បិសាច​អន្ទង់​” និង​រឿង “​កែវភ្នែក​សំណព្វចិត្ដ​” ដែល​ក្នុង​រឿង​ទាំងនោះ​អ្នកដឹកនាំ​រឿង​តម្រូវ​ឱ្យ​នាង​សំដែង​ជា​តួ​ម្ដាយ​។ មុន​ពេល​ក្លាយជា​តារា​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​នេះ​នាង​ធ្លាប់​ហាត់រៀន​នៅ​ក្លឹ​ប​សិល្បៈ​មួយ អស់​រយៈពេល​១​ឆ្នាំ ។ លើស​ពី​នេះ​ពេល​ចូលរួម​សំដែង​នាង​ទទួល​បានការ​ពន្យល់​ណែនាំ​ពី​អ្នកដឹកនាំ​រឿង ថែម​ទៀត ។

កញ្ញា​នៅ ធិ​តា បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ការ​បាន​ក្លាយជា​តារា​សំដែង​ដូច​បំណងប្រាថ្នា របស់​នាង​តាំងពី​កុមារភាព​មក ។ ពេល​នេះ​ថ្វីបើ​មិន​ទាន់​ល្បីឈ្មោះ តែ​នាង​សង្ឃឹម​ក្នុង​ចិត្ដ​ថា​នៅ​ថ្ងៃ អនាគត​នាង​នឹង​ល្បីឈ្មោះ​មិន​ខាន​សំរាប់​ជីវិត​ជា​អ្នកសិល្បៈ​របស់​នាង តែ​ល្បី​តាម​រយៈ​ជា​តួ​ម្ដាយ ព្រោះ​អ្នក ដឹកនាំ​រឿង​ច្រើន​តម្រូវ​ឱ្យ​នាង​សំដែង​ជា​តួអង្គ​នេះ ។​

ក្នុង​វ័យ​៣១​ឆ្នាំ កញ្ញា​នៅ ធិ​តា មិន​ទាន់​មាន​គូគាប់​ប្រចាំជីវិត​នៅឡើយ ។ ការ​ពិត​កន្លង​មក​តាម​នាង អះអាង​មាន​បុរស​ជា​ច្រើន​តាម​សុំ​ស្នេហ៍​នាង តែ​នាង​មិន​ព្រម​ទេ ព្រោះ​បុរស​ទាំងនោះ​សុទ្ធតែ​ប្ដី​គេ និង​ជា បុរស​វ័យ​ចំណាស់ ។ ទោះជា​យ៉ាងណា ពេល​នាង​ទៅ​ថត​កាយវិការ​ខារ៉ាអូខេ​ឬ​ភាពយន្ដ​គេ​ឃើញ មាន​បុរស វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បណ្ដើរ​នាង​ទៅ និង​ជួយ​យួរ​កាបូប​ឱ្យ​នាង​ទៀត​ផង ដែល​មើលទៅ​ទំនងជា​សង្សារ ឬ​ជា​គូ​កំណាន់ចិត្ដ​របស់​នាង ។ ទាក់ទិន​នឹង​រឿង​នេះ​នាង​បញ្ជាក់​ថា បុរស​នោះ​ជា​បងជីដូនមួយ​របស់​នាង មិនមែន​ជា​សង្សារ​ឬ​គូ​កំណាន់ចិត្ដ​ទេ ។​

ចំពោះ​រឿង​គូស្រករ​តួ​ម្ដាយ​វ័យក្មេង​រូប​នេះ​មិន​ទាន់​ចង់បាន​ទេ ហើយ​ក៏​មិន​ទាន់​កំណត់​ថា​ពេល​ណា​ដែរ​។ លើស​ពី​នេះ​នាង​អះអាង​ថា នាង​មិន​ប្រាថ្នា​មាន​សង្សារ​ទេ គឺ​ប្រាថ្នា​មាន​ស្វាមី​តែ​ម្ដង​។ លក្ខណៈ​បុរស ដែល​នាង​ជ្រើសរើស​ជា​គូគាប់​នោះ​គឺ​ត្រូវ​មាន​វ័យ​ប្រហាក់ប្រហែល​នាង ហើយ​ជា​អ្នក មានការ​ងារ មានទ្រព្យ ធន​មធ្យម​អាច​ចិញ្ចឹម​នាង​បាន​។ កញ្ញា​នៅ ធិ​តា មាន​ឪពុក​ឈ្មោះ នៅ គី​ម ម្ដាយ​ឈ្មោះ​ហុង លី​ម ហើយ​នាង​មាន​បងប្អូន​៧​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ចំណែក​រូប​នាង​ជា​កូន​ទី​៤ ។​

Labels:

 
 

ទូរទស្សន៍កូរ៉េ SBS ថតល្ខោនវីដេអូនៅប្រទេសកម្ពុជាលើកដំបូង

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧ ផលិតកម្ម STARMAX របស់​ស្ថានីយទូរទស្សន៍ SBS នៃ​សាធារណរដ្ឋ​កូរ៉េ បាន​មក​ថត​ល្ខោន​វី​ដេ​អូ​រឿង “​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ជា​លើក ដំបូង​នៅ​កម្ពុជា​។ រឿង​នេះ​ផលិត​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ SBS ដោយ​មានការ​សំដែង​រួម​គ្នា រវាង​តារាភាពយន្ដ​កូរ៉េ និង​តារា​កម្ពុជា​យើង ។

​លោក​យិ​ន សាំង​ហេង អ្នកគ្រប់គ្រង​ការ​ថត​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា ល្ខោន​វី​ដេ​អូ​របស់​ស្ថានីយទូរទស្សន៍ សាធារណរដ្ឋ​កូរ៉េ​ដែល​ថត​នៅ​កម្ពុជា​ជា​លើក​ទី​១​នេះ គឺ​រៀបចំ​ថត​នៅ​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ប្រាសាទអង្គរវត្ដ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាជន​កូរ៉េ​បានឃើញ​បាន​ស្គាល់ ។ វា​ជា​មោទនភាព​ថ្មី​មួយ​របស់ កម្ពុជា​ក្នុង​ឆ្នាំ​២០០៧​នេះ ដែល​ប្រទេស​កូរ៉េ​បាន​មក​ថត​ល្ខោន​វី​ដេ​អូ​សំរាប់​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​របស់ ខ្លួន ។ រឿង “​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ជា​ស្នាដៃ​របស់​លោក​ជុង ជី​វូ ដែល​ជា​អ្នក និពន្ធ​ល្បីឈ្មោះ​នៅ​ប្រទេស​កូរ៉េ និង​ដឹកនាំ​រឿង​ដោយ​លោក​ចូ ណាំ​ហ្គូ​ក ជា​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ នៅ​ប្រទេស​កូរ៉េ ។​

លោក​យិ​ន សាំង​ហេង ឱ្យ​ដឹង​ថា តាម​អ្នកគ្រប់គ្រង​ការ​ផលិត​របស់​កូរ៉េ​ឱ្យ​ដឹង​ថា រឿង “​មធ្យោបាយ​ស្វែង រក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ចូលរួម​សំដែង​ដោយ​តារា​ល្បីឈ្មោះ មក​ពី​ប្រទេស​កូរ៉េ​ជា​ច្រើន​រូប​ដូច​ជា លោក គី​ម សឿង​វូ និង​លោក​ស៊ុន ហឿ​ន​ជូ ជាដើម​។ ជា​ពិសេស​កញ្ញា​ពៅ ធា​វី ជានា​រី​ខ្មែរ​ដែល​ទទួល បាន​តំណែង​ជា​ស្រី​ស្អាត​ប្រចាំឆ្នាំ​២០០៦ របស់​ស្ថានីយទូរទស្សន៍ CTN បាន​ចូលរួម​សំដែង​ជា​តួឯក ឈ្មោះ​នាង​ផ្កាឈូក​ផង​ដែរ ។

​រឿង​“​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” និទាន​ពី​ស្នេហា​ឆ្លង​ដែន​រវាង​កំលោះ​កូរ៉េ និង​ក្រមុំ​កម្ពុជា ក្នុង​នោះ​បង្ហាញ​ពី​ការ​ធ្វើ​ទេសចរណ៍​នៅ​ប្រាសាទអង្គរវត្ដ ទីក្រុង​ភ្នំពេញ ព្រះ​បរមរាជវាំង និង​នៅ​ក្រុង ព្រះ​សីហ​នុ​ដ៏​ល្អ​ត្រកាល ។​

លោក​យិ​ន សាំង​ហេង ឱ្យ​ដឹង​ថា រឿង​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ នឹង​ចាក់​ផ្សាយ​តាម កញ្ចក់​ទូរទស្សន៍ SBS របស់​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០០៧ វេលា​ម៉ោង​៩ និង​៥៥​នាទី​ដល់​ម៉ោង​១១ និង​៥​នាទី​យប់ រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។ ស្ថានីយទូរទស្សន៍​នេះ​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​អាច​មើលឃើញ​។​

ក្រុម​ផលិតករ​កូរ៉េ​បញ្ជាក់​ថា ទោះបី​ការ​ថត​នៅ​កម្ពុជា​ជួប​ប្រទះ​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ខ្លួន​នឹង ព្យាយាម​ផលិត​រឿងល្ខោន​វី​ដេ​អូ ដែល​ចូលរួម​សំដែង​រួម​គ្នា​រវាង​តារា​កូរ៉េ និង​កម្ពុជា​ជា​លើក​ទី​១​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ ។ តាម​រយៈ​ស្នាដៃ​នេះ​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​នៅ​ក្នុង​តំបន់​អាស៊ី​មើលឃើញ រូប ភាព​ថ្មី​មួយ​របស់​កម្ពុជា​ដែល​ប្រទេស​នេះ​មាន​ទេសភាព​ល្អ​ស្រស់​ត្រកាល មាន​ប្រជាពលរដ្ឋ​ចិត្ដល្អ និង មាន​សក្ដានុពល​ធំធេង​សំរាប់​ការ​អភិវឌ្ឍន៍ ហើយ​គេ​នឹង​ចាប់អារម្មណ៍​មក​ទស្សនា​កំសាន្ដ​មិន​ខាន ។​

Labels: ,

 
 

កំហុស​ខ្ញុំ រឺ​កំហុស​នាង​? បុរស​អភ័ព្វ​ស្នេហ៍​រៀបរាប់​ ពី​រឿងរ៉ាវ​កុលាប​អស់​ក្លិន

រាជធានី​ភ្នំពេញ ៖ កោះសន្ដិភាព​ទទួល​លិខិត​ដ៏​វែង​មួយ​ពី​បុរស​ម្នាក់ ដែល​ហៅ​ខ្លួនឯង​ថា “​បុរស​គ្មាន សំណាង​” មិនដឹង​ថា គ្មាន​សំណាង​បាន​នាង​ជា​គូគាប់ ឬ​បែប​ណា​ទេ តែបើ​ចង់​និយាយ​ថា ស្នេហា​បរាជ័យ ហើយ​ចាត់​ទុក​ខ្លួនឯង​ថា គ្មាន​សំណាង មិន​ត្រឹមត្រូវ​ឡើយ វា​ប្រៀប​ដូច​ជា​ចាត់​ទុក​នារី​ដែល​ក្បត់ចិត្ដ​នោះ ជា​អ្នក​ឱ្យ​សំណាង​មក​ខ្លួន​ដូច្នោះ​ដែរ​។

​ពី​មុន​កុលាប​ត្រ​ញំ​ង​សាប​បាន​ក្លាយជា​កុលាប​រោយ​ស្វិត កុលាប​អស់សង្ឃឹម ដោយសារ​ចិត្ដ​មិន​ស្មោះ​ដោះ ដៃ​របស់​ប្រុស​សង្សារ ដែល​រាជិនី​សំលេង​មាស រស់ សេរី​សុ​ន្ធា ច្រៀង​ថា “​ភូមរា​ហើរ​ទុំ​ក្រេប​លំអងផ្កា ក្រេប​ឆ្អែត​កាលណា​លែង​នឹក​អាណិត ភូមិ​ត្រ​ញំ​ង​សាប កុលាប​រោយ​ស្វិត ឱ​!​ព្រហ្ម​លិខិត​ប្រហារ​ខ្ញុំ​ទៅ​” ប៉ុន្ដែ​ឥឡូវ​កុលាប​ត្រ​ញំ​ង​សាប​ដដែល ជា​អ្នក​ធ្វើ​ឱ្យ​បុរស​ម្នាក់​ឈឺចាប់​ខ្លោចផ្សា ដោយសារ​ចិត្ដ​ប្រែប្រួល សាវា​របស់​នាង​ទៅ​វិញ ។ កោះសន្ដិភាព​រីករាយ​ក្នុង​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់​បុរស​ខក​ស្នេហ៍ ដោយ សុំ​លាក់​អត្ដសញ្ញាណ​គូស្នេហ៍​នេះ ហើយ​ប្រើ​ឈ្មោះ​អក្សរ​កាត់​។ អត្ថបទ​ដែល​បាន​ផ្ញើ​មក​នោះ មាន​ខ្លឹម សារ​ដូច​ខាងក្រោម​នេះ​។​

កាល​ដើម​ឡើយ “​ស​.​ទ​” ជានា​រី​ម្នាក់​សុភាព​រាបសា ទន់ភ្លន់ ធ្វើ​ឱ្យ​អ្នកផង​ទាំងពួង នៅ​ជិតខាង​កោតសរសើរ ហើយ​ស្រឡាញ់​នាង​គ្រប់ៗ​គ្នា ។ នាង​និង​ខ្ញុំ (​វ​.​ដ​.​ល​) បាន​ស្គាល់គ្នា​ពេល​នៅផ្ទះ​ជួល​ក្បែរ​គ្នា​។ កាល​ទោះ នាង​ធ្វើការ​នៅ​រោងចក្រ ហើយ​ឧស្សាហ៍​សន្លប់​ណាស់ ពី​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​ទើប​ដឹងខ្លួន​វិញ​។ ខ្ញុំ​ស្រឡាញ់​រាប់អាន​នាង​ធម្មតា ចាត់​ទុក​នាង​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ មិន​ទាន់​មានការ​ស្និទ្ធស្នាល​ដូច សព្វ​ថ្ងៃនេះ​ទេ ។

ថ្ងៃ​ទី​១០ ខែវិច្ឆិកា ២០០៦ គឺជា​ថ្ងៃ​ដែល ស​.​ទ សន្លប់ (​ក្បែរ​សន្លប់​ធំ​) ខ្ញុំ​និង​បង​ម្ចាស់ផ្ទះ​ជួល ភ័យ​ខ្លាច​នាង​ស្លាប់ ក៏​ដឹក​នាង​យក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​សូ​វៀត ។ តាំងពី​ម៉ោង​៨ និង ៣០​នាទី (​នាង​បាត់​មាត់ បាត់​ក​តាំងពី​ម៉ោង​៦ និង​៣០​នាទី​យប់​) រហូត​ដល់​ម៉ោង​១០ និង​៤៥​នាទី ចាក់​ថ្នាំ បញ្ចូល​អុកស៊ីហ្សែន​ទើប​នាង​ដឹងខ្លួន​ឡើង​វិញ ។ រង់ចាំ​ឱ្យ​នាង​ដឹងខ្លួន​ស្រួលបួល និង​អស់​សេរ៉ូម រហូត ដល់​ម៉ោង​១២​និង​៣០​នាទី​យប់​ជ្រៅ ទើប​ខ្ញុំ​ដឹកនាំ​នាង​យក​ទៅ​ផ្ទះ​ជួល​វិញ​។ ទាំង​ពីរ​នាក់​បងប្អូន​ពុំ​មាន លុយ​មួយ​រៀល​ជាប់​ខ្លួន​ទេ ហើយ​ការ​ចំណាយ​របស់ខ្ញុំ​ដើម្បី​សង្គ្រោះ​ជីវិត​នាង​នោះ គឺ​ពុំ​មែន​សំដៅ​ទៅ​លើ អ្វី​ដែរ កាល​ណោះ​នាង​និង​ខ្ញុំ​រាប់អាន​គ្នា​ជា​ធម្មតា​។ គ្រូពេទ្យ​ផ្ដាំ​ថា កុំឱ្យ​នាង​មានរឿង​ដូច្នេះ​ទៀត បើ​មាន លើក​ទី​ពីរ​ទៀត គឺ​ត្រូវ​ចូល​ពេទ្យ​សរសៃ​ប្រាសាទ​ហើយ ។​

ថ្ងៃ​ទី​១១ វិច្ឆិកា ២០០៦ វេលា​ម៉ោង​៧​ព្រឹក ខ្ញុំ​រៀប​ចេញ​ទៅ​ធ្វើការ ស្រាប់តែ​នាង​ហៅ​ខ្ញុំ​ឱ្យ​ចូល ទៅ​ក្នុង​បន្ទប់​របស់​នាង ។ នាង​ឱ្យ​ខ្ញុំ​អោន ហើយ​នាង​ថើប​ខ្ញុំ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា នាង​ចាប់ចិត្ដ​ស្រឡាញ់ ខ្ញុំ​តាំងពី​ពេល​នោះ​មក ។​

ថ្ងៃ​ទី​១២ វិច្ឆិកា ២០០៦ ពេល​រសៀល នាង​ឱ្យ​ខ្ញុំ​ជូន​នាង​ទៅ​លេង​ផ្ទះ​របស់​នាង​ជា​លើក​ដំបូង នៅ​ឃុំ​ត្រ​ញំ​ង សាប ស្រុក​បាទី ខេត្ដតាកែវ ។ ពេល​ព្រឹក​ឡើង​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ២០០៦ (​ថ្ងៃអាទិត្យ​) ម៉ោង ប្រហែលជា​៨ ស្រាប់តែ​មិនដឹង​មាន​ហេតុផល​អ្វី​នាង​ធ្លាក់​ពីលើ​គ្រែ​ពូក​សន្លប់​បាត់​មាត់ ប្រហែលជា​កន្លះ ម៉ោង​ទើប​ដឹងខ្លួន​វិញ ។ ម៉ោង​៩​ជិត​១០ ខ្ញុំ​បាន​នាំ​នាង និង​ប្អូនស្រី​នាង​ទាំង​៣​នាក់​ទៅ​វត្ដ​ពោធិ៍ ដើម្បី ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​លើករាសី តែ​ចៃដន្យ​លោកតា​អាពាធ ក៏​អាក់​ខានមិនបាន​ស្រោច​ទឹក ហើយ​នាំ​គ្នា វិល​មក​ផ្ទះ​វិញ​។ ម៉ោង​៣​រសៀល នាំ​គ្នា​៣​នាក់​បងប្អូន​ទៅ​លេង​ភ្នំ​តា​ម៉ៅ (​ទៅ​ដើរ​មើល​សួន​) ហើយ​នាំ គ្នា​បង្ហួស​ទៅ​វត្ដ​ភ្នំ​តា​ម៉ៅ​។ នាង​បាន​អុជ​ធូប​ផ្សង​សុំ​ជួប​តែ​ខ្ញុំ​ម្នាក់ មិន​អាច​អ្នក​ណា​មក​បំបែក​ពី​នាង បាន​ឡើយ ។

​តាំងពី​ថ្ងៃ​នោះ​មក នាង​ពុំ​សូវ​ទៅ​ធ្វើការ​ទេ ហើយ​យើង​ទាំង​ពីរ​នាក់​ទំនាក់ទំនង​គ្នា កាន់តែ​ស្និទ្ធស្នាល ឡើងៗ ដល់​ថ្នាក់​នាង​បាត់​មុខ​ខ្ញុំ​មិន​បាន ។ ពេល​ម៉ែឪ​នាង​មក​បំបែក នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ២០០៦ វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច នាង​យំ​យ៉ាង​ខ្លាំង ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា នាង​ស្រឡាញ់​ខ្ញុំ​ពិតមែន ខ្ញុំ​អាណិត​នាង​ដែរ តែ​ខ្ញុំ​ធ្វើ​ជា​ព្រងើយ មិន​បញ្ចេញ​កាយវិការ​ឱ្យ​ម៉ែឪ​នាង​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​កូន​គាត់​ទេ តែ​ក្នុង​ចិត្ដ​ក្ដុកក្ដួល ព្រោះ​ខ្ញុំ​ដឹង​ហើយ​ថា នាង​ស្រឡាញ់​ខ្ញុំ​តាំងពី​ថ្ងៃ​ដែល​នាង​ហៅ​ខ្ញុំ​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់ តែ​ពីរ​នាក់ ហើយ​នាង​ថើប​ខ្ញុំ​មក​ម្ល៉េះ ។​

ថ្ងៃ​ទី​៣០ វិច្ឆិកា នាង​បាន​វិល​ត្រឡប់​មក​ពី​ផ្ទះ​នៅ​តាកែវ​វិញ ហើយ​ឱ្យ​ខ្ញុំ​ទៅ​ទទួល​នាង​នៅ​គល់​ស្ពាន​តា​ខ្មៅ ព្រោះ​នាង​ស្នាក់​នៅផ្ទះ​អ៊ំ​របស់​នាង​នៅ​តា​ខ្មៅ ។ ខ្ញុំ​ទៅ​ទទួល​នាង​ទាំង​ថ្ងៃត្រង់​នៅ​គល់​ស្ពាន​តា​ខ្មៅ ហើយ បាន​ជូន​នាង​ដើរ​លេង​មួយ​ជុំ​វាំង​មាត់ទន្លេ ទើប​វិល​ត្រឡប់​ទៅ​ផ្ទះ​អ៊ំ​របស់​នាង​នៅ​តា​ខ្មៅ​វិញ ។ ខ្ញុំ​បាន​សួរ ទៅ​នាង​ថា តើ​អាច​ចាំ​ខ្ញុំ​ពីរ​ឆ្នាំ​ទៀត​បាន​ទេ នាង​ឆ្លើយ​ថា អាច​ចាំ​បាន ព្រោះ​ពីរ​ឆ្នាំ​ទៀត​ទើប​ខ្ញុំ​អាច រៀប​ការ​បាន​។ ឥឡូវ​ពុំ​បាន​មួយ​ឆ្នាំ​ផង នាង​ផ្លាស់​ចិត្ដ​បាត់​ទៅ​ហើយ ។ នៅ​ពេល​នាង​ចុះ​ពីលើ​ម៉ូតូ​នាង​ហាក់ ដូច​ជា​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ខ្ញុំ​បន្ដិច​សោះឡើយ នាង​ដូច​ជា​មនុស្ស​បាត់បង់​វិញ្ញាណ​អ៊ីចឹង ។ ខ្ញុំ​មានចិត្ដ អាណិត​នាង​កាន់តែ​ខ្លាំង​ឡើងៗ ខ្ញុំ​នៅ​តាម​មើល​នាង​រហូត​ដល់​នាង​ចូល​ផ្ទះ ព្រោះ​ខ្លាច​នាង​ដួល​តាម​ផ្លូវ ។​

ថ្ងៃ​ទី​១ ខែធ្នូ ២០០៦ នាង​បាន​វិល​មក​រស់​ក្បែរ​ខ្ញុំ​វិញ​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​។ នាង​និយាយ​ថា “​អូន​មិន​អាច​នៅ​ឆ្ងាយ​ពី​បង​បាន​ទេ ចង់​មក​រស់នៅ​ជិតៗ​បង​” ហើយ​នាង​ឱ្យ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ​។ ថ្ងៃ​ទី​២ ខែធ្នូ ២០០៦ នាង​ឱ្យ​សំបុត្រ​មក​ខ្ញុំ​មួយ​ច្បាប់​ទៀត ហើយ​បន្ទាប់​មក​ថ្ងៃ​ទី​៤ ធ្នូ ២០០៦ នាង​បាន​យក លិ​​ខិត​ឱ្យ​ខ្ញុំ​មួយ​ច្បាប់​ទៀត ហើយ​ហាម​ខ្ញុំ​ក្បត់ចិត្ដ​នាង ។​

​ថ្ងៃត្រង់​ទី​១២ ធ្នូ ២០០៦ អ្នក​ជិត​ខាងគេ​ទៅ​ដើរ​លេង​អស់ នាង​ទូរស័ព្ទ​ហៅ​ខ្ញុំ​ឱ្យទៅ​ជួប​នាង​មួយ​ភ្លែត​។ ខ្ញុំ​ក៏​មិនដឹង​ថា​មានរឿង​អ្វី​ដែរ ពេល​ខ្ញុំ​ទៅ​ដល់​នាង​នៅ​ម្នាក់ឯង ហើយ​ឱ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​ថា ប្រាប់ រឿង​មួយ រួច​នាង​ខ្ទាស់​គន្លឹះទ្វារ​ជាប់ ។ ថ្ងៃ​នោះ​ហើយ​ជា​ថ្ងៃ​ដែល​នាង​ក្បត់​ប្រពៃណី​ហ៊ាន​លះបង់​អ្វីៗ ទាំងអស់ ប្រគល់​ឱ្យ​មនុស្ស​ដែល​នាង​ស្រឡាញ់ គ្មាន​នឹក​ដល់​កេរ​ម៉ែឪ នាង​សុខចិត្ដ​ប្រគល់​ខ្លួនប្រាណ​គ្មាន សោកស្ដាយ​ឱ្យ​តែ​នាង​បាន​រស់នៅ​ក្បែរ​ខ្ញុំ ។​

នៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០០៦ ឪពុក​ម្ដាយ​នាង​ដឹង​រឿង​ខ្ញុំ​និង​នាង គាត់​បាន​ទៅ​ជេរ​ស្ដី​នាង​នៅផ្ទះ​ជួល (​ពេល​ខ្ញុំ ទៅ​ធ្វើការ​) ខ្លាំងៗ​។ នាង​ទ្រាំ​ពុំ​បាន​ក៏​រត់​ចេញពីផ្ទះ​ជួល​គេច​ពី​ឪពុក​ម្ដាយ​នាង​បាត់ ធ្វើ​ឱ្យ​ពួក​គាត់ ទឹកភ្នែក​ហើយ​ខំ​ស្វែងរក​។ ពេល​នាង​រត់​ចេញពីផ្ទះ​នោះ គឺ​ពុំ​បាន​យក​អ្វី​ជាប់​ទៅ​ជាមួយ​ទេ មាន​តែ​ខោ ជើង​ខ្លី និង​អាវដៃខ្លី​ជាប់​ខ្លួន​ប៉ុណ្ណោះ​។​

នៅ​ម៉ោង​ប្រហែល​ជិត​៩ នាង​បាន​ទូរស័ព្ទ​ហៅ​ខ្ញុំ​ឱ្យទៅ​ជួប​នាង​ដោយ​ប្រាប់​ថា មានរឿង​ត្រូវ​ដោះស្រាយ​។ ពេល​នោះ​ខ្ញុំ​កំពុង​ជាប់រវល់​ការងារ តែ​សុខចិត្ដ​ទុក​ការងារ​មួយ​ឡែក ទៅ​ជួប​នាង​សិន​ក្រែង​មានរឿង អ្វី​សំខាន់​។ ខ្ញុំ​បាន​ទៅ​ជួប​នាង​នៅ​កែង​ផ្សារ​អូ​ឡាំ​ពិ​ក ។ ពេល​ជួប​នាង​ភ្លាម​ខ្ញុំ​សែន​ខ្លោច​ចិត្ដរក​និយាយ មិន​ចេញ ដ្បិត​ឃើញ​នាង​ក្នុង​សំលៀក​បំពាក់​ខោ​ជើង​ខ្លី អាវយឺត​ដៃខ្លី ហើយ​ឈរ​ញ័រ​ខ្លួន​ទទ្រើត ដូច​ជា​មនុស្ស​កំពុង​ត្រូវ​ថ្នាំពុល ។​

ខ្ញុំ​ដឹង​ថា​នាង​អាច​ស្លាប់​នៅ​ពេល​នេះ ខ្ញុំ​បានឱ្យ​នាង​ដកដង្ហើម​ឱ្យ​ស្រួល​មួយៗ ចាំ​និយាយ មើល​មុខ​នាង​ឡើង ស្លេកស្លាំង​អស់ហើយ ។ ខ្ញុំ​ផ្ដើម​សួរ​នាង​ថា “​តើ​មានរឿង​អ្វី កើតឡើង​ចំពោះ​អូន​?”​។ នាង​បាន​ឆ្លើយ​ភ្លាម ទាំង​ខ្លួន​និង​មាត់​ញ័រ​ថា “​បង​យក​ខ្ញុំ​ទៅ​ណា​ទៅ​ចុះ ខ្ញុំ​អស់​ផ្លូវ​ដើរ​ហើយ ម៉ែឪ​អូន ជេរ​អូន កាត់កាល់ អូន​លែង​ទទួលស្គាល់​អូន​ជា​កូន​ពួក​គាត់​ហើយ​” ។ ខ្ញុំ​ឮ​ដូច្នេះ​ភ្ញាក់​ព្រើត តែ​ខ្ញុំ​មិន​ប្រកែក​នូវ​សំណូមពរ របស់​នាង​ទេ ព្រោះ​នៅ​ពេល​នោះ​ថ្ងៃ​នោះ​នាង​ឥត​មានព្រលឹង​ក្នុង​ខ្លួន បន្ដិច​សោះឡើយ​។ ខ្ញុំ​ក៏​សំរេចចិត្ដ នាំ​នាង​យក​ទៅ​នៅ​កន្លែងធ្វើការ​ពីរ​យប់​។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើការ​មិន​បាន​ដិត​ដល់ ព្រោះ​នាង ចេះ​តែ​យំ ។

យប់​ថ្ងៃ​ទី​១៨ ធ្នូ ២០០៦ ខ្ញុំ​បានឱ្យ​នាង​ទូរស័ព្ទ​ទៅ​ជួប​ឪពុក​ម្ដាយ​ដើម្បី​កុំឱ្យ​ពួក​គាត់​បារម្ភ ។ ខ្ញុំ​ឱ្យ​នាង ប្រាប់​ពួក​គាត់​ថា “​នាង​បាន​សេចក្ដីសុខ​ទេ សូមកុំ​បារម្ភ​អី​ចាំ​ស្ងប់​អារម្មណ៍ នឹង​វិល​ទៅ​ពួក​គាត់​វិញ​ហើយ​”​។ បន្ទាប់​មក​ខ្ញុំ​បបួល​នាង​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ជួប​ឪពុក​ម្ដាយ​នាង សុំ​ទោស​ពួក​គាត់ យើង​មិន​អាច​ធ្វើ ដូច្នេះ​បាន​ទេ​។ នាង​បាន​ឆ្លើយ​តប​វិញ​ទាំង​ទឹកភ្នែក​ថា “​យើង​មិន​អាច​ទៅ​ផ្ទះ​វិញ​បាន​ទេ បើ​បង​ហ៊ាន​ទៅ​គឺ យើង​ត្រូវ​បែក​គ្នា ខ្ញុំ​មិន​អាច​បាត់បង់​បង​បាន​” ។ នាង​មិន​ឱ្យ​ខ្ញុំ​ទៅ​ស្រុក​ជួប​ម៉ែឪ​នាង​ឡើយ ។ ពេល​នាង ទូរស័ព្ទ​ទៅ​ប៉ា​ម៉ាក់​នាង ពួក​គាត់​ទាំង​ពីរ​បាន​ស្រែក​តាម​ទូរស័ព្ទ​ថា “​ឈប់​ហៅ​អញ​ថា ប៉ា ម៉ាក់ ឯង​ទៀត​ទៅ អញ​គ្មាន​កូនស្រី​របៀប​នេះ​ទេ អញ​នឹង​លុបឈ្មោះ​ឯង​ចេញពី​បញ្ជី​គ្រួសារ​”​។​

ទោះជា​យ៉ាងណា​ពេល​នាង​ចេញពីផ្ទះ​ជួល​ភ្លាម ម្ដាយ​នាង​មានការ​បារម្ភ​ពី​ជីវិត​កូនស្រី ព្រោះ​នាងរ​ត់ទៅ នេះ​មិនដឹង​ជា​បាន​សុខទុក្ខ​យ៉ាងណា ។ ខណៈនោះ​ឪពុក​នាង​ឆ្លើយ​ភ្លាម​ថា “​បើ​វា​វេទនា​ឬ​អត់​លុយ យ៉ាង​ហោច​ណាស់ វា​ទៅ​ធ្វើ​ស្រីខូច​” ខ្ញុំ​ឮ​អ្នក​ជិតខាង​ខ្ញុំ​និយាយ​ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​រឹតតែ​អាណិត ហើយ ស្រឡាញ់​នាង​ទ្វេ​ឡើង ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាត់បង់​ការងារ​មួយ​រយៈ ព្រោះតែ​នាង​។​

​ថ្ងៃ​ទី​១៩ ធ្នូ ២០០៦ នាង​ខ្លាច​ប៉ា​ម៉ាក់​នាង​តាម​រក​ឃើញ​បំបែក​នាង​ចេញពី​ខ្ញុំ នាង​ឱ្យ​ខ្ញុំ​ជូន​នាង​ចេញ ពី​ភ្នំពេញ​ឱ្យ​បាន​ឆាប់​ទៅ​ណា​ឱ្យ​តែ​បាន​រស់​ក្បែរ​គ្នា តែ​តាកែវ នាង​មិន​ទៅ​ដាច់ខាត ទោះ​ស្លាប់​ក៏​នាង​មិន ទៅ​ដែរ ។ ខ្ញុំ​បានឱ្យ​នាង​តែងខ្លួន​ជា​បុរស ហើយ​នាំ​គ្នា​ចេញ​ទៅ​ស្រុក​កំណើត​របស់ខ្ញុំ ។ ពេល​ទៅ​ដល់ ស្រុក​ខ្ញុំ​រស់នៅ​ទីនោះ​បាន​ជាង​ពីរ​សបា្ដហ៍​បងប្អូន​មីងមា​ខ្ញុំ​ស្រឡាញ់​អាណិត​រាប់អាន​នាង​ណាស់ ពួក​គាត់​មិន ឱ្យ​នាង​វិល​មក​ភ្នំពេញ​វិញ​ទេ ។ ខ្ញុំ​ក៏​ទុក​នាង​ឱ្យ​រស់នៅ​ទីនោះ​មួយ​រយៈ​សិន ចាំ​ខ្ញុំ​សំរុះសំរួល​ជាមួយ ប៉ា​ម៉ាក់​នាង​រួចរាល់​ចាំ​វិល​មក​ភ្នំពេញ​វិញ ។ នាង​ហាម​មិន​ឱ្យ​ខ្ញុំ​ទៅ​តាកែវ​ទេ គឺ​នាង​ឱ្យ​ខ្ញុំ​នៅ​តែ​ក្បែរ​នាង មិន​ឱ្យទៅ​ណា​ឆ្ងាយ​មួយ​ជំហាន​ឡើយ​។ នាង​ឱ្យ​ខ្ញុំ​យក​នាង​មក​ភ្នំពេញ​ដែរ ព្រោះ​កាលណា​ខ្ញុំ​មក​តែ​ម្នាក់ឯង ខ្លាច​ខ្ញុំ​បែកចិត្ដ (​មួយ​ជីវិត​ខ្ញុំ​នេះ​ពុំដែល​ក្បត់ចិត្ដ​អ្នក​ដែល​ខ្ញុំ​ស្រលាញ់​ទេ មាន​តែ​គេ​ក្បត់ចិត្ដ​ខ្ញុំ​) ។​

ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០០៦ ខ្ញុំ​បាន​នាំ​នាង​មក​នៅ​ភ្នំពេញ​វិញ ហើយ​ទៅ​សំរាក​នៅផ្ទះ​ក្មួយ ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ជួប​ការ​លំបាក​ជា​ខ្លាំង ណាមួយ​ការងារ ណាមួយ​នាង​ឈឺ ហើយ​នាង​មិន​ចង់ឱ្យ​ខ្ញុំ​ឃ្លាតឆ្ងាយ​ពី​នាង ព្រោះ​ខ្លាច​ពេល​ខ្ញុំ​ចេញ​ទៅ​ធ្វើការ ជួប​ប៉ា​ម៉ាក់​នាង​មីងមា​របស់​នាង តាម​ផ្លូវ ។

ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០០៧ ខ្ញុំ​បាន​នាំ​នាង​ទៅ​ជួល​ផ្ទះ​នៅ​ក្រោយ​សាលា​តិច​ណូ ពេល​ខ្លះ​នាង​ស្នាក់​នៅ តែ​ម្នាក់ឯង ព្រោះ​ខ្ញុំ​ជាប់រវល់ ធ្វើកា​រវេ​ណ​យប់ នាង​ខ្លាច​ណាស់​នៅ​ពេល​យប់​ម្ដងៗ​នាង​គេង​ម្នាក់ឯង ។​

​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០០៧ ខ្ញុំ​ឱ្យ​នាង​ផ្លាស់​ទៅ​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​វិញ ព្រោះ​នៅ​ទីនោះ មាន​ស្គាល់គ្នា​ច្រើន​មិន​អផ្សុក​។ នៅ​ពេល​នោះ ប៉ា​ម៉ាក់​នាង​ទទួលស្គាល់​ពួក​យើង​វិញ​ហើយ ហើយ​ពួក គាត់​ឱ្យ​ខ្ញុំ​ទាំង​ពីរ​នាក់​រៀប​អាពាហ៍ពិពាហ៍​ពេល​ចូល​ឆ្នាំ​ហើយ ។ ទោះបីជា​ប៉ា​ម៉ាក់​នាង​ទទួលស្គាល់​ពួក​យើង ក៏​ដោយ​ក៏​នាង​នៅ​តែ​មិន​ទុកចិត្ដ​ពួក​គាត់​ដែរ គឺ​នៅ​តែ​ខ្លាច​បំបែក​យើង​ទាំង​ពីរ​ដដែល ។​

ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០០៧ នាង​ឱ្យ​ខ្ញុំ​ជូន​នាង​ទៅ​លេង​ផ្ទះ ព្រោះ​នឹក​ម្ដាយ​នាង​ដែល​ទើប​កូនខ្ចី និង​ទៅ យក​ខោអាវ​ផង​។ ខ្ញុំ​ឆ្លៀតពេល​ជូន​នាង​ទៅ​ស្រុក ប៉ុន្ដែ​មិន​នៅ​គេង​ទេ ព្រោះ​នាង​នៅ​តែ​មិន​ទុកចិត្ដ ប៉ា​ម៉ាក់​នាង​ដដែល ខ្លាច​គាត់​បំបែកបំបាក់​នាង​ពី​ខ្ញុំ ហើយ​ក៏​ប្រញាប់ប្រញាល់​មក​ភ្នំពេញ​វិញ ដោយ​ភូត ពួក​គាត់​ថា ប្រញាប់​ទៅ​រៀន ។​

ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០០៧ ខ្ញុំ​នាំ​នាង​ទៅ​ជួល​ផ្ទះ​គេ​នៅ​ជិត​ហាង​ម៉ី​ម៉ី រហូត​ដល់​សព្វថ្ងៃ ។ ខ្ញុំ​មិន​ឱ្យ នាង​ធ្វើ​អ្វី​ទេ ឱ្យ​នៅ​តែ​ផ្ទះ ព្រោះ​នាង​មាន​ផ្ទៃពោះ​ជាង​២​ខែ​ហើយ​។ ថ្ងៃមួយ​មាន​បងស្រី​ម្នាក់​នៅផ្ទះ ក្បែរ​គ្នា​បាន​បបួល​នាង​ឱ្យទៅ​ធ្វើការ​ជាមួយ​គាត់​នៅ​ក្លឹ​ប​មួយ (​ទីនោះ​ល្អ​ទេ​) ។ ឮ​ដូច្នេះ​ខ្ញុំ​មិន​ចង់ឱ្យ នាង​ធ្វើ​ទេ ព្រោះ​ការងារ​នៅ​ក្លឹ​ប​ពុំសូវល្អ​ប៉ុន្មាន​ឡើយ ប៉ុន្ដែ​ល្អ​ឬ​មិនល្អ​សំខាន់​លើ​ខ្លួន​យើង​ជា​អ្នក​សំរេច​។ ដោយ​នាង​អង្វរ​លួងលោម​ខ្ញុំ​ពេក ខ្ញុំ​ក៏​យល់ព្រម​ឱ្យ​នាង​ទៅ​ធ្វើការ​ទាំង​ទុក្ខ​ព្រួយ​ជា​និច្ច ព្រោះ​នាង​មាន​ផ្ទៃ ពោះ ចូល​ពីរ​ខែ​ជាង​ទៅ​ហើយ​។

ពេលធ្វើការ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​គេ​តំរូវ​ឱ្យ​នាង​យក​កូន​ចេញ តែ​ខ្ញុំ​មិន​ឱ្យ​នាង​យក​ចេញ​ទេ ។ នាង ឆ្លើយ​ថា គេ​បង្ខំ​ឱ្យ​នាង​ត្រូវ​តែ​យក​ចេញ ។ ដោយសារ​រឿង​នេះ​ខ្ញុំ​ឱ្យ​នាង​ឈប់​ធ្វើការ​តែ​នាង​ថា​មិន​ឈប់​ទេ​។ នាង​ថា​ទោះ​មិន​ឱ្យ​យក​ក៏​នាង​ទៅ​យក​ចេញ​ដែរ ។ ទីបំផុត​នៅ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០០៧ នាង​សំរេចចិត្ដ យក​កូន​ចេញពី​ផ្ទៃ​។ ក្រោយ​ពេល​នាង​យក​កូន​ចេញ​រួច​បាន​មួយ​សបា្ដហ៍ នាង​ចាប់ផ្ដើម​ប្រែប្រួល​បន្ដិច​ម្ដងៗ មាន​ល្បិច ហើយ​ចាប់ផ្ដើម​ចេះ​កុហក​ខ្ញុំ​ថា ម្ដង​ទៅ​ខួបកំណើត​អ្នក​នេះ ម្ដង​ទៅ​ជប់លៀង​អ្នក​នោះ តាម​ពិត​លួច​ទៅ​ជួប​សង្សារ​ថ្មី​។ កាលពី​មិន​ទាន់​យក​កូន​ចេញ​នាង​មាន​អ្វី​បន្ដិច​ក៏​ប្រាប់​ខ្ញុំ​ដែរ ឥត​ចេះ​លាក់ លៀម​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ តាំងពី​ចូល​ធ្វើការ​បាន​ស្គាល់​មិត្ដភក្ដិ​ប្រុស ស្រី​ច្រើន​ទៅ ចាប់ផ្ដើម​បែកគំនិត ចេះ​មាន​ល្បិច ដោយសារ​មាន​ស្រី​ម្នាក់​ជា​អ្នក​បង្រៀន​ឱ្យ​នាង​ចេះ​មានគំនិត​ថោក ហើយ​រុញ​ទំលាក់​ជ្រោះ ទៅ​វិញ ។ នាង​លែង​ស្ដាប់​ម៉ែឪ បែរជា​ស្ដាប់​អ្នក​ដទៃ​ជាង​ទៅ​វិញ ។​

ថ្ងៃ​ទី​៧ មេ​សា ឆ្នាំ​២០០៧ ខ្ញុំ​និង​នាង​បាន​ទៅ​ជួប​និយាយ​ជាមួយ​ម៉ែឪ​នាង ដើម្បី​រៀបចំ​មង្គលការ​តាម​ច្បាប់ ក្បួន​ឱ្យ​បាន​សមរម្យ​ទៅ​តាម​ប្រពៃណី ។ ពួក​យើង​បាន​ព្រមព្រៀង​គ្នា​ចូល​ឆ្នាំ​ហើយ នឹង​រៀបចំ​កុំឱ្យ​ម៉ែឪ អាម៉ាស់មុខ​ដោយសារ​កូន​។ កាល​រស់នៅ​ជុំ​គ្នា​ពុំ​ទាន់​បែកបាក់ នាង​បាន​និយាយ​ថា “​អូន​ស្រលាញ់​បង​តែ ម្នាក់​គត់ គឺ​គ្មាន​មួយ​ជា​ពីរ​នោះ​ទេ ព្រោះ​បង​ចេះ​ដឹង​ទុក្ខ​ធុរៈ​យល់ចិត្ដ​អូន ហើយ​ចេះ​គិតគូរ​ពី​ជីវិត​អូន​” នេះ​ជា​សំដី​ដ៏​ផ្អែមល្ហែម​របស់​នាង ឥឡូវ​បែរជា​ជូរ​ចត់​ទៅ​វិញ ។​

ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ​២០០៧ គឺ​ថ្ងៃ​នោះ​ហើយ​ដែល​នាង​ប្ដូរ​ចិត្ដ ព្រោះ​និយាយ​គ្នា​ថា ចូល​ឆ្នាំទៅ​ផ្ទះ ទាំងអស់​គ្នា តែ​ផ្ទុយ​ទៅ​វិញ នាង​និយាយ​ថា “​ទៅ​ណា​ក៏​មិន​ទៅ អាណា​ក៏​មិន​ជួប​ដែរ​” ធ្វើ​ឱ្យ​ខ្ញុំ​ទ្រាំ​ពុំ​បាន ក៏​ទៅ​រករឿង​ដល់​ក្រុមហ៊ុន​បំណង​ឱ្យ​នាង​ឈប់​ធ្វើការ តែ​នាង​ចំអក​ខ្ញុំ​ថា ខ្ញុំ​ចង់​ធ្វើ​ឱ្យ​នាង​ខ្មាស​គេ តែបើ នាង​ចេះ​ខ្មាស​គេ​នោះ នាង​ឈប់​ធ្វើការ​តាំងពី​យូរ​មក​ហើយ មិនមែន​មុខ​ក្រាស់​នៅ​ឱ្យ​គេ​ឃើញ​មុខ​ដល់ ថ្ងៃនេះ​ទេ ។ តាំងពី​ពេល​នោះ​មក​នាង​ចេះ​តែ​គេច ហើយ​បែក​គ្នា​រហូត​ដល់​សព្វថ្ងៃ ។​

ស្រី​ម្នាក់​ដែល​ស្ទើរតែ​បាត់បង់​ជីវិត​ពី​លោក​នេះ​ទៅ​ហើយ ខ្ញុំ​ជួយ​ស្រោចស្រង់​ឡើង តែ​បែរជា​នាង​ឱ្យ​ទោស ខ្ញុំ​ទៅ​វិញ​។ ខ្ញុំ​ខំ​ជួយ​សង្គ្រោះ​ជីវិត​នាង​បាន​រស់​បែរជា​នាង​ផិតក្បត់​មិន​ចេះ​ឆ្អែតឆ្អន់​។ នេះ​ខ្ញុំ​មិន​ទាន់​បាន​រៀបការ​ពេញ​ច្បាប់​ផង កំពុង​តែ​ដំណើរការ​ទៅ​មុខ​បែរជា​ត្រឡប់​ថយក្រោយ​ទៅ​វិញ ចុះ​ប្រសិនបើ​ដល់​ថ្ងៃ​រៀប​ការ ស្រាប់តែ​បាត់​កូនក្រមុំ​រត់​តាម​គេ​ផ្សេង​ទៀត​នោះ តើ​ម៉ែឪ​ខ្ញុំ​អាម៉ាស់មុខ​យ៉ាងណា​? នេះ​ចេះ​ប្រែ ប្រួល​មុន​ថ្ងៃ​កំណត់​។ រឿង​នាង​និង​ខ្ញុំ បើ​រៀបរាប់​ឱ្យ​អស់នោះ​១០​ទំព័រ​នៅ​មិន​ទាន់​ចប់​ផង នេះ​ខ្ញុំ​គ្រាន់តែ លើក​គោលៗ​មក​និយាយ​ដើម្បី​ឱ្យ​ជ្រាប​ដល់​អ្នក​អាន បាន​យល់​ពី​កលល្បិច​ឆ្មារ​លាក់​ក្រចក និង​កុំឱ្យ​មាន​អ្នក ផ្សេងៗ​ទៀត​ធ្វើ​ដូច​ជា​នាង ។ ខ្ញុំ​សូម​ជំរាប​ថា រឿង​នាង និង​ខ្ញុំ គឺ​ខ្ញុំ​មិន​បាន​ទៅ​ហៅ ឬ​ទៅ​ដឹក​ដៃ​នាង​ថា មក​រត់​តាម​ខ្ញុំ ឬ​យើង​នាំ​គ្នា​រត់​នោះ​ទេ គឺ​នាង​ទេ​ជា​អ្នកដឹកនាំ​ខ្ញុំ​ដើរទេស​ចរណ៍​ស្នេហា​។ តើ​ជា​កំហុស អ្នក​ណា​? កំហុស​ខ្ញុំ​ឬ​កំហុស​នាង​?​

Labels:

 
 

តារា​សម្ដែង​ដែល​ជួប​ស្នេហ៍​មិន​ស្មោះត្រង់​ ​បណ្ដែត​ខ្សែជីវិត​ក្នុង​ពិភព​សិល្បៈ​ចំរៀង

រាជធានី​ភ្នំពេញ ៖ នាង​ឈឹ​ម ស្រី​អូន ជា​អ្នកចំរៀង​នៅ​តាម​ពិធី​មង្គលការ និង​តាម​ភោជនីយដ្ឋាន ដោយ​និយម​ច្រៀង​បទ​មនោសញ្ចេតនា ហើយ​មានការ​រីក​លូតលាស់​ជា​លំដាប់ ។ ពេល​នេះ​ក្រៅពី​អាជីព ចំរៀង​នាង មាន​អាជីព​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​ថែម​ទៀត ។ នាង​ខិតខំ​ពុះពារ​ក្នុង​អាជីព សិល្បៈ​នេះ​ដើម្បី​អនាគត​ខ្លួនឯង​ជា​ស្ដ្រី​មេម៉ាយ និង​កូនប្រុស​ម្នាក់ ។ ក្នុង​វិស័យ​សិល្បៈ​ភាពយន្ដ នាង​ធ្លាប់ ចូលរួម​សំដែង​ក្នុង​រឿង​ចុ​ត​ហ្មាយ​អនាមិក និង​រឿង​បារមី​ជំនាងផ្ទះ ។ នៅ​ក្នុង​រឿង​បារមី​ជំនាងផ្ទះ ដែល កំពុង​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ដ​ក្នុង​រាជធានី​ភ្នំពេញ អ្នកដឹកនាំ​រឿង​តំរូវ​ឱ្យ​នាង​សម្ដែង​ជា​តួអង្គ​ខ្មោច​។ នាង​សម្ដែង ជា​តួអង្គ​នេះ​បាន​សក្ដិ​សម​បំផុត​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ័យរន្ធត់ ។

​នាង​ឈឹ​ម ស្រី​អូន រៀបរាប់​ឱ្យ​ដឹង​ពី​ដំណើរ​ជីវិត​របស់​នាង​ថា នាង​បែកបាក់​ពី​ស្វាមី​កាលពី​ឆ្នាំ​១៩៩៩ ព្រោះ​គេ​មានចិត្ដ​ក្បត់​។ ពេល​នោះ​នាង​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់​យ៉ាង​លំបាក​បំផុត ។ នាង​ប្រកប​របរ លក់​បន្លែ ផ្លែ​ឈើ​នៅ​តាម​ទីផ្សារ​នានា ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​កូន ។​

ដោយសារ​តែ​ជីវិត​ជា​អ្នកលក់​បន្លែ​មានការ​លំបាក​ពេក នាង​មានគំនិត​ចង់​ធ្វើ​ជា​អ្នកចំរៀង ព្រោះ​យល់​ថា វា​ងាយស្រួល​រក​ប្រាក់​មក​ចិញ្ចឹម​កូនជាង​លក់​បន្លែ​។ គិត​ឃើញ​ដូច្នេះ​ហើយ នាង​ចាប់ផ្ដើម​ព្យាយាម​ខិតខំ ហាត់រៀន​ច្រៀង​ដោយ​ខ្លួនឯង​តាម​ម៉ា​ញ៉េ​នៅ​ពេលទំនេរ ។ លើស​ពី​នេះ​នាង​ឆ្លៀតពេល​ទៅ​រៀន​ច្រៀង នៅ​ក្លឹ​ប​សិល្បៈ ហើយ​មិនយូរ​ប៉ុន្មាន​នាង​ចេះ​ច្រៀង​យ៉ាង​ស្ទាត់ ។​

នៅ​ឆ្នាំ​២០០០​នាង​បាន​ចាប់​យក​ជីវិត​ថ្មី​មួយទៀត គឺ​ធ្វើ​ជា​អ្នកចំរៀង ហើយ​បោះបង់​ចោល​របរ​លក់​បន្លែ ដ៏​លំបាក​នោះ​ទៅ ។ គិត​រហូត​មក​ដល់​ពេល​នេះ នាង​ចាប់​អាជីព​ចំរៀង​បាន​រយៈពេល​ជិត​៧​ឆ្នាំ​ហើយ​។ វា​មិន​ឈប់​ទ្រឹង​ត្រឹម​អាជីព​ជា​អ្នកចំរៀង​ប៉ុណ្ណោះ​ទេ នាង​ស្វះស្វែង​បាន​ក្លាយជា តារា​សម្ដែង​កាយវិការ ខារ៉ាអូខេ និង​ភាពយន្ដ​ថែម​ទៀត ។​

ក្នុង​អាជីព​ចំរៀង​នាង​រីករាយ​ដែល​មានឱកាស​បាន​ថត​សំលេង​ចូល​កាស្សែត និង​ស៊ី​ឌី​ព្រម ទាំង​បាន​ឡើង ច្រៀង​ជា​កិត្ដិយស​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​របស់​ស្ថានីយទូរទស្សន៍​នានា​ជា​រឿយៗ ។ កន្លង​មក នាង​ធ្លាប់​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ពេល​នេះ​កំពុង​ត្រៀម​ចេញ​ទៅ ច្រៀង​នៅ​ប្រទេស​អូស្ដ្រាលី​នា​ពេល​ឆាប់ៗ​ខាង​មុខ ។ ទោះជា​យ៉ាងណា​នាង​គ្រាន់តែ​ជាតា​រា​មាន​រស្មី ខ្សោយ​ប៉ុណ្ណោះ ពុំ​ទាន់​ភ្លឺ​ចិញ្ចាចចិញ្ចែង​នៅឡើយ តែ​នាង​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​អាជីព​របស់​នាង នឹង​ប្រសើរ​ឡើង​មិន​ខាន ។​

ក្នុង​វ័យ​២៥​ឆ្នាំ​នាង​ឈឹ​ម ស្រី​អូន ពុំ​ទាន់​មាន​អ្នក​មក​ជំនួស​ស្វាមី​នាង​ដែល​បែកបាក់​គ្នា​ទៅ​នោះ​នៅឡើយ​។ កន្លង​មក​ឃើញ​នាង​នៅ​ទំនេរ​មាន​បុរស​វ័យ​ពី​៤០​ឆ្នាំ​ឡើង មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​នៅ​ក្រៅប្រទេស​ផង ប្រាថ្នា​ចង់បាន​រូប​នាង​ជា​គូ​ស្នេហា តែ​គ្មាន​នរណា​ម្នាក់​ដែល​អាច​ចងសម្ព័ន្ធ​ស្នេហា​ជាមួយ​រូប​នាង​បាន​ឡើយ​។ រយៈពេល​ជិត​ដប់​ឆ្នាំ​កន្លង​មក​សំរាប់​ជីវិត​ជា​ស្ដ្រី​មេម៉ាយ​របស់​នាង​ពិតជា​យូរណាស់ តែ​ឱកាស​ថ្មី​នៃ​ក្ដី​ស្នេហ៍ ស្និទ្ធ​សំរាប់​នាង​នៅ​តែ​មិន​ប្រាកដប្រជា​ដដែល​។​

Labels: ,

 
 

រឿង​កែវភ្នែក​សំណព្វចិត្ដ ថត​បាន​ជិត​ដល់ទី​បញ្ចប់​ហើយ​ ថន ថា​រិ​ទ្ធ ហៅ សៅ ភី បង្កើត​វណ្ណ​កម្ម​ស្វែងរក​មូលនិធិ​ចិញ្ចឹម​ក្មេង​កំព្រា

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ថោ​ង​តារា​វណ្ណ​ភាពយន្ដ គឺជា​ផលិតកម្ម​ថ្មី​មួយ​ទើប​បង្កើត​ឡើង​ដោយ សមាគម​មូលនិធិ​ជា យុទ្ធ​ថន សោម វណ្ណ​សូ​ដា​នី ភាពយន្ដ ជួយ​ជន​ទុរគត​ដែល​មាន​លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី ជា​ប្រធាន​និង​ជា​ចាងហ្វាង​ផលិតកម្ម​។ ផលិតកម្ម​ថ្មី​នេះ បាន​ដំណើរការ​ថត​វណ្ណ​កម្ម​ដំបូង របស់​ខ្លួន​កាលពីដើម​ខែឧសភា ហើយ​រហូត​មក​ដល់​ពេល​នេះ​សំរេច​បាន​៩៥​ភាគរយ​ហើយ នោះ​គឺ​រឿង “​កែវភ្នែក​សំណព្វចិត្ដ​” ។ រឿង​នេះ​និពន្ធ​ឆ្អឹង​រឿង​ដោយ​លោក​ថន ថា​រិ​ទ្ធ និង​កែសំរួល​អត្ថបទ​រឿង និង​ដឹកនាំ​រឿង ដោយ​លោក​ជា វ​ណ្ណា ។

​រឿង​កែវភ្នែក​សំណព្វចិត្ដ ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ក្មេង​កំព្រា​ឪពុក​ម្ដាយ​ម្នាក់ ដែល​រស់នៅ​យ៉ាង​កំសត់​តាំងពី កុមារភាព លុះ​ពេល​មាន​ប្រពន្ធ​កូន​ហើយ​កាន់តែ​កំសត់​ថែម​ទៀត​។ លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី ឱ្យ​ដឹង​ថា ខ្សែភាពយន្ដ​បែប​មនោសញ្ចេតនា​នេះ ឆ្លុះ​បញ្ចាំង​ពី​បាប និង​បុណ្យ តាម​រយៈ​ការ​អប់រំ​មនុស្ស​គ្រប់​វ័យ កុំឱ្យ​មាន​គំនុំគំកួន​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចេះ​ស្រលាញ់​គ្នា និង​ធ្វើ​តែ​អំពើ​ល្អ ។ លោក​បន្ដ​ថា រឿង​នេះ​ចូលរួម​សំដែង​ដោយ​រូប​លោក​ផ្ទាល់ ជា​តួឯក​ប្រុស និង​កញ្ញា​សារាយ ស​ក្ខ​ណា តួឯក​ស្រី រួម​ទាំង ប្អូន​ចិញ្ចឹម​របស់​លោក គឺ​លោក​សៅ សែន សំណាង និង​ប្អូនៗ​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​គ្រួសារ​ត្រកូល សៅ​។​

រឿង​កែវភ្នែក​សំណព្វចិត្ដ​ដែល​អ្នកដឹកនាំ​រឿង និង​ក្រុមការងារ​បាន​ដំណើរការ​ថត ចាប់ពី​ដើមខែ​ឧសភា មក​ពេល​នេះ​ជិត​ដល់ទី​បញ្ចប់​ហើយ គឺ​នៅ​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ រឿង​នេះ​បាន​ថត​យក​រូបភាព​នៅ​តាម តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ល្អៗ​ជា​ច្រើន​ដូច​ជា នៅ​ខេត្ដកំពង់ចាម ក្រុងភ្នំពេញ និង​ខេត្ដកំពត​ជាដើម ។​

លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី អតីត​ជា​ក្មេង​កំព្រា​ដ៏​កំសត់​ចិញ្ចឹម​ក្មេង​កំព្រា​ត្រកូល​សៅ ដោយ របរ​ដើរ​រើស​អេ​ត​ចាយ តែ​ឥឡូវ​មានជីវិត​ភ្លឺ​ថ្លា​ហើយ ។ លោក​ឱ្យ​ដឹង​ថា រឿង “​កែវភ្នែក​សំណព្វចិត្ដ​” ដំណើរការ​ថត​បាន​យ៉ាង​រលូន​ដោយសារ​មានការ​ឧបត្ថម្ភ​ថវិកា​ជា​ច្រើន​ពី​សប្បុរសជន​ទាំង​នៅ​ក្រៅ និង ក្នុង ប្រទេស​ដូច​ជា​លោក​ឧកញ៉ា​ស៊ឹ​ម វ​ណ្ណា និង​លោក​ជំទាវ​, លោក​វ៉ា វណ្ណៈ​, ធ្វើការ​នៅ វិទ្យុ និង ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣, លោក​ហុង ណៃ​សៀ​ប នៅ​សហរដ្ឋអាមេរិក​, លោក សុខ ភា​រុន​, លោក​អៀង ញ៉​, លោក​តេ​ង រតនា រស់នៅ​ប្រទេស​អូស្ដ្រាលី​, លោក​ឡាំ ភឿ​ង នៅ​សហរដ្ឋអាមេរិក​, លោក​អ៊ុ​ន សុវណ្ណ​, លោក​ប៉ែន សា​រួម រស់នៅ​កា​ណា​ដា និង លោក​គង់ ប៊ុ​ន​ធឿ​ន រស់នៅ​ប្រទេស​បារាំង ។​

លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​សារព័ត៌មាន​កោះសន្ដិភាព​ដែល តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចុះ​ផ្សាយ​ពី​ដំណើរ​ជីវិត​កំព្រា​កំសត់​វេទនា​របស់​លោក​ជា​ច្រើន​លើក ។

​លោក​ថន ថា​រិ​ទ្ធ បញ្ជាក់​ថា រឿង​កែវភ្នែក​សំណព្វចិត្ដ​ពេល​ថត​ចប់ កាត់ត​រូបភាព និង​បញ្ចូល​សំលេង រួច​នឹង​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ដ​ក្នុង​ទីក្រុង និង​នៅ​តាម​ខេត្ដ​-​ក្រុង​ជូន​ប្រិ​យ​មិត្ដ​ទស្សនិកជន​ទស្សនា​នា ខែកក្កដា​ខាង​មុខ​នេះ ។ លោក​សង្ឃឹមថា ខ្សែភាពយន្ដ​របស់​លោក​នឹង​មានការ​គាំទ្រ ពី​សំណាក់​ទស្សនិកជន ជាក់​ជា​មិន​ខាន​ឡើយ ព្រោះថា​ថវិកា​ទាំងអស់​ដែល​បាន​ពី​ការ​បញ្ចាំង នឹង​យក​មក​ចិញ្ចឹម​បីបាច់​កុមារ​កំព្រា ក្នុង​គ្រួសារ​ត្រកូល​សៅ និង​សមាគម​មូលនិធិ ជា យុទ្ធ​ថន សោម វណ្ណ​សូ​ដា​នី ភាពយន្ដ​ជួយ​ជន​ទុរគត ។​

Labels:

 
 

ទូរទស្សន៍​បាយ័ន​បង្ហាញ​គ្រូ​គុន​ល្បុក្កតោ​ មក​ពី​ខេត្ដកំពត


លោកគ្រូ​ មាស​ សុខ​ បង្ហាញ​ក្បាច់គុន​ និង​ ការ​បង្ហាញ​ក្បាច់ល្បុក្កតោ​ នៅ​លើ​ឆាក​ទូរទស្សន៍​

រាជធានី​ភ្នំពេញ​ ៖​ លោក​ មាស​ សុខ​ ដែល​បច្ចុប្បន្ន​រស់នៅ​ខេត្ដកំពត​ ធ្លាប់​ត្រូវ​បាន​កោះសន្ដិភាព​ ធ្វើការ​ផ្សព្វផ្សាយ​កន្លង​មក​ពី​ការ​បើក​កកាយ​នូវ​ស្នៀតគុន​ល្បុក្កតោ​ខ្មែរ​ ដើម្បី​ធ្វើការ​អភិរក្ស​ឡើង​វិញ​ តាម​ រយៈ​ការ​បង្ហាត់បង្រៀន​ដល់​សិស្សគណ​របស់​លោក​។​ ការ​រីក​ធំធាត់​នៃ​សាលា​គុន​របស់​លោក​ ក៏​បាន​ឈាន​ ដល់​ការ​បង្កើត​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​ ដែល​សមាគម​នេះ​ក៏​បាន​រៀបចំ​ជា​សង្វៀន​ប្រកួត​ក្បាច់គុន​ខ្មែរ​ បុរាណ​មួយ​ឈុត​ កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ​ ។​ លោក​មាស​ សុខ​ ក៏​តែងតែ​អំពាវនាវ​តាម​ រយៈ​កោះសន្ដិភាព​សុំ​ដល់​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ផ្ដល់​ជា​ថវិកា​សំរាប់​លោក​រៀបចំ​ថត​ទុកជា​ឯកសារ​ នូវ​រាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ ដែល​លោក​ចេះ​ចាំ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រក្សា​ទុកជា​ឯកសារ​បន្ដ​ កុំឱ្យ​ បាត់បង់​។​ តាម​រយៈ​នៃ​ការ​អំពាវនាវ​របស់​លោក​ កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ នៃ​ស្ថានីយ​ ទូរទស្សន៍​បាយ័ន​ បាន​អញ្ជើញលោក​មាស​ សុខ​ នាំ​យក​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ នៃ​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ នៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ មក​សំដែង​តាម​កញ្ចក់​ ទូរទស្សន៍​ ។​

​លោក​ស៊ូ​ ចំរើន​ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ បានឱ្យ​ដឹង​ថា​ ការ​ដែល​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ លើកយក​ក្រុម​គ្រូ​គុន​ក្បាច់ល្បុក្កតោ​ មក​សំដែង​បង្ហាញ​ក្បាច់គុន​នេះ​ គឺ​ចង់ឱ្យ​ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បានដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​គឺជា​របស់​ខ្មែរ​ពិតៗ​ ហើយ​សព្វថ្ងៃ​កំពុង​តែ​ អភិរក្ស​ទៀត​ផង​។​ បើ​តាម​លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ចេះ​ តម​ក​ពី​ជីតា​និង​ឪពុក​របស់​លោកគ្រូ​ដែល​ជា​អ្នក​បង្ហាត់បង្រៀន​ តាំងពី​លោកគ្រូ​មាន​អាយុ​១៣​ឆ្នាំ​ មក​ម្ល៉េះ​។​ លោកគ្រូ​គុន​ក្បាច់ល្បុក្កតោ​មាស​ សុខ​ ដែល​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ម្ដាយ​ របស់​លោកគ្រូ​ និយាយ​ប្រាប់​គឺ​ក្បាច់គុន​នេះ​ចេះ​តាំងពី​ជំនាន់​ជីតា​ទួត​របស់​លោកគ្រូ​មក​ម្ល៉េះ​ ហើយ​មិន​ ត្រឹមតែ​ក្បាច់គុន​នេះ​ទេ​ គឺ​ថែម​ទាំង​ធ្លាប់​មាន​សាច់​គង់​កាប់​មិន​មុត​ទៀត​ផង​(​ផឹកថ្នាំ​គង់​)​។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ក្រៅពី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ក៏​ចេះ​ក្បាច់​គុនដំបង​ខ្លី​ ដំបង​វែង​ និង​ គុន​ដាវ​ផង​ដែរ​ ។​


​ការ​បង្ហាញ​ក្បាច់ល្បុកតោ


​ក្បាច់គុន​ល្បុក្កតោ​ គេ​អាច​បំបែក​ជា​ស្នៀត​រាប់រយ​ស្នៀត​ទៀត​ឯណោះ​ ។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ចំពោះ​ក្បាច់គុន​ដៃ​ដំបូង​យើង​ត្រូវ​ចាប់ផ្ដើម​ហាត់​ពី​ស្នៀត​មេ​ស្រប​ មេ​ខ្វែង​ ពី​មេ​២​ដល់​មេ​៤​ រួច​បំបែក​ ស្នៀត​ជើង​ ស្នៀត​ដៃ​ វាយលុក​ ដកថយ​ជាដើម​ ។​ លោកគ្រូ​មាស​ សុខ​ ក៏​បាន​រៀបរាប់​ជីវប្រវត្ដិ​ដោយ​ សង្ខេប​ ហើយ​បាន​បង្ហាញ​ក្បាច់គុន​ដៃ​ ដំបង​ខ្លី​ វែង​ និង​ដាវ​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុង​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​ ”​ ដែល​នឹង​ចាក់​ផ្សាយ​រៀល​រាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង​១០​ព្រឹក​ផង​ដែរ​។​


​សិស្ស​សមាគម​យុទ្ធ​គុន​ល្បុកតោ​បង្ហាញ​ក្បាច់​ជង្គង់​ហោះ


លោក​មាស​ សុខ​ កើត​នៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​រៀង​ ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ ដែល​មា​នទី​តាំងនៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ ។​ ចំពោះ​ សំណួរ​ដែល​សួរ​ថា​ តើ​តាំងពី​ដឹងក្ដី​មក​នៅ​ក្នុង​សង្គម​គ្រួសារ​លោកគ្រូ​ មាន​នរណា​ចេះ​គុន​ដែរ​ឬទេ​?​ លោកគ្រូ​ឆ្លើយ​ថា​ បើ​តាម​ម្ដាយ​គាត់​ធ្លាប់​និយាយ​ប្រាប់​គឺ​ជីតា​ទួត​ ឈ្មោះ​ឧកញ៉ា​ចក្រី​ វាំង​ហ៊រ​ ផ្ទះ​នៅ​ ស្ពាន​កូនកាត់​ត្រង់​ម្ដុំ​វិមាន​ឯករាជ្យ​ លោក​ចេះ​វិជ្ជា​គុន​យ៉ាង​ស្ទាត់ជំនាញ​។​ ចំណែក​ជីតា​ខាង​ឪពុក​ឈ្មោះ​ មាស​ ប៉ា​ង​ ជា​គ្រូ​គុន​ ឯ​ជីដូន​របស់​គាត់​ក៏​ធ្លាប់​ត្រូវ​លោកតា​ប៉ា​ង​ ដក​ពិសោធន៍​ ដោយ​លប​វាយ​នឹង​ដំបង​ ពីក្រោយ​ខ្នង​ ពេល​លោកយាយ​កំពុង​បុក​គ្រឿង​ ប៉ុន្ដែ​គាត់​រហ័ស​ណាស់​លើក​អង្រែ​ឡើង​រង​ជាប់​ ។​ ឪពុក​ របស់​លោកគ្រូ​ឈ្មោះ​ មាស​ ផុ​ន​ និង​បងប្អូន​បង្កើត​ប្រុសៗ​របស់​លោកគ្រូ​ទាំងអស់​សុទ្ធតែ​ចេះ​ក្បាច់គុន​ ហើយ​ថែម​ទាំង​ចេះ​លេងភ្លេង​ប្រពៃណី​ទៀត​ផង​។​ ឪពុក​លោក​ខ្លាំងពូកែ​ខាង​គុន​ដៃ​ ហើយ​គាត់​មាន​ ស្បែក​គង់​ស្វិត​ថែម​ទៀត​ផង​ កាល​លោកគ្រូ​អាយុ​ជាង​១០​ឆ្នាំ​ ធ្លាប់​ឃើញ​គ្រូ​មក​ប្រសិទ្ធី​ រួច​កាប់​ឪពុក​ លោកគ្រូ​នឹង​ដាវ​មុខ​សស្ងាច​ តែ​មិន​មុត​ គ្រាន់តែ​មាន​ស្នាម​កន្ទួលៗ​ប៉ុណ្ណោះ​ ។​


​លោកគ្រូ​ មាស​ សុខ​ ឈរ​គុនដំបង​រូប​កណ្ដាល​ខាងក្រោយ

​លោកគ្រូ​មាស​ សុខ​ បាន​និយាយ​រៀបរាប់​ទៀត​ថា​ ពេល​លោកគ្រូ​អាយុ​១៣​ឆ្នាំ​ ទាំង​ជីតា​ ទាំង​ឪពុក​ បង្ខំ​ឱ្យ​រៀន​ក្បាច់គុន​ តែ​កាល​ណោះ​លោកគ្រូ​ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ។​ ទន្ទឹម​នឹង​ទៅ​រៀន​នៅ​ សាលា​ចំណេះ​ទូទៅ​ តាម​ធម្មតា​ជីតា​និង​ឪពុក​បាន​ឆ្លៀត​ឱ្យ​លោកគ្រូ​រៀន​គុន​ដៃ​ ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ ពេល​ព្រឹក​ រួច​ហាត់គុន​ដំបង​វែង​នៅ​ពេល​យប់​ខែភ្លឺ​ គឺ​ចាប់ផ្ដើម​ពី​មេ​ស្រប​ មេ​ខ្វែង​ មេ​ពីរ​ មេ​បួន​ រួច​បំបែក​ ស្នៀត​ មាន​ស្នៀត​ដៃ​ ស្នៀត​ជើង​ វាយលុក​ ដកថយ​ជាដើម​ ។​ មុន​ដំបូង​ត្រូវ​ហាត់​បង្វិល​ដំបង​ដែល​ ពាក្យ​បច្ចេកទេស​ហៅ​ថា​ ហុង​ដំបង​ឱ្យ​បាន​ថ្នឹក​ជា​បង្គួរ​សិន​។​ ក្រោយមក​ត្រូវ​ចាប់​រៀន​វាយ​មេ​ មាន​មេ​ សើយលាត់​ មេ​ផាត់​ ប្រមូល​វាយ​ចំពាក់​កណ្ដាល​ខ្លួន​ មេ​រះ​ ផ្កាស្វាយ​ វាយ​បង្វិល​ពីលើ​ក្បាល​ មេ​ទូក​បាក់​ មេ​ឆៀង​កណ្ដៀត​ មេក្របី​ព័ទ្ធ​ស្នឹង​ ព្យុះ​កួច​កន្ដ្រើយ​។​ល​។​ ទោះជា​យ៉ាងណា​ មេ​ធំៗ​មាន​តែ​៣​មេ​ទេ​ ដែល​ បើ​និយាយ​ឱ្យ​ងាយ​ស្ដាប់​គឺ​វាយ​ជើង​ក្រោម​ ចំពាក់​កណ្ដាល​ខ្លួន​ និង​ក្បាល​។​

​លោក​មាស​ សុខ​ បាន​រៀបរាប់​បន្ដ​ទៀត​ថា​ កាល​នៅ​ឯ​ស្រុក​គាត់​រៀន​ក្បាច់គុន​រហូត​ និង​មក​ឈប់​ត្រឹម​ ឆ្នាំ​១៩៦៣​ ពេល​ប្រលង​ជាប់​ចូល​រៀន​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ជំនាន់​ទី​១​ផ្នែក​នេសាទ​ ហើយ​ឆ្នាំ​ ១៩៦៨​ ពេល​ចេញ​ទៅ​បំរើ​ការងារ​នៅ​មន្ទីរ​នេសាទ​ ខេត្ដកំពត​ លោក​ក៏​ហាក់ដូចជា​មានការ​ចាប់អារម្មណ៍​ ខ្លាំង​ នឹង​រឿង​ក្បាច់គុន​តែ​ម្ដង​។​ លោក​បាន​រំលឹក​ទៅ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជំនាន់​នោះ​ថា​ កាលនោះ​ លោក​បាន​ប្រមូល​គ្រូ​ចាស់ៗ​ខាង​ក្បាច់គុន​ល្បុក្កតោ​ មាន​គុន​ដៃ​ ចំបាប់​ គុនដំបង​ខ្លី​ ដំបង​វែង​ ប្រកួត​បង្ហាញ​ របៀប​សមយុទ្ធ​ជូន​ទស្សនិកជន​ ដោយ​ចូលរួម​ជាមួយនឹង​ល្បែង​ប្រជាប្រិយ​ នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ដកំពត​ និង​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ ។​ ឯការ​រៀបចំ​ ភាគច្រើន​ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ហើយ​លោក​បាន​ចាត់​ឱ្យ​មានកម្ម​វិធី​នេះ​រហូត​ដល់​ឆ្នាំ​១៩៧៥​តែ​ម្ដង​ គឺ​ក្នុង​គោល​ បំណង​ទាក់ទាញ​ស្រាវជ្រាវ​រក​គ្រូ​គុន​ពូកែៗ​មក​ចងក្រង​ធ្វើ​ជា​ឯកសារ​ ដែល​ជំនាន់​នោះ​ប្រមែប្រមូល​គ្រូៗ​ ជា​ ឯកសារ​រស់​បាន​ជិត​៥០​នាក់​ ។​

​លោក​បាន​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៧០​ លោក​បាន​បើក​ផលិតកម្ម​ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ នៅ​ខេត្ដកំពត​ ដោយ​ចាប់​ថត​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ដាក់​បញ្ចាំង​ នៅ​ចុងឆ្នាំ​១៩៧២​ នៅ​រោង​ភាពយន្ដ​អេ​ដែន​ផ្សារ​ចាស់​ និង​រោង​ភាពយន្ដ​ចេ​ន​ឡា​ផ្សារ​ដើម​គ​ ។​ ផលិតកម្ម​ ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ គឺ​លោក​ជា​ចាងហ្វាង​ ផលិតកម្ម​ និពន្ធ​ និង​ដឹកនាំ​រឿង​ខ្លួនឯង​ ហើយ​កាល​ណោះ​ ដោយសារ​នៅ​លីវ​ផង​ បើ​ពេល​ណា​ទំនេរ​គឺ​គិតតែ​ពី​ចង់​ហាត់​ក្បាច់គុន​ប៉ុណ្ណោះ​ ។​ ពេល​ដាក់​បញ្ចាំង​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ផង​នោះ​ គឺ​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ ហួស​ពី​ ការ​ស្មាន​ដែល​ធ្វើ​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ថត​បន្ដ​ម្ដង​៣​រឿង​តែ​ម្ដង​ គឺ​រឿង​ភ្នំ​ សន្ធប់​ព្រលឹង​ម៉ែ​ភាគ​២​ សន្ទុះ​សិល្ប៍​ភុជង្គនាគ​ និង​សាក់​ស្បៃ​ស្រី​អាំ​ ដែល​ថត​បាន​ជាង​ពាក់កណ្ដាល​ហើយ​ ក៏​បែក​ព្រឹត្ដិការណ៍​១៧​ មេ​សា​ ១៩៧៥​ទៅ​ ។​

​បន្ទាប់​ពី​ជីវិត​ទី​២​ត្រូវ​បាន​ចាប់កំណើត​សា​ជា​ថ្មី​ក្រោយ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ១៩៧៩​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ចូល​បំរើ​ការងារ​ជា​ប្រធាន​សិល្បៈ​នៅ​មន្ទីរ​ឃោសនាការ​ខេត្ដស្វាយរៀង​ ដោយ​មាន​ភារកិច្ច​ដឹកនាំ​រឿង​ល្ខោនបាសាក់​ និង​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ជាដើម​ ។​ ពេល​នោះ​លោកគ្រូ​ នៅ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្បាច់គុន​ល្បុក្កតោ​ដដែល​ ហើយ​ឆ្លៀតពេល​មហោស្រព​ប្រលង​សិល្បៈ​ ទូ​ទាំង​ ខេត្ដ​ លោក​តែង​បាន​ដាក់​បញ្ចូល​ការ​បង្ហាញ​ក្បាច់គុន​ផង​ដែរ​ ។​ លុះ​នៅ​ឆ្នាំ​១៩៩០​ លោក​លាឈប់​ពី​ការងារ​ មក​រស់នៅ​ក្នុង​ខេត្ដកំពត​ ដោយ​មាន​បំណង​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​ជា​បន្ដ​ទៀត​រហូត​បង្កើត​បានជា​ សមាគម​នៅ​ក្នុង​ឆ្នាំ​២០០០​ ។​ នៅ​ឆ្នាំ​២០០៤-២០០៥​ លោក​បាន​នាំ​គ្រូ​៦​នាក់​មក​សំដែង​ក្បាច់គុន​ ក្នុង​ កម្មវិធី​យុទ្ធ​សិល្ប៍​អន្ដរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ ក្នុង​កំរិត​ខ្សែក្រវាត់​ ខ្មៅ​៦​ជាន់ឡើង​ទៅ​មក​ពី​៣០​ប្រទេស​ ។​
​ទាក់ទិន​នឹង​សមាគម​របស់​លោក​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កំពុង​ចងក្រង​ សៀវភៅ​ឯកសារ​រូបភាព​ “​មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​”​ និង​ត្រៀម​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ សំរាប់​ថត​ វី​ដេ​អូ​មាន​ចំនួន​ជិត​២.០០០​ក្បាច់​ហើយ​ ។​

Labels: , , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.