ទូរទស្សន៍បាយ័នបង្ហាញគ្រូគុនល្បុក្កតោ មកពីខេត្ដកំពត
រាជធានីភ្នំពេញ ៖ លោក មាស សុខ ដែលបច្ចុប្បន្នរស់នៅខេត្ដកំពត ធ្លាប់ត្រូវបានកោះសន្ដិភាព ធ្វើការផ្សព្វផ្សាយកន្លងមកពីការបើកកកាយនូវស្នៀតគុនល្បុក្កតោខ្មែរ ដើម្បីធ្វើការអភិរក្សឡើងវិញ តាម រយៈការបង្ហាត់បង្រៀនដល់សិស្សគណរបស់លោក។ ការរីកធំធាត់នៃសាលាគុនរបស់លោក ក៏បានឈាន ដល់ការបង្កើតសមាគមយុទ្ធគុនល្បុក្កតោ ដែលសមាគមនេះក៏បានរៀបចំជាសង្វៀនប្រកួតក្បាច់គុនខ្មែរ បុរាណមួយឈុត កាលពីឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ។ លោកមាស សុខ ក៏តែងតែអំពាវនាវតាម រយៈកោះសន្ដិភាពសុំដល់នាយករដ្ឋមន្ដ្រីហ៊ុន សែន ផ្ដល់ជាថវិកាសំរាប់លោករៀបចំថតទុកជាឯកសារ នូវរាល់ក្បាច់គុនល្បុក្កតោខ្មែរ ដែលលោកចេះចាំដើម្បីឱ្យមនុស្សជំនាន់ក្រោយរក្សាទុកជាឯកសារបន្ដ កុំឱ្យ បាត់បង់។ តាមរយៈនៃការអំពាវនាវរបស់លោក កម្មវិធី “ស្នាមញញឹមនៃវប្បធម៌ខ្មែរ” នៃស្ថានីយ ទូរទស្សន៍បាយ័ន បានអញ្ជើញលោកមាស សុខ នាំយកសិល្បៈក្បាច់គុនល្បុក្កតោ នៃសមាគម យុទ្ធគុនល្បុក្កតោ នៅភូមិតីខាងត្បូង ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្ដកំពត មកសំដែងតាមកញ្ចក់ ទូរទស្សន៍ ។
លោកស៊ូ ចំរើន ដែលជាអ្នកដឹកនាំកម្មវិធី “ស្នាមញញឹមនៃវប្បធម៌ខ្មែរ” បានឱ្យដឹងថា ការដែលកម្មវិធី “ស្នាមញញឹមនៃវប្បធម៌ខ្មែរ” លើកយកក្រុមគ្រូគុនក្បាច់ល្បុក្កតោ មកសំដែងបង្ហាញក្បាច់គុននេះ គឺចង់ឱ្យ កូនខ្មែរជំនាន់ក្រោយបានស្គាល់និងបានដឹងថា ក្បាច់គុនល្បុក្កតោគឺជារបស់ខ្មែរពិតៗ ហើយសព្វថ្ងៃកំពុងតែ អភិរក្សទៀតផង។ បើតាមលោកគ្រូមាស សុខ បានឱ្យដឹងថា ក្បាច់គុនល្បុក្កតោនេះ លោកគ្រូចេះ តមកពីជីតានិងឪពុករបស់លោកគ្រូដែលជាអ្នកបង្ហាត់បង្រៀន តាំងពីលោកគ្រូមានអាយុ១៣ឆ្នាំ មកម្ល៉េះ។ លោកគ្រូគុនក្បាច់ល្បុក្កតោមាស សុខ ដែលពេលនេះមានអាយុ៦៣ឆ្នាំ បានឱ្យដឹងទៀតថា បើតាមម្ដាយ របស់លោកគ្រូ និយាយប្រាប់គឺក្បាច់គុននេះចេះតាំងពីជំនាន់ជីតាទួតរបស់លោកគ្រូមកម្ល៉េះ ហើយមិន ត្រឹមតែក្បាច់គុននេះទេ គឺថែមទាំងធ្លាប់មានសាច់គង់កាប់មិនមុតទៀតផង(ផឹកថ្នាំគង់)។ លោកគ្រូមាស សុខ បានបន្ដថា ក្រៅពីចេះក្បាច់គុនល្បុក្កតោនេះ លោកគ្រូក៏ចេះក្បាច់គុនដំបងខ្លី ដំបងវែង និង គុនដាវផងដែរ ។
ក្បាច់គុនល្បុក្កតោ គេអាចបំបែកជាស្នៀតរាប់រយស្នៀតទៀតឯណោះ ។ លោកគ្រូមាស សុខ បានបន្ដថា ចំពោះក្បាច់គុនដៃដំបូងយើងត្រូវចាប់ផ្ដើមហាត់ពីស្នៀតមេស្រប មេខ្វែង ពីមេ២ដល់មេ៤ រួចបំបែក ស្នៀតជើង ស្នៀតដៃ វាយលុក ដកថយជាដើម ។ លោកគ្រូមាស សុខ ក៏បានរៀបរាប់ជីវប្រវត្ដិដោយ សង្ខេប ហើយបានបង្ហាញក្បាច់គុនដៃ ដំបងខ្លី វែង និងដាវជាមួយសិស្សជាច្រើននាក់ នៅក្នុងកម្មវិធី “ស្នាមញញឹមនៃវប្បធម៌ខ្មែរ ” ដែលនឹងចាក់ផ្សាយរៀលរាល់ថ្ងៃសុក្រវេលាម៉ោង១០ព្រឹកផងដែរ។
លោកមាស សុខ កើតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយរៀង ខេត្ដស្វាយរៀង បច្ចុប្បន្នជាប្រធានសមាគម យុទ្ធគុនល្បុក្កតោ ដែលមានទីតាំងនៅភូមិតីខាងត្បូង ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្ដកំពត ។ ចំពោះ សំណួរដែលសួរថា តើតាំងពីដឹងក្ដីមកនៅក្នុងសង្គមគ្រួសារលោកគ្រូ មាននរណាចេះគុនដែរឬទេ? លោកគ្រូឆ្លើយថា បើតាមម្ដាយគាត់ធ្លាប់និយាយប្រាប់គឺជីតាទួត ឈ្មោះឧកញ៉ាចក្រី វាំងហ៊រ ផ្ទះនៅ ស្ពានកូនកាត់ត្រង់ម្ដុំវិមានឯករាជ្យ លោកចេះវិជ្ជាគុនយ៉ាងស្ទាត់ជំនាញ។ ចំណែកជីតាខាងឪពុកឈ្មោះ មាស ប៉ាង ជាគ្រូគុន ឯជីដូនរបស់គាត់ក៏ធ្លាប់ត្រូវលោកតាប៉ាង ដកពិសោធន៍ ដោយលបវាយនឹងដំបង ពីក្រោយខ្នង ពេលលោកយាយកំពុងបុកគ្រឿង ប៉ុន្ដែគាត់រហ័សណាស់លើកអង្រែឡើងរងជាប់ ។ ឪពុក របស់លោកគ្រូឈ្មោះ មាស ផុន និងបងប្អូនបង្កើតប្រុសៗរបស់លោកគ្រូទាំងអស់សុទ្ធតែចេះក្បាច់គុន ហើយថែមទាំងចេះលេងភ្លេងប្រពៃណីទៀតផង។ ឪពុកលោកខ្លាំងពូកែខាងគុនដៃ ហើយគាត់មាន ស្បែកគង់ស្វិតថែមទៀតផង កាលលោកគ្រូអាយុជាង១០ឆ្នាំ ធ្លាប់ឃើញគ្រូមកប្រសិទ្ធី រួចកាប់ឪពុក លោកគ្រូនឹងដាវមុខសស្ងាច តែមិនមុត គ្រាន់តែមានស្នាមកន្ទួលៗប៉ុណ្ណោះ ។
លោកគ្រូមាស សុខ បាននិយាយរៀបរាប់ទៀតថា ពេលលោកគ្រូអាយុ១៣ឆ្នាំ ទាំងជីតា ទាំងឪពុក បង្ខំឱ្យរៀនក្បាច់គុន តែកាលណោះលោកគ្រូដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ។ ទន្ទឹមនឹងទៅរៀននៅ សាលាចំណេះទូទៅ តាមធម្មតាជីតានិងឪពុកបានឆ្លៀតឱ្យលោកគ្រូរៀនគុនដៃ ដែលច្រើនធ្វើឡើងនៅ ពេលព្រឹក រួចហាត់គុនដំបងវែងនៅពេលយប់ខែភ្លឺ គឺចាប់ផ្ដើមពីមេស្រប មេខ្វែង មេពីរ មេបួន រួចបំបែក ស្នៀត មានស្នៀតដៃ ស្នៀតជើង វាយលុក ដកថយជាដើម ។ មុនដំបូងត្រូវហាត់បង្វិលដំបងដែល ពាក្យបច្ចេកទេសហៅថា ហុងដំបងឱ្យបានថ្នឹកជាបង្គួរសិន។ ក្រោយមកត្រូវចាប់រៀនវាយមេ មានមេ សើយលាត់ មេផាត់ ប្រមូលវាយចំពាក់កណ្ដាលខ្លួន មេរះ ផ្កាស្វាយ វាយបង្វិលពីលើក្បាល មេទូកបាក់ មេឆៀងកណ្ដៀត មេក្របីព័ទ្ធស្នឹង ព្យុះកួចកន្ដ្រើយ។ល។ ទោះជាយ៉ាងណា មេធំៗមានតែ៣មេទេ ដែល បើនិយាយឱ្យងាយស្ដាប់គឺវាយជើងក្រោម ចំពាក់កណ្ដាលខ្លួន និងក្បាល។
លោកមាស សុខ បានរៀបរាប់បន្ដទៀតថា កាលនៅឯស្រុកគាត់រៀនក្បាច់គុនរហូត និងមកឈប់ត្រឹម ឆ្នាំ១៩៦៣ ពេលប្រលងជាប់ចូលរៀននៅសាលាកសិកម្មព្រែកលៀបជំនាន់ទី១ផ្នែកនេសាទ ហើយឆ្នាំ ១៩៦៨ ពេលចេញទៅបំរើការងារនៅមន្ទីរនេសាទ ខេត្ដកំពត លោកក៏ហាក់ដូចជាមានការចាប់អារម្មណ៍ ខ្លាំង នឹងរឿងក្បាច់គុនតែម្ដង។ លោកបានរំលឹកទៅដល់រដូវចូលឆ្នាំថ្មីប្រពៃណីជាតិជំនាន់នោះថា កាលនោះ លោកបានប្រមូលគ្រូចាស់ៗខាងក្បាច់គុនល្បុក្កតោ មានគុនដៃ ចំបាប់ គុនដំបងខ្លី ដំបងវែង ប្រកួតបង្ហាញ របៀបសមយុទ្ធជូនទស្សនិកជន ដោយចូលរួមជាមួយនឹងល្បែងប្រជាប្រិយ នៅមណ្ឌលកីឡដ្ឋានខេត្ដកំពត និងច្រើនធ្វើឡើងនៅថ្ងៃឆ្លងចូលឆ្នាំ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ។ ឯការរៀបចំ ភាគច្រើន ចំណាយថវិកាផ្ទាល់ខ្លួន ហើយលោកបានចាត់ឱ្យមានកម្មវិធីនេះរហូតដល់ឆ្នាំ១៩៧៥តែម្ដង គឺក្នុងគោល បំណងទាក់ទាញស្រាវជ្រាវរកគ្រូគុនពូកែៗមកចងក្រងធ្វើជាឯកសារ ដែលជំនាន់នោះប្រមែប្រមូលគ្រូៗ ជា ឯកសាររស់បានជិត៥០នាក់ ។
លោកបានរំលឹកថា នៅឆ្នាំ១៩៧០ លោកបានបើកផលិតកម្មផ្កាយភ្លឺមាសភាពយន្ដ នៅខេត្ដកំពត ដោយចាប់ថតរឿង “ភ្នំសន្ធប់ ព្រលឹងម៉ែ” ដែលមានបញ្ចូលក្បាច់គុនល្បុក្កតោ និងបានដាក់បញ្ចាំង នៅចុងឆ្នាំ១៩៧២ នៅរោងភាពយន្ដអេដែនផ្សារចាស់ និងរោងភាពយន្ដចេនឡាផ្សារដើមគ ។ ផលិតកម្ម ផ្កាយភ្លឺមាសភាពយន្ដ គឺលោកជាចាងហ្វាង ផលិតកម្ម និពន្ធ និងដឹកនាំរឿងខ្លួនឯង ហើយកាលណោះ ដោយសារនៅលីវផង បើពេលណាទំនេរគឺគិតតែពីចង់ហាត់ក្បាច់គុនប៉ុណ្ណោះ ។ ពេលដាក់បញ្ចាំងរឿង “ភ្នំសន្ធប់ ព្រលឹងម៉ែ” ដែលមានបញ្ចូលក្បាច់គុនល្បុក្កតោផងនោះ គឺបានទទួលជោគជ័យដ៏ធំធេង ហួសពី ការស្មានដែលធ្វើឱ្យលោកមានលទ្ធភាពអាចថតបន្ដម្ដង៣រឿងតែម្ដង គឺរឿងភ្នំ សន្ធប់ព្រលឹងម៉ែភាគ២ សន្ទុះសិល្ប៍ភុជង្គនាគ និងសាក់ស្បៃស្រីអាំ ដែលថតបានជាងពាក់កណ្ដាលហើយ ក៏បែកព្រឹត្ដិការណ៍១៧ មេសា ១៩៧៥ទៅ ។
បន្ទាប់ពីជីវិតទី២ត្រូវបានចាប់កំណើតសាជាថ្មីក្រោយទិវាជ័យជំនះ៧មករា ១៩៧៩ លោកគ្រូមាស សុខ បានឱ្យដឹងថា នៅឆ្នាំ ១៩៨០ លោកចូលបំរើការងារជាប្រធានសិល្បៈនៅមន្ទីរឃោសនាការខេត្ដស្វាយរៀង ដោយមានភារកិច្ចដឹកនាំរឿងល្ខោនបាសាក់ និងនិពន្ធបទភ្លេងទំនុកច្រៀងជាដើម ។ ពេលនោះលោកគ្រូ នៅមានសកម្មភាពពាក់ព័ន្ធនឹងក្បាច់គុនល្បុក្កតោដដែល ហើយឆ្លៀតពេលមហោស្រពប្រលងសិល្បៈ ទូទាំង ខេត្ដ លោកតែងបានដាក់បញ្ចូលការបង្ហាញក្បាច់គុនផងដែរ ។ លុះនៅឆ្នាំ១៩៩០ លោកលាឈប់ពីការងារ មករស់នៅក្នុងខេត្ដកំពត ដោយមានបំណងស្រាវជ្រាវក្បាច់គុនល្បុក្កតោជាបន្ដទៀតរហូតបង្កើតបានជា សមាគមនៅក្នុងឆ្នាំ២០០០ ។ នៅឆ្នាំ២០០៤-២០០៥ លោកបាននាំគ្រូ៦នាក់មកសំដែងក្បាច់គុន ក្នុង កម្មវិធីយុទ្ធសិល្ប៍អន្ដរជាតិនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីភ្ញៀវ ក្នុងកំរិតខ្សែក្រវាត់ ខ្មៅ៦ជាន់ឡើងទៅមកពី៣០ប្រទេស ។
ទាក់ទិននឹងសមាគមរបស់លោក លោកគ្រូមាស សុខ បានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងចងក្រង សៀវភៅឯកសាររូបភាព “មរតកក្បាច់គុនល្បុក្កតោខ្មែរ” និងត្រៀមឯកសារក្បាច់គុនល្បុក្កតោ សំរាប់ថត វីដេអូមានចំនួនជិត២.០០០ក្បាច់ហើយ ។
Labels: កីឡា, វប្បធម៌, សិល្បៈ, ស្រាវជ្រាវ
for this post
Leave a Reply