រាជធានីភ្នំពេញ ៖ កោះសន្ដិភាពទទួលលិខិតដ៏វែងមួយពីបុរសម្នាក់ ដែលហៅខ្លួនឯងថា “បុរសគ្មាន សំណាង” មិនដឹងថា គ្មានសំណាងបាននាងជាគូគាប់ ឬបែបណាទេ តែបើចង់និយាយថា ស្នេហាបរាជ័យ ហើយចាត់ទុកខ្លួនឯងថា គ្មានសំណាង មិនត្រឹមត្រូវឡើយ វាប្រៀបដូចជាចាត់ទុកនារីដែលក្បត់ចិត្ដនោះ ជាអ្នកឱ្យសំណាងមកខ្លួនដូច្នោះដែរ។
ពីមុនកុលាបត្រញំងសាបបានក្លាយជាកុលាបរោយស្វិត កុលាបអស់សង្ឃឹម ដោយសារចិត្ដមិនស្មោះដោះ ដៃរបស់ប្រុសសង្សារ ដែលរាជិនីសំលេងមាស រស់ សេរីសុន្ធា ច្រៀងថា “ភូមរាហើរទុំក្រេបលំអងផ្កា ក្រេបឆ្អែតកាលណាលែងនឹកអាណិត ភូមិត្រញំងសាប កុលាបរោយស្វិត ឱ!ព្រហ្មលិខិតប្រហារខ្ញុំទៅ” ប៉ុន្ដែឥឡូវកុលាបត្រញំងសាបដដែល ជាអ្នកធ្វើឱ្យបុរសម្នាក់ឈឺចាប់ខ្លោចផ្សា ដោយសារចិត្ដប្រែប្រួល សាវារបស់នាងទៅវិញ ។ កោះសន្ដិភាពរីករាយក្នុងការចុះផ្សាយនូវអត្ថបទរបស់បុរសខកស្នេហ៍ ដោយ សុំលាក់អត្ដសញ្ញាណគូស្នេហ៍នេះ ហើយប្រើឈ្មោះអក្សរកាត់។ អត្ថបទដែលបានផ្ញើមកនោះ មានខ្លឹម សារដូចខាងក្រោមនេះ។
កាលដើមឡើយ “ស.ទ” ជានារីម្នាក់សុភាពរាបសា ទន់ភ្លន់ ធ្វើឱ្យអ្នកផងទាំងពួង នៅជិតខាងកោតសរសើរ ហើយស្រឡាញ់នាងគ្រប់ៗគ្នា ។ នាងនិងខ្ញុំ (វ.ដ.ល) បានស្គាល់គ្នាពេលនៅផ្ទះជួលក្បែរគ្នា។ កាលទោះ នាងធ្វើការនៅរោងចក្រ ហើយឧស្សាហ៍សន្លប់ណាស់ ពីកន្លះម៉ោងទៅមួយម៉ោងទើបដឹងខ្លួនវិញ។ ខ្ញុំស្រឡាញ់រាប់អាននាងធម្មតា ចាត់ទុកនាងជាអ្នកភូមិផងរបងជាមួយ មិនទាន់មានការស្និទ្ធស្នាលដូច សព្វថ្ងៃនេះទេ ។
ថ្ងៃទី១០ ខែវិច្ឆិកា ២០០៦ គឺជាថ្ងៃដែល ស.ទ សន្លប់ (ក្បែរសន្លប់ធំ) ខ្ញុំនិងបងម្ចាស់ផ្ទះជួល ភ័យខ្លាចនាងស្លាប់ ក៏ដឹកនាងយកទៅកាន់មន្ទីរពេទ្យមិត្ដភាពកម្ពុជា-សូវៀត ។ តាំងពីម៉ោង៨ និង ៣០នាទី (នាងបាត់មាត់ បាត់កតាំងពីម៉ោង៦ និង៣០នាទីយប់) រហូតដល់ម៉ោង១០ និង៤៥នាទី ចាក់ថ្នាំ បញ្ចូលអុកស៊ីហ្សែនទើបនាងដឹងខ្លួនឡើងវិញ ។ រង់ចាំឱ្យនាងដឹងខ្លួនស្រួលបួល និងអស់សេរ៉ូម រហូត ដល់ម៉ោង១២និង៣០នាទីយប់ជ្រៅ ទើបខ្ញុំដឹកនាំនាងយកទៅផ្ទះជួលវិញ។ ទាំងពីរនាក់បងប្អូនពុំមាន លុយមួយរៀលជាប់ខ្លួនទេ ហើយការចំណាយរបស់ខ្ញុំដើម្បីសង្គ្រោះជីវិតនាងនោះ គឺពុំមែនសំដៅទៅលើ អ្វីដែរ កាលណោះនាងនិងខ្ញុំរាប់អានគ្នាជាធម្មតា។ គ្រូពេទ្យផ្ដាំថា កុំឱ្យនាងមានរឿងដូច្នេះទៀត បើមាន លើកទីពីរទៀត គឺត្រូវចូលពេទ្យសរសៃប្រាសាទហើយ ។
ថ្ងៃទី១១ វិច្ឆិកា ២០០៦ វេលាម៉ោង៧ព្រឹក ខ្ញុំរៀបចេញទៅធ្វើការ ស្រាប់តែនាងហៅខ្ញុំឱ្យចូល ទៅក្នុងបន្ទប់របស់នាង ។ នាងឱ្យខ្ញុំអោន ហើយនាងថើបខ្ញុំធ្វើឱ្យខ្ញុំមានអារម្មណ៍ថា នាងចាប់ចិត្ដស្រឡាញ់ ខ្ញុំតាំងពីពេលនោះមក ។
ថ្ងៃទី១២ វិច្ឆិកា ២០០៦ ពេលរសៀល នាងឱ្យខ្ញុំជូននាងទៅលេងផ្ទះរបស់នាងជាលើកដំបូង នៅឃុំត្រញំង សាប ស្រុកបាទី ខេត្ដតាកែវ ។ ពេលព្រឹកឡើងថ្ងៃទី១២ ខែវិច្ឆិកា ២០០៦ (ថ្ងៃអាទិត្យ) ម៉ោង ប្រហែលជា៨ ស្រាប់តែមិនដឹងមានហេតុផលអ្វីនាងធ្លាក់ពីលើគ្រែពូកសន្លប់បាត់មាត់ ប្រហែលជាកន្លះ ម៉ោងទើបដឹងខ្លួនវិញ ។ ម៉ោង៩ជិត១០ ខ្ញុំបាននាំនាង និងប្អូនស្រីនាងទាំង៣នាក់ទៅវត្ដពោធិ៍ ដើម្បី ឱ្យព្រះសង្ឃស្រោចទឹកលើករាសី តែចៃដន្យលោកតាអាពាធ ក៏អាក់ខានមិនបានស្រោចទឹក ហើយនាំគ្នា វិលមកផ្ទះវិញ។ ម៉ោង៣រសៀល នាំគ្នា៣នាក់បងប្អូនទៅលេងភ្នំតាម៉ៅ (ទៅដើរមើលសួន) ហើយនាំ គ្នាបង្ហួសទៅវត្ដភ្នំតាម៉ៅ។ នាងបានអុជធូបផ្សងសុំជួបតែខ្ញុំម្នាក់ មិនអាចអ្នកណាមកបំបែកពីនាង បានឡើយ ។
តាំងពីថ្ងៃនោះមក នាងពុំសូវទៅធ្វើការទេ ហើយយើងទាំងពីរនាក់ទំនាក់ទំនងគ្នា កាន់តែស្និទ្ធស្នាល ឡើងៗ ដល់ថ្នាក់នាងបាត់មុខខ្ញុំមិនបាន ។ ពេលម៉ែឪនាងមកបំបែក នៅថ្ងៃទី២៧ ខែធ្នូ ២០០៦ វេលាម៉ោង៦ និង៤៥នាទីល្ងាច នាងយំយ៉ាងខ្លាំង ។ ពេលនោះហើយដែលខ្ញុំដឹងថា នាងស្រឡាញ់ខ្ញុំពិតមែន ខ្ញុំអាណិតនាងដែរ តែខ្ញុំធ្វើជាព្រងើយ មិនបញ្ចេញកាយវិការឱ្យម៉ែឪនាងដឹងថាខ្ញុំស្រឡាញ់កូនគាត់ទេ តែក្នុងចិត្ដក្ដុកក្ដួល ព្រោះខ្ញុំដឹងហើយថា នាងស្រឡាញ់ខ្ញុំតាំងពីថ្ងៃដែលនាងហៅខ្ញុំឱ្យចូលទៅក្នុងបន្ទប់ តែពីរនាក់ ហើយនាងថើបខ្ញុំមកម្ល៉េះ ។
ថ្ងៃទី៣០ វិច្ឆិកា នាងបានវិលត្រឡប់មកពីផ្ទះនៅតាកែវវិញ ហើយឱ្យខ្ញុំទៅទទួលនាងនៅគល់ស្ពានតាខ្មៅ ព្រោះនាងស្នាក់នៅផ្ទះអ៊ំរបស់នាងនៅតាខ្មៅ ។ ខ្ញុំទៅទទួលនាងទាំងថ្ងៃត្រង់នៅគល់ស្ពានតាខ្មៅ ហើយ បានជូននាងដើរលេងមួយជុំវាំងមាត់ទន្លេ ទើបវិលត្រឡប់ទៅផ្ទះអ៊ំរបស់នាងនៅតាខ្មៅវិញ ។ ខ្ញុំបានសួរ ទៅនាងថា តើអាចចាំខ្ញុំពីរឆ្នាំទៀតបានទេ នាងឆ្លើយថា អាចចាំបាន ព្រោះពីរឆ្នាំទៀតទើបខ្ញុំអាច រៀបការបាន។ ឥឡូវពុំបានមួយឆ្នាំផង នាងផ្លាស់ចិត្ដបាត់ទៅហើយ ។ នៅពេលនាងចុះពីលើម៉ូតូនាងហាក់ ដូចជាមិនចង់ឃ្លាតឆ្ងាយពីខ្ញុំបន្ដិចសោះឡើយ នាងដូចជាមនុស្សបាត់បង់វិញ្ញាណអ៊ីចឹង ។ ខ្ញុំមានចិត្ដ អាណិតនាងកាន់តែខ្លាំងឡើងៗ ខ្ញុំនៅតាមមើលនាងរហូតដល់នាងចូលផ្ទះ ព្រោះខ្លាចនាងដួលតាមផ្លូវ ។
ថ្ងៃទី១ ខែធ្នូ ២០០៦ នាងបានវិលមករស់ក្បែរខ្ញុំវិញនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ។ នាងនិយាយថា “អូនមិនអាចនៅឆ្ងាយពីបងបានទេ ចង់មករស់នៅជិតៗបង” ហើយនាងឱ្យសំបុត្រមួយច្បាប់មកខ្ញុំ។ ថ្ងៃទី២ ខែធ្នូ ២០០៦ នាងឱ្យសំបុត្រមកខ្ញុំមួយច្បាប់ទៀត ហើយបន្ទាប់មកថ្ងៃទី៤ ធ្នូ ២០០៦ នាងបានយក លិខិតឱ្យខ្ញុំមួយច្បាប់ទៀត ហើយហាមខ្ញុំក្បត់ចិត្ដនាង ។
ថ្ងៃត្រង់ទី១២ ធ្នូ ២០០៦ អ្នកជិតខាងគេទៅដើរលេងអស់ នាងទូរស័ព្ទហៅខ្ញុំឱ្យទៅជួបនាងមួយភ្លែត។ ខ្ញុំក៏មិនដឹងថាមានរឿងអ្វីដែរ ពេលខ្ញុំទៅដល់នាងនៅម្នាក់ឯង ហើយឱ្យខ្ញុំចូលទៅក្នុងបន្ទប់ដោយថា ប្រាប់ រឿងមួយ រួចនាងខ្ទាស់គន្លឹះទ្វារជាប់ ។ ថ្ងៃនោះហើយជាថ្ងៃដែលនាងក្បត់ប្រពៃណីហ៊ានលះបង់អ្វីៗ ទាំងអស់ ប្រគល់ឱ្យមនុស្សដែលនាងស្រឡាញ់ គ្មាននឹកដល់កេរម៉ែឪ នាងសុខចិត្ដប្រគល់ខ្លួនប្រាណគ្មាន សោកស្ដាយឱ្យតែនាងបានរស់នៅក្បែរខ្ញុំ ។
នៅថ្ងៃទី១៧ ធ្នូ ២០០៦ ឪពុកម្ដាយនាងដឹងរឿងខ្ញុំនិងនាង គាត់បានទៅជេរស្ដីនាងនៅផ្ទះជួល (ពេលខ្ញុំ ទៅធ្វើការ) ខ្លាំងៗ។ នាងទ្រាំពុំបានក៏រត់ចេញពីផ្ទះជួលគេចពីឪពុកម្ដាយនាងបាត់ ធ្វើឱ្យពួកគាត់ ទឹកភ្នែកហើយខំស្វែងរក។ ពេលនាងរត់ចេញពីផ្ទះនោះ គឺពុំបានយកអ្វីជាប់ទៅជាមួយទេ មានតែខោ ជើងខ្លី និងអាវដៃខ្លីជាប់ខ្លួនប៉ុណ្ណោះ។
នៅម៉ោងប្រហែលជិត៩ នាងបានទូរស័ព្ទហៅខ្ញុំឱ្យទៅជួបនាងដោយប្រាប់ថា មានរឿងត្រូវដោះស្រាយ។ ពេលនោះខ្ញុំកំពុងជាប់រវល់ការងារ តែសុខចិត្ដទុកការងារមួយឡែក ទៅជួបនាងសិនក្រែងមានរឿង អ្វីសំខាន់។ ខ្ញុំបានទៅជួបនាងនៅកែងផ្សារអូឡាំពិក ។ ពេលជួបនាងភ្លាមខ្ញុំសែនខ្លោចចិត្ដរកនិយាយ មិនចេញ ដ្បិតឃើញនាងក្នុងសំលៀកបំពាក់ខោជើងខ្លី អាវយឺតដៃខ្លី ហើយឈរញ័រខ្លួនទទ្រើត ដូចជាមនុស្សកំពុងត្រូវថ្នាំពុល ។
ខ្ញុំដឹងថានាងអាចស្លាប់នៅពេលនេះ ខ្ញុំបានឱ្យនាងដកដង្ហើមឱ្យស្រួលមួយៗ ចាំនិយាយ មើលមុខនាងឡើង ស្លេកស្លាំងអស់ហើយ ។ ខ្ញុំផ្ដើមសួរនាងថា “តើមានរឿងអ្វី កើតឡើងចំពោះអូន?”។ នាងបានឆ្លើយភ្លាម ទាំងខ្លួននិងមាត់ញ័រថា “បងយកខ្ញុំទៅណាទៅចុះ ខ្ញុំអស់ផ្លូវដើរហើយ ម៉ែឪអូន ជេរអូន កាត់កាល់ អូនលែងទទួលស្គាល់អូនជាកូនពួកគាត់ហើយ” ។ ខ្ញុំឮដូច្នេះភ្ញាក់ព្រើត តែខ្ញុំមិនប្រកែកនូវសំណូមពរ របស់នាងទេ ព្រោះនៅពេលនោះថ្ងៃនោះនាងឥតមានព្រលឹងក្នុងខ្លួន បន្ដិចសោះឡើយ។ ខ្ញុំក៏សំរេចចិត្ដ នាំនាងយកទៅនៅកន្លែងធ្វើការពីរយប់។ ពេលនោះហើយដែលខ្ញុំត្រូវធ្វើការមិនបានដិតដល់ ព្រោះនាង ចេះតែយំ ។
យប់ថ្ងៃទី១៨ ធ្នូ ២០០៦ ខ្ញុំបានឱ្យនាងទូរស័ព្ទទៅជួបឪពុកម្ដាយដើម្បីកុំឱ្យពួកគាត់បារម្ភ ។ ខ្ញុំឱ្យនាង ប្រាប់ពួកគាត់ថា “នាងបានសេចក្ដីសុខទេ សូមកុំបារម្ភអីចាំស្ងប់អារម្មណ៍ នឹងវិលទៅពួកគាត់វិញហើយ”។ បន្ទាប់មកខ្ញុំបបួលនាងទៅស្រុកកំណើតវិញដើម្បីជួបឪពុកម្ដាយនាង សុំទោសពួកគាត់ យើងមិនអាចធ្វើ ដូច្នេះបានទេ។ នាងបានឆ្លើយតបវិញទាំងទឹកភ្នែកថា “យើងមិនអាចទៅផ្ទះវិញបានទេ បើបងហ៊ានទៅគឺ យើងត្រូវបែកគ្នា ខ្ញុំមិនអាចបាត់បង់បងបាន” ។ នាងមិនឱ្យខ្ញុំទៅស្រុកជួបម៉ែឪនាងឡើយ ។ ពេលនាង ទូរស័ព្ទទៅប៉ាម៉ាក់នាង ពួកគាត់ទាំងពីរបានស្រែកតាមទូរស័ព្ទថា “ឈប់ហៅអញថា ប៉ា ម៉ាក់ ឯងទៀតទៅ អញគ្មានកូនស្រីរបៀបនេះទេ អញនឹងលុបឈ្មោះឯងចេញពីបញ្ជីគ្រួសារ”។
ទោះជាយ៉ាងណាពេលនាងចេញពីផ្ទះជួលភ្លាម ម្ដាយនាងមានការបារម្ភពីជីវិតកូនស្រី ព្រោះនាងរត់ទៅ នេះមិនដឹងជាបានសុខទុក្ខយ៉ាងណា ។ ខណៈនោះឪពុកនាងឆ្លើយភ្លាមថា “បើវាវេទនាឬអត់លុយ យ៉ាងហោចណាស់ វាទៅធ្វើស្រីខូច” ខ្ញុំឮអ្នកជិតខាងខ្ញុំនិយាយដូច្នេះធ្វើឱ្យខ្ញុំរឹតតែអាណិត ហើយ ស្រឡាញ់នាងទ្វេឡើង ។ ពេលនោះហើយដែលខ្ញុំបាត់បង់ការងារមួយរយៈ ព្រោះតែនាង។
ថ្ងៃទី១៩ ធ្នូ ២០០៦ នាងខ្លាចប៉ាម៉ាក់នាងតាមរកឃើញបំបែកនាងចេញពីខ្ញុំ នាងឱ្យខ្ញុំជូននាងចេញ ពីភ្នំពេញឱ្យបានឆាប់ទៅណាឱ្យតែបានរស់ក្បែរគ្នា តែតាកែវ នាងមិនទៅដាច់ខាត ទោះស្លាប់ក៏នាងមិន ទៅដែរ ។ ខ្ញុំបានឱ្យនាងតែងខ្លួនជាបុរស ហើយនាំគ្នាចេញទៅស្រុកកំណើតរបស់ខ្ញុំ ។ ពេលទៅដល់ ស្រុកខ្ញុំរស់នៅទីនោះបានជាងពីរសបា្ដហ៍បងប្អូនមីងមាខ្ញុំស្រឡាញ់អាណិតរាប់អាននាងណាស់ ពួកគាត់មិន ឱ្យនាងវិលមកភ្នំពេញវិញទេ ។ ខ្ញុំក៏ទុកនាងឱ្យរស់នៅទីនោះមួយរយៈសិន ចាំខ្ញុំសំរុះសំរួលជាមួយ ប៉ាម៉ាក់នាងរួចរាល់ចាំវិលមកភ្នំពេញវិញ ។ នាងហាមមិនឱ្យខ្ញុំទៅតាកែវទេ គឺនាងឱ្យខ្ញុំនៅតែក្បែរនាង មិនឱ្យទៅណាឆ្ងាយមួយជំហានឡើយ។ នាងឱ្យខ្ញុំយកនាងមកភ្នំពេញដែរ ព្រោះកាលណាខ្ញុំមកតែម្នាក់ឯង ខ្លាចខ្ញុំបែកចិត្ដ (មួយជីវិតខ្ញុំនេះពុំដែលក្បត់ចិត្ដអ្នកដែលខ្ញុំស្រលាញ់ទេ មានតែគេក្បត់ចិត្ដខ្ញុំ) ។
ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០០៦ ខ្ញុំបាននាំនាងមកនៅភ្នំពេញវិញ ហើយទៅសំរាកនៅផ្ទះក្មួយ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ។ ពេលនោះហើយដែលខ្ញុំជួបការលំបាកជាខ្លាំង ណាមួយការងារ ណាមួយនាងឈឺ ហើយនាងមិនចង់ឱ្យខ្ញុំឃ្លាតឆ្ងាយពីនាង ព្រោះខ្លាចពេលខ្ញុំចេញទៅធ្វើការ ជួបប៉ាម៉ាក់នាងមីងមារបស់នាង តាមផ្លូវ ។
ថ្ងៃទី៣ មករា ឆ្នាំ២០០៧ ខ្ញុំបាននាំនាងទៅជួលផ្ទះនៅក្រោយសាលាតិចណូ ពេលខ្លះនាងស្នាក់នៅ តែម្នាក់ឯង ព្រោះខ្ញុំជាប់រវល់ ធ្វើការវេណយប់ នាងខ្លាចណាស់នៅពេលយប់ម្ដងៗនាងគេងម្នាក់ឯង ។
ថ្ងៃទី២៧ មករា ឆ្នាំ២០០៧ ខ្ញុំឱ្យនាងផ្លាស់ទៅនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យវិញ ព្រោះនៅទីនោះ មានស្គាល់គ្នាច្រើនមិនអផ្សុក។ នៅពេលនោះ ប៉ាម៉ាក់នាងទទួលស្គាល់ពួកយើងវិញហើយ ហើយពួក គាត់ឱ្យខ្ញុំទាំងពីរនាក់រៀបអាពាហ៍ពិពាហ៍ពេលចូលឆ្នាំហើយ ។ ទោះបីជាប៉ាម៉ាក់នាងទទួលស្គាល់ពួកយើង ក៏ដោយក៏នាងនៅតែមិនទុកចិត្ដពួកគាត់ដែរ គឺនៅតែខ្លាចបំបែកយើងទាំងពីរដដែល ។
ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០០៧ នាងឱ្យខ្ញុំជូននាងទៅលេងផ្ទះ ព្រោះនឹកម្ដាយនាងដែលទើបកូនខ្ចី និងទៅ យកខោអាវផង។ ខ្ញុំឆ្លៀតពេលជូននាងទៅស្រុក ប៉ុន្ដែមិននៅគេងទេ ព្រោះនាងនៅតែមិនទុកចិត្ដ ប៉ាម៉ាក់នាងដដែល ខ្លាចគាត់បំបែកបំបាក់នាងពីខ្ញុំ ហើយក៏ប្រញាប់ប្រញាល់មកភ្នំពេញវិញ ដោយភូត ពួកគាត់ថា ប្រញាប់ទៅរៀន ។
ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០០៧ ខ្ញុំនាំនាងទៅជួលផ្ទះគេនៅជិតហាងម៉ីម៉ី រហូតដល់សព្វថ្ងៃ ។ ខ្ញុំមិនឱ្យ នាងធ្វើអ្វីទេ ឱ្យនៅតែផ្ទះ ព្រោះនាងមានផ្ទៃពោះជាង២ខែហើយ។ ថ្ងៃមួយមានបងស្រីម្នាក់នៅផ្ទះ ក្បែរគ្នាបានបបួលនាងឱ្យទៅធ្វើការជាមួយគាត់នៅក្លឹបមួយ (ទីនោះល្អទេ) ។ ឮដូច្នេះខ្ញុំមិនចង់ឱ្យ នាងធ្វើទេ ព្រោះការងារនៅក្លឹបពុំសូវល្អប៉ុន្មានឡើយ ប៉ុន្ដែល្អឬមិនល្អសំខាន់លើខ្លួនយើងជាអ្នកសំរេច។ ដោយនាងអង្វរលួងលោមខ្ញុំពេក ខ្ញុំក៏យល់ព្រមឱ្យនាងទៅធ្វើការទាំងទុក្ខព្រួយជានិច្ច ព្រោះនាងមានផ្ទៃ ពោះ ចូលពីរខែជាងទៅហើយ។
ពេលធ្វើការមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគេតំរូវឱ្យនាងយកកូនចេញ តែខ្ញុំមិនឱ្យនាងយកចេញទេ ។ នាង ឆ្លើយថា គេបង្ខំឱ្យនាងត្រូវតែយកចេញ ។ ដោយសាររឿងនេះខ្ញុំឱ្យនាងឈប់ធ្វើការតែនាងថាមិនឈប់ទេ។ នាងថាទោះមិនឱ្យយកក៏នាងទៅយកចេញដែរ ។ ទីបំផុតនៅថ្ងៃទី១៦ មីនា ឆ្នាំ២០០៧ នាងសំរេចចិត្ដ យកកូនចេញពីផ្ទៃ។ ក្រោយពេលនាងយកកូនចេញរួចបានមួយសបា្ដហ៍ នាងចាប់ផ្ដើមប្រែប្រួលបន្ដិចម្ដងៗ មានល្បិច ហើយចាប់ផ្ដើមចេះកុហកខ្ញុំថា ម្ដងទៅខួបកំណើតអ្នកនេះ ម្ដងទៅជប់លៀងអ្នកនោះ តាមពិតលួចទៅជួបសង្សារថ្មី។ កាលពីមិនទាន់យកកូនចេញនាងមានអ្វីបន្ដិចក៏ប្រាប់ខ្ញុំដែរ ឥតចេះលាក់ លៀមដូចសព្វថ្ងៃនេះទេ ។ តាំងពីចូលធ្វើការបានស្គាល់មិត្ដភក្ដិប្រុស ស្រីច្រើនទៅ ចាប់ផ្ដើមបែកគំនិត ចេះមានល្បិច ដោយសារមានស្រីម្នាក់ជាអ្នកបង្រៀនឱ្យនាងចេះមានគំនិតថោក ហើយរុញទំលាក់ជ្រោះ ទៅវិញ ។ នាងលែងស្ដាប់ម៉ែឪ បែរជាស្ដាប់អ្នកដទៃជាងទៅវិញ ។
ថ្ងៃទី៧ មេសា ឆ្នាំ២០០៧ ខ្ញុំនិងនាងបានទៅជួបនិយាយជាមួយម៉ែឪនាង ដើម្បីរៀបចំមង្គលការតាមច្បាប់ ក្បួនឱ្យបានសមរម្យទៅតាមប្រពៃណី ។ ពួកយើងបានព្រមព្រៀងគ្នាចូលឆ្នាំហើយ នឹងរៀបចំកុំឱ្យម៉ែឪ អាម៉ាស់មុខដោយសារកូន។ កាលរស់នៅជុំគ្នាពុំទាន់បែកបាក់ នាងបាននិយាយថា “អូនស្រលាញ់បងតែ ម្នាក់គត់ គឺគ្មានមួយជាពីរនោះទេ ព្រោះបងចេះដឹងទុក្ខធុរៈយល់ចិត្ដអូន ហើយចេះគិតគូរពីជីវិតអូន” នេះជាសំដីដ៏ផ្អែមល្ហែមរបស់នាង ឥឡូវបែរជាជូរចត់ទៅវិញ ។
ថ្ងៃទី១២ មេសា ឆ្នាំ២០០៧ គឺថ្ងៃនោះហើយដែលនាងប្ដូរចិត្ដ ព្រោះនិយាយគ្នាថា ចូលឆ្នាំទៅផ្ទះ ទាំងអស់គ្នា តែផ្ទុយទៅវិញ នាងនិយាយថា “ទៅណាក៏មិនទៅ អាណាក៏មិនជួបដែរ” ធ្វើឱ្យខ្ញុំទ្រាំពុំបាន ក៏ទៅរករឿងដល់ក្រុមហ៊ុនបំណងឱ្យនាងឈប់ធ្វើការ តែនាងចំអកខ្ញុំថា ខ្ញុំចង់ធ្វើឱ្យនាងខ្មាសគេ តែបើ នាងចេះខ្មាសគេនោះ នាងឈប់ធ្វើការតាំងពីយូរមកហើយ មិនមែនមុខក្រាស់នៅឱ្យគេឃើញមុខដល់ ថ្ងៃនេះទេ ។ តាំងពីពេលនោះមកនាងចេះតែគេច ហើយបែកគ្នារហូតដល់សព្វថ្ងៃ ។
ស្រីម្នាក់ដែលស្ទើរតែបាត់បង់ជីវិតពីលោកនេះទៅហើយ ខ្ញុំជួយស្រោចស្រង់ឡើង តែបែរជានាងឱ្យទោស ខ្ញុំទៅវិញ។ ខ្ញុំខំជួយសង្គ្រោះជីវិតនាងបានរស់បែរជានាងផិតក្បត់មិនចេះឆ្អែតឆ្អន់។ នេះខ្ញុំមិនទាន់បានរៀបការពេញច្បាប់ផង កំពុងតែដំណើរការទៅមុខបែរជាត្រឡប់ថយក្រោយទៅវិញ ចុះប្រសិនបើដល់ថ្ងៃរៀបការ ស្រាប់តែបាត់កូនក្រមុំរត់តាមគេផ្សេងទៀតនោះ តើម៉ែឪខ្ញុំអាម៉ាស់មុខយ៉ាងណា? នេះចេះប្រែ ប្រួលមុនថ្ងៃកំណត់។ រឿងនាងនិងខ្ញុំ បើរៀបរាប់ឱ្យអស់នោះ១០ទំព័រនៅមិនទាន់ចប់ផង នេះខ្ញុំគ្រាន់តែ លើកគោលៗមកនិយាយដើម្បីឱ្យជ្រាបដល់អ្នកអាន បានយល់ពីកលល្បិចឆ្មារលាក់ក្រចក និងកុំឱ្យមានអ្នក ផ្សេងៗទៀតធ្វើដូចជានាង ។ ខ្ញុំសូមជំរាបថា រឿងនាង និងខ្ញុំ គឺខ្ញុំមិនបានទៅហៅ ឬទៅដឹកដៃនាងថា មករត់តាមខ្ញុំ ឬយើងនាំគ្នារត់នោះទេ គឺនាងទេជាអ្នកដឹកនាំខ្ញុំដើរទេសចរណ៍ស្នេហា។ តើជាកំហុស អ្នកណា? កំហុសខ្ញុំឬកំហុសនាង?
Labels: សិល្បៈ