<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d7954757943031283723\x26blogName\x3dCambodia+News\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLUE\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://khmerdaily.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://khmerdaily.blogspot.com/\x26vt\x3d-4826443582781749916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រាជរដ្ឋាភិបាល​រៀបចំ​រួចរាល់​ហើយ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៧ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី មាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ក្រោម​អធិបតីភាព​លោក​ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​លោក​សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ដើម្បី​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​លើ​របាយការណ៍​ស្ដី​ពី​លទ្ធផល​សំខាន់ៗ​នៃ​ការ​អនុវត្ដន៍ កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ក្នុង​ឆ្នាំ​២០០៦ និង​ទិស​ដៅ អនុវត្ដ​ការងារ​បន្ដ ។

​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​លទ្ធផល​ចម្បង ដែល​ក្រសួង​-​ស្ថាប័ន​ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្ដិធម៌​សម្រេច​បាន​មាន​ជា​អាទិ៍ ៖ លទ្ធផល​នៃ​ការ​អនុវត្ដ​សូចនាករ​តាមដាន​រួម (Joint Monitoring Indicators) ឆ្នាំ​២០០៦ ពាក់ព័ន្ធ​ដល់​ការ​តាក់តែង និង​ការ​អនុម័ត​ច្បាប់​ជា​មូលដ្ឋាន​នៃ​យុ​ត្ថា​ធិ​ការ​តុលាការ មាន​ដូច​តទៅ ៖ ក្រម​នីតិវិធី​រដ្ឋប្បវេណី ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០០៦ ។ សេចក្ដី​ព្រាង​ក្រមរដ្ឋប្បវេណី​ត្រូវ​បាន​ពិនិត្យ​ជិត​ចប់​ហើយ ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា​។ ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ​ត្រូវ​បាន​ពិនិត្យ​ចប់​ហើយដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា ហើយ​នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រជុំ​ពិភាក្សា នៃ​រដ្ឋសភា ។ សេចក្ដី​ព្រាង​ក្រមព្រហ្មទណ្ឌ កំពុង​តែ​សម្រួល​ដោយ​ក្រសួងយុត្ដិធម៌ ជាមួយ​ភាគី​បារាំង​ដើម្បី​ឱ្យ​រលូន​ជាមួយនឹង​ច្បាប់​ពាក់ព័ន្ធ​ដទៃ ទៀត​។ សេចក្ដីព្រាងច្បាប់​អង្គការ​ស្ដី​ពី​ការ​ចាត់តាំង​អង្គការ​តុលាការ និង​អយ្យការ​ក្រសួងយុត្ដិធម៌ បាន​បញ្ជូន​ទៅ​សុំ​យោបល់​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រួច​ហើយ កាលពី​ថ្ងៃ​ទី​៧ មីនា ឆ្នាំ ២០០៧ ។ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​កំពុង​ពិនិត្យ​ឡើង​វិញ ដោយ​ក្រុមប្រឹក្សា អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ជាមួយ​ក្រសួងយុត្ដិធម៌​។ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ ប្រព្រឹត្ដ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្រសួងយុត្ដិធម៌​កំពុង​ពិនិត្យ​ឡើង​វិញ​។ សេចក្ដីព្រាងច្បាប់ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​បាន​រៀបចំ​រួច​ហើយ តែ​នៅ​រង់ចាំ​ការ​អនុម័ត​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​ជា​មុន​សិន ។​

លទ្ធផល​នៃ​ការ​អនុវត្ដន៍​គំរោង​តាម​រយៈ​ដៃគូ​អភិវឌ្ឍន៍​រួម​មាន ៖ ការ​រៀបចំ និង បញ្ចប់​ការ​ស្ទង់​មតិ​លើ ជំនួយ​ផ្នែក​ច្បាប់ និង​ការ​រៀបចំ​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​ជាតិ (​USAid) តាម​រយៈ​ដៃគូ​ផ្ទាល់​របស់​ខ្លួន គឺ​វិទ្យាស្ថាន​គ្រប់គ្រង បូព៌ា​-​បស្ចិម​(​EWMI) ។ ក្រមសីលធម៌​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​បាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ ក្រម​អនុម័ត ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ ២០០៧ ហើយ​គោលការណ៍​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​បង្រៀន​នៅ​សាលា​ចៅក្រម និង​សាលា​មេធាវី​ផង ដែរ​។ ការ​សិក្សា​រៀបចំ​ទិន្នន័យ​អំពី​កម្មវិធី​យល់​ដឹង​ពី​សិទ្ធិ​មូលដ្ឋាន​នៅ​កំរិត​សហគមន៍ និង​ទិន្នន័យ​វិវាទ ដីធ្លី ការ​ចងក្រង​សេចក្ដីសំរេច​ស្ថាពរ​របស់​តុលាការ ការ​ពង្រីក​ការ​បោះពុម្ព​រាជកិច្ច និង​ការ​ពង្រឹង​យុត្ដិធម៌ មូលដ្ឋាន ដែល​ឧបត្ថម្ភ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (​UNDP) តាម​រយៈ​គំរោង​សិទ្ធិ ទទួល​បាន​យុត្ដិធម៌​នៅ​កម្ពុជា ។ ការ​ពង្រីក​ការ​អនុវត្ដន៍​តុលាការ​គំរូ​នៅ​តាម​តុលាការខេត្ដ​ក្រុង​មួយ ចំនួន​ទៀត ក្រៅពី​តុលាការ​ខេត្ដកណ្ដាល ដែល​បាន​ធ្វើ​រួច​ហើយ រួម​មាន​តុលាការក្រុង​ភ្នំពេញ តុលាការ ខេត្ដកំពង់ចាម និង​ខេត្ដបន្ទាយមានជ័យ ដើម្បី​ជា​ការ​អនុវត្ដន៍​សាកល្បង​នូវ​អ្វី​ដែល​យើង​យល់​ថា​ល្អ​លើ​បទ ពិសោធន៍​បច្ចុប្បន្ន​សំរាប់​ឯករាជ្យ និង​មាន​ទំនុកចិត្ដ ។ គំរោង​នេះ​ស្ថិត​ក្នុង​គំរោង CCJAP III ឧបត្ថម្ភ​ដោយ AusAid និង DANIDA/DIHR ។ ដោយឡែក​អង្គការនីតិប្បញ្ញតិ​បាន​អនុម័ត​ផ្ដល់​ថវិកា​ជូន​ក្រសួងយុត្ដិធម៌ ដើម្បី​សាងសង់​តុលាការខេត្ដ​ចំនួន​៣​គឺ ខេត្ដក្រចេះ ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ធំ និង​សាល​សវនាការ មួយ​នៅ​ខេត្ដបាត់ដំបង ។ ចំពោះ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​អង្គភាព​សម្របសម្រួល អចិន្ដ្រៃយ៍ និង អង្គភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ បាន​ធ្វើការ​សម្របសម្រួល ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងយុត្ដិធម៌ ដើម្បី​អនុវត្ដ​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់ ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​កាលពី​ថ្ងៃ​ទី​១៦ ទី​៣០ ខែសីហា និង​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០៦ ដែល បាន​សម្រេច​ឱ្យ​សិក្សា​រៀបចំ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ស្មើនឹង​តុលាការ​ថ្នាក់ដំបូង (​ខេត្ដ​-​ក្រុង​) និង​ឱ្យ មាន​សភា​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នៅ​សាលាឧទ្ធរណ៍ និង​នៅ​តុលាការ​កំពូល ។ ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការ​សិក្សា​លំអិត​អំពី​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​កំពុង​រៀបចំសេចក្ដី​ច្បាប់​ស្ដី​ពី​តុលាការ ពាណិជ្ជកម្ម ក្រោម​ការ​ឧបត្ថម្ភ​របស់ UNDP និង ADB ។ ដោយឡែក​ច្បាប់​ស្ដី​ពី​ម​ជ្ឈ​ត្ដ​ការ​ផ្នែក ពាណិជ្ជកម្ម ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​រួច​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ន កំពុង​តែ​រៀបចំ​ការ​អនុវត្ដន៍ ។​

ការ​ទំនាក់ទំនង​
​អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍ និង​អង្គភាព​គ្រប់គ្រង​គម្រោង​បាន​ធ្វើ​ទំនាក់ទំនង ព្រមទាំង​ស្វះស្វែង ធ្វើការ​ពន្យល់​ផ្សព្វផ្សាយ ដើម្បី​បញ្ចូល​គម្រោង​កំណែទម្រង់​ច្បាប់ និង តុលាការ​ទៅ​ក្នុង​ក្រប​ខណ្ឌ​សំរាប់ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស និង​សហគមន៍​អ្នក​ផ្ដល់​ជំនួយ​សម្រាប់​បន្ដ​ពី​ឆ្នាំ​២០០៦​នេះ​ទៅ ដូច​ជា​ជំនួយ អភិវឌ្ឍន៍​របស់​អូស្ដ្រាលី (AusAid) តាម​រយៈ​គម្រោង CCJAP III សហគមន៍ អឺរ៉ុប (EU) និង​ភ្នាក់ងារ ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​អន្ដរជាតិ​ដា​ណឺ​ម៉ាក (DANIDA/DIHR) ជាដើម ។ របាយការណ៍​បាន​លើក​ទិស​ដៅ សម្រាប់​អនុវត្ដ​ជា​បន្ដ​ក្នុង​នោះ​ការងារ​សំខាន់ៗ​មាន​ជា​អាទិ៍ៈ ជំរុញ​នីតិវិធី​តាក់តែង​ច្បាប់​ឱ្យ​បាន​ចេញ​ឆាប់​។ ទំនាក់ទំនង​រក​ដៃគូ​អនុវត្ដ​គម្រោង​បង្កើត​ការិយាល័យ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ (Ombudsman) ។ ជំរុញ ការ​អនុម័ត​ច្បាប់​ដែល​បាន​បញ្ជូន​ទៅ​រដ្ឋសភា ។ រៀបចំ​ផែនការ​អនុវត្ដ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់ ។ ជំរុញ ការ​បង្កើត​តុលាការ​/​សភា ពិសេស​ទៅ​តាម​តម្រូវការ​ដូច​ជា​តុលាការ ពាណិជ្ជកម្ម រដ្ឋបាល អនីតិជន ។​ល​។ ពង្រីក​ការ​អនុវត្ដន៍​គម្រោង​តុលាការ​គំរូ​នៅ​តាម​ខេត្ដ​-​ក្រុង​ផ្សេង​ពី​តុលាការ​ខេត្ដកណ្ដាល ។ រៀបចំ​ការ​តាក់ តែង​ក្រមសីលធម៌​សម្រាប់​មន្ដ្រី​តុលាការ​ផ្សេងៗ​ទៀត ។ បង្កើត និង ពង្រឹង​យន្ដការ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ ។ ពង្រឹងសមត្ថភាព​មន្ដ្រីរាជការ​តាម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ និង យុត្ដិធម៌ ។ បញ្ចប់​ការ​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​។ ធ្វើ​បច្ចុប្បន្នភាព បញ្ជី​គម្រោង​កំណែទម្រង់ ច្បាប់ និង​តុលាការ ។ រៀបចំ​ប្រព័ន្ធ​សូចនាករ​តាមដាន​សំរាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​ទាំងមូល ដើម្បី​វាស់វែង​ភាព​ជឿនលឿន នៃ​ការ​អនុវត្ដន៍​កម្មវិធី​សកម្មភាព ។ ពង្រឹង សមត្ថភាព​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ដ​កម្មវិធី សកម្មភាព​កំណែទម្រង់​ច្បាប់ និង​តុលាការ ដោយ​បន្ដ​កិច្ច សហប្រតិបត្ដិការ​ជាមួយ DIHR ។ ជំរុញ​ការ​អនុវត្ដន៍​គម្រោង CCJAP III ដោយ​សហការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​ជាមួយ AusAid និង DANIDA ។ បន្ដ​ធ្វើការ​ផ្សព្វផ្សាយ​ទំនាក់ទំនង និង​សម្រប សម្រួល​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការ​អនុវត្ដន៍​សកម្មភាព សម្រាប់​កំណែទម្រង់ ច្បាប់ និង​តុលាការ ដែល​នៅ​សេសសល់​ឱ្យ​បាន​លឿន និង​ឱ្យ​បាន​ច្រើន​ថែម​ទៀត ។ របាយការណ៍​នេះ​រៀបចំ ដោយ​អង្គ​ក​ភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ហើយ​បាន​ដាក់​ជូន អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៤ ខែ មេ​សា ឆ្នាំ​២០០៧ ។

​បន្ទាប់​ពី​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​បាន​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​រួច របាយការណ៍​នេះ​នឹង​រៀបចំ​ដាក់​ជូន ឧត្ដម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ និង​រាជរដ្ឋាភិបាល ដើម្បី​បាន​ជ្រាប អំពី​ការងារ​ដែល​វិស័យ​កំណែទម្រង់​ច្បាប់ និង​តុលាការ​បាន​អនុវត្ដ និង​សម្រេច​បាន​នៅ​ក្នុង​ដំណាក់កាល ទី​២​នៃ​ការ​កែទម្រង់​ក្រោយ​ពី​ដំណាក់កាល​ទី​១ នៃ​ការ​រៀបចំ​ចក្ខុវិស័យ យុទ្ធសាស្ដ្រ និង កម្មវិធី​សកម្មភាព សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ត្រូវ​បាន​បញ្ចប់ នៅ​ពេល​ដែល​គណៈ​រដ្ឋ មន្ដ្រី​បាន​អនុម័ត​កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ កាលពី​ថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ​២០០៥ ។​

របាយការណ៍​នេះ ក៏​នឹង​ត្រូវ​ចែក​ជូន​សហគមន៍​អ្នក​ផ្ដល់​ជំនួយ និង​អ្នក​ពាក់ព័ន្ធ​ឯទៀត រួម​ទាំង​សង្គម​ស៊ី​វិល ផង​ដែរ ដើម្បី​ឱ្យ​បានដឹង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង តុលាការ ។​

Labels: ,

 
 

អនាគត​របស់​រាជវង្ស​ដែល​កំពុង​ធ្វើ​នយោបាយ​​ទ្រង់​ធ​ម្មិ​កោ​រំពឹង​ថា​នឹង​មានការ​ចាកចេញ​បន្ដបន្ទាប់

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ អតីត​អគ្គ​ប្រតិភូ​របស់​គណបក្ស​រណសិរ្ស​សង្គម​ជាតិ និយម ដែល​ទើបតែ​ប្រកាស​រំលាយ​រចនាសម្ព័ន្ធ​គណបក្ស​របស់​ព្រះ​អង្គ​មក​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​បន្ទូល កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ថា “​ការ​ដឹកនាំ​រាជា​និយម​មាន​តែ សម្ដេចក្រុមព្រះ​ទេ​ដែល​ជា​ស្ដេច​ធំ​ជាងគេ ហើយ​រាជវង្ស​ដទៃ​ទៀត​អាច​ដឹកនាំ​ជំនួស​ព្រះ​អង្គ​បាន ប្រ​សិន បើ​ព្រះ​អង្គ​លាឈប់ តែ​នៅ​ពេល​សម្ដេចក្រុមព្រះ​នៅ​ក្នុង​ឆាកនយោបាយ​នោះ គ្មាន​រាជវង្ស​ណា​ធំ​ជាង ព្រះ​អង្គ​ក្រុមព្រះ​បាន​ទេ​”​។ ព្រះ​អង្គ​ម្ចាស់​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ទោះបី​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស នរោត្ដម រណឫទ្ធិ បាន​ទទួល​ពីរ​-​បី​កៅអី​ដែរ​ក៏​ដោយ វា​ជា​ការ​អាម៉ាស់មុខ សម្បើម​ណាស់ ហើយ​បើ​រាជា​និយម​មិន​រួបរួម​គ្នា​ទេ កម្លាំង​រាជា​និយម​អស់​អនាគត​ហើយ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​នោះ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធ​ម្មិ​កោ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជាមួយ ក្រុម​អ្នកកាសែត​នៅ​ក្រោម​ដើម​អំពិល​ក្បែរ​មន្ទីរ​រដ្ឋសភា ដែល​ជា​ការ​ភ្ញាក់ផ្អើល​មួយ ព្រោះ​កម្រ​មាន ។ ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​ទៀត​ថា គណបក្ស​នរោត្ដម រណប​ទ្ធិ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គួរតែ​រួម​គ្នា​ហើយ មិន​អាច​និយាយ​ថា គណបក្ស​នរោត្ដម រណឫទ្ធិ រំលាយខ្លួន​នោះ​ទេវា​មិន​សម​ទេ ព្រោះ​គ្មាន​ឥស្សរជន​ណា ចង់ឱ្យ​រំលាយ​បក្ស ដូច​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម​នោះ​ទេ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា មាន​ប្រទេស ជា​ច្រើន​សែ​រាជវង្ស​មិន​ធ្វើ​នយោបាយ​ដូច​ជា​ថៃ អង់គ្លេស ជប៉ុន​... អត់​មាន​គណបក្ស​រាជា​និយម​ទេ ។​

ព្រះ​អង្គ​ម្ចាស់​បាន​គូសបញ្ជាក់​បន្ដ​ថា យោង​តាម​ប្រទេស​មួយ​ចំនួន​ខាងលើ​នោះ គេ​មិន​មានការ​ជំរុញ​ណា មួយ​ឱ្យ​ក្រុម​ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ និង​តម្រូវ​ឱ្យ​មាន​គណបក្ស​រាជា​និយម​នោះ​ទេ ។ ព្រះ​អង្គ​ម្ចាស់​បន្ដ ថា “​ការ​មិន​តម្រូវ​ឱ្យ​រាជវង្ស​ធ្វើ​នយោបាយ ដោយសារ​តែ​គំនិត​របស់​រាជា​និយម​នោះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង សង្គម​នៃ​ប្រទេស​គេ​ទៅ​ហើយ ។ ដូច្នេះ​តាម​យោបល់​ខ្ញុំ​ថា ស្ដេច​ខ្មែរ មិន​គួរ​ធ្វើ​នយោបាយ​ទេ ហើយ​ខ្ញុំ បាន​សរសេរ​អត្ថបទ​មួយ​ក្នុង​ឆ្នាំ​២០០៤ មាន​ចំណងជើង​ថា ស្ដេច​ខ្មែរ​មិន​គួរ​ធ្វើ​នយោបាយ​ទេ​” ។​

ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ទៀត​ថា ព្រះ​អង្គ​នៅ​ស្រុក​ខ្មែរ​យូរ​មក​ហើយ តែ​ហេតុ​អ្វី​បានជា​សំរេចចិត្ដ​ចូល ប្រឡូក​ក្នុង​ឆាកនយោបាយ​ទៀត ហើយ​ព្រះ​អង្គ​មិន​ចង់​ធ្វើ​នយោបាយ​ទេ ។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា “​ស្រុក​ខ្មែរ​មិន​ចាំបាច់​ធ្វើ​ច្បាប់​ទេ ដល់​ដំណាក់កាល​មួយ ស្ដេច​ត្រូវ​តែ​ចេញពី​ឆាកនយោបាយ ក៏​ប៉ុន្ដែ យើង​ត្រូវ​តែ​រៀបចំ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​...​បើ​យើង​ធ្វើ​បាន​វា​មាន​តំលៃ​ចំពោះ​ជាតិ​ផង និង​ប្រជារាស្ដ្រ ផង​។ ជា​គំនិត​របស់ខ្ញុំ ស្ដេច​ពុំគួរ​ធ្វើ​នយោបាយ​នោះ​ទេ​” ។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា ៉​វា​ផ្ទុយ​នឹង​ស្ដេច​ដឹកនាំ គណបក្ស នៅ​ពេល​ស្ដេច​ដឹកនាំ​គណបក្ស​ហើយ​វា​ត្រូវ​តែ​ប្រឆាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត ” ។​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ចរន្ដ​មួយ​បាន​លើក​ឡើង​ថា សែ​រាជវង្ស​គួរ​នៅ​ក្រៅ​ឆាក នយោបាយ​។ ក្រោយមក​សែ​ព្រះរាជ​វង្ស​មួយ​ចំនួន​បាន​ប្រតិកម្ម​ថា រដ្ឋធម្មនុញ្ញ​មិន​បាន​ហាមឃាត់​មិន​ឱ្យ ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ ព្រោះ​ស្ដេច​ក៏​ដូច​រាស្ដ្រ​ដែរ មាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ដូច​គ្នា​។ ប៉ុន្ដែ​ពេល​នេះ មាន​ព័ត៌មាន​លេចឮ​ថា សម្ដេច​នរោត្ដម សិរី​វុ​ឌ្ឍ គ្រោង​លាឈប់​ពី​ឆាកនយោបាយ ខណៈ​ដែល​ម្ចាស់​ក្ស​ត្រី នរោត្ដម វ​ជរា កំពុង​តែ​ពិចារណា ។​

ទោះបីជា​យ៉ាងណា​ក្ដី​សម្ដេចក្រុមព្រះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បង្ហាញ​ពី​ជំហរ​របស់​ព្រះ​អង្គ ឆ្លើយ តប​ទៅ​នឹង​បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ នៅឡើយ​ទេ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​២៧ ឧសភា សម្ដេចក្រុមព្រះ បាន​មាន​បន្ទូល​នៅ​ក្នុង​ខ្សែអាត់​សម្លេង​ចាក់​ផ្សាយ​តាម​វី​ដេ​អូ ក្នុង​ពេល​សមាជ​របស់​គណបក្ស​រណសិរ្ស សង្គម​ជាតិនិយម​ថា “​បើ​ចង់ឱ្យ​ស្ដេច​ឈប់​ធ្វើ​នយោបាយ​នោះ លុះត្រាតែ​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល​ធានា​នូវ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ ” ។​

គេ​មានការ​កត់សំគាល់​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស សម រ​ង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា “ រាជវង្ស​គួរ​ឈប់​ធ្វើ​នយោបាយ ហើយ​ការ​ធ្វើ​នយោបាយ គឺ​ម៉ាំង​ទៅ​ម៉ាំង​មក គេ​រិះគន់​យើង យើង​រិះគន់​គេ ចង់​មិន​ចង់វា​ពិតជា​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះរាជ​ប​ល័​ង្ក​មិន​ខាន ដែល​មាន ព្រះមហាក្សត្រ​កំពុង​សោយរាជ​សម្បត្ដិ​បច្ចុប្បន្ន ” ។ លោក​អះអាង​ថា មាន​ប្រទេស​ជា​ច្រើន​សែ​រាជវង្ស មិន​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​គេ​គោរព​ស្ថាប័ន​រា​ជប​ល័​ង្ក​របស់​គេ ។​

លោក​មុត ច​ន្ថា អ្នកនាំពាក្យ​គណបក្ស នរោត្ដម រណឫទ្ធិ មាន​ប្រសាសន៍​ថា បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ ជា​ព្រះរាជ​សិទ្ធិ​របស់​លោក​ទេ ព្រោះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ បញ្ចេញមតិ ហើយ​ក៏​មិន​មាន ការ​ប៉ះពាល់​អ្វី​ទៅ​ដល់​សិទ្ធិ​របស់​សម្ដេចក្រុមព្រះ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ដែរ ។ លោក​បន្ដ​ថា “​គ្មាន ពលរដ្ឋ​ណា​មាន​សិទ្ធិ​ទៅ​រំលោភ​លើ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ទេ ប៉ុន្ដែ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ទូល ថ្វាយ​ព្រះមហាក្សត្រ​បាន​” ។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ បាន​បន្ដ​ថា ដើមហេតុ​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ធ្វើ​សមាជ​និង​ប្ដឹង​សម្ដេច ក្រុមព្រះ​ឱ្យ​ជាប់គុក ដូច្នេះ​ត្រូវ​តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គិតពិចារណា​ក្នុង​ការ​បង្រួបបង្រួម​។ ព្រះ​អង្គ​ម្ចាស់ បន្ដ​ថា “​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​ទទួលស្គាល់​ថា ជា​អ្នក​បំបែកបំបាក់​ជួរ​រាជា​និយម ដូច្នេះ​ត្រូវ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រៀបចំ​កម្មវិធី​អ្វីមួយ ដើម្បី​បង្រួបបង្រួម​សា​ជា​ថ្មី ។ ប៉ុន្ដែ​លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថ្លែង​ថា “​ព្រះ​អង្គ​ម្ចាស់​សម្លឹង​តែ​ផល តែ​មិន​គិត​អំពី​ហេតុ​នោះ​ទេ​” ។ លោក​បន្ដ ទៀត​ថា ចំពោះ​បញ្ហា​ដែល​លើក​ឡើង​របស់​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ដូចនេះ​មិន​គួរ​លើក​ឡើង​ទេ ប្រសិនបើ ព្រះ​អង្គ​ម្ចាស់​ចង់​បង្រួបបង្រួម​មែន​នោះ ព្រោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​ដែល​មាន​ចេតនា​បំបែកបំបាក់ រាជា​និយម​នោះ​ឡើយ គឺ​មាន​តែ​ការពារ​រាជវង្ស​។ ចំពោះ​សំណួរ​ដែល​សួរ​ទាក់ទង​នឹង​បន្ទូល​របស់​ព្រះ​អង្គ ម្ចាស់​ស្ដី​ពី​ការ​ឈប់​ធ្វើ​នយោបាយ​នោះ ? លោក​ថ្លែង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គាំទ្រ​ព្រះរាជ​តម្រិះ របស់​អតីត​ព្រះមហាក្សត្រ ហើយ​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទេ ។​

លោក​ខៀវ កា​ញា​រី​ទ្ធ អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា “​កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្លាប់​បាន​លើក​ពី​បញ្ហា រាជវង្ស នៅ​ក្រៅ​ឆាកនយោបាយ​នោះ​ឡើយ ប៉ុន្ដែ​លោក​សម រ​ង្ស៊ី ធ្លាប់​លើក​បញ្ហា​នេះ ហើយ​វា​អាស្រ័យ ទៅ​លើ​ការ​សំរេចចិត្ដ​របស់​រាជវង្ស​ខ្លួនឯង​នោះ​ទេ​”​។ លោក​បន្ដ​ថា យើង​មិន​យល់​ចំពោះ​ការ​លើក​ឡើង របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ​នោះ​ទេ ព្រោះ​យើង​មិន​យល់​អំពី​ការ​លើក​ឡើង​ថា “​មិនយូរ​មិនឆាប់​រាជវង្ស នឹង​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ​”​។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​បាន​មាន​បន្ទូល​បន្ថែម​ថា នៅ​ពេល​ប្រទេស​ជាតិ​យើង​បាន ពង្រឹង​នូវ​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មានការ​ឯកភាព​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ នោះ​វា​ជា​ស្វ័យប្រវត្ដិ​ស្ដេច​ពិតជា​ឈប់ ធ្វើ​នយោបាយ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា “​ខ្ញុំ​យល់​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់ ឬ​ស្ដេច​ដទៃ​ទៀត​ក៏​មានគំនិត មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ដែរ ។ ខ្ញុំ​យល់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​ចង់ឱ្យ​ប្រទេស​យើង ដូច​ជា ប្រទេស​ស៊ុ​យ​អែ​ត ថៃ ចក្រភព​អង់គ្លេស​ជាដើម​... ប៉ុន្ដែ​នៅ​ប្រទេស​យើង​មិន​ទាន់​មានការ​គោរព​សិទ្ធិ ឬ​ប្រជាធិបតេយ្យ​រឹង​មាំ ។​

Labels:

 
 

ក្រុម​គ្រួសារ​ដែល​តុលាការ​កាត់​ឱ្យ​ចាញ់ក្ដី​​គ្រួសារ​អ្នក​ចាញ់ក្ដី​រើ​តោក​រើ​ហ៊ឹង​មក​នៅ​សាលាឃុំ

ខេត្ដកំពត ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ ដែល​មានកូន​ប្រុស​ស្រី​តូច​ធំ​ចំនួន​៧​នាក់​នៅ ភូមិ​ត្រ​ញំ​ង​ព្រីង ឃុំ​ត្រ​ញំ​ង​ព្រីង ស្រុក​កំពត បាន​នាំ​គ្នា​យំសោក​បោក​ខ្លួន​ដូច​អក​ព្រាត់​គូ ខណៈ​ពេល​ដែល​ព្រះរាជអាជ្ញា​រង​អម តុលាការ​ខេត្ដកំពត​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ទៅ​អនុវត្ដ​សាលក្រម​បណ្ដេញ​ឱ្យ​ចេញពី​ដី​ទំនាស់ ដែល​បាន​ប្ដឹងប្ដល់ គ្នា​ជាមួយ​ឈ្មោះ​ចាន់ ត្រេ​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ តាំងពី​ឆ្នាំ​១៩៨៨ ហើយ​តុលាការ​បាន​កាត់ក្ដី​ឱ្យ គ្រួសារ​ទាំង​៣​នេះ​ចាញ់ក្ដី​នៅ​ឆ្នាំ​២០០១ ប៉ុន្ដែ​មិន​ទាន់​បាន​អនុវត្ដ​សាលក្រម​នៅឡើយ​ទេ ដោយ​ទុក​បើក ផ្លូវ​ឱ្យ​ភាគី​ចាញ់ក្ដី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​បន្ដ​ទៀត តែ​គ្រួសារ​អ្នក​ចាញ់ក្ដី​ពុំ​បាន​ប្ដឹង​បន្ដ​ទៀត​ទេ ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា តុលាការ​ខេត្ដកំពត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង តុ​ប ឈុ​ន​ហេង បាន​នាំ​កម្លាំង​ចំរុះ​មាន​ប៉េ​អឹ​ម និង​ប៉ូលិស​ចុះ​មក​អនុវត្ដ​សាល​ស្រម​តែ​ម្ដង​ទៅ ។

​ក្រុម​គ្រួសារ​ដែល​ចាញ់ក្ដី​គេ​នោះ​រួម​មាន ១-​ឈ្មោះ​មាស ប៉ែ​ត អាយុ​៥៧​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​មានកូន ប្រុស​ម្នាក់ ២-​ឈ្មោះ​សេង បន់ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​៣-​ឈ្មោះ​សេង ឡៃ អាយុ​៣០​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​មានកូន​២​នាក់ ។ គ្រួសារ​ទាំង​៣​នេះ ត្រូវ​បាន​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ ព្រះរាជអាជ្ញា​រង​ចុះ​ទៅ​រុះរើ​ផ្ទះសម្បែង បណ្ដេញ​ឱ្យ​ចេញពី​ដី​ទំនាស់​ដោយ​បាន​ទាំង​ចាប់​វ៉ៃ​ខ្នោះដៃ​មិន​ឱ្យ ប្រឆាំង​តបត​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ឯ​ទ្រព្យសម្បត្ដិ​ដែល​គ្រួសារ​ទាំងនេះ មាន​បន្ដិចបន្ដួច​រួម​ទាំង​កំណាត់ ឈើ​បាក់បែក​ដែល​សល់​ពី​ការ​រុះរើ​ផ្ទះ​នោះ សមត្ថកិច្ច​បាន​ដឹក​យក​មក​គរ​ទុក​នៅ​ក្នុង​បរិវេណ សាលាឃុំ ត្រ​ញំ​ង​ព្រីង ក្រោម​ការ​ទួញ​សោក របស់​ក្រុម​គ្រួសារ​រង​គ្រោះ ។​

តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រ​ញំ​ង​ព្រីង​បានឱ្យ​ដឹង​ថា មុន​ពេល​អនុវត្ដ​សាល​ក្រុម​របស់​តុលាការ​ខេត្ដកំពត​នេះ លោក​តុ​ប ឈុ​ន​ហេង ជា​ព្រះរាជអាជ្ញា​រង​បាន​សួរ​ទៅ​ភាគី​ចុងចោទ ដែល​ជា​អ្នក​ចាញ់ក្ដី​ថា តើ​អ្នក ទាំងអស់​គ្នា ព្រម​ប្រគល់​ដី​ទៅ​ឱ្យឈ្មោះ​ចាន់ ត្រេ​ន ដើមបណ្ដឹង​ដែរ​ឬទេ​? ពេល​នោះ​ភាគី​អ្នក​ចាញ់ក្ដី ទាំង ៣​គ្រួ​សារបាន​ឆ្លើយ​យ៉ាង​ស្រុះគ្នា​ថា ពួក​ខ្ញុំ​រស់នៅ​លើ​ដី​២៥​ម៉ែត្រ × ២២​ម៉ែត្រ​នេះ តាំងពី​ឆ្នាំ​១៩៧៩​មក ម្ល៉េះ ដូច្នេះ​តើ​ឱ្យ​ពួក​ខ្ញុំ​ប្រគល់​ដី​របស់​ខ្លួន​ទៅ​ឱ្យ​គេ​ដូច​ម្ដេច​កើត​ទៅ​? ។ ក្រោយ​ពី​ឮ​ក្រុម​គ្រួសារ​ទាំង​៣ ឆ្លើយ​ប្រាប់​ដូច្នេះ លោក​ព្រះរាជអាជ្ញា​រង​បាន​ងាក​ទៅ​សួរ​ខាង​ដើមបណ្ដឹង​វិញ​ថា បើ​ខាង​ភាគី​ចាញ់ក្ដី​មិន ព្រម​ប្រគល់​ដី​មក​ឱ្យ​លោកយាយ​បែប​នេះ តើ​លោកយាយ​ព្រម​ដែរ​ឬទេ​? ភ្លាមៗ​នោះ​យាយ​ចាន់ ត្រេ​ន បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា ខ្ញុំ​ត្រូវ​តែ​យក​ដី​របស់ខ្ញុំ​មក​វិញ ពីព្រោះ​តុលាការ​បាន​កាត់ក្ដី​ឱ្យ​ខ្ញុំ​ឈ្នះ​ហើយ ។ ដោយ​មិន​អាច​ធ្វើការ​សំរុះសំរួល​គ្នា​បានជា​លើក​ចុង​ក្រោយ លោក​ព្រះរាជអាជ្ញា​រង​ក៏ បាន​សំរេច​ឱ្យ​កម្លាំង ចំរុះ​ធ្វើការ​រុះរើ​លំនៅ​ឋាន​របស់​ភាគី​អ្នក​ចាញ់ក្ដី​នៅ​ក្នុង​ខណៈ​ពេល​នោះ​តែ​ម្ដង ក្រោម​ការ​តវ៉ា​រារាំង​ពី​កូនៗ ទាំង​៧​នាក់​របស់​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ប៉ុន្ដែ​ដើម្បី​សំរេច​កិច្ចការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន អ្នក​ទាំងនោះ ដោយ​មានការ​ដាក់​ខ្នោះដៃ​ទៀត​ផង ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ហួសចិត្ដ ខ្លាំង​នោះ គឺ​ភាគី​អ្នក​ឈ្នះក្ដី​បាន​បង្គាប់​ឱ្យ​កូនចៅ​របស់​គេ​ធ្វើ​របង​ព័ទ្ធ​ដី​២៥​ម៉ែត្រ × ២២​ម៉ែត្រ​នោះ​ភ្លាមៗ​។ ចំណែក​ខាង​មន្ដ្រី​តុលាការ​ក៏​បាន​ជំរិត​ទារ​លុយ​ពី​ភាគី​អ្នក​ចាញ់ក្ដី​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ ដោយ​បញ្ជាក់ ប្រាប់​ថា ជា​ប្រាក់​សំណង​ជម្ងឺ​ចិត្ដ​អ្នក​ឈ្នះក្ដី ប៉ុន្ដែ​ភាគី​ស្ដ្រី​មេម៉ាយ​ដែល​ចាញ់ក្ដី​គេ​នោះ​បាន​និយាយ​អង្វរ តុលាការ​ទាំង​យំសោក​បោក​ខ្លួន​ថា តើ​ពួក​គាត់​មាន​លុយ​ឯណា​មក​បង់​ជម្ងឺ​ចិត្ដ​ឱ្យ​គេ​នោះ បើ​គាត់​រកតែ អង្ករ​មួយ​កំប៉ុង​ដាំ​បបរ​ឱ្យ​កូន​ហូប​មិន​បាន​ផង​នោះ ។​

ស្ដ្រី​ចំណាស់​ឈ្មោះ​មាស ប៉ែ​ត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ទាំង​ទឹកភ្នែក​ហូរ​ជោក ថ្ពាល់​ថា ដី​ទំនាស់​នេះ​គាត់​បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ហើយ​អ្នក​រង​គ្រោះ​២​គ្រួសារ​ទៀត​នោះ គឺជា​កូន​របស់​គាត់​ដែល​មក​រស់នៅ​ក្នុង​នេះ​ជាមួយ​គ្នា ចំណែកឯ​អ្នក​ដើមបណ្ដឹង​នោះ​មិន​មានផ្ទះ​សម្បែង​នៅ លើ​ដី​នោះ​ទេ​។ គាត់​បាន​និយាយ​ត្អូញត្អែរ​ទៀត​ថា កូនស្រី​របស់​គាត់​ទាំង​២​នាក់ ដែល​ជា​ស្ដ្រី​មេម៉ាយ ហើយ​មាន​កូនចៅ​ជាប់​ខ្លួន​ច្រើន​នោះ ពួក​គេ​ប្រកបរ​បរវាយ​ថ្ម​រក​កំរៃ​បាន​បន្ដិចបន្ដួច​ចិញ្ចឹម​កូន​ស្ទើរតែ​ពុំ​រស់ ឯ​រូប​គាត់​ទៅ​រាវ​ក្រែង​ក្នុង​សមុទ្រ​ដែល​ជួនកាល​រក​មិន​បាន​ទៀត​ផង ហើយ​ពេល​នេះ​ត្រូវ​តុលាការ​រុះរើ​ផ្ទះ បណ្ដេញ​ឱ្យ​ចេញពី​ដី​របស់​ខ្លួន​ទៀត តើ​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​ទីណា​វិញ​?

ទាក់ទិន​នឹង​ការ​ចុះ​អនុវត្ដ​សាលក្រម​នេះ លោក​តុ​ប ឈុ​ន​ហេង ព្រះរាជអាជ្ញា​រង​បានឱ្យ​ដឹង​ថា តុលាការខេត្ដ កំពត​បាន​កាត់ក្ដី​រឿង​ដីធ្លី​នេះ​ឱ្យឈ្មោះ​ចាន់ ត្រេ​ន ជា​អ្នក​ឈ្នះ​តាំងពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០០១ តែ​អ្នក​ចាញ់ក្ដី​មិន​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទេ រហូត​មក​ដល់​ថ្ងៃនេះ ដូច្នេះ​ហើយ​ទើប​តុលាការខេត្ដ​សំរេច​អនុវត្ដ សាលក្រម​ជា​ស្ថាពរ​។ ប៉ុន្ដែ​រឿង​ដី​ទំនាស់​នេះ​គូភាគី​ទាំង​២ សុទ្ធតែ​បាន​អះអាង​ថា​ជា​ដី​របស់​ខ្លួន​បាន​កាន់ កាប់​តាំងពី​ឆ្នាំ​១៩៧៩ ដូច​គ្នា ឯ​រូប​លោក​ផ្ទាល់ (​តុ​ប ឈុ​ន​ហេង​) ក៏​ទើបតែ​ផ្លាស់​មក​កាន់​តុលាការ ខេត្ដកំពត​នេះ បាន​ជាង​១​ឆ្នាំ​តែ​ប៉ុណ្ណោះ ។​

ចំណែក​លោក​អធិការរង​នគរបាល​ស្រុក​កំពត​វិញ​និយាយ​ថា ភាគី​ទាំង​២​និយាយ​ដូច​ជា​មិន​ប្រាកដប្រជា​សោះ ប៉ុន្ដែ​បើ​តាម​ការ​ពិនិត្យ​មើល​ភូមិសាស្ដ្រ​ដី​ទំនាស់​នោះ គឺ​ភាគី​អ្នក​ឈ្នះក្ដី​នៅ​ដាច់​ដោយឡែក​ពី​ភូមិឋាន អ្នក​ចាញ់ក្ដី​ទេ ហើយ​ភាគី​អ្នក​ចាញ់ក្ដី​ក៏​គ្មាន​ព្រំ​ដី​នៅ​ជាប់​គ្នា​ដែរ តែ​នេះ​ជា​រឿង​របស់​តុលាការ រូប​លោក​មិន ហ៊ាន​ជ្រៀតជ្រែក​នោះ​ទេ ។​

Labels:

 
 

ភី សុ​ភ័ស្ស បាត់​មុខ​យូរ​ជួប​អ្នក​ឡើង​កូដ លួ​ន សុខ​ខេ​ង

រាជធានី​ភ្នំពេញ ៖ ជ័យ កំសត់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡា​កង​យោធពល​ខេ​ម​ភូមិន្ទ ត្រូវ​បាន​ផ្គូផ្គង ឱ្យ​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ជាមួយ​សំណាង ដេ​នី អ្នក​ប្រដាល់​ក្លឹ​ប​ខេ​ម​បុ​ក្ស នៅ​សង្វៀន ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍ CTN នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ មិថុនា ខាង​មុខ​នេះ ។​

កំសត់ និង​ដេ​នី ធ្លាប់​មានឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម កាលពី​លើក​មុន ប៉ុន្ដែ​ពុំ​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​នៅឡើយ ដោយសារ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ពូ​ល ផ្សេង​គ្នា​។ ម្យ៉ាងទៀត​អ្នក​ទាំង​២ ត្រូវ​ធ្លាក់​នៅ​ក្នុង​វគ្គ​ប្រកួត​ជំ​រុះ​វិល​ជុំ​ដូច​គ្នា គឺ​មិន​បាន​ឡើង​មក​ប្រកួត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ ។ ដោយឡែក​ការ​ធ្លាក់​របស់​ដេ​នី នា​ពេល​នោះ ដោយសារ​គេ​មាន បញ្ហា​របួស​ដៃស្ដាំ មិន​អាច​ប្រកួត​កើត ហើយ​ត្រូវការ​ព្យាបាល​រយៈពេល​យូរ ប៉ុន្ដែ​បច្ចុប្បន្ន​របួស​នោះ បានជា​សះស្បើយ​ហើយ ទើប​ហ៊ាន​ឡើង​មក​ប្រកួត​សា​ជា​ថ្មី​ម្ដងទៀត ។ ទោះបី​យ៉ាងណា រវាង​កំសត់ និង ដេ​នី នៅ​តែ​មិន​អាច​សន្និដ្ឋាន​ពី​លទ្ធផល​ទុកជា​មុន​បាន​ឡើយ ព្រោះ​ពួក​គេ​ទាំង​២​នាក់​ខាន​ឡើង​សង្វៀន យូរ​គួរសម​ដែរ មិនដឹង​ថា អ្វីៗ​អាច​ប្រែប្រួល​កំរិត​ណា​នោះ​ទេ ។​

លួ​ន សុខ​ខេ​ង ក្លឹ​ប​សិង្ហ​កីឡា ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ជាមួយ​ភី សុ​ភ័ស្ស អ្នក​ប្រដាល់​នៃ​ក្លឹ​ប​ពន្លឺ​ថ្មី​ខេត្ដបាត់ដំបង ។ មួយ​រយៈ​ចុង​ក្រោយ​នេះ សុខ ខេ​ង មាន​យីអ៊ុន​ឡើង​ខ្លាំង​ណាស់ ព្រោះ​គេ​ទទួល​បាន​ជោគជ័យ​ជា​បន្ដបន្ទាប់ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ ថ្មីៗ​នេះ សុខ​ខេ​ង បាន​យកឈ្នះ​ពិន្ទុ សា​រឹម វុ​ទ្ធី អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ដោយនៅ​ក្នុង​ទឹក​ទី​២ សុខ ខេ​ង បាន​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​វុ​ទ្ធី រហូត​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ ២​លើក​ទៀត​ផង​។ ចំណែក​សុ​ភ័ស្ស​វិញ អាច​ចាត់​ទុក​ថា ជា​រៀមច្បង ព្រោះ​គេ​មាន​ប្រវត្ដិ​ប្រកួត​យូរ មក​ហើយ ក្បាច់គុន​របស់​អ្នក​ប្រដាល់​រូប​នេះ ក៏​មិនធម្មតា​ដែរ ទាំង​ស្នៀត​ទាត់ ជង្គង់ ឬ​កែង​ធ្វើ​ឱ្យ​អ្នក ស្នេហា​វិស័យ​កីឡាប្រដាល់​ទទួលស្គាល់​រូបគេ​គ្រប់ៗ​គ្នា ។ ប៉ុន្ដែ​សុ​ភ័ស្ស ត្រូវ​បាត់​មុខ​មួយ​រយៈ​យ៉ាង​យូរ មិនដឹង​ថា តើ​គេ​អាច​រក្សា​វិជ្ជា​គុន​បាន​ល្អ​ដូច​ពី​ពេល​មុន ឬ​យ៉ាងណា​នោះ​ទេ​? គូ​នេះ​ក៏​មិន​អាច​ទស្សន៍​ទាយ លទ្ធផល​ទុកជា​មុន​បាន​ដែរ គ្រាន់តែ​ដឹង​ថា ពិតជា​ធ្វើ​ឱ្យ​មានការ​ជក់ចិត្ដ​មិន​ខាន ។​

អេ សុវត្ថិ​ឌី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ជាមួយ ឯម វុ​ត្ថា ក្លឹ​ប​គ្រុឌ​មាន​ជ័យ ។ សុវត្ថិ​ឌី និង​វុ​ត្ថា ជា​អ្នក​ប្រដាល់​ស៊េរី​ថ្មី​ដូច​គ្នា ប៉ុន្ដែ​ក្បាច់គុន របស់​ពួក​គេ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ឡើយ ។ សុវត្ថិ​ឌី ប្រកួត​ចុង​ក្រោយ​បាន​យកឈ្នះ​ពិន្ទុ ចេ​ង រិ​ទ្ធី មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា រីឯ​វុ​ត្ថា​វិញ ក៏​មិនធម្មតា​ដែរ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​បាន​ឡើង​សង្វៀន ញឹកញាប់​ដូច​សុវត្ថិ​ឌី​ទេ ហេតុនេះ​ហើយ​ទើប​មជ្ឈដ្ឋាន​អ្នកលេង​ភ្នាល់​លុយ​ក្រៅ​សង្វៀន មាន​ជំនឿ​ចិត្ដ លើ​សុវត្ថិ​ឌី ច្រើន​ជាង ។​

ជាម អា​ដាំ ក្លឹ​ប​ឃ្លាំងមឿង ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​ជាមួយ​យិ​ន យឿ​ន ក្លឹ​ប​តា​ព្រហ្ម មាន​ជ័យ​។ តាម​ការ​ស្រាវជ្រាវ​ពី​ប្រវត្ដិ​ប្រកួត អា​ដាំ​ជា​សិស្ស​ប្អូន ព្រោះ​យិ​ន យឿ​ន ជា​អ្នក​ប្រដាល់ ជើង​ចាស់ ធ្លាប់​មានឈ្មោះ​ជា​យូរ​មក​ហើយ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​មានការ​វិវឌ្ឍន៍​វិជ្ជា​គុន​ប៉ុន្មាន ទេ ដូច្នេះ​ការ​មក​ប៉ះ​ជាមួយ​អា​ដាំ​ជា​សិស្ស​ប្អូន​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា អាច​យកឈ្នះ​នោះ​ដែរ ។​

ផល សីហា ក្លឹ​ប​យុវជន​អង្គរ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ​ម៉​ន សំណាង ក្លឹ​ប​ព្រែក ឯង​កីឡា ។ ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​សាកល ជា ហេង ក្លឹ​ប​ពន្លឺ​ខេមរា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ ទម្ងន់​៥១​គីឡូក្រាម​ជាមួយ​ខុន រ​ដ្ឋា ក្លឹ​ប​កងរថក្រោះ​។ រីឯ ម៉ាក់ សា​មឿ​ន មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ ពេជ្រ សីហា ក្លឹ​ប​តា​ខ្មៅ​មាន​រឹទ្ធិ ខេត្ដកណ្ដាល ។​

Labels:

 
 

បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា​​ពន្យារពេល​ធ្វើ​សមាជ​ខណៈ​មិន​ទាន់​មានច្បាប់​ផ្លូវការ

រាជធានី​ភ្នំពេញ ៖ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា អ្នកនាំពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សមាជ​គណបក្ស សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​ថា គំរោងការ​រៀបចំ​សមាជ របស់​គណបក្ស​នេះ ត្រូវ​ពន្យារពេល​វិញ ដែល​ពី​មុន​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៧​។ ការ ពន្យារពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទាន់​អនុញ្ញាត​ច្បាប់​ជា​ផ្លូវការ ដល់​គណបក្ស ចំពោះ​ស្នាម​មេដៃ​គាំទ្រ​ច្បាស់លាស់ ដែល​គណបក្ស​បាន​ដាក់​ជូន​ទៅ​ក្រសួង​កន្លង​មក ។

​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ នូវ​លក្ខន្ដិកៈ ព្រមទាំង​ឈ្មោះ​អ្នក​បង្កើត​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ ប្រមាណ​ជា​៦.០០០​នាក់ ដែល​លើស​ពី​តម្រូវការ​របស់​ក្រសួងមហាផ្ទៃ​ទៅ​ទៀត ។ លោក​បន្ដ​ទៀត​ថា នៅ​ក្នុង​ចំនួន​មេដៃ ទាំងនោះ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​តែ​ជាង​២.០០០​ប៉ុណ្ណោះ ហើយ​ក្រៅពី​នេះ​ទៀត​ថា មាន​ភាព មិន​ទាន់​ច្បាស់លាស់​នោះ​ទេ ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​កោះសន្ដិភាព​បាន​ទទួល ឱ្យ​ដឹង​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​សាលាក្រុង​ភ្នំពេញ ដើម្បី​សុំ​កិច្ចសហការ ក្នុង​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ផ្ញើ​ទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ខ្ចី​អគារ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ប្រារឰ​ពិធី​សមាជ​របស់​គណបក្ស ។ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព ដល់​គណបក្ស​សិទ្ធិ​មនុស្ស​នៅឡើយ ដោយ​ឯកសារ​នៃ​ការ ចុះបញ្ជី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២២ ឧសភា​នោះ ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​កែសំរួល និង​បំពេញបន្ថែម​ឯកសារ​មួយ​ចំនួន​ទៀត​។ លោក​បន្ដ​ថា សាលាក្រុង ភ្នំពេញ​អះអាង​ថា ការ​សុំ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​សមាជ​នោះ រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ សិន ។​

អ្នកនាំពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹង​ទៀត​ថា អាស្រ័យ​ដោយ​មិន​ទាន់​បាន​ទទួល​លិខិត​ផ្ដល់​សុពល ភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ពី​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​អប់រំ​ក៏​មិន​ទាន់​ឱ្យ​ខ្ចី​អគារ​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ធ្វើ​ជា​កន្លែង​ប្រារឰ​ពិធី​សមាជ ទើប​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ដំណើរការ​រៀបចំ សមាជ​ដំបូង​របស់​គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ប្រព្រឹត្ដ​ទៅ​បាន​តាម​ការ​គ្រោងទុក​ទាន់​ពេលវេលា​ទេ ហើយ គណបក្ស​បាន​សំរេច​លើក​ពេលវេលា​ប្រារឰ​ពិធី​សមាជ ទៅ​ពេល​ក្រោយ​វិញ ។​

លោក​សក់ សេដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់ កោះសន្ដិភាព តាម​ទូរស័ព្ទ​ថា ក្រសួងមហាផ្ទៃ​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យទៅ​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក​កឹ​ម សុខា នោះ​ទេ ។ ក្រសួង​បាន​ទទួល​ការ​ស្នើ​សុំ​នេះ​ហើយ ប៉ុន្ដែ​ដោយ​តម្រូវការ​បន្ថែម​ទៅ លើ​ឯកសារ​មួយ​ចំនួន​រួម​មានការ​ផ្ដិត​មេដៃ​ពី​អ្នកគាំទ្រ​មិន​មាន​ភាព​ច្បាស់លាស់ ក្រសួង​តម្រូវ​ឱ្យ​គណបក្ស នេះ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ព្រោះ​មាន​ស្នាម​មេដៃ​ខ្លះ​រលុប​មិន​ច្បាស់ ។​

លោក​បន្ដ​ទៀត​ថា យោង​តាម​ច្បាប់ គឺ​ក្រសួង​តម្រូវ​ឱ្យ​ការ​ដាក់​ពាក្យ​នោះ​មានឈ្មោះ​ប្រធាន​បក្ស លក្ខន្ដិកៈ របស់​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន​បួន​ពាន់​នាក់ ដាក់​ទៅ​ក្រសួងមហាផ្ទៃ​។ លោក​អះអាង​ថា ក្រសួង​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ តែ​ត្រូវ​បំពេញ​ឯកសារ​តាម​ផ្លូវច្បាប់ កំណត់ ។ ប៉ុន្ដែ​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ថា ការ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព​ដល់​គណបក្ស​សិទ្ធិ​មនុស្ស និង​ការ​ពន្យារពេល​សមាជ​វិញ​នោះ វា​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ចំពោះ​អ្នកគាំទ្រ​មក​ពី​ក្រៅប្រទេស ដែល គ្រោង​ចូលរួម ព្រមទាំង​ក្រុមប្រឹក្សា​ជាតិ​មក​ពី​តាម​ខេត្ដ​-​ក្រុង​ចំនួន​៨​ផង​ដែរ នៅ​ទូ​ទាំង​ប្រទេស ។​

លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ស​ប្ដា​ហ៍​មុន​ថា ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​របស់​លោក​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ចំពោះ​ស្នាម​មេដៃ​អ្នកគាំទ្រ និង​ទីលំនៅ បច្ចុប្បន្ន​ផង ។ លោក​បន្ដ​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​ឯកសារ​មួយ​ចំនួន​តាម តម្រូវការ​របស់​ក្រសួង​ក្នុង​ការ​បង្កើត​គណបក្ស​រួច​ហើយ​នា​ពេល​កន្លង​មក ។​

លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក នៅ​មិន​ទាន់​បាន​រៀបចំ​រចនាសម្ព័ន្ធ​នៅឡើយ​ទេ ដោយ​រង់ចាំ​សំរេច​តាម​រយៈ​សមាជ​ជ្រើសរើស ព្រោះ គណបក្ស​នេះ​កើតឡើង​ពី​ប្រជាពលរដ្ឋ​។ លោក​បន្ដ​ទៀត​ថា “​បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​របស់​ក្រុមប្រឹក្សា​ជាតិ មក​ពី​ខេត្ដ​-​ក្រុង និង​ស្រុក ព្រមទាំង​អ្នក​ខ្លះមក​ពី​បរទេស​ផង​នោះ ទើប​មានការ​សំរេច​ពី​ការ​បង្កើត​រចនា សម្ព័ន្ធ​របស់​គណបក្ស​នៅ​ពេល​នោះ​” ។​

Labels: ,

 
 

យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​រង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត

រាជធានី​ភ្នំពេញ ៖ យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​ម្នាក់ បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ជន​ដៃដល់​២​នាក់ ដែល​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ចាក់​ស្រោច​ទឹក​អាស៊ីត​ពីលើ​បណ្ដាល​ឱ្យ​រោល​រលាក​ពេញ​ខ្លួនប្រាណ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ចំណុច​កែង​មហាវិថី ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ មុខ​មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ​។ ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល សិស្ស​រូប​នោះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វិទ្យាល័យ​ឆ្ពោះទៅ​ផ្ទះ​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧ មក​រា ដែល​មាន​ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។​

នេះ​ជា​ការ​វាយប្រហារ​ថ្មី​មួយទៀត​ពី​សំណាក់​ជនល្មើស ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​ធ្វើ​ជា​អាវុធ បន្ទាប់​ពី ការ​វាយប្រហារ​បែប​នេះ​បាន​ស្ងប់ស្ងាត់​យូរ​មក​ហើយ ។ ទោះបីជា​បែប​ណា ការ​វាយប្រហារ​បែប​នេះ​គេ ច្រើន​កត់​សំគាល់ថា កើតឡើង​តែ​ទៅ​លើ​ស្ដ្រី ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ប្រពន្ធចុង ឬ​ជា​ស្ដ្រី​កំណាន់ ហើយ នារី​ដែល​រង​គ្រោះ​មិន​ធ្លាប់​មាន​ជា​សិស្សសាលា​នោះ​ទេ ដូច្នេះ​ការ​វាយប្រហារ​លើ​សិស្ស​នារី​វិទ្យាល័យ​នេះ គឺជា​លើក​ទី​មួយ​ហើយ ។​

តាម​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា គេ​បានឃើញ​នារី​រង​គ្រោះ និង​មិត្ដភក្ដិ ៣​នាក់​ទៀត​ចេញ​មក​ពី​វិទ្យាល័យ​វត្ដ​កោះ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៩​ឆ្ពោះទៅ ទិស​ខាងលិច ដោយ​មាន​ទឹកមុខ​ញញឹមញញែម និង​និយាយ​គ្នា​បណ្ដើរ​ដើរ​បណ្ដើរ ។ លុះ​មក​ដល់​មុខ មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ដែល​មា​នទី​តាំងនៅ​កែង​មហាវិថី​ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ ស្រាប់តែ​មាន​យុវជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន C125 ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី បាន​បើក​មក​ពីក្រោយ ដោយ​អែប​ម៉ូតូ​ក្បែរ​នារី​រូប​នោះ រួច​លើក​ធុង​ពណ៌​ផ្កាឈូក​មួយ ចាក់ទឹក​ស្រោច​ពីលើ​ក្បាល​នាង​ទទឹកជោក បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​បើក​ម៉ូតូ​បត់​ទៅ​ទិស​ខាងជើង តាម​មហាវិថី​ព្រះ​មុនី​វង្ស​គេចខ្លួន​បាត់​ស្រមោល ទៅ​។ ខណៈ​ពេល​ដែល​យុវជន​ស្ទាវ​បើក​ម៉ូតូ​ចេញ​ទៅ​បាត់ ក៏​ឮ​សំលេង​ស្រែក​ទ្រហោយំ​ឱ្យ​ប្រជាពលរដ្ឋ ដូច​ជា​មិត្ដភក្ដិ​រួម​ដំណើរ​ជួយ ព្រោះ​នាង​ទទួល​រង​នូវ​ភាព​ក្ដៅក្រហាយ​ស្បែក​ក្បាល និង​ខ្លួន​យ៉ាង​ខ្លាំង ទើប ម្នាក់ៗ​ភ្ញាក់ផ្អើល​ថា​ជា​ទឹក​អាស៊ីត ។​
​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​លើកយក​ទៅ​ដាក់​នៅ​មុខ​សណ្ឋាគារ​ញូ​វ​យ៉​ក ហើយ​អ្នកខ្លះ​យក​ទឹក​មក​ស្រោច ពីលើ​ក្បាល និង​ខ្លះ​ទៀត​យក​ទឹកកក​ស្អំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដ៏​ក្ដៅ​រោលរាល​នោះ រួច​បន្ទាប់ មក​ក៏​ត្រូវ​បាន​គេ​ដឹក​ភ្លាមៗ​ទៅ​កាន់​គ្លី​នី​ក​ឯកជន​មួយ ព្រោះ​មុខរបួស​មាន​ស្ថានភាព​ខ្មៅ​កន្ទួល​បណ្ដើរៗ ទៅ​ហើយ​។ នៅ​កន្លែង​កើតហេតុ មាន​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា ច្រងេងច្រងាង ព្យាយាម​រារាំង​អ្នកកាសែត​មិន​ឱ្យ​ថត​នារី​រង​គ្រោះ​ដែល​ត្រូវ​គេ​ជះ​ទឹក​អាស៊ីត​នេះ​ទេ ដែល​មិនដឹង​ថា​មក​ពី មូលហេតុ​អ្វី ហើយ​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​ស្ទាវ​ដែល​ទំនងជា​មិត្ដភក្ដិ​បាន​នាំ​គ្នា​មក​រារាំង និង​ហាមឃាត់ អ្នកកាសែត​ដែរ​។ នារី​រង​គ្រោះ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ គី​រី ចរិយា អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​វត្ដ​កោះ រៀន​ថ្នាក់​ទី​១១ ស្នាក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ​។​

មន្ដ្រី​ប៉ូលិស​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ដោយ​មិន​ផ្លូវការ​ថា អំពើ​ហិង្សា​ជះ​ទឹក​អាស៊ី​តទៅ​លើ សិស្ស​នារី​នោះ ទំនងជា​កើត​ចេញពី​ស្នេហា​ត្រីកោណ ក៏​ប៉ុន្ដែ​ក្រុម​គ្រួ​សារបាន​អះអាង​ថា នារី​រង​គ្រោះ មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ទេ ហើយ​រឿង​ស្នេហា​គូ​កំណាន់​ក៏​គ្មាន​ដែរ ។ ចំណែក​ប្រភព ព័ត៌មាន​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​នារី​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្លាកស្នាម​ជះ​ទឹក​អាស៊ីត​មាន​សភាព ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃមុខ និង​ដៃ​ទាំង​សងខាង ហើយ​ទំនងជា​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​។ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ត្រូវ​បានឱ្យ​ដឹង​ភ្លាមៗ​នោះ​ទេ ជុំវិញ​ការ​វាយប្រហារ​ដោយ ទឹក​អាស៊ីត​នេះ​។​

​ការ​តាមដាន​អាច​និយាយ​បាន ទី​១-​បើសិនជា​នាង​គ្មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ម្នាក់ ឬ​ទាក់ទង​នឹង​ស្នេហា ត្រីកោណ ឬ​មាន​បញ្ហា​ផ្សេង​ដែល​ស្មាន​មិន​ដល់ ការ​វាយប្រហារ​ទាំង​កំរោល​របស់​ជន​ស្ទាវ​ទាំង​២​នាក់​នោះ អាច​ជា​ការ​ភាន់ច្រឡំ​មនុស្ស ចំណែក​ទី​២-​ក៏​អាច​និយាយ​បាន​ថា បើ​គ្មាន​ភ្លើង​ពិតជា​គ្មាន​ផ្សែង​ទេ ។ ទោះបី ជា​យ៉ាងណា ការ​ប្រើប្រាស់​ទឹក​អាស៊ីត​វាយប្រហារ​ទៅ​លើ​គូប​ដិ​បក្ស​បែប​នេះ ត្រូវ​តែ​ថ្កោលទោស ព្រោះ​ជា ការ​បង្ក​នូវ​ក្ដី​ឈឺចាប់​អស់​មួយ​ជីវិត ប្រសិនបើ​មិន​ស្លាប់ អ្នក​រង​គ្រោះ​នឹង​ក្លាយទៅជា​ខ្មោច​មិន​ខ្មោច មនុស្ស​មិន​មនុស្ស រស់​មិន​រស់ ស្លាប់​មិន​ស្លាប់ គឺជា​ការ​ចងកម្ម​វេរា​គួរ​ឱ្យ​រន្ធត់​ដែល​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មិន​ត្រូវធ្វើ​ឡើយ ។​

Labels: , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.