<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រាជរដ្ឋាភិបាល​រៀបចំ​រួចរាល់​ហើយ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៧ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី មាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ក្រោម​អធិបតីភាព​លោក​ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​លោក​សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ដើម្បី​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​លើ​របាយការណ៍​ស្ដី​ពី​លទ្ធផល​សំខាន់ៗ​នៃ​ការ​អនុវត្ដន៍ កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ក្នុង​ឆ្នាំ​២០០៦ និង​ទិស​ដៅ អនុវត្ដ​ការងារ​បន្ដ ។

​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​លទ្ធផល​ចម្បង ដែល​ក្រសួង​-​ស្ថាប័ន​ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្ដិធម៌​សម្រេច​បាន​មាន​ជា​អាទិ៍ ៖ លទ្ធផល​នៃ​ការ​អនុវត្ដ​សូចនាករ​តាមដាន​រួម (Joint Monitoring Indicators) ឆ្នាំ​២០០៦ ពាក់ព័ន្ធ​ដល់​ការ​តាក់តែង និង​ការ​អនុម័ត​ច្បាប់​ជា​មូលដ្ឋាន​នៃ​យុ​ត្ថា​ធិ​ការ​តុលាការ មាន​ដូច​តទៅ ៖ ក្រម​នីតិវិធី​រដ្ឋប្បវេណី ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០០៦ ។ សេចក្ដី​ព្រាង​ក្រមរដ្ឋប្បវេណី​ត្រូវ​បាន​ពិនិត្យ​ជិត​ចប់​ហើយ ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា​។ ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ​ត្រូវ​បាន​ពិនិត្យ​ចប់​ហើយដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ រដ្ឋសភា ហើយ​នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រជុំ​ពិភាក្សា នៃ​រដ្ឋសភា ។ សេចក្ដី​ព្រាង​ក្រមព្រហ្មទណ្ឌ កំពុង​តែ​សម្រួល​ដោយ​ក្រសួងយុត្ដិធម៌ ជាមួយ​ភាគី​បារាំង​ដើម្បី​ឱ្យ​រលូន​ជាមួយនឹង​ច្បាប់​ពាក់ព័ន្ធ​ដទៃ ទៀត​។ សេចក្ដីព្រាងច្បាប់​អង្គការ​ស្ដី​ពី​ការ​ចាត់តាំង​អង្គការ​តុលាការ និង​អយ្យការ​ក្រសួងយុត្ដិធម៌ បាន​បញ្ជូន​ទៅ​សុំ​យោបល់​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រួច​ហើយ កាលពី​ថ្ងៃ​ទី​៧ មីនា ឆ្នាំ ២០០៧ ។ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​កំពុង​ពិនិត្យ​ឡើង​វិញ ដោយ​ក្រុមប្រឹក្សា អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ជាមួយ​ក្រសួងយុត្ដិធម៌​។ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ ប្រព្រឹត្ដ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្រសួងយុត្ដិធម៌​កំពុង​ពិនិត្យ​ឡើង​វិញ​។ សេចក្ដីព្រាងច្បាប់ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​បាន​រៀបចំ​រួច​ហើយ តែ​នៅ​រង់ចាំ​ការ​អនុម័ត​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​ជា​មុន​សិន ។​

លទ្ធផល​នៃ​ការ​អនុវត្ដន៍​គំរោង​តាម​រយៈ​ដៃគូ​អភិវឌ្ឍន៍​រួម​មាន ៖ ការ​រៀបចំ និង បញ្ចប់​ការ​ស្ទង់​មតិ​លើ ជំនួយ​ផ្នែក​ច្បាប់ និង​ការ​រៀបចំ​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​ជាតិ (​USAid) តាម​រយៈ​ដៃគូ​ផ្ទាល់​របស់​ខ្លួន គឺ​វិទ្យាស្ថាន​គ្រប់គ្រង បូព៌ា​-​បស្ចិម​(​EWMI) ។ ក្រមសីលធម៌​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​បាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ ក្រម​អនុម័ត ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ ២០០៧ ហើយ​គោលការណ៍​ក្រមសីលធម៌ ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​បង្រៀន​នៅ​សាលា​ចៅក្រម និង​សាលា​មេធាវី​ផង ដែរ​។ ការ​សិក្សា​រៀបចំ​ទិន្នន័យ​អំពី​កម្មវិធី​យល់​ដឹង​ពី​សិទ្ធិ​មូលដ្ឋាន​នៅ​កំរិត​សហគមន៍ និង​ទិន្នន័យ​វិវាទ ដីធ្លី ការ​ចងក្រង​សេចក្ដីសំរេច​ស្ថាពរ​របស់​តុលាការ ការ​ពង្រីក​ការ​បោះពុម្ព​រាជកិច្ច និង​ការ​ពង្រឹង​យុត្ដិធម៌ មូលដ្ឋាន ដែល​ឧបត្ថម្ភ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (​UNDP) តាម​រយៈ​គំរោង​សិទ្ធិ ទទួល​បាន​យុត្ដិធម៌​នៅ​កម្ពុជា ។ ការ​ពង្រីក​ការ​អនុវត្ដន៍​តុលាការ​គំរូ​នៅ​តាម​តុលាការខេត្ដ​ក្រុង​មួយ ចំនួន​ទៀត ក្រៅពី​តុលាការ​ខេត្ដកណ្ដាល ដែល​បាន​ធ្វើ​រួច​ហើយ រួម​មាន​តុលាការក្រុង​ភ្នំពេញ តុលាការ ខេត្ដកំពង់ចាម និង​ខេត្ដបន្ទាយមានជ័យ ដើម្បី​ជា​ការ​អនុវត្ដន៍​សាកល្បង​នូវ​អ្វី​ដែល​យើង​យល់​ថា​ល្អ​លើ​បទ ពិសោធន៍​បច្ចុប្បន្ន​សំរាប់​ឯករាជ្យ និង​មាន​ទំនុកចិត្ដ ។ គំរោង​នេះ​ស្ថិត​ក្នុង​គំរោង CCJAP III ឧបត្ថម្ភ​ដោយ AusAid និង DANIDA/DIHR ។ ដោយឡែក​អង្គការនីតិប្បញ្ញតិ​បាន​អនុម័ត​ផ្ដល់​ថវិកា​ជូន​ក្រសួងយុត្ដិធម៌ ដើម្បី​សាងសង់​តុលាការខេត្ដ​ចំនួន​៣​គឺ ខេត្ដក្រចេះ ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ធំ និង​សាល​សវនាការ មួយ​នៅ​ខេត្ដបាត់ដំបង ។ ចំពោះ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​អង្គភាព​សម្របសម្រួល អចិន្ដ្រៃយ៍ និង អង្គភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ បាន​ធ្វើការ​សម្របសម្រួល ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងយុត្ដិធម៌ ដើម្បី​អនុវត្ដ​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កំណែទម្រង់ ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​កាលពី​ថ្ងៃ​ទី​១៦ ទី​៣០ ខែសីហា និង​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០៦ ដែល បាន​សម្រេច​ឱ្យ​សិក្សា​រៀបចំ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ស្មើនឹង​តុលាការ​ថ្នាក់ដំបូង (​ខេត្ដ​-​ក្រុង​) និង​ឱ្យ មាន​សភា​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នៅ​សាលាឧទ្ធរណ៍ និង​នៅ​តុលាការ​កំពូល ។ ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការ​សិក្សា​លំអិត​អំពី​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​កំពុង​រៀបចំសេចក្ដី​ច្បាប់​ស្ដី​ពី​តុលាការ ពាណិជ្ជកម្ម ក្រោម​ការ​ឧបត្ថម្ភ​របស់ UNDP និង ADB ។ ដោយឡែក​ច្បាប់​ស្ដី​ពី​ម​ជ្ឈ​ត្ដ​ការ​ផ្នែក ពាណិជ្ជកម្ម ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​រួច​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ន កំពុង​តែ​រៀបចំ​ការ​អនុវត្ដន៍ ។​

ការ​ទំនាក់ទំនង​
​អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍ និង​អង្គភាព​គ្រប់គ្រង​គម្រោង​បាន​ធ្វើ​ទំនាក់ទំនង ព្រមទាំង​ស្វះស្វែង ធ្វើការ​ពន្យល់​ផ្សព្វផ្សាយ ដើម្បី​បញ្ចូល​គម្រោង​កំណែទម្រង់​ច្បាប់ និង តុលាការ​ទៅ​ក្នុង​ក្រប​ខណ្ឌ​សំរាប់ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស និង​សហគមន៍​អ្នក​ផ្ដល់​ជំនួយ​សម្រាប់​បន្ដ​ពី​ឆ្នាំ​២០០៦​នេះ​ទៅ ដូច​ជា​ជំនួយ អភិវឌ្ឍន៍​របស់​អូស្ដ្រាលី (AusAid) តាម​រយៈ​គម្រោង CCJAP III សហគមន៍ អឺរ៉ុប (EU) និង​ភ្នាក់ងារ ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​អន្ដរជាតិ​ដា​ណឺ​ម៉ាក (DANIDA/DIHR) ជាដើម ។ របាយការណ៍​បាន​លើក​ទិស​ដៅ សម្រាប់​អនុវត្ដ​ជា​បន្ដ​ក្នុង​នោះ​ការងារ​សំខាន់ៗ​មាន​ជា​អាទិ៍ៈ ជំរុញ​នីតិវិធី​តាក់តែង​ច្បាប់​ឱ្យ​បាន​ចេញ​ឆាប់​។ ទំនាក់ទំនង​រក​ដៃគូ​អនុវត្ដ​គម្រោង​បង្កើត​ការិយាល័យ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ (Ombudsman) ។ ជំរុញ ការ​អនុម័ត​ច្បាប់​ដែល​បាន​បញ្ជូន​ទៅ​រដ្ឋសភា ។ រៀបចំ​ផែនការ​អនុវត្ដ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់ ។ ជំរុញ ការ​បង្កើត​តុលាការ​/​សភា ពិសេស​ទៅ​តាម​តម្រូវការ​ដូច​ជា​តុលាការ ពាណិជ្ជកម្ម រដ្ឋបាល អនីតិជន ។​ល​។ ពង្រីក​ការ​អនុវត្ដន៍​គម្រោង​តុលាការ​គំរូ​នៅ​តាម​ខេត្ដ​-​ក្រុង​ផ្សេង​ពី​តុលាការ​ខេត្ដកណ្ដាល ។ រៀបចំ​ការ​តាក់ តែង​ក្រមសីលធម៌​សម្រាប់​មន្ដ្រី​តុលាការ​ផ្សេងៗ​ទៀត ។ បង្កើត និង ពង្រឹង​យន្ដការ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ ។ ពង្រឹងសមត្ថភាព​មន្ដ្រីរាជការ​តាម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ និង យុត្ដិធម៌ ។ បញ្ចប់​ការ​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​។ ធ្វើ​បច្ចុប្បន្នភាព បញ្ជី​គម្រោង​កំណែទម្រង់ ច្បាប់ និង​តុលាការ ។ រៀបចំ​ប្រព័ន្ធ​សូចនាករ​តាមដាន​សំរាប់​វិស័យ​ច្បាប់ និង​យុត្ដិធម៌​ទាំងមូល ដើម្បី​វាស់វែង​ភាព​ជឿនលឿន នៃ​ការ​អនុវត្ដន៍​កម្មវិធី​សកម្មភាព ។ ពង្រឹង សមត្ថភាព​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ដ​កម្មវិធី សកម្មភាព​កំណែទម្រង់​ច្បាប់ និង​តុលាការ ដោយ​បន្ដ​កិច្ច សហប្រតិបត្ដិការ​ជាមួយ DIHR ។ ជំរុញ​ការ​អនុវត្ដន៍​គម្រោង CCJAP III ដោយ​សហការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​ជាមួយ AusAid និង DANIDA ។ បន្ដ​ធ្វើការ​ផ្សព្វផ្សាយ​ទំនាក់ទំនង និង​សម្រប សម្រួល​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការ​អនុវត្ដន៍​សកម្មភាព សម្រាប់​កំណែទម្រង់ ច្បាប់ និង​តុលាការ ដែល​នៅ​សេសសល់​ឱ្យ​បាន​លឿន និង​ឱ្យ​បាន​ច្រើន​ថែម​ទៀត ។ របាយការណ៍​នេះ​រៀបចំ ដោយ​អង្គ​ក​ភាព​គ្រប់គ្រង​គម្រោង​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ហើយ​បាន​ដាក់​ជូន អង្គភាព​សម្របសម្រួល​អចិន្ដ្រៃយ៍​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៤ ខែ មេ​សា ឆ្នាំ​២០០៧ ។

​បន្ទាប់​ពី​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​បាន​ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​រួច របាយការណ៍​នេះ​នឹង​រៀបចំ​ដាក់​ជូន ឧត្ដម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ និង​រាជរដ្ឋាភិបាល ដើម្បី​បាន​ជ្រាប អំពី​ការងារ​ដែល​វិស័យ​កំណែទម្រង់​ច្បាប់ និង​តុលាការ​បាន​អនុវត្ដ និង​សម្រេច​បាន​នៅ​ក្នុង​ដំណាក់កាល ទី​២​នៃ​ការ​កែទម្រង់​ក្រោយ​ពី​ដំណាក់កាល​ទី​១ នៃ​ការ​រៀបចំ​ចក្ខុវិស័យ យុទ្ធសាស្ដ្រ និង កម្មវិធី​សកម្មភាព សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ​ត្រូវ​បាន​បញ្ចប់ នៅ​ពេល​ដែល​គណៈ​រដ្ឋ មន្ដ្រី​បាន​អនុម័ត​កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ដ​យុទ្ធសាស្ដ្រ កំណែទម្រង់​ច្បាប់ និង​តុលាការ កាលពី​ថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ​២០០៥ ។​

របាយការណ៍​នេះ ក៏​នឹង​ត្រូវ​ចែក​ជូន​សហគមន៍​អ្នក​ផ្ដល់​ជំនួយ និង​អ្នក​ពាក់ព័ន្ធ​ឯទៀត រួម​ទាំង​សង្គម​ស៊ី​វិល ផង​ដែរ ដើម្បី​ឱ្យ​បានដឹង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង តុលាការ ។​

Labels: ,

 
 

អនាគត​របស់​រាជវង្ស​ដែល​កំពុង​ធ្វើ​នយោបាយ​​ទ្រង់​ធ​ម្មិ​កោ​រំពឹង​ថា​នឹង​មានការ​ចាកចេញ​បន្ដបន្ទាប់

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ អតីត​អគ្គ​ប្រតិភូ​របស់​គណបក្ស​រណសិរ្ស​សង្គម​ជាតិ និយម ដែល​ទើបតែ​ប្រកាស​រំលាយ​រចនាសម្ព័ន្ធ​គណបក្ស​របស់​ព្រះ​អង្គ​មក​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​បន្ទូល កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ថា “​ការ​ដឹកនាំ​រាជា​និយម​មាន​តែ សម្ដេចក្រុមព្រះ​ទេ​ដែល​ជា​ស្ដេច​ធំ​ជាងគេ ហើយ​រាជវង្ស​ដទៃ​ទៀត​អាច​ដឹកនាំ​ជំនួស​ព្រះ​អង្គ​បាន ប្រ​សិន បើ​ព្រះ​អង្គ​លាឈប់ តែ​នៅ​ពេល​សម្ដេចក្រុមព្រះ​នៅ​ក្នុង​ឆាកនយោបាយ​នោះ គ្មាន​រាជវង្ស​ណា​ធំ​ជាង ព្រះ​អង្គ​ក្រុមព្រះ​បាន​ទេ​”​។ ព្រះ​អង្គ​ម្ចាស់​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ទោះបី​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស នរោត្ដម រណឫទ្ធិ បាន​ទទួល​ពីរ​-​បី​កៅអី​ដែរ​ក៏​ដោយ វា​ជា​ការ​អាម៉ាស់មុខ សម្បើម​ណាស់ ហើយ​បើ​រាជា​និយម​មិន​រួបរួម​គ្នា​ទេ កម្លាំង​រាជា​និយម​អស់​អនាគត​ហើយ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​នោះ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធ​ម្មិ​កោ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជាមួយ ក្រុម​អ្នកកាសែត​នៅ​ក្រោម​ដើម​អំពិល​ក្បែរ​មន្ទីរ​រដ្ឋសភា ដែល​ជា​ការ​ភ្ញាក់ផ្អើល​មួយ ព្រោះ​កម្រ​មាន ។ ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​ទៀត​ថា គណបក្ស​នរោត្ដម រណប​ទ្ធិ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គួរតែ​រួម​គ្នា​ហើយ មិន​អាច​និយាយ​ថា គណបក្ស​នរោត្ដម រណឫទ្ធិ រំលាយខ្លួន​នោះ​ទេវា​មិន​សម​ទេ ព្រោះ​គ្មាន​ឥស្សរជន​ណា ចង់ឱ្យ​រំលាយ​បក្ស ដូច​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម​នោះ​ទេ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា មាន​ប្រទេស ជា​ច្រើន​សែ​រាជវង្ស​មិន​ធ្វើ​នយោបាយ​ដូច​ជា​ថៃ អង់គ្លេស ជប៉ុន​... អត់​មាន​គណបក្ស​រាជា​និយម​ទេ ។​

ព្រះ​អង្គ​ម្ចាស់​បាន​គូសបញ្ជាក់​បន្ដ​ថា យោង​តាម​ប្រទេស​មួយ​ចំនួន​ខាងលើ​នោះ គេ​មិន​មានការ​ជំរុញ​ណា មួយ​ឱ្យ​ក្រុម​ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ និង​តម្រូវ​ឱ្យ​មាន​គណបក្ស​រាជា​និយម​នោះ​ទេ ។ ព្រះ​អង្គ​ម្ចាស់​បន្ដ ថា “​ការ​មិន​តម្រូវ​ឱ្យ​រាជវង្ស​ធ្វើ​នយោបាយ ដោយសារ​តែ​គំនិត​របស់​រាជា​និយម​នោះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង សង្គម​នៃ​ប្រទេស​គេ​ទៅ​ហើយ ។ ដូច្នេះ​តាម​យោបល់​ខ្ញុំ​ថា ស្ដេច​ខ្មែរ មិន​គួរ​ធ្វើ​នយោបាយ​ទេ ហើយ​ខ្ញុំ បាន​សរសេរ​អត្ថបទ​មួយ​ក្នុង​ឆ្នាំ​២០០៤ មាន​ចំណងជើង​ថា ស្ដេច​ខ្មែរ​មិន​គួរ​ធ្វើ​នយោបាយ​ទេ​” ។​

ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ទៀត​ថា ព្រះ​អង្គ​នៅ​ស្រុក​ខ្មែរ​យូរ​មក​ហើយ តែ​ហេតុ​អ្វី​បានជា​សំរេចចិត្ដ​ចូល ប្រឡូក​ក្នុង​ឆាកនយោបាយ​ទៀត ហើយ​ព្រះ​អង្គ​មិន​ចង់​ធ្វើ​នយោបាយ​ទេ ។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា “​ស្រុក​ខ្មែរ​មិន​ចាំបាច់​ធ្វើ​ច្បាប់​ទេ ដល់​ដំណាក់កាល​មួយ ស្ដេច​ត្រូវ​តែ​ចេញពី​ឆាកនយោបាយ ក៏​ប៉ុន្ដែ យើង​ត្រូវ​តែ​រៀបចំ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​...​បើ​យើង​ធ្វើ​បាន​វា​មាន​តំលៃ​ចំពោះ​ជាតិ​ផង និង​ប្រជារាស្ដ្រ ផង​។ ជា​គំនិត​របស់ខ្ញុំ ស្ដេច​ពុំគួរ​ធ្វើ​នយោបាយ​នោះ​ទេ​” ។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា ៉​វា​ផ្ទុយ​នឹង​ស្ដេច​ដឹកនាំ គណបក្ស នៅ​ពេល​ស្ដេច​ដឹកនាំ​គណបក្ស​ហើយ​វា​ត្រូវ​តែ​ប្រឆាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត ” ។​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ចរន្ដ​មួយ​បាន​លើក​ឡើង​ថា សែ​រាជវង្ស​គួរ​នៅ​ក្រៅ​ឆាក នយោបាយ​។ ក្រោយមក​សែ​ព្រះរាជ​វង្ស​មួយ​ចំនួន​បាន​ប្រតិកម្ម​ថា រដ្ឋធម្មនុញ្ញ​មិន​បាន​ហាមឃាត់​មិន​ឱ្យ ស្ដេច​ធ្វើ​នយោបាយ​នោះ​ទេ ព្រោះ​ស្ដេច​ក៏​ដូច​រាស្ដ្រ​ដែរ មាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ដូច​គ្នា​។ ប៉ុន្ដែ​ពេល​នេះ មាន​ព័ត៌មាន​លេចឮ​ថា សម្ដេច​នរោត្ដម សិរី​វុ​ឌ្ឍ គ្រោង​លាឈប់​ពី​ឆាកនយោបាយ ខណៈ​ដែល​ម្ចាស់​ក្ស​ត្រី នរោត្ដម វ​ជរា កំពុង​តែ​ពិចារណា ។​

ទោះបីជា​យ៉ាងណា​ក្ដី​សម្ដេចក្រុមព្រះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បង្ហាញ​ពី​ជំហរ​របស់​ព្រះ​អង្គ ឆ្លើយ តប​ទៅ​នឹង​បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ នៅឡើយ​ទេ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​២៧ ឧសភា សម្ដេចក្រុមព្រះ បាន​មាន​បន្ទូល​នៅ​ក្នុង​ខ្សែអាត់​សម្លេង​ចាក់​ផ្សាយ​តាម​វី​ដេ​អូ ក្នុង​ពេល​សមាជ​របស់​គណបក្ស​រណសិរ្ស សង្គម​ជាតិនិយម​ថា “​បើ​ចង់ឱ្យ​ស្ដេច​ឈប់​ធ្វើ​នយោបាយ​នោះ លុះត្រាតែ​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល​ធានា​នូវ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ ” ។​

គេ​មានការ​កត់សំគាល់​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស សម រ​ង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា “ រាជវង្ស​គួរ​ឈប់​ធ្វើ​នយោបាយ ហើយ​ការ​ធ្វើ​នយោបាយ គឺ​ម៉ាំង​ទៅ​ម៉ាំង​មក គេ​រិះគន់​យើង យើង​រិះគន់​គេ ចង់​មិន​ចង់វា​ពិតជា​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះរាជ​ប​ល័​ង្ក​មិន​ខាន ដែល​មាន ព្រះមហាក្សត្រ​កំពុង​សោយរាជ​សម្បត្ដិ​បច្ចុប្បន្ន ” ។ លោក​អះអាង​ថា មាន​ប្រទេស​ជា​ច្រើន​សែ​រាជវង្ស មិន​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​គេ​គោរព​ស្ថាប័ន​រា​ជប​ល័​ង្ក​របស់​គេ ។​

លោក​មុត ច​ន្ថា អ្នកនាំពាក្យ​គណបក្ស នរោត្ដម រណឫទ្ធិ មាន​ប្រសាសន៍​ថា បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ ជា​ព្រះរាជ​សិទ្ធិ​របស់​លោក​ទេ ព្រោះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ បញ្ចេញមតិ ហើយ​ក៏​មិន​មាន ការ​ប៉ះពាល់​អ្វី​ទៅ​ដល់​សិទ្ធិ​របស់​សម្ដេចក្រុមព្រះ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ដែរ ។ លោក​បន្ដ​ថា “​គ្មាន ពលរដ្ឋ​ណា​មាន​សិទ្ធិ​ទៅ​រំលោភ​លើ​ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ទេ ប៉ុន្ដែ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ទូល ថ្វាយ​ព្រះមហាក្សត្រ​បាន​” ។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ បាន​បន្ដ​ថា ដើមហេតុ​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ធ្វើ​សមាជ​និង​ប្ដឹង​សម្ដេច ក្រុមព្រះ​ឱ្យ​ជាប់គុក ដូច្នេះ​ត្រូវ​តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គិតពិចារណា​ក្នុង​ការ​បង្រួបបង្រួម​។ ព្រះ​អង្គ​ម្ចាស់ បន្ដ​ថា “​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​ទទួលស្គាល់​ថា ជា​អ្នក​បំបែកបំបាក់​ជួរ​រាជា​និយម ដូច្នេះ​ត្រូវ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រៀបចំ​កម្មវិធី​អ្វីមួយ ដើម្បី​បង្រួបបង្រួម​សា​ជា​ថ្មី ។ ប៉ុន្ដែ​លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថ្លែង​ថា “​ព្រះ​អង្គ​ម្ចាស់​សម្លឹង​តែ​ផល តែ​មិន​គិត​អំពី​ហេតុ​នោះ​ទេ​” ។ លោក​បន្ដ ទៀត​ថា ចំពោះ​បញ្ហា​ដែល​លើក​ឡើង​របស់​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ដូចនេះ​មិន​គួរ​លើក​ឡើង​ទេ ប្រសិនបើ ព្រះ​អង្គ​ម្ចាស់​ចង់​បង្រួបបង្រួម​មែន​នោះ ព្រោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​ដែល​មាន​ចេតនា​បំបែកបំបាក់ រាជា​និយម​នោះ​ឡើយ គឺ​មាន​តែ​ការពារ​រាជវង្ស​។ ចំពោះ​សំណួរ​ដែល​សួរ​ទាក់ទង​នឹង​បន្ទូល​របស់​ព្រះ​អង្គ ម្ចាស់​ស្ដី​ពី​ការ​ឈប់​ធ្វើ​នយោបាយ​នោះ ? លោក​ថ្លែង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គាំទ្រ​ព្រះរាជ​តម្រិះ របស់​អតីត​ព្រះមហាក្សត្រ ហើយ​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទេ ។​

លោក​ខៀវ កា​ញា​រី​ទ្ធ អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា “​កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្លាប់​បាន​លើក​ពី​បញ្ហា រាជវង្ស នៅ​ក្រៅ​ឆាកនយោបាយ​នោះ​ឡើយ ប៉ុន្ដែ​លោក​សម រ​ង្ស៊ី ធ្លាប់​លើក​បញ្ហា​នេះ ហើយ​វា​អាស្រ័យ ទៅ​លើ​ការ​សំរេចចិត្ដ​របស់​រាជវង្ស​ខ្លួនឯង​នោះ​ទេ​”​។ លោក​បន្ដ​ថា យើង​មិន​យល់​ចំពោះ​ការ​លើក​ឡើង របស់​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ​នោះ​ទេ ព្រោះ​យើង​មិន​យល់​អំពី​ការ​លើក​ឡើង​ថា “​មិនយូរ​មិនឆាប់​រាជវង្ស នឹង​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ​”​។​

ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​បាន​មាន​បន្ទូល​បន្ថែម​ថា នៅ​ពេល​ប្រទេស​ជាតិ​យើង​បាន ពង្រឹង​នូវ​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មានការ​ឯកភាព​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ នោះ​វា​ជា​ស្វ័យប្រវត្ដិ​ស្ដេច​ពិតជា​ឈប់ ធ្វើ​នយោបាយ​។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា “​ខ្ញុំ​យល់​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់ ឬ​ស្ដេច​ដទៃ​ទៀត​ក៏​មានគំនិត មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ដែរ ។ ខ្ញុំ​យល់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​ចង់ឱ្យ​ប្រទេស​យើង ដូច​ជា ប្រទេស​ស៊ុ​យ​អែ​ត ថៃ ចក្រភព​អង់គ្លេស​ជាដើម​... ប៉ុន្ដែ​នៅ​ប្រទេស​យើង​មិន​ទាន់​មានការ​គោរព​សិទ្ធិ ឬ​ប្រជាធិបតេយ្យ​រឹង​មាំ ។​

Labels:

 
 

បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា​​ពន្យារពេល​ធ្វើ​សមាជ​ខណៈ​មិន​ទាន់​មានច្បាប់​ផ្លូវការ

រាជធានី​ភ្នំពេញ ៖ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា អ្នកនាំពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សមាជ​គណបក្ស សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម សុខា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​ថា គំរោងការ​រៀបចំ​សមាជ របស់​គណបក្ស​នេះ ត្រូវ​ពន្យារពេល​វិញ ដែល​ពី​មុន​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៧​។ ការ ពន្យារពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទាន់​អនុញ្ញាត​ច្បាប់​ជា​ផ្លូវការ ដល់​គណបក្ស ចំពោះ​ស្នាម​មេដៃ​គាំទ្រ​ច្បាស់លាស់ ដែល​គណបក្ស​បាន​ដាក់​ជូន​ទៅ​ក្រសួង​កន្លង​មក ។

​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ នូវ​លក្ខន្ដិកៈ ព្រមទាំង​ឈ្មោះ​អ្នក​បង្កើត​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ ប្រមាណ​ជា​៦.០០០​នាក់ ដែល​លើស​ពី​តម្រូវការ​របស់​ក្រសួងមហាផ្ទៃ​ទៅ​ទៀត ។ លោក​បន្ដ​ទៀត​ថា នៅ​ក្នុង​ចំនួន​មេដៃ ទាំងនោះ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​តែ​ជាង​២.០០០​ប៉ុណ្ណោះ ហើយ​ក្រៅពី​នេះ​ទៀត​ថា មាន​ភាព មិន​ទាន់​ច្បាស់លាស់​នោះ​ទេ ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​កោះសន្ដិភាព​បាន​ទទួល ឱ្យ​ដឹង​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​សាលាក្រុង​ភ្នំពេញ ដើម្បី​សុំ​កិច្ចសហការ ក្នុង​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ផ្ញើ​ទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ខ្ចី​អគារ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ប្រារឰ​ពិធី​សមាជ​របស់​គណបក្ស ។ លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បន្ដ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព ដល់​គណបក្ស​សិទ្ធិ​មនុស្ស​នៅឡើយ ដោយ​ឯកសារ​នៃ​ការ ចុះបញ្ជី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២២ ឧសភា​នោះ ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​កែសំរួល និង​បំពេញបន្ថែម​ឯកសារ​មួយ​ចំនួន​ទៀត​។ លោក​បន្ដ​ថា សាលាក្រុង ភ្នំពេញ​អះអាង​ថា ការ​សុំ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​សមាជ​នោះ រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ សិន ។​

អ្នកនាំពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹង​ទៀត​ថា អាស្រ័យ​ដោយ​មិន​ទាន់​បាន​ទទួល​លិខិត​ផ្ដល់​សុពល ភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ពី​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​អប់រំ​ក៏​មិន​ទាន់​ឱ្យ​ខ្ចី​អគារ​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ធ្វើ​ជា​កន្លែង​ប្រារឰ​ពិធី​សមាជ ទើប​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ដំណើរការ​រៀបចំ សមាជ​ដំបូង​របស់​គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ប្រព្រឹត្ដ​ទៅ​បាន​តាម​ការ​គ្រោងទុក​ទាន់​ពេលវេលា​ទេ ហើយ គណបក្ស​បាន​សំរេច​លើក​ពេលវេលា​ប្រារឰ​ពិធី​សមាជ ទៅ​ពេល​ក្រោយ​វិញ ។​

លោក​សក់ សេដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់ កោះសន្ដិភាព តាម​ទូរស័ព្ទ​ថា ក្រសួងមហាផ្ទៃ​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យទៅ​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក​កឹ​ម សុខា នោះ​ទេ ។ ក្រសួង​បាន​ទទួល​ការ​ស្នើ​សុំ​នេះ​ហើយ ប៉ុន្ដែ​ដោយ​តម្រូវការ​បន្ថែម​ទៅ លើ​ឯកសារ​មួយ​ចំនួន​រួម​មានការ​ផ្ដិត​មេដៃ​ពី​អ្នកគាំទ្រ​មិន​មាន​ភាព​ច្បាស់លាស់ ក្រសួង​តម្រូវ​ឱ្យ​គណបក្ស នេះ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ព្រោះ​មាន​ស្នាម​មេដៃ​ខ្លះ​រលុប​មិន​ច្បាស់ ។​

លោក​បន្ដ​ទៀត​ថា យោង​តាម​ច្បាប់ គឺ​ក្រសួង​តម្រូវ​ឱ្យ​ការ​ដាក់​ពាក្យ​នោះ​មានឈ្មោះ​ប្រធាន​បក្ស លក្ខន្ដិកៈ របស់​គណបក្ស និង​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន​បួន​ពាន់​នាក់ ដាក់​ទៅ​ក្រសួងមហាផ្ទៃ​។ លោក​អះអាង​ថា ក្រសួង​មិនមែន​មិន​ផ្ដល់​សុពលភាព​ឱ្យ​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ តែ​ត្រូវ​បំពេញ​ឯកសារ​តាម​ផ្លូវច្បាប់ កំណត់ ។ ប៉ុន្ដែ​លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ថា ការ​មិន​ទាន់​បាន​ផ្ដល់​សុពលភាព​ដល់​គណបក្ស​សិទ្ធិ​មនុស្ស និង​ការ​ពន្យារពេល​សមាជ​វិញ​នោះ វា​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ចំពោះ​អ្នកគាំទ្រ​មក​ពី​ក្រៅប្រទេស ដែល គ្រោង​ចូលរួម ព្រមទាំង​ក្រុមប្រឹក្សា​ជាតិ​មក​ពី​តាម​ខេត្ដ​-​ក្រុង​ចំនួន​៨​ផង​ដែរ នៅ​ទូ​ទាំង​ប្រទេស ។​

លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ស​ប្ដា​ហ៍​មុន​ថា ក្រសួង មហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​របស់​លោក​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ចំពោះ​ស្នាម​មេដៃ​អ្នកគាំទ្រ និង​ទីលំនៅ បច្ចុប្បន្ន​ផង ។ លោក​បន្ដ​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​ឯកសារ​មួយ​ចំនួន​តាម តម្រូវការ​របស់​ក្រសួង​ក្នុង​ការ​បង្កើត​គណបក្ស​រួច​ហើយ​នា​ពេល​កន្លង​មក ។​

លោក​ញ៉ឹ​ក វ​ណ្ណា​រ៉ា បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក នៅ​មិន​ទាន់​បាន​រៀបចំ​រចនាសម្ព័ន្ធ​នៅឡើយ​ទេ ដោយ​រង់ចាំ​សំរេច​តាម​រយៈ​សមាជ​ជ្រើសរើស ព្រោះ គណបក្ស​នេះ​កើតឡើង​ពី​ប្រជាពលរដ្ឋ​។ លោក​បន្ដ​ទៀត​ថា “​បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​របស់​ក្រុមប្រឹក្សា​ជាតិ មក​ពី​ខេត្ដ​-​ក្រុង និង​ស្រុក ព្រមទាំង​អ្នក​ខ្លះមក​ពី​បរទេស​ផង​នោះ ទើប​មានការ​សំរេច​ពី​ការ​បង្កើត​រចនា សម្ព័ន្ធ​របស់​គណបក្ស​នៅ​ពេល​នោះ​” ។​

Labels: ,

 
 

សម្ដេច​មហិស្ស​រា​ច័​ក្រ​ព​ង្ស់​ទំនងជា​លាលែង​ពី​តំណែង​អនុប្រធាន​បក្ស​នរោត្ដម រណឫទ្ធិ

រាជធានី​ភ្នំពេញ ៖ ប្រភព​ដែល​ស្និទ្ធ​នឹង​គណបក្ស​នរោត្ដម រណឫទ្ធិ បាន​បង្ហើប​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​៦ មិថុនា​ថា សម្ដេច​មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ អនុប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ គ្រោង​ដាក់​ពាក្យ​លាលែង ចេញពី​គណបក្ស​នេះ ។ ការ​សំរេច​ព្រះ​ទ័យ​បែប​នេះ ធ្វើ​ឡើង​ទន្ទឹម​នឹង​មានការ​តែងតាំង លោក​ឈឹ​ម សៀ​ក​ឡេ​ង អតីត​អគ្គលេខាធិការ​គណបក្ស​ទៅ​ជា​អនុប្រធាន​គណបក្ស និង​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​ដែល មិន​អាច​ដោះស្រាយ​បាន ។

​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ អតីត​អគ្គ​ប្រតិភូ នៃ​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម ដែល​ទើប​ប្រកាស​ចូលរួម ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​បន្ទូល​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ កាល ពី​ថ្ងៃ​ទី​៥ មិថុនា​ថា ព្រះ​អង្គ​ម្ចាស់​ក៏​បាន​ទទួល​ព័ត៌មាន​ដែរ​ថា សម្ដេច​មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ គ្រោង ដាក់​ពាក្យ​លាលែង​ចេញពី​គណបក្ស​នរោត្ដម រណឫទ្ធិ ។ ព្រះ​អង្គ​ម្ចាស់​បន្ដ​ថា “​ប៉ុន្ដែ​ព័ត៌មាន​នេះ​មិន ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​” ។​

លោក​មុត ច​ន្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​នៃ​គណបក្ស​នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍ ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​របស់​សម្ដេច មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ ដាក់​ចូល​មក​គណបក្ស​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះ​។ លោក​បន្ដ​ថា ចំពោះ​ការ​សំរេច​ព្រះ​ទ័យ​យ៉ាងណា​របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ចំពោះ​ការ​មាន​បំណង​ចាកចេញ របស់​សម្ដេច​នរោត្ដម ច័​ក្រ​ព​ង្ស់ នៅឡើយ​ទេ ។ លោក​មុត ច​ន្ថា បន្ដ​ថា “​ការ​សំរេច​ព្រះ​ទ័យ​ណាមួយ របស់​ព្រះ​អង្គ​ច័​ក្រ​ព​ង្ស់​នោះ ជា​សិទ្ធិ​បុគ្គល​ក្នុង​ការ​ជ្រើសរើស​ផ្នែក​នយោបាយ​របស់​ព្រះ​អង្គ​” ។ ប៉ុន្ដែ​លោក ឱ​ក សុ​ជាតិ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទទួល​បន្ទុក​ព័ត៌មាន​សាធារណៈ បាន​ថ្លែងប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ មិថុនា​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ នៅឡើយ​ទេ ។​

លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព តាម ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦ មិថុនា​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​នរោត្ដម រណឫទ្ធិ នោះ​ទេ ។ លោក​បន្ថែម​ថា “​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​នរោត្ដម រណឫទ្ធិ ទុក​ឱ្យ​គណបក្ស គេ​ដោះស្រាយ​ទៅ ហើយ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​ចង់​លូកដៃ​ក្នុង​បក្ស​គេ​នោះ​ទេ​” ។​

លោក​នុ​ត និ​ន​ឌឿ​ន មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​នរោត្ដម រណឫទ្ធិ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ក្នុង​ការ ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ ទី​៦ មិថុនា​នោះ ចំពោះ​ព័ត៌មាន​ដែល​លេចឮ​ជុំវិញ​ការ​គ្រោង ដាក់​ពាក្យ​លាលែង​នេះ ហើយ​បាន​ច្រាន​សំណួរ​បង្វែរ​ទៅ​លោក​មុត ច​ន្ថា វិញ ។ ដោយឡែក​លោក​សេរី កុសល អគ្គលេខាធិការ​រង​គណបក្ស​នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​មិន​ទាន់​បានដឹង​ពី បញ្ហា​នេះ​ដែរ តែ​លោក​បាន​អះអាង​ថា មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​រឿង​នេះ ។ លោក​គូស បញ្ជាក់​ទៀត​ថា “​បើសិន​ព័ត៌មាន​នេះ​ជា​ការ​ពិតមែន​នោះ ខ្ញុំ​យល់​ថា សម្ដេច​មហិស្ស​រា​ប្រហែលជា​ព្រះ​អង្គ នឿយហត់​ក្នុង​រឿង​នយោបាយ ហើយ​ចង់ទៅ​បំរើ​ព្រះមហាក្សត្រ​ទេ​ដឹង​?” ។​

ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​ស្និទ្ធ​នឹង​មន្ដ្រី គណបក្ស​នរោត្ដម រណឫទ្ធិ បាន​ប្រាប់​កោះសន្ដិភាព​ដោយ​សូម​មិន បញ្ចេញ​ឈ្មោះ​ថា បញ្ហា​ចាកចេញ​របស់​សម្ដេច​មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ បណ្ដាល​មក​ពី​បញ្ហា​ផ្ទៃក្នុង បក្ស​ដែល​ទំនងជា​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​លោក​សៅ រ៉ា​នី អគ្គលេខាធិការ​រង​នៃ​គណបក្ស​នេះ ព្រោះ បន្ទាប់​ពី​ការ​តែងតាំង លោក​យូ ហុ​ក​គ្រី មក គេ​មិន​បានឃើញ​វត្ដមាន​របស់​សម្ដេច ម​ហិ​ិ​ស្សរា ចូល រួម​ពិធី​ប្រជុំ​នានា​ក្នុង​បក្ស​ទេ ។​

គេ​មានការ​កត់​សំគាល់ថា មុន​ពេល​ប្រកាស​តែងតាំង​លោក​យូ ហុ​ក​គ្រី ជា​អគ្គលេខាធិការ​បក្ស ការិយាល័យ របស់​សម្ដេច មហិស្ស​រា​ច័​ក្រ​ព​ង្ស់ ត្រូវ​បាន​រើ​ចេញពី​ខុទ្ទកាល័យ ។ ប៉ុន្ដែ​ការ​រើ​នេះ ត្រូវ​បាន​លោក​មុត ច​ន្ថា អះអាង​ថា កន្លង​មក​ទីនោះ​គ្រាន់តែ​ជា​ការិយាល័យ​បណ្ដោះអាសន្ន​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ ត្រូវ​ទៅ​ធ្វើការ​នៅ​ឯ​ស្នាក់​ការ​បក្ស​ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​វិញ​។​
​សម្ដេច​មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ នៅ​ថ្ងៃ​ទី​៦ មិថុនា​នោះ កោះសន្ដិភាព​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​បាន​ទេ ។​

Labels:

 
 

អាយអឹមអេហ្វ សន្យាបន្ដជួយកម្ពុជាទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ

ខេត្ដកណ្ដាល ៖ លោក JEREMY CARTER នាយក​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) ប្រចាំ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ជំរាប​នាយក​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ៤ មិថុនា នៅ​ភូមិ​គ្រឹះ​នាទី​ក្រុង​តា​ខ្មៅ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​អនុវត្ដ​តាម គោលការណ៍ IMF ។ នៅ​ពេល​នេះ លោក​មើលឃើញ​កម្ពុជា​មានការ​វិវត្ដន៍​យ៉ាង​លឿន​ដែល​នេះ គឺជា ប្រការ​ល្អ​បំផុត​របស់​កម្ពុជា ដូច្នេះ IMF ផ្ទាល់​មានការ​សប្បាយ​រីករាយ និង​ជួយ​អបអរសាទរ​យ៉ាង​ខ្លាំង ។

​នៅ​ក្នុង​ជំនួប​សវនាការ​នេះ លោកនាយក​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​បញ្ជាក់ ជូន​នាយក​រដ្ឋមន្ដ្រី​ថា IMF នៅ​តែ​បន្ដ​ជួយ​ដល់​កម្ពុជា សំរាប់​រៀបចំ​ថវិកា​ឆ្នាំ​ក្រោយ និង​បន្ដ​ជួយ​ដល់ កម្ពុជា​ក្នុង​ការ​ផ្ដល់​អនុសាសន៍ ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស​លើ​វិស័យ​ថវិកា និង​ហិរញ្ញវត្ថុ​បន្ដ ទៀត​។ លោក JEREMY CARTER បាន​ជំរាប​បន្ដ​ថា លោក​នឹង​ធ្វើការ​បន្ដ​ជាមួយ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​ឆ្ពោះទៅ​រក ការ​អភិវឌ្ឍន៍ ។​

មាន​ប្រសាសន៍​ឆ្លើយ​តប​ក្នុង​ឱកាស​នោះ នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​អង្គការ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក JEREMY CAR-TER បាន​ធ្វើការ​កត់សំគាល់​និង​វាយតំលៃ​នោះ គឺជា​ការ​លើកទឹកចិត្ដ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មានការ ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ។ លោក​បាន​ថ្លែងអំណរគុណ​ដល់ IMF ដែល​បាន​បញ្ជាក់ ម្ដងទៀត​ថា នឹង​បន្ដ​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ពន្ធដារ ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​។​

លោក JEREMY CARTER បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៥ មិថុនា ថា មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) បាន​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវការ​ចាំបាច់ ប៉ុន្ដែ​នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គំរោង​ខ្ចីប្រាក់​ពី IMF នៅឡើយ​ទេ ។ ការ​ថ្លែង​បែប​នេះ របស់​លោក JEREMY CARTER បាន​ធ្វើ​ឡើង ខណៈ​ពេល លោក​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២២ ឧសភា ដល់​ថ្ងៃ​ទី​៥ មិថុនា ។​

យោង​តាម​របាយការណ៍​របស់ IMF ដែល​កោះសន្ដិភាព​បាន​ទទួល​ឱ្យ​ដឹង​ថា IMF បាន​គាំទ្រ​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដំឡើង​ប្រាក់បៀវត្ស​ក្នុង​វិស័យ​សាធារណៈ នៅ​ពេល​ដែល​កំណើន​នៃ ចំណូល​អនុញ្ញាត និង​ស្វាគមន៍​ដល់​ការ​សន្យា​នានា ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​មូលធនផលិត​រួម​ទាំង​ការ បង្កើន​ល្បឿន​នៃ​ការ​អនុវត្ដន៍ គំរោង​នានា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​ធ្វើ​ហិរញ្ញប្បទាន​ជា​ទឹកប្រាក់ ចំនួន​៨២​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​ផ្ដួចផ្ដើម​លុប​បំណុល​ជា​ពហុភាគី (​MDRI) របស់​មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ ។​

លោក JEREMY CARTER បន្ដ​ថា ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​របស់​មូលនិធិ រូបិយ​វត្ថុ​អន្ដរជាតិ (​IMF) បាន​ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ បាន​ជួប​ពិភាក្សា ជាមួយ​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន លោក​ទេស​រដ្ឋមន្ដ្រី និង មន្ដ្រី​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​គោល នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បន្ដ​ថា គណៈប្រតិភូ ក៏​បាន​ជួប​ជាមួយ​អ្នកតំណាង​នានា​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា សហគមន៍ ពាណិជ្ជកម្ម វិទ្យាស្ថាន ស្រាវជ្រាវ សហជីព រួម​ទាំង​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ​។​

មន្ដ្រី JEREMY CARTER បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ការ​ប៉ាន់ស្មាន​កំរិត​កំណើន​ថា​មាន​ប្រមាណ​១០​% សំរាប់​ឆ្នាំ​២០០៦ កន្លង​មក កំណើន​នៃ​ផលទុនជាតិ (​គិត​ជា​តំលៃ​ថេរ​) ប្រមាណ​ជា​៩​% ត្រូវ​បាន​សង្ឃឹម ទុក​នៅ​ឆ្នាំ​២០០៧​នេះ ដែល​នាំមុខ​ដោយ​ការ​រីក​ដុះដាល​នៃ​ផលិតកម្ម​កសិកម្ម និង​សកម្មភាព​ដ៏​ខ្លាំងក្លា ក្នុង​វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​សំណង់ ។ លោក​បន្ដ​ថា សេវាកម្ម​ជា​ពិសេស ផ្នែក​ហរិ​ញ្ញ​វត្ថុ និង​ទូរគមនាគមន៍​កំពុង​តែ​បង្កើន​ការ​រួមចំណែក ។ និន្នាការ​ជា​ទូទៅ​នេះ​សង្ឃឹមថា នឹង​នៅ តែ​បន្ដ​ក្នុង​ដំណាក់កាល​ខ្លី​ដោយ​ការ វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​មាន​កំរិត​ខ្ពស់​នាំ​ឱ្យ​មាន​កំណើន​ប្រមាណ ៧​% ទៅ​៨​% នៅ​ឆ្នាំ​២០០៨ ។ ហានិភ័យ​ចំពោះ​ការ​ប្រមើល​មើល​នេះ​រួម​មាន​សំពាធ​នៃ​កា​ប្រកួតប្រជែង ក្នុង​វិស័យ​កាត់ដេរ ដែល​បណ្ដាល​មក​ពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក របស់​ប្រទេស វៀតណាម ការ​លើកលែង​នៃ​ការ​ការពារ​នានា​ប្រឆាំង​នឹង​វិស័យ​កាត់ដេរ​របស់​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០០៨ និង​លទ្ធភាព​ដែល​អាកាសធាតុ​អាច​មិន​អំណោយផល​ដល់​វិស័យ​កសិកម្ម ។​

លោក JEREMY CARTER បន្ដ​ទៀត​ថា អតិផរណា​បាន​កើនឡើង​បន្ដិច​ដល់​ប្រមាណ​៤​% នៅ​ពេល​ថ្មីៗ​នេះ ដោយ​ឆ្លុះ​បញ្ចាំង​នូវ​ការ​កើនឡើង​នៃ​តំលៃ និង​ឥទ្ធិពល​នៃ​តំលៃ​ប្រេង​អន្ដរជាតិ​ដែល​ខ្ពស់​ជាង​មុន​។ ដោយ សន្មត​ថា តំលៃ​ប្រេង​អន្ដរជាតិ​មាន​ស្ថិរភាព​ជា​ទូទៅ អតិផរណា​នឹង​នៅ​ក្នុង​កំរិត​លេខ​មួយ​ខ្ទង់​ទាប និង ត្រូវ​ឱ្យ​មានការ​ឃ្លាំមើល​ដ៏​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​នានា នៃ​ការ​កើនឡើង​របស់​សំពាធ​នៃ​សេចក្ដី​ត្រូវការ ជា​មូលដ្ឋាន​មក​លើ​អតិផរណា ។​

IMF បានឱ្យ​ដឹង​ទៀត​ថា ឱនភាព​គណនី​ចរន្ដ​ក្រៅប្រទេស (​ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥត​សំណង​) រួម​តូច មក​នៅ​ត្រឹម​ប្រមាណ​៧​% នៃ​ផលទុន​ក្នុង​ឆ្នាំ​២០០៦ ។ ការ​កែ​លំអ​បន្ដិចបន្ដួច​ក្នុង​ឆ្នាំ​២០០៧ ត្រូវ បាន​សង្ឃឹមទុក អាស្រ័យ​ដោយ​ភាព​ខ្លាំងក្លា​នៃ​ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​ទេសចរណ៍ ។ ប្រាក់​រៀល មាន​ស្ថិរភាព​ជា​ទូទៅ ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយ​ទុនបំរុង​អន្ដរជាតិ​ដុល​កើន​ដល់​ទៅ ១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ចុង​ខែមេសា ឆ្នាំ​២០០៧ ។ ការ​អនុវត្ដន៍​ចំណូល​ក្នុង​ឆ្នាំ ២០០៦​មាន​ភាព ខ្លាំងក្លា ឆ្លុះ​បញ្ចាំង​សកម្មភាព​សេដ្ឋកិច្ច​ដ៏​រស់​រវើក និង​ការ​កែ​លំអ​លើ​រដ្ឋបាល​នៃ​ការ​ប្រមូល​ចំណូល ដែល គាំទ្រ​ដោយ​កម្មវិធី​កំណែទំរង់​ហិរញ្ញវត្ថុ​សាធារណៈ (​PFM) ។ ការ​ប្រមូល​ចំណូល​នៅ​តែ​ខ្លាំងក្លា នៅ​ឆ្នាំ ២០០៧ ហើយ​គោលដៅ​ចំណូល​របស់​ថវិកា​សង្ឃឹមថា នឹង​បាន​សំរេច​លើស​យ៉ាងច្រើន ។ ចំណាយ របស់​រដ្ឋាភិបាល​នៅ​យឺត​ដោយសារ​បណ្ដាល​មក​ពី​ការ​លំបាក​ជាដំបូង​ចំពោះ​ការ​អនុវត្ដន៍​នីតិវិធី​ចំណាយ​ថ្មី​។​

លោក JEREMY CARTER បានឱ្យ​ដឹង​ទៀត​ថា IMF ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ការ​លំបាក​នេះ ឱ្យ​បាន​ឆាប់រហ័ស ហើយ​យល់​ស្រប​ថា ត្រូវ​បង្កើន​ល្បឿន​ដល់​ចំណាយ​ដែល​យឺតយ៉ាវ ដើម្បី​សំរេច​ឱ្យ បាន​ពេញលេញ នូវ​គោលដៅ​ចំណាយ​ថវិកា ។ ផ្អែក​លើ​មូលដ្ឋាន​នេះ ឱនភាព​ថវិកា​ជា​ទូទៅ​របស់​រដ្ឋាភិបាល ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ប្រមាណ​៣​% នៃ​ផលទុនជាតិ ។​

Labels: ,

 
 

ជុំវិញការមិនជួបយ៉ាសហ៍ ហ្គាយនាយករដ្ឋមន្ដ្រីចោទថារំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធគឺធ្ងន់ធ្ងរណាស់

ខេត្ដតាកែវ ៖ នាយក​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស មាន ការ​សន្និដ្ឋាន​មួយ​ចំណុច​គេ​ថា ការ​រំលោភសិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រាជរដ្ឋាភិបាល ។ ដូច្នេះ​ការ រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​រដ្ឋាភិបាល​គឺ​វា​ធ្ងន់ធ្ងរ​ណាស់ ។​

នាយក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា នៅ​ក្នុង​ឱកាស​ប្រារឰ​ពិធី​សម្ពោធ បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ស្លា​គូ ស្ថិត​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ដតាកែវ ដែល​ជា​ជំនួយ​ឥត សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ។ លោក​មាន​ប្រសាសន៍​ថា បើ​សិទ្ធិ​មនុស្ស​វា​ជា​ប្រព័ន្ធ​រដ្ឋាភិបាល​នោះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រហែលជា​នឹង​ទទួល​រង​ទុក្ខ​ចូល​រណ្ដៅ​ទៀត​ហើយ មើលទៅ​... បើ​គេ​ថា​ដូច្នេះ​ទៅ​ហើយ​... ។​

លោក​បន្ដ​ថា ប៉ុន្ដែ​វា​ជា​រឿង​ដែល​គេ​ថា​ហើយ​អ្នក​នោះ​ឯង​គឺ​មក​ពី​ប្រទេស​កំពុង​រំលោភសិទ្ធិ​មនុស្ស​ទៅ ទៀត ។ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ទេ ពីព្រោះ​មនុស្ស​នោះ​មិន​ត្រូវ​ជាមួយ​ខ្ញុំ​ទេ អ្នកឯង​មក​ខ្ញុំ​មិន​ទទួល​។ មក​ស្រុក​គេ គេ​មិន​ទទួល ដាក់​កម្មវិធី​សុំ​ជួប​។ អ្នកឯង​នៅ​១.០០០​ឆ្នាំ​ទៀត បើ​ខ្ញុំរ​ស់បាន​នៅ ១​ពាន់​ឆ្នាំ​ទៀត ខ្ញុំ​នៅ​តែ​មិន​ជួប​អ្នកឯង​ដែរ​។ អ្នកឯង​មាន​សិទ្ធិ ខ្ញុំ​ក៏​មាន​សិទ្ធិ​របស់ខ្ញុំ​ដែរ មិនមែន​កាតព្វកិច្ច ជា​នាយក​រដ្ឋមន្ដ្រី​ត្រូវ​តែ​ទទួល​ឯណា​... ។ ដូច្នេះ​ខ្ញុំ​អត់​ទទួល​អ្នកឯង​ទេ និយាយ​ឱ្យ​ច្បាស់ ។​

ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍​សិទ្ធិ​មនុស្ស នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​និយាយ​ក្នុង​ពេល​ប្រជុំ អាស៊ាន នៅ​អង្គការសហប្រជាជាតិ នៅ​មុខ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​កូ​ហ្វី អាណា​ន់​ថា “​ខ្ញុំ​មិន​សង្ឃឹម និង​មិន​រំពឹង​ថា​នឹង​មាន​របាយការណ៍​ល្អ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ ដោយ សារ​តែបើ​សិន​រាយការណ៍​ល្អ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បុគ្គលិក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​អស់​ការងារ ធ្វើ​។ មាន​អ្នកខ្លះ​នៅ​ស្រុក​របស់​ខ្លួនឯង​អត់​មានការ​ងារ​ធ្វើ​ផង ប៉ុន្ដែ​ដល់​រកបាន​ការងារ​ធ្វើ នៅ​ប្រទេស​ខ្លះ ក៏​តោង​ក្រាញ​នៅ​កន្លែង​នោះ​តែ​ម្ដង ។ តាម​ពិត​រក​ប្រាក់ខែ​ទេ ។​

នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ទៀត​ថា “​ខ្ញុំ​ហៅ​ថា​ទេសចរ​រយៈពេល​វែង មិនបាច់រ​វីរ​វល់​អី​ទេ ចង់​នៅ​ប៉ុន្មាន នៅ​ទៅ​។ ខ្ញុំ​ចាត់​ទុក​អ្នកឯង​ជា​ទេសចរ​រយៈពេល​វែង ណ្ហើយ​ប្រជាពលរដ្ឋ​របស់ខ្ញុំ​ក៏​បាន​ទទួល​ថ្លៃ​ឈ្នួល​ផ្ទះ ដែរ ជួល​ផ្ទះ​ឱ្យ​បុគ្គលិក​អ្នកឯង​នៅ ហើយ​ក៏​បាន​ពន្ធដារ​ច្រើន​ដែរ ដាក់​៥០០​នាក់ ១.០០០​នាក់ ថែម​ទៀត​ក៏​បាន​ដែរ ព្រោះ​គេ​មក​ដើរ​លេង​ហើយ​ស្រែក​ទៅ​។ ឯ​យើង​វិញ​ចេះ​តែ​ធ្វើ​ទៅ​ដូច​ភាសា​ខ្មែរ​គេ​ថា “​ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ​” ។

Labels: ,

 
 

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាក់ទិន​ជាមួយ​អ្នក​ជំនួយ

រាជធានី​ភ្នំពេញ ៖ លោក​ហុង ហួង អ្នកនាំពាក្យ​នៃ​គណៈកម្មការ​ស្វែងរក​ការ​ពិត របស់​អតីត​បុគ្គលិក ផ្ទៃក្នុង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ទី​៣ មិថុនា​ថា ម្ចាស់​ជំនួយ​សំរាប់ មជ្ឈមណ្ឌល​នេះ នឹង​ចាប់​ផ្ដាច់ជំនួយ​ពី​ខែមិថុនា​នេះ​តទៅ ហើយ​ក្នុង​នោះ​គេ​នឹង​រឹបអូស​យក​នូវ​ឧបករណ៍ ផ្សេងៗ​ក្នុង​មជ្ឈមណ្ឌល ។ រឿងរ៉ាវ​នេះ​វា​បាន​កើត​ឡើងជា​យូរ​មក​ហើយ ទាក់ទង​ជាមួយនឹង​លោក​កឹ​ម សុខា អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បុគ្គលិក​ចោទប្រកាន់​ថា បាន​ពាក់ព័ន្ធ​នឹង​បញ្ហា ពុក​រលួយ ។

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ស្វែងរក​ការ​ពិត​បានឱ្យ​ដឹង​ថា សំណុំរឿង​ពុក​រលួយ ដែល​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្ដឹង​លោក កឹ​ម សុខា ជា​អតីត​ប្រធាន​អង្គការ​នេះ​កន្លង មក​ដូច​ជា​ករណី​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ ការ​ក្លែង​ឯកសារ​ទូទាត់​ថវិកា ការ​កិបកេង​ថវិកា​ជំនួយ​របស់ អា​មេ​រិ​ក គឺ​កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។​
​លោក​ហុង ហួង បានឱ្យ​ដឹង​ថា ម្ចាស់​ជំនួយ IRI និង USAID បាន​ផ្ដាច់ជំនួយ​នេះ ហើយ​គ្រឿង បរិក្ខារ​ទាំងអស់​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ត្រូវ​បាន IRI រឹបអូស​យក​ទៅ​វិញ​ទាំងអស់​នា​ចុងខែ​ឧសភា ដោយ​មិន​ទុក​ឱ្យ​មន្ដ្រី​នៃ​អង្គការ​នេះ​ប្រើប្រាស់​បន្ដវេន​ពី​លោក​កឹ​ម សុខា​ឡើយ ។ លោក​បន្ដ​ទៀត​ថា ចំណែកឯ​កម្មវិធី​របស់​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​វិញ ត្រូវ​កាត់​បន្ថយ​ចាប់ពី​ខែមិថុនា មក​នៅ​ត្រឹម ២​ម៉ោង ក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​ពុំ​ទាន់​ប្រាកដ​ថា IRI នឹង​ផ្ដល់​ថវិកា​ដល់​ខែកញ្ញា ឆ្នាំ​២០០៧ ឬ​ក៏​បញ្ឈប់​មុន​ពេល​នេះ យ៉ាងណា​នោះ​ទេ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង IRI សំរេច​ឈប់​ផ្ដល់​ជំនួយ​ថវិកា​ដល់​មណ្ឌល សិទ្ធិ​មនុស្ស ក៏​មាន​លេចឮ​ព័ត៌មាន​ថ្មីៗ​នេះ​ថា ភ្នាក់ងារ​ផ្ដល់​ជំនួយ​អា​មេ​រិ​ក USAID នឹង​មិន​យល់ព្រម លើ​សំណើសុំ​ថវិកា​ណាមួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទៀត​ឡើយ ទោះជា​តាម​រយៈ​អង្គការ​អា​មេ​រិ​ក ផ្សេង​ទៀត​ក៏​ដោយ ព្រោះ​ជា​ហេតុផល​ទំនាស់​ផលប្រយោជន៍​ជាមួយ IRI ដោយ​ពាក់ព័ន្ធ​នឹង​ភាព​មិន ប្រក្រតី ខាង​ថវិកា ដែល​ពុំ​ទាន់​ជំ​រះ​បញ្ជី​ជាមួយ​លោក​កឹ​ម សុខា អតីត​ប្រធាន​អង្គការ​នេះ​នៅឡើយ​។​

ទោះបី​យ៉ាងណា​លោក​អ៊ូ វី​រៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កោះសន្ដិភាព​មិន​អាច​សុំ​ធ្វើការ ពន្យល់​ជុំវិញ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ស្វែងរក​ការ​ពិត​បាន​នោះ​ទេ បើ​ទោះជា​ខំព្យាយាម​យ៉ាងណា ក៏​ដោយ ពីព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​កាលពី​ថ្ងៃអាទិត្យ​។ ចំណែកឯ​លោក ប៉ា​ង ងួ​ន​ទៀង ប្រធាន​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា “​ខ្ញុំ​មិន ខ្វល់​ជាមួយនឹង​គណៈកម្មការ​ស្វែងរក​ការ​ពិត​នោះ​ទេ ពីព្រោះ​ពួក​គាត់​ប៉ុន្មាន​នាក់​នោះ​កំពុង​តែ​គ្មាន​ការងារ ធ្វើ​”​។​

លោកប៉ា​ង ងួ​ន​ទៀង បន្ដ​ថា លោក​គាំទ្រ​ចំពោះ​ការ​ស្វែងរក​ការ​ពិត ប៉ុន្ដែ​សូម​ឱ្យ​គណៈកម្មការ​ស្វែងរក ការ​ពិត​ដែល​ដឹកនាំ​ដោយ​លោក​ញ៉ែ​ម វ៉ា​ន់​ថន នោះ ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​អង្គការ​ដទៃ​ទៀត ដែល លោក​ធ្លាប់​បាន​ធ្វើ​ការងារ​ពី​មុន​ផង​។ លោក​បន្ដ​ថា អង្គការ​ដែល​លោក​ញ៉ែ​ម វ៉ា​ន់​ថន ធ្វើ​ជា​ប្រធាន​នោះ បាន​ដេញ​គាត់​ពី​ការងារ​ដែរ តែ​មិន​ព្រមទៅ​ស្រាវជ្រាវ​ផង​ទេ​។ ប៉ុន្ដែ​លោក​មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់ កោះសន្ដិភាព​ដែល​បាន​សួរ​ថា តើ​អង្គការ IRI និង USAID គ្រោង​ផ្ដាច់ជំនួយ​ដល់​កម្មវិធី​សម្លេង ប្រជាធិបតេយ្យ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​នោះ​ទេ ។​

ចំណែក​លោក​កឹ​ម សុខា អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បច្ចុប្បន្ន​បាន​ហក់​ចូល​ប្រឡូក​ក្នុង ឆាកនយោបាយ​ដោយ​ដាក់​ឈ្មោះ​បក្ស​របស់​លោក​ថា ជា​បក្ស​សិទ្ធិ​មនុស្ស​ដែរ​នោះ មិន​អាច​ទាក់ទង​សុំ​ការ ពន្យល់​បាន​ទេ​ជុំវិញ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ស្វែងរក​ការ​ពិត​នេះ​ដោយ ទូរស័ព្ទ​របស់​លោក​មិន អាច​ទាក់ទង​បាន​កាល ពី​ថ្ងៃអាទិត្យ​នោះ ។​

Labels:

 
 

សម្ដេចក្រុមព្រះ​រណឫទ្ធិ ជំរុញ​ឱ្យ​លោក​កែវ ពុទ្ធរស្មី​ ​ដកងារ​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ​របស់​ព្រះ​អង្គ​ពី​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ត្រូវ​បាន​សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ថ្ងៃ​ទី​១៨ តុលា ២០០៦ ដក​តួនាទី ពី​ប្រធាន​គណបក្ស​ហើយ​តែងតាំង​ជា​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ​វិញ​នោះ សម្ដេចក្រុមព្រះ ក្នុង​នាម​ប្រធាន គណបក្ស នរោត្ដម រណឫទ្ធិ បាន​ប្រកាស​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១ មិថុនា ផ្ញើ​ជូន​លោក​កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដោយ​ស្នើ​សុំ​ឱ្យ​ដក​គោរមងារ​ព្រះ​អង្គជា​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ ចេញពី គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។​

​សម្ដេចក្រុមព្រះ​បាន​មាន​បន្ទូល​តាម​រយៈ​លិខិត​នេះ​ថា “​ខ្ញុំ​សូម​ជម្រាប​ឯកឧត្ដម​ជ្រាប​ថា តាម​សេចក្ដីសំរេច ចិត្ដ​របស់​សមាជ​វិសាមញ្ញ​ខុសច្បាប់ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ ចំណុច ៣.១ ចែង​ថា គាំទ្រ​ទាំងស្រុង​ការ​លើកតំកើង​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ជា​ព្រះ​មគ្គុទ្ទេសក៍ ប្រវត្ដិសាស្ដ្រ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ជា​ព្រះ​ឋានៈ​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ឧត្ដម​ក្រុមប្រឹក្សា​សំរាប់​ផ្ដល់​ព្រះ តម្រិះ និង​បទ​ពិសោធន៍​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ស្រប​តាម​ប្រការ​៨ និង​លក្ខន្ដិកៈ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦” ។​
​សម្ដេចក្រុមព្រះ​បាន​បន្ដ​ថា ជា​ច្រើន​លើក ច្រើន​សា ព្រះ​អង្គ​បាន​បដិសេធ​សមាជ​វិសាមញ្ញ​ខាងលើ​នេះ ហើយ​ក៏​បដិសេធ​មិន​ទទួលយក​គោរមងារ​ជា​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែរ​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា លោក​កែវ ពុទ្ធរស្មី បាន​មាន​ប្រសាសន៍​ថា “​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ នៅ​តែ​ជា​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​គ្មាន​នរណា​ដកហូត​បាន​ឡើយ ។​

សម្ដេចក្រុមព្រះ​បាន​បន្ដ​ថា “​ក្នុង​ន័យ​នេះ ខ្ញុំ​ស្នើ​សុំ​ឯកឧត្ដម​ចាត់វិធានការ​ដក​គោរមងារ​ខ្ញុំ​សម្ដេចក្រុមព្រះ ជា​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ និង​គោរមងារ​ដទៃ​ទៀត​ដូច​មាន​ចែង​ក្នុង​ចំណុច​៣.១​នៃ​សេចក្ដី​សំរេចចិត្ដ សមាជ​វិសាមញ្ញ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច តាម​នីតិវិធី​ដូចដែល គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ធ្វើ​តាម​រយៈ​សមាជ​វិសាមញ្ញ​ខាងលើ​ក្នុង​រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល ឯកឧត្ដម​បាន​ទទួល​លិខិត​នេះ​” ។​

លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​ក្នុង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ អាទិត្យ​ទី​៣ មិថុនា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​នោះ​របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​បានឃើញ​ខ្លឹមសារ​នៃ​លិខិត​នោះ​យ៉ាងណា​នៅឡើយ​ដែរ​។ លោក​បន្ដ​ថា លោក​មិន​ទាន់​បាន​ទទួល​យោបល់​ណាមួយ​ពី​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ ប៉ុន្ដែ​លោក​បាន​បន្ថែម​ថា “​ពេល​នេះ​បាល់​កំពុង​ស្ថិត​នៅ​ជើង​របស់​សម្ដេចក្រុមព្រះ ទោះបី​លោក​ទាត់ ឬ​មិន​ទាត់​ជា​រឿង​របស់​លោក ទេ​”​។​

លោក​ឱ​ក សុ​ជាតិ ទីប្រឹក្សា​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ទទួល​បន្ទុក​កិច្ចការ​សាធារណៈ បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ក្នុង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ ។ ចំណែក​លោក​មុត ច​ន្ថា អ្នកនាំពាក្យ​របស់​គណបក្ស​នរោត្ដម រណឫទ្ធិ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ តាម​ទូរស័ព្ទ​កាលពី ថ្ងៃអាទិត្យ​នោះ ព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ។​

Labels:

 
 

សភា​គាំទ្រ​លោក​តំណាងរាស្ដ្រ​ឯក សំ​អុល ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែ ឧសភា រដ្ឋសភា​បាន​បោះ​ឆ្នោត​គាំទ្រ​លើ​បេក្ខភាព​លោក​ឯក សំ​អុល ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌​នៃ​រដ្ឋសភា និង​ជា​អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស ប្រជាជន​កម្ពុជា ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្នុង​ការ​បោះ​ឆ្នោត​នោះ​ក៏​បាន​បោះ​ឆ្នោត​តែងតាំង លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី​៦ ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌​ជំនួស​លោក ឯក សំ​អុល និង​លោក​ជំទាវ​ឃួ​ន សុ​ដា​រី ជា​ប្រធាន គណៈកម្មការ​ទី​៦ ជំនួស​លោក​ប៉ែន បញ្ញា ។

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា​នោះ សមាជិក​សភា​ចំនួន​១០០​រូប​ក្នុង​ចំណោម​១២៣​រូប បាន​បោះ​ឆ្នោត​គាំទ្រ លោក​ឯក សំ​អុល ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ឯ​លោក​ប៉ែន បញ្ញា ត្រូវ​បាន​គណៈកម្មការ​ទី​៦​បោះ​ឆ្នោត តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ទី​១ ទទួល​បន្ទុក​នីតិកម្ម និង​យុត្ដិធម៌ និង​លោក​ជំទាវ ឃួ​ន សុ​ដា​រី ជា​ប្រធាន​គណៈកម្មការ​ទី​៦ ដោយ​មាន​វត្ដមាន​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចូលរួម​បោះ​ឆ្នោត​ផង​ដែរ ។​

ទន្ទឹម​គ្នា​នេះ ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ក្រុមប្រឹក្សាធម្មនុញ្ញ​បានឱ្យ​ដឹង​ថា លោក​ប៊ិ​ន ឈិ​ន ប្រធាន​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ចប់​អាណត្ដិ ហើយ​លោក​ឯក សំ​អុល នឹង​ក្លាយទៅជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ រួច បន្ទាប់​មក​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បោះ​ឆ្នោត ជ្រើសរើស​ប្រធាន​បន្ទាប់​ពី​លោក​ឯក សំ​អុល ក្លាយជា​សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមាជិក​ចំនួន​៩​រូប​រួម មាន​លោក​ប៊ិ​ន ឈិ​ន សម្ដេច ចៅ​សែន កុសល​, លោក​សឺ​ន ស៊ូ​ប៊ែ​រ្ដិ៍ លោក​ប្រាក់ សុខ លោក​ថប់ សុំ លោក​ប៉ែន ថុ​ល លោក​ជំទាវ ស៊ុំ នី​ផា លោក​ឈួ លាង​ហួត និង​លោក​ព្រហ្ម ញាណ​វិចិត្រ ។​

លោក​ម៉ោ​ញ សា​ផា​ន អនុប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌​នៃ​រដ្ឋសភា​បាន​ថ្លែង​ថា លោក​ប៉ែន បញ្ញា ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​នៅ​ក្នុង​គណៈកម្មការ​ទី​៦​ជា​ប្រធាន គណៈកម្មការ​ទី​១ ទទួល​បន្ទុក​នីតិកម្ម និង យុត្ដិធម៌​នៃ​រដ្ឋ​សភាជាតិ ។ សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា លោក​ប៉ែន បញ្ញា ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​នៅ​ក្នុង​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌​នៃ​រដ្ឋសភា

ទោះបីជា​យ៉ាងណា​ក្ដី លោក​ឯក សំ​អុល មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ពេល​ដែល​អ្នកកាសែត​សួរ​ជុំវិញ​ការ​កាន់​តំណែង​ថ្មី​របស់ លោក​នោះ​។ សមាជិក​សភា​ខ្លះ​បាន​មាន​ប្រសាសន៍​ថា លោក​ឯក សំ​អុល តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង នឹង ត្រូវ​ដាក់​ពាក្យ​លាលែង​ពី​សមាជិក​សភា​នៅ​ពេល​លោក​ទៅ​កាន់​តំណែង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ។​

Labels:

 
 

ច្រក​សំរាប់​នរោត្ដម រណឫទ្ធិ​​លោក​យូ ហុ​ក​គ្រី ជំរុញ​ឱ្យ​សម្ដេចក្រុមព្រះ​ទទួលស្គាល់​ទោស​១៨​ខែ​សិន

រាជធានី​ភ្នំពេញ ៖ លោក​យូ ហុ​ក​គ្រី ដែល​ទើប​បង្ហាញមុខ​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ជា​អគ្គលេខាធិការ បស់​គណបក្ស នរោត្ដម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា បាន​ថ្លែង​ថា “​ការ​លើកលែងទោស​ទាល់តែ ទទួលទោស​ជា​មុន​សិន ហើយ​រឿង​នេះ​មិន​ទាន់​ចប់​ឧទ្ធរណ៍​នៅឡើយ​ទេ ព្រោះ​វា​ត្រូវ​មាន​សាលក្រម​មួយ ជា​ស្ថាពរ​ទទួលស្គាល់​ទោស ឬ​មិន​ទទួលស្គាល់​ទោស ហើយ​សាលក្រម​នោះ​គេ​អាច​យក​ទៅ​ធ្វើ​ជា​សំអាង​”​។ លោក​ថ្លែង​ទៀត​ថា គណបក្ស​នរោត្ដម រណឫទ្ធិ នឹង​បន្ដ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទៀត ដើម្បី​បញ្ចប់រឿង តែ​លោក មិន​បញ្ជាក់​ពី​នីតិវិធី​នោះ​នៅឡើយ​ទេ ។ លោក​យូ ហុ​ក​គ្រី បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​មួយ ដែល​លោក​ត្រូវ​បាន​សម្ដេចក្រុមព្រះ​តែងតាំង​ជា​អគ្គលេខាធិការ​របស់​គណបក្ស​នរោត្ដម រណឫទ្ធិ នៅ​ឯ ខុទ្ទកាល័យ​គណបក្ស ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ដែល​កំពុង​ស្នាក់​នៅ​ឯ​បរទេស បាន​សំរេច​តែងតាំង លោក​យូ ហុ​ក​គ្រី ជា​អគ្គលេខាធិការ ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ ២០០៧ ។ ជាមួយ​គ្នា​នេះ​ដែរ សម្ដេចក្រុមព្រះ ក៏​បាន​សំរេច​តែងតាំង​លោក​ឈឹ​ម សៀ​ក​ឡេ​ង ជា​អនុប្រធាន​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ​ផង​ដែរ​។ ទោះបី ជា​យ៉ាងណា​ក៏​ដោយ មន្ដ្រី​គណបក្ស​នរោត្ដម រណឫទ្ធិ បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​នេះ​មាន​អគ្គលេខាធិការ​មួយ​រូប និង​អគ្គលេខាធិការ​រង​៤​រូប ឯ​អនុប្រធាន​ពីរ​រូប ។​

លោក​យូ ហុ​ក​គ្រី បានឱ្យ​ដឹង​ទៀត​ថា មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ធ្វើ​ញត្ដិ​ទូល​ថ្វាយ​ព្រះមហាក្សត្រ រួច​ហើយ តែ​នៅ​មិន​ទាន់​មាន​ចំលើយ​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នៅឡើយ​ទេ ។ លោក​បន្ដ​ថា “​យើង​នឹង ចាំ​មើល​តទៅ​ទៀត​សិន​ថា តើ​ការ​វិវត្ដន៍​វា​ទៅ​ដល់​ណា ហើយ​យើង​នឹង​ត្រៀម​ដំណើរ​សម​ស្រប​មួយ ទៀត​”​។ លោក​បន្ដ​ថា រឿង​នេះ​វា​មិន​ចប់​នៅឡើយ​ទេ ព្រោះ​នៅ​មាន​បណ្ដឹងឧទ្ធរណ៍​ទៀត​។ គេ​នៅ​ចាំ បាន​ថា កាលពី​ថ្ងៃ​ទី​១២ ឧសភា គណៈកម្មការ​មួយ​ក្រុម​របស់​គណបក្ស​នរោត្ដម រណឫទ្ធិ បាន​ចូល​គាល់ ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ក្នុង​ការ​ស្វែងរក​ការ​លើកលែងទោស ពី​ព្រះមហាក្សត្រ​ថ្វាយ​ដល់​សម្ដេចក្រុមព្រះ ។​

សម្ដេចក្រុមព្រះ បាន​សំរេច​តែងតាំង លោក​ឈឹ​ម សៀ​ក​ឡេ​ង ជា​អនុប្រធាន​គណបក្ស​នរោត្ដម រណឫទ្ធិ តាម​រយៈ​លិខិត​ចុះ ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០០៧​។ លោក​ឈឹ​ម សៀ​ក​ឡេ​ង បាន​ថ្លែង​ថា សម្ដេចក្រុមព្រះ បាន​តែងតាំង​រូប​លោក​ជា​អនុប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ ក្នុង​គោលបំណង​កែ​លំអ​រចនាសម្ព័ន្ធ​ដឹកនាំ ការ​គ្រប់គ្រង​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​ទើបតែ​ប្រសូត​ថ្មី ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ជា​បណ្ដើរៗ ដើម្បី ឈាន​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​សាកល​ឆ្នាំ​២០០៨​នា​ពេល​ខាង​មុខ ។​

លោក​ឈឹ​ម សៀ​ក​ឡេ​ង បន្ដ​ថា “​ការ​ប្រមូល​សមាជិក សមាជិកា ដែល​មាន​ភក្ដីភាព និង​គាំទ្រ​ចំពោះ សម្ដេចក្រុមព្រះ មានការ​លំបាក​ណាស់ ព្រោះ​មានការ​ប្រទាញប្រទង់​ពី​ពួក​បក្ស​ប្រហារ ។ មុន​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក៏​មាន​ស្ថានភាព​ស្មុគស្មាញ​ដោយសារ​ការ​រារាំង​មិន​ឱ្យ​សម្ដេចក្រុមព្រះ យាង​ចូល​មាតុភូមិ​វិញ​ដែរ ដែល​ធ្វើ​ឱ្យ​អគ្គលេខាធិការដ្ឋាន និង​ខុទ្ទកាល័យ​មាន​ភារកិច្ច​មមាញឹក​ក្នុង​ការ​តវ៉ា ទាមទារ​រក​យុត្ដិធម៌​ថ្វាយ​ព្រះ​អង្គ​” ។​

លោក​យូ ហុ​ក​គ្រី បាន​ថ្លែង​ទៀត​ថា ចំពោះ​មុខ​តំណែង​របស់​សម្ដេច​មហិស្ស​រា នរោត្ដម ច័​ក្រ​ព​ង្ស់ នៅ​តែ ជា​អនុប្រធាន​ទី​១ នៃ​គណបក្ស​ដដែល ហើយ​មិន​ទាន់​មានការ​ផ្លាស់​ប្ដូរ​ទេ ។ លោក​បន្ដ​ថា លោក​នឹង​រៀបចំ រចនាសម្ព័ន្ធ​ផ្ទៃក្នុង​គណបក្ស​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​អ្នក​ណា​ត្រូវធ្វើ​អ្វីខ្លះ ហើយ​ត្រូវ​ជ្រើសរើស​អ្នក​ដែល មាន​សមត្ថភាព​ត្រឹមត្រូវ​ដឹកនាំ​នៅ​ក្នុង​ការិយាល័យ​នីមួយៗ ។ បើ​យើង​មាន​តែ​រចនាសម្ព័ន្ធ មាន​តែ​តួនាទី និង​ភារកិច្ច ប្រសិនបើ​យើង​គ្មាន​មនុស្ស​ដែល​មាន​សមត្ថភាព​សម​ស្រប ក៏​យើង​មិន​អាច​ដំណើរការ​ទៅ បាន​ល្អ​ដែរ​។ លោក​អះអាង​ថា “​ខ្ញុំ​ថា​ការងារ​នេះ​វា​លំបាក តែ​ខ្ញុំ​ត្រូវ​តែ​ខិតខំ​ពុះពារ ដើម្បី​ឱ្យ​អគ្គ​លេខា ធិ​ការដ្ឋាន​នេះ​ដើរទៅ​មុខ​ស្រួល​...” ។​

លោក​យូ ហុ​ក​គ្រី បាន​រំលឹក​អំពី​អតីត​កាលដែល​រូប​លោក​ត្រូវ​បាន​ដក​តំណែង​ពី​អនុ ប្រធាន​ទី​២ ដែល​តួនាទី នេះ​មិន​អាច​ដក​បាន​ទេ តែ​គេ​បាន​រក​គ្រប់​វិធីដក​លោក​ហើយ ពេល​នោះ​ក្រោយ​សមាជ អគ្គលេខាធិការ ញឹក ប៊ុ​ន​ឆៃ សួរ​លោក​ថា គាំទ្រ​សមាជ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០០៦ ឬ​អត់​? បើ​មិន​គាំទ្រ​ដក​តំណែង អនុប្រធាន​ទី​២​។ លោក​បន្ដ​ថា “...​នៅ​ស្នាក់​ការ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នោះ អគ្គលេខាធិការ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា ត្រូវ​ដក ចេញ​ហើយ​។ ខ្ញុំ​បាន​លាឈប់​ពី​អនុប្រធាន ហើយ​ខ្ញុំ​មិន​ចង់​អង្គុយ​នៅ​កន្លែង​ដែល​គ្មាន​កិត្ដិយស​នោះ​ទេ​”​។​

លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​មាន​ប្រសាសន៍​ថា លោក​យូ ហុ​ក​គ្រី ត្រូវ បាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សំរេច​បណ្ដេញចេញ​កាលពី​ថ្ងៃ​ទី​១១ ឧសភា កន្លង​ទៅ​រួច​មក​ហើយ ។ លោក បន្ដ​ថា “​លោក​យូ ហុ​ក​គ្រី មិន​ក្លាហាន​ចេញ​មុខ​ប្រកាស​ដូចនេះ ក្រោយ​ពេល​សមាជ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០០៦ ហើយ​លោក​ទើបតែ​មក​ប្រកាស​នៅ​ពេល​លោក​បាន​ទទួល​តំណែង​ជា​អគ្គលេខាធិការ របស់ គណបក្ស នរោត្ដម រណឫទ្ធិ នៅ​ពេល​នេះ ដែល​វា​ហាក់ដូចជា​អណ្ដើក​ក្នុង​ស្នូក​អ៊ីចឹង​ដែរ​...” ។ លោក​បាន​បន្ដ ទៀត​ថា ក្រៅពី​លោក​យូ ហុ​ក​គ្រី គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​មាន​គំរោង​បណ្ដេញ​សមាជិក​ណា​ផ្សេង​ទៀត​ទេ បើ​ទោះបីជា​យើង​បានដឹង​ថា មាន​អ្នកមួយ​ចំនួន​ជា​មុខសញ្ញា​ក្ដី តែ​យើង​ទុក​ឱ្យ​ពួក​គាត់​កែប្រែ​ខ្លួន ។​

សម្ដេចក្រុមព្រះ​បាន​មាន​បន្ទូល​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២២ ឧសភា ថា “​ខ្ញុំ​មិន​ដែល​បាន​ទទួលស្គាល់ លទ្ធផល នៃ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ចាត់តាំង​ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​កើត​ចេញពី​ព្រឹត្ដិការណ៍ ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០០៦ ដែល​បាន​រំលោភ​លើ​លក្ខន្ដិកៈ និង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នោះ​ទេ ”​។ ព្រះ​អង្គ​បន្ដ​ថា លោក​កែវ ពុទ្ធរស្មី បាន​ថ្លែង​ថា សម្ដេចក្រុមព្រះ​នៅ​តែ​ជា​អគ្គ​មគ្គុទេសក៍ ប្រវត្ដិសាស្ដ្រ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​គ្មាន​នរណា​អាច​ដកហូត​បាន​ឡើយ ។ ព្រះ​អង្គ​បានឱ្យ​ដឹង​ទៀត ថា ដើម្បី​ចៀសវាង​ការ​ខូចខាត​ដែល​ព្រះ​អង្គ​នឹង​អាច​ទទួល​ពី​ការ​បំភាន់​មតិ​សាធារណៈ ដូច្នេះ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​រៀបចំ​សមាជ​យ៉ាង​យូរ​៣០​ថ្ងៃ ដើម្បី​ដក​ការ​តែងតាំង​ព្រះ​អង្គជា​មគ្គុទេសក៍​ប្រវត្ដិសាស្ដ្រ របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ហើយ​បើសិន​មិន​អនុវត្ដ​តាម​ការ​ស្នើ​សុំ​ទេ ព្រះ​អង្គ​នឹង​ស្នើ​ឱ្យ​មាន​វិធានការ ផ្លូវច្បាប់ ។​

លោក​មុត ច​ន្ថា អ្នកនាំពាក្យ​គណបក្ស នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​មេធាវី​របស់ គណបក្ស​បាន​ដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​រួចរាល់​ហើយ ចំពោះ​ករណី​សម្ដេចក្រុមព្រះ បន្ទាប់​ពី​តុលាការ ក្រុងភ្នំពេញ​បាន​កាត់ទោស​ព្រះ​អង្គ​ឱ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​សងជំងឺចិត្ដ​១៥​ម៉ឺន​ដុល្លារ ទៅ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ថ្ងៃ ទី​១៣ មីនា ឆ្នាំ​២០០៧ ដោយ​កំបាំង​មុខ​ព្រះ​អង្គ ។

Labels:

 
 

ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ស្ដីបន្ទោស​ដល់​សម្ដេចក្រុមព្រះ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន ក្នុង​ចេតនា ឆ្លើយ​តប​ទៅ​នឹង​អ្នកនាំពាក្យ​គណបក្ស នរោត្ដម រណឫទ្ធិ និង​សម្ដេចក្រុមព្រះ ដែល​គណបក្ស​នេះ​ចាត់​ទុក ថា បាន​វាយប្រហារ​តាម​រយៈពាក្យ​សម្ដី​មក​លើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​គោលបំណង​ដើម្បី​កាឡៃ​ការ​ពិត ស្ដី​ពី​សុច្ឆន្ទៈ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ចង់ឱ្យ​មានការ​បង្រួបបង្រួម​អ្នក​រាជា​និយម សីហ​នុ​និយម ដូច​ដើម​ឡើង​វិញ​នោះ ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​លាតត្រដាង​ថា ការ​សំរេច​ព្រះ​ទ័យ​ចាក​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺជា​ការ សំរេច​ព្រះ​ទ័យ​ដោយ​ផ្ទាល់​របស់​ព្រះ​អង្គ​នៅ​ថ្ងៃ​ទី​១៣ និង​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៦ ដើម្បី​បង្កើត​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​ជា​ការ​ប៉ុនប៉ង​ជា​យូរ​មក​ហើយ​របស់​ទ្រង់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ ពី​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ទៅ​ជា​គណបក្ស​នរោត្ដម រណឫទ្ធិ ដោយ​មិន​បាន​សំរេច​នោះ ។ រឿង​នេះ​វា​ពិតជា​គ្មាន​ការ ពាក់ព័ន្ធ​អ្វី​ទាល់តែ​សោះ ទៅ​នឹង​ការ​ចោទប្រកាន់​ដោយ​អយុត្ដិធម៌ ដែល​ថា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺជា​អ្នក បណ្ដេញ​ទ្រង់​ចេញ​នោះ​។ ចំពោះ​ការ​ជួប​ចរចា​ក្រៅផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​ចាស់ទុំ​រវាង​គណបក្ស​ទាំង​ពីរ មាន គោលបំណង​តែ​មួយ​គត់​គឺ ការ​បង្រួបបង្រួម​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​កិច្ចការ​នេះ​ត្រូវ បាន​បំផ្លិចបំផ្លាញ​ជា​បន្ដបន្ទាប់ ។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចោទ​ថា ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច ជា​និច្ចកាល​តែងតែមាន​ទស្សនៈ​ផ្ទុយ​ពី​គំនិត​របស់​ថ្នាក់ដឹកនាំ​ចាស់ទុំ នៃ​គណបក្ស​នរោត្ដម រណឫទ្ធិ និង​ជា អតីត​អ្នកតស៊ូ ហើយ​រាល់​សកម្មភាព​របស់​ពួក​គេ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នូវ​រាល់​លទ្ធភាព​ដែល​អាច នាំ​ឆ្ពោះទៅ​កាន់ការ​បង្រួបបង្រួម​អ្នក​រាជា​និយម​ឡើង​វិញ នៅ​ខណៈ​ដែល​សមាជិក​សមាជិកា​ជា​ច្រើន​ចង់ វិល​ត្រឡប់​មក​រួម​រស់នៅ​ក្នុង​សង្គម​គ្រួសារ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​វិញ​នោះ ។​

សេចក្ដី​ប្រកាស​នេះ​បាន​បង្ហាញ​ថា ចំពោះ​តំណែង​មគ្គុទេសក៍​ប្រវត្ដិសាស្ដ្រ គឺ​មិនមែន​ជា​សម្បត្ដិ​ផ្ដាច់មុខ របស់​សម្ដេចក្រុមព្រះ​នោះ​ទេ បើ​ទោះបីជា​សមាជ​វិសាមញ្ញ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ បាន​អនុម័ត​ថ្វាយ ព្រះ​អង្គ​ក៏​ដោយ ។ តំណែង​មគ្គុទេសក៍​ប្រវត្ដិសាស្ដ្រ​នេះ ផ្អែក​តាម​លក្ខន្ដិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​សំដៅ​ប្រគល់​ថ្វាយ និង​ជូន​ដល់​អង្គ​ក្សត្រ ឬ​ក៏​ឥស្សរជន​ណា​ម្នាក់ ដែល​បាន​ធ្វើ ពលិកម្ម និង​មាន​គុណូបការៈ​ដ៏​ធំធេង និង​ប្រកបដោយ​ភាព​ស្មោះសរ​បំផុត ចំពោះ​គណបក្ស​មាន​ជា​អាទិ៍ ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហ​នុ សម្ដេច​ចក្រី ញឹក ជូ​ឡុ​ង ។​ល​។​និង​។​ល​។ ដូច្នេះ​ក្នុង​ឋានៈ ព្រះ​អង្គជា​មនុស្ស​ដែល​ស្ថិត​នៅ​ក្រៅ​គណបក្ស​នោះ ប្រាកដ​ណាស់ ទ្រង់​ពិតជា​គ្មាន​សិទ្ធិ និង អំណាច​អ្វី មក​ធ្វើការ​បង្គាប់បញ្ជា ឬ​កំណត់​ឱសានវាទ​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​បំពេញ​មហិច្ឆតា របស់​ទ្រង់​តាម​រយៈ​ការ​រំលោភ​លើ​អធិបតេយ្យភាព ឯករាជ​ភាព លក្ខន្ដិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នោះ​បាន​ឡើយ ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ចាត់​ទុក​ថា រាល់​សកម្មភាព​ដែល​សម្ដេចក្រុមព្រះ បាន​ស្ដែង​ចេញ​ជា បន្ដបន្ទាប់​នា​ពេល​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​អាត្មា​និយម និង​ការ​មិន​ចេះ​ទទួលខុសត្រូវ​របស់ ទ្រង់ ដែល​ជា​និច្ចកាល​ទ្រង់​តែងតែ​ធ្វើ​ដើម្បី​តែ​លាភសក្ការៈ និង​សេចក្ដីសុខ​ផ្ទាល់​ព្រះ​អង្គ ។ ម្យ៉ាង​វិញ ទៀត វា​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ទៀត​ថា ទ្រង់​តែងតែ​ខិតខំ​រិះគិត​យ៉ាងណា​ធ្វើ​ឱ្យ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រលំរលាយ តាម​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន​របស់​ទ្រង់ ឱ្យ​ខាង​តែ​បាន ។ អាស្រ័យ​ហេតុនេះ ហើយ​ទើប​បានជា​ព្រឹត្ដិការណ៍​នៃ​សមាជ​វិសាមញ្ញ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ បាន​កើត​មាន​ឡើង ដែល​សមាជ​នេះ​សំដៅ​លុប​បំបាត់​ចោល​ជា​ដាច់ខាត​នូវ​អំណាច​ផ្ដាច់​ការ ដែល​ទ្រង់​តែងតែបាន​ធ្វើ បើ​ទោះបី ជា​ទ្រង់​ដឹង​ថា ទ្រង់​កំពុង​រំលោភ​លើ​លក្ខន្ដិកៈ និង​បញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​យ៉ាងណា​ក៏​ដោយ ។ តាម​ពិត ទៅ ផែនការ​ដ៏​ពិសពុល​របស់​ទ្រង់​នេះ គឺ​បាន​ដុះ​ចេញ​ជា​ពន្លក​ឡើង​តាំងពី​មុន​សមាជ​វិសាមញ្ញ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ មក​ម្ល៉េះ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ដ​ថា ការ​ប៉ុនប៉ង​ណាមួយ​ដែល​ចង់ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រំលាយខ្លួន ទៅ​ចូល ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ​នោះ គឺ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​តែ​ប៉ុណ្ណោះ ។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​អាច​ធ្វើ​ដូចនេះ​បាន​ឡើយ ពីព្រោះ​យើង​ទាំងអស់​គ្នា​ពិតជា​មិន​អាច​ក្បត់​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ នៃ​អតីត អ្នកតស៊ូ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ការពារ​នូវ​បុព្វហេតុ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​បាន​ឡើយ ។ មួយវិញទៀត វា​គឺជា​ការ​ស្ដែង​ចេញ​ឱ្យ​ឃើញ​នូវ​ភាព​រមិលគុណ​យ៉ាង​ខ្លាំង និង​ជា​ចំហ​បំផុត​ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង អតីត​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហ​នុ ដែល​លោក​បាន​ខិតខំ​យក​អស់កំលាំង​ព្រះ​កាយពល ដើម្បី​បង្កើត​ឡើង​នូវ​គណបក្ស​នេះ សំរាប់​ប្រទាន​ជូន​កូនចៅ​របស់​ព្រះ​អង្គ អ្នក​រាជា​និយម សីហ​នុ​និយម​។​

Labels:

 
 

លោក​យ៉ា​សហ៍​ហ្គា​យ​តំណាង​ពិសេស​អគ្គលេខាធិការ​អង្គការ​ សហប្រជាជាតិ​វិល​ត្រឡប់​មក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​លើក​ទី​បី​របស់​លោក​យ៉ា​សហ៍​ហ្គា​យ តំណាង​ពិសេស របស់​លោក​អគ្គ​លេខា ធិ​ការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​នឹង​មក​ធ្វើ ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩​នេះ​ដល់​៣១ ខែឧសភា ឆ្នាំ​២០០៧ ។

​តាម​សេចក្ដី​ប្រកាស​បានឱ្យ​ដឹង​បន្ថែម​ថា លោក​យ៉ា​សហ៍​ហ្គា​យ តំណាង​ពិសេស​របស់​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​បី​របស់​លោក មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ធ្វើការ​ស្វែង​យល់​អំពី​ការ​វិវត្ដន៍​ថ្មីៗ​បំផុត នៅ​ក្នុង ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​ដាក់​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោក ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០០៧ នេះ ។​

លោក​តំណាង​ពិសេស​សង្ឃឹមថា នឹង​មានឱកាស​ធ្វើការ​ពិភាក្សា​អំពី​របាយការណ៍​របស់​លោក​ជាមួយ​តំណាង ជាន់ខ្ពស់​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ កម្មវិធី​នេះ​នឹង​រួម​បញ្ចូល​ផង​ដែរ នូវ​ការ​ជួប​ប្រជុំ​ជាមួយ តំណាង​សង្គម​ស៊ី​វិល គណបក្ស​នយោបាយ ទីភ្នាក់ងារ​សហប្រជាជាតិ និង​សហគមន៍​អ្នកការទូត​នានា​។ សេចក្ដីថ្លែងការណ៍​សារព័ត៌មាន​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​សង្កេត​សំខាន់ៗ​របស់​លោក​តំណាង​ពិសេស អំពី បេសកកម្ម​របស់​លោក នឹង​ត្រូវ​ចេញផ្សាយ​ថ្ងៃ​៣១ ឧសភា​។​

Labels: , ,

 
 

ព្រះ​អង្គ​ម្ចាស់​ម្នាក់​ជាប់ចោទ​សមត្ថកិច្ច​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង​ចាប់​ក្រុមព្រះ​អង្គ​ម្ចាស់

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់ នរោត្ដម ច​រ៉ា​ចក្រ ដែល​គេ​ដឹង​ថា ជា​បុត្រា​របស់​សម្ដេច​មហិស្ស​រ៉ា នរោត្ដម ច័​ក្រ​ព​ង្ស់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈ​មានការ​ឆ្មក់​ចូល​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ជាមួយ​មនុស្ស​៨​នាក់ ទៀត​ដែល​ក្នុង​នោះ​មាន​ស្ដ្រី​ម្នាក់​ផង​។ តាម​សេចក្ដីរាយការណ៍​ជុំវិញ​ការ​ឃាត់ខ្លួន ព្រះ​អង្គ​ម្ចាស់​នេះ​ត្រូវ បាន​ទទួល​ព័ត៌មាន​បន្ទាន់​ភ្លាមៗ​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ ២៨ ឧសភា សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​៧​មក​រា រួម​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​បឹង​ព្រលឹត​និង​កំលាំង​ប៉េ​អឹ​ម​ខណ្ឌ ចូលរួម​ផង​បាន​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ កន្លែង​លេខ​៥៤​BEo ស្ថិត​នៅ​ផ្លូវ​លេខ​១១៥ កែង​ផ្លូវ​លេខ​២៣២ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ដោយ​បាន​ឃាត់ខ្លួន មនុស្ស​ចំនួន​៩​នាក់ ។

​មន្ដ្រី​ប៉ូលិស​ខណ្ឌ​មិន​បាន​ផ្ដល់​ព័ត៌មាន​ភ្លាមៗ​ឱ្យ​ដឹង​នៅឡើយ​ទេ​ថា តើ​ការ​ឆ្មក់​ចូល​ផ្ទះ​ជួល​នេះ​មាន មូល ហេតុ​អ្វី​? តែ​ទោះបីជា​យ៉ាងណា​ក្នុង​ប្រតិបត្ដិការ​នេះ​ក្រៅពី​កំលាំង ប៉ូលិស ប៉េ​អឹ​ម ក៏​មានការ​ចូលរួម​ពី លោក​ព្រះរាជអាជ្ញា​រង​អម​តុលាការក្រុង លោក​អ៊ឹ​ង ប៊ុ​ន​ជា ផង​ដែរ ។ ការ​បង្ហាញ​វត្ដមាន​ព្រះរាជអាជ្ញា​រង លើក​នេះ អាច​ចាត់​ទុក​ថា ជា​ករណី​ពិសេស​មួយ ព្រោះ​ជា​ទំលាប់​ច្រើន​តែម​ន្ដ្រី​ក្រឡាបញ្ជី​ជា​អ្នក​ជំនួស​ឱ្យ ព្រះរាជអាជ្ញា ។​

ក្នុង​ការ​ឆ្មក់​ចូល​ឃាត់ខ្លួន​ពួក​គេ​ទាំង​៩​នាក់​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​កាំបិត​៥​ដើម ជា​ប្រភេទ​កាំបិត ប្រយុទ្ធ​ដែល​មិនមែន​ជា​កាំបិត​ផលិត​ក្នុងស្រុក និង​ទំនងជា​កាំបិត​ដែល​នាំ​ចូល​ផង​ដែរ ។ ពួក​គេ​បាន​ព្យាយាម បោះ​កាំបិត​នេះ​ទៅ​ខាងក្រោយ​ផ្ទះ​ខណៈ​សមត្ថកិច្ច​សំរុកចូល តែ​ពួក​គេ​មិន​អាច​លាក់បាំង​សមត្ថកិច្ច បាន​ឡើយ និង​ត្រូវ​បាន​រឹបអូស​។ ក្រៅពី​នេះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ស្ដេ​ប និង​សេ​១២៥ ស៊េរី​២០០៧ ក៏​ត្រូវ ដកហូត​ដែរ​។ ការ​ឆែកឆេរ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជា​ការ​អនុវត្ដ​ទៅ​តាម​ដីកា​លេខ​៧៨ ហើយ​ក្នុង ដីកា​នេះ​បាន​ចោទប្រកាន់​ពី​បទ​ឆក់ និង​ប្លន់ ។

​មិន​ទាន់​ត្រូវ​បានឱ្យ​ដឹង​ប្រាកដប្រជា​នៅឡើយ​ទេ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ព្រោះ​បន្ទាប់​ពី​ឃាត់ខ្លួន និង​ដក ហូត​វត្ថុ​តាង​ពួក​គេ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ភ្លាមៗ​ផង​ដែរ ។ ដោយឡែក​ព្រះ​អង្គ ម្ចាស់​ត្រូវ​បាន​ផ្ដល់​កិត្ដិយស​ឱ្យ​ជិះ​រថយន្ដ​ដាច់​ពី​គេ ។​

ជន​ទាំង​៩​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ១-​ឈ្មោះ​សម ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​4E1 ផ្លូវ​លេខ​៣៩៨ សង្កាត់​បឹង​កេងកង​ទី​១, ២-​ឈ្មោះ ជា សុ​ផា​និត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អាសយដ្ឋាន​លេខ ៩៤​Eo ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ​, ៣-​ឈ្មោះ​វាសនា ដា​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន ថ្នាក់​ទី​១០​ៅ​២ វិទ្យាល័យ​ទួល​ទំពូង ផ្ទះ​នៅ​ម្ដុំ​វត្ដ​សន្សំ​កុសល​, ៤-​ឈ្មោះ​អ៊ឹ​ង វិទូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ផ្ទះ​នៅ​ភូមិ​ស្ល​ក្រាម ខេត្ដសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​សំណាក់​លុ​ច​អូរ​ឫស្សី បន្ទប់​លេខ​៣០៣ ក្នុង សង្កាត់​បឹង​ព​ល្រឹ​ត​, ៥-​ឈ្មោះ​ឈុ​ន ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩​ព សាលា​សំពៅ​មាស ផ្ទះ​លេខ​101Eo ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់​, ៦-​ឈ្មោះ វាសនា ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​11C2 វិទ្យាល័យ​ទួល​ទំពូង ផ្ទះ​នៅ​ម្ដុំ​វត្ដ​សន្សំ​កុសល​, ៧-​ឈ្មោះ​ម៉​ម សា​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី 11C2 ផ្ទះ​នៅ​ចំការ​ដូង​, ៨-​ឈ្មោះ​សាំង សាម​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​11G2 វិទ្យាល័យ​បឹង​កេងកង ផ្ទះ​នៅ​ម្ដុំ​ធ្វើ​តុទូ ក្នុង​ខណ្ឌចំការមន​, ៩-​ព្រះ​អង្គ​ម្ចាស់ នរោត្ដម ច​រ៉ា​ចក្រ អាយុ​២២​ឆ្នាំ ជា​បុត្រ​សម្ដេច​មហិស្ស​រ៉ា នរោត្ដម ច័​ក្រ​ព​ង្ស់ និង​អ្នក​ម្នាង​ចា​រ៉ូ​វ៉ា​ន់ ។

​សូម​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់​នរោត្ដម ច​រ៉ា​ចក្រ គឺជា​បុត្រា​របស់​សម្ដេច​មហិស្ស​រ៉ា នរោត្ដម ច័​ក្រ​ព​ង្ស់ ជាមួយ​អ្នក​ម្នាង​ជា​ជនជាតិ​ថៃ នាម​ចា​រ៉ូ​វ៉ា​ន់ ដែល​កាលពី​ឆ្នាំ​២០០៤ អ្នក​ម្នាង​បាន​រត់គេច​ចេញ​តាម​ច្រក ប៉ោយ​ប៉ែ​ត​ចូល​ប្រទេស​កំណើត​របស់​អ្នក​ម្នាង​វិញ ខណៈ​ដែល​ព្រះ​អង្គ​នាំ​កីឡាករ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម នៅ ប្រទេស​ហ្វី​លី​ពី​ន​។ ព័ត៌មាន​ពេល​នោះ​ភ្ញាក់ផ្អើល​ទាំង​ស្រុក​ខ្មែរ និង​ស្រុក​ថៃ ។​

Labels: ,

 
 

ក្រុមព្រះ​បង្ហាញខ្លួន​តាម​វី​ដេ​អូ​ បក្ស​ធ​ម្មិ​កោ​ប្រកាស​ចូលរួម​ជាមួយ​បក្ស​នរោត្ដម រណឫទ្ធិ​ ​តែ​រក្សា​ឈ្មោះ​បក្ស​ទុក

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ អគ្គ​ប្រតិភូ​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម បាន​មាន បន្ទូល​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ថា គណបក្ស​របស់​ព្រះ​អង្គ​បាន​ធ្វើការ​រំសាយ​នូវ​រចនាសម្ព័ន្ធ​របស់​ខ្លួន ដើម្បី​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ ក្នុង​ការ​បង្រួបបង្រួម​រវាង​ក្រុម​អ្នក​រាជា​និយម អ្នក ស្នេហា​ជាតិ ដើម្បី​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត ឆ្ពោះទៅ​រក​ការ​ប្រមូល ផ្ដុំ​មួយ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​សាកល ឆ្នាំ​២០០៨ ខាង​មុខ ។ ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ បាន​មាន​បន្ទូល បែប​នេះ​នៅ​ក្នុង​សមាជ​បញ្ចូល​គ្នា​រវាង​គណបក្ស​របស់​ព្រះ​អង្គ​ម្ចាស់ ជាមួយនឹង​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​បាន​ប្រារឰ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ទោះបីជា​បែប​ណា​មាន​សមាជិក សមាជិកា​ខ្លះ​មិន​បាន​គាំទ្រ​សមាជ​នេះ​ទាំងស្រុង​ទេ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា សមាជិក​-​សមាជិកា​របស់​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម ប្រមាណ ៤០០​នាក់​មក​ពី​ខេត្ដ​-​ក្រុង​ចំនួន​១១ នៅ​ទូ​ទាំង​ប្រទេស បាន​ចូលរួម​នៅ​ក្នុង​សមាជ​វិសាមញ្ញ​ក្នុង​ការ បង្រួបបង្រួម​រវាង​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម និង គណបក្ស​នរោត្ដម រណឫទ្ធិ ហើយ​នៅ​ក្នុង​អង្គ សមាជ​វិសាមញ្ញ​នេះ ក៏​មានការ​ចាក់​ផ្សាយ​នូវ​បន្ទូល​របស់​សម្ដេចក្រុមព្រះ​ទៅ​កាន់​សមាជិក ចូលរួម​ក្នុង អង្គ​សមាជ​នេះ​ផង​ដែរ​។ នៅ​ក្នុង​សម្ដី​ដើម​ដែល​ចាក់​ផ្សាយ​នោះ សម្ដេចក្រុមព្រះ បាន​ធ្វើការ​អំពាវនាវ ដល់​សមាជិក​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ឱ្យមក​ចូលរួម​ជាមួយ​ព្រះ​អង្គ​ហើយ បាន​ស្វាគមន៍​ចំពោះ​សមាជិក​-​សមាជិកា​នៃ គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម ដែល​បាន​សំរេចចិត្ដ​មក​ចូលរួម​ជាមួយ​ព្រះ​អង្គ ។​

អ្នកស្រី​ជា សុខ អាយុ​៤៩​ឆ្នាំ មក​ពី​ស្រុក​ចំការលើ ខេត្ដកំពង់ចាម ដែល​បាន​ចូល​ក្នុង សមាជ​នេះ បាន​ថ្លែង​ថា អ្នកស្រី​មិន​មានការ​យល់​ទាស់​អ្វី​ទេ​ចំពោះ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ។ អ្នកស្រី​បន្ដ​ទៀត​ថា “​ខ្ញុំ​យល់ព្រម ទាំងអស់ ខ្ញុំ​ត្រូវ​ទៅ​តាម​ការ​ដឹកនាំ​របស់​សម្ដេច ធ​ម្មិ​កោ ក្នុង​ការ​ទៅ​ចូលរួម​ជាមួយ​ព្រះ​អង្គ​ក្រុមព្រះ​” ។ ប៉ុន្ដែ​លោក​ម៉ា ជឹ​ម អាយុ​៦០​ឆ្នាំ មក​ពី​ឃុំ​កោះអណ្ដែត ស្រុក​កោះអណ្ដែត ខេត្ដតាកែវ បាន​ថ្លែង​ថា លោក មិន​ទាន់​សំរេចចិត្ដ​ទៅ​តាម​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​នៅឡើយ​ទេ ក្នុង​ការ​ទៅ​រួបរួម​ជាមួយ​គណបក្ស នរោត្ដម រណឫទ្ធិ​នោះ ព្រោះ​លោក​មិន​ទាន់​ដឹង​ច្បាស់​អំពី​គោលការណ៍​ឬ​រចនាសម្ព័ន្ធ​ថ្មី​យ៉ាងណា​ផង ។ លោក​អះអាង ថា “​ខ្ញុំ​ចូលរួម​ស្ដាប់​សមាជ តែ​មិន​ទាន់​ដឹង​ពី​ខ្លឹមសារ​អ្វី​ផង ព្រោះ​សម្ដេចក្រុមព្រះ​នៅ​ឯ​ក្រៅប្រទេស យើង ចង់​ជួប​ព្រះ​អង្គ​ផ្ទាល់​” ។​

តាម​ការ​ចាក់​ផ្សាយ​នេះ​សម្ដេចក្រុមព្រះ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​ស្វាគមន៍​ចំពោះ​ការ​សំរេចចិត្ដ​យ៉ាង ត្រឹម ត្រូវ​ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ ។ សម្ដេចក្រុមព្រះ​បន្ដ​ថា “​ខ្ញុំ​សូម​ធ្វើការ​អំពាវ នាវ​ដល់​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ ធ្លាប់​ជា​គណបក្ស រាជា​និយម​ពិតប្រាកដ​មានការ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​។ ខ្ញុំ​បាន​ទទួល​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៣ បោះ​ឆ្នោត​សាកល ហើយ​ពេល​នេះ​សូម​ឱ្យ​សមាជិក សមាជិកា​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មក​ចូលរួម​រស់ មក​ជួយ​ជា​ចន្ទល់ នៃ​គណបក្ស​នរោត្ដម រណឫទ្ធិ ដោយ​ចេញពី​គណបក្ស​នោះ​”​។​
​លោក​នូវ សុវត្ថិ​រ៉ូ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​មាន​ប្រសាសន៍​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ ហើយ​យើង​បានដឹង​អំពី​មុខសញ្ញា​នៃ​អ្នក​ដែល​មាន​បំណង​ទៅ​ចូលរួម ជាមួយ សម្ដេចក្រុមព្រះ​រួច​ទៅ​ហើយ ប៉ុន្ដែ​យើង​មិន​ទាន់​ចាត់ការ ដោយ​ទុក​ឱ្យ​ពួក​គាត់​គិតពិចារណា​ឡើង​វិញ មុន​នឹង​សំរេចចិត្ដ​នោះ លោក​បន្ដ​ថា “​មាន​អ្នក​ធ្លាប់​ខកចិត្ដ​នឹង​សម្ដេចក្រុមព្រះ​ដូច​ជា​លោក​អគ្គលេខាធិការ ញឹក ប៊ុ​ន​ឆៃ​, លោក​លឺ ឡាយ​ស្រេង​” ។ លោក​បន្ដ​ទៀត​ថា ចំពោះ​ការ​សុំ​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លុបឈ្មោះ​ព្រះ​អង្គ​ពី​អគ្គ​ម​គ្គុ​ទ្ទេស​ក៏​ប្រវត្ដិសាស្ដ្រ​នោះ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​យល់​ថា អគ្គ​ម​គ្គុ​ទ្ទេស​ក៏​បក្ស មិនមែន​មាន​តែ​សម្ដេចក្រុមព្រះ​នោះ​ទេ អ្នក​ដទៃ​ក៍​អាច​ធ្វើ​ជា​អគ្គ​មគ្គុទ្ទេសក៍​ប្រវត្ដិសាស្ដ្រ​បាន​ដែរ ។​

លោក​នូវ សុវត្ថិ​រ៉ូ បន្ដ​ទៀត​ថា “​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេចក្រុមព្រះ​ដែល​ថា បាន​សរសេរ​លិខិត មក​លោក​កែវ ពុទ្ធរស្មី​នោះ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ឬ​លោក​ប្រធាន​កែវ ពុទ្ធរស្មី មិន​ទាន់​មាន​ពេល​ទៅ ពិនិត្យ​មើល​លិខិត​នោះ​នៅឡើយ​ទេ ហើយ​រង់ចាំ​៣០​ថ្ងៃក្រោយ​ពី​នេះ​សិន ។ លោក​អះអាង​ទៀត​ថា ពេល​នេះ​យើង​រវល់​ចុះ​ទៅ​តាម​មូលដ្ឋាន​ក្នុង​ការ​ពង្រឹង​អ្នកគាំទ្រ ហើយ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី មើល​លិខិត​នោះ​នៅឡើយ​ទេ ។​

សម្ដេចក្រុមព្រះ​មាន​បន្ទូល​ទៀត​ថា មាន​អ្នក​ដែល​គេ​តាំងខ្លួន​គេ​ជា​អ្នក​ប្រជាធិបតេយ្យ ប៉ុន្ដែ​នៅ​តែ​បន្ដ បំបែកបំបាក់ ជា​ពិសេស​នយោបាយ​បំបែកបំបាក់​អ្នក​ប្រជាធិបតេយ្យ​និយម អ្នក​រាជា​និយម អ្នក​ស្នេហា​ជាតិ និយម ធ្វើ​ឱ្យ​ចលនា​អស់ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ទន់ខ្សោយ ។ យើង​ដឹង​អ្នក​ដែល​បំបែកបំបាក់​នោះ ។​

ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធ​ម្មិ​កោ បាន​មាន​បន្ទូល​ថា គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម មាន​អាយុ​ក្មេង ជាងគេ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០០៧ ហើយ​មាន​ពេល​ខ្លី​បំផុត​ក្នុង​ការ​រៀបចំ បេក្ខជន​របស់​ខ្លួន ។ ថ្វីបើ​យើង​មិន​បាន​ទទួល​ជ័យ​ជំនះ​ដូច​កា​រំពឹង​ទុក​របស់​យើង​មែន តែ​យើង​មាន មោទនភាព​ខ្ពស់​បំផុត ព្រោះ​បាន​បង្កើត​ចរន្ដ​មួយ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​សាមគ្គី​ជាតិ ក្រោម​ម្លប់ ព្រះមហាក្សត្រ​។ នៅ​ឆ្នាំ​២០០៦ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​បំបែក​ជា​កង់ៗ ហើយ​ពេល​នោះ​កម្លាំង​រាជា​និយម ក្នុង​ប្រទេស​ចង់​រលាយ​ទៅ​ហើយ ក៏​ប៉ុន្ដែ​យើង​បាន​ងើបឈរ​”​។

​លោក​ម៉ៅ សំ​អឿ​ន ប្រធាន​ក្រុមការងារ​គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​បង្រួបបង្រួម​នេះ លោក​មិន​ទាន់​បានដឹង​ថា តួនាទី​របស់​លោក​ជា​អ្វី​នៅឡើយ​ទេ ។ ប៉ុន្ដែ​វា មិន​សំខាន់​នោះ​ទេ សំរាប់​តួនាទី​ក្នុង​គណបក្ស ព្រោះ​យើង​គិត​សំខាន់​គឺ​ការ​បង្រួបបង្រួម​អ្នក​រាជា​និយម​។ ឯ​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​បាន​មាន​បន្ទូល​ថា “​សម្ដេចក្រុមព្រះ នឹង​ប្រគល់​តំណែង​អនុប្រធាន​គណបក្ស​នរោត្ដម រណឫទ្ធិ​មក​ព្រះ​អង្គ​” តែ​ទោះបីជា​យ៉ាងណា​ព្រះ​អង្គ​ម្ចាស់​មិន​បាន​អះអាង​ពី​តួនាទី របស់​មន្ដ្រី​ថ្នាក់​ក្រោម របស់​ព្រះ​អង្គ​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នរោត្ដម រណឫទ្ធិ​នោះ​ទេ ។​

Labels:

 
 

សភា​បន្ដ​ពិភាក្សា​ស្ដី​ពី​ការ​ឃាត់ខ្លួន​-​បញ្ជូន​ខ្លួន​និង​ការ​ស៊ើបអង្កេត

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា រដ្ឋសភា​បាន​បន្ដ​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​ឈាន​ដល់​ថ្ងៃ​ទី​៣ ហើយ​ក្នុង​កិច្ច​ពិភាក្សា​ជជែក​វែកញែក​របស់​អ្នកតំណាង​រាស្ដ្រ​មាន​សភាព​តឹង តែង និង​ប្រុង​ប្រយ័ត្ន​បំផុត​ទៅ​លើ​ការ​ឃាត់ខ្លួន​ជនល្មើស និង​ការ​បញ្ជូន​ខ្លួន​បុគ្គល​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​។ ក្នុង​ការ​ពិភាក្សា​នោះ រដ្ឋសភា​បាន​ឈាន​ដល់​ការ​អនុម័ត​ទៅ​លើ​ជំពូក​ទី​៣ មាន​៧​មាត្រា ជំពូក​ទី​៤ និង​ជំពូក ទី​៥ មាន​ចំនួន​២​មាត្រា ហើយ​បន្ទាប់​ពី​ពិភាក្សា អង្គ​សភា​បាន​អនុម័ត​ជំពូក​ទាំង​៣ ដោយ​សំលេង​គាំទ្រ ៧៩​លើ​៧៩ ។

​លោក​ឯក សំ​អុល ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្ដិធម៌​របស់​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ មាន​ចំណុច​ល្អ​ជាង​ច្បាប់​អ៊ុ​ន​តាក់​ទៅ​ទៀត ។ ការ​ឃាត់ខ្លួន​ជនល្មើស​ក្នុង​ករណី​នេះ​ដើម្បី​ស៊ើបសួរ​យក ព័ត៌មាន​បន្ដ ហើយ​ការ​ឃាត់ខ្លួន​នោះ តាម​ច្បាប់​នេះ​មិន​មានការ​បន្ថយ​ម៉ោង​ទេ ។ លោក​បន្ដ​ថា ការ​ឃាត់ ខ្លួន​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ធម្មតា ការ​ឃុំខ្លួន​មាន​រយៈពេល​៤៨​ម៉ោង តែបើ​បទល្មើស​ភេរវកម្ម​វិញ​នោះ ត្រូវ​តែ​ឃុំខ្លួន ដើម្បី​ស៊ើបសួរ​តទៅ​ទៀត ។​

លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​បាន​មាន​ប្រសាសន៍​ការពារ​ច្បាប់​នេះ​ថា ការ​ឃាត់ខ្លួន ជនល្មើស​ជាក់ស្ដែង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ។ លោក​បន្ដ​ថា “​ជនល្មើស​ខ្លះ​មិន​ព្រម​និយាយ​ទេ ក្នុង រយៈពេល​២៤​ម៉ោង នៅ​ពេល​ចាប់ខ្លួន រង់ចាំ​មេធាវី​មក​ដល់ ។ ពួក​គេ​ខិល​ដែរ​... វា​ជា​ការ​លំបាក​ចំពោះ ប៉ូលិស​ស៊ើបអង្កេត​” ។ ឯ​លោក​ប៉ែន បញ្ញា តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា មាត្រា ១០៤​បាន​ចែង​យ៉ាង​ច្បាស់ អំពី​សិទ្ធិ​របស់​បុគ្គល​ដែល​មាន​បញ្ហា​ត្រូវ​ឃាត់ខ្លួន​នោះ ករណី​នេះ​អាច​បញ្ជូន​ខ្លួន ទៅ​តុលាការ (​ព្រះរាជអាជ្ញា​) ឬ​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព ។​
​មាត្រា​៩៦ បាន​ចែង​ពី​ការ​ឃាត់ខ្លួន​ថា មន្ដ្រី​នគរបាល​យុត្ដិធម៌​ត្រូវ​រាយការណ៍​ភ្លាម​ជូន​ព្រះរាជអាជ្ញា ព្រមទាំង​បញ្ជូន​គ្រប់​ភស្ដុ​តាង​ទាំងអស់​ដែល​តម្រូវ​ឱ្យ​មានការ​ឃាត់ខ្លួន​នេះ ។ ការ​ឃាត់ខ្លួន​មាន​រយៈពេល ៤៨​ម៉ោង ប៉ុន្ដែ​ចំពោះ​បទឧក្រិដ្ឋ​កាលណា​មាន​តម្រុយ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ពិរុទ្ធភាព​លើ​បុគ្គល ដែល​ឃាត់ខ្លួន មន្ដ្រី​នគរបាល​យុត្ដិធម៌ អាច​ពន្យារពេល​ឃាត់ខ្លួន​បាន ប្រសិនបើ​វិធានការ​នេះ​ជា​ការ ចាំបាច់​ដើម្បី​ឱ្យ​ការ​ស៊ើបអង្កេត​ប្រព្រឹត្ដ​ទៅ​បាន​ល្អ ។ ការ​ពន្យារពេល​នេះ ត្រូវ​សុំ​ទៅ​ព្រះរាជអាជ្ញា​ដែល ត្រូវ​ផ្ទៀងផ្ទាត់​មើល​មូលភាព ហើយ​ការ​ពន្យារពេល មិន​ឱ្យ​លើស​ពី​២៤​ម៉ោង​ឡើយ ដោយ​មិន​គិត ពី​ថិរវេលា​ចាំបាច់​ក្នុង​ការ​ដឹក​ជញ្ជូន ។​

មាត្រា​៩៨ ចែង​ថា ក្នុង​រយៈពេល​២៤​ម៉ោង​បាន​កន្លង​ផុត​ទៅ​តាំងពី​ពេល​ផ្ដើម នៃ​ការ​ឃាត់ខ្លួន​មក​នោះ បុគ្គល​ដែល​ឃាត់ខ្លួន អាច​សុំ​សន្ទនា​ជាមួយ​មេធាវី ឬ​ជាមួយ​ជន​ណា​ម្នាក់​ដែល​ខ្លួន​ជ្រើសរើស កុំឱ្យ​តែ​ជន នេះ មានការ​ទាក់ទង​នៅ​ក្នុង​រឿង​ជាមួយ ។ ជន​នេះ​ត្រូវ​បាន​ទទួល​ដំណឹង​ពី​ការ​ស្នើ​សុំ​ជ្រើសរើស​នេះ តាម​គ្រប់​មធ្យោបាយ និង​ជា​បន្ទាន់​។ លោក​អង្គ វង្ស​វ​ឌ្ឍា​នា បាន​មាន​ប្រសាសន៍​ថា ការ​ដោះ​លែង យោង​ទៅ​តាម​ព្រះរាជអាជ្ញា ព្រោះ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​លែង ។ លោក​បន្ដ​ទៀត​ថា មាត្រា​២៩៣ ចែង​ថា គ្រប់​ថិរវេលា​ដែល​ចែង​ដោយ​ក្រម​នេះ ដើម្បី​បំពេញ​កិច្ច ឬ​ទម្រង់ការ​ណាមួយ​នោះ ត្រូវ​ផុតរលត់​នៅ​ថ្ងៃ​ចុង​ក្រោយ​វេលា​ម៉ោង​២៤ ។ តាម​ធម្មតា​រយៈពេល​ដែល​ផុតកំណត់​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ អាទិត្យ ឬ​ថ្ងៃ​បុណ្យ ត្រូវ​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​មួយ​ដែល​បើក​ធ្វើការ​វិញ ។​

លោក​ជាម យៀ​ប បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​ក៏​មាន​បំណង​រក​យុត្ដិធម៌​ដល់​ជន​រង​គ្រោះ​ផង ដល់ ចុងចោទ​ផង​។ លោក​បន្ដ​ថា កន្លង​មក​មាន​បទល្មើស​មួយ​មាន​មនុស្ស​ពីរ​នាក់ ជួនកាល​មនុស្ស​ទាំង​ពីរ​នាក់ មាន​ជំ​លោះ​នឹង​គ្នា​ផ្សេង​ទេ តែ​នៅ​ពេល​មនុស្ស “​ក​” ចង់​ប្ដឹង​មនុស្ស “​ខ​” ហើយ​ទៅ​ប្ដឹង​ប៉ូលិស​យុត្ដិធម៌ ឱ្យ​ចុះ​ស៊ើបអង្កេត ជួនកាល​គាត់​ទៅ​ទិញ គ្រឿងញៀន​លាក់​ទុក​នៅ​កន្លែង​ណាមួយ ឬ បោះ​ចូល​កន្លែង ណាមួយ ដល់​ពេល​ប៉ូលិស ស៊ើបអង្កេត​ទៅ​ឃើញ​មាន​គ្រឿងញៀន​នេះ​មែន ។​

អត្ថបទ កោះសន្តិភាព

Labels:

 
 

គណបក្ស​សម រ​ង្ស៊ី​បណ្ដេញ​ក្រុមប្រឹក្សា​សង្កាត់​និរោធ

clip_image001
​លោកស្រី​អោ​ក ដា​រ៉ា​វី ធ្វើ​សន្និសីទ​ពី​ប្រតិកម្ម (រូបថត កោះសន្តិភាព)

រាជធានី​ភ្នំពេញ ៖ គណបក្ស​សម រ​ង្ស៊ី បាន​ប្រកាស​បណ្ដេញ​សមាជិក​របស់​ខ្លួន ជា​សមាជិក ក្រុមប្រឹក្សា​សង្កាត់​និរោធ ខណ្ឌមានជ័យ គឺ​លោកស្រី​អោ​ក ដា​រ៉ា​វី ដែល​ជា​ក្រុមប្រឹក្សា​សង្កាត់​និរោធ ក្នុង​លំដាប់​លេខ​រៀង​ទី​៣​នៃ​គណបក្ស​សម រ​ង្ស៊ី ។ ការ​ប្រកាស​បណ្ដេញចេញ​នេះ បាន​ធ្វើ​ឡើង​តាម រយៈ​លិខិត​ចុះ​ថ្ងៃ ទី​១១ ខែឧសភា ដែល​ចុះហត្ថលេខា​ដោយ​លោក​គង់ គាំ អនុប្រធាន​គណបក្ស​សម រ​ង្ស៊ី ដោយ​បាន​អះអាង​ថា លោកស្រី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​គណបក្ស ។

​ជា​ប្រតិកម្ម លោកស្រី​អោ​ក ដា​រ៉ា​វី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​ថា សកម្មភាព​របស់ លោកស្រី​កន្លង​មក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ទេ រាល់​សកម្មភាព​គឺ​ដើម្បី​ភាព​ស្អាតស្អំ តែ​ផ្ទុយ​ទៅ​វិញ ប្រធាន​គណបក្ស​មិន​បាន​គិតដល់​តំលៃ​របស់​អ្នក​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សម រ​ង្ស៊ី ។ លោកស្រី បន្ដ​ថា “​មេដឹកនាំ​គណបក្ស​នេះ​បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​សត្វ​ធាតុ ដូច​ជា​មនុស្ស​គ្មាន​វិញ្ញាណ​ឈរ​ចាំតែ​គេ​ប្រើ តែ​ខ្ញុំ​ជា​មនុស្ស​មិនមែន​ជា​សត្វ​ធាតុ​ទេ ។ ខ្ញុំ​ស្រឡាញ់​កិត្ដិយស កេរ្ដិ៍ឈ្មោះ​របស់ខ្ញុំ​” ។​

លោកស្រី​បាន​បន្ដ​ថា លោកស្រី​ត្រូវ​តែ​ចាក​ចេញពី​គណបក្ស​សម រ​ង្ស៊ី ហើយ​មិន​អាច​យក​ខ្លួន​ទៅ​ប្រឡូក ជាមួយ​អ្នក​ដែល​អាក្រក់​អស់ទាំង​នោះ​ទេ​។ លោកស្រី​បន្ដ​ទៀត​ថា គណបក្ស​សម រ​ង្ស៊ី មិន​ឱ្យ​លោកស្រី ចេញ​ទេ​កាលពីមុន ដែល​លោកស្រី​បាន​សុំ​លាឈប់​ជា​យូរ​មក​ហើយ ។​

លោក​គង់ គាំ អនុប្រធាន​គណបក្ស​សម រ​ង្ស៊ី បាន​សំរេច​ធ្វើការ​លុបឈ្មោះ​លោកស្រី អោ​ក ដា​រ៉ា​វី ពី​សមាជិក​គណបក្ស ដោយ​យោង​តាម​មាត្រា​១៤​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស នយោបាយ មាត្រា​១៤​នៃ​លក្ខន្ដិកៈ និង​មាត្រា​៦​នៃ​បទបញ្ជាផ្ទៃក្នុង​គណបក្ស និង​យោង​តាម​ការ​ធ្វើ​សកម្មភាព ផ្ទុយ​ពី​ផលប្រយោជន៍ របស់​គណបក្ស ។ លោក​គង់ គាំ បាន​ថ្លែង​ថា គណបក្ស​សម រ​ង្ស៊ី សំរេច​លុបឈ្មោះ​លោកស្រី​អោ​ក ដា​រ៉ា​វី ចេញពី​បញ្ជី​គណបក្ស​ហើយ ។ លោកស្រី​អោ​ក ដា​រ៉ា​វី បាន​ថ្លែង​ថា ការ​ដោះស្រាយ​ត្រូវ​ឱ្យ​មាន​ភាព កណ្ដាល​ដែល​អាច​ទទួលយក​បាន​។ កន្លង​មក​លោកស្រី​បាន​ធ្វើការ​ដោះស្រាយ​ករណី​ជា​ច្រើន តែ​គេ​មិន​ឱ្យ តំលៃ​ទេ​។ សកម្មភាព​របស់​គណបក្ស​មិន​គោរព​តំលៃ​ស្ដ្រីភេទ​ទេ ហើយ​កន្លង​មក​លោកស្រី​មិន​ជឿ​គេ តែ​ពេល​នេះ​ច្បាស់លាស់​ហើយ ខណៈ​ដែល​បក្ស​នេះ​ច្រានចោល​មន្ដ្រី​ជា​ស្ដ្រី ។​

អត្ថបទ កោះសន្តិភាព

Labels:

 
 

គ្រោងពិភាក្សាសេចក្ដីព្រាងច្បាប់ប្រឆាំងភេរវកម្មខែមិថុនា

រាជធានី​ភ្នំពេញ ៖ លោក​យឹ​ម សុវណ្ណ ប្រធាន​គណៈកម្មការ​ទី​៤​របស់​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​បាន​បញ្ជូន​មក​ដល់​រដ្ឋសភា​ហើយ ដែល ពេល​នេះ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋសភា​បាន​អនុម័ត​យល់ព្រម បញ្ជូន​មក​គណៈកម្មការ​ជំនាញ​រួច រាល់​ហើយ​។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គណៈកម្មការ​ជំនាញ​នឹង​ដាក់​ចូល​អង្គប្រជុំ​សភា នៅ​ពេល​ដ៏​ខ្លី ខាង​មុខ​នេះ គឺ​ក្នុង​សបា្ដហ៍​ទី​១ នៃ​ខែមិថុនា ឆ្នាំ​២០០៧ ។

​លោក​យឹ​ម សុវណ្ណ បាន​បន្ដ​ថា នៅ​ក្នុង​ដំណាក់កាល​ទី​១ គណៈកម្មការ​ទី​៤ បាន​ធ្វើការ​ប្រជុំ​ពិភាក្សា​គ្នា រួចរាល់​ហើយ​។ ក្នុង​ដំណាក់កាល​ទី​២ យើង​បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោ ប​ល់​មួយ​ដែល​មាន​អ្នកតំណាង​រាស្ដ្រ និង​មាន​អ្នកជំនាញ​មក​ពី​ប្រទេស​អូស្ដ្រាលី​ចូលរួម​ផ្ដល់​អនុសាសន៍​ផង​ដែរ ។ លោក​បន្ដ​ថា នៅ​ថ្ងៃ​ទី ២៥ ខែឧសភា គណៈកម្មការ​ជំនាញ​ពិភាក្សា​ជាមួយ​តំណាង​សង្គម​ស៊ី​វិល​បន្ថែម ដើម្បី​ទទួល​បាន​មតិយោបល់ នឹង​អនុសាសន៍​ផ្សេងៗ​ទៀត បន្ទាប់​មក​យើង​នឹង​រៀបចំ​ដំណាក់កាល​ចុង​ក្រោយ​ជាមួយ​តំណាង​រដ្ឋាភិបាល ។​
​លោក​យឹ​ម សុវណ្ណ បាន​ថ្លែង​ថា ច្បាប់​នេះ មាន​១៣​ជំពូក ១១៣​មាត្រា ដោយ​ក្នុង​នោះ​មាន​កំណត់ នូវ​ទោស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដោយ​បែងចែក​ទៅ​តាម​កម្រិត​នៃ​ទោស និង​ប្រភេទ​នៃ​ការ​ប្រព្រឹត្ដ ។ លោក​បន្ដ​ថា មាន​ដូច​ជា​ការ​ប្រព្រឹត្ដ​នៅ​លើ​យន្ដហោះ លើ​នាវា​ការ​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​លើ​ដីគោក ក្នុង​អគារ​សាធារណៈ ការ​កំណត់​ក៏​ទៅ​តាម​នេះ រហូត​ដល់​ទោស​ដាក់គុក​មួយ​ជីវិត ឬ​ក៏​មាន សំណង​ជម្ងឺ​ចិត្ដ ដោយសារ​តែ​ប្រទេស​យើង គ្មាន​ទោស​ប្រហារជីវិត ។​

លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២​របស់​រដ្ឋសភា និង​ជា​សមាជិក​អចិន្ដ្រៃយ៍ រដ្ឋសភា​បាន​មាន ប្រសាសន៍​ថា ដោយ​ប្រទេស​កម្ពុជា​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​ប្រទេស​អាស៊ាន និង​សមាជិក​អង្គការ សហប្រជាជាតិ ហើយ​បច្ចុប្បន្ន​អំពើ​ភេរវកម្ម​អន្ដរជាតិ​កំពុង​តែ​រីក​ដុះដាល​ក្ដៅ​គគុក នៅ​គ្រប់​តំបន់​ទាំងអស់ នោះ ដូច្នេះ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​តែ​មានច្បាប់​មួយ​ស្ដី​អំពី​ការ​បង្ក្រាប​អំពើ​ភេរវកម្ម​ជាតិ​ក្ដី​-​អន្ដរជាតិ​ក្ដី កុំឱ្យ​មាន​ទាស់ និង​ស្រប​ទៅ​តាម​ប្រទេស​យើង​ដែល​ជា​សមាជិក នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ផង និង ក្នុង​សាកលលោក​ផង ។​

លោក​ឯក សំ​អុល ប្រធាន​គណៈកម្មការ​នីតិកម្ម នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​កំពុង​ស្ថិត​នៅ ក្នុង​ដៃ​គណៈកម្មការ​ជំនាញ​របស់​លោក​យឹ​ម សុវណ្ណ នៅឡើយ ។ លោក​បន្ដ​ថា “​ស្ថានទូត​អា​មេ​រិ​ក​ក៏​គេ​បាន ទូរស័ព្ទ​មក​សាកសួរ​លោក​ដែរ​ជុំវិញ​បញ្ហា​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​នេះ​” ។ តែ​លោក យឹ​ម សុវណ្ណ បាន​គូ សបញ្ជាក់​ថា បើសិនជា​មិន​មានការ​ប្រទាំង​ប្រទើស​គ្នា​ទេ ការ​ពិភាក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល នឹង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ខាង​មុខ​នេះ ។ លោក​បន្ដ​ទៀត​ថា “​យើង​នឹង​បញ្ចូល​ទៅ​ក្នុង​សភា​ពេញអង្គ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​” ។​

Labels:

 
 

សភា​ចាប់ផ្ដើម​ជជែក​គ្នា​ពី​សេចក្ដីព្រាងច្បាប់​ក្រម​នីតិវិធី​ ច្បាប់​ចាប់ចង​បច្ចុប្បន្ន​នឹង​ជំនួស​ដោយ​ក្រមព្រហ្មទណ្ឌ​

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៣ កាលពី​ថ្ងៃ​ទី​២៣ ឧសភា ដោយ បាន​លើកយក​នូវ​សេចក្ដីព្រាងច្បាប់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ធ្វើការ​ពិភាក្សា និង​អនុម័ត ដោយ​ការ​ពិភាក្សា​នៅ​ថ្ងៃ​ដំបូង​មាន​សភាព​តឹងតែង ប៉ុន្ដែ​បន្ទាប់​ពី​មានការ​ជជែក​វែកញែក យ៉ាង​ខ្លាំងក្លា​ពី​អ្នកតំណាង​រាស្ដ្រ​រួច​មក​អង្គប្រជុំ​សភា​បាន​ឈាន​ទៅ​ដល់​ការ​អនុម័ត​ត្រឹមតែ គ​ន្ថី​ទី​១​ដែល​ចែង អំពី​បណ្ដឹងអាជ្ញា និង​បណ្ដឹងរដ្ឋប្បវេណី មាន​៣​មាតិកា និង​២៦​មាត្រា ពី​មាត្រា​១​ដល់​មាត្រា​២៦ ហើយ មាតិកា​ទី​១​ចែង​អំពី​គោលការណ៍​ទូទៅ និង​មាតិកា​ទី​២​ចែង​ពី​បណ្ដឹងអាជ្ញា ត្រូវ​បាន​អនុម័ត​សម្លេង​គាំទ្រ ៨៣​លើ​៨៥ ។​

​សេចក្ដីព្រាងច្បាប់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែក​ចេញ​ជា​១១​គ​ន្ថី និង​៦១២​មាត្រា ហើយ​ច្បាប់​នេះ​ត្រូវ បាន​គេ​ដឹង​ថា រៀបចំ​ឡើង​ដោយ​មានការ​ឧបត្ថម្ភ​ទាំង​ផ្នែក​ថវិកា និង បច្ចេកទេស​ដោយ​ភាគី​បារាំង សហការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងយុត្ដិធម៌ តំណាង​រាជរដ្ឋាភិបាល​ចូលរួម​ការពារ​នូវ​សេចក្ដី ព្រាង​ច្បាប់​នេះ​ក្នុង​រដ្ឋសភា ។ គោលបំណង​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ចែង​អំពី​វិធាន​ទាំងឡាយ ត្រូវ​គោរព និង​ប្រព្រឹត្ដ​តាម​ដោយ​ហ្មត់ចត់ ដើម្បី​កំណត់​ឱ្យ​ច្បាស់​នូវ​អត្ថិភាព នៃ​បទល្មើស​ព្រហ្មទណ្ឌ ណាមួយ​។ បទ​ប្បញ្ញត្ដិ​នៃ​ក្រម​នេះ​ត្រូវ​យក​ទៅ​អនុវត្ដ​ចំពោះ​រឿង​ព្រហ្មទណ្ឌ កាលណា​ពុំ​មាន​វិធាន ដោយឡែក ចែង​ដោយ​ច្បាប់​ពិសេស​ទេ​នោះ ។​

​លោក​ជាម យៀ​ប តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នីតិវិធី​ក្រមព្រហ្មទណ្ឌ​នេះ បាន​យក​ច្បាប់​បារាំង និង​អង់គ្លេស​ជា​មូលដ្ឋាន និង​មាន​ក្រមព្រហ្មទណ្ឌ​អន្ដរកាល ក្រមព្រហ្មទណ្ឌ​ចាស់​មក​ធ្វើ​ជា​គោល​ផង​ដែរ ។ លោក​បន្ដ​ទៀត​ថា “​ច្បាប់​នេះ​មិន​មានទោស​ប្រហារជីវិត នោះ​ទេ ។ ព្រោះ​យើង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៤ ដែល​មានទោស​ប្រហារជីវិត មក​ទោស​ដាក់គុក​អស់​មួយ​ជីវិត​វិញ​” ។ លោក​បន្ដ​ទៀត​ថា “​ថ្ងៃនេះ​ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ដ​នូវ​ជំពូក​ទី​១៦ មាត្រា​១៥៨​នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​ចែង​ថា ច្បាប់​ទាំងឡាយ​ណា​ក៏​ដោយ បើសិន​ច្បាប់​នោះ​មាន​ផលប្រយោជន៍​ចំពោះ​ជាតិ បុគ្គល​ដែល​ស្រប​ទៅ​តាម​ច្បាប់ ដែល​មាន​ជា​ធរមាន​នោះ ត្រូវ​ទុក​បន្ដ​ទៅ​ទៀត ។ ប៉ុន្ដែ​បើសិនជា​ការ​ចាំបាច់ បើ​មាន​អត្ថបទ​នៃ​ច្បាប់​ថ្មី​មក ច្បាប់​ទាំងឡាយ​នោះ ត្រូវ​និរាករណ៍​” ។​

​លោក​ជាម យៀ​ប បាន​គូសបញ្ជាក់​ទៀត​ថា ក្រោយ​ពី​ការ​ពិនិត្យ​ទៅ​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​នេះ​ឡើង យើង​មានការ​លំបាក​ក្នុង​ការ​ប្រៀបធៀប​បន្ដិច ដោយសារ​នៅ​កម្ពុជា​ប្រព័ន្ធ​នៃ ចំណេះដឹង និង​បច្ចេកទេស​កើត​ចេញ​អំពី​ប្រព័ន្ធ​ពីរ គឺ​មួយ​ចេញពី​ប្រព័ន្ធ​និយាយ​បារាំង និង​ប្រព័ន្ធ​អង់គ្លេស តែ​ទិស​ដៅ​តែ​មួយ​។ ច្បាប់​នេះ​ត្រូវ​ដាក់​ចូល​អង្គ​សភា​ដើម្បី​អនុម័ត ។ នីតិវិធី​ព្រហ្មទណ្ឌ នីតិ​រដ្ឋប្បវេណី ឬ​រដ្ឋធម្មនុញ្ញ​នៅ​លើ​ពិភពលោក ប្រទេស​ទាំងអស់​តែងតែ​លើក​មក​និយាយ ព្រោះ​វា​ជា​ច្បាប់​គោល ។ ព្រោះ​ច្បាប់​ទាំង​បី​នេះ​តែងតែ​គ្របដណ្ដប់​លើ​ច្បាប់​ក្រោមៗ​ដទៃ​ទៀត ឬ​ក៏​បទដ្ឋាន​ដទៃ​ទៀត​នៃ​ច្បាប់​ទាំង ឡាយ​។ យើង​ធ្លាប់​មានច្បាប់​ព្រហ្មទណ្ឌ​រួច​មក​ហើយ ព្រោះ​កន្លង​មក​នៅ​សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៨៦៣​ដល់​ឆ្នាំ​១៩៥៣ នៅ​ពេល​នោះ​ក៏​មានច្បាប់​នេះ​ដែរ ។​
​មាតិកា​ទី​២​នៃ​ច្បាប់ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​អំពី​បណ្ដឹងអាជ្ញា និង​បណ្ដឹងរដ្ឋប្បវេណី គឺជា​បណ្ដឹង​ពីរ ផ្សេង​ពី​គ្នា​។ បណ្ដឹងអាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស បង្ហាញ​ឱ្យ​ឃើញ​ពិរុទ្ធភាព នៃ​ជន ល្មើស​និង​ផ្ដន្ទាទោស​ជន​នេះ​តាម​ច្បាប់​កំណត់ ។ ដោយឡែក​បណ្ដឹងរដ្ឋប្បវេណី​មាន​គោលបំណង​ធ្វើការ ជួសជុល​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​អំពើ​ល្មើស​ដល់​ភាគី​ខាង​រង​គ្រោះ ហើយ​ក្នុង​គោលបំណង​នេះ​ឱ្យ អ្នក​រង​គ្រោះ​បាន​ទទួល​សំណង​ជម្ងឺ​ចិត្ដ​សម​ល្មម​នឹង​ព្យសនកម្ម ដែល​ខ្លួន​បាន​ទទួល ។​

​លោក​សុក ផេង តំណាងរាស្ដ្រ​មណ្ឌល​កំពង់ធំ​គណបក្ស​សម រ​ង្ស៊ី បាន​ថ្លែង​ថា ទាក់ទង​នឹង​ច្បាប់ក្រម​នីតិវិធី ក្រមព្រហ្មទណ្ឌ​នេះ សូម​ឱ្យ​លោក​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ពិនិត្យ​មើល​នូវ​ករណី​ឃុំខ្លួន​បុរស​ពីរ​នាក់ ប៊​ន សំណាង និង​សុខ សំ​អឿ​ន ឡើង​វិញ ការ​ឃុំខ្លួន​នេះ​វា​ហាក់ដូចជា​ដក​យក​ជីវិត​របស់​ពួក​គេ ។ តែ​លោក ខៀវ សន តំណាងរាស្ដ្រ​មណ្ឌល​កណ្ដាល​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ថ្លែង​ថា លោក​គាំទ្រ​ច្បាប់ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ​ទាំងស្រុង ព្រោះ​កន្លង​មក​មាន​ករណី​មួយ​នៅ​ខេត្ដបាត់ដំបង មាន​ជីតា​ម្នាក់ អាយុ ៧៦​ឆ្នាំ ក៏​ត្រូវ​គេ​ចាប់​មក​ឃុំខ្លួន​ដែរ ។​
​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នេះ​គឺជា​ក្រម​មូលដ្ឋាន ហើយ​ជា​អាទិភាព​មួយ​នៃ​ផែនការ​សិក្សា​ច្បាប់​របស់​ក្រសួងយុត្ដិធម៌ និង​ជា​កម្មវិធី នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដី​ពី​យុទ្ធសាស្ដ្រ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ នឹង​តុលាការ​ផង​ដែរ ។ លោក បន្ដ​ថា “​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ គឺជា​ការ​ចូលរួម​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រឹង​ស្ថាប័នរដ្ឋ និង ឯកជន​តាម​រយៈ​ការ​បង្កើត​ច្បាប់ និង​ក្រប​ខណ្ឌ​យុត្ដិធម៌​ដើម្បី​កសាង​ប្រទេស​ឱ្យ​បាន​រឹង​មាំ ហើយ​ក៏​ដូច​ជា ការ​ពង្រឹង​នីតិរដ្ឋ​ប្រជាធិបតេយ្យ​និង​ការពារ សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​យើង​ដែរ​”​។​
​លោក​រដ្ឋមន្ដ្រី​បន្ដ​ថា ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​គឺជា​ក្រម​មួយ​ដែល​តាក់តែង​ដោយ​រៀបរាប់​យ៉ាង​ប្រាកដ នូវ សកម្មភាព ឬ​ឥរិយា​បទ​ទាំងឡាយ​ណា និង​ការ​យកចិត្ដទុកដាក់​ដោយ​បញ្ជាក់​នូវ​អត្ថន័យ​នៃ​បទល្មើស ទាំងនោះ ហើយ​ក្រម​នេះ​ក៏​កំណត់​ផង​ដែរ​នូវ​បុគ្គល​ដែល​អាច​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ទាំងនោះ ព្រម ទាំង​កំណត់​នូវ​ទោស​ដែល​ត្រូវ​យក​មក​អនុវត្ដ ។ លោក​បន្ដ​ថា “​ក្រមព្រហ្មទណ្ឌ​នេះ កំពុង​តែ​សំដែង​ឱ្យ យើង​ឃើញ​នូវ​ជំរើស​ទាំងឡាយ​របស់​ខ្លួន​ដែល​ដាក់​ចេញ និង​ការ​ការពារ​ផលប្រយោជន៍​របស់​ឯកជន សណ្ដាប់ធ្នាប់​សង្គម និង​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​អំពើ​ដែល​ប្រឆាំង​នឹង​សង្គម​”​។​

​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សម រ​ង្ស៊ី បាន​ថ្លែង​ថា ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ​មាន ប្រយោជន៍​ណាស់ ព្រោះ​ច្បាប់​នេះ ចែង​យ៉ាង​ច្បាស់​ថា នរណា​មាន​សិទ្ធិ​អាច​ដាក់​ពាក្យបណ្ដឹង គឺ​ពាក្យ បណ្ដឹង​មាន​ពីរ​យ៉ាង ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ និង​ពាក្យបណ្ដឹង​ពី​ព្រះរាជអាជ្ញា ។ លោក​បន្ដ​ថា “​នៅ​ស្រុក​ខ្មែរ​យើង ជន​រង​គ្រោះ​តែងតែ​ទទួល​ការ​គាបសង្កត់ ដែល​ជនល្មើស​ជា​អ្នកមាន​អំណាច ពេល​នោះ ជនល្មើស​គេ​ប្រើ​ឥទ្ធិពល​របស់​គេ ធ្វើ​យ៉ាងណា​មិន​ឱ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​” ។ លោក​បន្ដ​ថា តែ​ពេល​នេះ ច្បាប់​ចែង​ថា ទោះបី​ជន​រង​គ្រោះ​ដក​ពាក្យបណ្ដឹង​ក៏​ដោយ​ព្រះរាជអាជ្ញា​ត្រូវ​តែ​ដាក់​ពាក្យបណ្ដឹង និង​ស្វែងរក​ជនឧក្រិដ្ឋ​ឱ្យ​ទាល់តែ​បាន ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ។​

​សភា​នឹង​បន្ដ​ពិភាក្សា​នូវ​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​២៤ ឧសភា ទៀត ព្រោះ​មិន​ទាន់​បាន​ពិភាក្សា​រួចរាល់ នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី ២៣ ឧសភា​កន្លង​មកនេះ ។​

Labels:

 
 

នរោត្ដម​ រណឫទ្ធិ​ និង​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ​សម្ដេចក្រុមព្រះ​មិន​ទទួលស្គាល់​សមាជ​វិសាមញ្ញ​ ​និង​គ្មាន​ការ​ចរចា​អ្វី​ទាំងអស់​

​រាជធានី​ភ្នំពេញ​ ៖​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ឧសភា​ ឱ្យ​ដឹង​ថា​ សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​មិន​បាន​ទទួលស្គាល់​ និង​នៅ​តែ​មិន​ទទួលស្គាល់​ព្រឹត្ដិការណ៍​ថ្ងៃ​ទី​១៨​ តុលា​ ឆ្នាំ​២០០៦​ ដោយ​ហៅ​ថា​ “​ជា​ព្រឹត្ដិការណ៍​បក្ស​ប្រហារ​”​ ហើយ​មិន​ទទួលយក​ជា​ដាច់ខាត​នូវ​ការ​ ផ្លាស់​ប្ដូរ​ដែល​កើត​ចេញពី​ព្រឹត្ដិការណ៍​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ អយុត្ដិធម៌​នេះ​ ។​ សេចក្ដី​ប្រកាស​នេះ​ បាន​បង្ហាញ​ជំហរ​ទៀត​ថា​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ មិន​បាន​បង្កើត​ ឬ​មិន​មាន​គំរោង​បង្កើត​នូវ​គណៈ​ កម្ម​ការ​ចំរុះ​រវាង​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ និង​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឡើយ​ ។​ ឯ​ចំពោះ​បន្ទូល​របស់​ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ ដែល​ថា​ ព្រះ​អង្គ​នឹង​ជួប​ពិភាក្សា​ ឬ​ចរចា​ជាមួយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ នោះ​ជា​បញ្ហា​ឯកជន​របស់​ព្រះ​អង្គ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ​ ។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ឧសភា​ ហើយ​ដែល​កោះសន្ដិភាព​បាន​ទទួល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ មាន​ កិត្ដិយស​សូម​បំភ្លឺ​ជូន​សាធារណ​មតិ​ជាតិ​ និង​អន្ដរជាតិ​ ព្រះ​មេត្ដា​ និង​មេត្ដា​ជ្រាប​ថា​ នា​ពេល​ថ្មីៗ​នេះ​មាន​ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ជា​អកុសល​ថា​ សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ ព្រះប្រធាន​ គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ នឹង​ទទួលយក​នូវ​ការ​ផ្លាស់​ប្ដូរ​ក្រោម​ព្រឹត្ដិការណ៍​ថ្ងៃ​ទី​១៨​ តុលា​ ឆ្នាំ​២០០៦​ ព្រមទាំង​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ចំរុះ​រវាង​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដើម្បី​ ជួប​ចរចា​។​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ មិន​បាន​បង្កើត​ ឬ​មិន​មាន​គំរោង​បង្កើត​នូវ​គណៈកម្មការ​ចំរុះ​ នោះ​ឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ឧសភា​ នៅ​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ស្ថិត​ក្នុង​ខណ្ឌ​ចំការ​ មន​ ក្រុងភ្នំពេញ​ លោក​កែវ​ ពុទ្ធរស្មី​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែងប្រាប់​ថ្នាក់ដឹកនាំ​របស់​បក្ស​ថា​ ពិតជា​មានការ​ចរចា​ក្រៅផ្លូវការ​រវាង​តំណាង​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មែន​។​ លោក​បន្ដ​ថា​ “​អ្វីៗ​ដើម្បី​ការ​បង្រួបបង្រួម​អ្នក​រាជា​និយម​ អ្នក​ជាតិនិយម​ និង​ប្រយោជន៍​រួម​របស់​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នោះ​ ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នឹង​ធ្វើការ​ចំណាយ​ពេលវេលា​គ្រប់​បែប​យ៉ាង​”​ ។​

​ដោយឡែក​ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ ធ្លាប់​បាន​មាន​បន្ទូល​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា​ ព្រះ​អង្គ​ នឹង​ជម្រុញ​ឱ្យ​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​ណាមួយ​ ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ​នេះ​ ប្រយោជន៍​ដើម្បី​ឈាន​ទៅ​ដល់​ការ​ស្រុះស្រួល​គ្នា​ រវាង​គណបក្ស​ទាំង​ពីរ​ ក្នុង​ការ​ជម្រុញ​ទៅ​ដល់​ការ​លើកលែងទោស​ដល់​សម្ដេចក្រុមព្រះ​ ឱ្យ​ព្រះ​អង្គ​អាច​យាង​មក​កាន់​ប្រទេស​ កម្ពុជា​វិញ​ ។​ ចំណែក​លោក​ឱ​ក​ សុ​ជាតិ​ ក៏​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល​កន្លង​មកនេះ​ដែរ​ថា​ លោក​មាន​ ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​បង្រួបបង្រួម​អ្នក​រាជា​និយម​។​ លោក​បន្ដ​ថា​ គួរតែ​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ធ្វើ​លិខិត​ទៅ​កាន់​ព្រះមហាក្សត្រ​ និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ក្នុង​ការ​សុំ​លើកលែង​ ទោស​ដល់​សម្ដេចក្រុមព្រះ​ ។​

​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ បានឱ្យ​ដឹង​ទៀត​ថា​ សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ ព្រះប្រធាន​គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ មិន​ទទួលស្គាល់​ព្រឹត្ដិការណ៍​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៦​ ដោយ​គេ​ហៅ​ថា​ “​ជា​ព្រឹត្ដិការណ៍​បក្ស​ប្រហារ​”​ ហើយ​មិន​ទទួលយក​ជា​ដាច់ខាត​នូវ​ការ​ផ្លាស់​ប្ដូរ​ ដែល​កើត​ចេញពី​ព្រឹត្ដិការណ៍​ នេះ​។​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ មិន​បាន​បង្កើត​ ឬ​មិន​មាន​គំរោង​បង្កើត​នូវ​គណៈកម្មការ​ចំរុះ​រវាង​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ និង​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឡើយ​ ។​ ចំពោះ​បន្ទូល​ របស់​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ ដែល​ត្រូវ​បាន​ដកស្រង់​បន្ទូល​មក​ផ្សាយ​ថា​ ព្រះ​អង្គ​នឹង​ជួប​ពិភាក្សា​ ឬ​ចរចា​ជាមួយ​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គឺ​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ ចាត់​ទុក​ថា​ នោះ​ជា​បញ្ហា​ឯកជន​របស់​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ ។​

​លោក​នូវ​ សុវត្ថិ​រ៉ូ​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ នៅ​ថ្ងៃ​ទី​២២​ ឧសភា​ មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ ទាក់ទង​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នរោត្ដម​ រណឫទ្ធិ​នោះ​ នៅឡើយ​ទេ​ ។​ ចំណែក​សម្ដេច​ មហិស្ស​រា​នរោត្ដម​ ច័​ក្រ​ព​ង្ស់​ អនុប្រធាន​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ កាលពី​ថ្ងៃ​ទី​២២​ ឧសភា​ ការ​ធ្វើ​ ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ព្រះ​អង្គ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​បង្កើត​គណៈកម្មការ​ចំរុះ​ ដើម្បី​ សំរបសំរួល​រវាង​គណបក្ស​ទាំង​ពីរ​នេះ​ឡើយ​ ។​ ព្រះ​អង្គ​បញ្ជាក់​ថា​ “​ខ្ញុំ​មិន​បានដឹង​ទេ​ ពី​បញ្ហា​នេះ​”​។​ នៅ​ពេល​ដែល​សួរ​ថា​ មាន​ចរន្ដ​មួយ​កំពុង​តែ​ជំរុញ​ឱ្យ​មានការ​លើកលែងទោស​ដល់​សម្ដេចក្រុមព្រះ​ តើ​ព្រះ​ អង្គ​យល់​យ៉ាងណា​ដែរ​?​ សម្ដេច​មហិស្ស​រា​ ច័​ក្រ​ព​ង្ស់​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ តែ​មាន​បន្ទូល​ថា​ “​ខ្ញុំ​មិន​និយាយ​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​និយាយ​រួច​ហើយ​”​ ។​

​លោក​មុត​ ច​ន្ថា​ មន្ដ្រី​អ្នកនាំពាក្យ​របស់​គណបក្ស​នរោត្ដម​ រណឫទ្ធិ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ថា​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ យល់​ថា​ សមាជ​ថ្ងៃ​ទី​ ១៨​ តុលា​ ឆ្នាំ​២០០៦​ ជា​សមាជ​បក្ស​ប្រហារ​ ដដែល​។​ លោក​បន្ដ​ថា​ សម្ដេចក្រុមព្រះ​មិន​បាន​ទទួលស្គាល់​ព្រឹត្ដិការណ៍​នោះ​ទេ​ ហើយ​ព្រះ​អង្គ​ស្វាគមន៍​ ចំពោះ​មន្ដ្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទាំងឡាយ​ណា​ ដែល​ចង់​មក​ដង្ហែ​ព្រះ​អង្គ​នៅ​ក្នុង​គណបក្ស​នរោត្ដម​ រណឫទ្ធិ​។​ លោក​បន្ដ​ថា​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ ចង់​បញ្ជាក់​ថា​ គណបក្ស​មិន​មាន​បំណង​ណាមួយ​ ដូច​ការ​ផ្សាយ​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ទាំងនោះ​ឡើយ​ ។​

​លោក​នូវ​ សុវត្ថិ​រ៉ូ​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា​ សេចក្ដី​ប្រកាស​ នោះ​គឺ​បាន​ធ្វើ​ឡើង​ដោយ​លោក​មុត​ ច​ន្ថា​ ។​ លោក​បាន​ចោទ​ថា​ នោះ​ជា​ការ​រារាំង​សម្ដេចក្រុមព្រះ​ដោយ​ ចេតនា​ ខណៈ​ដែល​អ្នក​ជាតិនិយម​ និង​អ្នក​សីហ​នុ​និយម​ចង់ឱ្យ​មានការ​បង្រួបបង្រួម​ ដើម្បី​ជំរុញ​ដល់​ការ​ លើកលែងទោស​ថ្វាយ​ព្រះ​អង្គ​នោះ​ ។​

Labels:

 
 

សភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ ការ​បំផ្លាញ​ផ្ទៃ​ទឹក​និង​ការ​បំពុល​ត្រូវ​មានទោស​

រាជធានី​ភ្នំពេញ​ ៖​ ច្បាប់​គ្រប់គ្រង​ធនធានទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ចំនួន​១១​ជំពូក​ និង​ ៤១​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ផ្លូវការ​ហើយ​ កាលពី​ថ្ងៃ​ទី​២២​ ឧសភា​ បន្ទាប់​ពី​ច្បាប់​នេះ​ ត្រូវ​បាន​សមាជិក​-​សមាជិកា​រដ្ឋសភា​ពិភាក្សា​អស់​រយៈពេល​៤​ថ្ងៃ​យ៉ាង​ចំរូងចំរាស់​មក​ ។​ តំណាង​ក្រសួង​ ធនធានទឹក​ និង​ឧតុនិយម​បាន​ថ្លែង​ថា​ នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​នោះ​ ក្រសួង​នឹង​ត្រូវ​អនុវត្ដ​ចំពោះ​ ជន​ណា​ដែល​បាន​ប្រព្រឹត្ដ​ល្មើស​នឹង​ច្បាប់​នេះ​ប្រយោជន៍​ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ធនធានទឹក​ នៅ​ ប្រទេស​កម្ពុជា​ ។​ ប៉ុន្ដែ​អ្នកតំណាង​រាស្ដ្រ​ភាគច្រើន​បាន​លើក​ហេតុផល​ផ្សេងៗ​គ្នា​ជុំវិញ​ច្បាប់​ថ្មី​នេះ​ ព្រោះ​ កន្លង​មក​ប្រទេស​កម្ពុជា​ គ្មាន​ច្បាប់​នេះ​ទេ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​ គឺជា​ថ្ងៃ​ទី​៤​ នៃ​ការ​ជជែក​ពិភាក្សា​របស់​អ្នកតំណាង​រាស្ដ្រ​ ចំនួន​៨៩​រូប​មក​ពី​ គណបក្ស​ចំនួន​៣​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អាណត្ដិ​ទី​៣​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៦​ នីតិកាល​ ទី​៣​ ក្រោម​អធិបតីភាព​របស់​សម្ដេច​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ។​ ដោយឡែក​ចំពោះ​ជំពូក​ទី​១០​ គឺជា​ចំណុច​ពិភាក្សា​ស្រួចស្រាល់​រវាង​អ្នកតំណាង​រាស្ដ្រ​ជុំវិញ​រង្វាន់​លើកទឹកចិត្ដ​ និង​ទោស​ប្បញ្ញត្ដិ​នានា​ ដែល​មាន​៥​មាត្រា​ ។​ មាត្រា​៣៥​នៃ​ជំពូក​ទី​១០​ បាន​ចែង​ថា​ រាជរដ្ឋាភិបាល​អាច​ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​ ឬ​ភាព​អនុគ្រោះ​ផ្សេងៗ​ដល់​បុគ្គល​ទាំងឡាយ​ ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ការ​បង្កើត​ បច្ចេកវិទ្យា​ថ្មីៗ​ ឬ​ការ​ដំឡើង​ឧបករណ៍​ទំនើប​ ដែល​ជួយ​កាត់​បន្ថយ​កាក​សំណល់​ និង​ជួយ​បង្កើន​គុណភាព​ ទឹក​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​ទឹក​ មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​
​ដោយឡែក​មាត្រា​៣៦​នៃ​ច្បាប់​នេះ​ចែង​ពី​បទល្មើស​និង​ទោស​ប្បញ្ញត្ដិ​ដូច​ជា​ ១-​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ ប្រាក់​ពី​២០​ម៉ឺន​រៀល​ដល់​២​លាន​រៀល​ ចំពោះ​បុគ្គល​ណា​ដែល​រំលោភ​លើ​លក្ខខណ្ឌ​នានា​ ដែល​មាន​កំណត់​ ក្នុង​អាជ្ញាប័ណ្ណ​ទឹក​ ។​ រារាំង​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​ មិន​ឱ្យ​មន្ដ្រី​មាន​សមត្ថកិច្ច​បំពេញ​នូវ​តួនាទី​ របស់​ខ្លួន​។​ សង់​សំណង់​ធា​រាស្ដ្រ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ទឹក​។​ ២-​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​២​លាន​ រៀល​ ដល់​៥​លាន​រៀល​ និង​/​ឬ​ដាក់​ពន្ធនាគារ​ពី​១​ខែ​ដល់​៦​ខែ​ ចំពោះ​បុគ្គល​ណា​ដែល​ប្រើប្រាស់​ទឹក​ដោយ​ គ្មាន​សុំ​អាជ្ញាប័ណ្ណ​ទឹក​ ឬ​លិខិតអនុញ្ញាត​ ក្នុង​ករណី​ដែល​ច្បាប់​តម្រូវ​ឱ្យ​មាន​ ។​ ជីក​ឬ​ខួងអណ្ដូង​ យក​ទឹក​ ក្រោម​ដី​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ទឹក​ ។​ ប្រាក់​ពិន័យ​នេះ​នឹង​ឡើង​ទ្វេ​ដង​ កាលណា​ការ​ជីក​ ឬ​ខួង​ អណ្ដូង​បណ្ដាល​ឱ្យ​មានការ​បាក់​ស្រុត​ស្រុត​ដី​ ។​ ជនល្មើស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ដែល​បណ្ដាល​ មក​ពី​ការ​ស្រុត​ ឬ​បាក់​ដី​នេះ​ ។​

​មាត្រា​៣៦​ដដែល​បន្ដ​ថា​ ៣-​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​១០​លាន​រៀល​ និង​/​ឬ​ដាក់​ ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ ចំពោះ​បុគ្គល​ណា​ដែល​លុប​បឹង​ធម្មជាតិ​ ស្រះ​ត្រ​ញំ​ង​ និង​អាង​ទឹក​ដោយ​គ្មាន​ លិខិតអនុញ្ញាត​ ។​ បង្ហូរ​ចោល​ទឹក​សំណល់​ដែល​មាន​ជាតិពុល​ចូល​ក្នុង​ប្រភព​ទឹក​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ទឹក​។​ ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​តំបន់ហាមឃាត់​ ។​ បង្ក​ឧបសគ្គ​ ឬ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​លំហូរ​ធម្មជាតិ​នៃ​ទន្លេ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ។​ ធ្វើ​អាជីវកម្ម​ខ្សាច់​ ដី​ ថ្ម​ និង​ក្រួស​ពី​បាតទន្លេ​ ស្ទឹង​ ព្រែក​ និង​ច្រាំង​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ទឹក​ ។​ ៤-​គ្រប់​ករណី​មិន​រាងចាល​ ត្រូវ​ផ្ដន្ទាទោស​ទ្វេ​មួយ​ជា​ពីរ​ ។​

​លោក​ម៉ោ​ញ​ សា​ផា​ន​ តំណាងរាស្ដ្រ​ខាង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែង​ថា​ មាន​ករណី​បូម​ខ្សាច់​នៅ​ក្នុង​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ​ ក្នុងភូមិ​ឫស្សី​ស្រស់​ បណ្ដាល​ឱ្យ​បាក់​ច្រាំង​ទន្លេ​ ហើយ​បណ្ដាល​ឱ្យ​វត្ដ​អារាម​ បាក់​ធ្លាក់​ចូល​ទន្លេ​ ។​ លោក​បន្ដ​ទៀត​ថា​ នៅ​ពេល​ច្បាប់​នេះ​ចេញ​ សូម​ឱ្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ពិនិត្យ​មើលទៅ​លើ​ក្រុមហ៊ុន​ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ ព្រមទាំង​មានការ​ ចេញ​សំណង​ទ្រព្យសម្បត្ដិ​ ដល់​អ្នក​ដែល​រង​គ្រោះ​អំពី​ការ​បូម​ខ្សាច់​នេះ​។​

​លោក​កែវ​ រ៉េ​មី​ តំណាងរាស្ដ្រ​ខាង​គណបក្ស​សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​ ការ​ពិន័យ​នៅ​ក្នុង​ច្បាប់​នេះ​ នៅ​មាន​ សភាព​ធូរស្រាល​នៅឡើយ​ ខណៈ​ជំពូក​ទី​១០​ បាន​ត្រឹមតែ​ផ​ន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​១០​ លាន​ ហើយ​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​ដល់​៥​ឆ្នាំ​នោះ​ ។​ លោក​បន្ដ​ទៀត​ថា​ “​គួរតែ​ផ្ដន្ទា​ទោសពិន័យ​ ជា​ប្រាក់​ពី​១០​លាន​រៀល​ដល់​៣០​លាន​រៀល​ ហើយ​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ ព្រោះ​អ្នក​ប្រកប​របរ​រកស៊ី​ បូម​ខ្សាច់​ ឬ​លុប​បឹង​សុទ្ធតែ​ជា​អ្នកមាន​ធនធាន​ បើ​ច្បាប់​នេះ​ពិន័យ​តិច​ពេក​ជនល្មើស​ទាំងនោះ​អាង​តែ​ ពិន័យ​ជា​ប្រាក់​គេ​មិន​រាងចាល​នោះ​ទេ​”​ ។​
​សម្ដេច​ហេង​ សំ​រិ​ន​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​ការ​លើក​ឡើង​របស់​លោក​កែវ​ រ៉េ​មី​ ឱ្យ​មានការ​កែប្រែ​ ការ​កំណត់​ទោសទណ្ឌ​ជុំវិញ​ការ​ផ្ដន្ទាទោស​ណាមួយ​ ក្រៅពី​ច្បាប់​នេះ​ តំណាង​រដ្ឋាភិបាល​នឹង​យក​សំណើ​នេះ​ ទៅ​ ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​បន្ថែម​ទៀត​ ។​ ប៉ុន្ដែ​លោក​កែវ​ រ៉េ​មី​ បាន​បន្ដ​ថា​ មាន​ករណី​ ជា​ច្រើន​ទៀត​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ រោងចក្រ​ សហគ្រាស​ រួម​ទាំង​លូ​បង្ហូរទឹក​ កាក​សំណល់​ផ្សេងៗ​ចូល​ក្នុង​ទន្លេ​ដែល​ ជា​ប្រភព​បំពុល​ទឹក​ដ៏​ធ្ងន់ធ្ងរ​នៅ​តាម​ដង​ទន្លេ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ពេល​ច្បាប់​នេះ​ចេញ​សូម​ឱ្យ​ដាក់ទោស​ ដល់​អ្នក​ប្រព្រឹត្ដ​ទាំងនោះ​ ។​
​លោក​ឯក​ សំ​អុល​ តំណាងរាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ពិភាក្សា​យ៉ាង​តឹងតែង​រហូត​ ដល់​ទៅ​បួន​ថ្ងៃ​ ដែល​តំណាងរាស្ដ្រ​គ្រប់​រូប​បាន​ព្យាយាម​គ្រប់ៗ​គ្នា​ ប្រយោជន៍​ដើម្បី​ឱ្យ​ច្បាប់​នេះ​ចេញ​រួច​ ព្រោះ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​សំបូរ​ទឹក​នៅ​រដូវវស្សា​ ហើយ​មិន​ធ្លាប់​មានច្បាប់​ទឹក​នេះ​ទេ​ ។​ លោក​ បន្ដ​ថា​ សេចក្ដីព្រាងច្បាប់​នេះ​ ដែល​សភា​អនុម័ត​នៅ​ពេល​នេះ​ អាច​ទទួលយក​បាន​ហើយ​ក្នុង​នោះ​ បើ​ មន្ដ្រី​ណា​ល្មើសច្បាប់​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ ។​

​ច្បាប់​ថ្មី​សន្លាង​នេះ​ត្រូវ​បាន​អ្នកវិភាគ​សាទរ​ ហើយ​ថា​ជា​ច្បាប់​មួយ​ដ៏​ល្អ​ក្នុង​ការ​រក្សា​នូវ​បរិស្ថាន​និង​តំបន់​ ធម្មជាតិ​ ដែល​កំពុង​ទទួល​នូវ​ការ​រំលោភ​បំពាន​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.