ព្រះសង្ឃតំណាងពុទ្ធបរិស័ទខ្មែរនៅប្រទេសញូវហ្សេឡែន ពេញព្រះទ័យចំពោះការកសាង ពុទ្ធមណ្ឌលកម្ពុជា
ភ្នំពេញៈ តំណាងពុទ្ធបរិស័ទខ្មែរនៅក្រុងអុកខ្លែន ប្រទេសញូវហ្សេឡែន ព្រះតេជគុណ ហ៊ុយ ស៊ីណាត ដែលគង់នៅវត្ដខេមរៈរតនារាម នៅក្រុងអុកខ្លែន ប្រទេសញូវហ្សេឡែន និងលោកជាតំណាងពុទ្ធបរិស័ទ ខ្មែរនៅក្រុងអុកខ្លែន ប្រទេសញូវហ្សេឡែនបានសំដែងនូវទឹកព្រះទ័យយ៉ាងខ្លាំង ចំពោះការកសាងឡើង នៅពុទ្ធមណ្ឌល ដែលស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដែលដឹកនាំការសាងសង់ដោយ ព្រះសង្ឃនាម នន្ទ សុទេព និងព្រះសង្ឃនាមស្រី សុវណ្ណ ដែលគង់នៅប្រទេសអូស្ដ្រាលី បន្ទាប់ពី ព្រះអង្គបានអានអត្ថបទមួយរបស់កាសែតកោះសន្ដិភាព ដែលធ្វើការបកស្រាយយ៉ាងល្អិតល្អន់ ដោយព្រះ ភិក្ខុឃួន បូរ៉ា ដែលទទួលខុសត្រូវលើគំរោងសាងសង់នោះ។
ទាក់ទងតាមទូរស័ព្ទពីប្រទេសញូវហ្សេឡែន កាលពីថ្ងៃអង្គារ ព្រះតេជគុណ ហ៊ុយ ស៊ីណាត ដែលមាន ព្រះជន្ម៦០ព្រះវស្សាបានមានសង្ឃដីការថា “អាត្មាក៏ដូចជាពុទ្ធបរិស័ទខ្មែរ នៅញូវហ្សេឡែនទាំងអស់ សូម បញ្ជាក់ថា មានការពេញចិត្ដ ពេញព្រះទ័យ និងពេញចិត្ដចំពោះសេចក្ដីពន្យល់អស់សេចក្ដី និងក្បោះ ក្បាយនោះហើយ ហើយក៏អស់មន្ទិលពីការសំរេចចិត្ដជ្រើសរើសទីតាំងសំរាប់កសាងនោះដែរ“។
ព្រះតេជគុណបានមានដីកាបន្ដថា “សេចក្ដីងឿងឆ្ងល់ និងព្រះទ័យមិនជ្រះថ្លាទាំងប៉ុន្មានរបស់អាត្មា ក៏ដូចជា ពុទ្ធបរិស័ទខ្មែរនៅទីនេះទាំងអស់ លែងមានទៀតហើយ ផ្ទុយទៅវិញបែរជាមានព្រះទ័យ និងទឹកចិត្ដ កាន់តែជ្រះថ្លា ក្នុងការបន្ដជួយរៃអង្គាសប្រាក់ ដើម្បីជួយកសាងពុទ្ធមណ្ឌលកម្ពុជានេះ តទៅទៀត”។
ព្រះអង្គក៏បានថ្លែងអំណរគុណ ចំពោះកាសែតកោះសន្ដិភាព និងសហការី ដែលបានស្រាវជ្រាវព័ត៌មាននេះ ក៏ដូចជាការខិតខំធ្វើការដើម្បីផលប្រយោជន៏ជាតិ និងប្រជាជនពិតប្រាកដ។
ធ្វើដំណើរចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១ ទៅដល់ខាង កើតវិទ្យាល័យដីឥដ្ឋ ចម្ងាយប្រមាណមួយគីឡូម៉ែត្រ យើងនឹងឃើញផ្ទាំងប៉ាណូធំមួយសរសេរថា “ពុទ្ធមណ្ឌលកម្ពុជា”។ ពេលទៅដល់ទីនោះយើងត្រូវបត់ស្ដាំចុះពីផ្លូវជាតិលេខ១ ចូលតាមផ្លូវលំក្រាល ក្រួសក្រហមមួយខ្សែទៅខាងស្ដាំដៃនៅទិសខាងត្បូង ហើយធ្វើដំណើរប្រមាណ៤គីឡូម៉ែត្រ នឹងដល់ផ្លូវ បំបែកមួយដែលមានខ្លោងទ្វារដាក់ថា ផ្លូវចូល “ពុទ្ធមណ្ឌលកម្ពុជា”។ យើងបត់ចូលតាមផ្លូវលំក្រាល ក្រួសក្រហមមួយខាងឆ្វេងដៃ ចម្ងាយប្រហែលជាងមួយ ឬពីរគីឡូម៉ែត្រទៀតនោះ យើងនឹងបានឃើញ ផ្ទៃដីដ៏ធំមួយមានទំហំរហូតដល់ទៅ១០៧ហិកតា ហើយមានសង់ជាវិហារឬប្រាសាទ ឬអគារជាច្រើន កន្លែងនោះ ហើយជាពុទ្ធមណ្ឌលកម្ពុជា ដែលក្លាយជាកន្លែងសក្ការៈដ៏ធំមួយសំរាប់ពុទ្ធសាសនិកជន។