ប៉ូលិសចរាចរណ៍ត្រួតពិនិត្យមធ្យោបាយធ្វើដំណើរមិនស្របច្បាប់
ក្រុងព្រះសីហនុ ៖ ប៉ូលិសចរាចរណ៍ក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម ពៅ ប្រធាន ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានក្រុងបានដាក់កម្លាំងនៅតាមផ្លូវសាធារណៈ ក្នុងទីប្រជុំជន ក្រុង ដើម្បីត្រួតពិនិត្យរកមើលបទល្មើសនៅលើយានយន្ដគ្រប់ប្រភេទ ទាំងរថយន្ដ និងម៉ូតូ ដែលការត្រួត ពិនិត្យនេះចាប់ផ្ដើមនៅថ្ងៃទី២៨ ខែឧសភា ។
មន្ដ្រីប៉ូលិសចរាចរណ៍ដែលធ្វើការនេះឱ្យដឹងថា ការត្រួតពិនិត្យគឺផ្ដោតរកមើលបទល្មើសផ្សេងៗមាន ដូចជា ការបំពាក់ស្លាកលេខពុំត្រឹមត្រូវ យានយន្ដគ្មានស្លាកលេខ យានយន្ដពាក់ស្លាកលេខ ន.ប ខុសគោលការណ៍ ព្រមទាំងហាមឃាត់រថយន្ដដឹកកុងតឺន័រធំៗចូលក្រុង ដែលផ្ទុយនឹងសេចក្ដីជូនដំណឹងរបស់សាលាក្រុង ព្រះសីហនុ ។
មន្ដ្រីប៉ូលិសចរាចរណ៍រូបនោះឱ្យដឹងទៀតថា សមត្ថកិច្ចក៏ចាត់វិធានការផងដែរចំពោះជនបរទេសដែលជួល យានយន្ដបើកបរដោយខ្លួនឯងបង្កភាពអនាធិបតេយ្យក្នុងក្រុង។ មហាជននៅក្រុងព្រះសីហនុបានអបអរ សាទរចំពោះការហាមឃាត់ជនបរទេសមិនឱ្យបើកម៉ូតូ ឬយានយន្ដផ្សេងទៀតដោយខ្លួនឯងនៅក្នុងក្រុង ព្រោះថាកន្លងមកមានជនបរទេសមួយចំនួនជិះម៉ូតូរោទ៍ម៉ាស៊ីន រំខានការរស់នៅរបស់ប្រជាពលរដ្ឋ ទាំង ពេលយប់ និងពេលថ្ងៃ ។ ចំពោះអ្នកខ្លះទៀតបើកបរលឿនបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply