រថយន្ដដឹកអ្នកដំណើរ៨គ្រឿង ប៉ូលិសចោទថាចតគ្មានសណ្ដាប់ធ្នាប់
រាជធានីភ្នំពេញ ៖ រថយន្ដទួរីសប្រភេទ១២កៅអី និង២៥កៅអីចំនួន៨គ្រឿងដែលរកស៊ីដឹកភ្ញៀវទេសចរ ត្រូវបាននគរបាលខណ្ឌ៧មករា ចាប់យកទៅធ្វើការអប់រំកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ឧសភា ដោយ សារតែការចតគ្មានគោលដៅ និងគ្មានសណ្ដាប់ធ្នាប់ ។ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ក្នុងចំណោមរថយន្ដទួរីសទាំង៨គ្រឿងនេះ មានប្រភេទ១២កៅអីចំនួន៦គ្រឿង និងប្រភេទ២៥កៅអី ២គ្រឿង រថយន្ដទាំងនេះបានទៅចតនៅតាមផ្លូវមួយខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរង់ចាំ ដឹកភ្ញៀវដោយគ្មានសណ្ដាប់ធ្នាប់ ។
ទាក់ទិននឹងការចាប់ឃាត់រថយន្ដទួរីសសំរាប់ដឹកភ្ញៀវនោះ ត្រូវបានអ្នកបើកបររថយន្ដម្នាក់ រៀបរាប់ឱ្យដឹង ថា ពួកគេទទួលបានការណែនាំកាលពី៤-៥ថ្ងៃមុនដោយមាននគរបាលដើរប្រាប់មិនឱ្យចតរថយន្ដ នៅតាមដង ផ្លូវលេខ១៦៩ និងផ្លូវជុំវិញក្រសួងអភិវឌ្ឍន៍ជនបទទេ ព្រោះសំអាងថា ធ្វើឱ្យប៉ះពាល់ដល់រថយន្ដរបស់ មន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទចេញចូលបំរើការងារ ។
ក្រុមអ្នកបើកបរបានពន្យល់ថា ពួកគេបានបើករថយន្ដទៅទទួលទានអាហារពេលព្រឹក នៅខាងក្រោយ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះជាទម្លាប់ពួកគេធ្លាប់ជួបជុំគ្នានៅទីនោះ ប៉ុន្ដែនៅពេលគេចតនោះ ក៏ត្រូវ នគរបាលទៅចាប់បង្ខំឱ្យពួកគេបើករថយន្ដទៅកាន់់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយចោទប្រកាន់ថា រឹងទទឹងនឹងការណែនាំ។ អ្នកបើកបរដដែលនិយាយទៀតថា ពួកគេរកស៊ីបើករថយន្ដដឹកភ្ញៀវទេសចរនេះ យូរឆ្នាំហើយ ដែលកន្លងមកច្រើនទៅចតចាំដឹកភ្ញៀវនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ប៉ុន្ដែមួយរយៈនេះ ត្រូវបានគេដេញឱ្យចេញពីកន្លែងនោះ ទើបនាំគ្នាទៅចតនៅតាមផ្លូវលេខ១៦៩នេះ ។
ទាក់ទិននឹងហេតុការណ៍នេះដែរ មន្ដ្រីនគរបាលខណ្ឌ៧មករាបានឱ្យដឹងថា កន្លងមកសមត្ថកិច្ចធ្លាប់បានណែនាំ អ្នករកស៊ីដឹកភ្ញៀវនោះញឹកញាប់ហើយមិនឱ្យចតនៅទីនោះទេ ព្រោះខាងក្រសួងអភិវឌ្ឍន៍ជនបទគេប្ដឹង តែពួកគាត់មិនស្ដាប់ ទើបបានជាមានបទបញ្ជាពីថ្នាក់លើឱ្យនាំរថយន្ដដែលរឹងរូសទៅធ្វើការអប់រំ ។ មួយ រយៈនេះគេបានឃើញរថយន្ដទួរីសប្រភេទ១២កៅអី ២៥កៅអី រហូតដល់៣៥កៅអីក៏មាន បានទៅចត ហូរហែចាំដឹកភ្ញៀវនៅក្បែរក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលគេនិយាយថា រថយន្ដទាំងនោះត្រូវគេដេញពីមុខសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងទឹកដីខណ្ឌដូនពេញមក។ លុះឥឡូវនេះ ត្រូវនគរបាលខណ្ឌ៧មករាមិនឱ្យទៅចតនៅទីនោះទៀត ដូច្នេះពួកគេត្រូវតែបង្ខំចិត្ដទៅរកកន្លែងផ្សេង ដោយគ្មានការកំណត់។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply