និយោជករោងចក្ររីវើររិចបង្ហាញថាបាតុកម្មជិតកន្លះខែ ក្រុមហ៊ុនខាតបង់៨០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ ប្រធានរោងចក្រ កាត់ដេររីវើររិច លោកសុង ឆានធាន់ បានមានប្រសាសន៍ថា តំណាងសហព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCADU) បានធ្វើការទាមទារឱ្យរោងចក្រ យល់ព្រមឱ្យកម្មករកិច្ចសន្យាចំនួន៣០នាក់ បានចូលធ្វើការពេញសិទ្ធិ ដោយទាមទារក្នុងរូបភាពធ្វើ បាតុកម្មជាច្រើនលើកច្រើនសា ខណៈដែលរោងចក្របានព្យាយាមធ្វើការសំរបសំរួលជាមួយកម្មករ ចំនួន ២០នាក់ ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីបញ្ចប់ជម្លោះ ក្នុងគោលបំណងការពារផលប្រយោជន៍កម្មករ និងភាគីរោងចក្រ ។ លោកប្រធានរោងចក្រកាត់ដេរ រីវើររិច បានថ្លែងបែបនេះកាលពីថ្ងៃទី៤ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានមួយនៅឯសណ្ឋាគារ អាំងទែរ កុងទីណង់តាល់ ក្នុងទីក្រុងភ្នំពេញ ។ ជាការកត់សំគាល់នេះគឺជាលើកដំបូងហើយ ដែលប្រធាន រោងចក្រចេញមុខមកធ្វើសន្និសីទកាសែតបំភ្លឺពីបញ្ហាដែលកើតមាន បន្ទាប់ពីមានការតវ៉ាទាមទារ របស់ កម្មករ និងតំណាងសហជីព ។
លោកសុង ឆានធាន់ បានថ្លែងបន្ដថា ក្រុមហ៊ុនរបស់លោកបានជ្រើសរើសកម្មករផ្នែកអ៊ុត ដែលមាន កិច្ចសន្យាកំណត់រយៈពេល២ខែដើម្បីបំពេញបន្ថែមនូវតម្រូវការផ្នែកនេះ។ ក្នុងចំណោមកម្មករទាំងនោះក៏ មានកម្មករ៣០នាក់ដែរ ដែលមួយចំនួនបានបញ្ចប់កិច្ចសន្យានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៦ និងមួយ ចំនួនទៀតបានបញ្ចប់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៦ ដោយរោងចក្របានធ្វើការទូទាត់តាមច្បាប់ ស្ដីពីការងារ ។
ទោះបីយ៉ាងណាក៏ដោយ តំណាងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដឹកនាំដោយលោក អាត់ ធន់ បានធ្វើការតវ៉ាដោយមិនយល់ព្រមតាមការសំរបសំរួលតាមច្បាប់ការងារនោះទេ ហើយទាមទារ ឱ្យបញ្ចូលកម្មករទាំង៣០នាក់ជាកម្មករពេញសិទ្ធិ តែក្រុមហ៊ុនមិនយល់ព្រម ម្ល៉ោះហើយពួកគេក៏ បានបញ្ជូនសំណុំរឿងនេះទៅមន្ទីរការងារខេត្ដកណ្ដាល និងបន្ដទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត ។ ក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបានបើកសវនាការ ដោយសំរេចបដិសេធការទាមទាររបស់កម្មករនិយោជិត ដែលសុំឱ្យ និយោជកទទួលកម្មករចូលធ្វើការវិញ និងបង្គាប់ឱ្យនិយោជកគិតប្រាក់បញ្ចប់កិច្ចសន្យាជូនទៅកម្មករតាម ច្បាប់កំណត់ ។
ចំណែកលោកធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដកណ្ដាល បានថ្លែងថា លោក មិនកាន់ជើងខាងណានោះទេ ហើយបានចុះទៅដល់រោងចក្ររីវើររិច ដែលមានការតវ៉ារបស់កម្មករនោះ គឺធ្វើឡើងដោយមិនគោរពច្បាប់នោះទេ បើទោះបីជារោងចក្របានដោះស្រាយតាមច្បាប់ដោយ សំរបសំរួល ឱ្យប្រាក់កិច្ចសន្យា និងប្រាក់ខែចុងក្រោយដល់ពួកគេយ៉ាងណាក្ដី ។ លោកបន្ដថា មន្ទីរការងារខេត្ដកណ្ដាល បានស្វែងរកដំណោះស្រាយមួយជាកណ្ដាល ដើម្បីផលប្រយោជន៍ កម្មករ និងទាំងតំណាងរោងចក្រផង ដែរ។
លោកសៅ សុខន មន្ដ្រីប៉ូលិសខេត្ដកណ្ដាលបានមានប្រសាសន៍ថា ក្នុងនាមសមត្ថកិច្ចលោកយល់ឃើញថា ការទាមទាររបស់ក្រុមបាតុករមិនត្រឹមត្រូវទាំងស្រុងទេ ព្រោះពួកគេបានប្រើអំពើហិង្សាដោយដុតបំផ្លាញ សំភារៈផ្សេងៗរបស់រោងចក្រ និងធ្វើការរារាំងនៅខាងមុខរោងចក្រជាច្រើនថ្ងៃ បណ្ដាលឱ្យកម្មករដទៃ ទៀតលំបាកក្នុងការចូលទៅធ្វើការនៅក្នុងរោងចក្រ ដោយសារតែក្រុមកម្មករប្រមាណជាង១០នាក់ ប៉ុណ្ណោះ។ លោកបន្ដថា ភាគីរោងចក្រក៏ដូចជាកម្មករដែរ ត្រូវឈរលើផលប្រយោជន៍រៀងៗខ្លួន ហើយ សមត្ថកិច្ចមានតួនាទីការពារសុវត្ថិភាព ទាំងភាគីកម្មករ និងទាំងភាគីរោងចក្រ ដោយមិនកាន់ជើង ខាងណានោះទេ ។
លោកសុង ឆានធាន់ បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានដោះស្រាយរួចរាល់ដល់កម្មករ ចំនួន២០នាក់តាម ច្បាប់កំណត់ ហើយរោងចក្រមិនបានធ្វើការគាបសង្កត់ណាមួយទៅលើកម្មករនោះទេ ព្រោះកម្មករ កិច្ចសន្យាយល់ព្រមធ្វើការងាររយៈពេលខ្លីទៅតាមតំរូវការចាំបាច់របស់រោងចក្រ ឬក្រុមហ៊ុនដែលត្រូវការ ជាបន្ទាន់។ លោកបន្ដថា មានកម្មករប្រមាណ២០នាក់មិនយល់ព្រម ហើយបានប្ដឹងទាស់ជាមួយការសំរេច របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ ដោយមានការគាំទ្រពីសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក្រុមកម្មករបានធ្វើកូដកម្មពីថ្ងៃទី១៨ មករា ដល់ថ្ងៃទី៣០ មករា ឆ្នាំ២០០៧ ទើបបញ្ឈប់។
លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មិនអាចទាក់ទងបានទេ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០០៧ ។ ប៉ុន្ដែកាលពីថ្ងៃទី១ ឧសភា លោកបានដឹកនាំបាតុកម្ម ពីរោង ចក្រវីវើររិច ក្នុងខេត្ដកណ្ដាលមកកាន់មុខរដ្ឋសភាជាតិ ដើម្បីដាក់ញត្ដិជូនដល់អ្នកតំណាងរាស្ដ្រ ។ បន្ទាប់ មកទៀត កូដកម្មបានធ្វើឡើងជាបន្ដនៅខាងមុខរោងចក្រវីវើររិច ហើយពេលនោះតុលាការបានចេញដីកា អញ្ជើញតំណាងសហព័ន្ធ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមកបំភ្លឺចំពោះមុខតុលាការខេត្ដ។
លោកសៅ សុខន បានបន្ដថា នៅក្នុងការអញ្ជើញមកតុលាការនោះ ឬការធ្វើកូដកម្មនេះគ្មាននរណាម្នាក់ ត្រូវបានចាប់ខ្លួន ដោយមន្ដ្រីប៉ូលិសនោះទេ ។ ប៉ុន្ដែប្រធានរោងចក្របានថ្លែងថា លោកបានខាតបង់នូវ ទឹកប្រាក់ប្រមាណ៨០ម៉ឺនដុល្លារចំពោះបញ្ហានេះ ហើយសូមឱ្យរាជរដ្ឋាភិបាលជួយរកយុត្ដិធម៌ឱ្យរោងចក្រ របស់លោកផង ព្រោះបើមិនដូច្នេះនេះ លោកនឹងអាចពិចារណាទៅរកកន្លែងផ្សេងពីទីនេះក្នុងការ វិនិយោគទុនវិញ ។
Labels: សន្តិសុខ, សេដ្ឋកិច្ច