កូនមន្ដ្រីសំបូរលុយបាញ់គ្នានៅមុខរដ្ឋសភាថ្មី
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានយុវជន៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងអំពើបាញ់ប្រហារ គ្នាដ៏សាហាវមួយ ដែលបានកើតឡើងនៅមុខរដ្ឋសភាថ្មី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៣ និង ១៥នាទីរសៀលថ្ងៃទី៤ មិថុនា ឆ្នាំ២០០៧។
យុវជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ១-ឈ្មោះសូ គុណ អាយុ២០ឆ្នាំ រស់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសជើង ទាំងសងខាង ដោយគ្រាប់កាំភ្លើងចំនួន២គ្រាប់, ២-ឈ្មោះហួន រ៉ាឌី អាយុ ១៧ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (រងរបួសភ្លៅឆ្វេង និងក្រោមក្លៀក ខាងឆ្វេង ត្រូវគ្រាប់កាំភ្លើង២គ្រាប់) និង៣-ឈ្មោះហូ សុងរតនា អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាសិស្សវិទ្យាល័យវត្ដភ្នំ (រងរបួសក្បាល និងក្បាលជង្គង់ខាងស្ដាំ) ។
ទាក់ទិននឹងអំពើបាញ់ប្រហារគ្នាបណ្ដាលឱ្យភាគីម្ខាងរងរបួសធ្ងន់ធ្ងរទាំងអស់គ្នានេះ បើតាមប្រភពព័ត៌មាន ពីឈ្មោះហូ សុងរតនា បាននិយាយនៅក្នុងបន្ទប់សង្គ្រោះនៃមន្ទីរពហុព្យាបាលតុងស៊ីងថា កាលពីល្ងាច ថ្ងៃទី៣ មិថុនា ខ្លួនបានទូរស័ព្ទទៅអតីតសង្សារម្នាក់ ឈ្មោះបុប្ពា ក្នុងគោលបំណងសួរសុខទុក្ខនាង ។ ខណៈពេលកំពុងនិយាយទូរស័ព្ទមិនបានប្រមាណ១នាទីផង នាងបុប្ពាបានបិទទូរស័ព្ទចោលមុនពេលចប់ការ សន្ទនាគ្នាតាមទូរស័ព្ទ ។ ដោយមានចំងល់រូបគេ (ហូ សុង រតនា) ក៏ទូរស័ព្ទទៅនាងបុប្ពាម្ដងទៀត។ ពេលទូរស័ព្ទទៅលើកទី២នោះ ស្រាប់តែសំលេងមនុស្សប្រុសជាអ្នកទទួលទៅវិញ។ ប្រភពដដែលបន្ដ ទៀតថា ការដែលមនុស្សប្រុសម្ខាងទៀតនិយាយទូរស័ព្ទជាមួយខ្លួន (សុងរតនា) នោះគេប្រាប់ថា “អញ” ឈ្មោះ អាស៊ិញ ។ ខណៈពេលកំពុងនិយាយទូរស័ព្ទជាមួយគ្នានោះ ឈ្មោះស៊ិញបានណាត់ខ្លួន (សុងរតនា) ឱ្យមកជួបគ្នានៅរសៀលថ្ងៃទី៤ មិថុនា នៅលើសួនច្បារមុខរដ្ឋសភាថ្មី ដើម្បីនិយាយគ្នាឱ្យច្បាស់លាស់។ ឈ្មោះ សុងរតនា និយាយទៀតថា ឈ្មោះ ស៊ិញ នោះបានបោះពាក្យសំដីតាមទូរស័ព្ទថា បើអាណា អត់មកជួបគឺឆ្កែ។ ដើម្បីកុំឱ្យភាគីម្ខាងចាត់ទុកខ្លួនថាសត្វឆ្កែ ខ្លួនក៏បានជិះរថយន្ដម៉ាកប្រាដូមួយគ្រឿង មានគ្នា៣នាក់ គឺអ្នករងរបួសទាំងអស់គ្នាតែម្ដង ។ សុងរតនា ក៏ដូចមិត្ដភក្ដិ២នាក់ទៀតដែរ បាននិយាយថា ខ្លួនកំពុងឈរចាំជួបដែលណាត់គ្នានៅលើសួនច្បារមុខរដ្ឋសភា ស្រាប់តែមានភាគីម្ខាងទៀតទំនងជាភាគី ឈ្មោះស៊ិញ បានបើករថយន្ដស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខ.ម មកបានបាញ់រះលើពួក ខ្លួនបណ្ដាលឱ្យរងរបួសរដូករណែលទាំង៣នាក់តែម្ដង ។
ទាក់ទិននឹងសកម្មភាពបាញ់ប្រហារគ្នាខាងលើនេះ នៅរសៀលថ្ងៃដដែលមានន័យថា ក្រោយពីមានស្នូរ អាវុធនៅសួនច្បាររួច ប៉ូលិសខណ្ឌចំការមនបានទទួលពាក្យបណ្ដឹងពីក្រុមយុវជន១ក្រុមមានគ្នា៤នាក់ ដែល ២នាក់ គឺជាក្មួយមន្ដ្រីម្នាក់ រីឯ២នាក់ទៀតជាអង្គរក្សតាមការពារ បានជិះរថយន្ដស៊េរីទំនើបមួយគ្រឿង ចូលទៅប្ដឹងសមត្ថកិច្ចថា មានគេបាញ់ប្រហារមកលើពួកខ្លួន ក្នុងករណីប៉ុនប៉ងធ្វើឃាត ។ មន្ដ្រីប៉ូលិស ខណ្ឌចំការមនបានបង្ហើបឱ្យដឹងថា អ្នកដែលមកប្ដឹងសមត្ថកិច្ចថា មានគេបាញ់ពួកខ្លួននោះអាចជាប់ពាក់ព័ន្ធ ជាមួយភាគីក្រុមអ្នករងរបួសខាងលើ។ ប៉ូលិសបង្ហើបថា ភាគីដែលមកប្ដឹងសមត្ថកិច្ចនោះបានសារភាពថា ខ្លួនបានបាញ់រះនៅកន្លែងកើតហេតុខាងលើមែន ប៉ុន្ដែខណៈពេលនៃការបាញ់ប្រហារគ្នានោះ គឺបាញ់ទៅវិញ ទៅមកប្រៀបដូចសមរភូមិប្រយុទ្ធគ្នាមួយ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ភាគីទាំងសងខាងម្ខាងៗមានគ្នាមិនតិចឡើយ ហើយសុទ្ធសឹងជាកូន អ្នកធំ មានលុយ មានអំណាច ។ អ្នកខ្លះជាកូនគយ ខ្លះទៀតជាកូននាយទាហាន មានបុណ្យស័ក្ដិធំៗ ។
ជុំវិញហេតុការណ៍ផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ក្រុមយុវជនទាំង២ក្រុម បានណាត់គ្នាបាញ់គ្នាផ្គើនសមត្ថកិច្ចតែម្ដង។ ករណីខាងលើនេះ ប៉ូលិសក្រុងភ្នំពេញ បានសហការជាមួយ ប៉ូលិសខណ្ឌចំការមនដាក់កំលាំងយាមកាមអ្នករបួសយ៉ាងដិតដល់ នៅមន្ទីរពេទ្យតុងស៊ីង រីឯអ្នកដែល ក្លាហានជិះរថយន្ដចូលប្ដឹងប៉ូលិសនោះ ប៉ូលិសព្រហ្មទណ្ឌក្រុងភ្នំពេញសំរេចឃាត់ខ្លួន បណ្ដោះអាសន្ននៅ ការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងភ្នំពេញដើម្បីធ្វើការស្រាវជ្រាវ ។
នេះគឺជាបាតុភាពដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុតថ្មីមួយទៀត ដែលក្រុមយុវជនឈាមរាវជើងខ្លាំង បានបង្កការបាញ់ប្រហារគ្នាទាំងថ្ងៃ បន្ទាប់ពីរឿងរ៉ាវដ៏លាមកមួយបានកើតឡើងកាលពីខែមុន នៅមុខក្លឹប រាត្រីមួយ ដោយមានការបាញ់គ្នាផង និងបើកឡានបុកគ្នាផង ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply