ជុំវិញការមិនជួបយ៉ាសហ៍ ហ្គាយនាយករដ្ឋមន្ដ្រីចោទថារំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធគឺធ្ងន់ធ្ងរណាស់
ខេត្ដតាកែវ ៖ នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ក្នុងរបាយការណ៍សិទ្ធិមនុស្ស មាន ការសន្និដ្ឋានមួយចំណុចគេថា ការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធរាជរដ្ឋាភិបាល ។ ដូច្នេះការ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធរដ្ឋាភិបាលគឺវាធ្ងន់ធ្ងរណាស់ ។
នាយករដ្ឋមន្ដ្រីបានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា នៅក្នុងឱកាសប្រារឰពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានស្លាគូ ស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ ដែលជាជំនួយឥត សំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ លោកមានប្រសាសន៍ថា បើសិទ្ធិមនុស្សវាជាប្រព័ន្ធរដ្ឋាភិបាលនោះ គឺធ្ងន់ធ្ងរណាស់ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រហែលជានឹងទទួលរងទុក្ខចូលរណ្ដៅទៀតហើយ មើលទៅ... បើគេថាដូច្នេះទៅហើយ... ។
លោកបន្ដថា ប៉ុន្ដែវាជារឿងដែលគេថាហើយអ្នកនោះឯងគឺមកពីប្រទេសកំពុងរំលោភសិទ្ធិមនុស្សទៅ ទៀត ។ ខ្ញុំមិនចាំបាច់និយាយជាមួយទេ ពីព្រោះមនុស្សនោះមិនត្រូវជាមួយខ្ញុំទេ អ្នកឯងមកខ្ញុំមិនទទួល។ មកស្រុកគេ គេមិនទទួល ដាក់កម្មវិធីសុំជួប។ អ្នកឯងនៅ១.០០០ឆ្នាំទៀត បើខ្ញុំរស់បាននៅ ១ពាន់ឆ្នាំទៀត ខ្ញុំនៅតែមិនជួបអ្នកឯងដែរ។ អ្នកឯងមានសិទ្ធិ ខ្ញុំក៏មានសិទ្ធិរបស់ខ្ញុំដែរ មិនមែនកាតព្វកិច្ច ជានាយករដ្ឋមន្ដ្រីត្រូវតែទទួលឯណា... ។ ដូច្នេះខ្ញុំអត់ទទួលអ្នកឯងទេ និយាយឱ្យច្បាស់ ។
ពាក់ព័ន្ធទៅនឹងរបាយការណ៍សិទ្ធិមនុស្ស នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ខ្ញុំបាននិយាយក្នុងពេលប្រជុំ អាស៊ាន នៅអង្គការសហប្រជាជាតិ នៅមុខអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកកូហ្វី អាណាន់ថា “ខ្ញុំមិនសង្ឃឹម និងមិនរំពឹងថានឹងមានរបាយការណ៍ល្អអំពីសិទ្ធិមនុស្សនៅកម្ពុជាទេ ដោយ សារតែបើសិនរាយការណ៍ល្អអំពីសិទ្ធិមនុស្សនៅកម្ពុជា បុគ្គលិកសិទ្ធិមនុស្សនៅកម្ពុជានឹងអស់ការងារ ធ្វើ។ មានអ្នកខ្លះនៅស្រុករបស់ខ្លួនឯងអត់មានការងារធ្វើផង ប៉ុន្ដែដល់រកបានការងារធ្វើ នៅប្រទេសខ្លះ ក៏តោងក្រាញនៅកន្លែងនោះតែម្ដង ។ តាមពិតរកប្រាក់ខែទេ ។
នាយករដ្ឋមន្ដ្រីបានថ្លែងទៀតថា “ខ្ញុំហៅថាទេសចររយៈពេលវែង មិនបាច់រវីរវល់អីទេ ចង់នៅប៉ុន្មាន នៅទៅ។ ខ្ញុំចាត់ទុកអ្នកឯងជាទេសចររយៈពេលវែង ណ្ហើយប្រជាពលរដ្ឋរបស់ខ្ញុំក៏បានទទួលថ្លៃឈ្នួលផ្ទះ ដែរ ជួលផ្ទះឱ្យបុគ្គលិកអ្នកឯងនៅ ហើយក៏បានពន្ធដារច្រើនដែរ ដាក់៥០០នាក់ ១.០០០នាក់ ថែមទៀតក៏បានដែរ ព្រោះគេមកដើរលេងហើយស្រែកទៅ។ ឯយើងវិញចេះតែធ្វើទៅដូចភាសាខ្មែរគេថា “ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ” ។
Labels: នយោបាយ, សិទ្ធិមនុស្ស
for this post
Leave a Reply