យុវជនជំទង់ម្នាក់ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសស្រាល ខណៈពួកគេជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ជ្រុលចង្កូតទៅបុករទេះលក់ខ្ចៅ បណ្ដាលឱ្យដួលម៉ូតូ ហើយអ្នកជិះពីក្រោយបានខ្ទាតចូលកង់ រថយន្ដកូរ៉េ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៤ មិថុនា នៅមុខក្រសួងធម្មការតាមវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុនិយាយឱ្យសមត្ថកិច្ចដឹងថា យុវជន៣នាក់នោះជិះម៉ូតូវ៉េវ ផលិតនៅ ប្រទេសវៀតណាម ពណ៌ខៀវ ក្នុងល្បឿនលឿនតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិឆ្ពោះទៅទិសខាងជើង។ ពេលទៅដល់កន្លែងកើតហេតុស្រាប់តែម៉ូតូពួកគេបុករទេះលក់ខ្ចៅបណ្ដាលឱ្យរទេះនោះ ដួលក្រឡាប់បះកង់ ឡើងលើ ឯម៉ូតូក៏ដួលដែរ។ ពេលដួលនោះ យុវជនឈ្មោះចិត្រ ដែលអង្គុយក្រោយគេបានខ្ទាតទៅ ចំណែកផ្លូវម្ខាងទៀតស្របពេលមានរថយន្ដធុនកូរ៉េមួយតោនកន្លះដឹកឈើមកដល់ បើកកិនត្រង់កង់ ក្រោយចំមួយចំហៀងខ្លួនតែម្ដង។ បន្ទាប់ពីរថយន្ដនោះបើកទៅបាត់ យុវជន២នាក់ទៀតដែលរបួសស្រាល នាំគ្នាសែងឈ្មោះចិត្រ ដាក់លើចិញ្ចើមផ្លូវជួយរឹតឱ្យដឹងខ្លួនវិញ ប៉ុន្ដែដោយសារឈាមហូរចេញតាម មាត់ច្រើនពេកគេបានដាច់ខ្យល់ស្លាប់មុនរថយន្ដសាមុយទៅដល់ ។
យុវជនឈ្មោះវ៉ាន់ រដ្ឋា ហៅសារាយ ទី អាយុ១៨ឆ្នាំ មានលំនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលរបួសស្រាលនិងជាអ្នកបើកម៉ូតូបាននិយាយឱ្យសមត្ថកិច្ចដឹងថា ពួកគេមានគោលបំណង ទៅផ្សារឃ្លាំងរំសេវ ប៉ុន្ដែជិះម៉ូតូកំសាន្ដកាត់តាមមុខព្រះបរមរាជវាំងសិន។ ពេលពួកគេជិះទៅដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដកូរ៉េដឹកឈើបុករទេះលក់ខ្ចៅស្ងោរ បណ្ដាលឱ្យក្រឡាប់រទេះ កំពប់ខ្ចៅពេញថ្នល់ ហើយបន្ទាប់មករថយន្ដនោះជ្រុលមកបុកម៉ូតូរបស់គេពីក្រោយថែមទៀត ។ ពេលនោះ មិត្ដភក្ដិគេឈ្មោះចិត្រ ដែលអង្គុយក្រោយគេ បានខ្ទាតចូលកង់រថយន្ដទើបរងគ្រោះថ្នាក់ដល់ស្លាប់បែប នេះ។
ប៉ូលិសការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញបានទៅធ្វើការវាស់វែង និងយកសពទៅតំកល់ទុក នៅឈាបនដ្ឋានវត្ដព្រះពុទ្ធ រង់ចាំក្រុមគ្រួសារ ។ ទោះជាយ៉ាងណារថយន្ដកូរ៉េនោះបានបើកគេចបាត់។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់
for this post
Leave a Reply