សិស្សពាល២ក្រុមកាប់ចាក់សម្លាប់គ្នាទម្លាក់ទឹកទំនប់រលាំងជ្រៃ
ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានក្មេងស្ទាវចំនួនពីរនាក់បានស្លាប់ ក្នុងការជួបប្រយុទ្ធវាយតប់គ្នា ជាទ្រង់ទ្រាយធំមួយនៅរមណីយដ្ឋានទំនប់ទឹករលាំងជ្រៃ តាមដងស្ទឹងព្រែកត្នោត ក្នុងទឹកដីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ព្រឹត្ដិការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២ មិថុនា បង្កឡើង ដោយសិស្សស្ទាវចំនួន២ក្រុមមកពីវិទ្យាល័យកំពង់ស្ពឺ និងវិទ្យាល័យចំបក់ កាប់ ចាក់គ្នារហូតផ្អើលអ្នកភូមិរស់នៅក្បែរមាត់ស្ទឹងព្រែកត្នោត ដោយខ្លះធ្លាក់ទឹកស្លាប់ ខ្លះហែលឆ្លងរួច និង មួយចំនួនទៀតបានគេចខ្លួនដោយជិះម៉ូតូ។
ទាក់ទិននឹងឧប្បត្ដិហេតុប្រយុទ្ធគ្នាយ៉ាងកក្រើកនេះ អ្នកភូមិក្បែរមាត់ស្ទឹង និងអ្នកលក់ដូរក្នុងរមណីយដ្ឋាន រលាំងជ្រៃបានរៀបរាប់ឱ្យដឹងថា តាំងពីម៉ោង៨ទៅម៉ោង៩ នៃថ្ងៃទី២ មិថុនា គេឃើញក្រុមក្មេងស្ទាវជា សិស្សវិទ្យាល័យកំពង់ស្ពឺ បានមកដល់រមណីយដ្ឋាននេះដោយជិះម៉ូតូស៊េរីថ្មីចំនួន៨គ្រឿង និងមានគ្នាមិន តិចជាង១៤នាក់ ក្រោយពីទុកម៉ូតូរួចហើយពួកគេក៏នាំគ្នាចូលអង្គុយតាមតូបជាប់នឹងមាត់ច្រាំង ស្ទឹងព្រែក ត្នោត កុម្មង់ស្រាសាច់ក្លែមផឹកស៊ីតាមទម្លាប់ក្មេងស្ទាវ ។ ប្រភពដដែលនោះបន្ដឱ្យដឹងទៀតថា បន្ទាប់ មកក៏ឃើញក្រុមក្មេងដដែលនេះធ្វើសកម្មភាពឆ្វេចឆ្វាចដោយខ្លះជិះម៉ូតូចេញ ខ្លះទាញទូរស័ព្ទនិយាយ តបតនឹងរឿងអ្វីមួយដែលគេសន្មត់ថា អាចកើតឡើងនាពេលខាងមុខ ។ មួយសន្ទុះធំក្រោយមកគេ បានឃើញក្រុមទី២ជិះម៉ូតូចំនួន១០គ្រឿង មានសិស្សស្ទាវចំនួនជាង២០នាក់ ដែលក្នុងនោះអ្នកភូមិ អះអាងថា មានសិស្សស្រីចំនួន២នាក់ផង រួមដំណើរមកជាមួយបានមកដល់រមណីយដ្ឋាននេះដែរ ។ សាក្សី នៅក្នុងរមណីយដ្ឋានបន្ដថា នៅវេលានោះគ្មានឃើញភ្ញៀវចាស់ទុំណាមកកំសាន្ដនៅទីនេះទេ គឺមានសុទ្ធ តែក្មេងស្ទាវដែលក្រុមមកថ្មីនេះគេស្គាល់ថា ជាសិស្សមកពីវិទ្យាល័យចំបក់។ ទោះជាយ៉ាងណាគេពុំដឹងថា តើនេះជាការណាត់ជួបប្រយុទ្ធគ្នា ឬក៏ជាការជួបគ្នាដោយចៃដន្យនោះទេ ស្រាប់តែក្រុមក្រោយនេះ បានចុះស្រពីលើម៉ូតូ ហើយខ្លះកាន់កាំបិតប៉័ងតោ និងខ្លះរត់ទៅកាច់របាររបងក្នុងរមណីយដ្ឋាន ដោយរួម ទាំងសិស្សស្រីស្ទាវផងដែរ នាំគ្នារត់ប្រសាចសំដៅទៅវាយក្រុមទី១ ដែលខ្លះកំពុងអង្គុយផឹក និងខ្លះទៀត កំពុងនិយាយទូរស័ព្ទ ធ្វើឱ្យផ្អើលដូចគោហ្វូង។ ពេលឃើញសត្រូវម្ខាងទៀតបង្កចលាចលយ៉ាងពេញ បន្ទុកបែបនេះ គេឃើញក្រុមមុនដែលកំពុងអង្គុយផឹកនោះ ទាញដបស្រា និងដំបងទប់ទល់ដែរ តែទប់ ពុំឈ្នះ ក៏រត់យកប្រាសអាយុរៀងៗខ្លួន ដោយខ្លះរត់ធ្លាក់ទឹកស្ទឹង ហើយប្រឹងហែលឆ្លង និងខ្លះទៀត ត្រូវគេវាយនឹងដំបង កាប់នឹងកាំបិតហែលពុំរួចក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងឱកាសនោះ ។ ពេល នោះគេឮក្រុមសិស្សស្ទាវវិទ្យាល័យចំបក់ស្រែកប្រាប់គ្នាថា “ដកថយ ពួកវាត្រូវយើងវ៉ៃឱ្យងាប់ពីរក្បាល ទម្លាក់ទឹកហើយ” ដែលក្រោយពីស្រែករួចក្រុមនោះក៏ជិះម៉ូតូប្រសាច រួមទាំងសិស្សស្រី ដែលមានទូរស័ព្ទ ដៃនិយាយឆ្លើយឆ្លងគ្នានាពេលនោះដែរ។
តាមប្រភពនៅកន្លែងកើតហេតុឱ្យដឹងទៀតថា ក្រុមជនរងគ្រោះខ្លះដែលហែលឆ្លងទឹកស្ទឹងរួច បានទៅសម្ងំ ពួនញាក់សាច់នៅឯភូមិឆ្ងាយពីកន្លែងកើតហេតុ ខ្លះពួនក្នុងគុម្ពោតព្រៃ ខ្លះទៀតជិះម៉ូតូរត់គេចយករួច ខ្លួន។ ក្រោយគេឮសូរស្រែកហៅគ្នាឱ្យជួយស្រង់មិត្ដភក្ដិពីក្នុងទឹក ទើបអ្នកភូមិដែលនៅត្រើយម្ខាង បានស្រូតមកធ្វើអន្ដរាគមន៍រួមទាំងសមត្ថកិច្ចផង ប៉ុន្ដែដោយមកក្រោយពេលកើតហេតុនោះក៏បានត្រឹមតែ ឈរមើលក្រុមស្ទាវរងគ្រោះ ដែលចុះរាវរកសពមិត្ដភក្ដិរបស់ពួកគេប៉ុណ្ណោះ ។ កងកម្លាំងដែលចុះមកដល់ ប្រមាណមួយម៉ោងក្រោយពេលកើតហេតុគឺមានប៉ូលិសផង ប៉េអឹមផង តែពេលនោះពុំមានចាប់បានក្រុម ជនពាលណាម្នាក់ឡើយ ព្រោះពួកនោះជិះម៉ូតូទាំងក្រុម ភៀសខ្លួនតាមយុទ្ធសាស្ដ្របំភ័ន្ដភ្នែកសមត្ថកិច្ច ពុំដឹងចេញតាមច្រកណាឡើយ។ សមត្ថកិច្ចដែលមានប៉ូលិស និងប៉េអឹមបានឱ្យដឹងថា ក្មេងស្ទាវពីរនាក់ បានបាត់បង់ជីវិតដោយសារត្រូវគេវាយនឹងដំបង ហើយត្រដរហែលឆ្លងទឹកស្ទឹងពុំរួចក៏ត្រូវស្លាប់ពាក់ កណ្ដាលស្ទឹង ដែលម្នាក់ឈ្មោះកែវ ទៀងនាង ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ វិទ្យាល័យកំពង់ស្ពឺ រស់នៅភូមិសំណង់ ឃុំរកាធំ ស្រុកច្បារមន ជាកូនប្រុសពៅរបស់ឈ្មោះប៊ូ ម៉ាលីន មន្ដ្រីគណនេយ្យ មន្ទីរកសិកម្មខេត្ដកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះអ៊ុន ចាន់ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១១ វិទ្យាល័យកំពង់ស្ពឺ មានទីលំនៅក្នុងភូមិរំលោងប្រឃ្លះ ឃុំសុពណ៌ទេព ស្រុកច្បារមន ជាកូនប្រុសពៅ របស់ឈ្មោះឆែ ផល្លា មន្ដ្រីមន្ទីរពេទ្យខេត្ដកំពង់ស្ពឺ ផ្នែករបេង។ សពក្មេងទាំងពីរត្រូវបានក្រុមគ្រួសារ ដឹកនាំយកទៅគេហដ្ឋានធ្វើ បុណ្យតាមប្រពៃណីនាថ្ងៃនោះដែរ។
សាក្សីរបស់ក្រុមក្មេងស្ទាវដែលទទួលរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា សិស្សវិទ្យាល័យទាំង២ក្រុមនេះ ពុំដែលត្រូវគ្នាទេ គឺមានគំនុំជាមួយគ្នាជានិច្ច ព្រោះតែរឿងស្រីស្នេហ៍ ដែលក្រុមទាំងពីរនោះតាំងខ្លួន ជាក្របីឡើងក ការពារញី រហូតដល់មានការប្រយុទ្ធវាយតប់គ្នាទ្រង់ទ្រាយធំ ដែលខេត្ដកំពង់ស្ពឺពុំធ្លាប់មាន ពីមុនមក។ កន្លងទៅគេមានឃើញតែក្មេងពាលតាមភូមិ-ឃុំវាយគ្នាពីភូមិមួយលើកគ្នា ទៅបង្ក្រាបក្រុម ភូមិមួយទៀត នៅតាមវត្ដអារាមដូចករណីភូមិត្នោតជ្រំ និងភូមិទួលបារាយណ៍ ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទងជាដើម ។ ក្នុងករណីសិស្សសាលាវាយតប់គ្នាទ្រង់ទ្រាយធំផ្អើលអ្នកស្រុកមួយចំហៀង ខេត្ដកំពង់ស្ពឺនេះ ជារឿងអាម៉ាស់បំផុតសំរាប់ក្រុមយុវវ័យ ។
ក្រោយពេលកើតហេតុការណ៍ ទាំងកងរាជអាវុធហត្ថ ទាំងនគរបាលខេត្ដ បានបញ្ចុះកម្លាំងតាមចាប់ ជនពាលទាំងនោះជាបន្ទាន់ដែរ តែមិនដឹងថា តើចាប់បានពួកគេ ឬក៏យ៉ាងណានោះទេ ពីព្រោះរហូតមក ដល់ល្ងាច ថ្ងៃទី២ មិថុនា ហើយនៅពុំទាន់បានទទួលដំណឹងអ្វីពីសមត្ថកិច្ចសោះ។
Labels: ឃាតកម្ម, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply