តាក់ស៊ីដំរី ក្នុងតំបន់ទេសចរណ៍សៀមរាបអង្គរ សេវាកម្មនេះទទួលការពេញនិយមពីអ្នកទេសចរ
ខេត្ដសៀមរាប ៖ សេវាកម្មតាក់ស៊ីដំរី នៅតំបន់អង្គរកំពុងតែទទួលបានការនិយមជិះកំសាន្ដ ពីអតិថិជន ដែលជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ។ សេវាកម្មតាក់ស៊ីដំរីនេះ មើលទៅហាក់ដូចជាចំលែកបន្ដិច តែចំណូលបើប្រៀបធៀបនឹងសេវាកម្មរថយន្ដតាក់ស៊ីធម្មតាវាខុសគ្នាដូចមេឃ និងដី។
កញ្ញាឈឹម ឆវ័ន្ដ ជាសមាជិកគ្រួសារហ្មដំរី បានឱ្យកោះសន្ដិភាពដឹងថា ដំរីទាំងអស់មានជាង២០ក្បាល តែដំរីដែលចេញមកដឹកភ្ញៀវមានប្រមាណតែ១១ក្បាលប៉ុណ្ណោះ ។ ដំរីទាំងនេះជារបស់ម្ចាស់សណ្ឋាគារ អង្គរវីឡា ។ តាក់ស៊ីដំរីមានចំណតពីរកន្លែង គឺមួយកន្លែងនៅមុខខ្លោងទ្វារទន្លេអុំ ឯមួយកន្លែងទៀត នៅខាងកើតប្រាសាទបាយ័ន ដែលមានចំងាយ២គីឡូម៉ែត្រពីគ្នា ។ ចំពោះអតិថិជនណាដែលចង់ជិះដំរី ត្រូវទិញសំបុត្រជាមុន ហើយបើគេចង់ជិះពីខ្លោងទ្វារអង្គរតូចទៅកាន់ប្រាសាទបាយ័នគេត្រូវចំណាយលុយ ចំនួន១០ដុល្លារក្នុងចំងាយដី២គីឡូម៉ែត្រ តែបើភ្ញៀវចង់ជិះដើរមើលកំសាន្ដជុំវិញប្រាសាទបាយ័នត្រូវទិញ សំបុត្រម្ដងទៀត ក្នុងម្នាក់១០ដុល្លារ។
នាងឱ្យដឹងថា មានសេវាកម្មមួយទៀត គឺពេលល្ងាចភ្ញៀវទេសចរក្នុងស្រុកអាចថតរូបជាមួយដំរីទាំងនោះ បាន ដោយគ្រាន់តែពួកគេចំណាយប្រាក់ពី ២.០០០ទៅ៣.០០០រៀលប៉ុណ្ណោះក្នុងពេលថតម្ដង។
ភ្ញៀវទេសចរម្នាក់ប្រាប់ភ្នាក់ងារកោះសន្ដិភាពថា គាត់ចូលចិត្ដសត្វដំរីខ្លាំងណាស់ ព្រោះវាជាសត្វស្លូត និង មានដំណើរគួរឱ្យចង់គយគន់ ជាពិសេសបើយើងបានជិះវាយើង មានអារម្មណ៍ប្លែក និងស្ញើប ព្រោះវាខ្ពស់ ណាមួយត្រូវទប់ខ្លួនចុះឡើងតាមចង្វាក់ដំណើររបស់វា ។ ចំណុចសំខាន់បំផុតនោះ ពេលយើងជិះជុំវិញ បរិវេណប្រាសាទបាយ័ន យើងអាចទស្សនានិងថតយករូបភាព នៃកំពូលប្រាសាទនេះបានយ៉ាងច្បាស់ ទៀតផង គឺសប្បាយខ្លាំងណាស់ ។
បុរសម្នាក់ដែលអះអាងថា ជាមេការក្រុមតាក់ស៊ីដំរីឱ្យដឹងថា ដំរីទាំងអស់មានក្រោលនៅមុខភ្នំបាក់ខែង ហើយពួកវាត្រូវបានយកចិត្ដទុកដាក់យ៉ាងដិតដល់ពីគ្រូពេទ្យជនជាតិបារាំងម្នាក់ ព្រមទាំងធ្វើការដុសលាង ក្នុងមួយថ្ងៃដល់ទៅបួនដងឯណោះដើម្បីកុំឱ្យមានក្លិនមិនល្អដាក់ភ្ញៀវដែលជិះ ។ ចំពោះចំណីត្រូវបានផ្ដល់ ឱ្យជារៀងរាល់ថ្ងៃតាមកំណត់របស់វា ។ ទោះជាយ៉ាងណាចំណូលដែលបានមកពីការលក់សំបុត្រពុំមាន អ្នកណាម្នាក់អាចបង្ហើបឱ្យដឹងបាននោះទេ ព្រោះវាជារឿងសំងាត់របស់ក្រុមហ៊ុន ។
លោកយឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងថ្លែងថា ការធ្វើអាជីវកម្មលើសត្វដំរីនេះ វាពុំមានអ្វីខុសច្បាប់នោះទេ ព្រោះម្ចាស់បានចុះបញ្ជីសៀវភៅបន្ទុករួចរាល់អស់ហើយ ។ ដំរីទាំងអស់ ដែលគ្រប់គ្រងដោយក្រុមហ៊ុននេះគេពុំអាចយកទៅលក់ ឬដឹកទៅក្រៅប្រទេស ឬកាប់យកសាច់ ឬឆ្អឹង បានឡើយ ព្រោះវាជាប្រភេទសត្វដែលត្រូវអភិរក្ស ។
Labels: ទេសចរណ៍, ប្រវត្ដិសាស្ដ្រ, វប្បធម៌, សណ្ដាប់ធ្នាប់
for this post
Leave a Reply