នគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រហ្វឹកហាត់បើកនាវាល្បាតនិងប្រដេញ
ក្រុងព្រះសីហនុ ៖ ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចការពារទប់ស្កាត់បទល្មើសផ្សេងៗ លើដែនសមុទ្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០០៧ អង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកម្ពុជា ដែល មានទីបញ្ជាការនៅផែកោះព្រាប ក្រុងព្រះសីហនុ បានរៀបចំហ្វឹកហាត់ដល់កងកំលាំងនគរបាលក្នុងរូបភាព ចេញនាវាល្បាត និងនាវាប្រដេញលើដែនសមុទ្រជាក់ស្ដែង ។
លោកវរសេនីយ៍ឯកតេង សួន មេបញ្ជាការអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់មន្ដ្រីនគរបាលគ្រប់រូបឱ្យយកអស់នូវស្មារតី ទទួលខុសត្រូវចំពោះភារកិច្ច ដើម្បីការពារទប់ស្កាត់បទល្មើសផ្សេងៗដែលជនខិលខូច នាំគ្នាលបលួចប្រព្រឹត្ដលើដែនសមុទ្រ និងផ្ដល់ ការគាំទ្រការការពារសន្ដិសុខផងដែរ ដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើអាជីវកម្មទាំងការធ្វើពាណិជ្ជកម្ម និង នេសាទ ។
ចំពោះការហ្វឹកហាត់នេះ គឺមាននាវាល្បាត និងនាវាប្រដេញចំនួន៣គ្រឿងធ្វើសមយុទ្ធជាក់ស្ដែង ក្នុង រូបភាពល្បាតតំបន់ជិតដីគោក និងរូបភាពនាវាប្រដេញធុនធំពេលជួបប្រទះបទល្មើសលើដែនសមុទ្រកម្ពុជា ហើយការហ្វឹកហាត់សមយុទ្ធនេះ អង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកម្ពុជា នឹងធ្វើជាប្រចាំ ដើម្បីឱ្យសកម្មភាពបង្ក្រាបជាក់ស្ដែងទទួលបានលទ្ធផលល្អ ។ ក្រោយពីបញ្ចប់ការហ្វឹកហាត់ជាក់ស្ដែង រួចមកលោកវរសេនីយ៍ឯកតេង សួន ក៏បានដឹកនាំកិច្ចប្រជុំរួមរបស់អង្គភាពនគរបាល បង្ក្រាបបទល្មើស លើផ្ទៃសមុទ្រកម្ពុជា ដើម្បីបូកសរុបលទ្ធផលប្រតិបត្ដិការឆមាសទី១ ដើមឆ្នាំ២០០៧ និងលើកទិសដៅ សំរាប់អនុវត្ដបន្ដឆមាសទី២ចុងឆ្នាំ២០០៧ ។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯកតេង សួន មេបញ្ជាការអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃ សមុទ្រកម្ពុជាឱ្យដឹងថា បច្ចុប្បន្នបទល្មើសលើផ្ទៃសមុទ្រមានការថយចុះគួរឱ្យកត់សំគាល់ អាស្រ័យដោយ ការខិតខំរបស់អង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មានកិច្ចសហការល្អជាមួយសមត្ថកិច្ច ពាក់ព័ន្ធក្នុងតំបន់ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply