ជួបជាមួយគ្រូក្បាច់គុនខម ក្បាច់បុរាណខ្មែរដែលធ្លាប់ការពារទឹកដីពីអតីតកាល
រាជធានីភ្នំពេញ ៖ អតីតកាលដ៏ថ្កុំថ្កើងរុងរឿងនៃប្រទេសកម្ពុជាដែលជាអធិរាជាណាចក្រខ្មែរ មានវិសាល ភាពគ្រប់គ្រងដែនដីដ៏ធំធេង ពិតជាមានកម្លាំងការពារបុរណភាព ទឹកដីដ៏មហិមា ដូច្នេះហើយទើបតំរូវ ឱ្យយុទ្ធជនភាគច្រើននាំគ្នាហ្វឹកហាត់យុទ្ធគុន ដើម្បីការពារខ្លួន ការពារបូរណភាពទឹកដី ។ បើនិយាយ ពីក្បាច់គុនត្រូវបានដូនតាខ្មែរពីសម័យបុរាណបន្សល់ទុកជាកេរមរតករហូតមកដល់សព្វថ្ងៃនេះ ។
កម្មវិធីស្នាមញញឹមនៃវប្បធម៌ខ្មែររបស់ស្ថានីយទូរទស្សន៍បាយ័ន បានអញ្ជើញគ្រូបង្ហាត់យុទ្ធគុនខម មកឱ្យ សម្ដែងបង្ហាញក្បាច់គុននេះ ដើម្បីផ្ដល់កម្លាំងចិត្ដដល់អ្នកហ្វឹកហាត់ និងដើម្បីថែរក្សាបន្ដទៅមុខទៀត។ មុននេះលោកមាស សុខ ជាគ្រូគុនល្បុក្កតោខ្មែរធ្លាប់បានបង្ហាញខ្លួនរួចមកហើយ ដោយអះអាងថា លោកបានរៀបចំជាឯកសារបានជាង២០០០ក្បាច់ផងដែរ ។
លោកគ្រូ សំ ចាន់ប៊ុនធឿន មានវ័យ៥៩ឆ្នាំ ស្រុកកំណើតនៅភូមិគារ ឃុំគារ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ។ បច្ចុប្បន្នលោកជាអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរមួយរូប នៅក្នុងសមាគមយុទ្ធគុនខម មានទីតាំងនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកគ្រូរៀបរាប់ពី ប្រវត្ដិចេះក្បាច់គុនខមថា នៅពេលលោកគ្រូ មានអាយុ១២ឆ្នាំ បានទៅរស់នៅជាមួយព្រះសង្ឃក្នុងវត្ដ ដោយរៀនសូត្រអក្សរសាស្ដ្រខ្មែរផង រៀនក្បាច់គុនផង ដោយមានព្រះចៅអធិការវត្ដសូរិយា ស្រុកមោង ឫស្សី ព្រះនាមអួម ជាអ្នកបង្រៀន ដែលកាលណោះនៅក្នុងឆ្នាំ១៩៦០។ ព្រះចៅអធិការវត្ដត្រូវជាជីតា ទួតខាងម្ដាយរបស់លោកគ្រូតែម្ដង។ ចំណែកឪពុករបស់លោកគ្រូបានហាត់ក្បាច់គុនពីតាអាចារ្យលាក់ នៅ ស្រុកលើ ហើយបានហាត់រៀនបន្ថែមពីលោកតាអួម បញ្ចប់ទ្វារនៃក្បាច់គុនខមផងដែរ ។
លោកគ្រូសំ ចាន់ប៊ុនធឿន រំលឹកថា ការហាត់រៀនក្បាច់គុនកាលពីលោកគ្រូនៅក្មេង តែងតែរៀនខ្ញាំជើង ដោយចាក់ទឹកបង្ហូរឱ្យរអិលផ្លូវឡើងច្រាំងស្ទឹង និងរែកទឹកយកទៅស្រោចម្លូតាមការកំណត់ រាប់សិប អម្រែក។ ក្រៅពីនេះទៀតហ្វឹកហាត់ដើរចុងជើង ឯដៃត្រូវទ្រដុំឈើធំវែង ហើយបង្វិលក្រឡឹងជុំវិញ ខ្លួនដូចកិនស្រូវ។ លោកគ្រូបន្ដថា ពេលព្រឹកឡើងរៀនប្រើភ្នែកដោយសម្លឹងមើលថ្ងៃទើបរះ និង ពេលងូតទឹកព្រឹកព្រហាមត្រូវបាចទឹកដាក់ភ្នែក ដើម្បីឱ្យភ្នែកមានលំនឹង។ ឯការហ្វឹកហាត់ចលនាបឋម មិនជាពិបាកទេ គឺគ្រាន់តែរៀនបត់ភ្លៅកង្កែប និងពត់ជើងដៃឱ្យទន់ភ្លន់ប៉ុណ្ណោះ ។
លោកគ្រូបន្ដថា ក្រោយពីលោកគ្រូប្រឡងជាប់អនុវិទ្យាល័យនេតយ៉ង់ ទីរួមខេត្ដបាត់ដំបង លោកគ្រូ បានហ្វឹកហាត់ហាប់គីដូ នៅសាលាចិនកុកខ្វាង រហូតទទួលបានខ្សែក្រវាត់ខ្មៅ១ដាន់ផងដែរ ក្នុងឆ្នាំ១៩៧០ ចំណែកក្បាច់គុនបុរាណខ្មែរ លោកគ្រូបានខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ ទើបអាច យល់ដឹងបាន៤ទ្វារ ហើយក្នុង៤ទ្វារនោះលោកគ្រូអាចបំបែកចេញជា២០០០ស្នៀតឯណោះ ។
ចាប់ពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៧៥ លោកគ្រូប៊ុនធឿនត្រូវបានឪពុកបង្ហាត់បង្រៀនបន្ថែមពីមេគុនក្បាច់ ពិឃាតក្នុងគម្ពីរខម ដែលលោកគ្រូបានចម្លងយកមកពីវត្ដសូរិយា ។ ក្បាច់គុនខ្មែរយើងមាន៣ខណ្ឌ គឺ ទី១ យុទ្ធគុនខម ទី២ យុទ្ធសិល្ប៍ខេមៈ និង ទី៣ កលយុទ្ធខេមរៈ ហើយបែកចេញជាបីៗបន្ដទៀត ។
ចំពោះការហ្វឹកហាត់ត្រូវយកកម្លាំងដៃ ច្រត់ដី ហើយដើរនឹងកែងដៃលើដីខ្សាច់ និងដីរឹង ។ លើសពីនេះ ត្រូវប្រើក្រញាំដៃរៀនទះលើក្ដារ និងចុងម្រាម៥ហៅថា ក្បាច់ក្រញាំខ្លា ម្រាម៤ ហៅថា ក្រញាំនាគ ម្រាម៣ ហៅថា ក្រញាំឥន្ទ្រី និងម្រាមមួយហៅថាចង្អុលខ្មោច ។ ក្បាច់គុនខមនេះត្រូវបានលោកគ្រូ សំ ចាន់ប៊ុនធឿន នាំសិស្សយកទៅសម្ដែងបង្ហាញទស្សនិកជនតាមរយៈកម្មវិធី “ស្នាមញញឹមនៃវប្បធម៌ខ្មែរ” ដែលស្ថានីយទូរទស្សន៍បាយ័នជាអ្នកផលិតឡើង ។
Labels: ប្រវត្ដិសាស្ដ្រ, វប្បធម៌, ស្រាវជ្រាវ
for this post
Leave a Reply