កូនមេគយកំពតបើកឡង់គ្រីស្ស័រដេញគ្នាបុកផ្អើលពេញក្រុង
រាជធានីភ្នំពេញ ៖ រថយន្ដឡង់គ្រីស្ស័រមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F 6847 ត្រូវ ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលចតុមុខឃាត់ទុកនៅតាមផ្លូវលេខ២២៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុង ភ្នំពេញ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ២០០៧ បន្ទាប់ពីរថយន្ដនោះ បើក ប្រដេញគ្នាធ្វើឱ្យជ្រុលទៅបុកស្ដ្រីម្នាក់ និងម៉ូតូ១គ្រឿងបន្ទាប់មកបុករថយន្ដកាមរី១គ្រឿងទៀត ហើយ ព្យាយាមបើកគេចទាំងបែកកង់ផ្នែកខាងមុខ។ បន្ទាប់ពីចាប់រថយន្ដឡង់គ្រីស្ស័រនោះបាន ទើបដឹងថា អ្នកបើកបរជាកូនលោកមេគយខេត្ដកំពត ។
អ្នករត់ម៉ូតូឌុបម្នាក់ដែលឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា គាត់ឃើញរថយន្ដម៉ាកឡង់គ្រីស្ស័រនោះ ដែលបើកដោយយុវជនអាយុប្រហែលក្រោម២០ឆ្នាំ ប្រដេញគ្នាជាមួយរថយន្ដកាមរីឆ្លាមតាមបណ្ដោយវិថី ព្រះសុធារស ពីត្បូងទៅជើង។ ពេលប្រដេញគ្នាទៅដល់ម្ដុំនាគបាញ់ទឹក រថយន្ដឡង់គ្រីស្ស័រជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ បន្ទាប់មកជ្រុលទៅបុកស្ដ្រីជាអ្នកបោសសំរាម ម្នាក់បណ្ដាលឱ្យដួលបែកក្បាលយ៉ាងដំណំ។ ក្នុងពេលព្យាយាមបើកគេចរថយន្ដដដែលនោះ បានបុករថយន្ដ កាមរីមួយគ្រឿងទៀត រហូតបែកកង់មុខខាងឆ្វេង ទៅមុខលែងរួច នៅលើផ្លូវលេខ២២៨ ស្ថិតក្នុងសង្កាត់ ចតុមុខ ហើយត្រូវសមត្ថកិច្ចឃាត់ទុកដើម្បីឱ្យប៉ូលិសចរាចរណ៍ជើងគោកក្រុងភ្នំពេញដោះស្រាយ ។
ប៉ូលិសនិយាយថា ម៉ូតូដែលត្រូវរថយន្ដនោះបុកបណ្ដាលឱ្យខូចខាត ម្ចាស់ឈ្មោះទេព តុលា ភេទប្រុស អាយុ២៣ឆ្នាំ រីឯស្ដ្រីបោសសំរាមរងរបួសក្បាលឈ្មោះសុខ សុវ៉ែន អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ដោយឡែកម្ចាស់រថយន្ដកាមរីមិនទាន់ស្គាល់ឈ្មោះទេ ។
ប្រភពដដែលប្រាប់ថា អ្នកបើករថយន្ដឡង់គ្រីស្ស័រឈ្មោះជា សម្បត្ដិ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ជានិស្សិតសិក្សានៅក្រៅប្រទេស។ គេប្រាប់សមត្ថកិច្ចថា លោក សំ សុខា ប្រធានសាខាគយប្រចាំខេត្ដកំពត ជាឪពុករបស់គេ ។
មន្ដ្រីប៉ុស្ដិ៍រដ្ឋបាលស្រះចកនិយាយថា គ្មានមន្ដ្រីប៉ូលិសណាម្នាក់ដឹងថា រថយន្ដឡង់គ្រីស្ស័រនោះបើកប្រណាំង គ្នាឡើយ ព្រោះរវល់ចុះល្បាតនៅគោលដៅផ្សេង ។
នៅព្រឹកថ្ងៃដដែល រថយន្ដនោះត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីដោះស្រាយ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply