៣នាក់ជិះម៉ូតូកាត់ភ្លៀងរន្ទះបាញ់ស្លាប់១របួសធ្ងន់២
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មនៅនឹងកន្លែង និង ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារឧប្បត្ដិហេតុរន្ទះបាញ់ខណៈពេលដែលពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នា ពេលមេឃកំពុងភ្លៀងយ៉ាងខ្លាំង បណ្ដាលឱ្យដួលស្លាប់ និងរបួសរដូករណែលពេញផ្លូវ។ ហេតុការណ៍ ដ៏រន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២ មិថុនា នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ត្រង់ចំណុចទល់មុខដេប៉ូលក់ឈើដួងណៃ ស្ថិតក្នុងភូមិ បែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងនោះឈ្មោះហឿន ហេន អាយុ២២ឆ្នាំ និងអ្នករងរបួស ២នាក់នោះ ម្នាក់ឈ្មោះ ឡុង ណាក់ អាយុ២៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះលន ចាន់ដា អាយុ២០ឆ្នាំ ពេលនេះ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពហុព្យាបាលចន្ទ្រា ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅក្នុងភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ តាមប្រភពព័ត៌មានពីសាក្សីម្នាក់បានឱ្យដឹងថា នៅមុនពេល កើតហេតុមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំដោយផ្លេកបន្ទោរនិងស្នូររន្ទះគួរឱ្យខ្លាចផងដែរ ។ ក្នុង ខណៈពេលនោះគេបានឃើញយុវជនទាំង៣នាក់ ជិះម៉ូតូម៉ាកវ៉េវពណ៌ខៀវមួយគ្រឿង ឌុបគ្នាក្នុងល្បឿន លឿនគួរសមដែរ ចេញពីទីក្រុងភ្នំពេញឆ្ពោះទៅផ្ទះក្នុងទិសដៅពីកើតទៅលិច ។ សាក្សីរូបនោះបានបន្ដ ទៀតថា ពេលម៉ូតូរបស់ពួកគេបោះពួយទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានផ្លេកបន្ទោរមួយឆ្វាច់ យ៉ាងខ្លាំង ហើយក៏មានរន្ទះបាញ់ចំពួកគេតែម្ដង ។ មិនតែប៉ុណ្ណោះគេបានប្រទះឃើញមានហុយផ្សែងនៅ ត្រង់ចំណុចដែលបាញ់នោះ ហើយក៏ឃើញយុវជនទាំង៣នាក់ដួលម៉ូតូទាំងកំរោលទៀតផង ។ ម្យ៉ាងទៀត នៅពេលភ្លាមៗនោះគេពុំទាន់ហ៊ានចេញទៅមើលទេ លុះក្រោយពេលស្ងប់ស្ងាត់លែងសូវមានផ្លេកបន្ទោរ ទើបនាំគ្នារត់ទៅមើលឃើញយុវជនម្នាក់ស្លាប់ រីឯ២នាក់ទៀតរងរបួសធ្ងន់ធ្ងររដូករណែលពេញផ្លូវ ។
ប្រជាពលរដ្ឋបាននិយាយឱ្យដឹងថា រដូវ វស្សាឆ្នាំ២០០៧នេះ ឱ្យតែមេឃងងឹតមានភ្លៀងធ្លាក់តែងតែ មានរន្ទះបាញ់គួរឱ្យខ្លាច ហើយពួកគាត់ពុំសូវហ៊ានដើរចេញក្រៅផ្ដេសផ្ដាសនោះទេ ។ ម្យ៉ាងទៀតបើ ធ្វើដំណើរតាមផ្លូវវិញ ពួកគាត់ប្រញាប់ប្រញាល់រកកន្លែងជ្រករហូតរាំងភ្លៀង ទើបហ៊ានបន្ដដំណើរទៅ មុខទៀត។ ពេលនេះតាមប្រភពពីគ្រូពេទ្យដែលអះអាងប្រាប់ប៉ូលិសថា យុវជនដែល រងរបួសទាំង២នាក់ នោះ គឺយុវជនម្នាក់មានសង្ឃឹមថា អាចសង្គ្រោះបានតិចតួចបំផុត ប៉ុន្ដែទោះបីជាបែបណាពួកគេកំពុងស្ថិត ក្រោមការជួយសង្គ្រោះបន្ទាន់ពីសំណាក់គ្រូពេទ្យ ។
តាមសេចក្ដីរាយការណ៍ពីខេត្ដបាត់ដំបង ជុំវិញករណីរន្ទះបាញ់នេះដែរបានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនេះ រន្ទះបាញ់ស្លាប់៣នាក់ របួសម្នាក់ និងងាប់គោ២ក្បាលផងដែរ។ តាមព័ត៌មានដែលយោងតាមរបាយការណ៍ របស់ស្នងការដ្ឋានខេត្ដបាត់ដំបងបានឱ្យដឹងថា នៅស្រុកមោងឫស្សីមានប្រជាពលរដ្ឋ ម្នាក់ឈ្មោះមុំ យឹម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្រុមទី២ ភូមិព្រែកតាវេន ឃុំព្រែកជីក ត្រូវរន្ទះបាញ់ស្លាប់កាលពី វេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១ មិថុនា ខណៈពេលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ថែមទាំង មានខ្យល់ព្យុះផង។ ឧប្បត្ដិហេតុនេះ បានកើតឡើង ខណៈពេលជនរងគ្រោះកំពុងអង្គុយនៅក្នុងផ្ទះ ហើយ រន្ទះបានបាញ់ផ្ដាច់ជីវិតបុរសចំណាស់នេះនៅក្នុងផ្ទះរបស់គាត់តែម្ដង ។
ដោយឡែកនៅឯស្រុករតនមណ្ឌលឯណោះវិញ របាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២ ខែមិថុនាគឺក្រោយពេលគ្នា១ថ្ងៃ នៅក្នុងភូមិបឹងអំពិល ឃុំស្ដៅ ភ្លៀងបានបង្អុរជោកជាំ និងមានខ្យល់បោកបក់យ៉ាងខ្លាំង ព្រមទាំងមានរន្ទះបាញ់ផ្ទ្ទួនៗគ្នា បណ្ដាលឱ្យមនុស្សចំនួន២នាក់ស្លាប់ បាត់បង់ជីវិត ម្នាក់រងរបួសធ្ងន់ និងងាប់គោចំនួន២ក្បាល ។ អ្នកស្លាប់ និងអ្នករបួសចំនួន៣នាក់នេះ ត្រូវបានលោក គឹម ពិសិដ្ឋ អធិការរងស្ដីទីប៉ូលិសស្រុករតនមណ្ឌលប្រាប់កោះសន្ដិភាពថា ១-ឈ្មោះនាក់ គឹមហាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបឹងអំពិលត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលនាងកំពុងដាំដំណាំ ក្នុងចំការនៅចំណុចគ្រឹះខ្លុង ភូមិ-ឃុំកើតហេតុខាងលើ, ២-ឈ្មោះ ទិត សីហា ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) និង ៣-ឈ្មោះរិន រ៉ាស្រីនិច ភេទស្រី អាយុ១៤ ឆ្នាំ(របួសធ្ងន់)ទាំងពីរនាក់នេះរស់នៅ ភូមិបឹងអំពិល ហើយពួកគេត្រូវរន្ទះបាញ់ ខណៈពេលកំពុងដើរដេញគោត្រឡប់មកផ្ទះ។ រីឯគោចំនួន ២ក្បាល ដែលងាប់ដែរនោះជារបស់ឈ្មោះប៉ែន ភឿន ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ហើយគោនេះត្រូវបានម្ចាស់ចងនៅក្នុងក្រោលក្បែរផ្ទះ ។ លោកអធិការរងដដែលបានបញ្ជាក់ថា នៅក្នុង ហេតុការណ៍គ្រោះធម្មជាតិនៅថ្ងៃទី២ មិថុនា នោះ ក្នុងពេលតែមួយរន្ទះបានបាញ់២ដងផ្ទួនៗគ្នាបណ្ដាលឱ្យ ត្រូវមនុស្សស្លាប់ និងគោងាប់ជាបន្ដបន្ទាប់ ។
គួរកត់សំគាល់ដែរថា ចាប់តាំងពីពាក់កណ្ដាលខែមីនា រហូតមកដល់ដើមខែ មិថុនា ឆ្នាំ២០០៧នេះ មាន ភ្លៀងធ្លាក់ និងខ្យល់ព្យុះព្រមទាំងមានរន្ទះបាញ់ស្លាប់មនុស្សជាង១០នាក់ និងរបួសមួយចំនួនតូច ងាប់គោ-ក្របីជាច្រើនក្បាល ព្រមទាំងបង្កឱ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋមិនតិចជាង៥០០ខ្នងទេ នៅក្នុង ខេត្ដបាត់ដំបង ទាំងមូល ក្នុងនោះក៏មានសាលារៀន និងអគារផ្សេងៗមួយចំនួនទៀត នេះបើតាមសេចក្ដី រាយការណ៍ពីតាមស្រុកនានាក្នុងខេត្ដបាត់ដំបងនាពេលកន្លងមក ។
Labels: បរិស្ថាន, សណ្ដាប់ធ្នាប់