ឆក់ខ្សែ.កជិះម៉ូតូរត់បុកគេដួលប្រកាច់២នាក់ជាប់ខ្នោះដៃលើគ្រែពេទ្យ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ចំនួន២នាក់ដែលធ្វើសកម្មភាពឆក់ខ្សែ.ក និងទូរស័ព្ទពីអ្នក ដំណើរបានសំរេច បានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្ដែបានចំងាយប្រមាណ១០០ម៉ែត្រ ក៏ជ្រុលទៅបុកអ្នក ដើរបណ្ដាលឱ្យដួលខ្លួនឯងបែកមុខ បាក់ធ្មេញ និងត្រូវចាប់ខ្លួនវាយខ្នោះជាប់គ្រែដេកនៅពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យពហុព្យាបាលចន្ទ្រា។ នៅក្នុងហេតុការណ៍នេះបណ្ដាលឱ្យអ្នកដំណើរម្នាក់បាក់ភ្លៅម្ខាង ប៉ុន្ដែ គេពុំបានស្គាល់អត្ដសញ្ញាណឡើយ ។
ហេតុការណ៍ឆក់ខ្សែ.កនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៥០នាទីល្ងាចថ្ងៃទី១ មិថុនា នៅមុខ ផ្ទះលេខ19H ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ឯជនសង្ស័យដែលត្រូវចាប់ខ្លួន ម្នាក់ឈ្មោះចាន់ ធា ភេប្រុស អាយុ២២ឆ្នាំ ជាជាងសំណង់ មានទីលំនៅផ្ទះលេខ១០៧០ ផ្លូវចោមចៅ ភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀត ឈ្មោះហុង ឧស្សាហ៍ ភេទប្រុស អាយុ១៨ឆ្នាំ ជាជាង សំណង់ដែរ មានទីលំនៅភូមិសុខសាន្ដ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ជនទាំងពីរនាក់បានរង របួសបែកមុខ បាក់ធ្មេញ និង រលាត់ដៃជើង ហើយត្រូវសមត្ថកិច្ចបញ្ជូន ទៅព្យាបាលនៅមន្ទីរពហុព្យាបាល ចន្ទ្រា ដោយដៃដាក់ខ្នោះជាប់គ្រែព្រោះខ្លាចរត់ ។
មន្ដ្រីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា ជនជាប់ចោទទាំង២នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូហុងដា C125 ស៊េរី២០០៧ មួយគ្រឿង ឆក់យកខ្សែ.កប្លាទីន ទម្ងន់៣ជី និងទូរស័ព្ទដៃពីស្ដ្រីម្នាក់ឈ្មោះកែ សុភា អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានសំរេចហើយក៏ជិះគេចខ្លួន តែបានជ្រុល ទៅបុកអ្នកដើរ បណ្ដាលឱ្យដួលម៉ូតូ ។ មន្ដ្រីប៉ូលិសដដែលបន្ដទៀតថា នៅមុនពេលកើតហេតុស្ដ្រីឈ្មោះ កែ សុធា ព្រមទាំងចៅតូចៗចំនួន២នាក់បានជិះម៉ូតូឌុប ធ្វើដំណើរពីសង្កាត់ទឹកថ្លាក្នុងគោលបំណង ទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវលេខ២៧១ មកពីទិសខាងជើង ។ នៅពេលធ្វើដំណើរមកដល់ចំណុចខាងលើ ជនជាប់ចោទទាំងពីរនាក់ដោយឈ្មោះចាន់ ធា ជាអ្នកបើកម៉ូតូ បានមកក្បែរហើយជនម្នាក់ឈ្មោះ ហុង ឧស្សាហ៍ បានឆក់យកខ្សែ.កប្លាទីទំងន់៣ជី និងទូរស័ព្ទម៉ាកណូគៀ ពីស្ដ្រីរងគ្រោះបានសំរេច ។
នៅក្នុងសកម្មភាពនេះបណ្ដាលឱ្យម៉ូតូឌុប និងម៉ូតូជនជាប់ចោទដួលបោកទៅលើថ្នល់ ហើយជនជាប់ចោទ ទាំងពីរនាក់បានលើកម៉ូតូរបស់ខ្លួនជិះត្រឡប់ទៅទិសខាងជើងវិញ ប៉ុន្ដែដោយព្រះពុំជួយក៏ជ្រុលទៅបុក បុរសម្នាក់កំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យដួលខ្លួនឯងបែកមុខ បាក់ធ្មេញសន្លប់លើទ្រូងផ្លូវ ។ ចំណែកបុរស ដែលឆ្លងផ្លូវបានរងរបួសបាក់ភ្លៅម្ខាង ប៉ុន្ដែពុំត្រូវបានគេស្គាល់អត្ដសញ្ញាណឡើយ ។ ភ្លាមៗនោះប៉ូលិស ខណ្ឌទួលគោកចុះទៅដល់កន្លែងកើតហេតុ ហើយដោយសារតែជនជាប់ចោទមានរបួសធ្ងន់ធ្ងរ ក៏បញ្ជូន ទៅកាន់មន្ទីរពេទ្យពហុព្យាបាលចន្ទ្រា រួចបន្ទាប់ពីដឹងខ្លួនក៏បានដាក់ខ្នោះដៃជាប់គ្រែដើម្បីកុំឱ្យរត់។ ទោះជា យ៉ាងណាខ្សែ.កនិងទូរស័ព្ទបានបាត់នៅពេលដួលម៉ូតូ ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply