យានដ្ឋាន សៀង ហៃ ប្រើមនុស្សមិនទាន់គ្រប់អាយុ..ឡានសង្កត់ស្លាប់
ខេត្ដសៀមរាប ៖ ក្មេងប្រុសម្នាក់ត្រូវរថយន្ដសង្កត់ខ្ទេចក្បាល ប្រកាច់ស្លាប់នៅនឹងកន្លែង ខណៈពេល កំពុងចូលក្រោមរថយន្ដដើម្បីធ្វើការជួសជុល ។ ហេតុការណ៍គ្រោះថ្នាក់ដែលគួរឱ្យអាសូរនេះ បានកើត ឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ ឧសភា នៅក្នុងយានដ្ឋានជួសជុលរថយន្ដមួយ យីហោ សៀងហៃ ដែលស្ថិតនៅក្នុងក្រុមទី៧ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ។
លោកឆឹង សុភា នាយប៉ុសិ៍្ដរដ្ឋបាលឃុំស្វាយដង្គុំ បានប្រាប់កោះសន្ដិភាពថា ជនរងគ្រោះមានឈ្មោះវី ឆវ័ន្ដ ហៅតួ អាយុ១៥ឆ្នាំ ជាកម្មករជួសជុលរថយន្ដមានស្រុកកំណើត នៅភូមិរូតចំប៉ី ឃុំអូរស្មាច់ ស្រុកសំរោង ខេត្ដឧត្ដរមានជ័យ ។ លោកបន្ដថា ក្មេងប្រុសរងគ្រោះបានចូលទៅក្រោមរថយន្ដកាមរីមួយគ្រឿង ពណ៌ ស្លាបក្អែកដែលគេយកមកជួសជុល តែជាអកុសលដូយស្ទូចរថយន្ដបានភ្លាត់ បណ្ដាលឱ្យធ្លាក់រថយន្ដសង្កត់ ពីលើពេញទំហឹងបែកក្បាលខ្ទេច ប្រកាច់ស្លាប់នៅនឹងកន្លែង ។ តាមបច្ចេកទេសមេជាង គួរមើលការ ខុសត្រូវ ព្រោះរថយន្ដដែលដូយគេត្រូវតែដាក់កង់ឡានមួយសំរាប់កល់ និងសំរាប់ការពារការក្រឡាច់ ។ ក្រោយពេលចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ មន្ដ្រីប៉ូលិសបាននិយាយថា ជារឿងឆ្វេសប្រហែសរបស់ ម្ចាស់យានដ្ឋានខាងលើ ។
មន្ដ្រីអង្គការលីកាដូបានប្រាប់កោះសន្ដិភាពថា វាជាការខុសច្បាប់មួយចំពោះការប្រើក្មេង ដែលមិនទាន់ គ្រប់អាយុឱ្យធ្វើពលកម្មដូចនេះ ។ មន្ដ្រីរូបនោះបានពោលថា “នេះជាគំរូអាក្រក់នៃពលកម្មកុមារ” បើទោះ បីការងារនេះធ្ងន់ ឬស្រាលយ៉ាងណាក៏ដោយ ម្ចាស់យានដ្ឋានត្រូវតែការពារសុវត្ថិភាពជូនកុមារក្នុងករណី បង្កឱ្យមានគ្រោះថ្នាក់ស្រាល ឬធ្ងន់ ឬរហូតដល់បាត់បង់ជីវិតនោះ គឺម្ចាស់យានដ្ឋានត្រូវតែទទួលខុសត្រូវ។
មន្ដ្រីអង្គការលីកាដូដដែលបានធ្វើការអំពាវនាវឱ្យខាងសមត្ថកិច្ចមេត្ដាជួយធ្វើការ សំរបសំរួល និងដោះ ស្រាយរឿងនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់យុត្ដិធម៌ជូនកុមារដែលជាជនរងគ្រោះ ។ ប្រភពព័ត៌មានចុង ក្រោយបានឱ្យដឹងថា សពក្មេងប្រុសរងគ្រោះត្រូវបានប៉ូលិសធ្វើកំណត់ហេតុ រួចប្រគល់ជូនអាណាព្យាបាល និងដឹកតាមរថយន្ដនីស្សាន់ទៅកាន់ស្រុកកំណើតដើម្បីចាត់ចែងធ្វើបុណ្យតាមទំនៀមទំលាប់។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply