សមាសភាពប្រដាល់នៅលើសង្វៀនស៊ីធីអិន
រាជធានីភ្នំពេញ ៖ នៅលើសង្វៀនប៉ុស្ដិ៍ CTN នារសៀលថ្ងៃអាទិត្យ ទី៣ មិថុនាខាងមុខនេះ គឺជា ការចាប់ផ្ដើមប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណ ដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់ស្រាសាច់ដុំពិសេស ប្រភេទ ទម្ងន់៦០គីឡូក្រាម និងទម្ងន់៦៣,៥០គីឡូក្រាម ។ ឡៅ ស៊ីណាត ក្លឹបកងពលតូចឆត្រយោង ៩១១ ត្រូវប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ជាមួយនួន មុន្នី ក្លឹបកងទ័ពជើងគោក រីឯ កែវ ប៊ុនហេង ក្លឹបសិង្ហកីឡា ត្រូវប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមជាមួយ វង្ស ស៊ីធាន ក្លឹបកងពលតូច លេខ៧០។
ចំពោះស៊ីណាត និងមុន្នី គឺជាជើងខ្លាំងដូចគ្នា តែពួកគេនៅមិនទាន់បានជួបប្រកួតគ្នាម្ដងនៅឡើយទេ ក្នុងរយៈពេលកន្លងមក ។ ស៊ីណាត ទោះបីជាអ្នកប្រដាល់ស៊េរីក្រោយក្ដី ប៉ុន្ដែគេសាងកេរិ៍្ដឈ្មោះ នៅលើសង្វៀនប្រដាល់បានល្អ ដោយឆ្លងកាត់ការប្រកួតចំនួន២៥លើក ចាញ់តែ១លើកប៉ុណ្ណោះ គឺចាញ់ សារឹម វ៉ាន់ថន សមាគមកីឡាកងយោធពលខេមរភូមិន្ទនៅក្នុងការប្រកួតដណ្ដើមរង្វាន់ម៉ូតូ Spider កាលពី ពេលកន្លងទៅថ្មីៗនេះ ហើយការចាញ់នោះទៀតសោត ក៏មិនបានធ្វើឱ្យស៊ីណាតអស់ចិត្ដដែរ ព្រោះមជ្ឈដ្ឋាន អ្នកទស្សនាស្ទើរតែ៩០% ស្រែកថា អយុត្ដិធម៌ ។ រីឯមុន្នីវិញ ក៏មិនធម្មតាដែរ មួយរយៈចុងក្រោយ នេះគេមានការរីកចំរើនខ្លាំង ហើយក៏ធ្លាប់បានធ្វើជាម្ចាស់ម៉ូតូ Spider ផងដែរ និងចុងក្រោយបានក្លាយ ជាម្ចាស់ប្រាក់លានថែមទៀត ដោយបានផ្ដួលជ័យ រ៉ាក់ធន់ ក្លឹបឃ្លាំងមឿងឱ្យសន្លប់នៅក្នុងទឹកទី៤ ។ ប៉ុន្ដែមុន្នីខ្លាំងក្នុងចំណោមអ្នកខ្សោយនៅឡើយទេ ពេលនេះគេត្រូវជួបអ្នកខ្លាំង (ស៊ីណាត) ចាំមើល គេអាចស្ទុះរួចឬអត់? មជ្ឈដ្ឋានអ្នកទស្សនាមានជំនឿចិត្ដលើស៊ីណាតជាងមុន្នី ។
ចំពោះប្រភេទទម្ងន់៦៣,៥គីឡូក្រាម រវាងកែវ ប៊ុនហេង ជាមួយវង្ស ស៊ីធាន មជ្ឈដ្ឋានអ្នកភ្នាល់លុយ ក្រៅសង្វៀនប្រាកដជាចាប់យកខាងប៊ុនហេងមិនខានឡើយ ព្រោះអ្នកប្រដាល់រូបនេះ មានបច្ចេកទេស ប្រយុទ្ធល្អ និងមិនងាយទន់ជ្រាយផ្ដេសផ្ដាសទៀតផង។ រីឯស៊ីធានវិញក៏មិនអន់ពេកនោះដែរ តែការ មកប៉ះជាមួយប៊ុនហេង គឺពិបាកនឹងសង្ឃឹមណាស់ ។
ក្រៅពីគូប្រកួតដណ្ដើមខ្សែក្រវាត់ក៏នៅមានគូប្រកួតមិត្ដភាពដែលរួមមាននួន វិចិត្រ មកពីក្លឹបតាព្រហ្ម មានជ័យ ត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមជាមួយស៊ុំ ផានិត ក្លឹបកុមារកំព្រា ។ ទោះជាអ្នកទាំង២ នេះមានទម្ងន់ស្មើគ្នាពិតមែន តែវិចិត្រជារាមច្បង ហើយមានបច្ចេកទេសល្អជាង ដូច្នេះផានិត ពិតជា វេទនាដោយសារវិចិត្រមិនខាន ។
គួន ប៊ុនហ៊ីម ក្លឹបពន្លឺសាមគ្គីខេត្ដបាត់ដំបង ត្រូវធ្វើការប្រកួតក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម ជាមួយ នួន លិក្ខុ ក្លឹបកងទ័ពជើងគោក ។ លិក្ខុ ត្រូវបានគេស្គាល់ច្រើន ព្រោះគេធ្លាប់បានឡើងសង្វៀនញឹកញាប់ គ្រាន់បើ ហើយក្បាច់គុនរបស់គេក៏មិនធម្មតាដែរ ចំណែកប៊ុនហ៊ីមពុំសូវមានអ្នកស្គាល់ទេ ព្រោះគេមកពី ឆ្ងាយ (បាត់ដំបង) ដូច្នេះមិនដឹងថា ក្បាច់គុនរបស់គេល្អឬអន់បែបណានោះទេ មានតែរង់ចាំដល់ថ្ងៃប្រកួត ទើបដឹងការពិត ។
សេរី រតនា ក្លឹបឃ្លាំងមឿងត្រូវប្រកួត ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមជាមួយសម ចន្ថា ក្លឹបឫទ្ធិស័ក្ដិ កីឡា។ ឯម សំណាង ក្លឹបគ្រុឌមានជ័យត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមជាមួយវង្ស សុខពិសី ក្លឹបបុរី នាគរាជ។ សំរាប់២គូចុងក្រោយនេះសុទ្ធតែជាអ្នកលេងស្រករក្រោយដូចគ្នា តែពេលខ្លះ ពួកគេ ប្រកួតគ្នាល្អមើលជាងអ្នកលេងស្រករមុនទៅទៀត ។
Labels: កីឡា
for this post
Leave a Reply