ប្រាសាទចៅសាយទេវតាត្រូវបានក្រោកឈរឡើងវិញហើយបុរាណវិទូៈ ថ្មបាយក្រៀមដូចជាឆ្អឹង ថ្មភក់ជាសាច់ ស្បែក និងជាសំលៀកបំពាក់
ខេត្ដសៀមរាប ៖ ក្រោយពេលបោះបង់ចោលរាជធានីអង្គរ និងសង្គ្រាមបង្ហូរឈាមដ៏រ៉ាំរ៉ៃមក គ្រប់ប្រាង្គ ប្រាសាទទាំងអស់ត្រូវបានបោះបង់ចោលរាប់សិបឆ្នាំ ធ្វើឱ្យប្រាសាទជាច្រើនទទួលការគំរាមកំហែងយ៉ាង ខ្លាំងពីធម្មជាតិ និងមនុស្ស និងបានធ្វើឱ្យប្រាសាទទាំងនោះត្រូវបាក់បែក និងដួលរលំគួរឱ្យសោកស្ដាយ ជាពន់ពេក។ បច្ចុប្បន្នសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងចំណែកភ្ញៀវទេសចរក៏បានចូលមកទស្សនាកម្ពុជា កាន់តែច្រើនឡើងៗ ដែលធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីវិស័យនេះ រហូតដល់រាប់ពាន់លានដុល្លារ ក្នុង ១ឆ្នាំៗ។
ការហូរចូលនៃភ្ញៀវទេសចរទាំងនេះ ក៏ដោយសារវត្ដមាននៃប្រាសាទបុរាណទាំងនោះដែរ ជាពិសេស ប្រាសាទអង្គរតូច និងអង្គរធំដែលយើងប្រៀបបានជាមេមាន់ចាស់ ពងចេញជាមាសជាពេជ្រ ហើយនិងធ្វើឱ្យ មនុស្សខ្មែរគ្រប់រូបដឹងពីតំលៃនៃស្នាដៃដែលបុព្វបុរសរបស់ខ្លួនបន្សល់ទុកមក។ ពេលនេះរាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សប្រាសាទ ជាពិសេសបានធ្វើការជួសជុលប្រាសាទដែលមាន សភាពទ្រុឌទ្រោម និងបាក់បែកជាច្រើនឡើងវិញ។ ជាក់ស្ដែងដូចជាប្រាសាទចៅសាយទេវតាដែល មានទីតាំងនៅក្នុងបរិវេណប្រាសាទអង្គរតូច ត្រូវបានជួសជុលរួចហើយប្រហែល៧០ទៅ៨០ភាគរយ។ បើ តាមការឱ្យដឹងពីលោកសូ ឆេង បុរាណវិទូនៃអាជ្ញាធរអប្សរាបានប្រាប់កោះសន្ដិភាពថា ប្រាសាទចៅសាយ ទេវតា ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ក្នុងដើមសតវត្សរ៍ទី១២ តែត្រូវបែកបាក់ ដួលរលំ ស្ទើរទាំងស្រុងនៅសល់តែខឿនប្រាសាទប៉ុណ្ណោះ ។ ប្រាសាទនេះមានកំពែង ព័ទ្ធជុំវិញធ្វើអំពីថ្មបាយ ក្រៀមមានស្ពានលាតសន្ធឹងពីខ្លោងទ្វារខាងកើតមានថ្មគោលពីរជួររហូតដល់មាត់ស្ទឹង ។ ប្រាសាទចៅសាយ ទេវតាមានខ្លោងទ្វារបួនបណ្ណាល័យចំនួន២ និងតួប៉មកណ្ដាលជាប់ជាមួយយ៉ធំរបស់តួប្រាសាទ ។
លោកសូ ឆេង បានបន្ដទៀតថា ការចាប់ផ្ដើមជួសជុលប្រាសាទនេះ គឺនៅខែមីនា ឆ្នាំ២០០០ ដែលគ្រោង ចំណាយអស់ទឹកប្រាក់ចំនួន១៥លានយាន់ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ។ ការជួសជុល នេះ គឺធ្វើឡើងតាមលំដាប់លំដោយត្រឹមត្រូវបំផុត តាមរចនាប័ទ្មដើមរបស់ប្រាសាទទាំងស្រុង ដោយ ដំណាក់កាលដំបូងប្រមូលថ្មដើមមកបង់លេខរួចតំរៀបឡើងវិញ ដើម្បីសាកល្បង បន្ទាប់មកជីកគ្រឹះរបស់ ប្រាសាទដើម្បីរៀបឡើងវិញទាំងអស់។ ប្រាសាទនេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម ដោយលោកបានប្រៀប ធៀបថា ថ្មបាយក្រៀមដូចជាឆ្អឹងរបស់ប្រាសាទ ចំណែកថ្មភក់ដូចជាសាច់ ជាស្បែក និងសំលៀក បំពាក់សំរាប់លំអប្រាសាទ ។ លោកបុរាណវិទូរូបនេះបានបន្ដថា ឱ្យតែប្រាសាទធ្វើពីថ្មភក់ គឺអាច រៀបវិញបានទាំងអស់ ទោះបីជាបាក់បែកយ៉ាងណាក៏ដោយ ដូចនេះសូមបងប្អូនជនរួមជាតិជួយថែរក្សា ដុំថ្មប្រាសាទដែលបាក់បែកជាច្រើនផ្សេងៗទៀតផង រង់ចាំដល់ថ្ងៃណារដ្ឋាភិបាលយើងមានលុយគ្រប់គ្រាន់ យើងនឹងធ្វើការជួសជុលឡើងវិញ ។
ភ្ញៀវទេសចរម្នាក់បានបង្ហាញពីអារម្មណ៍របស់គាត់ប្រាប់កោះសន្ដិភាពថា គាត់មានអារម្មណ៍សប្បាយរកអ្វី មកប្រៀបផ្ទឹមពុំបានទេ នៅពេលដែលបានមកឃើញប្រាសាទចៅសាយទេវតានេះ ងើបឈរឡើងវិញជាថ្មី ម្ដងទៀត ហើយវាស្ទើរតែមិនគួរឱ្យជឿទេ សំរាប់ប្រាសាទដែលដួលរប៉ាត់រប៉ាយនៅសល់តែគ្រឹះ តែធ្វើ បានវិញដូចពេលនេះ គឺវាអស្ចារ្យសំបើមណាស់ ។ លោកអ៊ុង អឿន អភិបាលរងខេត្ដសៀមរាប ធ្លាប់ បានអំពាវនាវដល់ជនរួមជាតិថា សូមឱ្យជួយថែរក្សាប្រាសាទរបស់យើង ទោះបីជាបាក់បែកដួលរលំក្ដី នៅ ល្អក្ដីកុំនាំគ្នារំលោភយកដីទួលប្រាសាទ ឬរកស៊ីក្បាលអ្នកតា ព្រោះរបស់ទាំងនេះវាជាតំលៃនៃវប្បធម៌ ជាព្រលឹងជាតិ ជាមេមាន់ពងចេញមាស ចេញពេជ្រ ដូចនេះសូមកុំឱ្យអ្វីៗដែលបាត់នៅស្រុកយើង ទៅ ឃើញនៅប្រទេសគេឱ្យសោះ ។
មន្ដ្រីអាជ្ញាធរអប្សរាបានឱ្យកោះសន្ដិភាពដឹងថា រាជរដ្ឋាភិបាលមានគំរោងធ្វើការជួសជុលប្រាសាទ ជាច្រើន ទៀតដើម្បីទាក់ទាញភ្ញៀវទេសចរដែលគេមកទស្សនានៅស្រុកយើង និងបង្ហាញពីភាពដ៏អស្ចារ្យរបស់ បុព្វបុរសយើងដែលបានកសាងប្រាសាទតាំងពីពិភពលោក ពុំទាន់មានការរីកចំរើន ដែលនេះគឺជា មោទនភាពមួយសំរាប់កូនចៅជំនាន់ក្រោយ ។
Labels: ប្រវត្ដិសាស្ដ្រ, វប្បធម៌, សាសនា
for this post
Leave a Reply