លួចមាន់លក់បានលុយតិច លួចម៉ូតូម្ដងក្រែងបានច្រើនជាង..ត្រូវជាប់ជុច
ខេត្ដកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកច្បារមន ចាប់ខ្លួន នៅរសៀលថ្ងៃទី២៩ ឧសភា នៅចំណុចភូមិព្រៃបេង ឃុំច្បារមន ស្រុកច្បារមន ពីបទលួចមាន់ និងម៉ូតូនៅក្នុងកសិដ្ឋានមួយស្ថិតក្នុងភូមិតាម៉ុល ឃុំច្បារមន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ឧសភា ។
ទាក់ទិននឹងករណីលួចមាន់និងម៉ូតូនៅក្នុងកសិដ្ឋាននោះ មន្ដ្រីប៉ូលិសស្រុកច្បារមនឱ្យដឹងថា ជនសង្ស័យ មានគ្នាចំនួន៤នាក់ បានចូលលួចមាន់ ព្រមទាំងម៉ូតូធុនសេ១០០កូរ៉េ បានមួយគ្រឿង កាលពីយប់ខាងលើ តែជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ បានត្រូវចាប់ខ្លួនក្រោយពីសមត្ថកិច្ចប៉ូលិសស្រុក និង ខេត្ដចុះ ស្រាវជ្រាវនិងធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ។ ជនដែលចាប់ខ្លួនបាននេះ ឈ្មោះស៊ុន សុខេម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃបេង ស្រុកច្បារមន ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិសជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួក៣នាក់ទៀត ដែលមានឈ្មោះ ឃឿន ឈ្មោះ ធឿន នៅភូមិព្រៃបេងជាមួយគ្នា និងឈ្មោះញ៉ាញ់ នៅភូមិផ្គង់ ឃុំច្បារមន បានទៅផឹកស៊ី នៅក្បាលស្ពានប្រឡាយខាងត្បូងរោងមាន់ ដែលមានទីតាំងនៅក្បែរព្រលានយន្ដហោះចាស់ ខាងលិច ទីបញ្ជាការយោធភូមិភាគ៣។ ការផឹកស៊ីនោះរហូតទល់យប់ ទើបនាំគ្នាចូលទៅរោងចិញ្ចឹមមាន់ ដែល ពួកខ្លួនបានគ្រោងទុកជាមុន ដើម្បីលួចមាន់យកទៅលក់ ។ នៅពេលទៅដល់ឃើញគេដេកស្ងាត់ក៏នឹកថា ចាប់មាន់ប្រើពេលយូរហើយលក់បានលុយតិច ទើបនាំគ្នាប្ដូរគំនិតកាច់សោម៉ូតូដែលម្ចាស់កំពុងដេកយ៉ាង ស្កប់ស្កល់ក្បែរនោះ ក៏នាំគ្នាសែងចេញក្រៅរោងមាន់បានដោយសុវត្ថិភាព គឺមិនហ៊ានអូសទេ ព្រោះខ្លាច ម្ចាស់ម៉ូតូភ្ញាក់ទាន់ ។ មន្ដ្រីប៉ូលិសដដែលឱ្យដឹងទៀតថា ក្រោយពីអូសម៉ូតូឈ្មោះធឿន ឈ្មោះឃឿន និង ញ៉ាញ់ បានជិះចេញទាំងយប់យកទៅលក់នៅឯភ្នំពេញបាត់ ដោយពុំទាន់ត្រឡប់យកលុយមកចែកគ្នាផង ខ្លួនក៏ត្រូវប៉ូលិសចាប់បាន ឯ៣នាក់នោះពុំដឹងជាគេចទៅទីណាទេ។ ឈ្មោះ ស៊ុន សុខេម ត្រូវបានបញ្ជូន ទៅតុលាការ ហើយសមត្ថកិច្ចប៉ូលិសកំពុងបន្ដស្វែងរកចាប់ខ្លួនជនទាំង៣នាក់ ដែលគេចបាត់នោះជាបន្ដ ព្រោះស្គាល់អត្ដសញ្ញាណហើយ ។
Labels: សន្តិសុខ
for this post
Leave a Reply