កីឡាករ ជឹម ដារ៉ា វ៉ៃសងសឹក និង ដណ្ដើមប្រាក់លានជាមួយ សង សារិទ្ធ ខណៈ ស៊ីថា សារ៉ាន់ ជួប ប៉ូ វ៉ាន់សក្ដិ និង ចេង ឬទ្ធី ជួប សារឹម ស៊ីថា នៅ
រាជធានីភ្នំពេញ ៖ ក្នុងចំណោមអ្នកប្រដាល់ចំនួន៧គូ ដែលត្រូវធ្វើការប្រកួតនៅសង្វៀនប៉ុសិ៍្ដ CTN នារសៀលថ្ងៃសៅរ៍ ទី២ មិថុនា ខាងមុខនេះ មាន១គូតំរូវឱ្យប្រកួតដណ្ដើមប្រាក់លានដែល ឧបត្ថម្ភដោយក្រុមហ៊ុនស្រាផែនដី និងជាការប្រកួតសងសឹកផងដែរ។ នេះមិនមែនទើបតែលើកទី១ទេ ដែលក្រុមហ៊ុនខាងលើបានបង្កើតឱ្យមានព្រឹត្ដិការណ៍ពិសេសបែបនេះ ហើយគូដែលមានសំណាងបានប្រកួត ដណ្ដើមប្រាក់់លាននោះ តំរូវទៅលើសង សារិទ្ធ នៃក្លឹបអេភូថងទន្លេបាសាក់ ត្រូវជួបប្រកួតក្នុង ប្រភេទទំងន់៥៧គីឡូក្រាមជាមួយជឹម ដារ៉ា ក្លឹបសិង្ហកីឡា ។
ការជួបគ្នារវាងសារិទ្ធ និងដារ៉ា នាពេលនេះ មិនត្រឹមតែដើម្បីសងសឹកប៉ុណ្ណោះទេ តែក៏ដើម្បីដណ្ដើម ប្រាក់លានពីស្រាផែនដីទៀតផង ។ កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅនេះ អ្នកទាំង២បានជួបប្រកួតគ្នា ម្ដងរួចមកហើយ ដោយសារិទ្ធជាអ្នកឈ្នះពិន្ទុ ប៉ុន្ដែក៏ត្រូវបានដារ៉ា វាយរហូតអាជ្ញាកណ្ដាលរាប់ដល់៨នៅ ក្នុងទឹកទី៣ផងដែរ។ ការប្រកួតគ្នារវាងអ្នកទាំង២នៅថ្ងៃនោះ (១៩ ឧសភា) បង្កើតឱ្យមានការជក់ចិត្ដ ខ្លាំងណាស់ ហេតុនេះហើយទើបក្រុមហ៊ុនស្រាផែនដីផ្ដល់ឱកាសឱ្យពួកគេធ្វើការប្រកួតម្ដងទៀត ដើម្បី ជាការសងសឹកផង និងដណ្ដើមប្រាក់លានផង។ ចាំមើលមើល៍ តើនរណាបានធ្វើជាម្ចាស់លើទឹកប្រាក់ ១លានរៀលនោះ ។
ចំពោះគូប្រកួតជាលក្ខណៈមិត្ដភាពធម្មតា ចេង រិទ្ធី ក្លឹបសាលវ័ន្ដកីឡា ត្រូវប្រកួតក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម ជាមួយ សារឹម ស៊ីថា មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទ ។ ប្រកួតចុងក្រោយ រិទ្ធីចាញ់ពិន្ទុ អេ សុវត្ថិឌី អ្នកប្រដាល់មកពីក្លឹបអេភូថងទន្លេបាសាក់ រីឯការប្រកួតចុងក្រោយរបស់ ស៊ីថាវិញ គឺស្មើពិន្ទុជាមួយនួន វិិចិត្រ អ្នកប្រដាល់នៃក្លឹបតាព្រហ្មមានជ័យ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ឧសភា កន្លងទៅ រិទ្ធី និង ស៊ីថា ធ្លាប់បានជួបប្រកួតជាមួយគ្នាម្ដងរួចមកហើយ ដោយពេលនោះ រិទ្ធី ជាអ្នកឈ្នះពិន្ទុ ដូច្នេះលើកនេះក៏ជាឱកាសសំរាប់ស៊ីថា សងសឹកផងដែរ ប៉ុន្ដែមិនទាន់ដឹងថា បានសំរេច ឬយ៉ាងណានោះទេ ។
ស៊ីថា សារ៉ាន់ នៃក្លឹបស៊ីម៉ាក់ ត្រូវប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រាមជាមួយ ប៉ូ វ៉ាន់ស័ក្ដិ មកពី សមាគមកីឡាកងយោធពលខេមរភូមិន្ទ ។ សារ៉ាន់ មានជំនាញប្រើកណ្ដាប់ដៃ ព្រោះគេធ្លាប់ជាអ្នក ប្រដាល់សាកល ក្រៅពីនេះ មិនមានអ្វីគួរឱ្យអស្ចារ្យនោះទេ ប៉ុន្ដែអ្នកប្រដាល់រូបនេះក៏មានភាពរហ័សរហួន និងមានចលនាបំលាស់ទីល្អផងដែរ ។ រីឯវ៉ាន់ស័ក្ដិវិញ ក៏មិនធម្មតាដែរ ក្រៅពីស្នៀតទាត់ និងកណ្ដាប់ដៃ គេអាចប្រើស្នៀតកែង ហើយមានលក្ខណៈសាហាវទៀតផង ប៉ុន្ដែអ្នកប្រដាល់រូបនេះបានបាត់មុខពីលើ សង្វៀនប្រដាល់ជាយូរមកហើយមិនដឹងថា ក្បាច់គុនរបស់គេមានការផ្លាស់ប្ដូរប្រែប្រួលយ៉ាងណានោះទេ។ វ៉ាន់ស័ក្ដិ ធ្លាប់ជាជើងខ្លាំង១រូប ដែលសមត្ថភាពប្រហែលសារ៉ាន់ មិនអាចប្រៀបធៀបបានទេ ប៉ុន្ដែ អាស្រ័យដោយការខានឡើងប្រកួតយូរ មិនត្រូវមើលស្រាលសារ៉ាន់នោះដែរ ដូច្នេះមានតែរង់ចាំដល់ថ្ងៃ ប្រកួតនឹងដឹងការពិតហើយ ។
ណែម ចិន្ដា អ្នកប្រដាល់ក្លឹបបាក់ខែងត្រូវប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រាម ជាមួយញាណ វណ្ណៈ មកពី ក្លឹបកងពលតូចលេខ៤៣ ។ អ្នកទាំង២ មិនសូវបានបង្ហាញមុខនៅលើសង្វៀនញឹកញាប់ប៉ុន្មានទេ ទោះជា យ៉ាងណា វណ្ណៈអាចមានសង្ឃឹមច្រើនក្នុងការដណ្ដើមជ័យជំនះ ។ ចំណែកព្រំ ស៊ីថុល មកពីក្លឹបឃ្លាំងមឿង ត្រូវប្រកួតក្នុងប្រភេទទំងន់៦០គីឡូក្រាមជាមួយណាំ នឿន ក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ។
ចំពោះគូប្រកួតជាលក្ខណៈសាកលវិញ ឈួន សុភី មកពីក្លឹបពន្លឺខេមរា ត្រូវប្រកួតក្នុងប្រភេទទំងន់ ៦០គីឡូក្រាម ជាមួយចាន់ សុខហួន ក្លឹបខេមបុក្ស ។ រីឯណុប សូដា មកពីសមាគមកីឡា កង យោធពលខេមរភូមិន្ទ ត្រូវប្រកួតក្នុងប្រភេទទំងន់៥៤គីឡូក្រាម ជាមួយសូ សុផាត ក្លឹបតាឡីដំរីព្រេច។
Labels: កីឡា
for this post
Leave a Reply