ឃាតកតាមប្រមាញ់ជីវិតប្ដី-ប្រពន្ធខណៈនាំកូនលាក់ខ្លួននៅប៉ោយប៉ែត
ខេត្ដបន្ទាយមានជ័យ ៖ ស្នូរផ្ទុះអាវុធគួរឱ្យភ្ញាក់ផ្អើលប្រមាណ៧គ្រាប់ បានបន្លឺឡើងហែកពេលរាត្រី វេលា ម៉ោង៩ និង៣០ នាទីថ្ងៃទី២៩ ឧសភា នៅក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ចំណុចអតីត ទំនប់ “ក៥” ។ នោះគឺជាការបាញ់ប្រហារមួយ ដែលបានប្រល័យជីវិតស្ដ្រីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្ដីបានរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ តែស្ថានភាពរបួសដ៏ធ្ងន់ធ្ងរនោះ ត្រូវបានគេដឹងថា ពិបាកនឹងជួយសង្គ្រោះជីវិត ព្រោះត្រូវបាញ់ ប្រហារចំកន្លែងសំខាន់២កន្លែង ។
មន្ដ្រីប៉ូលិសបានឱ្យដឹងថា ការបាញ់ប្រហារនោះគឺជាបញ្ហាគំនុំយ៉ាងស្រួចស្រាល់មួយ ដែលគ្មាននរណាស្មាន ដល់នោះឡើយ ព្រោះជាការតាមប្រមាញ់ជីវិតប្ដី-ប្រពន្ធ គឺតាមសម្លាប់ឱ្យខាងតែបាន ។ ហេតុការណ៍ ដែលបានកើតឡើងនេះ អាចចាត់ទុកថា ជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយដែលក្រុមឃាតក តាមផ្ដាច់ ជីវិតដោយគ្មានការលើកលែង ហើយអ្នករងគ្រោះត្រូវគេដឹងថា បានព្យាយាមនាំកូនចៅរត់ភៀសខ្លួនចេញ ពីខេត្ដតាកែវ បន្ទាប់ពីមានការលួចដុតផ្ទះឱ្យឆេះម៉ដ្ឋ ដោយក្រុមអ្នកតាមព្យាបាទអាយុជីវិតនោះ គេបានដឹង ថា ក្រុមគ្រួសារអ្នករងគ្រោះបានរត់ទៅលាក់ខ្លួននៅខេត្ដកំពង់ចាម តែដោយនៅមិនសុខក៏រត់មកភ្នំពេញ ហើយដោយកាន់តែក្ដៅរោលរាល ក៏រត់ទៅប៉ោយប៉ែត លាក់ខ្លួនក្នុងខ្ទមតូចមួយលើអតីតទំនប់ក៥ ។ ថ្វីបើ បែបនេះក្ដី ក៏នៅតែក្រុមឃាតកមិនទុកឱ្យបានសេចក្ដីសុខ ដែលទីបំផុតបានចូលបាញ់ប្រហារមិនញញើត ដៃលើប្ដី-ប្រពន្ធ បង្កើតឱ្យមានសោកនាដកម្មគួរឱ្យភ្ញាក់ផ្អើលទាំងយប់នៅតំបន់ប៉ោយប៉ែត ។
សេចក្ដីរាយការណ៍ពីប៉ោយប៉ែត
ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បានប្រល័យជីវិតស្ដ្រីម្នាក់ និងរបួសធ្ងន់បុរសម្នាក់ ដោយការបាញ់ប្រហារពីជន មិនស្គាល់មុខ ។ ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៩ ឧសភា នៅចំណុច៣៥ទំនប់ “ក៥” ក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដបន្ទាយមាន ជ័យ។ តាមការរៀបរាប់ពីសាក្សី ជាអ្នកឃើញហេតុការណ៍ដ៏ឃោរឃៅនេះ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញស្ដ្រីរងគ្រោះ និងប្ដីរបស់គាត់ជិះម៉ូតូមកពីមើលគេផ្សព្វផ្សាយកម្មវិធីអេដស៍ នៅ កាស៊ីណូផ្កាយ៥។ ពេលមកដល់មុខផ្ទះ ស្រាប់តែមានក្រុមជនដៃដល់៣នាក់ បានមកចាប់អាវស្ដ្រីជាប្រពន្ធ ដែលកំពុងឈរពកូននៅនឹងចង្កេះរួចហើយដកកាំភ្លើងខ្លីបាញ់ទៅលើត្រូវចំនួន៤គ្រាប់ គឺចំក្បាលខាងឆ្វេង ១គ្រាប់ ដើមដៃស្ដាំ១គ្រាប់ កំភួនដៃស្ដាំ១គ្រាប់ និងចន្លោះឆ្អឹងដងកាំបិតខាងស្ដាំ១គ្រាប់ បណ្ដាលឱ្យដួល ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងទិដ្ឋភាពភ័យស្លន់ស្លោ បុរសជាប្ដីបានស្ទុះទៅបាំងគ្រាប់កាំភ្លើង ជំនួស កូនតូចរបស់គាត់ ហើយត្រូវក្រុមជនដៃដល់បាញ់ត្រូវចំនួន៣គ្រាប់បណ្ដាលឱ្យរងរបួសជាទម្ងន់ គឺត្រូវ ក្បាល១គ្រាប់ និងត្រូវក្រោមដើមទ្រូងឆ្វេង២គ្រាប់ (តែខ្លះថាត្រូវ១គ្រាប់)។ ក្រោយពីការផ្ទុះអាវុធ រួចហើយក្រុមជនដៃដល់ទាំងនោះបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
តាមការបំភ្លឺពីសមត្ថកិច្ចប៉ូលិសស្រុកអូរជ្រៅដែលបានចុះទៅស្រាវជ្រាវដល់កន្លែង កើតហេតុបានឱ្យកោះ សន្ដិភាពដឹងថា ស្ដ្រីជាប្រពន្ធដែលត្រូវជនដៃដល់បាញ់សម្លាប់ ឈ្មោះទឹម ផានី អាយុ៤៦ឆ្នាំ ឯប្ដីដែលរង របួសធ្ងន់ឈ្មោះនួន សំបូរ អាយុ៤៧ឆ្នាំ ។
លាក់ខ្លួនពីការតាមប្រមាញ់
បុរសជាប្ដីដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកមង្គលបុរីទាំងយប់។ ទោះបីជាបែបណា មន្ទីរពេទ្យឱ្យដឹងថា បុរសរងគ្រោះជាប្ដីមានស្ថានភាពធ្ងន់ធ្ងរ និងបានបញ្ជូនមកកាន់ខេត្ដបាត់ដំបង តែ មិនមានប្រភពណាមួយបង្ហើបឱ្យដឹងថា បុរសជាប្ដីដែលរងគ្រោះស្ថិតក្នុងការសង្គ្រោះនៅកន្លែងណានោះទេ ព្រោះគេមិនអាចរកឃើញនៅក្នុងមន្ទីរពេទ្យឡើយ ។ តាមគ្រូពេទ្យដែលទទួលពិនិត្យភ្លាមៗ ពេលនាំ មកដល់នោះបាននិយាយថា បុរសរងគ្រោះត្រូវចំក្បាល១គ្រាប់ និងដើមទ្រូងធ្លាយដែលជាចំណុចគ្រោះ ថ្នាក់ដល់ជីវិត ។
សមត្ថកិច្ចប៉ូលិសស្រុកអូរជ្រៅ បានឱ្យដឹងថា តាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ បានរកឃើញសំបក គ្រាប់ចំនួន៤ជាប្រភេទគ្រាប់កាំភ្លើងខ្លីម៉ាក K54 និងគ្រាប់អ៊ែរស្ដាល់ ។ មន្ដ្រីប៉ូលិសដដែលបានឱ្យដឹងថា នេះជាអំពើតាមធ្វើឃាតដោយចេតនាគិតទុកជាមុន មិនមែនជាករណីប្លន់នោះទេ ព្រោះក្រុមជនដៃដល់ ដែលគេដឹងថា មានគ្នា៣នាក់មិនបានយកអ្វីនោះឡើយ ។
សពស្ដ្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្ដីក្ដុកក្ដួល សោកសង្រេងបំផុត ចំណែកឯបុរសជាប្ដី ដែលរងគ្រោះធ្ងន់ធ្ងរសំរាកព្យាបាលនៅមន្ទីរពេទ្យដែលគេលាក់មិនឱ្យដឹងនោះ នៅព្រឹក ថ្ងៃទី៣០ ឧសភា បានត្រឹមទទួលដំណឹងថា មានអាការៈធ្ងន់ធ្ងរអាចនឹងបាត់បង់អាយុជីវិតផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ចំពោះក្រុមជនដៃដល់ទាំង៣នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារ សំលាប់ជីវិតមនុស្សនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវហើយ ។ មន្ដ្រីប៉ូលិសមិនបានឱ្យដឹងថា តើមាន ការសង្ស័យ ឬកំណត់មុខសញ្ញាបែបណា នោះទេ ។
លោកអនុសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានប្រាប់កោះសន្ដិភាព នៅថ្ងៃទី៣០ ឧសភា ផងដែរថា ក្រោយពេលកើតហេតុកម្លាំង សមត្ថកិច្ចគ្រប់ផ្នែកបានទៅដល់ក្រោយ ឃាតកដែលគេចខ្លួន ពេលនោះឃើញស្ដ្រីរងគ្រោះជាប្រពន្ធស្លាប់ ដោយត្រូវឃាតកបាញ់ចំនួន៤គ្រាប់ និងប្ដីដែលរងរបួសធ្ងន់ត្រូវបាញ់ចំក្បាល និងដើមទ្រូង ។ ជនរងគ្រោះជាប្ដី ត្រូវបានទាក់ទងឱ្យ មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅមកសង្គ្រោះបន្ទាន់ និងដឹកទៅកាន់មន្ទីរពេទ្យមង្គលបុរី ហើយក្រោយមក គេបានបញ្ជូនបន្ដទៅកាន់ខេត្ដបាត់ដំបង តែកន្លែង សង្គ្រោះមិនអាចឱ្យដឹងបានទេ ។
លោកអនុសេនីយ៍ឯកម៉ែន ភិរម្យ បានបញ្ជាក់ថា តាមសម្ដីកូនស្រីអ្នករងគ្រោះ ឈ្មោះឆេង ពុំ បានប្រាប់ថា ក្រុមឃាតកមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី៣ដើម ។
ឮថារត់គេចពីមច្ចុរាជ
កូនស្រីអ្នករងគ្រោះបានបញ្ជាក់ថា ការមករស់នៅតំបន់ប៉ោយប៉ែតនេះ គឺគ្រួសាររបស់នាង មិនដែលមាន ទំនាស់ជាមួយអ្នកណាម្នាក់ទេហើយក៏ទើបតែមករស់នៅបានរយៈពេល៣ខែប៉ុណ្ណោះ ។ តាមប្រភពព័ត៌មាន ដែលមិនទាន់ចាត់ទុកថាជាផ្លូវការនៅឡើយបានឱ្យដឹងថា គ្រួសារនេះរស់នៅខេត្ដតាកែវ ហើយកាលពី រយៈពេល១០ខែមុននេះ ត្រូវជនមិនស្គាល់មុខលួចដុតផ្ទះ និងបានគេចខ្លួនទៅរស់នៅឯខេត្ដកំពង់ចាម និងក្រុងភ្នំពេញ រួចទីបំផុតបានមករស់នៅប៉ោយប៉ែត ទើបតែបានរយៈពេល៣ខែ ក៏ត្រូវឃាតក តាមបាញ់ សម្លាប់។ លោកអនុសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ការធ្វើឃាតដោយបាញ់សម្លាប់នេះ គឺជារឿងគំនុំដែល ឃាតកតាមប្រមាញ់ជីវិត ។
មានព័ត៌មានក្រៅផ្លូវការមួយទៀតបានឱ្យដឹងថា អ្នករងគ្រោះ២នាក់ប្ដី-ប្រពន្ធនេះ ត្រូវបានគេតាមសម្លាប់ ព្រោះតែក្មួយស្រីបានទាក់ទងជាមួយលោកឧកញ៉ាម្នាក់ ហើយភរិយាឧកញ៉ានោះដឹង ក៏បានទាមទារឱ្យ បញ្ឈប់ទំនាក់ទំនង ។ ទោះបីជាបែបណា មិនមានការអះអាងឱ្យច្បាស់លាស់បែបណានៅឡើយទេ ព្រោះ ថាបើសិនជាមានរឿងរ៉ាវស្នេហារវាងក្មួយស្រី និងលោកឧកញ៉ារូបណានោះ ហេតុអ្វីក៏មកប៉ះពាល់ប្ដី-ប្រពន្ធ ដែលគ្រាន់តែជាឪពុកមា-ម្ដាយមីងទៅវិញ? ការលេចឮក្រៅផ្លូវការនេះមិនត្រូវបានបង្ហើប ឱ្យដឹងលំអិត បែបណានៅឡើយទេ ហើយមូលហេតុនៃការតាមប្រមាញ់ពិតប្រាកដនោះ ក៏នៅមិនទាន់មានប្រភពផ្លូវការ ណាមួយអះអាងឱ្យដឹងនៅឡើយដែរ ។
ក្រុមគ្រួសាររងគ្រោះនេះមានកូន៥នាក់ដែលកូនច្បងប្រុសអាយុ២១ឆ្នាំ ជាកម្មករនៅផ្សារថៃ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply