ទេវតា ឬទេព្ដាដែលមនុស្សគ្រប់រូបតែងគោរពបូជានិងប្រាថ្នាចង់កើត តាមការពិតទេវតានៅក្នុងចិត្ដរបស់មនុស្សដែលជាអ្នកកំណត់ប៉ុណ្ណោះ
ពុទ្ធសាសនិកអ្នកគោរពប្រណិប័តន៍ចំពោះលទ្ធិព្រះពុទ្ធសាសនា បានលះបង់នូវទ្រព្យសម្បត្ដិផ្ទាល់ខ្លួន ដើម្បី ធ្វើបុណ្យទានសន្សំកុសលប្រាថ្នាជាតិក្រោយឱ្យមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ យសសក្ដិខ្ពង់ខ្ពស់ បានទៅកើត ឋានមនុស្ស ទេវតា និងព្រះនិព្វាន ។ ប៉ុន្ដែបើតាមអ្នកវិទ្យាសាស្ដ្របានអះអាងថា ក្នុងលោកនេះគ្មាន ឋានណាក្រៅពីសង្គមមនុស្សឡើយ ហើយទេវតាដែលមនុស្សតែងគោរព និងប្រាថ្នាចង់ទៅកើតនោះ ក៏គ្មានដែរ តែទេវតាស្ថិតនៅក្នុងចិត្ដរបស់មនុស្សជាអ្នកកំណត់ទៅវិញ ។
ក្នុងគម្ពីរសាសនាបានចែងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ហើយបុណ្យបាបទាំងនេះនឹងហុចឱ្យអ្នក ប្រព្រឹត្ដវិញក្នុងពេលបច្ចុប្បន្នជាតិ ឬអនាគតជាតិ ដោយបានធ្វើការអប់រំទូន្មានមនុស្សដែលជាពុទ្ធបរិស័ទ ខំសាងនូវកុសលផលបុណ្យ ចៀសវាងនូវអំពើបាប អបាយមុខផ្សេងៗ ខ្លាចក្រែងមានកម្មពៀរនៅជាតិ ក្រោយ អាចកើតជាជនទីទ័លក្រ ពិការ ខ្វាក់ខ្វិន ឬចុះទៅកើតឋាននរកអវចីរ គ្មានអាហារបរិភោគ ទទួលទុក្ខទោសរាប់សិបជាតិទំរាំបានមកកើតជាមនុស្សវិញ។ ប៉ុន្ដែបើបុគ្គលណាធ្វើអំពើល្អនោះ កុសលផល បុណ្យ នឹងហុចឱ្យវិញជាមិនខាន ដោយបានទៅកើតជាមនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម និងបានសោយ សម្បត្ដិព្រះទិព្វទៀតផង។ អ្នកដែលធ្វើបុណ្យទានគ្រប់វ័យតែងប្រាថ្នាឱ្យជាតិក្រោយ បានកើតនៅឋាន ទេវតា ឬព្រះនិព្វាន ពីព្រោះឋានទាំងពីរនេះជាឋានផុតទុក្ខ បានសោយសម្បត្ដិទិព្វ លែងព្រួយបារម្ភ ជួបប្រទះនឹងទុក្ខភ័យកើតចាស់ឈឺស្លាប់ទៀតហើយ ។ ក្នុងគម្ពីរទសជាតក តាមរយៈរឿងព្រះវេ ស្សន្ដរជាតក ព្រះវេស្សន្ដរដែលជាតួអង្គព្រះពោធិសត្វបានបំពេញទានបារមីគ្រប់យ៉ាងដល់ជនក្រីក្រ ដូចជា ធនបរិច្ចាគ អង្គបរិច្ចាគ ជីវិត បរិច្ចាគ បុត្របរិច្ចាគ និងភរិយាបរិច្ចាគ ដើម្បីបានត្រាស់ដឹងជាព្រះ សម្មាសម្ពុទ្ធជួយចំលងសត្វលោកឱ្យរួចផុតពីទុក្ខទោសផងទាំងពួង។ ដោយអំណាចនៃការធ្វើទានរបស់ព្រះវេស្សន្ដរ បានធ្វើឱ្យទេវតាព្រះឥន្ទ្រចុះមកជួយអន្ដរាគមន៍ជាបន្ដបន្ទាប់ ហើយពេលព្រះអង្គសោយទិវង្គតទៅជាតិក្រោយបានកើតជាតួអង្គព្រះសិទ្ធត្ថ ឬសិទ្ធាថដោយចេញសាង ផ្នួសត្រាស់ដឹងជាព្រះពុទ្ធបរមគ្រូនៃយើង។ គម្ពីរទសជាតក និងគម្ពីរបញ្ញាសជាតកបាន ឆ្លុះបញ្ចាំងពីតួអង្គ ព្រះពោធិសត្វជាគូនឹងនាងកន្សៃសារពេជ្ញគ្រប់ជាតិ ការសជាតិរបស់តួអង្គឆ្លុះបញ្ចាំងអំពើបុណ្យបាប មនុស្ស សត្វ ទេវតាព្រះឥន្ទ្រ ព្រហ្មមានទំនាក់ទំនងជាមួយមនុស្ស ។ ចំណែកឯទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ដែលជា អ្នកមានបុណ្យបារមី អច្ឆរិយ ត្រូវបានមនុស្សលោកធ្វើការបួងសួង សុំសេចក្ដីសុខសប្បាយរកស៊ីមាន បានគ្រប់ពេលវេលានៅពេលអ្នកស្រុកមានទុក្ខលំបាកម្ដងៗ ហើយគេជឿថា ជីវិតមនុស្សរស់បានអាស្រ័យ លើទេវតាជាអ្នកប្រទាន ជាពិសេសនៅពេលបុណ្យទានម្ដងៗ ដូចជាថ្ងៃបុណ្យចូលឆ្នាំគេតែងតែរៀបចំ រណ្ដាប់ ម្ហូបអាហារ នំចំណី អុជធូបទៀន បួងសួងចំពោះទេវតា ឱ្យជួយថែរក្សា និងប្រទានពរជ័យដល់ពួក គេ។ ទោះបីជាមានការអះអាងថា មានឋានលើ ឋានក្រោម ប្រេតនរក ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មយ៉ាង នេះក្ដី តែក្រុមអ្នកវិទ្យាសាស្ដ្របែរជាបញ្ចេញទស្សនៈផ្ទុះស្រឡះទៅវិញចំពោះបញ្ហាទាំងនេះ ។ អ្នករូបធាតុ និយមទាំងនេះធ្វើការបញ្ជាក់ថា ពួកគេបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើន ឆ្នាំមកហើយ គឺពុំដែលបានជួបប្រទះអ្វីក្រៅពីមនុស្ស សត្វ រុក្ខជាតិ លោហធាតុ ដែលមាននៅឋានមនុស្ស ឡើយ។ ចំណែកឯឋានលើ ឋានក្រោមនោះ គ្មានទេ គឺគ្រាន់តែការនិយាយតៗគ្នា ដែលជាការស្រមើ ស្រមៃរបស់មនុស្សប៉ុណ្ណោះ ហើយទេវតានោះទៀតបើសិនជាមានមែននោះ ក៏នៅមិនឆ្ងាយពីមនុស្សដែរ ដូចជាចិត្ដគំនិតអារម្មណ៍មនុស្ស មនោសញ្ចេតនាក្នុងខ្លួនរបស់មនុស្ស ។
ទាក់ទិននឹងទេវតានេះ បើតាមវប្បធម៌អារ្យធម៌ខ្មែររបស់បណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ថា ខ្មែរ នៅសម័យបុរាណហៅវត្ថុស័ក្ដិសិទ្ធិដូចជាខ្យល់ ព្រះអាទិត្យ ព្រៃភ្នំ ក្រំថ្ម ឬសត្វដែលគេបូជាជាវត្ថុស័ក្ដិសិទ្ធិ ឬតូតឹម ដែលនិមិត្ដរូបជាទេវតាគឺការហៅតាមប្រពៃណីក្លិង្គ ។ ការស្រាវជ្រាវឫសគល់ នៃជំនឿសាសនា ខ្មែរគេត្រូវញែកឱ្យដាច់ពីគ្នា ពោលគឺអ្វីជាទេវតា ហើយអ្វីជាវត្ថុស័ក្ដិសិទ្ធិ ថ្វីដ្បិតតែពាក្យនេះអ្នកខ្លះ យល់ថា មានន័យតែមួយក៏ដោយ ។ វត្ថុស័ក្ដិសិទ្ធិដែលខ្មែរយើងចាត់ទុកថាជាទេវតានោះ តាមពិតគ្មានរូប រាងជាមនុស្សទេ ជារបស់ដែលគ្មានរូបភាព ឬ អរូប។ រីឯទេវតាដែលខ្មែរយើងបានខ្ចីពីពាក្យ ក្លិង្គនេះមាន រូបរាងជាមនុស្សដូចជាព្រះសិវៈ ព្រះព្រហ្ម ព្រះនារាយណ៍ ហើយទេវតាទាំងនោះគឺជានិមិត្ដរូបនៃ ឥទ្ធិពលធម្មជាតិដែរ ។ ទេវតាគឺគ្មានអ្វីក្រៅពីចិត្ដគំនិតអារម្មណ៍ ការស្រឡាញ់ ស្អប់ខ្ពើម អំពើល្អ អំពើអាក្រក់ ដែលមនុស្សសំដែងមកខាងក្រៅតាមរយៈសកម្មភាពណាមួយប៉ុណ្ណោះ ។ ចំពោះការដែល ខ្មែរនិយមធ្វើការបួងសួងសុំពរជ័យពីទេវតានោះគ្រាន់តែជាបញ្ហាចិត្ដសាស្ដ្រ របស់មនុស្សក្នុងសង្គមនិយម តៗគ្នា ពីបុរាណ ដើម្បីលើកទឹកចិត្ដឱ្យមានការតស៊ូស្មារតីរឹងមាំ និងក្ដីសង្ឃឹមក្នុងជីវិតនៅពេលអនាគត។
អ្នកមនោនិយមបញ្ចេញទស្សនៈថា ពិតជាមានទេវតាមែន ហើយមនុស្សយើងទាំងអស់រស់រានមានជីវិត ទៅបានអាស្រ័យលើទេវតាជាអ្នកប្រទានឱ្យ ហើយគេធ្វើការបណ្ដុះទឹកចិត្ដចំពោះកូនចៅឱ្យខិតខំសន្សំ កុសលឱ្យបានច្រើនដើម្បីជាតិក្រោយទៅកើតឋានទេវតា សោយសម្បត្ដិទិព្វ លែងមានទុក្ខព្រួយ។ តែអ្នក រូបធាតុនិយមវិញបានអះអាងថា ទេវតាមិនមានទេក្នុងលោកនេះ ហើយក៏គ្មានឋានលើឋានក្រោមដែរ គឺមានតែឋានមនុស្សមួយប៉ុណ្ណោះ ចំណែកឯទេវតាក៏គ្មានអ្វីក្រៅពីចិត្ដគំនិតមនោសញ្ចេតនារបស់មនុស្ស គ្រប់គ្នាដែរ ។ ទោះបីជាមានការអះអាងខុសគ្នាយ៉ាងនេះក្ដី ក៏មនុស្សភាគច្រើនគេជឿថា មានទេវតាមែន ហើយជាអាទិទេពដែលមានបុណ្យបារមីអាចជួយស្រោចស្រង់ជីវិតមនុស្ស ឱ្យរួចផុតពីទុក្ខលំបាកបានគ្រប់ ពេលវេលាទៀតផង ។
Labels: ជំនឿ, ប្រវត្ដិសាស្ដ្រ, វប្បធម៌
for this post
Leave a Reply