អាជ្ញាធរសំរេចផ្អាកការអនុវត្ដន៍សាលក្រមរុះរើផ្ទះ ខណៈអ្នកតវ៉ាត្រៀមកំលាំងទប់ទល់នៅប៉ោយប៉ែត
ខេត្ដបន្ទាយមានជ័យ ៖ អាជ្ញាធរដែលមានគំរោងធ្វើការរុះរើលំនៅឋានប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលរស់នៅលើដីសមាគមអភិវឌ្ឍកសិកម្មជាតិ ចំណុចដើមចាមរីបានសំរេចចិត្ដផ្អាកតាមសំណើ របស់ លោកមេឃុំប៉ោយប៉ែតបន្ទាប់ពីមានប្រតិកម្មឆោឡោ តវ៉ាពីសំណាក់ប្រជាពលរដ្ឋជំទាស់ទៅនឹងការរុះរើផ្ទះ សំបែងរបស់ពួកគាត់រហូតដល់ព្រមានថា សុខចិត្ដស្លាប់ និងមិនចាកចេញពីដីនេះឡើយ ។
នៅព្រឹកថ្ងៃទី២៩ ឧសភា ដែលជាថ្ងៃមានការជូនដំណឹងពីការអនុវត្ដន៍សាលក្រមនោះ ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសាររស់នៅលើដីសមាគមអភិវឌ្ឍកសិកម្មជាតិក្នុងភូមិប៉ាលិលេយ្យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ បាននាំគ្នាបះបោរដុតកង់រថយន្ដត្រៀមចាំប្រឆាំងនឹងការអនុវត្ដន៍សាលក្រម របស់ តុលាការ ឱ្យរុះរើផ្ទះរបស់ពួកគាត់ ។
តាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅលើដីនោះបានឱ្យដឹងថា ពួកគាត់ស៊ូស្លាប់មិនព្រមឱ្យនរណាមករុះរើ ផ្ទះសំបែងរបស់ពួកគាត់ចេញឡើយ ។ ចំពោះដីនេះ គឺពួកគាត់បានមករស់នៅរយៈពេលជាង១ឆ្នាំមក ហើយៗពួកគាត់មិនបានមកចាប់ដីនេះរស់នៅជារបៀបអនាធិបតេយ្យឡើយ គឺពួកគាត់បានទទួលពីមនុស្ស ចំនួន៤ទៅ៥នាក់ដែលសម្បទានឱ្យពួកគាត់ត្រឹមត្រូវ ហើយកន្លងមក គឺខាងគណៈកម្មាធិការចុះមកត្រួត ពិនិត្យម្ដងរួចមកហើយដែលដឹកនាំឱ្យលោក សុខ សារ៉េត អភិបាលរងខេត្ដបន្ទាយមានជ័យបានសំរេច ឱ្យពួកគាត់រស់នៅលើដីនេះ ហើយដីនៅចំណុចដើមចាមរីនេះ គឺពួកគាត់បានរស់នៅដោយមានលិខិត កាន់កាប់អាជ្ញាធរឃុំទទួលស្គាល់ទៀតផង ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅលើដីនេះ ក្នុង១គ្រួសារមានទំហំ៥គុណ២០ម៉ែត្រ និង ខ្លះទៀត បាន១០ គុណ ២០ម៉ែត្រតែប៉ុណ្ណោះ ហើយនៅថ្ងៃទី២៩ ឧសភា នេះ មានការសំរេចអនុវត្ដសាលក្រម របស់តុលាការ ឱ្យរុះរើផ្ទះសំបែងរបស់ពួកគាត់ចេញពីលើដីនេះទៅវិញ ដូច្នេះពួកគាត់បានធ្វើការតស៊ូត្រៀមប្រឆាំង មិន ឱ្យមកអនុវត្ដសាលក្រមរបស់តុលាការរុះរើផ្ទះរបស់ពួកគាត់ឡើយ ។
នៅព្រឹកថៃទី២៩ ឧសភា នោះដែរ ក្រោយពីមានពលរដ្ឋប្រមាណ២០០គ្រួសារ បាននាំគ្នាបះបោរដុត កង់ឡានត្រៀមប្រឆាំងនឹងការអនុវត្ដន៍សាលក្រមឱ្យចុះរើផ្ទះពួកគេនោះ មិនឃើញមានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៅអនុវត្ដសាលក្រមនៅលើចំណុចដីទំនាស់នោះឡើយ ។ លោកសាន ស៊ានហូ មេឃុំប៉ោយប៉ែត ដែលទើបជាប់ឆ្នោតថ្មីនោះបានឱ្យកោះសន្ដិភាពដឹងថា ចំពោះការអនុវត្ដន៍សាលក្រម នៅថ្ងៃនេះ គឺមិនអាចអនុវត្ដទៅបាននោះទេ ដោយលោកបានស្នើសុំទៅថ្នាក់លើឱ្យផ្អាកសិន រួចហើយនឹង រកដំណោះស្រាយណាមួយឱ្យបានប្រសើរជាងនេះ និងឱ្យបានសមស្របជាមួយពលរដ្ឋទាំងអស់ ។ លោក សាន ស៊ានហូ មេឃុំប៉ោយប៉ែតបានបន្ដថា នៅព្រឹកថ្ងៃទី២៩ ឧសភាដដែល ខាងគណៈកម្មាធិការបានចុះ មកដោះស្រាយគ្នានៅទីស្នាក់ការប៉ូលិសការពារព្រំដែនគោកលេខ៩១១ ដែលមានទីតាំងជិតនោះ ហើយ និងហៅខាងភាគីប្រជាពលរដ្ឋទាំងអស់នោះឱ្យចូលរួមដោះស្រាយគ្នា ។
ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ដែលកំពុងតែប្រឆាំងតវ៉ាចំពោះការអនុវត្ដន៍សាលក្រម ឱ្យរុះរើផ្ទះនោះ បានសុំឱ្យថ្នាក់ដឹកនាំ ស្រុក និងខេត្ដ ព្រមទាំងនាយករដ្ឋមន្ដ្រីហ៊ុន សែន មេត្ដាជួយរកដំណោះស្រាយ ណាមួយសំរាប់ពួកគាត់ផង ពីព្រោះពួកគាត់គ្មានដីសំរាប់រស់នៅក្រៅពីដីនេះឡើយ ។
ជុំវិញបញ្ហាទាំងអស់នេះ កោះសន្ដិភាពមិនទាន់ទទួលព័ត៌មានដែលគណៈកម្មាធិការចុះមកដោះស្រាយ ជាមួយពលរដ្ឋបំភ្លឺបែបណានោះទេ... តែឮប្រភពមួយពីពលរដ្ឋបានឱ្យដឹងថា នៅពេលដែលខាងគណៈ កម្មាធិការ ចុះមកដោះស្រាយនៅកន្លែងស្នាក់ការប៉ូលិសការពារព្រំដែន៩១១នោះ គេបានកោះហៅពលរដ្ឋ ១០នាក់ឱ្យចូលរួមស្ដាប់ តែប្រជាពលរដ្ឋភ័យខ្លាចមានការចាប់ឃុំខ្លួន ។
មុននេះកាលពីថ្ងៃទី២៥ ឧសភា ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារដែលរស់នៅលើដីសមាគមអភិវឌ្ឍ កសិកម្មជាតិចំណុចដើមចាមរី បានលើកគ្នាទៅសាលាឃុំ ដើម្បីតវ៉ាសុំឱ្យអាជ្ញាធរឃុំជួយធ្វើការ ដោះស្រាយរួចមកហើយដែលកាលណោះលោកសាន ស៊ានហូ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់វិល ត្រឡប់ទៅកាន់លំនៅឋានវិញ ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃដដែលនោះ លោកមេឃុំប៉ោយប៉ែត បានដឹកនាំកំលាំងរួមមានសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំ និងសមត្ថកិច្ចប៉ូលិសការពារព្រំដែនគោកវរៈ ៩១១ ចុះទៅចំណុចដីសមាគមកសិកម្មជាតិ ហើយបានប្រមូលប្រជាពលរដ្ឋទាំងអស់មកជុំគ្នា ។ លោក បាននិយាយនៅចំពោះមុខប្រជាពលរដ្ឋថា ចំពោះដីកាដែលតម្រូវឱ្យរុះរើផ្ទះសម្បែងនៅថ្ងៃទី២៩ ឧសភា នោះ គឺពិតជាមានមែន ប៉ុន្ដែលោកបានសុំឱ្យផ្អាកការអនុវត្ដសិន។ ដោយឡែកលោកសុំឱ្យប្រជាពលរដ្ឋ ជួយសហការជាមួយអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិឱ្យបានច្បាស់លាស់ រួចលោកនឹងស្នើសុំទៅថ្នាក់លើឱ្យជួយ ទាក់ទិននឹងបញ្ហានេះ ។
លោកមេឃុំបន្ដថា ពលរដ្ឋទាំងអស់ត្រូវបញ្ជាក់ឱ្យច្បាស់ថា តើដីដែលកំពុងរស់នៅនេះ បានមកពីទិញ ឬជាដីសម្បទានមកពីខាងណា ។ លោកក៏បានស្ដីបន្ទោសដល់មនុស្ស៤ទៅ៥នាក់ថា ជាមេខ្យល់ និងសូមឱ្យ ច្បាប់ផ្ដន្ទាទោស ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply